ទំព័រដើម » រចនាសម្ពន្ធគ្រប់គ្រង » ផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម » តំបន់ទំនាប​ឆ្នេរ និង ឈូងសមុទ្រកម្ពុជា «សក្តានុពល និង បញ្ហាប្រឈម​»

តំបន់ទំនាប​ឆ្នេរ និង ឈូងសមុទ្រកម្ពុជា «សក្តានុពល និង បញ្ហាប្រឈម​»

តំបន់ទំនាប​ឆ្នេរ និង ឈូងសមុទ្រកម្ពុជា «សក្តានុពល និង បញ្ហាប្រឈម​»

(…បន្តមកពីលេខមុន…)

ដោយ៖ ហៃ សុគន្ធា (បេក្ខជនបណ្ឌិតផ្នែកភូមិវិទ្យា)

មន្រ្តីស្រាវជ្រាវផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

 
២‑ប្រជាសាស្រ្តតំបន់ទំនាបឆ្នេរ និង ឈូងសមុទ្រ
តាមរបាយការណ៍ចុងក្រោយ នៃការអង្កេតចន្លោះជំរឿននៃប្រជារាស្រ្ត​កម្ពុជា ឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ[1] បង្ហាញថា ប្រទេសកម្ពុជាមានប្រជាជនប្រមាណជា ១៤,៦៨លាននាក់ ដែលក្នុងនោះ មាន​ខ្មែរប្រមាណជា៩០% វៀតណាមប្រមាណជា៥% និង ៥% ជាជនជាតិចិន​ និង​ជនជាតិផ្សេងទៀត។ ជាការពិត ប្រទេសកម្ពុជាធ្លាប់បានធ្វើជំរឿនប្រជារាស្រ្ត​កម្ពុជា​ជាផ្លូវការលើកទីមួយ គឺនៅក្នុងឆ្នាំ១៩៦២ ដែលមានប្រជារាស្រ្តប្រមាណ​ ៥,៧លាននាក់ ពោលគឺ ប្រព្រឹត្តឡើងបន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យ​ពេញលេញពីអាណានិគមបារាំង។ ចាប់ពីពេលនោះមក កម្ពុជាមិនមានជំរឿន​ត្រូវបានរៀបចំធ្វើរហូតដល់ឆ្នាំ១៩៩៨ និង មិនមានការធ្វើអង្កេតថ្នាក់ជាតិរហូត​ដល់​ឆ្នាំ១៩៩៣‑១៩៩៤ ក៏ប៉ុន្តែ ចំនួនប្រជារាស្រ្តកម្ពុជាប្រែប្រួល​ក្នុងអំឡុង​ទស្សវត្សរ៍ឆ្នាំ១៩៧០ ត្រូវបានពនិត្យយ៉ាងលម្អិតដោយអ្នកប្រជាសាស្រ្តជាច្រើន ដែលបានធ្វើការប៉ាន់ស្មានខុសៗគ្នាពីចំនួនប្រជារាស្រ្ត។ មិនមានព័ត៌មានជាក់ លាក់ណាមួយដែលអាចអះអាងបន្ថែម អំពីចំនួនប្រជារាស្រ្តកម្ពុជា រហូតដល់​ឆ្នាំ១៩៩២ ទើបអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា​ហៅកាត់ថាអ៊ុនតាក់ (UNTAC) បានស្រង់ឈ្មោះអ្នកបោះឆ្នោត អាយុពី១៨ឆ្នាំ​ឡើង​​ទៅ មានចំនួនប្រមានជា ៤,២៨លាននាក់។ អង្កេតសេដ្ឋកិច្ចសង្គមកិច្ច​កម្ពុជា ត្រូវបានដឹកនាំធ្វើដោយវិទ្យាស្ថានជាតិស្ថិតិ (NIS) នៅខែមេសា ឆ្នាំ​១៩៩៤ បាន​ប៉ានស្មានចំនួនប្រជារាស្រ្តរបស់ប្រទេស​កម្ពុជា មាន៩,៨៧លាននាក់។   
    
រូបភាពទី១ ជំនរឿនប្រជារាស្រ្តកម្ពុជាឆ្នាំ១៩៦២ ដល់ឆ្នាំ២០១៣ 
ទំហំ និង កំណើនប្រជារាស្រ្តតាមតំបន់ស្នាក់នៅ មានការប្រែប្រួល​ប្រចាំ​តំបន់យ៉ាងទូលាយក្នុងការបែងចែកប្រជារាស្រ្ត ដូចជា តំបន់វាលរាប គឺជាតំបន់​ដែលប្រជារាស្រ្តចូលចិត្តរស់នៅច្រើនជាងគេបំផុត (ប្រមាណ៤៨,៩% ឆ្នាំ​២០០៨ និង ៤៩,១៩% ឆ្នាំ២០១៣) តំបន់ទន្លេសាប ជាតំបន់ទី២ដែល​ប្រជា​រាស្រ្តចូលចិត្តរស់នៅ (៣២,៥២% ឆ្នាំ២០១៨ និង ៣២,១៦% ឆ្នាំ២០១៣) តំបន់​ឆ្នេរសមុទ្រ គឺតំបន់ដែលប្រជារាស្រ្តចូលចិត្តរស់នៅ បន្ទាប់​ពីតំបន់ទន្លេសាប (៧,១៧% ឆ្នាំ២០០៨ និង ៦,៩៧% ឆ្នាំ២០១៣) និង តំបន់ចុងក្រោយ គឺតំបន់ភ្នំ និង ខ្ពង់រាប ដែលមានស្ថានភាពដឹកជញ្ជូនពិបាក ហើយមានជនជាតិដើម​ភាគ​តិច​រស់នៅច្រើនជាងគេ (១១,៤៣% ឆ្នាំ២០០៨ និង ១១,៦៨% ឆ្នាំ២០១៣)។ 
តារាងទី១៖ ទំហំនិងកំណើនប្រជារាស្រ្តតាមតំបន់និងអត្រាកំណើនប្រចាំឆ្នាំ
តំបន់តាំងទីលំនៅ ចំនួនប្រជារាស្ត្រតាមឆ្នាំ អត្រាកំណើន(២០០៨‑២០១៣)
២០០៨ ២០១៣ ភាគរយ ប្រចាំឆ្នាំ
តំបន់វាលរាប ៦.៥៤៧.៩៥៣ ៧.២១៩.៧២៤ ១០,២៦ ១,៩៥
តំបន់ទន្លេសាប ៤.៣៥៦.៧០៥ ៤.៧១៩.៩៦៧ ៨,៣៤ ១,៦០
តំបន់ឆ្នេរសមុទ្រ ៩៦០.៤៨០ ១.០២២.៧២១ ៦,៤៨ ១,២៦
តំបន់ភ្នំនិងខ្ពង់រាប ១.៥៣០.៥៤៤ ១.៧១៤.២០០ ១២,០០ ២,២៧
សរុប ១៣.៣៩៥.៦៨២ ១៤.៦៧៦.៦១២ ៩,៥៦ ១,៨៣
ប្រភព៖ របាយការណ៍ចុងក្រោយចន្លោះជំរឿនឆ្នាំ២០១៣
ក្នុងចំណោមតំបន់តាំងទីលំនៅខាងលើ តំបន់ភ្នំ និង ខ្ពង់រាប មានអត្រា​កំណើនប្រជារាស្រ្តមធ្យមប្រចាំឆ្នាំខ្ពស់ជាងគេ (២,២៧%) ដោយសារការផ្លាស់ទី​ចូលពីខេត្តដទៃទៀត ជាមូលេហេតុចម្បង ​ដើម្បីមានការស្វែងរកឱកាសផ្នែក​សេដ្ឋ​កិច្ច​ផ្សេងៗ តាមរយៈធនធានធម្មជាតិអំណោយផល និង ការពង្រីកការ​បន្ថែម​ការអភិវឌ្ឍថ្មីៗនៅក្នុងតំបន់ទាំងនេះ។ តាមបន្តបន្ទាប់ដោយតំបន់វាលរាប (១,៩៥%) តំបន់ទន្លេសាប (១,៦០%) និង ចុងក្រោយគឺតំបន់ឆ្នេរសមុទ្រ ដែល​មាន​អត្រាកំណើនមធ្យមទាបជាងគេ គឺ១,២៦%។ 
 ២.១‑ដង់ស៊ីតេប្រជារាស្រ្តកម្ពុជាតាមតំបន់
តាមជំរឿនប្រជារាស្រ្តកម្ពុជា ដង់ស៊ីតេប្រជារាស្រ្ត គឺចំនួនមនុស្សក្នុង​ផ្ទៃដីមួយគីឡូម៉ែត្រការ៉េ ពោលគឺជា សន្ទស្សន៍មួយនៃប្រជារាស្រ្តដែល​មាន​សារៈ​សំខាន់ និង ជារង្វាស់នៃការប្រមូលផ្តុំចំនួនមនុស្ស។ តាមរបាយការណ៍អង្កេត​ចន្លោះជំរឿន ឆ្នាំ២០១៣ បង្ហាញថា ដង់ស៊ីតេប្រជារាស្រ្តកម្ពុជាគឺមានចំនួន៨២ បានកើនឡើងចំនួន៧នាក់ បើប្រៀបធៀបទៅនឹងដង់ស៊ីតេនៃការធ្វើជំរឿន ​ឆ្នាំ​២០០៨ ដែលមានចំនួនតែ៧៥នាក់ប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ទោះបីជា​យ៉ាងនេះក្តី ក៏ចំនួននេះនៅមានលក្ខណៈទាបនៅឡើយ បើប្រៀបធៀបទៅនឹង​ប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម (១៦៨នាក់/គម) ប្រទេសថៃ (១៣៦នាក់/គម) និង តំបន់អាស៊ីអាគ្នេយ៍ (១៣២នាក់/គម) ប៉ុន្តែ ប្រទេសឡាវ​គឺជាប្រទេសដែលមានដង់ស៊ីតេទាបជាងគេនៅក្នុងតំបន់ ពោលគឺ មានចំនួនតែ​២៧នាក់/គម ប៉ុណ្ណោះ។ ជាទូទៅមិនថាតែនៅក្នុងប្រទេសកម្ពុជាងទេ ប្រទេស​ស្ទើរតែទាំងអស់នៅក្នុងពិភពលោក គឺមានដង់ស៊ីតេប្រជាជននៅតំបន់ទីក្រុង និង ទីប្រជុំជនខ្ពស់ជាងតំបន់ជនបទ។ នៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១៣ ចំនួនប្រជារាស្រ្តថ្នាក់ជាតិបានកើនឡើងចំនួន ១,៣លាននាក់ ដែលក្នុងនោះ​តំបន់ទីប្រជុំជនមានកំណើនចំនួនមនុស្សប្រមាណ ០,៥លាន​នាក់ (៤១,៤%)   រីឯតំបន់ជនបទវិញ មានកំណើនចំនួនមនុស្ស ០,៨លាននាក់ (៥៨,៦%)។ អត្រា​កំណើនប្រជារាស្រ្ត ជាមធ្យមនៅតំបន់ទីប្រជុំជនគឺមាន៣,៧% ចំណែកឯ​អត្រា​កំណើនប្រជារាស្រ្ត​ជាមធ្យមនៅក្នុងតំបន់ជនបទគឺមាន១,៣% ដែលបង្ហាញ​ឱ្យ​ឃើញអំពីការផ្លាស់ប្តូរទីលំនៅ គឺជាកត្តាមួយ ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យ​មាន​ការប្រែប្រួលចំនួនភាគរយនៃកំណើនមធ្យមរបស់តំបន់នីមួយៗ។ 
តារាងទី២៖ ការបែងចែកតំបន់ ផ្ទៃដី និង ដង់ស៊ីតេប្រជារាស្រ្ត ឆ្នាំ២០០៨ និង ២០១៨­
តំបន់តាំងទីលំនៅ ផ្ទៃដី(គម) ប្រជារាស្រ្ត(%) ដង់ស៊ីតេ
២០០៨ ២០១៣ ២០០៨ ២០១៣
វាលរាប ២៥.០៦៩ ៤៩,២ ៤៩,២ ២៦១ ២៨៨
ទន្លេសាប ៦៧.៦៦៨ ៣២,៥ ៣២,២ ៦៤ ៧០
ឆ្នេរសមុទ្រ ១៧.២៣៧ ៧,២ ៥៦ ៥៩
ភ្នំនិងខ្ពង់រាប ៦៨.០៦១ ១១,៤ ១១,៧ ២២ ២៥
សរុប ១៨១.០៣៥* ១០០ ១០០ ៧៥ ៨២
សម្គាល់ៈ * រាប់បញ្ចូលបឹងទន្លេសាប (៣.០០០ គម)
ទិន្នន័យជំរឿនប្រជារាស្រ្តកម្ពុជា ឆ្នាំ២០០៨ ក៏ដូចជារបាយការណ៍​ចុង​ក្រោយ នៃចន្លោះជំរឿន ឆ្នាំ២០១៣ បានបង្ហាញថា ដង់ស៊ីតេប្រជារាស្រ្តកម្ពុជា ប្រែប្រួលពីចំនួនពី៧៥ ទៅចំនួន៨២ ដែលក្នុងនោះ តំបន់វាលរាបនៅតែ​មាន​ដង់ស៊ីតេប្រជារាស្រ្តខ្ពស់ជាងគេដដែល គឺពីចំនួន២៦១នាក់/គមនៅឆ្នាំ២០០៨ កើនដល់ ២៨៨នាក់/គម នៅឆ្នាំ២០១៣ ហើយតំបន់ដែលមានដង់ស៊ីតេ​ទាប​ជាងគេ គឺតំបន់ភ្នំ និង ខ្ពង់រាបដែលមានចំនួនតែ២២នាក់/គមនៅឆ្នាំ២០០៨ និង ២៥​នាក់/គម នៅឆ្នាំ២០១៣។ ដោយឡែកដង់ស៊ីតេប្រជារាស្រ្តកម្ពុជាតំបន់​ឆ្នេរសមុទ្រ នៅតែស្ថិតនៅលំដាប់លេខបីក្នុងចំណោមតំបន់តាំងទីលំនៅ​ទាំងបួន​នៃប្រទេសកម្ពុជា បន្ទាប់ពីតំបន់វាលរាប និង តំបន់ទន្លេសាប ពោលគឺ មាន​ប្រជារាស្រ្តចំនួន៥៦នាក់/គម នៅឆ្នាំ២០០៨ និង ចំនួន៥៩នាក់/គម នៅឆ្នាំ​២០១៣។
តាមរបាយការណ៍ចុងក្រោយ នៃការធ្វើអង្កេតចន្លោះជំរឿនប្រជារាស្រ្ត​កម្ពុជាក្នុង​ឆ្នាំ២០១៣ របស់​វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ បានបង្ហាញថា​ ចំនួនប្រជារាស្រ្តសរុបនៃខេត្តទាំងបួនរបស់កម្ពុជា ​ដែល​មាន​ទីតាំង​នៅ​ជាប់នឹង​មាត់សមុទ្រមានចំនួន ១,០២២,៧២១នាក់[2] គឺស្មើប្រមាណជា៧% នៃ​ប្រជា​រាស្រ្ត​​ទូទាំងប្រទេស ដែលក្នុងនោះ ខេត្តកំពត​ គឺខេត្តមួយដែលមានប្រជាជន​ច្រើនគេ ក្នុងចំណោមខេត្តនៅជាប់នឹងសមុទ្រទាំងបួន របស់ព្រះរាជាណាចក្រ​កម្ពុជា ពោលគឺប្រមាណជា៤,១៧% ខេត្តព្រះសីហនុប្រមាណ១,៧% ខេត្ត​កោះកុង​ប្រមាណជា០,៨៣% និង ខេត្តកែបប្រមាណជា០,២៦%។ តាមរយៈ​តួលេខ​ដែលបង្ហាញអំពីដង់ស៊ីតេប្រជាជននៅតំបន់សមុទ្រ កម្ពុជាគឺមានតែ៥៨​នាក់​ប៉ុណ្ណោះ​ក្នុងមួយគីឡូម៉ែត្រការ៉េ​ ប៉ុន្តែ នៅតែជាតួលេខដែលមានចំនួន​តិច​នៅឡើយ បើធៀបជាមួយនឹងដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានចំនួន​៨២​នាក់/គម។ កោះកុងគឺជាខេត្តដែលមានតង់ស៊ីទាបជាងគេនៃតំបន់ គឺប្រមាណ​១២នាក់/គមហើយខេត្តកែប គឺជាខេត្តដែលមានដង់ស៊ីតេខ្ពស់ជាងគេនៃតំបន់ ប្រមាណ២២៤នាក់/គម។ បើពិនិត្យលទ្ធភាពខេត្តកោះកុង ដែលមានដង់ស៊ីតេ​តិច​នៅឡើយ គឺបានឆ្លុះបញ្ចាំងអំពីវិសាលភាព នៃធនធានធម្មជាតិរបស់​ខេត្ត​មួយ​នេះ និង សក្តានុពលក្នុងការទាញយកលទ្ធភាពនៃគរូបនីយកម្ម និង​វិនិយោគ​ផ្សេងៗ តាមលក្ខខណ្ឌសមស្របណាមួយ សម្រាប់ចូលរួមអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ 
តារាងទី៣៖ ចំនួនប្រជារាស្រ្តនៅតំបន់ទំនាបឆ្នេរ និង ឈូងសមុទ្រ ឆ្នាំ២០១៣
ខេត្ត ផ្ទៃដី(គម) ចំនួនប្រជាជន ដង់ស៊ីតេ %ប្រជាជន
កោះកុង ១០.០៤៥ ១២២.២៥៨ ១២ ០,៨៣
ព្រះសីហនុ ២.៦៥៨ ២៥០.១៨០ ៩៤ ១,៧០
កំពត ៤.៨៧៣ ៦១១.៥៨៣ ១២៥ ៤,១៧
កែប ១៥៨,៦៣ ៣៨.៧០០ ២៤៤ ០,២៦
សរុប ១៧.៧៣៤,៦៣ ១,០២២,៧២១ ៥៨ ៦,៩៦
ប្រភព៖ អង្កេតចំន្លោះជំរឿនប្រជារាស្រ្តកម្ពុជាឆ្នាំ២០១៣
 ២.២‑ ចលនាប្រវេសន៍តំបន់ទំនាបឆ្នេរនិងឈូងសមុទ្រ
តាមអង្កេតចន្លោះជំរឿន ឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិស្ថិតិ ក្រសួង​ផែនការបានបង្ហាញថា ខេត្តទាំងបួននៅជាប់មាត់សមុទ្រ មានប្រជាជនរហូត​ដល់​១,០២២,៧២១នាក់ ដែលស្មើប្រមាណជា៧% នៃចំនួនប្រជាជនសរុប។ តាមការសិក្សាស្រាវជ្រាវមួយ ដែលមានការទ្រទ្រង់ថវិកាដោយធនាគារ​អភិវឌ្ឍន៍​​អាស៊ី (ADB) បានបង្ហាញថា ខេត្តកំពត ខេត្តកែប និង ខេត្តកោះកុង គឺជាខេត្ត​ដែលមានប្រជាជនធ្វើចំណាកស្រុកច្រើន។ ការសិក្សានេះដែរ ក៏បានបង្ហាញពី​ចំនួនប្រជាពលរដ្ឋភាគច្រើន របស់ខេត្ដនៅជាប់ឆ្នេរសមុទ្រកម្ពុជាទាំងនេះ គឺជា​ជនអន្តោប្រវេសន៍ថ្មីៗ ទៅកាន់តំបន់នៅតាមបណ្តោយឆ្នេរសមុទ្រ។ ស្ថិតិពីការ​ធ្វើ​អង្កេតចន្លោះជំរឿនឆ្នាំ២០១៣ បានបង្ហាញថា ចំនួនប្រជាជននៅជាប់ឆ្នេរ​សមុទ្រ​ដល់ទៅ៤១% មានលំនៅដ្ឋានចាស់របស់ពួកគេនៅក្រៅស្រុក ឬ ខេត្តនៃ​តំបន់នេះ ហើយប្រហែល៣% នៃចំនួនប្រជាជនខេត្តកំពតបានផ្លាស់ទីលំនៅពី​តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។ ប្រជាពលរដ្ឋជាច្រើននៅតំបន់តាម​បណ្តោយ​ឆ្នេរសមុទ្រកម្ពុជា គឺជាអ្នកចំណាកស្រុក ឬ ផ្លាស់ទីលំនៅមកពីតំបន់បីផ្សេង​ទៀត (វាលរាបទន្លេសាប និង ភ្នំនិងខ្ពង់រាប) ដើម្បីសេដ្ឋកិច្ចគ្រួសារ ។
ចំណុចទាំងនេះ ត្រូវបានបកស្រាយបន្ថែមនៅក្នុងការសម្ភាសន៍ដែលធ្វើ​ឡើងដោយ ADB នៃអ្នករស់នៅតាមបណ្តោយឆ្នេរនៃបណ្តាខេត្តទាំងនេះ ដែល​បង្ហាញថា ភាគច្រើននៃពួកគេបានផ្លាស់ប្តូរទៅកន្លែងរស់នៅបច្ចុប្បន្នរបស់​ពួក​គេ សម្រាប់ហេតុផលសេដ្ឋកិច្ច ឬ សន្តិសុខ។ ដូចនេះ តំបន់ឆ្នេរសមុទ្រកម្ពុជា មានទំហំប្រជាពលរដ្ឋច្រើនមធ្យម ដែលធ្វើឱ្យទម្រង់នៃការប្រើប្រាស់ធនធាន អាចនឹងរួមចំណែកដល់សម្ពាធសេដ្ឋកិច្ច លើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ។ ជាក់​ស្តែង តាមស្ថិតិជំរឿនប្រជារាស្រ្តឆ្នាំ២០០៨បង្ហាញថា៣៥% នៃប្រជាជនខេត្ត​កោះកុង បានផ្លាស់ប្តូរទៅទីប្រជុំជនខេត្ត នៅក្នុងអំឡុងពេលមួយទសវត្សរ៍​កន្លង​មក។ ខណៈពេលដែល ៣៦,២% នៃការរកឃើញនាពេលថ្មីៗនេះ​បានបង្ហាញ​ថា «ដើម្បីស្វែងរកការងារ» គឺជាមូលហេតុនៃការធ្វើចំណាកស្រុក។ កត្តានេះ គឺជាសូចនាករមួយសម្រាប់ឱកាសជីវភាព ដែលមានមូលដ្ឋានលើធនធាន​ធម្មជាតិ ពោលគឺ ខេត្តនេះពឹងផ្អែកលើជនចំណាកស្រុកមកពីតំបន់ផ្សេងៗ​ទៀត​នៅក្នុងប្រទេស។ ប្រជាពលរដ្ឋភាគច្រើននៃខេត្តកោះកុង ពឹងផ្អែកលើ​ការ​នេសាទ កសិកម្ម និង សកម្មភាពដែលពឹងផ្អែកលើធនធានផ្សេង​ទៀត ​ដូចជា​ការផលិតធ្យូងជាដើម។ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាច្រើន​នៅ​កោះកុង បានកើតឡើងចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហម​ ជាមួយនឹង​អត្រា​កំណើនប្រចាំឆ្នាំជាមធ្យម១៦%។ ការហូរចូលចំនួនប្រជាជនដ៏ច្រើនបំផុត​ទៅក្នុងតំបន់នេះ គីបានកើតឡើងក្នុងអំឡុងឆ្នាំ១៩៨៥‑១៩៩០។ ប្រជា​ពលរដ្ឋ​នៅក្នុង​ខេត្តនេះ ជាពិសេស តំបន់ជាប់តាមបណ្តោយមាត់សមុទ្រ គឺពឹង​ផ្អែកលើ​ការនេសាទសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ផលិត​ភាពត្រីបានថយចុះគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារ​តែការ​កើនឡើងនៃចំនួនអ្នកនេសាទ ការបាត់បង់តំបន់ព្រៃកោងកាង​ដោយសារ​តែការសាងសង់កសិដ្ឋានចិញ្ចឹមបង្គា និង ការបំពុលទឹកចេញពីកសិដ្ឋាន​ទាំង​នេះ។ ការផ្សារភ្ជាប់គ្នារវាងការចិញ្ចឹមបង្គា ការថយចុះទិន្នផលត្រី និង ការផ្លាស់​ប្តូរ​សកម្មភាពប្រាក់ចំណូលផ្សេងៗរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យមានភាពតាន​តឹង​បន្ថែមទៀតលើមូលដ្ឋានធនធាន ជាពិសេស ព្រៃកោងកាង។
 ២.៣‑យេនឌ័រ និង របរចិញ្ចឹមជីវិត

ប្រហែលមួយភាគប្រាំ នៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបាន​ដឹកនាំដោយស្ត្រី (SIDA 2008)។ នៅតំបន់ឆ្នេរសមុទ្រ បុរសជាអ្នកទទួល​ខុសត្រូវ​ចម្បងចំពោះការនេសាទនៅក្នុងសមុទ្របើកចំហ ខណៈពេលដែលស្ត្រីបានធ្វើ​សកម្មភាពនេសាទនៅជិតផ្ទះ ក៏ដូចជា ការកែច្នៃការធ្វើទីផ្សារ ថែទាំស្រះចិញ្ចឹម​ត្រី​និងទ្រុង និង រក្សាឧបករណ៍នេសាទ (Ahmed et al, 1998, Gum 1998 ) ។ នៅក្នុងអាជីវកម្មនេសាទគ្រួសារ ស្រ្តីពេលខ្លះអាចមានឥទ្ធិពល ឬ សិទ្ធិក្នុងការ​សម្រេចចិត្តជាងប្តីរបស់ពួកគេ។ សូម្បីតែក្នុងគ្រួសារដែលក្រីក្រ ក៏ស្រ្តីជួយស្វាមី​របស់ពួកគេ ដូចជា ការជ្រើសរើសក្តាមពីសំណាញ់កែច្នៃ ផលិតផលត្រី ការ​ជួសជុលសំណាញ់ និង គំនរនេសាទលើទូកជាដើម។ រដូវប្រាំងគឺជារដូវដែល​មានផលិតភាពច្រើនបំផុតសម្រាប់ប្រជាជនឆ្នេរ អ្នកនេសាទតែងតែធ្វើការច្រើន​ជាង១០ម៉ោងក្នុងមួយថ្ងៃ ដោយមិនរាប់បញ្ចូលការងារផ្ទះសម្បែង។ ចំពោះ​គ្រួសារដែលមានស្រ្តីធ្វើការងារនេះ គឺពិតពិបាកជាងបុរសៗ ព្រោះពួកគេត្រូវ​មើលថែក្មេងៗផង ធ្វើអាជីវកម្មខ្នាតតូចផង ការងារថែរក្សាផ្ទះផង ការប្រមូល​អុស ​និង ការចម្អិនផង (USAID 2001)។

ជាងនេះទៀត ស្រ្តីភាគច្រើនដែលជាមេគ្រួសារនៅក្នុងតំបន់នេះ បាន​ចូល​រួមចំណែកយ៉ាង​សកម្ម​ ក្នុងការបំពេញតម្រូវសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ​តាមរយៈ​ធនធាន​​ធម្មជាតិអំណោយ​ផល ដូចជា ការប្រើប្រាស់ដីត្រូវបានរីករាល​ដាលយ៉ាងល្អនៅគ្រប់តំបន់ទាំងអស់ ជាពិសេស នៅក្នុងខេត្តព្រះសីហនុ។ យ៉ាង​ណាមិញ គម្របល្អនៃព្រៃស្លឹកឈើទូលំទូលាយត្រូវបានគេរកឃើញនៅតំបន់​នៅ​ផ្នែកកណ្តាល ដែលនៅជិតព្រំដែនខេត្ត និង ភាគច្រើននៃឧទ្យានជាតិរាម ឆ្នេរខាងកើតឧទ្យានជាតិរាម ដែលមានព្រៃកោងកាងសម្បូរបែប គឺជាតំបន់ជីវ​សាស្រ្តចម្រុះ ដែលអាចទ្រទ្រង់ទៅដល់សេដ្ឋកិច្ចនៃប្រជាជនសហគមន៍​។

២.៤‑របៀបរស់នៅ និង ការចិញ្ចឹមជីវិត

ប្រហែលជាង៨០% នៃប្រជាជនដែលកំពុងរស់នៅតាមខេត្តជាប់នឹង​មាត់​សមុទ្រគឺជាជនជាតិខ្មែរ ហើយក៏មានមានជនជាតិចាម វៀតណាម ចិន ថៃ និង ជនជាតិដើមភាគតិចមួយចំនួនទៀតផងដែរ។

ក្នុងចំណោមខេត្តនៅជាប់មាត់សមុទ្រទាំងបួននេះ មានតែខេត្តកំពតទេ ជាខេត្តដែលផលិតស្រូវបានច្រើនជាងគេ ហើយវាក៏ជាប្រភពអាហារចម្បង​ជាង​គេដែរនៅក្នុងសហគមន៍។ ទាំងនេះបង្ហាញឱ្យឃើញអំពីសារៈសំខាន់​ជនបទ​នៅ​ខេត្តកំពត ដែលបង្ហាញអំពីកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យកសិកម្ម​នៅ​ក្នុងខេត្តកំពត។ ការផលិតម្រេចបានល្អនៅកម្ពុជា ដោយសារមានសារធាតុ​ម៉ាញ៉េស៊ី​យ៉ូម (លោហៈធាតុអាចដុតបាន) និង ដីដែលមានជាតិដែក ជាពិសេស​ខេត្តកំពត និង ខេត្តកែប។ ម្រេចគ្រាប់ពណ៌បៃតងតូចៗ លូតលាស់ជាវល្លិ៍បាន​កម្ពស់ច្រើនម៉ែត្រ ហើយនឹងត្រូវប្រមូលផលនៅចុងរដូវសម្រាប់ទីផ្សារអន្តរជាតិ និង មានកិត្តិនាមជាអន្តរជាតិ ក្នុងនាមជាគ្រឿងទេស។ ម្រេចមានតម្លៃ​ណាស់​សម្រាប់បន្ថែមទៅក្នុងមុខម្ហូបល្បីៗមួយចំនួន ទាំងក្នុងស្រុក និង លើឆាក​អន្តរជាតិ។

ខេត្តកំពតនៅមានផលិតផលមួយទៀត ដែលគេស្គាល់គឺទុរេនដែល​មាន​រសជាតិឆ្ងាញ់ ប៉ុន្តែ ក្លិនឆ្ងុយខ្លាំងណាស់ រហូតទៅដល់ជនបរទេសលោក​ខាង​លិចមួយចំនួន ពិបាកទទួលយកក្លិននេះទៀតផង។ ផលិតផលទុរេនមាន​ការ​សសើរខ្លាំងពីប្រជាជនទូទៅ រហូតដល់មានការធ្វើនិមិត្តរូបជាផ្លែឈើប្រចាំខេត្ត​ទៀតផង ពោលគឺ ខេត្តនេះបានសាងសង់រូបសំណាក់ផ្លែទុរេន​នៅចំទីប្រជុំ​ខេត្ត​តែម្តង (លើផ្លូវជាតិលេខ៣)។

២.៤.១‑ការនេសាទ

ការនេសាទ
មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវភាព​ប្រជាជន​នៅតំបន់ឆ្នេរសមុទ្រ
និង តំបន់ឈូងសមុទ្រ។  ការនេសាទគឺជា​មុខរបរដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនក្នុងតំបន់
ហើយដីព្រៃកោងជាច្រើន ដែលអាចប្រើប្រាស់បានជាតំបន់ជីវៈចម្រុះ ត្រូវរៀបចំឡើងដើម្បីសម្រាប់ជួយលើកតម្កើងសេដ្ឋកិច្ចសហគមន៍។

ការនេសាទ
គឺជាការចិញ្ចឹមជីវិតមួយបែបរបស់ប្រជាជន​កម្ពុជា​តាមបែបប្រពៃណី និង វប្បធម៌ក្នុងតំបន់ឆ្នេរ។ វាមានសារៈសំខាន់​ណាស់​សម្រាប់សុវត្ថិភាពចំណីអាហារ និង ការលូតលាស់
ហើយវាក៏​បានផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ ដូចជា មេគ្គុទេស​សម្រាប់​ការនេសាទ ការជ្រមុជទឹកជ្រៅ
ការមុជទឹកទៅមើលផ្កាថ្មបាត​សមុទ្រ។ ពាក់ព័ន្ធនឹងការពង្រឹងអំពីការនេសាទ
ពីឆ្នាំ១៩៧៩ ច្បាប់បិទ​នេសាទត្រូវបាត់បង់ក្នុងសម័យខ្មែរក្រហម
ដែលជាហេតុធ្វើមាន​ការកើន​ឡើងនូវទូកនេសាទថៃ
និង វៀតណាមក្នុងដែនសមុទ្រកម្ពុជា[3]។ បន្ថែម​លើនេះទៀត
ការប្រែប្រួលអាកាសធាតុ ការបំពុលបរិយាកាស គ្រាប់​បែក និង ការបាត់បង់ជម្រក
(ឧទាហរណ៍ៈ ធ្វើឱ្យហិនហោចត្រី ការ​អភិវឌ្ឍតំបន់ឆ្នេរ…)
ការឈ្លានពានពីក្រុមមនុស្សផ្សេង ការរំខាន និង ការប្រមូលទិន្នផលជ្រុល (លើសលប់)
នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់​ផលិតផលនេសាទ។ ការប្រើប្រាស់លើសកំណត់
សកម្មល្មើសច្បាប់ពី​ប្រទេស​ជិតខាង
ការគ្រប់គ្រងមានកម្រិតទាប (គ្មានច្បាប់អប្បរមា ឬ អតិបរមាក្នុងកម្រិតណាមួយ
ដើម្បីការពារកំណើនប្រជាជនរដូវកាល និង តំបន់បិទនេសាទដើម្បីការពារនូវពងត្រី និង កង្វះខាតនូវការ​ប្រតិបត្តិច្បាប់ឱ្យមានប្រសិទ្ធិភាព ដើម្បីត្រួតពិនិត្យនៃការនេសាទ​ទាំង​នោះ។ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី
ដោយសារការដាក់គ្រាប់បែក និង ប្រើប្រាស់សំណាញ់អូសត្រី​ ធ្វើឱ្យខូចដល់ថ្មប៉ប្រះទឹក និង
ស្មៅសមុទ្រ​ដោយសកម្មភាពនេសាទខុសច្បាប់ទាំងនោះ។ ការបាត់បង់នូវស្មៅ​សមុទ្រ នឹងធ្វើឱ្យមានការបាក់ដីដោយសារដីទាប និង
ការកាប់ព្រៃកោង​កាងសម្រាប់មនុស្សធ្វើអុសធ្យូង ក៏មានផលប៉ះពាល់ដល់ការនេសាទដែរ
ដែលវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ការប្រកបរបរចិញ្ចឹមជីវិតរបស់​ប្រជាជនសហគមន៍។

ការនេសាទ
និង ផលិតផលដទៃទៀតនៃតំបន់ឆ្នេរ មានសារៈ​សំខាន់​ណាស់​សម្រាប់ការរស់នៅ និង ចំណូលរបស់សហគមន៍នៃ​តំបន់​ឆ្នេរ​ និង ឈូងសមុទ្រ។ ការការពារធនធានសមុទ្រ និង អាហារសមុទ្រ​ដែលមាន​គុណ​ភាព គឺមានសារៈសំខាន់ណាស់
សម្រាប់វិស័យទេស​ចរណ៍ ព្រោះសកម្ម​ភាព​របស់ទេសចរ ដូចជា ការមុជទឹក ការជ្រមុជទឹក​ទៅបាតសមុទ្រ
និង ឧស្សាហ​កម្ម​ចំណីអាហារ គឺពឹងផ្អែកយ៉ាងសំខាន់​ទៅលើផលិតផល និង ធនធាន​មនុស្សផ្នែកសមុទ្រ។

២.៤.២‑ប្រជាជន និង ផ្ទៃដីកសិកម្ម

តាមជំរឿនកសិកម្ម២០១៣
របស់ក្រសួងផែនការបង្ហាញថា នៅ​ក្នុងប្រទេសកម្ពុជា មានប្រមាណ២,៦លានគ្រួសារ បានចុះបញ្ជីកាន់​កាប់ដីកសិកម្ម ដែលក្នុងនោះមាន២,២ លានគ្រួសារ ឬ ៤ក្នុងចំណោម៥
បានចូលរួមក្នុងសកម្មភាពកសិកម្ម។ បើនិយានអំពីតំបន់ទាំងបួន (វាល​រាប ភ្នំ និងខ្ពង់រាប បឹងទន្លេសាប និង តំបន់ឆ្នេរ) នៃសណ្ឋានដីរបស់​ប្រទេសកម្ពុជា គឺមានពីរនៅក្នុងបួនតំបន់នៃប្រទេសកម្ពុជា បានបង្ហាញ​ថា​បានកាន់កាប់ច្រើនជាង៥០០.០០០ និង បានប្រតិបត្តិតាំងពីឆ្នាំ​២០១៣ ពោលគឺ តំបន់វាលរាប និង តំបន់បឹងទន្លេសាប[4]

តាមតារាងទី១បង្ហាញថា
សមាមាត្រនៃការកាន់កាប់កសិកម្ម​នៅ​តំបន់វាលរាប ធៀបនឹងការកាន់កាប់សរុបទូទាំងប្រទេស គឺមានចំនួន​ច្រើនជាងគេរហូតទៅដល់ជិតពាក់កណ្តាល (៤៦,៣៥%) ហើយតំបន់​ឆ្នេរវិញ សមាមាត្រនៃការកាន់កាប់កសិកម្ម​ ធៀបនឹងការកាន់កាប់សរុប​ទូទាំងប្រទេស គឺមានចំនួនតិចជាងគេ(៧,៤៣%)។

តារាងទី១៖ ចំនួន និង សមាមាត្រនៃការកាន់កាប់កសិកម្ម​ដាំដំណាំតាមតំបន់​ឆ្នាំ២០១៣

តំបន់ ចំនួនការកាន់កាប់កសិកម្ម ភាគរយ
វាលរាប ៨៦៩.៣០៥ ៤៦,៣៥

តំបន់បឹងទន្លេសាប ៦១៤.៣៦៩

៣២,៧៥
តំបន់ឆ្នេរ ១៣៩.៤៣៣

៧,៤៣

តំបន់ខ្ពង់រាបនិងភ្នំ ២៥២.៦០៥

១៣,៤៧

សរុប ១.៨៧៥.៧១២

១០០

ប្រភពៈ វិទ្យាស្ថានជាតិស្ថិតិ
ក្រុមបញ្ជីស្នូលជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០១៣

ប្រជាជននៅក្នុងតំបន់ឆ្នេរ មានការកាន់កាប់កសិកម្មតិចជាងគេ
បើ​ប្រៀប​ធៀបទៅនឹងតំបន់ផ្សេងទៀត ព្រោះម្យ៉ាង ​ប្រជាជនមានដែល​មាន​ការ​តាំង​ទីនៅ​ក្នុងតំបន់តិចស្រាប់ រួមផ្សំនឹងផ្ទៃដីដែល​អំណោយ​ផល​សម្រាប់​វិស័យកសិកម្មនៃតំបន់នេះ ក៏នៅមានកម្រិតនៅឡើយ។ ជាក់​ស្តែង
ផ្ទៃដីដែល​អំណោយផលសម្រាប់កសិកម្ម ​និង កសិឧស្សាហកម្ម​ គឺមានតែនៅតំបន់ជាប់​ក្បែរមាត់សមុទ្រប៉ុណ្ណោះ ប៉ុន្តែ ផ្ទៃដីផ្សេងទៀត​ដែលនៅក្បែរ
និង កៀកទៅនឹង​ជួរភ្នំក្រវាញ គឺមិនអំណោយផល​សម្រាប់​កសិកម្មទេ ពោលគឺ សម្រាប់ទទួល​បានផល​ប្រយោជន៍ពី​អនុផល​ព្រៃឈើ។

២.៤.៣‑ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និង ការប្រើប្រាស់​ធនធាន

តាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ
បង្ហាញថា ប្រភេទប្រើប្រាស់ដីត្រូវបានរីករាលដាលយ៉ាងល្អប្រសើរ នៅគ្រប់តំបន់​ទាំងអស់នៃតំបន់ឆ្នេរ ជាពិសេស ខេត្តព្រះសីហនុ។
គម្របល្អនៃព្រៃស្លឹក​ឈើទូលំទូលាយ ត្រូវបានគេរកឃើញនៅតំបន់នៅផ្នែកកណ្តាល
និង នៅជិតព្រំដែននៃខេត្ត និង ភាគច្រើននៅក្នុងឧទ្យានជាតិរាម ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ នៅក្នុងតំបន់រវាងស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និង
ឧទ្យានជាតិរាម គេឃើញមានការប្រើប្រាស់ដីដែលភាគច្រើន​ជាព្រៃ​ឫស្សី និង ព្រៃអនុតំបន់វាលស្មៅ និង ដើមឈើ។

ដូចគ្នានេះដែរ គម្របការប្រើប្រាស់ដីធ្លីសម្រាប់ខេត្តកែប
​មាន​រាប់​ពីតំបន់ដីក្រហូង ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង​ ដែលភាគ​ច្រើនជាព្រៃឫស្សី និង ព្រៃបន្ទាប់បន្សំ ដែលត្រូវបានគេរកឃើញនៅ​តំបន់ការពារ និង តាមបណ្តោយព្រំប្រទល់ខាងត្បូងនៃក្រុងកែប ហើយ​នៅភាគខាងកើត ការប្រើប្រាស់ដីមានព្រៃកោងកាងរលួយ ព្រៃឈើស្មៅ និង ព្រៃឈើ។

ប្រភេទទូលំទូលាយនៃការប្រើប្រាស់ដីធ្លី ត្រូវបានកត់ត្រានៅខេត្ត​កំពត ពោលគឺ ចាប់ពីតំបន់តាំងទីលំនៅរហូតដល់តំបន់ថ្ម។
គម្របឈើ​ដ៏​ធំ​មួយ ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិភ្នំបូកគោ ហើយនៅផ្នែក​ខាងកើតនៃខេត្ត ជាពិសេស នៅស្រុកឈូក ស្រុកអង្គរជ័យ ស្រុកដងទង់ ស្រុកកំពង់ត្រាច
និង ភូមិខ្លះៗនៃស្រុកកំពង់បាយ និង ស្រុកជុំគីរី គឺជា​កន្លែងដែលផលិតស្រូវបានច្រើន។
នៅក្នុងតំបន់ទាំងនេះមានប្រព័ន្ធ​ផ្លូវ​ទឹកជាច្រើន ដែលត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ដំណាំស្រូវ​ក្នុងរដូវដាំដុះ។ ប្រភេទដីសំខាន់ៗផ្សេងទៀតដែលត្រូវបានរកឃើញ​នៅ​ក្នុងខេត្តកំពត គឺជាតំបន់ព្រៃឈើដែលកំពុងបែកខ្ញែក​
ហើយត្រូវបាន​កាប់បំផ្លាញនៅក្នុងតំបន់ ដូចជា ផ្នែកខ្លះៗនៃឧទ្យានជាតិបូកគោ
និង ផ្នែកខ្លះនៃស្រុកជុំគីរី និង ឈូកជាដើម។

ប្រភេទដីប្រើប្រាស់នៅខេត្តកោះកុង គឺព្រៃឈើដែលមានស្លឹក​ច្រើន ​និង មានទំហំច្រើនហិកតាដែលគ្របដណ្ដប់គ្រប់តំបន់
រួមមាន​កូនភ្នំ ឆ្នេរសមុទ្រ កោះ និង តំបន់ខ្ពង់រាបនៅតាមតំបន់ឆ្នេរសមុទ្រ។
ប្រភេទដីប្រើប្រាស់បន្ទាប់បង្អស់ ដែលត្រូវបានគេរកឃើញជាទូទៅ គឺ​ព្រៃ​កោងកាងដែលនៅរាយប៉ាយតំបន់ទាបៗ ក្បែរទីប្រជុំជនបុរីសាគរ
ក៏ដូចជា នៅក្នុងតំបន់ការពារនៃឧទ្យានជាតិបទុមសាគរ និង តំបន់ប្រើ​ប្រាស់ចម្រុះបានច្រើន។

ជារួម ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ឆ្នេរ ដែលលាតសន្ធឹង​ចាប់ពី​ខេត្តកោះកុង ដល់ខេត្តកែប គឺត្រូវបានប្រើប្រាស់សម្រាប់ជីវភាពរស់នៅ​របស់ប្រជាជនក្នុងតំបន់ រួមមាន អេកូឡូស៊ី និង ជីវចម្រុះ ដែលអាច​បម្រើ​មួយផ្នែកដល់ការធ្វើនេសាទបន្ទាប់បន្សំ ដាំដំណាំកសិកម្មរួមផ្សំ នៅតំបន់ទំនាបក្បែរមាត់សមុទ្រ និង ប្រកបរបរចិញ្ចឹមជីវិតផ្សេងៗនៅ​ក្នុងតំបន់ជីវចម្រុះនោះតែម្តងជាដើម។  

(…នៅមានតទៅលេខក្រោយ…)

 

គន្ថនិទ្ទេស

១-        អ៊ុន យ៉េត ភូមិវិទ្យារូបទ្វីបអាស៊ី  ភ្នំពេញ ២០១១

២-        សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ  ភ្នំពេញ ២០១០

៣-       សាន ប៉េងសែ សង្ខេបព្រំដែនកម្ពុជា ប៉ារីស ២០០៤

៤-        ហៃ សុគន្ធា ភូមិវិទ្យាសេដ្ឋកិច្ច ភ្នំពេញ ២០១៣ ឯកសារសាកល​វិទ្យាល័យ

៥-           ហៃ សុគន្ធា ប្រជាជននិងការអភិវឌ្ឍ ភ្នំពេញ ២០១២​ ឯកសារ​សាកលវិទ្យាល័យ

៦-        ក្រសួងអប់រំ យុវជន និង កីឡា សៀវភៅភូមិវិទ្យាថ្នាក់ទី៩ 
ភ្នំពេញ ២០១៧

៧-          ក្រសួងអបរំ យុវជន និង កីឡា សៀវភៅភូមិវិទ្យាថ្នាក់ទី១១  ភ្នំពេញ ២០១៧

៨-        ក្រសួងផែនការ អង្កេតចន្លោះជំរឿនប្រជារាស្រ្តកម្ពុជា ឆ្នាំ២០១៣ ភ្នំពេញ ឆ្នាំ២០១៤

៩-        ក្រសួងផែនការ ជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៣  ភ្នំពេញ ឆ្នាំ២០១៤​

១០-     គោលនយោបាយរបស់ WEPA. «ប្រទេសដែលមានបញ្ហាបរិស្ថានទឹក» ស្វីស ២០១៦​

១១-     របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង

១២-     របាយការណ៍ប្រចាំឆ្នាំ២០១៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

១៣-      របាយការណ៍ប្រចាំឆ្នាំ២០១៧
របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ព្រះសីហនុ

១៤-       UNEP-DHI Center for Water and Environment, ការវិភាគថ្លៃចំណាយ និង ផលចំណេញនៃការកែប្រែទម្លាប់ក្នុងកសិកម្ម សម្រាប់ឆ្លើយតបនឹង​ ការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ, ភ្នំពេញ​ , ២០១២

១៥-     Bill Cater and Vicky O’ Rourke, គោលការណ៍យុទ្ធសាស្ត្រសម្រាប់​វិស័យ​ទេសចរណ៍ ប្រកបដោយនិរន្តរភាពស្តីពីឆ្នេរសមុទ្រកម្ពុជា,
ភ្នំពេញ, ២០១២

១៦-     Ali Raza
Rizvi and Uwe Singer Coastal of Cambodia Analysis, IUCN, Bangkok, 2011

១៧-   http://www.coralcay.org/science-research/scientific-reports

១៨-    https://news.mongabay.com/cambodia-declares-first-ever-marine-protected-area

១៩-    http://www.khmertimeskh.com/news/20284/little-support-for-coastal-master-plan

២០-     «http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline

២១-    http://www.iucn.org/building-coastal-resilience


[1]
វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ
អង្កេតចន្លោះជំរឿនប្រជារាស្រ្តកម្ពុជាឆ្នាំ២០១៣ ទំព័រ១៥

[2] វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ
អង្កេតចន្លោះជំរឿនប្រជារាស្រ្តកម្ពុជាឆ្នាំ២០១៣  ទំព័រ១៨

[3] UNEP-DHI Center for Water
and Environment, «ការវិភាគថ្លៃចំណាយ និង ផលចំណេញនៃការកែប្រែទម្លាប់ក្នុងកសិកម្មសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ  ទំព័រ ៣៦

[4]
វិទ្យាស្ថានជាតិស្ថិតិ
ក្រសួងផែនការ «ជំរឿនកសិកម្មនៅកម្ពុជា២០១៣»  ទំព័រ ៦