ទំព័រដើម » ទស្សនវិជ្ជា » ទស្សនវិជ្ជាសិល្បៈ

ទស្សនវិជ្ជាសិល្បៈ

ទស្សនវិជ្ជាសិល្បៈ

ដោយ៖ ប៉ាន់ វុត្ថា (បណ្ឌិតផ្នែកទស្សនវិជ្ជា)

មន្ត្រីស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

 ទស្សនវិជ្ជាសិល្បៈ ស្វែងរកមូលហេតុដែលនាំឱ្យមានសិល្បៈ ស្វែងរក សារជាតិ​នៃសិល្បៈ និង ស្វែងរកមូលហេតុដែល​​សិល្បៈ ​​ត្រូវ​បាន​គេឱ្យតម្លៃ​ហើយវាឆ្លុះបញ្ចាំងពីតួនាទី អត្ថន័យ និង សារ​សំខាន់​​​​របស់វា​នៅក្នុងសង្គម។

១-លក្ខណៈរបស់សិល្បៈ

លក្ខណៈរបស់សិល្បៈមាន​
៖ ​ការធ្វើត្រាប់ (Mimetic Theory) តម្លៃគំនិតក្នុង សិល្បៈ
(Formal Theory) និង ការសម្តែង ​(Expression Theory)។ ​សិល្បៈគំនិត ៖ គឺជាសិល្បៈ​និយម​តាមគំនិត ដោយ​ធ្វើអ្វីៗឱ្យមានន័យជាប់នៅក្នុងទង្វើនោះផង
ពោលគឺ មិនគ្រាន់តែឱ្យមានន័យ​ចំពោះ​តែសិល្បៈ ភ្លេង
របាំ និង ចម្រៀង ប៉ុណ្ណោះ ទេ សូម្បីតែសិល្បៈស្ថាបត្យកម្មក៏ឱ្យមានន័យដែរ
ដូចជា ការស្ថាបនា ទីក្រុងអង្គរ ដែលមានធ្វើកំពែងខ្ពស់វែង និង មានគូទឹកព័ទ្ធជុំវិញ
ជាតំណាងមហាសាគរ​ជាដើម។ ត្រង់កណ្តាល​ទី​ក្រុង មានប្រាសាទភ្នំមួយ ដូចជា ប្រាសាទ បាយ័ន
ឬ ប្រាសាទអង្គរវត្តជាដើម  ជាតំណាងភ្នំព្រះសុមេរុ
ដែលជាស្ថានទេវលោក ជា លំនៅនៃទេវៈទាំងឡាយ និងជាគម្រូនៃលិង្គព្រះឥសូរតម្កល់លើយោនី​។ល។

១.១-ការធ្វើត្រាប់  (Imitative Theory)

​សិល្បៈគឺជារូបឆ្លុះនៅក្នុងកញ្ចក់ឆ្លុះបញ្ចាំងពីធម្មជាតិ
និង សង្គម។ សិល្បៈភាគច្រើន​ចេញមក​ពី​ការធ្វើ​តំណាង ការចម្លង ​ការធ្វើត្រាប់តថភាព​ដូចជា
គំនូរអំពី​ ​រុក្ខជាតិ ​ទេសភាព​ សត្វ មនុស្សជា​ដើម បាន​តំណាងអ្វីមួយ ដែលកើតឡើងនៅក្នុងតថភាព​​
ហើយសិល្បករត្រូវគេ​សរសើរ ពីព្រោះ​តែ​ការ​មានទេពកោសល្យក្នុងការគូររូបឱ្យ​កើតឡើង​ជា​លក្ខណៈធម្មជាតិ
ដូចជា ពន្លឺ ទម្រង់ និង ពណ៌។ ដូចគ្នា​​​នេះ​ដែរ ​អក្សរសិល្ប៍ ​ឬ ប្រលោម​លោក​នានា
ដូចជា រឿងទុំទាវ រឿងផ្កាស្រពោន រឿង​កូលាប​ប៉ៃលិន រឿងភូមិតិរច្ឆានជាដើម​សុទ្ធតែបានឆ្លុះបញ្ចាំងតថភាពសង្គម។
ពេលដែលគេអាន​រឿងទាំង​នេះ ហាក់​ដូចជា​ធ្វើឱ្យគេនឹកឃើញហេតុការណ៍កំពុងកើតឡើង
ឬ ស្រមៃ​ឃើញមនុស្ស​ពិតៗ​​កំពុងធ្វើ​សកម្មភាព​យ៉ាង​រស់​រវើក។
​កម្មវត្ថុនៃការធ្វើត្រាប់ ជាធម្មតា គឺធ្វើ​ឱ្យដូចគ្នាជាមួយធម្មជាតិ។
គេក៏អាច​បង្កើតសិល្បៈ​តាម​រយៈ​​គំនិតអរូបី ឬ តាម​គំនិត​ស្រមើ​ស្រមៃផងដែរ។
 ឧទាហរណ៍ ការគូររូប ឬ ចម្លាក់អំពី​​​អាទិទេព
​យក្ស មនុស្ស​មានខ្លួនជាសត្វ ឬ មនុស្សមាន ក្បាលជាសត្វជាដើម។

១.២-តម្លៃគំនិតក្នុងសិល្បៈ (Formal Theory)

​ការធ្វើត្រាប់ ចងភ្ជាប់សិល្បៈទៅនឹងពិភពតថៈ។​ ​ពិភពតថៈ​និង
ពិភព​មនោគតិ
មាន​អន្តរ​ទំនាក់​​ទំនង។ សិល្បៈមានទំនាក់ទំនងជាមួយគំនិតក្នុង​សតិ។ វិសាលភាព និង ភាពស៊ីជម្រៅនៃ​ខ្លឹមសារ​គំនិត ទស្សនៈ​ស្តីពី ​លោកិយ បរ​លោក ជីវិត និង ការអប់រំជាដើម ​បង្កប់ក្នុងសិល្បៈ។ សិល្បៈជាផ្នែក​មួយ​នៃ​​ប្រព័ន្ធផ្សព្វផ្សាយគំនិត។​
សិល្បៈមួយមានតម្លៃ គឺទស្សនវិស័យសិល្បៈ​នោះត្រូវ​តែ​​ផ្សារភ្ជាប់​នឹង​ឧត្តមគតិ​​។ ទម្រង់គំនិតបង្កប់ក្នុងស្នាដៃសិល្បៈមួយ
គឺត្រូវតែ​បញ្ចូល​​ទៅ​ក្នុ​ងនោះ នូវវិស័យនៃបទ​ពិសោធន៍​របស់​យើង
​មិនងាកចេញពី​លក្ខណៈឆ្លុះនៃ​ពិភពលោក និង មិនងាកចេញពី​យាន​សម្រាប់​ប្រាប់​ឱ្យដឹង​ពី​សច្ចភាព​ទេ។

ហេហ្គែល (Hegel) អះអាងថា ៖ ស្នាដៃ​សិល្បៈដែលល្អ គឺជាស្នា​ដៃ​ដែល​ធ្វើឱ្យរីកច​ម្រើននូវឧត្តមគតិ​ដែលជា​តំណាង​នៃ​ពិភពលោក[1]

​​ ​  

១.៣-ការសម្តែង  (Expression Theory)

​​​​ការសម្តែងសិល្បៈ គឺជាដំណើរបង្រួម​ឱ្យទៅជាធ្លុង​មួយ នូវអន្តរទំនាក់​ទំនង​រវាងសមត្ថភាព​ទេព​​កោសល្យរបស់សិល្បករ
ដែល​​​ស្វែងរកគន្លឹះ​បញ្ជូន​ទម្រង់​គំនិត​សិល្បៈមួយតាមរយៈមនោ​សញ្ចេត​នា អារម្មណ៍ គំនិត​របស់ពួកគេ
ទៅក្នុង​អារម្មណ៍​របស់ទស្សនិកជន​​​។ តម្លៃស្នាដៃសិល្បៈមួយ អាស្រ័យលើ​របៀប​នៃការ​ធ្វើស្វ័យសម្តែងរបស់សិល្បករ ជាពិសេស ការសម្តែងអារម្មណ៍។​ វិចិត្រករ​ម្នាក់
មានវេទនា​រម្មណ៍​​អំពីកំហឹងមួយ ហើយគាត់​គូរ​រូប​ភាពមួយដែលមាន​សភាព​ក្រេវ​ក្រោធ​ ដូច្នេះ
វិចិត្រករនោះបាន​សម្តែងវេទនារម្មណ៍របស់គាត់​នៅ​ក្នុង​គំនូរ​នោះ។ ឯអ្នកមើលបាន​យល់ពីកំហឹងនោះតាមរយៈការផ្តោត​អារម្មណ៍​​ទៅលើ​រូបភាពនោះ។

២-សិល្បៈមានតម្លៃបរានុម័តិផង និង តម្លៃអត្តនោម័តិផង

ហ៊ូម (Hume) និង ខាន្ត (Kant) ជាអ្នកបរានុម័តិ​និយម​ខាងសោភ័ណ​(Aesthetic
Objectivism) អះអាងថា ៖ គុណភាពខាងសោភ័ណ គឺជា​លក្ខណៈ​ដែល​ជាប់មក​ជាមួយនៅក្នុងវត្ថុនានា
ហើយ​បទ​ពិសោធន៍ខាង​សោភ័ណ ផ្តល់ឱ្យ​យើងនូវពុទ្ធិស្តីពីលក្ខណៈ​​​ទាំ​ងនេះ​[2]។ ក្នុងន័យនេះ
វត្ថុសិល្បៈមួយល្អ ឬ​​ មាន​សោភ័ណ គឺអាស្រ័យលើគុណភាព ​ឬ​ លក្ខណៈ​ដែល​​​​​មានកប់នៅក្នុង​វត្ថុនោះ  វាមិនអនុលោមទៅ​តាមការអនុម័ត
ឬ ការវិនិច្ឆ័យរបស់មនុស្ស​ណា​ម្នាក់​ទេ​ ពោល​​​គឺ វា​ឯករាជ្យពីញាណ ឬ ស្មារតី​របស់​មនុស្ស​​។​ ឧទាហរណ៍​ ៖ បទ​ចម្រៀង​របស់​លោក ស៊ិន​ ស៊ី​សាមុត មានអត្ថរូប អត្ថរស និង អត្ថន័យនៅក្នុង​បទចម្រៀង ដោយ​​មិន​អនុលោមទៅតាមការអនុម័ត
 ឬ ការវិនិច្ឆ័យ​របស់មនុស្សណាម្នាក់​ទេ។

ផ្ទុយមកវិញ អត្តនោម័តិនិយមខាងសោភ័ណ (Aesthetic Subjectivism)​អះអាងថា ៖​ វត្ថុ​សិល្បៈមួយ​ល្អ ឬ មានសោភ័ណ​ ​និង មានតម្លៃ អនុលោមទៅ​តាម​វេទនាអារម្មណ៍
ជំនឿ សមត្ថភាព​គិត​ពិចារណា​ តម្រូវ​ការ និង ចំណង់​របស់​មនុស្ស។
មនុស្ស​ជារង្វាស់នៃភាពល្អ ស្អាត និង តម្លៃ។​​​ ​បុគ្គលម្នាក់ៗ​ស្គាល់​សោភណ​​ភាព និង​
តម្លៃក្នុង​សិល្បៈមួយ​តាមអព្ភន្តរញ្ញាណ​ ឬ តាមវិចារណ​ញាណ​របស់ខ្លួន​រៀងៗ​ខ្លួ​ន​។​
វត្ថុមួយមាន​​តម្លៃ និង មានសារសំខាន់ខ្លាំងសម្រាប់​មនុស្ស​ម្នាក់ តែបែរ​ជា​មិនមានតម្លៃ
មិនមានសារសំខាន់ សម្រាប់​មនុស្ស​ម្នាក់​ទៀត​ទៅ​វិញ។

៣-តួនាទី និង សារសំខាន់នៃសិល្បៈនៅក្នុងសង្គម

មនុស្សអានប្រលោមលោក
សូត្រកំណាព្យ ទៅ​មើល​សិល្បៈ
(កុន ល្ខោន ការប្រគុំតន្រ្តី) ស្តាប់​តន្ត្រី ទៅទស្សនាពិព័រណ៍សិល្បៈ
មើលផ្ទាំងគំនូរ មើល​រូប​ចម្លាក់ ធ្វើដំណើរទៅមើលអគារ​ប្រណិតៗ
ឬ ​ទស្សនីយភាព​ល្អៗ។ល។ ទាំងអស់​​នេះជាសកម្មភាព​សិល្បៈ។ ការអានកំណាព្យ ​នឹងមិន​ជួយរក​លុយ​​ចិញ្ចឹម​ជីវិត​របស់យើងទេ
(លើកលែងតែយើងជា​គ្រូ​បង្រៀន​កំណាព្យ
ឬ អ្នកសូត្រ​កំណាព្យ​តាមវិទ្យុ ទូរ​ទស្សន៍ ជាដើម)។ ការទៅ​ទស្សនាពិព័រណ៍សិល្បៈ នឹងមិនធ្វើឱ្យ​យើង​​ជា​សះស្បើយពីជំងឺខាងផ្លូវ​កាយ​ទេ​។ គេ​បាន​ចំណាយប្រាក់កាស ពេល​វេលា និង ​សម្ភារៈផ្សេងៗ​ជា​ច្រើន​អនេក
ចំពោះការផលិត ការ​ប្រើ​ប្រាស់ ​(មើល អាន ស្តាប់ តុបតែង…)
និង ការ​វិភាគសិល្បៈ។ ដូច្នេះ
វាជារឿងសម​ហេតុផល​មួយ ដែល​យើង​ត្រូវសួរថា ៖ ​ហេតុអ្វីបាន​មនុស្សស្វែងរក​បទ​ពិសោធន៍​សិល្បៈ?​ហេតុអ្វីបាន​ជាមនុស្សចាប់​អារម្មណ៍​ខ្លាំង​អំពី​សិល្បៈ?
តើបទពិសោធន៍​សិល្បៈ​មាន​អ្វី​មួយពិសេស? តើយើង​ចង់​បាន​អ្វីពិតប្រាកដ​ពីសិល្បៈ?

សិល្បៈ
គឺទាក់ទងនឹងភាពប្រឌិតញាណ និងការប៉ិនប្រសប់របស់មនុស្ស​នៅក្នុងទង្វើឬក្នុងការបង្កើតអ្វីមួយដែលមានទម្រង់
និងសោភណភាព។ សិល្បៈ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងសង្គមមនុស្ស។ ​សិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងពី​តថភាព​​សង្គម​មនុស្ស
និង បានលើកយកបញ្ហាក្នុងសង្គមមនុស្សមកចោទ​ និង ដោះ​ស្រាយ​។ សិល្បៈបានស្តែងចេញនូវ​តម្លៃ
​សេចក្តីរីករាយ​ និង លំអរបស់​វា តាមរូបភាព​ផ្សេងៗ ដូចជា ការធ្វើត្រាប់ និង ការសម្តែង។សិល្បៈ​​គឺជា​ចំណី​អារម្មណ៍​បំពេញ​​ការ​សប្បាយរីករាយ។ យើងឱ្យ​តម្លៃសិល្បៈ
ប្រសិនបើវាផ្តល់​ឱ្យយើងនូវ​សេចក្តីរីករាយ នេះជាចម្លើយខ្លី សាមញ្ញមួយ​ចំពោះសំណួរថា
តើអ្វី​ទៅ​ដែល​យើងកំពុងស្វែងរកនៅក្នុងសិល្បៈ។​ សិល្បៈមួយផ្តល់​សេច​ក្តី​រីករាយ
វាជា​សិល្បៈ​មួយល្អ។ សិល្បៈមួយដែលផ្តល់សេចក្តីរីករាយកាន់តែ​ច្រើន
វាជា​សិល្បៈមួយ​ដែល​កាន់តែល្អ។ ​

បដិមតិមួយបានចោទជាបញ្ហាមួយឡើងថា
ការភ្ជាប់សេចក្តីរីករាយ​ជាមួយ​​សិល្បៈ​នោះមិនទាន់​ជាការគ្រប់​គ្រាន់ទេ
ពីព្រោះ មានវត្ថុជាច្រើនទៀតក៏​អាច​ផ្តល់ឱ្យយើងនូវសេចក្តីរីករាយដែរ
តែពួកវា​មិន​មែន​ជាស្នាដៃសិល្បៈទេ  ដូច​ជា
ការដើរកំសាន្តនៅក្នុងជនបទ ការគយគន់ទេសភាពធម្មជាតិ​ជាដើម​។ វត្ថុខ្លះ​ក្នុងចំណោម​វត្ថុ​ទាំង​នេះ
អាចផ្តល់សេចក្តីរីករាយជាងសិល្បៈក៏មានដែរ។​​ទោះ​បី​ជាសិល្បៈ អាច​ផ្តល់សេចក្តីរីករាយក៏ដោយ
ក៏មិនប្រាកដថាវាតែងតែ​ផ្តល់​សេចក្តីរីករាយជានិច្ចនោះទេ ហើយក៏មិន​ប្រាកដថា ការផ្តល់សេចក្តី​រីក​រាយ​នោះ
ជាគោលបំណងសំខាន់របស់វាដែរ។ ជាទូទៅ ស្នាដៃសិល្បៈ​មួយ​ចំនួន ជួយជំរុញឱ្យមាន​ជោគ​ជ័យលើការសម្រេចគោលបំណងណាមួយ
វាហាក់ដូច​ជាមិនបាន​បង្ហាញ​សេចក្តីរីករាយទាល់តែ​សោះ។ ឧទាហរណ៍​ សេចក្តី​រន្ធត់នៃ​សង្គ្រាមរបស់ភាពយន្ត​មួយ​ចំនួន​
ដូចជា រឿង​វាល​​​ពិឃាត រឿង​នរកប្រាំបួនជាន់រឿងគុកឥតជញ្ជាំងជាអក្សរសិល្ប៍មួយប្រភេទ​ដែលលាតត្រដាងពី​សោក​នាដ្យ​កម្ម
​អំពើផ្តាច់ការ ឃោរឃៅ ព្រៃផ្សៃ កាប់សម្លាប់គួរឱ្យរន្ធត់​នៅ​ក្នុងរបប​ខ្មែរ​ក្រហម (១៩៧៥-១៩៧៩)​ ដែលបានបង្ហាញឱ្យឃើញ​តាមរយៈការ​ខូច​ខាត អំពើ​ហិង្សា
កាប់សម្លាប់ សាកសព និង រូប​ភាព​ផ្សេងៗនៃអំពើថោកទាប​។ ក្រៅ​ពី​នេះ ស្នាដៃ​អក្សរសិល្ប៍​ផ្សេងៗទៀត ដែលនិយាយពីសង្គ្រាម
ការ​អប់រំ ឬ វិទ្យា​សាស្ត្រជាដើម ក៏មិនបាន​បង្ហាញ​ឱ្យ​ឃើញ​ពីសេចក្តី​​រីករាយដែរ។
ដូច្នេះ ហាក់​ដូច​​ជា​មិនគួរ​ឱ្យជឿថា សេចក្តីរីករាយ ពិតជាអាចរាប់បញ្ចូល​ជា​​តម្លៃ​នៃសិល្បៈ
ច្រើនជាងតម្លៃនៃអ្វីផ្សេងទៀត ដែល​មិនមែនជាសិល្បៈ ឬ ក៏អាច​និយាយថា សិល្បៈ​​មួយ​ចំនួន​​មានតម្លៃច្រើនជាងសិល្បៈមួយចំនួនទៀត ពីព្រោះតែវាមាន​សេចក្តី​រីក​រាយ​​ច្រើនជាងនោះទេ។

មនុស្សស្វែងរកបទពិសោធន៍សិល្បៈ
ពីព្រោះតែគេត្រូវការ ឬ មាន​បំណង​​បំពេញសេចក្តី​រីករាយ​ផ្ទាល់ខ្លួនគេ។
​ហេតុអ្វីបាន​ជាមនុស្ស​ស្វែងរក​សេចក្តី​​រីក​រាយ​​? តើអ្វីទៅជាប្រយោជន៍ដែលបានមកពី​សេចក្តី​រីករាយនោះ?
មាន​វិធីជា​ច្រើនក្នុងការចាប់យកសេចក្តីរីករាយ ដូចជា គេថាគេអង្គុយលេង​បៀរ​ដើម្បី​បាន​សប្បាយ
ក៏គេទទួលបានសេចក្តីរីករាយ។​ មកជុំគ្នាអង្គុយផឹកស្រា​ដើម្បី​បាន​សប្បាយ ​ក៏គេទទួល​​បានសេចក្តីរីករាយ។ ​​​ទៅ​រួមភេទជាមួយស្រី​លក់​ខ្លួន ក៏គេ​ទទួលបានសេចក្តីរីករាយ។
គេព្យាយាម​​គិត ហើយខិតខំព្យាយាម​ធ្វើ​កិច្ចការអ្វី​មួយ​បានសម្រេច ក៏គេទទួលបានសេចក្តីរីករាយ។

ពេលដែលយើងអានប្រលោមលោក
ស្តាប់តន្ត្រី ​ទស្សនាពិព័រណ៍សិល្បៈ មើល​ការសម្តែង មើល​​គំនូរ មើល​ចម្លាក់
មើលសំណង់ប្រណីតៗ ការតុបតែង​ទេសភាព យើងមិនគ្រាន់តែមានអារម្មណ៍​សប្បាយ​​រីករាយនឹងសោភ័ណ​ប៉ុណ្ណោះ​ទេ
ប៉ុន្តែ ជាញឹកញាប់យើងក៏ចង់វិភាគ ទម្រង់ អត្ថន័យ វែកញែកពីបទ​ពិសោធន៍​​​របស់​យើងចំពោះសិល្បៈ
និង ពិនិត្យទៅលើផលប្រយោជន៍ដែល​យើងទាញ​យក​ពីសិល្បៈទាំង​​​​នោះផងដែរ។

ទន្ទឹម​នឹងការពង្វក់អារម្មណ៍
ឬ ស្មារតីអ្នកអាន អ្នកស្តាប់ ឱ្យលង់លក់​ក្នុងការ​សប្បាយរីករាយ
សិល្បៈ​ក៏​បាន​​អប់រំ ឬ កែប្រែ ៖ ផ្នត់គំនិត ជំនឿ មនោ​-គមវិជ្ជា
សាសនា អាកប្បកិរិយារបស់បុគ្គល អាកប្បកិ​រិ​យា​របស់ក្រុមមនុស្ស​ ឬ បក្ស​នានា ​ឱ្យមានទស្សនវិស័យ គោលបំណង គោលដៅ វត្ថុបំណង និង ​បេស​ក​កម្ម​ក្នុង​ដំណើរជីវិត​ផ្សេងៗ​ពី​គ្នា​ផងដែរ។
សិល្បៈគឺជាអាវុធមុខពីរ វាអាចធ្វើឱ្យ​សង្គម​មនុស្ស​ចុះ​សម្រុង
និង ​រីកចម្រើន និង ធ្វើឱ្យវប្បធម៌​មានការវិវត្ត មានការ​អភិវឌ្ឍ
និង មានតម្លៃ ហើយវាក៏អាចធ្វើឱ្យ​សង្គម​បែកបាក់ រើសអើង អន្តរាយ និង ធ្វើឱ្យ​វប្បធម៌​អាប់ឱនដែរ។
វប្បធម៌ សំដៅទៅលើការបូកសរុប​នូវ​សកម្ម​ភាពផ្សេងៗ​គ្រប់​ប្រភេទរបស់មនុស្ស ដែល​មាន
សេដ្ឋកិច្ច ការអប់រំ សាសនា វិទ្យាសាស្ត្រ និង ​សិល្បៈ៘ ដែលនៅក្នុងចំណោមនោះ ស្នូល​សំខាន់បំផុត
គឺ សិល្បៈ។ និយាយម៉្យាងទៀត សិល្បៈគឺជាព្រលឹងរបស់វប្បធម៌។ គេអាចប្រើ​សិល្បៈ​ជា​ឧបករណ៍ ឬ ជាអាវុធនៃការតស៊ូវណ្ណៈ បំផុស​កំហឹង​ឈឺ​ចាប់
បណ្តុះ​គំនិត​ជាតិ​និយម ជាមធ្យាបាយនៃការបំបែកបំបាក់ ឬ បង្រួបបង្រួម ជាមធ្យោ​បាយ​​បណ្តុះ​ទាំង​ចរិត​ឃោរឃៅ
ទាំងស្មារតីសន្តិភាពនិយម។ល។

តម្លៃតក្កវិជ្ជាក្នុងសិល្បៈគឺ​
 កើតចេញពីការពិចារណា  និង វិនិច្ឆ័យត្រឹម​ត្រូវ​ពី​វត្ថុ​ដែល​បានបង្កើត​ឡើង ដូចជា រូបបដិមា
គំនូរ វត្ថុប្រើប្រាស់ សំណង់ ការរចនា​របស់របរប្រើប្រាស់ (សម្លៀកបំពាក់ ចាន​ក្បាន
ឧបករណ៍ភ្លេង រទេះ នង្គ័ល រនាស់…) ការសម្តែង រចនាបថសំណេរតក្កសាស្ត្រជាដើម។ អ្វី​ដែល​​​យើង​ឱ្យ​តម្លៃនៅក្នុងសិល្បៈគឺ
សោភណភាព ការបំពេញសេចក្តីរីករាយ និង តម្លៃ​ទស្សន​វិជ្ជា។ ជារួម យើង​អាចនិយាយបានថា ការណ៍ដែលយើងចាប់អារម្មណ៍​ខ្លាំងជា​មួយសិល្បៈនោះ
ពីព្រោះ​វាផ្តល់ឱ្យ​យើង​មិន​ ត្រឹមតែសេចក្តីរីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំងផ្តល់តម្លៃ បទពិសោធន៍ជីវិត ការអប់រំ ផល​ប្រយោជន៍​​ផ្សេងៗ​ទៀត និង ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមផងដែរ។

ការចាប់ផ្តើមសករាជថ្មី
(បដិវត្តន៍សង្គម) តែងតែបាននាំមុខដោយ​ស្មារតីថ្មី​នៅក្នុងសិល្បៈ។
ឧទាហរណ៍ នៅក្នុងបដិវត្តន៍កុម្មុយនីស្ត សិល្បករបាន​ចូល​រួម​វិភាគទានយ៉ាងធំធេង។
គេបានដឹងច្បាស់ថា ស្នាដៃរបស់ ម៉ាកស៊ីម ហ័រ្គគី ​(Maxim Gorky) នៅក្នុងបដិវត្តន៍រុស្សី និង ស្នាដៃរបស់ លូ ស៊ុន (Lu Xun) នៅក្នុងបដិវត្តន៍វណ្ណៈអធនរបស់ចិន បានរួមវិភាគទានដល់ចលនាបដិវត្តន៍​ទាំង​នេះយ៉ាងធំធេង។
ដូច​គ្នា​នេះ​ដែរ នៅក្នុងសង្គមខ្មែរ សិល្បៈក៏បានបម្រើឱ្យ​នយោ​បាយសង្គមនៃរបបនយោបាយ​នីមួយៗ​ផង​ដែរ
យើងពិនិត្យមើលតួនាទី​ដែល​សិល្បៈដើរតួនៅក្នុងការ​បង្កើតលទ្ធិកុម្មុយនីស្តនិយម ដូចជា
ប្រលោម​លោក ចម្រៀង កំណាព្យ ​ល្ខោន ឆាកកំប្លែង … របស់ខ្មែរក្រហម
បានធ្វើឱ្យពលរដ្ឋខ្មែរ​សម័យ​នោះ ជាពិសេស​កុមារ និងយុវវ័យស្អប់អ្នកមាន ស្អប់វណ្ណៈមូលធន
ស្អប់​វណ្ណៈសក្តិភូមិ ស្អប់បរទេសនិយម
មានគំនិត​ជាតិនិយមជ្រុលហួសហេតុជា​ដើម​។ ដូច្នេះ នៅក្នុងការបង្កើតវប្បធម៌ថ្មី
ចាំបាច់ត្រូវតែបង្កើត​ទស្សន​វិជ្ជាថ្មីបង្កប់នៅ​ក្នុង​សិល្បៈ។ សិល្បៈរបស់ពួកកុម្មុយនីស្ត
គេហៅថា តថភាពនិយមបែប​សង្គម​និយម​ផ្អែកលើទ្រឹស្តីរូបធាតុនិយមបដិសំយោគ និង រូបធាតុនិយមប្រវត្តិសាស្ត្រ
ដែលបានស្វែងរកការ​លាត​ត្រដាងពីភាពផ្ទុយគ្នា នៃសង្គមមូលធននិយម និង​ដឹក​​នាំប្រជាពលរដ្ឋឆ្ពោះទៅរកបដិវត្តន៍។

ហេតុ​នេះ
យើងឃើញថា សិល្បៈគឺជា​ប្រធាន​បទ​សំខាន់មួយ ដែល​មនុស្ស​​យកចិត្ត​ទុកដាក់ និង​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់​ទៅលើវា។


[1] Nicholas Bunnin and E.P. Tsui-James
: The Blackwell Companion to
Philosophy
, Oxford OX4 1JF,  Blackwell Publisher Ltd., 1996,  237.

[2] John A. Mourant
and E. Hans Freund : Problems of
philosophy
, (New York : Collier Macmillan Publishers, 1964), p. 231.