ព្រះ​ពុទ្ធសាសនា និង បញ្ហាប្រឈម​

ព្រះ​ពុទ្ធសាសនា និង បញ្ហាប្រឈម​

ដោយ៖ លោកស្រី ជា វណ្ណី (បណ្ឌិតផ្នែកអក្សរសិល្ប៍)

ប្រធានផ្នែកធម្មសាស្ត្រនិងចរិយាសាស្ត្រ

វិទ្យស្ថានមនុស្សសាស្ត្រ
និង វិទ្យាសាស្ត្រសង្គម

កម្ពុជា ជាប្រទេសមួយដែលគោរពជឿលើព្រះពុទ្ធសាសនា ដែលមាន ប្រជាពលរដ្ឋប្រមាណជា​ជាង៩០%
បានកាន់​ព្រះពុទ្ធ​សាសនា ហើយ​ព្រះពុទ្ធ​សាសនា​ត្រូវ​បានចាត់ទុកជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ បើយើងធ្វើការសង្កេត ជាទូទៅយើងឃើញថា ទន្ទឹមនឹងការមានសុខសន្តិភាពក្រោមការដឹកនាំដោយ
យកចិត្តទុកដាក់ និង ប្រកប​ទៅដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន​ សែន ជានាយករដ្ឋមន្រ្តី ក៏សង្គម​មួយ​នេះនៅតែ​មានការកើតឡើងនូវ​បញ្ហា​ចាក់​ស្រេះខ្លះៗ ​ដែល​បណ្តាល​មក​ពី​ការ​ស្រុត​ចុះ​នៃ​សីលធម៌​សង្គមផងដែរ។
ទោះបីជាមានការយកចិត្តទុកដាក់ក្នុងការអប់រំ​ តាម​ភូមិសិក្សាតាមវត្តអារាម តាមមូលដ្ឋានយ៉ាងណាក៏ដោយ ក៏អំពើ​ហិង្សា ការប្លន់​សម្លាប់ ការ​កេង​ប្រវ័ញ្ច អំពើពុករលួយ ការមិនគោរពសិទ្ធមនុស្ស ការប្រមាថ
ការជេរប្រទេច ការសេព​គ្រឿងញៀន គ្រឿង​ស្រវឹង និង អំពើ​អសីលធម៌​នៅតែ​កើត​មាន​ជារឿយៗ ដែលនេះ​​បញ្ជាក់ឱ្យឃើញថា ការគោរពជឿលើ​ព្រះពុទ្ធ​សាសនា​បាននឹងកំពុងតែជួបនឹងបញ្ហាប្រឈមផងដែរ
ព្រោះការអប់រំនៅ​ក្នុង​ព្រះពុទ្ធសាសនា
ពុំបានណែនាំ អប់រំ ទូន្មាន ប្រៀនប្រដៅដល់ពុទ្ធ​សាសនិកឱ្យ​ប្រព្រឹត្តិអំពើទាំងនោះឡើយ។

មាន​ពិធី​បុណ្យ​បែប​ព្រះពុទ្ធសាសនា​ជាច្រើន ​ដែលតែងតែប្រារព្ធធ្វើជា​រៀងរាល់​ឆ្នាំ មាន​ដូច​ជា ពិធីបុណ្យមាឃ​បូជា ពិធីបុណ្យវិសាខ​បូជា និង ពិធី​ភ្ជុំបិណ្ឌ ជា​ដើម ហើយក្រៅ​ពី​ពិធី​បុណ្យ​ធំៗទាំងនេះ ប្រជា​ពុទ្ធ​បរិស័ទ​​ខ្មែរ​​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា​ជា​ច្រើន​ទៀត​ នៅ​តាម​ផ្ទះ​សម្បែង និង​ ទី​វត្ត​​អារាម​នានា ដូចជា ពិធីធ្វើបុណ្យដាក់ទាន ពិធីសូត្រមន្ត សង្ឃទាន បច្ច័យបួន កឋិនទាន និង ការកាន់ឧបោសថសីលជាដើម តែវាហាក់ដូចជា​មិន​ទាន់ឆ្លើយតបទៅនឹងតម្លៃស្នូល ​នៃ​ទស្សន​វិជ្ជា​ជា​សាកល​របស់​ព្រះពុទ្ធ​សាសនា ដែល​ស្ថិត​នៅ​ត្រង់​ទស្សន​វិជ្ជា​បង្កប់​ដោយ​អត្ថន័យអប់រំ សន្តិភាព អហិង្សា ការ​អត់​ឱន​ និង ការ​មិន​បៀតបៀន​គ្នា ​ដែល​ជា​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ដែល​ពិភព​លោក​ប្រាថ្នា​ចង់​បាននៅឡើយ។  បច្ចុប្បន្ន​ បុគ្គលដែលជាពុទ្ធសាសនិក​មួយ​ចំនួន ហាក់​ដូច​ជាមិនបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃព្រះពុទ្ធ​សាសនា​ទេ ពោលគឺគេ​គោរព​ព្រះពុទ្ធ​សាសនា​តែ​សម្បក​ក្រៅ ដោយ​​បណ្តោយ​ខ្លួនឱ្យ​ធម៌​ប្រមាថ និងអំពើអាក្រក់​ជាអ្នកដឹកមុខ​ទៅវិញ។ ជាក់​ស្តែង អំពើ​ហិង្សា ការ​សេព​គ្រឿង​ញៀន គ្រឿង​ស្រវឹង ការ​ឈ្លក់​វក់វី​នឹង​អំណាច បុណ្យ​សក្តិ ទឹក​ប្រាក់ និង​សម្ភារៈ​និយម​ជា​ដើម​ កំពុង​តែ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ទៅ​លើបុគ្គលមួយ​ចំនួននោះ។ ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១៥លាន​នាក់ មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដល់​ទៅ​ជាង ៩០% ហើយនៅ​ទូ​ទាំង​ប្រទេស​ មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​សរុប​ចំនួន ៤,៨៧២ (គណៈមហានិកាយចំនួន ៤៦៥៦​វត្ត និង គណៈ​ធម្ម​យុត្តិកនិកាយចំនួន២១៦វត្ត) ដែលមាន​ព្រះ​សង្ឃ​សរុបចំនួន ៦៩,១៩៩​​​អង្គ និង ​មានពីរ​និកាយធំគឺ មហានិកាយ មាន​ព្រះសង្ឃសរុបចំនួន ៦៤,៤០៧​ អង្គ និង ធម្មយុត្តិ​ក​​និកាយ មាន​ព្រះសង្ឃសរុបចំនួន ៤,៧២៤អង្គ។[1] ចំនួន​នេះ​អាចបង្ហាញបញ្ជាក់បាន​អំពី​ជំនឿ​ដ៏​មុត​មាំ​របស់​ពលរដ្ឋ​ខ្មែរ ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ ហើយ​វា​ក៏​ស័ក្តិសម​ណាស់​ដែល​ប្រទេស​នេះ​ចាត់ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ ​អ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​នោះ ​គឺទស្សន​វិជ្ជា​ដ៏​មាន​តម្លៃ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ប្រៀប​បាន​នឹង​ឱសថទិព្វ ​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​នោះ​ មិន​ទាន់​ត្រូវ​បាន​ប្រើ​ប្រាស់​ឱ្យ​បាន​​ត្រឹមត្រូវ​ដើម្បី​លើក​កម្ពស់​សុខ​មាលភាព​សង្គម​នៅ​ឡើយ​ទេ។ មានមនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​​ដែល​តាំង​ខ្លួន​ជា​អ្នក​គោរព ​និងជាអ្នក​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ តែ​បែរ​ជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោល​ការណ៍​សាសនា​ ខណៈដែល​យុវវ័យ​ជំនាន់​ក្រោយ​មួយចំនួនបាន​ចាត់​ទុក​ព្រះ​ពុទ្ធ​សាសនា​ថា​ហួស​សម័យ ​ឬក៏​ជា​កិច្ចការ​របស់​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ។

តាម​ពិត​ព្រះពុទ្ធ​សាសនា​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ និង ​គ្រប់​ស្រទាប់​​សង្គម ប៉ុន្តែ​អ្វី​ដែល​​នៅ​ខ្វះ​ចន្លោះនោះ គឺ​វិធីសាស្ត្រ​ក្នុងការ​អប់រំ ទាក់​ទាញ​មនុស្ស​ឱ្យ​ចូលរួម​តែ​ប៉ុណ្ណោះ។ ជាក់ស្តែង សមាគម​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​បាន​អនុវត្ត​កម្មវិធី​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៅ​តាម​សាលារៀន និគមជនបទ​ ក៏​បាន​​ទាក់ទាញ​យុវវ័យ​ជា​ច្រើនឱ្យចូលរួម​ស្តាប់​ព្រះធម៌​អប់រំ​ចិត្ត​ផង​ដែរ។ ដូច្នេះ ទន្ទឹម​នឹង​ការមើលឃើញ ឬ​ស្តី​បន្ទោស​​យុវវ័យ​ថា ​មិន​ចាប់​អារម្មណ៍ និង ឱ្យតម្លៃ​ទៅ​លើ​ព្រះពុទ្ធ​សាសនានោះ យើង​ក៏គួរ​ចោទ​សួរ​ដែរ ហេតុអ្វីបានជាយុវជនទាំង​នោះ​មិនចាប់អារម្មណ៍ និង ឱ្យតម្លៃចំពោះព្រះពុទ្ធសាសនា? ​តើ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បាន​ធ្វើ​អ្វីខ្លះ​ ក្នុង​ន័យ​បញ្ជ្រាប​ការ​អប់រំ​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា ​ទៅ​ដល់​យុវ​ជន​​ស្រករ​ក្រោយ?  

បើយោងទៅតាមគម្ពីរព្រះពុទ្ធសាសនា ព្រះពុទ្ធ​បរម​គ្រូ​ទ្រង់​បាន​ឈ្វេង​យល់​រួច​ស្រេច​ទៅ​ហើយ​ថា សាសនា​របស់​ព្រះអង្គ​នឹង​ត្រូវ​ផុត​រលត់​ត្រឹម​រយៈពេល​​៥០០០​ព្រះ​វស្សា ហើយការ​ផុត​រលត់​នៃ​ព្រះពុទ្ធ​សាសនា​មិន​មែន​បណ្តាល​មក​ពី​សាសនាដ​ទៃ​ណា​មក​បំផ្លាញ​នោះឡើយ ​គឺ​ដោយសារតែអ្នក​គោរព​ និង ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ខ្លួនឯង​តែម្តង។ បើសិនជាយើងធ្វើការសង្កេតទៅលើបញ្ហា​នានា​ដែលកើតមានក្នុងសង្គមនាពេល​បច្ចុប្បន្ន​​ ក៏អាចទំនង​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បានខ្លះដែរ។ ប៉ុន្តែ ទោះជាយ៉ាងណា​ក៏​ដោយ ក៏ការពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា​ គឺជា​កិច្ច​ការដែល​មិន​អាច​មើល​រំលង​បាននោះដែរ។  មានមានបុគ្គលមួយចំនួនបានចោទជាសំណួរថា តើ​ហេតុ​អ្វី​បានជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​​បែរ​ជា​មានអ្នកប្រើអំពើ​ហិង្សា ​អំពើឆក់ប្លន់ និងអំពើអបាយ​មុខ​ផ្សេងៗ​ទៅ​វិញ? ​គឺប្រហែលជា​មក​ពីអ្នក​កាន់​ព្រះពុទ្ធ​សាសនា ​និង ​ស្ថាប័នពាក់​ព័ន្ធ​​មិន​ទាន់បាន​ផ្តល់​តម្លៃ​គ្រប់​គ្រាន់​ដល់​ព្រះពុទ្ធសាសនា ដែលជាសាសនា​របស់​រដ្ឋ​នៅ​ឡើយ​។ ដូច្នេះ ការ​តម្រង់ទិស​សង្គម​ យើង​គួរ​ទាញ​យក​ឱសថទិព្វនៃ​ព្រះពុទ្ធសាសនា​មកប្រើ​ប្រាស់ ​ដើម្បី​ព្យាបាល​ជំងឺ​សង្គម ​ជា​ពិសេស​ដើម្បី​បន្សាប​មេរោគ​ហិង្សា​ ការ​សេព​គ្រឿង​ញៀន គ្រឿង​ស្រវឹង ការ​ឈ្លក់​វក់វី​នឹង​អំណាច បុណ្យ​​សក្តិ ទឹក​ប្រាក់ ​សម្ភារៈ​និយម និង​ការ​ប្រមាថ​ចេញ​ពី​មនុស្ស​ខ្មែរមួយចំនួន​នោះ។ ប្រសិន​បើ​មេរោគ​ទាំង​នោះ​ អាច​ព្យាបាល​បាន​មែន សង្គម​ខ្មែរ​នឹង​ស្គាល់​តម្លៃ​សីលធម៌​ឡើង​វិញ ហើយ​ប្រទេស​ជាតិ​នឹង​ស្គាល់​សុខ​សន្តិភាព ​និង ​ការ​គោរព​​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ​ជាក់​ជា​មិន​ខាន។ ឱសថទិព្វនោះអាចមាន​ប្រសិទ្ធភាពទៅបាន គឺទាល់តែមានការចូលរួមពីមន្ត្រីសង្ឃជាន់ខ្ពស់ មន្រ្តីសង្ឃ ពុទ្ធបរិស័ទ ស្ថាបនពាក់ព័ន្ធ និងអ្នកស្រាវជ្រាវចូលរួមយ៉ាងសស្រាក់ស្រាំ និង ត្រូវ​នាំគ្នាធ្វើការពិភាក្សាលើការងារពង្រឹងព្រះពុទ្ធសាសនា ទាំងវិន័យសង្ឃ  និង ទាំងការបដិបត្តិ ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និង ដំណោះស្រាយនានា។ ត្រូវរៀបចំឱ្យបាននូវផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ ដើម្បីរម្ងាប់អធិករ   ដែល​ជាបាតុភូតអវិជ្ជមាននានា ដែលកើតមាននៅក្នុងវិស័យព្រះពុទ្ធសាសនា​នៃសង្គមកម្ពុជា និង ធ្វើយ៉ាងណាឱ្យក្លាយទៅជាប្រយោជន៍សម្រាប់ពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាប្រទីបបំភ្លឺផ្លូវសង្គមកម្ពុជា ឱ្យមានការ​អភិវឌ្ឍ​ប្រកប​ដោយវឌ្ឍនធម៌ សុភមង្គល និង សេចក្ដីរុងរឿង។

បច្ចុប្បន្នមានព្រះសង្ឃ​
និង​បុគ្គល​មួយ​ចំនួន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ
ដូច្នេះ ដើម្បី​ថែរក្សា​ព្រះ​ពុទ្ធសាសនាឱ្យ​បាន​គង់វង្ស ​មន្ត្រី​សង្ឃ​ និង រាល់ស្ថាប័នពាក់ព័ន្ធ
ក៏ដូចជាពុទ្ធ​បរិស័ទទាំងអស់ ត្រូវសហការគ្នា
​ធ្វើយ៉ាងណាឱ្យព្រះសង្ឃ​គួរ​ទទួល​បាននូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ និង មានការ​គោរព​វិន័យយ៉ាង​តឹងរ៉ឹង
ទើបអាចសាង​ភាព​ល្អស្អាតរបស់ព្រះពុទ្ធសាសនាបាន​
ហើយមានតែការ​អប់រំ​ដែល​មាន​គុណ​ភាព​ ប្រកបដោយវិន័យ​តឹងរ៉ឹង ​និង
មានការដាក់ទណ្ឌកម្ម​ចំពោះ​ការ​ប្រព្រឹត្តិ​ខុសឆ្គង​របស់​ព្រះសង្ឃ​ ក៏ដូចជា អ្នកប្រតិបត្តិសាសនា
នៅ​តាម​វត្ត​អារាមតែ​ប៉ុណ្ណោះ ដែលអាចធ្វើឱ្យវិស័យព្រះពុទ្ធសាសនាថ្កុំថ្កើងឡើង ពោលគឺ​
យើង​ត្រូវអនុវត្ត​ជា​ការ​ចាំបាច់ ​ដើម្បី​ធានា​ថា
​ព្រះសង្ឃ​បាន​ប្រណិប័តន៍​ត្រឹម​ត្រូវ​តាម​ក្រឹត្យក្រម​នៃព្រះពុទ្ធសាសនា។ ​
នា​ពេល​កន្លង​មក​ ព្រះសង្ឃ និង ​បុគ្គល​មួយ​ចំនួន​តូច​ដែល​ស្លៀក​ស្បង់​ចីពរ​បានប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​
និង ​អសីលធម៌​ ដែលមានជាអាទិ៍ ដូចជា ការ​លេង​ល្បែង​ស៊ីសង​ ការ​ប្រព្រឹត្ត​អំពើ​អនាចារ​
ការ​ប្រើប្រាស់​គ្រឿងញៀន​ ការប្រើប្រាស់គ្រឿងស្រវឹង និង ​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជាដើម
ដែល​សកម្មភាព​ទាំង​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ស្អាតស្អំ​របស់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។
ឧទាហរណ៍ដូចជា ករណី​មួយដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ​កាល​ពី​ឆ្នាំ​២០១០
គឺមានអតីត​សង្ឃ​ នេត ខៃ ​ក្នុង​វត្តស្រះចក ​សង្កាត់​ស្រះចក​ ​មាន​រឿង​អាស្រូវ​ដ៏​លេច​ធ្លោ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​
បានកើតឡើងដោយសារ​តែ​អតីត​សង្ឃ​អង្គ​នេះ​បានធ្វើការ​ថត​រូប​វីដេអូ​នៃស្ត្រី​ជា​ច្រើន​នាក់
​ខណៈពេល​ដែល​ស្ត្រី​ទាំង​នោះ​កំពុង​ងូត​ទឹក​មន្តដោយ​អាក្រាត​កាយ។ ​អតីត​សង្ឃ​ នេត​
ខៃ
​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង ​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​
ចំពោះ​បទ​ចោទ​ ផលិត​ និង ​ចែកចាយ​រូបភាព​អាសអាភាស។ ករណីមួយទៀតដែលព្រះ​ចៅ​​អធិការ​វត្ត​ និង ​ព្រះសង្ឃ​បួន​អង្គ​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​
ត្រូវចាប់​ខ្លួន​និង​ បញ្ជូន​ទៅ​តុលាការ ក្រោយពី​ពួកគេប្រើប្រាស់ថ្នាំញៀន។​ ករណីមួយផ្សេង​ទៀត ព្រះចៅអធិការវត្តកំពង់ក្ដុល ធ្វើឱ្យខូចដល់តម្លៃ​របស់ព្រះសង្ឃ នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែលលបលួចទាក់ទងជាមួយស្ដី្រម្នាក់
រហូតក្លែងខ្លួនជា​គ្រហស្ថ និមន្តចេញពីកុដិទៅសឹងនៅក្នុងផ្ទះស្រីស្នេហ៍
ក៏ត្រូវប្រជាពលរដ្ឋឃាត់​ខ្លួនឱ្យនគរបាលខណ្ឌដង្កោ កាល​ពីវេលាម៉ោង២
និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វិត
សង្កាត់​សាក់សំពៅ ខណ្ឌ​ដង្កោ។ ករណីដែលភិក្ខុ​១​អង្គ​បាន​ក្លាយជា​ជនល្មើស​យ៉ាង​សាហាវ
ដោយ​បាន​យក​ដែកឆាប​ចាក់​នារី​ម្នាក់​ បណ្តាល​ឱ្យរង​របួសធ្ងន់
ក្រោយពេល​ណាត់ជួប​គ្នា ​នៅ​ទំនប់​អូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស
សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដែលហេតុការណ៍​ស្ទើរតែ​មិន​អាច​ជឿ​នេះ
បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៤
ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ យ៉ាងណា​ក៏​ដោយ ភិក្ខុ​អង្គនេះ​ត្រូវ​បាន​ព្រះ​អនុគណ​ក្រុង
និង ​ប្រធាន​ការិយាល័យ​ធម្មការ​ និង​ សាសនា​ក្រុង​ប៉ោយ​ប៉ែ​ត
ផ្សឹក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ នៅ​វត្ត​និមិត្ត​សុទ្ធា​រាម ក្នុង​សង្កាត់​និមិត្ត រួច​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់
[2] និង មាន​ករណី​ផ្សេងៗជាច្រើនទៀត។

ការលើកឧទាហរណ៍ខាងលើ
គឺបានបង្ហាញពីការចាត់វិធានការចំពោះ​អតីត​សង្ឃ​មួយចំនួន ដែលបានប្រព្រឹត្តិខុសឆ្គងនឹងវិន័យសង្ឃនៃគន្លង​ព្រះពុទ្ធ​សាសនា ដែលនេះបង្ហាញអំពីការចាត់វិធានការ តាមរយៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣០​
ខែ​មករា​ ឆ្នាំ​២០១៧ ដែលមន្ត្រី​សង្ឃប្តេជ្ញា​នឹង​ចាត់​វិធានការ​តឹង​រឹង ​ចំពោះ​ព្រះសង្ឃ​ណា​ដែល​ប្រព្រឹត្ត​ខុស
ហើយវិធានការ​ទាំង​នោះ​មាន​ដូច​ជា ​ការពិន័យ​ទូន្មានចំពោះ​ការ​ប្រព្រឹត្ត​ខុសឆ្គង​កម្រិត​ស្រាល ការចាប់​ផ្សឹក ​និង ​បញ្ចូនឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​​​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរជាដើម។

ម្យ៉ាងវិញទៀត
នៅក្នុងឱកាសមហា​សន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ លើកទី​២៥នោះដែរ ក៏បានផ្តល់វេទិកាដល់ព្រះ​សង្ឃ​ចូលរួមបានបញ្ចេញមតិ​យោបល់ផងដែរ ហើយនាពេលនោះ ព្រះសង្ឃមួយ​អង្គ​បានមានសង្ឃដីកា​ថា ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ដែល​ព្រះអង្គ​គង់​នៅ​ក្នុងវត្ត​អារាម
​ព្រះអង្គ​ពុំ​ឃើញ​មាន​ព្រះសង្ឃប្រព្រឹត្ត​អ្វី​ខុស​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។​ ក៏ប៉ុន្តែ​
ព្រះអង្គ​បាន​មាន​សង្ឃដីកា​ដោយ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា
បើ​ព្រះ​សង្ឃ​អង្គ​ណា​ធ្វើ​ខុស​ធ្ងន់ធ្ងរ ព្រះសង្ឃ​នោះ ​នឹង​ត្រូវ​ចាប់​ផ្សឹក​
និង ​បញ្ចូន​ទៅ​អជ្ញាធរ​មាន​សមត្ថកិច្ច​
។ 
រីឯព្រះតេជ​គុណ​ វន វង្ស​ ជា​ចៅ​អធិការវត្ត​មួយ​រូប​មក​ពី​ស្រុក​សូទ្រ​និគម​
ខេត្ត​សៀមរាប​ បាន​ថ្លែង​ថា​ កង្វះ​ការ​អប់រំ​ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ព្រះសង្ឃ​មួយ​ចំនួន​ជ្រុល​ខ្លួន​ប្រព្រឹត្ត​ខុស
ព្រះតេជគុណ​មាន​សង្ឃដីកា​បន្ត​ទៀត​ថា​ ស្ថាប័ន​អប់រំ​ខាង​ពុទ្ធសាសនា​នៅ​កម្ពុជា​មិន​ទាន់​មាន​ចំនួន​ស្ថាប័នសិក្សា​គ្រប់គ្រាន់​នឹង​ចំនួន​ព្រះសង្ឃ​ដែល​បន្ត​កើន​ឡើង​នៅឡើយទេ។
ដើម្បីឱ្យ​គ្រប់គ្រាន់​ លុះត្រា​តែ​ ស្ថាប័ន​ពុទ្ធ​សាសនា​ឯករាជ្យ​ ហើយ​មាន​វិសាលភាព​ផ្សព្វផ្សាយ​ធម៌​វិន័យ
ឱ្យ​ស៊ីជម្រៅ​ទៅ​ក្នុង​ខួរ​ក្បាល​ ឬ​ទស្សនៈ​របស់​ខ្មែរ ហើយ​បង្កើត​សាលា​បាលី​ ដែល​សង្ឃ​ចូល​មក​រៀន​ឱ្យ​ចេះដឹង។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ថា​ បុគ្គល​ដែល​ចង់​បួស​ជា​ព្រះសង្ឃ គួរ​តែ​តម្រូវឱ្យ​ស្នាក់​នៅ​
និង​ រៀនសូត្រ​នៅ​វត្ត​រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ ដើម្បី​បញ្ចាក់​ថា ​បុគ្គល​នោះ​អាច​គោរព​តាម​វិន័យ​ព្រះសង្ឃ​បាន​ត្រឹមត្រូវ​
មុន​ពេល​បុគ្គល​នោះ​បួស​ជា​ព្រះសង្ឃ។

​ដូច្នេះវត្ត​អារាម​នីមួយៗ
គួរ​តែ​មាន​ចំណាត់ការ​តឹងរ៉ឹង​ និង ​មាន​វិន័យ​ច្បាស់លាស់ ​ដើម្បី​កុំ​ឱ្យ​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួនប្រើប្រាស់​អត្តសញ្ញាណ​ជា​ព្រះសង្ឃ​បំផ្លាញ​ភាព​ស្អាតស្អំ​របស់​ពុទ្ធសាសនា
ហើយកម្ពុជា​ត្រូវបង្កើន​ទាំង​បរិមាណ​ និង​ ពង្រឹង​គុណភាព​របស់​ព្រះសង្ឃ ​ជា​ពិសេស ​គឺ​បង្កើន​ស្ថាប័ន​អប់រំ​
និង ​ពង្រឹង​គុណភាព​អប់រំ​អំពី​ព្រះ​ពុទ្ធសាសនា ហើយពាក្យ​ដែល​ថា​ ត្រី​មួយ​កន្រ្តក
ស្អុយមួយ​ គឺស្អុយ​ទាំងអស់
ក៏គួរតែឈប់ប្រើផងដែរ ព្រោះ​ព្រះសង្ឃ​ភាគ​ច្រើន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​ក្បួន​វិន័យ​របស់​ព្រះ​សង្ឃ​ហើយ
ៗ ​រដ្ឋាភិបាល​ក៏​កំពុង​តែ​រឹត​បណ្តឹង​
និង ​ឃ្លាំ​មើល​ឱ្យ​កាន់​តែ​ដិតដល់​ចំពោះព្រះសង្ឃ​បន្ថែម​ទៀត​
​ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ​ ចំពោះ​ព្រះពុទ្ធ​សាសនា​
ដែល​ជា​សាសនា​របស់​រដ្ឋ។

ជាសរុបសេចក្តីទៅ បញ្ហាប្រឈមដែលកើតមាននៅក្នុងវិស័យព្រះពុទ្ធ​សាសនានោះ គឺយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយទាំងមន្រ្តីសង្ឃ ទាំង​ស្ថាប័ន​ពាក់ព័ន្ធ ទាំងពុទ្ធបរិស័ទ ដើម្បីលើកកម្ពស់     វិស័យព្រះពុទ្ធសាសនា​ឱ្យ​ថ្កុំ​ថ្កើង​រុងរឿង សក្តិសមនឹងសាសនាមួយ ដែលមានប្រជាជនកម្ពុជាភាគច្រើន​កាន់ និង គោរពជឿ ក៏ដូចជាការរក្សាតម្លៃព្រះពុទ្ធ​សាសនាដែល​ជា​សាសនា​ដ៏​ឧត្តុង​ឧត្តម ​​​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ ដែល​បង្កប់​នូវ​ការ​អប់​រំ​ប្រៀន​ប្រដៅ និង​ ទ្រឹស្តីព្រះ​ពុទ្ធ​សាសនា​​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​មនុស្ស​អាច​ទទួល​យក​បាន ​ហើយជាពិសេស គឺឱ្យសក្តិសមនឹងរដ្ឋធម្មនុញ្ញដែបានបានចែង​យ៉ាង​ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រះសង្ឃជាសាវៈរបស់​ព្រះពុទ្ធ ដែលមានព្រះត្រៃបិដកជាក្បួនខ្នាត ដែលអាចជាប្រយោជន៍ចំពោះ​សង្គម​កម្ពុជា ដែលជាការនាំមកនូវសន្ដិភាព ការអភិវឌ្ឍធនធានមនុស្ស ការ​ចូល​រួម​ប្រកបដោយនិរន្តរភាព ជាប្រយោជន៍ និងជារូបភាពក្នុងការទាក់ទាញ​អារម្មណ៍​អ្នកដឹកនាំ ដោយការយកព្រះពុទ្ធសាសនា មករួមជាវិភាគទានក្នុងការគ្រប់គ្រង​ប្រទេស​ក្រោមបាវចនាគឺ ជាតិ-សាសនា-ព្រះមហាក្សត្រ៕


[1]
យោងតាម​នាយក​ដ្ឋាន​កិច្ច​ការ​ព្រះ​ពុទ្ធសាសនា
នៃក្រសួងធម្មការ និង​សាសនា ដែលបានផ្តល់ស្ថិតិ​តួ​លេខ​នេះ គឺ​​គិត​ត្រឹមថ្ងៃទី២២
ខែ​វិច្ឆិកា ឆ្នាំ២០១៦។

[2]  កោះសន្តិភាព ចេញផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨។