ទំព័រដើម » ប្រវត្តិសាស្ត្រ » ដំណើរឆ្ពោះទៅកាន់ឯករាជ្យ និង ការបង្កើត​ចលនាសង្គមរាស្រ្តនិយម

ដំណើរឆ្ពោះទៅកាន់ឯករាជ្យ និង ការបង្កើត​ចលនាសង្គមរាស្រ្តនិយម

ដំណើរឆ្ពោះទៅកាន់ឯករាជ្យ និង ការបង្កើត​ចលនាសង្គមរាស្រ្តនិយម

ដោយ៖ សុង ស៊ីណា (បណ្ឌិតផ្នែកប្រវត្តិវិទ្យា)

មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា​និងវិទ្យាសាស្រ្តនយោបាយ

វិទ្យាស្ថានមនុស្សសាស្រ្ត និង
វិទ្យាសាស្រ្តសង្គម

សេចក្តីផ្តើម

ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានវិវត្តជាបន្តបន្ទាប់ទៅតាមសម័យ​កាល​​នីមួយៗ។ ដោយឡែកចាប់ពីដំណាក់កាលចុងក្រោយនៃសម័យ​អង្គរ​ នា​សតវត្សរ៍​ទី១៥មក ព្រះមហាក្សត្រខ្មែរ ព្រះបាទ
ពញាយ៉ាត បានប្តូររាជធានី​ចេញ​ពី​អង្គរ មកបង្កើតរាជធានីថ្មីនៅទួលបាសាន និង បន្ទាប់មក ព្រះអង្គក៏មកស្ថាបនា​រាជធានី​នៅចតុមុខ។ កម្ពុជានាក្រោយសម័យអង្គរ
បានទទួលរងការវាយលុកពីសំណាក់ ប្រទេសជិតខាង។ សៀមបានបង្កើតរដ្ឋរបស់ខ្លួនជាលើកដំបូង នៅឆ្នាំ១២៣៨។
ចាប់ពីពេលនោះមក សៀមតែងតែពង្វាតទឹកដី និង ឥទ្ធិពលមកលើប្រទេស​កម្ពុជាជាបន្តបន្ទាប់។
ទោះជាមានការវាយទប់ទល់ ពីសំណាក់ប្រទេសកម្ពុជា ក៏ប្រទេសសៀមនៅតែព្យាយាមវាយយកកម្ពុជា ដាក់ជារដ្ឋចំណុះរបស់ខ្លួន។
ពេលនោះ សៀមបានវាយយកទឹកដីកម្ពុជាភាគខាងលិច ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា រយ៉ង់ជាដើម។ បន្ទាប់មក ប្រវត្តិសាស្រ្តនៃប្រទេស​កម្ពុជា​​បានវិវត្តមួយដំណាក់កាលទៀតគឺសម័យឧដុង្គ។

នៅក្នុងសម័យឧដុង្គ
ព្រះមហាក្សត្រកម្ពុជាបានរកមធ្យោបាយ​ដើម្បី​គេច​ចេញពីឥទ្ធិពលសៀម ពេលនោះ ព្រះបាទស្រីសុរិយោពណ៌បានសម្រេច​ព្រះទ័យ​ទៅធ្វើទំនាក់ទំនងជាមួយអណ្ណាម ដោយចូលស្តីដណ្តឹងបុត្រីអណ្ណាមត្រកូល​ង្វៀន ​មកធ្វើជាមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២។ នៅសម័យឧដុង្គ
ប្រទេស​កម្ពុជាបានទទួលរងនូវឥទ្ធិពលយ៉ាងខ្លាំងមួយបន្ថែមទៀត ពីប្រទេសអណ្ណាម។
ព្រះមហាក្សត្រកម្ពុជាមួយចំនួន បានព្យាយាមការពារ និង ទប់ទល់នឹងឥទ្ធិពល​អណ្ណាម ដូចជា ព្រះបាទអង្គចន្ទ និង ជាពិសេសនោះ គឺព្រះបាទអង្គដួង។ ក្នុងរជ្ជកាលព្រះបាទអង្គដួង
ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រង​របស់​ប្រទេសសៀមផង និង អណ្ណាមផង។ ព្រះអង្គបានទៅធ្វើទំនាក់ទំនងជាសម្ងាត់​ជាមួយនឹងមហាអំណាចអឺរ៉ុប ក្នុងគោលបំណងបញ្ចៀសគ្រោះថ្នាក់ដល់​ប្រទេស​​កម្ពុជាពីឥទ្ធិពលសៀម និង អណ្ណាម ម៉្យាងទៀត ដើម្បីឱ្យមហាអំណាចអឺរ៉ុប​នោះ​​មកជួយការពារទឹកដី
និង ពូជសាសន៍ខ្មែរផងដែរ។ នៅឆ្នាំ១៨៥៣ ព្រះបាទ​អង្គដួង បានផ្ញើរាជសារទៅថ្វាយព្រះចៅអធិរាជបារាំង
ដើម្បីចងសម័ន្ធមិត្រ។ ប៉ុន្តែ ដោយសៀមដឹងអំពីការធ្វើទំនាក់ទំនងសម្ងាត់នេះ
ហើយព្រះបាទអង្គដួង​ក៏មានព្រះជន្មចាស់ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៨៦០
ដូច្នេះ ទំនាក់ទំនង​ជាលើកដំបូងរវាងកម្ពុជា និង បារាំងត្រូវបានកាត់ផ្តាច់ទៅវិញ។

ទោះបីជាយ៉ាងនេះក្តី នៅចុងបញ្ចប់ទំនាក់ទំនងរវាងកម្ពុជា និង បារាំង​ត្រូវបានធ្វើឡើងតាមសន្ធិសញ្ញាបារាំង-កម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយលោក ដឺ ឡាហ្រ្គង់ឌីយ៉ែរ (de la Grandière) តំណាងភាគីប្រទេសបារាំង និង ព្រះមហាក្សត្រកម្ពុជា ​គឺព្រះបាទ​នរោត្តម (Norodom) ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទអង្គដួង។ ដូច្នេះ ចាប់ពីឆ្នាំ១៨៦៣មក​ បារាំងបានដាក់អាណាព្យាបាលជាផ្លូវការមក​លើប្រទេស​កម្ពុជារហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។

I-ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ

ប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសនៅក្នុងពិភពលោកដែរ
ជាពិសេស ប្រទេសនៅឥណ្ឌូចិន គឺបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ប្រទេសបារាំង។
ប្រទេស​កម្ពុជាបានស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំង​ តាមរយៈសន្ធិសញ្ញា​បារាំង​-កម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។ នៅក្រោយសង្គ្រាមលោកលើកទី២
អំណាចនៃរបបអាណានិគមត្រូវបានរង្គោះរង្គើរ។ នៅពេលនោះ ប្រទេសដែល​ស្ថិតនៅក្រោមរបបអាណានិគមបានបង្កើតជាចលនាតស៊ូ ដើម្បីទាមទារ​ឯករាជ្យ​ជូនជាតិមាតុភូមិរៀងៗខ្លួន។

នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់
ជប៉ុន និង អ៊ីតាលីមានប្រៀបទៅលើគូសត្រូវរបស់ខ្លួននៅក្នុងសមរភូមិ។ ចំណែកប្រទេស​ជប៉ុនដែលមានបំណងវាយត្រួតត្រាតំបន់អាស៊ីនោះ
នៅខែកញ្ញា ឆ្នាំ១៩៤០ កង​ទ័ពជប៉ុនបានចូលមកដល់ភាគខាងជើងឥណ្ឌូចិន ហើយបានចូលមកដល់​ប្រទេសកម្ពុជានៅក្នុងខែឧសភា
ឆ្នាំ១៩៤១។ បីខែក្រោយមកគឺនៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ១៩៤១
ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​ដាឡង់​កាតូ
(l’accord Darlan-Kato) ជាមួយរដ្ឋាភិបាលវីស៊ី
(Vichy)របស់បារាំង។
តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសបារាំងត្រូវអនុញ្ញាតឱ្យកងទ័ពជប៉ុន​ឈរ​ជើង​នៅប្រទេសកម្ពុជា ក៏ដូចជាក្នុងទឹកដីឥណ្ឌូចិនទាំងមូល។ ស្របពេលជាមួយ​គ្នា​នោះ ចលនាជាតិនិយមខ្មែរក៏មានការវិវត្ដផងដែរ
ដោយចលនានេះផ្ដើមចេញពី ក្រុមយុវជន និង ព្រះសង្ឃមួយផ្នែកធំ។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២
មហា​បាតុកម្មព្រះសង្ឃ យុវជន និង អ្នកដែលរស់នៅទីក្រុងបានផ្ទុះឡើង។
ការធ្វើ​មហាបាតុកម្មជាប្រវត្ដិសាស្ដ្រនេះ ត្រូវបានគេកត់សម្គាល់ឃើញថា
ជានិន្នាការ​ឆ្ពោះទៅរកឯករាជ្យ។ នៅពេលនោះអាចារ្យ ហែម ចៀវ និង លោក ប៉ាច ឈឺន
ត្រូវបានអាជ្ញាធរបារាំងចាប់ឃាត់ខ្លួន។ នៅយប់ថ្ងៃទី០៩-១០ ខែមីនា
ឆ្នាំ ១៩៤៥ កងទ័ពជប៉ុនបានធ្វើពលប្រហារ ប្រឆាំងនឹងអាជ្ញាធរបារាំង ពេលនោះកងទ័ព​ជប៉ុនបានចាប់ពួករដ្ឋការ
និង ទាហានបារាំងយកទៅឃុំឃាំង ហើយព្រះមហា-​ក្សត្រ​កម្ពុជា
សម្តេច ព្រះនរោត្តម សីហនុ បានប្រកាសឯករាជ្យនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៥ និង បានប្រកាសលុបចោលសន្ធិសញ្ញា
បារាំង-ខ្មែរ ពីមុនៗ​មកទាំងអស់[1]

ព្រឹត្ដិការណ៍នេះត្រូវបានគេកត់សម្គាល់ឃើញថា
ជាការខិតខំប្រឹងប្រែង​ជាលើកដំបូង ក្នុងការទាមទារឯករាជ្យជូនជាតិរបស់ព្រះមហាក្សត្រខ្មែរ
ហើយ​សម្រាប់ប្រទេសជប៉ុនក៏មិនបានទទួលស្គាល់ឯករាជ្យកម្ពុជានេះ តាមផ្លូវច្បាប់​ដែរ[2]។ ក្រោយពីការប្រកាសនេះទៅ
ព្រះមហាក្សត្រកម្ពុជាសម្ដេច ព្រះ នរោត្ដម សីហនុ បានសូមរាជរដ្ឋាភិបាលជប៉ុន ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យ​នៃព្រះ-​រាជាណាចក្រកម្ពុជា។
ប៉ុន្ដែ ជប៉ុនពុំព្រមទទួលស្គាល់នូវឯករាជ្យភាព និង អធិប-តេយ្យ​ភាពរបស់កម្ពុជាទេ។ បន្ទាប់ពីប្រទេសជប៉ុនបានចាញ់សង្គ្រាមលោក​លើក​​ទី២ សភាពការណ៍នយោបាយនៅឥណ្ឌូចិនមានការប្រែប្រួល ជាក់ស្ដែងនៅថ្ងៃ​ទី០៩
ខែតុលា ឆ្នាំ១៩៤៥ កងទ័ពឆ័ត្រយោងរបស់បារាំង បានចូលមកដល់​ទីក្រុង​ភ្នំពេញតាមផ្លូវអាកាស។
នៅពេលវិលត្រឡប់មកកម្ពុជាវិញ បារាំងបាន​ប្រកាសថា សន្ធិសញ្ញា
ឆ្នាំ១៨៦៣ និង អនុសញ្ញាឆ្នាំ១៨៨៤ត្រូវអនុវត្ដន៍​ដូច​មុន។
នៅពេលនោះ ព្រះមហាក្សត្រកម្ពុជាបានអះអាងថា ប្រជារាស្ដ្រខ្មែរមិន​ព្រម​ទទួលស្គាល់សន្ធិសញ្ញាឆ្នាំ១៨៦៣
និង អនុសញ្ញាឆ្នាំ១៨៨៤នោះវិញជា​ដាច់​ខាត។ ការអះអាងនេះ គឺកម្ពុជាយល់ឃើញថា របបអាណាព្យាបាលបារាំង​បានត្រូវបញ្ចប់ទៅហើយ
ពីព្រោះ នៅខែមីនា ឆ្នាំ១៩៤៥ កងទ័ពជប៉ុនបាន​ចូល​មកកាន់កាប់ប្រទេសកម្ពុជាជំនួសប្រទេសបារាំង
ហេតុនេះ បារាំងពុំបានការពារ​ឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបានសន្យានៅក្នុងសន្ធិសញ្ញា​បារាំង-កម្ពុជា
ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ នោះឡើយ[3]

នៅឆ្នាំ១៩៤៦ សាធារណរដ្ឋបារាំងបានយល់ព្រមទទួលយកកិច្ច​ព្រម​ព្រៀង​បណ្ដោះអាសន្ន
(Modus Vivendi) ដែល សម្ដេច
ស៊ីសុវត្ថិ មុនីរ៉េត​ជា​នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ​បានចុះហត្ថលេខា
ជាមួយនឹងតំណាងរបស់រដ្ឋាភិបាលបារាំង។ កិច្ចព្រមព្រៀង​បណ្ដោះអាសន្ននាឆ្នាំ១៩៤៦ បារាំង និង ខ្មែរ​មានអំណាចស្មើគ្នាក្នុងការ​គ្រប់គ្រង​ប្រទេសកម្ពុជា គឺមិនស្ថិតក្រោមអំណាចអាណាព្យាបាលបារាំងទៀតទេ[4]។ ទោះ​ជាមានកិច្ចព្រមព្រៀងបណ្ដោះអាសន្ន  នាឆ្នាំ១៩៤៦ក្ដី ការធ្វើសកម្មភាពដើម្បី​ទាមទារឯករាជ្យដោយសន្ដិវិធីនៅតែបន្ដ។
ដោយមើលឃើញនូវវិសមភាព​នៃ​កម្លាំងសេដ្ឋកិច្ច ក៏ដូចជាកម្លាំងយោធារវាងប្រទេសបារាំង និង កម្ពុជា
ហើយ​ដើម្បីចៀសវាងនូវការបង្ហូរឈាមផងនោះ ព្រះមហាក្សត្រខ្មែរ
សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះអង្គបានជ្រើសរើសរកដំណោះស្រាយ តាមរយៈកិច្ចព្រមព្រៀង​សម្របសម្រួលជាមួយនឹងរបបអាណាព្យាបាលបារាំង។ 

រយៈពេលបីឆ្នាំក្រោយមកគឺនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ដែលមាន​សម្ដេច ស៊ីសុវត្ថិ មុនីពង្ស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ​ បាន​ចុះ​ហត្ថលេខាជាមួយនឹងតំណាងរបស់រដ្ឋាភិបាលបារាំង នៅទីក្រុងប៉ារីស។ បារាំង​បានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ប្រទេសកម្ពុជា។ ឯករាជ្យនេះ គឺ​មានតែនៅក្នុងច្បាប់ប៉ុណ្ណោះ ប៉ុន្ដែក្នុងការអនុវត្ដជាក់ស្ដែងនោះ ប្រទេសបារាំង​នៅបន្ដកាន់កាប់ក្រសួងសំខាន់ៗរបស់កម្ពុជាដដែល ដូចជា វិស័យតុលាការ នគរបាល យោធា កិច្ចការ បរទេស សេដ្ឋកិច្ចជាដើម។ ហេតុដូច្នេះហើយទើប​សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គទ្រង់បានសន្យានៅក្នុងព្រះរាជសាសន៍​របស់​ព្រះអង្គ ទៅកាន់ជនរួមជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ថា ព្រះអង្គនឹង​ទាមទារឯករាជ្យបរិបូរណ៍ឱ្យបាន ក្នុងរយៈពេលបីឆ្នាំយ៉ាងយូរ។

ក្រៅពីការតស៊ូនៅក្នុងប្រទេស សម្ដេចព្រះនរោត្ដម
សីហនុ បានយាង​ចេញទៅធ្វើការតស៊ូទាមទារឯករាជ្យតាមផ្លូវការទូត គឺនៅលើឆាកអន្ដរជាតិ​ក្នុង​ទិសដៅដើម្បីឱ្យពិភពលោកបានដឹង
នូវគោលបំណងពិតប្រាកដរបស់ប្រជាជន​កម្ពុជា។ ជាដំបូង ព្រះអង្គបានយាងចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេស​បារាំងនៅថ្ងៃទី០៩
ខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើព្រះសារ​លិខិតមួយច្បាប់ចុះថ្ងៃទី០៥
ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងឡាណាពូល (La Napoule) ជូនទៅលោកប្រធានាធិបតីបារាំងវាំងសង់ អូរីយ៉ូល (Vincent Auriol)។ នៅក្នុងព្រះសារលិខិតនោះ គឺភាគីកម្ពុជាបានទាមទារឱ្យបារាំងប្រគល់ឯករាជ្យ​ឱ្យ​បានទូលំទូលាយថែមទៀត។
នៅក្នុងសារលិខិតនោះដែរ ក៏បានភ្ជាប់ទៅ​ជាមួយ​នូវ​សេចក្ដីរាយការណ៍មួយច្បាប់
ដែលបញ្ជាក់ជូនពីសម្អាងផ្សេងៗដែល​នាំឱ្យមានការទាមទារឯករាជ្យ និង ជូននូវគ្រោងការនៃពិធីផ្ទេរអំណាច​នានាមក​ឱ្យកម្ពុជា។

ក្រោយមកទៀត សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានផ្ញើព្រះសារ​លិខិតចំនួនពីរច្បាប់ទៀត គឺមួយច្បាប់ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ និង មួយ​ច្បាប់ទៀតចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ជូនទៅលោកប្រធានាធិបតី​បារាំង​វាំងសង់ អូរីយ៉ូល។ នៅក្នុងខ្លឹមសារនៃព្រះសារលិខិតនោះ ព្រះអង្គបានសុំ​ឱ្យ​ភាគីបារាំង សម្រេចអំពីការប្រគល់ឯករាជ្យដល់កម្ពុជាឱ្យបានឆាប់រហ័ស។ ដោយ​ការតស៊ូតាមរយៈការទូត នៅប្រទេសបារាំងមិនទទួលបានលទ្ធផល​ជាវិជ្ជមាន​នោះ សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសម្រេចយាងចាកចេញពី​ប្រទេសបារាំង ឆ្ពោះទៅកាន់ប្រទេសកាណាដា និង សហរដ្ឋ អាម៉េរិកនៅថ្ងៃ​ទី១១ ខែមេសា ឆ្នាំ១៩៥៣។ អ្នកដែលបានអមព្រះរាជដំណើរយាង​ទៅកាន់​សហរដ្ឋអាម៉េរិក និង ប្រទេសកាណាដា របស់សម្ដេចព្រះនរោត្ដម សីហនុ រួមមាន ៖

១-ឯកឧត្ដម
ឡេង ង៉ែត ទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ

២-ឯកឧត្ដម ទី គឹមសួរ អគ្គលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី។

មូលហេតុដែលនាំឱ្យព្រះអង្គយាងទៅកាន់ទីក្រុង
ម៉ុងរ៉េអាល់ (Monréal) ប្រទេសកាណាដា
ព្រោះប្រទេសកាណាដាស្ថិតនៅជាប់នឹងសហរដ្ឋអាម៉េរិក​ហើយប្រជាជនក្រុងកេបិច
(Québec) មានគំនិតប្រហាក់ប្រហែល​នឹងជនជាតិ​បារាំង
ហេតុនេះ គេមិនអាចព្រងើយកន្ដើយមិនយកចិត្ដទុកដាក់ពីការគម្រាម​កំហែងរបស់កុម្មុយនីស្ដនៅឥណ្ឌូចិននោះឡើយ[5]។ នៅសហរដ្ឋអាម៉េរិក​ ព្រះរាជ​សាសន៍ដែលបានចុះផ្សាយក្នុងកាសែតញូវយ៉កថែម
(New York Times) ថ្ងៃទី​១៩ ខែមេសា
ឆ្នាំ១៩៥៣ បាន ធ្វើឱ្យសាធារណមតិអាម៉េរិក និង សកលលោក​មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
សម្ដេចព្រះ នរោត្ដម សីហនុ បានមានព្រះ​បន្ទូល​ថា បើប្រទេសបារាំងមិនព្រមប្រគល់ឯករាជ្យមកឱ្យកម្ពុជា
គ្រោះថ្នាក់​មួយ​ដ៏ពិតប្រាកដ ដោយប្រជារាស្ដ្រកម្ពុជាក្រោកឈរប្រឆាំងនឹងរបបព្រះអង្គ
ហើយ​ពួកគេនឹង ទៅចុះចូលជាមួយនឹងចលនាវៀតមិញ ដឹកនាំដោយពួកកុម្មុយ​នីស្ដ[6]។ កត្ដាទាំងនេះ
ជាហេតុនាំឱ្យរដ្ឋាភិបាលបារាំងបង្ខំចិត្ដយល់ព្រមចរចា​ជាមួយនឹងភាគីកម្ពុជា។
មុននឹងវិលត្រឡប់ពីសហរដ្ឋអាម៉េរិក ឆ្ពោះមកប្រទេស​កម្ពុជា
សម្ដេចព្រះនរោត្ដម សីហនុ បានយាងទៅកាន់ប្រទេសជប៉ុន។ នៅទីនោះ ព្រះអង្គមិនបានធ្វើសកម្មភាពអ្វីជាធំដុំឡើយ។
ដើម្បីព្រះអង្គបានជួបប្រាស្រ័យ​ជាមួយនឹងសហការីរបស់ព្រះអង្គ សម្ដេចព្រះនរោត្ដម សីហនុ បានយាង​ចាក​ចេញ​ពីប្រទេសជប៉ុន
មកកាន់ក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។

បន្ទាប់មកទៀត ព្រះអង្គបានយាងទៅកាន់ប្រទេសថៃ
នៅថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ១៩៥៣។ នៅទីក្រុងបាងកក ស្ដេចភូមិបុលមិនបានមកទទួលព្រះអង្គ​ឡើយ។
រដ្ឋមន្ដ្រីការបរទេសថៃបានធ្វើឱ្យព្រះអង្គដឹងថា ប្រទេសថៃមិនផ្ដល់នូវ​សមានចិត្ដចំពោះព្រះអង្គឡើយ ព្រោះសំខាន់បំផុតគេមិនចង់ឱ្យមានការលំបាក​ក្នុងផ្នែកនយោបាយ និង ការទូតជាមួយនឹងប្រទេសបារាំង។ រដ្ឋាភិបាលថៃបាន
ប្រកាន់ឥរិយាបថហាមឃាត់សម្ដេចព្រះនរោត្ដម សីហនុ មិនឱ្យធ្វើនយោបាយ ហើយគេមិន អនុញ្ញាតឱ្យព្រះអង្គស្នាក់នៅគេហដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅក្រុងបាងកកទៀតផង
ដោយគេបានយកលេសថា ព្រះអង្គគ្រាន់តែជា​ជន​និរទេសម្នាក់ប៉ុណ្ណោះ[7]។ នៅក្នុងឱកាសស្ដេចយាងទៅប្រទេសថៃនោះ ​សម្ដេច​ព្រះនរោត្ដម សីហនុ ត្រូវបានអមដំណើរដោយមន្ដ្រីជាន់ខ្ពស់កម្ពុជារួមមាន

            ១-ឯកឧត្ដម ប៊ួរ ហ៊ង

            ២-អ្នកអង្គម្ចាស់ នរោត្ដម
វីរីយ៉ា

            ៣-អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ

            ៤-លោក ម៉ក់ ច័ន្ទសារី

            ៥-លោក មាស
ហ៊ុល

            ៦-លោក ហល
ឃុន

            ៧-លោក ផាន់
មឿង

            ៨-លោក អ៊ុក
ម៉ូត

            ៩-លោក ថាច់
ធួន

            ១០-លោក ធា
ទ្រី។

 ក្រោយពីទទួលបានការយកចិត្ដទុកដាក់ពីបណ្ដារដ្ឋនានាមក សម្ដេច​ព្រះនរោត្ដម
សីហនុ បានយាងត្រឡប់មកកាន់កម្ពុជាវិញ ប៉ុន្ដែ ព្រះអង្គបានទៅ​តាំង​បញ្ជាការនៅក្នុងតំបន់ស្វយ័ត ដែលមាន ខេត្ដសៀមរាប បាត់ដំបង កំពង់ធំ។ គួររម្លឹកផងដែរថា
ប្រទេសកម្ពុជាបានទទួលស្វ័យភាពផ្នែកសឹក នៅក្នុងខេត្ដ​សៀមរាប
និង កំពង់ធំ ឆ្នាំ១៩៤៩ ហើយខេត្ដបាត់ដំបងបានទទួលស្វ័យភាព​ផ្នែកសឹក
នៅឆ្នាំ១៩៥២ នេះជាមធ្យោបាយមួយទៀត សម្រាប់ជាយុទ្ធសាស្ដ្រ​ក្នុង​ការទាមទារឯករាជ្យរបស់កម្ពុជា។
ចាប់ពីឆ្នាំ១៩៥៣ មកប្រទេសបារាំងបាន​ចាប់ផ្ដើមប្រគល់នូវស្ថាប័នរដ្ឋសំខាន់ៗមកឱ្យកម្ពុជា ដែលមានលំដាប់លំដោយ​ដូច​ខាងក្រោម

            -បារាំងបានចុះហត្ថលេខានៅថ្ងៃទី២៩
ខែសីហា ឆ្នាំ១៩៥៣ ស្ដីពីការផ្ទេរ​អំណាចតុលាការ និង ប៉ូលីសមកឱ្យកម្ពុជា។

            -ចំពោះអធិបតេយ្យភាពការទូត
ក៏ទទួលបានពេញលក្ខណៈផងដែរ​តាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាលកម្ពុជា
​ចុះថ្ងៃទី​១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ជូនតាមរយៈលោកឧត្ដមស្នងការនៃ​សាធារណរដ្ឋបារាំង
លេខ៣៩៣ R ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ១៩៥៣[8]

            -ចុងក្រោយបង្អស់
បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការ​ប្រគល់អំណាចយោធាក្នុងប្រទេសកម្ពុជាទាំងមូល
មកឱ្យកម្ពុជាវិញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣[9]។ ដោយទទួលបាននូវជ័យជម្នះទាំងស្រុងនេះហើយ​ ទើប​សម្ដេចព្រះនរោត្ដម
សីហនុ ព្រះអង្គបានយាងចេញពីតំបន់ស្វយ័ត ​ឆ្ពោះមក​កាន់​ទីក្រុងភ្នំពេញវិញ
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ មានមូលហេតុ​បី​យ៉ាងដែលនាំឱ្យព្រះអង្គយាងមកកាន់ទីក្រុងភ្នំពេញគឺ

ទី១-សិទ្ធិដែលប្រទេសបារាំងយល់ព្រមផ្ទេរមកឱ្យកម្ពុជា
​មានវិស័យ​តុលាការ ប៉ូលីស និង យោធាឃើញថាមានលក្ខណៈសមស្រប។

ទី២-វិស័យយោធាត្រូវទទួលបន្ទុកដោយប្រទេសកម្ពុជា
គឺសម្ដេច ​ព្រះ​នរោត្ដម សីហនុ ជាអគ្គមេបញ្ជាការនៃកងទ័ពជាតិ។ បញ្ជាការសេនាធិការ
និង កងទ័ពទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជា។

ទី៣-សិទ្ធិផ្នែកតុលាការ ប៉ូលីស និង យោធាត្រូវបានបារាំងប្រគល់​មកឱ្យ​កម្ពុជាជាអ្នកគ្រប់គ្រង ប៉ុន្ដែ កម្ពុជាមិនទាន់មានការគ្រប់គ្រងពេញ​លក្ខណៈ ទៅ​លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ការទូត។  បញ្ហានេះ ភាគីកម្ពុជានឹងខិតខំ​ដោះ​ស្រាយជាមួយនឹងភាគីបារាំង ដើម្បីធ្វើយ៉ាងណាឱ្យបារាំងប្រគល់ ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ការទូតមកឱ្យកម្ពុជាទាំងស្រុង[10]

ដើម្បីថ្វាយនូវព្រះកិត្ដិយសចំពោះសម្ដេចព្រះនរោត្ដម
សីហនុ គណៈ​កម្មការតុលាការ និង រដ្ឋធម្មនុញ្ញនៃក្រុមប្រឹក្សាជាតិ បានបើកការប្រជុំពិភាក្សា​នៅថ្ងៃទី០៩
ខែឧសភា ឆ្នាំ១៩៥៣ ហើយបានសម្រេចប្រកាសថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ទ្រង់មានគុណូបការ
:យ៉ាងខ្ពស់លើមាតុភូមិ ចំពោះ បញ្ហានេះ
ប្រធានគណៈកម្មការបានអធិប្បាយពន្យល់អំពីស្ថានការណ៍ប្រទេស​ជាតិ
ហើយបានមូលមតិគ្នាថា ៖

            -ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ទ្រង់បានបំពេញព្រះរាជបេសកកម្ម​ដើម្បីបំបាត់អសន្ដិសុខ

            -ទ្រង់បានឧបត្ថម្ភចំពោះព្រះពុទ្ធសាសនាយ៉ាងពេលលេញ

            -ទ្រង់បានធ្វើព្រះរាជដំណើរទៅបរទេស ដើម្បីទាមទារឯករាជ្យពី​ប្រទេស​បារាំង[11]

នៅមុខព្រះបរមរាជវាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មានប្រារឰពិធី​នៃ​ការផ្ទេរអំណាចទាំងស្រុងរបស់ប្រទេសបារាំង មកឱ្យប្រទេសកម្ពុជា។ នៅ​ពេលនោះ លោកឧត្ដមសេនីយ៍របស់បារាំង ដឺឡង់ក្លាដ (de Langlade) បាន​ថ្វាយនូវបញ្ជាការរបស់លោក ចំពោះសម្ដេចព្រះនរោត្ដម សីហនុ[12]។ អំពីមូល​ហេតុធំៗ ដែលប្រទេសបារាំងយល់ព្រមប្រគល់ឯករាជ្យទាំងស្រុងមកឱ្យកម្ពុជា​មានដូចតទៅ ៖

-មានកងជីវពលនារីក្លាហានចំនួនជាងមួយលាននាក់ ដែលជាចលនា​របស់ប្រជាពលរដ្ឋខ្មែរស្នេហាជាតិ

-មានកងយោធពលខេមរភូមិន្ទក្នុងរាជធានីភ្នំពេញ និង នៅខេត្ដណា​ដែលបារាំងកាន់កាប់ ទាហានគ្រប់ជាន់ថ្នាក់បានរត់ចោលមេទាហានបារាំង សូម​មកបម្រើការពារព្រះមហាក្សត្រនៅក្នុងខេត្ដឯករាជ្យ មានបាត់ដំបង សៀមរាប និង កំពង់ធំ ហើយពួកគេបានប្រុងជាស្រេចថា បើបារាំងមិនព្រមប្រគល់​ឯករាជ្យ​មកឱ្យប្រទេសកម្ពុជាមួយរយភាគរយទេនោះ គេសុខចិត្ដច្បាំងតស៊ូ​បូជា​ជីវិត ដើម្បីឯករាជ្យបរិបូរណ៍ជូនមាតុភូមិ ទាហានទាំងនោះសុទ្ធតែមានអាវុធ និង គ្រាប់រំសេវគ្រប់គ្រាន់

-បារាំងជួបនូវការលំបាកដ៏ធ្ងន់ធ្ងរបំផុតនៅប្រទេសវៀតណាម ការវាយ​ប្រហារពីសំណាក់កងទ័ពប្រជាជនវៀតណាម បានធ្វើឱ្យបារាំងខូចខាត និង បាត់បង់អាយុជីវិតកាន់តែច្រើនឡើងៗ

-បារាំងនៅពេលនោះ គេបានទទួលសារភាពថា ពុំអាចយកកម្ពុជាធ្វើជា​សត្រូវបន្ថែមពីលើវៀតណាមខាងជើងទៀតបានទេ

-ការដកកងទ័ពបារាំងចេញពីប្រទេសកម្ពុជា
ផ្ដល់លទ្ធភាពដល់បារាំង​ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនទៅបន្ថែម នៅសមរភូមិឌៀនបៀនហ៊្វូ
(Dien Bien Phu)[13]

មានមតិមួយចំនួនបានអះអាងថា សន្និសីទទីក្រុងហ្សឺណែវ នាឆ្នាំ១៩៥៤ ទើបផ្ដល់ឯករាជ្យបរិបូរណ៍ឱ្យកម្ពុជា។ បញ្ហានេះ សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានបញ្ជាក់នៅក្នុងព្រះរាជសារជូនជនរួមជាតិជ្រាប អំពីរាជសកម្មភាព​ដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជា ទសវត្សរ៍១៩៤០-១៩៥០ ចុះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៣ថា សន្និសីទនាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤បានផ្ដល់ឯករាជ្យឱ្យ​ប្រទេសឡាវ វៀតណាមខាងត្បូងមែន។ ភស្ដុតាងដែលបញ្ជាក់ច្បាស់លាស់ថា ព្រះរាជាណាចក្រកម្ពុជាទទួល បានឯករាជ្យបរិបូរណ៍មុនសន្និសីទទីក្រុងហ្សឺ​ណែវ ​ឆ្នាំ១៩៥៤ ត្រង់ថា ៖

-ឯកឧត្ដម ញឹក ជូឡុង មិនមែនឧត្ដមសេនីយ៍បារាំងឈ្មោះ Deltheil នោះ​ទេ ដែលចុះហត្ថលេខាលើសន្ធិសញ្ញាយុទ្ធសន្ដិភាព និង សន្ដិភាព​ជាមួយ​សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលមានលោក Ta Quang Buu តំណាង​នៅហ្សឺណែវ។ រីឯប្រទេសឡាវ និង វៀតណាមខាងត្បូងវិញ គ្មានសិទ្ធិ​ចុះហត្ថលេខាលើសន្ធិសញ្ញាយុទ្ធសន្ដិភាព និង សន្ដិភាពជាមួយនឹង​សាធារ​-ណរដ្ឋ ប្រជាធិបតេយ្យវៀតណាមទេ។ បារាំងនៅគ្រប់គ្រងឡាវវៀងច័ន្ទ-ហ្លួង​ព្រះ​បាង និង វៀតណាមខាងត្បូងនៅឡើយ នៅពេលប្រជុំសន្និសីទទីក្រុង​ហ្សឺ​ណែវ ឆ្នាំ១៩៥៤។ ដូច្នេះ លោកឧត្ដមសេនីយ៍បារាំង Deltheil ចុះសន្ធិសញ្ញា​យុទ្ធសន្ដិភាព និង សន្ដិភាពក្នុងនាមប្រទេសឡាវ និង វៀតណាមខាងត្បូង ជាមួយនឹងលោក Ta Quang Buu។

-ប្រទេសឡាវ និង ប្រទេសវៀតណាមត្រូវសន្និសីទក្រុងហ្សឺណែវ​ ឆ្នាំ​១៩៥៤ បែងចែកជាពីរ ដោយមួយភាគបានទៅឡាវ និង វៀតណាមកុម្មុយនីស្ដ និង មួយភាគទៀតបានទៅឡាវ និង វៀតណាមមិនមែនកុម្មុយនីស្ដ។ ​ចំណែក​ប្រទេសឡាវ ចាប់តាំងពីសង្គ្រាមឥណ្ឌូចិនលើកទី១ ឆ្នាំ១៩៤១ កងទ័ពវៀតមិញ​បានកាន់កាប់ខេត្ដឡាវ នៅជាប់ព្រំដែន ឡាវ-វៀតណាម ដូចជា ខេត្ដហ្វុងសាលី (Phong Saly) សាមនឿ ខាំម៉ុន (Cam Mon) និង សុវណ្ណខេត្ដ។ នៅប្រទេសឡាវ​មានក្រុមកុម្មុយនីស្ដមួយក្រុម មានឈ្មោះថា ប៉ាថេតឡាវ ដឹកនាំដោយព្រះអង្គ​ម្ចាស់ សុផានវង្ស ដែលត្រូវជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ សុវណ្ណភូមា[14]។ ចលនាតស៊ូកុម្មុយនីស្ដឡាវ មានមូលដ្ឋានរឹងមាំ និង បានកាន់កាប់ខេត្ដមួយ​ចំនួន​នៅជាប់ព្រំដែន ឡាវ-វៀតណាម កត្ដានេះជាការរួមចំណែកមួយ ​ដែលនាំ​ទៅរកការបែងចែកប្រទេសឡាវជាពីរ របស់សន្និសីទទីក្រុងហ្សឺណែវ​ នាឆ្នាំ​១៩៥៤។

ការទទួលបានជោគជ័យនៅថ្ងៃទី០៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣ គឺដោយសារ​មានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរ។ បន្ទាប់ពីបញ្ចប់ព្រះរាជ​បូជនីយ​កិច្ចទាមទារឯករាជ្យ
ហើយ សម្ដេចព្រះ នរោត្ដម សីហនុ បានប្រកាសឱ្យ​ប្រជា​ពលរដ្ឋបានដឹងថា
ព្រះអង្គនឹងព្រះរាជានុញ្ញាតឱ្យមានការបោះឆ្នោតជ្រើស​រើស​សភាទាំងពីរជាថ្មីឡើងវិញ។
នៅពេលនោះ មានតំណាងប្រជាពលរដ្ឋចំនួន​ជិត​ពីរម៉ឺននាក់ ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីថ្វាយដំណឹងចំពោះ​ព្រះ-​មហា​ក្សត្រ
អំពីគ្រោះថ្នាក់ ដែលគណបក្សនយោបាយនានា​បានអនុវត្ដន៍​កន្លង​ទៅ។ គណបក្សនយោបាយនៅកម្ពុជានាពេលនោះ
កាន់តែមានចំនួនច្រើន​ឡើងៗ ក្រោយពេលឈ្នះឆ្នោត គណបក្សទាំងនោះមិនបានប្រតិបត្ដិនូវអ្វីដែល
ខ្លួនបានសន្យា និង នាំឱ្យកាន់តែឃ្លាតឆ្ងាយអំពីគោលបំណងរបស់ប្រជារាស្ដ្រ​ដែលប្រាថ្នាចង់បានឯករាជ្យ
និង សន្ដិភាព។

សរុបមកឃើញថា ប្រទេសកម្ពុជាបានបាត់បង់នូវអធិបតេយ្យភាពរបស់​ខ្លួន ដោយស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំង តាំងពីឆ្នាំ១៨៦៣។ ជា​ពិសេសនោះ កម្ពុជាបានបាត់បង់នូវវិស័យការ បរទេសរបស់ខ្លួននៅក្នុងឆាក​អន្ដរជាតិ។ កម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជារបត់​ប្រវត្ដិសាស្ដ្រថ្មីមួយយ៉ាងសំខាន់ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសនោះ គឺ​កម្ពុជា​ដណ្ដើមបានមកវិញនូវវិស័យការទូត ដែលជាមធ្យោបាយមួយដ៏មានសារ​សំខាន់ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពឈានទៅធ្វើទំនាក់ទំនងការទូតជាមួយនឹង​ប្រទេសនានាក្នុងសកលលោក និង ធ្វើឱ្យកម្ពុជាមានតួនាទីរបស់ខ្លួន នៅក្នុង​ឆាក​អន្ដរជាតិ។ ការទទួលបានឯករាជ្យបរិបូរណ៍នេះ បានផ្ដល់មកឱ្យខ្មែរនូវ​កិត្ដិយស និង សេចក្ដីថ្លៃថ្នូរជាប្រជាជាតិឯករាជ្យមួយ ស្របទៅតាមច្បាប់​អន្ដរជាតិ។

II-ការដាក់រាជ្យរបស់សម្ដេចព្រះនរោត្ដម សីហនុ

នៅខែវិច្ឆិកា ឆ្នាំ១៩៥២ បាតុកម្ម និង កូដកម្មនានា ដែលធ្វើឡើងដោយ​សិស្សានុសិស្ស បានកើតឡើងនៅតាមខេត្ដ និង ទីក្រុងនានានៃប្រទេសកម្ពុជា។ ដោយយោងទៅតាមស្ថានភាពនយោបាយកាន់តែតឹងតែងឡើងនោះ សម្ដេច ព្រះនរោត្ដម សីហនុ បានចេញព្រះរាជក្រមលេខ៧៦០ ន.ស. ចុះ ថ្ងៃទី១៣ ខែ​មករា ឆ្នាំ១៩៥៣ ដើម្បីដាក់ប្រទេសកម្ពុជានៅក្នុងភយន្ដរាយ។ នៅក្នុងខ្លឹមសារ​នៃព្រះរាជក្រមនោះ រដ្ឋាភិបាលមានសិទ្ធិចាត់វិធានការដូចខាងក្រោម ៖

-ចូលឆែកឆេរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា

-បង្គាប់ឱ្យប្រគល់គ្រឿងអាវុធឱ្យរាជការ
និង ស៊ើបរកគ្រឿងអាវុធដែល​ដកហូតយកបាននោះ

-ចាប់ខ្លួន
និង ឃុំឃាំងជនណាដែលធ្វើសកម្មភាពបណ្ដាលឱ្យខូចនូវ​របៀបរៀបរយសាធារណៈ

-មិនអនុញ្ញាតឱ្យជនសង្ស័យនៅកន្លែងដែលមិនអាចការពារបាន

-មិនឱ្យបោះពុម្ពផ្សាយ
ការបង្កើតសមាគម និង ការប្រជុំគ្នា កាលណា​រាជការយល់ឃើញថាជាហេតុបណ្ដាលឱ្យមានភាពចលាចល
និង មិនអនុញ្ញាត​ឱ្យមានការប្រជុំគ្នាលើសពីប្រាំនាក់ឡើងទៅ

-ត្រួតពិនិត្យមើលសំបុត្រដែលផ្ញើទៅមក ដែលរាជការយល់ថា ជា​មធ្យោបាយផ្សាយដំណឹងដោយលួចលាក់។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៣នោះដែរ
ទ្រង់បានចេញព្រះរាជក្រឹត្យ​លេខ១៥
ន.ស. ដើម្បីរំលាយរដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជអាណាចក្រ​ផងដែរ[15]។ ការរំលាយរដ្ឋសភានាពេលនោះគឺ
មានមូលហេតុមួយចំនួនដូចខាង​ក្រោម ៖

-រដ្ឋសភាបានជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់សម្រាប់ថវិកាជាតិ​ ឆ្នាំ ១៩៥៣ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅសុំការអនុម័ត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៥២ ដោយរដ្ឋសភាបានអះអាងថា រដ្ឋាភិបាលមិនបានចុះមុខចំណាយ​ឱ្យបានសមស្រប

-ញុះញង់
សិស្ស និស្សិតឱ្យធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ហើយហែ​ក្បួ​ន​កូដកម្មឆ្ពោះទៅកាន់រដ្ឋសភា

-ពួកអ្នកបះបោរប្រឆាំងនឹងមន្ដ្រីខេត្ដ ស្រុក និង កងកម្លាំងការពារ​សន្ដិសុខ

-រដ្ឋាភិបាលបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី ការរក្សាឱ្យមានសន្ដិសុខ​នៅ​ក្នុ​ងប្រទេស បញ្ជូនទៅឱ្យរដ្ឋសភាអនុម័ត រដ្ឋសភាដែលភាគច្រើនមកពី​គណ​-បក្ស​ប្រជាធិបតេយ្យ បានពន្យារពេលមិនពិនិត្យច្បាប់នោះ ដោយរដ្ឋសភាបាន​អះអាងថា ខ្លាចក្រែងរដ្ឋាភិបាលយកច្បាប់នោះទៅប្រើប្រាស់ ដើម្បីធ្វើទុក្ខបុក​ម្នេញ​ប្រជារាស្ដ្រទៅវិញ[16]

នៅមុនពេលដែលសម្ដេចព្រះនរោត្ដម សីហនុ
ដាក់រាជ្យ ព្រះអង្គបាន​ធ្វើប្រជាមតិ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដើម្បីឱ្យប្រជារាស្ដ្រវិនិច្ឆ័យស្ដីពី​ព្រះរាជបេសកកម្មទាមទារឯករាជ្យរបស់ព្រះអង្គ។
លទ្ធផលនៃការធ្វើប្រជាមតិ​នោះ ​គឺប្រជារាស្ដ្រខ្មែរបានគាំទ្រព្រះអង្គចំនួន៩២៥,៨១២សំឡេងនៃចំនួន​សរុប​ទាំងអស់
៩២៧,៦៤៦សំឡេង។

បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានបង្ហាញប្រាប់រដ្ឋាភិបាល អង្គការនានា អង្គទូតដែលទទួល​ស្គាល់តាមផ្លូវការនៅប្រទេសកម្ពុជា និង គណៈកម្មាធិការអន្ដរជាតិ នូវសេចក្ដី​ព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ ដែលនៅក្នុងសេចក្ដីព្រាងនោះ គឺគេបានបង្កើតឱ្យមាន​សភាប្រចាំខេត្ដ និង សភាប្រចាំព្រះរាជាណាចក្រ។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ​ថ្មី​នេះ ត្រូវបានគណបក្សប្រជាធិបតេយ្យធ្វើការជំទាស់យ៉ាងដាច់អហង្ការ ហើយ​គណៈកម្មាធិការអន្ដរជាតិ បានទទួលស្គាល់នូវការមិនយល់ស្របរបស់គណៈ​ប្រតិភូ​ប៉ូ​ឡូញ[17] ដែលគេបានសម្គាល់ថា រដ្ឋធម្មនុញ្ញនេះនឹងនាំទៅរកការ​ប្រាស​ចាកសិទ្ធិផ្នែកនយោបាយរបស់ចលនានានា  ដែលចេញពីក្រុមអ្នកតស៊ូរបស់ កម្ពុជា[18]។ ដើម្បីចូលប្រឡូកផ្ទាល់នៅក្នុងការបោះឆ្នោត ព្រះអង្គបានសម្រេច​ដាក់​រាជ្យសម្បត្ដិថ្វាយទៅព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្ដម សុរាម្រឹត នៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ដោយគ្មានអ្នកណាបង្ខំ និង ដោយគ្មានការសុំ​យោបល់ជាមុនឡើយ[19]។ នេះគឺជាការគេចចេញពីឧបសគ្គនៃផ្លូវច្បាប់ ដែលមិន​អនុញ្ញាតឱ្យព្រះមហាក្សត្រធ្វើនយោបាយ។ នៅក្នុងព្រះរាជសារមួយផ្ញើទៅ​កាន់​ជនរួមជាតិ ព្រះអង្គបានរិះគន់ជាសាធារណៈចំពោះទង្វើអាក្រក់ របស់អ្នក​នយោបាយ មន្ដ្រីជាន់ខ្ពស់ គហបតី មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និង អ្នកចេះដឹង​មួយចំនួន ដោយបញ្ជាក់ថា  ខ្ញុំចាកចេញពីព្រះបរមរាជវាំង ដើម្បីទៅគង់នៅ​ក្នុង​ចំណោមប្រជាជន និង ស្វែងរកយុត្ដិធម៌ វឌ្ឍនភាព វិបុលភាព សុភមង្គល ឱ្យខាងតែបាន[20]។ ចំណុចមួយទៀតទាក់ទងនឹងការដាក់រាជ្យសម្បត្ដិនេះ បើគិត ទៅតាមន័យគុណធម៌វិញ គឺប្រហែលជាសម្ដេចព្រះនរោត្ដម សីហនុ ធ្វើឡើង​ដើម្បីជាការតបស្នងសងគុណ ចំពោះព្រះគុណូបការៈរបស់ព្រះរាជបិតា​ព្រះ​អង្គ ​គឺ ព្រះបាទនរោត្ដម សុរាម្រឹត។ ការដាក់រាជ្យនេះ គឺព្រះអង្គមានជំនឿ​ដោយ​ស្មោះស្ម័គ្រថា ព្រះរាជករណីកិច្ចរបស់ព្រះអង្គជាព្រះមហាក្សត្រសោយ​រាជ្យ​សម្បត្ដិនោះបានចប់សព្វគ្រប់ បន្ទាប់ពីប្រទេសបារាំងបានប្រគល់ឯករាជ្យ​មក​ឱ្យកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។ ព្រះរាជកិច្ចជាបន្ដ​មួយទៀត​ដែលព្រះអង្គត្រូវទទួលបន្ទុកនោះ គឺការដោះស្រាយបញ្ហាសង្គម និង ការ​ពង្រីក​របៀបប្រជាធិបតេយ្យពិតប្រាកដ ដោយរំលាយស្ថានភាពមួយដែលអំណាច​រាជការប្រមូលផ្ដុំទៅក្នុងកណ្ដាប់ដៃនៃជនឯកសិទ្ធិមួយក្រុមតូច ដែលពុំអាចតាំង​ខ្លួនជាអ្នកតំណាងផលប្រយោជន៍ប្រជាជាតិពិតប្រាកដបាន។ បញ្ហានេះ សម្ដេច​ព្រះនរោត្ដម សីហនុ ចង់ឱ្យប្រជាជាតិកាន់កាប់អំណាចទាំងនោះដោយខ្លួនឯង ព្រមទាំងផ្ដល់មធ្យោបាយដល់ប្រជាជាតិ ដើម្បីបំបាត់អំពើអយុត្ដិធម៌ ការរងទុក្ខ​វេទនារបស់ប្រជារាស្ដ្រ។ ព្រះអង្គបានឈ្វេងយល់ថា ព្រះមហាក្សត្រសោយរាជ្យ​សម្បត្ដិ នឹងបំពេញកិច្ចការនេះពុំបានឡើយ ពីព្រោះ ព្រះមហាក្សត្រជាប់​ចំណង​នៃរបៀបមួយបែបយ៉ាងតឹងរ៉ឹង ដែលពុំអាចនឹងសម្រួលបាន មកអំពី​របៀបនេះ កើតឡើងដោយអ្នកនយោបាយគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយ ប្រទាញប្រជាជាតិមិនឱ្យមានជំនឿលើរបបគ្រប់គ្រងទាំងនេះ ដែលគេឱ្យឈ្មោះ​ថា ជារបៀបគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ ហើយតាមរបៀបបែបនេះ គឺជា​ការយកតាមរបបគ្រប់គ្រងរបស់រដ្ឋាភិបាលបរទេស គឺពុំសមស្របទៅនឹង​ធម្មជាតិ និង សេចក្ដីត្រូវការរបស់ប្រជាជាតិខែ្មរ។ ហេតុនេះ ការដាក់រាជ្យនេះគឺជា​បំណង​ប្រាថ្នាមួយ ដើម្បីបម្រើប្រជាជាតិខ្មែរ។

III-ការបង្កើតចលនាសង្គមរាស្ដ្រនិយម

នៅឯសន្និសីទក្រុងហ្សឺណែវ រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដថានឹង​ចាត់​វិធានការ​ទាំងឡាយ ដើម្បីធានាដល់ប្រជាពលរដ្ឋរបស់ខ្លួន អាចចូលរួមនៅ​ក្នុង​ការបោះឆ្នោតដោយសេរី សម្ងាត់ និង យុត្ដិធម៌ នៅឆ្នាំ១៩៥៥ ដោយអនុលោម​ទៅ​តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសរៀងៗខ្លួន។ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុង​ការបោះឆ្នោត ឆ្នាំ១៩៥៥ សម្ដេចព្រះនរោត្ដម សីហនុ បានបង្កើតចលនា​សង្គម​រាស្ដ្រនិយម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥[21]។ នៅក្នុងសេចក្ដីថ្លែងការណ៍​ជាច្រើន​របស់សម្ដេចព្រះ នរោត្ដម សីហនុ បានគូសបញ្ជាក់អំពីទិសដៅរបស់​ចលនា​សង្គមរាស្ដ្រនិយមគឺ ៖

-បដិសេធប្រព័ន្ធពហុបក្ស ដែលនាំឱ្យមានអស្ថិរភាពនយោបាយ​នៅក្នុង​សង្គម

-ដើម្បីសម្ព័ន្ធភាពជាតិ

-ធ្វើឱ្យមានអារម្មណ៍ស្នេហាជាតិ និង មានភក្ដីភាពចំពោះប្រពៃណី​ទំនៀម​ទម្លាប់

-តស៊ូប្រឆាំងនឹងអំពើអយុត្ដិធម៌ និង អំពើពុករលួយ បក្សពួកនិយម

-តស៊ូប្រឆាំងនឹងអំពើអយុត្ដិធម៌ និង អំពើពុករលួយ បក្សពួកនិយម

-ដើម្បីវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន

-មាគ៌ាចម្បងដើម្បីទទួលបានទិសដៅនេះគឺភក្ដីភាពចំពោះសាសនា និង ព្រះមហាក្សត្រ ។

គណៈកម្មាធិការប្រតិបត្ដិនៃសង្គមរាស្ដ្រនិយមបានបញ្ជាក់ថា សង្គម​រាស្ដ្រ​និយមមានលក្ខណៈខុសប្លែកគ្នាពីពួកម៉ាស៊ីស ឬ កុម្មុយនីស្ដ។ សង្គមនិយមខ្មែរ​កើតចេញពីគោលការណ៍ព្រះពុទ្ធសាសនា ប្រៀនប្រដៅមនុស្សឱ្យចេះជួយ​សង្គ្រោះគ្នាទៅវិញទៅមក ជួយបំពេញកិច្ចការដល់សង្គម គោរពមនុស្សលោក ហើយមានគោលបំណងចង់ឱ្យកើតមានសុខុមាលភាព និង វឌ្ឍនភាពដល់​បុគ្គល​ទាំងឡាយទូទៅ[22]

ប៉ុន្ដែ ទោះជាមានគោលការណ៍ និង ការបញ្ជាក់ពីគណៈកម្មាធិការ​ប្រតិបត្ដិនៃចលនាសង្គមរាស្ដ្រនិយមបែបនេះក៏ដោយ ចំពោះអ្នកដែលចូលជា​សមាជិកសង្គមរាស្ដ្រនិយម គឺត្រូវតែចាកចេញពីគណបក្សនយោបាយផ្សេង​ទៀត នៅពេលនោះ លោក លន់ នល់ លោក ដាប ឈួន ជាដើម បានមក​ចូលរួម​ជាមួយចលនាសង្គមរាស្ដ្រនិយមផងដែរ។ ចលនាសង្គមរាស្ដ្រនិយម​គឺជា​អង្គការដែលបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសង្គម និង ជីវភាពនយោបាយ​កម្ពុជា។ នៅក្នុងលក្ខន្ដិកៈរបស់សង្គម ដែលបានចុះផ្សាយនៅខែមីនា ឆ្នាំ១៩៥៥ បានគូសបញ្ជាក់ថា សង្គមរាស្ដ្រនិយមមិនមែនជាគណបក្សនយោបាយទេ ប៉ុន្ដែ ជាអង្គការបង្រួបបង្រួមជាតិ ដែលមានគោលបំណងនឹងកសាងរាជសង្គមនិយម​ព្រះពុទ្ធសាសនានៅកម្ពុជា[23]

ដើម្បីធ្វើឱ្យចលនាសង្គមរាស្ដ្រនិយមកាន់តែមានលក្ខណៈរឹងមាំ និង មាន​ឈ្មោះបោះសំឡេងកាន់តែខ្លាំងថែមទៀតនោះ នៅក្នុងសមាជជាតិលើកទី២៣ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា ឆ្នាំ១៩៦៧ អង្គសមាជ​បាន​សំណូមពរឱ្យមានច្បាប់ ស្ដីពី ការរម្លឹកថ្ងៃកំណើតនៃចលនាសង្គមរាស្ដ្រនិយម។ ដើម្បីបំពេញតាមសំណូមពររបស់អង្គសមាជជាតិ រដ្ឋសភាបានអនុម័តនៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ១៩៦៨ ច្បាប់ស្ដីពីការប្រកាសបុណ្យជាតិសម្រាប់រម្លឹកថ្ងៃ​កំណើត​នៃចលនាសង្គមរាស្ដ្រនិយម។ ក្រោយពីរដ្ឋសភាបានអនុម័តរួចហើយ គេបានចេញព្រះរាជក្រមលេខ៣៦៤/៦៨ ប.រ. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៦៨ ប្រកាសឱ្យប្រើច្បាប់ ស្ដីពី ថៃ្ងបុណ្យជាតិសម្រាប់រម្លឹកថ្ងៃកំណើតនៃចលនា​សង្គម​រាស្ដ្រនិយម។ ព្រះរាជក្រមនេះមានមាត្រាតែមួយ ហើយបានចែងថា បុណ្យជាតិ​សម្រាប់រម្លឹកថ្ងៃខួបកំណើតនៃចលនាសង្គមរាស្ដ្រនិយម ត្រូវបានប្រកាសជា​បុណ្យ​ពេញលក្ខណៈច្បាប់។ បុណ្យនេះត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃ​ទី​២៤ ខែមីនា ដែលជាថ្ងៃប្រកាសឱ្យប្រើលក្ខន្ដិកៈនៃចលនាសង្គមរាស្ដ្រនិយម[24]

ការបង្កើតចលនាសង្គមរាស្ដ្រនិយម គឺដើម្បីជាប្រយោជន៍ដល់ ៖

-សាមគ្គីភាព និង មិនឱ្យមានគណបក្សនយោបាយកើនឡើងច្រើនជា​បន្ដទៀត សង្គមរាស្ដ្រនិយមបានជួយបង្រួមគណបក្សនយោបាយ​ពីច្រើន​មក​តិច ហើយក្នុងចំណោមនោះ មានគណបក្សមួយដែលទើបនឹងបង្កើតឡើង​ក្រោយ​សន្និសីទទីក្រុងហ្សឺណែវ គឺគណបក្សកុម្មុយនីស្ដ ឬ គណបក្សប្រជាជន។ ចំណែកសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរូប បានមកចូលរួមជាមួយ​នឹងចលនាសង្គមរាស្ដ្រនិយម

-កែរដ្ឋធម្មនុញ្ញដើម្បីឱ្យប្រជារាស្ដ្រមានសេចក្ដីទុកចិត្ដ
លើការគ្រប់គ្រង​ដោយមានរដ្ឋសភា[25]

 ការកែសម្រួលរដ្ឋធម្មនុញ្ញនេះសម្ដេចព្រះនរោត្ដម សីហនុ បានប្រកាស​ឱ្យដឹងថា

-ការដែលមានគណបក្សច្រើន ធ្វើឱ្យប្រជាជនមានការភ័ន្ដច្រឡំ​ផ្នែក​គំនិត

-ការបោះឆ្នោតតាមរបៀបសព្វថ្ងៃ (មុនឆ្នាំ១៩៥៥) នាំឱ្យគណបក្សបង់​ខាត​សោហ៊ុយជាច្រើន ដែលជាហេតុនាំឱ្យគណបក្សទាំងនោះ​ទៅពឹងពាក់​អ្នក​មានធនធានទុច្ចរិត ហើយបន្ទាប់ពីការបោះឆ្នោតគេតោងតែសងបំណុល ព្រម ទាំងឱ្យការប្រាក់យ៉ាងធ្ងន់ទៀតផង។ នេះហើយដែលជាមូលហេតុជំរុញឱ្យ​រដ្ឋមន្ដ្រី តំណាងរាស្ដ្រ អ្នកជំនួញ និង អ្នករាជការដែលនិយមគណបក្ស​នយោបាយ នោះឱ្យរិះរកមធ្យោបាយមិនស្របច្បាប់ និង ផ្ទុយអំពីប្រយោជន៍​របស់ប្រជាជាតិ

-តំណាងរាស្ដ្រដែលកើតឡើងអំពីរបៀបគ្រប់គ្រងប្រជាធិបតេយ្យ នៅ​ពេលមុននេះ បំភ័ន្ដសេចក្ដីទុកចិត្ដរបស់ប្រជារាស្ដ្រ ភ្លេចពាក្យសន្យានៅពេល​មុន​នឹងក្លាយជាតំណាងរាស្ដ្រ ឬ មិនបានបញ្ចេញមតិរបស់ប្រជារាស្ដ្រ​ឱ្យ​ទៀង​ទាត់ ដោយគិតតែពីប្រយោជន៍នៃគណបក្សរបស់ខ្លួន និង តាមសេចក្ដីបង្គាប់​របស់គណៈកម្មាធិការនាយករបស់គណបក្ស ដែលពុំមានសមាជិកចេញ​មកពី​សង្គមរាស្ដ្រនិយម

-មានតំណាងរាស្ដ្រជាច្រើន ឥតធ្វើការប្រាស្រ័យទាក់ទងជាមួយនឹង​រាស្ដ្រ​ឡើយ គេតាំងខ្លួនគេធំជាងប្រជារាស្ដ្រ។ ការខ្វះការប្រាស្រ័យទាក់ទង​ទាំង​នេះ ​នាំឱ្យតំណាងរាស្ដ្រពុំស្គាល់មណ្ឌលបោះឆ្នោតរបស់ខ្លួន ដែលជាហេតុនាំ ឱ្យមិនស្គាល់ច្បាស់ចំពោះមនោសញ្ចេតនា ឧត្ដមគតិ និង សេចក្ដីត្រូវការពិត​របស់​ប្រជារាស្ដ្រ

-ប្រជារាស្ដ្របានត្អូញត្អែរអំពីការស៊ីសំណូក ដែលមានកាន់តែច្រើន​ឡើងៗ និង អ្នករាជការមិនបានបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ

-ប្រជារាស្ដ្របានត្អូញត្អែរអំពីការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញយ បន្ទាប់ពី​មានការបង្កើតគណបក្សនយោបាយច្រើនមក

-ប្រជារាស្ដ្រសុំកុំឱ្យព្រះមហាក្សត្រ ប្រគល់ការគ្រប់គ្រងប្រទេសទៅឱ្យ  ក្រុ​ម​គណបក្សតទៅទៀត ព្រោះប្រជារាស្ដ្រ មានទំនុកចិត្ដតែចំពោះអង្គព្រះ​មហាក្សត្រ​មួយប៉ុណ្ណោះ ដែលជាតំណាងខ្លួនយ៉ាងពេញចិត្ដឥតខ្ចោះ[26]

នៅក្នុងការបោះឆ្នោតថ្ងៃទី១១ ខែកញ្ញា
ឆ្នាំ១៩៥៥ មានគណបក្សដែល​បានចូលរួមគឺក្រៅពីសង្គមរាស្ដ្រនិយម ដែលមានរូបសញ្ញាព្រះឆាយាល័ក្ខណ៍
សម្ដេចព្រះនរោត្តម សីហនុ នោះគឺមាន គណបក្សប្រជាធិបតេយ្យ ​មានរូប​សញ្ញា​ក្បាលដំរី
គណបក្សសេរីមានរូបសញ្ញាអង្គរវត្ដ គណបក្សប្រជាជន មាន​រូបសញ្ញានង្គ័ល
គណបក្សចម្រើនជាតិ មានរូបសញ្ញាហនុមាន គណបក្សខ្មែរ​ឯករាជ្យ
គណបក្សពលករខ្មែរ និង គណបក្សឯករាជ្យ។ លទ្ធផលនៃការ​បោះឆ្នោត​នេះគឺចលនាសង្គមរាស្ដ្រនិយមទទួលបានសន្លឹកឆ្នោតចំនួន​៦៣០,៦២៥ សន្លឹក ស្មើនឹង៨៣%នៃសន្លឹកឆ្នោតសរុប
ហើយទទួលបានអាសនៈនៅក្នុង​រដ្ឋសភាចំនួន៩១។ គណបក្សប្រជាធិបតេយ្យ ទទួលបានសន្លឹកឆ្នោតចំនួន​៩៣,៩១៩សន្លឹក
ស្មើនឹង១២% គណបក្សប្រជាជន ទទួលសន្លឹកឆ្នោតចំនួន​២៩,៥០៨សន្លឹក
ស្មើនឹង៤% ។

ក្រោយពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ ចលនា​សង្គមរាស្រ្តនិយមបានគ្រប់គ្រងប្រទេសកម្ពុជា ចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ​១៩៧០។ ប្រទេសកម្ពុជានាសម័យនោះមានសុខសន្តិភាព និង មានការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់  ដូចជា  វិស័យសេដ្ឋកិច្ច សិក្សាធិការជាតិ សុខាភិបាល​ជាដើម។ ក្រៅពីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិ ប្រទេស​កម្ពុជា​ក្នុង​សម័យសង្គមរាស្រ្តនិយម ក៏បានបន្សល់ទុកនូវសមិទ្ធផលជាតិធំៗ​រហូត​មក​ដល់សព្វថ្ងៃផងដែរ។

សន្និដ្ឋាន

ទោះបីជាមានចំណុចមួយចំនួន គ្មានសមភាពរវាងប្រទេសជាអាណា​ព្យាបាល និង ប្រទេសក្រោមអាណាព្យាបាលក៏ដោយ
យើងសង្កេតឃើញថា​បារាំងអាចការពារទឹកដីកម្ពុជាកុំឱ្យបាត់បង់ទាំងស្រុង។
ប៉ុន្តែ កិច្ចការរបស់បារាំង​នៅកម្ពុជា ក្នុងរជ្ជកាលព្រះបាទ នរោត្តម
មិនសូវទទួលបានលទ្ធផលជាផ្លែផ្កា​នោះ​ទេ។
សមានចិត្តរបស់អ្នកដឹកនាំនៃរបបអាណាព្យាបាលបារាំងនៅកម្ពុជា មានភាពប្រសើរឡើងចាប់តាំងពីរជ្ជកាលព្រះបាទ
ស៊ីសុត្ថិ មក។ បារាំងបានធ្វើ​កំណែ​ទម្រង់ផ្នែកប្រព័ន្ធរដ្ឋបាល
ការបញ្ចូលនូវកម្មវិធីសិក្សា និង ការបណ្តុះ​បណ្តាលធនធានមនុស្សតាមបែបទំនើប។
បារាំងបានការពារ និង ជួយទាមទារ​យកទឹកដីខ្មែរភាគពាយ័ព្យពីសៀមមកវិញនៅឆ្នាំ១៩០៧។

នៅឆ្នាំ១៩០៨ ព្រះបាទ ស៊ីសុវត្ថិ មានការពេញព្រះទ័យនឹងការជួសជុល​ប្រាសាទអង្គរឡើងវិញពីសំណាក់ប្រទេសបារាំង។
ជាងកន្លះសតវត្សរ៍បន្តមក​ទៀត អ្នកជំនាញជនជាតិបារាំង និង
កម្មករខ្មែរ បានជួសជុលប្រាសាទអង្គរ​រយៈពេលវែង។ រដ្ឋការបារាំងក៏បានជួយធ្វើកំណែទម្រង់សំខាន់ៗ
មានដូចជា នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ​ជឿន​លឿន ដែលក្នុងនោះ មានការកសាងហេដ្ឋារចនាសម័្ពន្ធសង្គម
វិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម គមនាគមន៍ និង ប្រព័ន្ធហិរញ្ញវត្ថុ ជាដើម។ បារាំងបាន​ខិតខំសិក្សាស្រាវជ្រាវ និង ចងក្រងឯកសារប្រវត្តិសាស្ត្រខ្មែរបានយ៉ាងច្រើន
ព្រម​ទាំងបានបង្ហាញ និង ផ្សព្វផ្សាយអំពីអរិយធម៌ខ្មែរដែលរុងរឿងនា​អតីត​កាល​ ឱ្យពិភពលោកបានស្គាល់ថែមទៀតផង។
មួយវិញទៀត បារាំងគឺជាអ្នកនាំ​មកនូ​វទំនើបកម្ម
និង ការគ្រប់គ្រងរដ្ឋតាមបែបទំនើប។ ប៉ុន្តែ ទោះជាយ៉ាងណា​ក៏ដោយក្នុងអំឡុងពេលដែលបារាំងគ្រប់គ្រងកម្ពុជា
ពួកគេក៏បានគាបសង្កត់​មក​លើប្រជាជនកម្ពុជា តាមរយៈការបង្ខំឱ្យបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរ
ការកេង​ចំណេញ ផ្នែកសេដ្ឋកិច្ចពីប្រទេសកម្ពុជាជាដើម។ ហេតុនេះ ដើម្បីបញ្ឈប់ការត្រួតត្រាមក​លើ​ប្រទេសកម្ពុជាពីសំណាក់ប្រទេសបារាំងតទៅទៀតនោះ
ព្រះមហាក្សត្រ​កម្ពុជាព្រះបាទ នរោត្តម សីហនុ បានធ្វើព្រះ រាជបូជនីយកិច្ចទាមទារឯករាជ្យ​ពីប្រទេសបារាំងបានទាំងស្រុង នៅថ្ងៃ០៩
ខែវិច្ឆិកា ឆ្នាំ១៩៥៣។ កម្ពុជាទទួល​បាន​ឯករាជ្យឆ្នាំ១៩៥៣
ជារបត់ប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ប្រទេស និង ប្រជាជន​កម្ពុជា
ជាពិសេសនោះ គឺកម្ពុជាដណ្តើមបានមកវិញនូវវិស័យការទូតរបស់ខ្លួន ដែលជាមធ្យោបាយមួយដ៏មានសារសំខាន់
ដើម្បីឱ្យកម្ពុជាមានលទ្ធភាពឈាន​ទៅធ្វើទំនាក់ទំនងការទូតជាមួយនឹងប្រទេសនានានៅក្នុងសកលលោក
និង ធ្វើ​ឱ្យ​កម្ពុជាមានតួនាទីនៅក្នុងឆាកអន្តរជាតិ។
ការទទួលបានឯករាជ្យនេះ បាន ផ្តល់មកឱ្យកម្ពុជានូវកត្តិយស សេចក្តីថ្លៃថ្នូរ ជាប្រជាជាតិមួយដែលមានសិទ្ធិ​កំណត់​នូវជោគវាសនានៃប្រទេសរបស់ខ្លួន និង
ស្របទៅតាមច្បាប់អន្តរជាតិ។ ចាប់ពីពេលនោះមក ប្រទេសបារាំងមិនមានសិទ្ធិគ្រប់គ្រងលើប្រទេសកម្ពុជា​ទៀត​ឡើយ។

ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យឆ្នាំ១៩៥៣មក ព្រះបាទ​នរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា
គឺ ព្រះបាទ នរោត្តម សុរាម្រឹត ហើយព្រះអង្គក៏បង្កើតចលនាសង្គមរាស្រ្តនិយម នៅឆ្នាំ១៩៥៥។
ការបង្កើត​ចលនា​នេះឡើង គឺជាការបង្រួបបង្រួមប្រជាជនខ្មែរឱ្យមានឯកភាពជាតិ
បន្ទាប់​ពីប្រទេសមួយនេះ ទទួលបានឯករាជ្យពីរបបអាណាព្យាបាលបារាំង។
លើសពី​នេះទៅទៀត ការបង្កើតចលនានេះ ក៏ដើម្បីចូលរួមក្នុងការបោះឆ្នោតនាខែកញ្ញា
ឆ្នាំ១៩៥៥ ទៅតាមការកំណត់នៃសន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ស្តីពី​ការ​បញ្ចប់សង្រ្គាមនៅឥណ្ឌូចិនផងដែរ។ ជាលទ្ធផលនៃការបោះឆ្នោតនោះ
ចលនា សង្គមរាស្រ្តនិយមបានទទួលជោគជ័យទាំងស្រុង ទៅលើគណបក្សផ្សេងៗទៀត
ហើយបានដឹកនាំប្រទេសកម្ពុជា ចន្លោះពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០។ យើង​សង្កេតឃើញថា នៅសម័យសង្គមរាស្រ្តនិយម ប្រទេសកម្ពុជាមានសន្តិសុខ និង
ការរីកចម្រើនគួរឱ្យកត់សម្គាល់។ ប្រជាជនរស់នៅក្នុងសុខសន្តិភាព និង សេចក្តី​ថ្លៃថ្នូរ ព្រមទាំងមានការអភិវឌ្ឍជឿនលឿនទៀតផង។ សង្គមរាស្រ្តនិយម​បាន​បន្សស់ទុកនូវសមិទ្ធផលយ៉ាងច្រើន រហូតមកដល់សព្វថ្ងៃ។
នៅពេលនោះ កម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅក្នុងតំបន់ ក៏ដូចជា ក្នុងឆាក​អន្តរជាតិ៕

គន្ថនិទ្ទេស

ឯកសារជាភាសាខ្មែរ

១-រាជកិច្ចលេខ៦ ចេញផ្សាយត្រីមាសទី៣ ឆ្នាំ១៩៥៣

២-រាជកិច្ចលេខ១ ចេញផ្សាយត្រីមាសទី១ ឆ្នាំ១៩៥៧

៣-រាជកិច្ចលេខ៦៣ ចេញផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៦៨

៤-រាជវិចារណ៍ដើម្បីសម្រួលរដ្ឋធម្មនុញ្ញ ដែលមហាក្សត្រិយ៍បានប្រោសព្រះរាជទានដល់ប្រជារាស្ដ្រព្រះអង្គ
ក្នុងឆ្នាំ១៩៤៧

៥-ព្រះរាជសាសន៍ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន
ព្រះចៅអាណាចក្រ
កម្ពុជាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រជាជាតិ  ថ្ងៃទី១៣ ខែមករា
ឆ្នាំ១៩៥៣

៦-ព្រះរាជសាសន៍ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ព្រះចៅព្រះរាជអាណាចក្រកម្ពុជា ទ្រង់ត្រាស់ទៅកាន់ប្រជាជាតិក្នុងកម្ពុជរដ្ឋ  ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៣

៧-ប្រវត្ដិសង្ខេបនៃព្រះរាជបេសកកម្ម ប្រយុទ្ធទាមទារឯករាជ្យសម្រាប់ប្រទេសកម្ពុជា  ឆ្នាំ១៩៥៦

៨-ទស្សនាវដ្ដីនៃយុវជន  លេខ១ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៧

៩-Charles Meyer, ក្រោយស្នាមញញឹមរបស់ខ្មែរ  ប្រែសម្រួលដោយទី ឃាយុ

ពីស្នាដៃដើមជា ភាសាបារាំងដែលមានចំណងជើងថា Derrière le Sourire Khmer, Paris, 1971.

១០-សូ សាយ កុម្មុយនិស្ដឥណ្ឌូចិន  ភ្នំពេញ ឆ្នាំ១៩៧៣

១១-មីហេយេវ ប្រវត្ដិសាស្ដ្រសង្ខេបនៃប្រទេសកម្ពុជា  បកប្រែដោយសាស្ដ្រា​ចារ្យ​ឡុង
សៀម ម៉ូស្គូ ឆ្នាំ១៩៨១

១២-នរោត្ដម សីហនុ អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ (បកប្រែដោយ
ន.រណរង្គ) ឆ្នាំ១៩៩៣

១៣-នរោត្ដម សីហនុ
រាជសកម្មភាពដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជា (ទសវត្សរ៍​ឆ្នាំ​១៩៤០-១៩៥០) ភាគទី១ ភ្នំពេញ ឆ្នាំ២០០៣

១៤-នរោត្ដម សីហនុ រាជសារជូនជនរួមជាតិជ្រាប អំពីរាជសកម្មភាពដើម្បីឯករាជ្យ​​រិបូរណ៍នៃកម្ពុជា ទសវត្សរ៍១៩៤០១៩៥០  ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៣

១៥-ដេវិឌ ឆាណ្ឌល័រ (David
Chandler) ប្រវត្ដិសាស្ដ្រខ្មែរ  បកប្រែដោយមជ្ឈ​មណ្ឌល​ខេមរសិក្សា
ចេញផ្សាយលើកទី២ នៅខែកញ្ញា ឆ្នាំ២០០៥

១៦-ខៀវ សំផន ពិចារណាអំពីប្រវត្ដិសាស្ដ្រកម្ពុជា ពីដើមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ បោះពុម្ពផ្សាយដោយសេវាបោះពុម្ពផ្សាយ រាហុ៍ ឆ្នាំ២០០៧

ឯកសារជាភាសាបរទេស

១-Les Elites Khmères, Phnom Penh, 1966.

២-M. Jennar Raoul, Les clés
du Cambodge
, Faits et chiffres, repères historiques,
profiles cambodgiens, cartes, Maisonneuve et Larose, 1995.


[1]
Les Elites Khmères, Phnom Penh, 1966, p. 134.

[2] នរោត្ដម សីហនុ រាជសកម្មភាពដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជា
 (ទសវត្សរ៍ឆ្នាំ១៩៤០-១៩៥០) ភាគទី១ ភ្នំពេញ ឆ្នាំ២០០៣ ទំព័រ២០។

[3] សូមបញ្ជាក់ថា នៅក្នុងមាត្រាទី១ នៃសន្ធិសញ្ញាបារាំង-កម្ពុជាចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ បានចែងថា ព្រះចៅអធិរាជបារាំងយល់ព្រមផ្ដល់នូវការការពារចំពោះព្រះមហាក្សត្រកម្ពុជា។

[4] នរោត្ដម សីហនុ រាជសារជូនជនរួមជាតិជ្រាបអំពីរាជសកម្មភាពដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជាទសវត្សរ៍១៩៤០១៩៥០  ភ្នំពេញ ថ្ងៃទី១៤
ខែតុលា ឆ្នាំ២០០៣ ទំព័រ២។

[5]
 នរោត្ដម សីហនុ អនុស្សាវរីយ៍ផ្អែមល្ហែម
និង ជូរចត់  
(បកប្រែដោយ ន.រណរង្គ) ឆ្នាំ១៩៩៣
ទំព័រ៩៥។

[6]  -ដ-
ទំព័រ៩៨។

[7]
នរោត្ដម សីហនុ អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់  (បកប្រែដោយ ន.រណរង្គ) ដ.ឯ.ម. ទំព័រ១០៧។

[8] ប្រវត្ដិសង្ខេបនៃព្រះរាជបេសកកម្មប្រយុទ្ធទាមទារឯករាជ្យសម្រាប់ប្រទេសកម្ពុជា  ឆ្នាំ១៩៥៦
ទំព័រ១១។

[9] -ដ-

[10] ព្រះរាជសាសន៍ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ
វរ្ម័ន
ព្រះចៅព្រះរាជអាណាចក្រកម្ពុជាទ្រង់ត្រាស់ទៅកាន់ប្រជាជាតិក្នុងកម្ពុជរដ្ឋ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទំព័រ៣-៦។

[11] រាជកិច្ចលេខ៦
ចេញផ្សាយត្រីមាសទី៣ ឆ្នាំ១៩៥៣ ទំព័រ៥១២។

[12] ប្រវត្ដិសង្ខេបនៃព្រះរាជបេសកកម្មប្រយុទ្ធទាមទារឯករាជ្យសម្រាប់ប្រទេសកម្ពុជា  ដ.ឯ.ម. ទំព័រ១២។

[13]
នរោត្ដម សីហនុ រាជសារជូនជនរួមជាតិជ្រាបអំពីរាជសកម្មភាពដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជាទសវត្សរ៍
១៩៤០
១៩៥០  ដ.ឯ.ម. ទំព័រ៥។

[14] សូ សាយ កុម្មុយនិស្ដឥណ្ឌូចិន  ភ្នំពេញ ឆ្នាំ១៩៧៣ ទំព័រ១៣៩។

[15]  រាជកិច្ចលេខ១
ចេញផ្សាយត្រីមាសទី១ ឆ្នាំ១៩៥៧ ទំព័រ២-៣។

[16] ព្រះរាជសាសន៍ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន
ព្រះចៅអាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូង
ទៅកាន់ប្រជាជាតិ  ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៣។

[17] នៅក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្ដីពី ការបញ្ឈប់សង្គ្រាមឥណ្ឌូចិនត្រង់ជំពូកទី៤
ប្រការ១១ ចែងថា គណៈកម្មការចម្រុះ និង គណៈកម្មការត្រួតពិនិត្យនៅកម្ពុជារួមមានប្រទេសកាណាដា
ឥណ្ឌា និង ប៉ូឡូញ។

[18]  Charles Meyer, ក្រោយស្នាមញញឹមរបស់ខ្មែរ 
ប្រែសម្រួលដោយទី ឃាយុ ទំព័រ១០៦ ពីស្នាដៃដើមជាភាសា​បារាំង​ដែលមានចំណងជើងថា Derrière le Sourire Khmer, Paris, 1971.

[19]
-ដ-

[20] Charles Meyer, ក្រោយស្នាមញញឹមរបស់ខ្មែរ  ប្រែសម្រួលដោយទី ឃាយុ ទំព័រ១០៦ -ដ.ឯ.ម-

[21] Jennar M. Raoul, Les clés du Cambodge, Faits et chiffres,
repères historiques, profiles cambodgiens, cartes,

   Maisonneuve et Larose, 1995. p.
58.

[22]
នយោបាយសេដ្ឋកិច្ចនៃសង្គមរាស្ដ្រនិយម  ឆ្នាំ? ទំព័រ២។

[23] មីហេយេវ ប្រវត្ដិសាស្ដ្រសង្ខេបនៃប្រទេសកម្ពុជា  បកប្រែដោយសាស្ដ្រាចារ្យឡុង សៀម ម៉ូស្គូ ឆ្នាំ១៩៨១
ទំព័រ៣៨៥។

[24]
រាជកិច្ចលេខ៦៣ ចេញផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៦៨ ទំព័រ៥៤៧៦។

[25] ទស្សនាវដ្ដី នៃយុវជន  លេខ១ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៧
ទំព័រ៣០។

[26]
រាជវិចារណ៍ដើម្បីសម្រួលរដ្ឋធម្មនុញ្ញ ដែលមហាក្សត្រិយ៍បានប្រោសព្រះរាជទានដល់ប្រជារាស្ដ្រព្រះអង្គក្នុងឆ្នាំ១៩៤៧  ទំព័រ៣។