ទំព័រដើម » រចនាសម្ពន្ធគ្រប់គ្រង » ផ្នែកនីតិសាស្ត្រនិងវិទ្យាសេដ្ឋកិច្ច » យន្តការដោះស្រាយបញ្ហាទីផ្សារបន្លែនៅកម្ពុជា ៖ ទ្រឹស្តី និង អនុវត្តន៍

យន្តការដោះស្រាយបញ្ហាទីផ្សារបន្លែនៅកម្ពុជា ៖ ទ្រឹស្តី និង អនុវត្តន៍

យន្តការដោះស្រាយបញ្ហាទីផ្សារបន្លែនៅកម្ពុជា ៖ ទ្រឹស្តី  និង អនុវត្តន៍

ដោយ៖ ឆេង វណ្ណារិទ្ធ(បណ្ឌិតផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច)

ប្រធានស្តីទីវិទ្យាសា្ថនមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

សេចក្តីផ្តើម

នៅក្នុងអត្ថបទ «បញ្ហា និង ដំណោះស្រាយ ទីផ្សារបន្លែនៅកម្ពុជា» ដែល​បានចុះផ្សាយក្នុងអត្ថបទស្រាវជ្រាវ របស់មន្ត្រីវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ បាន​បង្ហាញ​ពីបរិមាណបន្លែ ដែលផលិតដោយកសិករក្នុងស្រុក នៅមិនទាន់គ្រប់​គ្រាន់តាមតម្រូវការទីផ្សាររបស់ខ្លួននៅឡើយ ដែលជាហេតុឱ្យមានការនាំចូល​បន្លែ​ជាច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក ពីប្រទេសជិតខាងច្រើន។ ប្រសិន​បើស្ថានភាពនៃការផលិតបន្លែក្នុងស្រុក នឹងស្ថិតក្នុងសភាពដូចនេះជាបន្តទៀត   នោះ ប្រទេសកម្ពុជានឹងបន្តនាំចូលបន្លែកាន់តែច្រើនថែមទៀតពីមួយឆ្នាំទៅ​មួយឆ្នាំ ពីប្រទេសថៃនិងវៀតណាម។ ក្នុងអត្ថបទដដែលនោះ ក៏បានបង្ហាញនូវ​វិធីដោះស្រាយតាមរយៈទ្រឹស្តីទាក់ទងនឹង «កត្តាសម្រេចនៃការផ្គត់ផ្គង់» («deter-minants of supply») ដែលក្នុងនោះរួមមាន៖ 

១-ថ្លៃលើធនធាន,

២-បច្ចេកវិទ្យា,

៣-ពន្ធ និង ការឧបត្ថម្ភធន,

៤-ថ្លៃលើទំនិញដទៃ,

៥-ក្តីរំពឹងចាំ,

៦-ចំនួនផលិតករដែលកត្តាទាំងអស់នេះ អាចមាន​ឥទ្ធិពលទៅលើ​បរិមាណ​ផ្គត់ផ្គង់បន្លែនៅលើទីផ្សារ។

ជាបន្តទៀតនៅក្នុងអត្ថបទ «យន្តការដោះស្រាយបញ្ហាទីផ្សារបន្លែនៅ​កម្ពុជា ៖ ទ្រឹស្តី និង អនុវត្តន៍» នេះ យើងនឹងបង្ហាញនូវយន្តការដែល​អាចជួយ​ឱ្យមានសមតារវាងតម្រូវការ និង ការផ្គត់ផ្គង់បន្លែនៅលើទីផ្សារក្នុងស្រុក មាន​ន័យ​ថា បន្លែនឹងត្រូវបានផលិតដោយអនុលោមតាមការប្រើប្រាស់ ឬ ការប្រើប្រាស់​ត្រូវ​ទៅតាមការផលិតដោយមិនលើស និង មិនខ្វះ។

១-ចំណោទបញ្ហាជាមូលដ្ឋានគ្រឹះប្រាំ

ជាបឋមត្រូវយល់ថា គ្រប់ប្រព័ន្ធសេដ្ឋកិច្ចទាំងឡាយ ត្រូវរកចម្លើយ​លើ​សំណួរជាមូលដ្ឋានគ្រឹះ ប្រាំគឺ៖

១-តើគប្បីផលិតចំនួនប៉ុន្មាន?,

២-តើរបស់អ្វីគប្បីផលិត?,

៣-តើផលិផលនោះគប្បីផលិតបែបណា?,

៤-តើអ្នកណាទទួលផលិតផលនោះ?

៥-តើប្រព័ន្ធផលិតកម្មនេះអាចសម្របសម្រួលតាមតម្រូវការ ឬ ការ​ផ្គត់ផ្គង់ធនធាន ក៏ដូចជា ការប្រែប្រួលបច្ចេកវិទ្យាដែរឬទេ?។

តាមការវិភាគស្ថានភាពទីផ្សារបន្លែនៅក្នុងស្រុក យើងឃើញថា​៖ «បន្លែ​មួយចំនួនដែលផលិតដោយកសិករក្នុងស្រុក គឺគ្មានអ្នកទិញ ពោលគឺ ផលិតផល លើស  ចំណែកឯបន្លែមួយចំនួនទៀត គឺត្រូវបាននាំចូលពីទីផ្សារខាងក្រៅ ពោលគឺ ផលិតផលក្នុងស្រុកមិនគ្រប់គ្រាន់។

ដូច្នេះ យើងអាចអះអាងបានថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់​យើងទាក់ទងនឹងទីផ្សារបន្លែ គឺមិនទាន់ឆ្លើយតបបានត្រឹមត្រូវ លើសំណួរ​ជា​មូលដ្ឋានគ្រឹះទាំងប្រាំ (five fundamental questions) ខាងលើនៅឡើយទេ។ តើ​ត្រូវដោះស្រាយបែបណា?

២-ដំណោះស្រាយ

            យើងឃើញហើយថា ទីផ្សារបន្លែក្នុងស្រុកមានបញ្ហាពីរគឺ ៖ ទីមួយ- ប្រភេទបន្លែខ្លះ និង នៅកន្លែងខ្លះគឺមានផលិតផលលើស ហើយនៅសល់ដោយ​គ្មានអ្នកទិញ ដោយការផ្គត់ផ្គង់លើស និង ទីពីរ- ប្រភេទបន្លែខ្លះ​ និង នៅ​កន្លែង​ខ្លះ មានការផលិតផលខ្វះ ជាហេតុឱ្យមានការនាំចូលពីខាងក្រៅ ដោយការ​ផ្គត់ផ្គង់មិនគ្រប់គ្រាន់។

យើងអាចដោះស្រាយបញ្ហាទាំងនេះ ដោយអនុវត្តតាមរយៈទ្រឹស្តី (សូម​មើល ៖ រូប៣ «ការប្រែប្រួលក្នុងការផ្គត់ផ្គង់» នៅក្នុងអត្ថបទស្រាវជ្រាវ​របស់​មន្ត្រីវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យ​សភា​កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩) កត្តាមួយចំនួននៃ «កត្តាសម្រេចនៃការផ្គត់ផ្គង់» («deter-minants of supply») ដូចខាងក្រោម៖

២.១-ការអនុវត្ត“កត្តាសម្រេចនៃការផ្គត់ផ្គង់”

ក-ថ្លៃលើធនធាន

ទំនិញដែលកសិករយកមកប្រើប្រាស់ ជាវត្ថុធាតុដើមសម្រាប់ការដាំដុះ​បន្លែ ដូចជា ជី ថ្នាំកសិកម្ម ប្រេងឥន្ធនៈ ។ល។ គឺមានថ្លៃខ្ពស់ ធៀបទៅនឹងថ្លៃ​វត្ថុ​ធាតុដើមនៅក្រៅប្រទេស ដែលជាហេតុឱ្យបន្លែរបស់ប្រជាកសិករខ្មែរបាត់បង់​នូវលទ្ធភាពប្រកួតប្រជែង នៅលើទីផ្សារក្នុងស្រុក។ ដូច្នេះ ដើម្បីកាត់បន្ថយ​ថ្លៃដើម គឺត្រូវប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយការបង្កើតរោងចក្រផលិតជី និង ថ្នាំកសិកម្ម ក្រោមការវិនិយោគឬផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល។

ខ-បច្ចេកវិទ្យា  

នាពេលបច្ចុប្បន្ននេះ កសិករខ្មែរភាគច្រើនដែលដាំបន្លែ គឺធ្វើទៅតាម​បែប​កសិកម្មយថាផល គ្មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់តាមបច្ចេកទេស គ្មាន​សម្ភារៈ និង បរិក្ខារសម្រាប់បម្រើការដាំដុះបន្លែគ្រប់គ្រាន់ ឬ គ្មានសមត្ថភាព​ប្រើប្រាស់សម្ភារៈ និង បរិក្ខារទំនើប ការប្រើប្រាស់ដី ពូជ ជី ថ្នាំ គឺមិនត្រឹមត្រូវ​ទៅតាមបទដ្ឋានបច្ចេកទេស ។ល។ និង ។ល។ ដែលជាហេតុឱ្យទិន្នផលទាប ធ្វើ​ឱ្យថ្លៃដើមផលិតកម្មខ្ពស់។ ទាំងអស់នេះហើយ ដែលការដាំបន្លែដោយកសិករ​ខ្មែរនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកគឺមិនអាចលក់បានតាមថ្លៃ​ទីផ្សារ​ប្រកួតប្រជែងជាមួយនឹងបន្លែនាំចូលពីខាងក្រៅ ហើយតម្រូវឱ្យប្រទេស​កម្ពុជានាំចូលពីប្រទេសវៀតណាម និង ថៃ ប្រមាណជា១៤ម៉ឺនតោន​ក្នុង១ឆ្នាំៗ​ដោយចំណាយសាច់ប្រាក់ទៅក្រៅប្រទេស ប្រមាណជា២០០លានដុល្លារក្នុង​១ឆ្នាំៗ ​(សូមមើលៈhttp://kleykley.sabay.com.kh/article/1013701 )

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រដ្ឋាភិបាលគួរតែជំរុញការរៀបចំ​ប្រព័ន្ធ​ស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេសស្តង់ដារ និង ស្ថាប័នពាក់ព័ន្ធ មន្ត្រី​ជំនាញចុះទៅដល់ទីកន្លែងដើម្បីបណ្តុះបណ្តាលប្រជាកសិករ អំពីបច្ចេក​ទេស​ប្រើប្រាស់ដី ទឹក ជី ថ្នាំកសិកម្ម ។ល។ និង ។ល។
ត្រឹមត្រូវតាម​បច្ចេក​ទេស​កសិកម្ម ដើម្បីប្រើប្រាស់ធនធានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព បង្កើនទិន្នផល
កាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យកើនឡើងទាំងបរិមាណ និង សមត្ថភាព​ប្រកួត​ប្រជែងនៃបន្លែផលិតក្នុងស្រុក
ហើយឈានដល់ម្ចាស់ការនៅលើទីផ្សារ​បន្លែក្នុងស្រុកដោយខ្លួនឯង។
បន្ថែមពីលើនេះ រដ្ឋាភិបាលក៏ត្រូវបង្រៀន​បច្ចេក​ទេសដល់កសិករដាំបន្លែខ្មែរទាំងអស់ឱ្យចេះកែច្នៃ ខ្ចប់ វេច ផលិតផលបន្លែ
ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និង ឈានដល់ការនាំចេញទៅក្រៅប្រទេស​តាម​ស្តង់ដារ។

គ- ការឧបត្ថម្ភធន

កសិករខ្មែរដាំបន្លែភាគច្រើនមិនមានទុនគ្រប់គ្រាន់ដើម្បី ពង្រីកផ្ទៃដី​ដាំ​ដុះ គ្មានលទ្ធភាពទិញ សម្ភារៈ បរិក្ខារ បច្ចេកវិទ្យាទំនើប សម្រាប់ប្រើប្រាស់​ក្នុងការដាំបន្លែរបស់ខ្លួនឡើយ ស្របពេលដែលអត្រាការប្រាក់កម្ចីធនាគារ​មាន​ជាមធ្យម១,៥%ក្នុង១ខែ ដែលកម្រិតនេះ គឺខ្ពស់សម្រាប់វិស័យកសិកម្ម។ ដូច្នេះ​ដើម្បីទ្រទ្រង់ការផ្គត់ផ្គង់បន្លែផលិតដោយកសិករខ្មែរក្នុងស្រុក សម្រាប់បំពេញ​តម្រូវការទីផ្សារនោះ រដ្ឋាភិបាលគួរឧបត្ថម្ភធន ឬ ឥណទាន ក្នុងកម្រិតអត្រា​ការ​ប្រាក់ទាប ដើម្បីប្រជាកសិករដាំបន្លែមានទុនគ្រប់គ្រាន់ សម្រាប់បំពេញ​សេចក្តី​ត្រូវការក្នុងដំណើរការផ្គត់ផ្គង់បន្លែរបស់ខ្លួន នៅលើទីផ្សារក្នុងស្រុក។

ឃ- ចំនួនផលិតករ

កសិករមានចំនួនតិចតួច ផលិតបន្លែផ្គត់ផ្គង់ក្នុងស្រុកក៏ជាកត្តាសំខាន់​មួយ ដែលតម្រូវឱ្យប្រទេសកម្ពុជានាំចូលបន្លែពីប្រទេសវៀតណាម និង ថៃ ប្រមាណជា២០០តោន ទៅ ៤០០តោនក្នុងមួយថ្ងៃៗ ជាមួយតម្លៃទឹក​ប្រាក់​ពី​១៥០-២០០លានដុល្លាក្នុងមួយឆ្នាំ (សូមមើល ៖ https://www.dap-news.com/​2018/​07/04/)។

ដូច្នេះ រដ្ឋាភិបាលត្រូវមានគោលនយោបាយដើម្បីទាក់ទាញឱ្យមាន​ចំនួន​ផលិតករដាំបន្លែច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារបំពេញ​តម្រូវការ​ក្នុងស្រុក។ ជាការពិតណាស់ថា ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី ផលិតករជា​ឯកជន គឺពួកគេនឹងផលិតអ្វីដែលផ្តល់នូវផលចំណេញច្រើនតែបើមិនចំណេញ គឺពួកគេនឹងមិនផលិតឡើយ។

ជាបន្តទៀតតើត្រូវធ្វើបែបណាដើម្បីទាក់ទាញកសិករខ្មែរ ឱ្យងាកទៅ​ប្រកបរបរដាំបន្លែដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក?។ ដូចបានបញ្ជាក់ពីខាង​ដើមស្ថានភាពទីផ្សារបន្លែនៅប្រទេសកម្ពុជា ក្រៅពីការនាំបន្លែចូលពី​ក្រៅ​ប្រទេស និង ថ្លៃបន្លែឡើងចុះគ្មានភាពច្បាស់លាស់ ក៏មានករណីដែលបន្លែខ្លះ និង នៅ​កន្លែង​ខ្លះនៃប្រទេសកម្ពុជាមានផលិតផលលើស ហើយនៅសល់ដោយគ្មាន​អ្នក​ទិញ ដោយការផ្គត់ផ្គង់លើស។ កត្តានេះហើយ ដែលជាឧបសគ្គមិនលើកទឹក​ចិត្ត​ឱ្យកសិករខ្មែរដាំបន្លែដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។

បញ្ហានេះកើតឡើងដោយមូលហេតុកសិករជាអ្នកដាំបន្លែ មិនបាន​ដឹង​អំពីសំណួរជាមូលដ្ឋានគ្រឹះប្រាំ (five fundamental questions) ពីខាងដើម គឺ៖

១-តើគប្បីផលិតចំនួនប៉ុន្មាន,

២-តើរបស់អ្វីគប្បីផលិត?,

៣-តើផលិផលនោះគប្បីផលិតបែបណា?,

៤-តើអ្នកណាទទួលផលិតផលនោះ?

៥-តើប្រព័ន្ធផលិតកម្មនេះ អាចសម្របសម្រួលតាមតម្រូវការ ឬ ការ​ផ្គត់ផ្គង់ធនធាន ក៏ដូចជា ការប្រែប្រួលបច្ចេកវិទ្យាដែរឬទេ?។

តើត្រូវដោះស្រាយដោយវិធីណា?

២.២-តួនាទីអន្តរការី

បញ្ហាខាងលើនេះ យើងអាចនិយាយយ៉ាងខ្លីថា បន្លែដែលដាំដុះនៅក្នុង​ស្រុកគឺ «គ្មានទីផ្សារ» (សូមមើលនិយមន័យ «ទីផ្សារ» នៅក្នុងអត្ថបទ «បញ្ហា និង ដំណោះស្រាយ ទីផ្សារបន្លែនៅកម្ពុជា» ដែលបានចុះផ្សាយក្នុងអត្ថបទ​ស្រាវ​ជ្រាវរបស់មន្ត្រីវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យ​សភាកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩)។

តើអ្នកណាដែលត្រូវបំពេញតួនាទីជា «ទីផ្សារ?» គឺ អាជ្ញាធរពាក់ព័ន្ធ

ទីផ្សារ គឺជាយន្តការ ដែលធ្វើឱ្យអ្នកលក់និងអ្នកទិញជួបគ្នា។
ដូច្នេះយើង​លើកជាឧទាហរណ៍ ក្នុងកម្រិតថ្នាក់ខេត្ត គឺមានខុទ្ធការល័យសាលាខេត្ត ជា​សេនាធិការ និង មន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរកសិកម្ម និង មន្ទីរទេសចរណ៍។
មន្ទីរកសិកម្ម គឺជាភាគីផលិតករ ឬ ផ្គត់ផ្គង់ (តំណាងកសិករដាំបន្លែ)
និង មន្ទីរ​ទេសចរណ៍ គឺជាភាគីអ្នកប្រើប្រាស់ ឬ
តម្រូវការ (តំណាងភោជនីយដ្ឋាន សណ្ឋាគារ)​ ដែលប្រើប្រាស់បន្លែ។

តើភ្នាក់ងារនីមួយៗត្រូវបំពេញតួនាទីអ្វីខ្លះ?

មន្ទីរកសិកម្ម គឺជាភាគីផលិតករ ឬ ភាគីផ្គត់ផ្គង់ (តំណាងកសិករដាំ​បន្លែ) ដែលជាអង្គភាពគ្រប់គ្រងទិន្នន័យ ប្រជាកសិករ សហគមន៍កសិករ យល់​ដឹង​អំពីសក្តានុពលផលិតកម្មតាមប្រភេទភូមិសាស្ត្រ និង ប្រភេទផលិតកំណត់ និង បែងចែកឯកទេសនីយកម្ម និង ឧត្តមភាពប្រៀបធៀបតាមធនធាន​មនុស្ស​និង ធនធានភូមិសាស្ត្រ ពោល សមត្តកិច្ចនេះគឺដឹងព័ត៌មានអំពីអ្នកដែលអាច​ផលិតអ្វីបានច្រើនជាង និង កន្លែងដែលផលិតអ្វីបានទិន្នផលខ្ពស់ជាង ហើយ​កំណត់លទ្ធភាពបរិមាណផលិកម្ម។

មន្ទីរទេសចរណ៍ គឺជាភាគីអ្នកប្រើប្រាស់ ឬ ភាគីមានតម្រូវការ ដែលជា​អង្គភាពគ្រប់គ្រងទិន្នន័យអំពីភោជនីយដ្ឋាន សណ្ឋាគារ និង កន្លែងទេសចរណ៍ សំខាន់ៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។ តាមរយៈនេះ អាចដឹងអំពីបរិមាណប្រភេទ​បន្លែ ។ល។ ដែលចាំបាច់សម្រាប់បម្រើអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ។

សរុបសេចក្តីមក មន្ទីរកសិកម្មជាផលិតករ ឬ
ភាគីផ្គត់ផ្គង់បន្លែ ចំណែក​ឯមន្ទីរទេសចរណ៍ ជាភាគីអ្នកប្រើប្រាស់ ឬ ភាគីតម្រូវការបន្លែ។
ដោយសេដ្ឋកិច្ច​ទីផ្សារសេរី ដូច្នេះ អ្នកប្រើប្រាស់ ឬ
អ្នកមានតម្រូវការគឺជាអធិរាជ ដូច្នេះ​ មន្ទីរ​កសិកម្មត្រូវផ្គត់ផ្គង់អ្វីតាមការចង់បានរបស់ភាគីមន្ទីរទេសចរណ៍។

តើធ្វើបែបណាដើម្បីភាគីទាំងពីរជួបគ្នា? ឬ ធ្វើយ៉ាងណា
ដើម្បីឱ្យ​ភាគី​តម្រូវការ និង ភាគីផ្គត់ផ្គង់ជួបគ្នា?
ពោលគឺស្វែងរកទីផ្សារ?។

ខុទ្ធការល័យសាលាខេត្ត ជាសេនាធិការត្រូវដើរតួនាទីជា
«ទីផ្សារ» ធ្វើឱ្យ​ភាគីពាក់ព័ន្ធជួបគ្នាដើម្បីចរចាអំពីលក្ខខណ្ឌ
ដើម្បីឈានដល់ការចុះកិច្ច​ព្រម​ព្រៀង​អំពីតម្រូវការ និង ការផ្គត់ផ្គង់របស់ខ្លួន ហើយខុទ្ធការល័យសាលាខេត្ត ជាអ្នកធានាក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់ភាគីទាំងអស់។

ជាបន្តទៀត មន្ទីរពាក់ព័ន្ធទាំងពីរនេះ ត្រូវដើរតួជាអ្នកសម្របសម្រួល
ឬ ចាត់ចែង ជាពិសេស មន្ទីរកសិកម្ម ត្រូវបែងចែក ទៅតាមឯកទេសធនធាន​មនុស្សតាមភូមិសាស្ត្រ
។ល។ ដើម្បីឆ្លើយតបតាមចំណោទបញ្ហាគ្រឹះខាងលើ។ បែងចែកតាមជំនាញដើម្បីធ្វើឱ្យអ្នកផលិត ឬ
អ្នកផ្គត់ផ្គង់ (កសិករដាំបន្លែ) ជួប​គ្នា​ដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ ឬ អ្នកមានតម្រូវការ
(ភោជនីយដ្ឋាន សណ្ឋាគារ) ដើម្បីចរចាអំពីលក្ខខណ្ឌ
ដូចជា បរិមាណ ប្រភេទ តម្លៃ និង ពេល​វេលាផ្គត់ផ្គង់ ជាដើម
ដោយខុទ្ធការល័យសាលាខេត្ត និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ជាអ្នកធានាក្នុងការអនុវត្តកិច្ចសន្យារបស់គ្រប់ភាគី។

មន្ទីរសេដ្ឋកិច្ច
ជាអង្គភាពដែលក្រៅពីការផ្តល់ហិរញ្ញប្បទាន ការឧបត្ថម្ភ​ធន ការផ្តល់ឥណទាន
។ល។ ជូនដល់កសិករ ក៏ត្រូវទទួលបន្ទុកជាអន្តរការី​ធានា​ការទូទាត់របស់ភាគីផ្គត់ផ្គង់ និង ភាគីតម្រូវការតាមលក្ខខណ្ឌ ដើម្បី​ជា​ទំនុក​ចិត្តដល់គ្រប់ភាគី។

មន្ទីរពាណិជ្ជកម្ម ជាអ្នកគ្រប់គ្រងការនាំចេញ
និង នាំចូល (លើកយក​តែករណីបន្លែ) អាចវិភាគអំពីបរិមាណ និង ប្រភេទបន្លែដែលនាំចេញ និង នាំ​ចូលឆ្លងកាត់ព្រំដែន ហើយអាចផ្តល់ព័ត៌មានដល់មន្ទីរកសិកម្មដើម្បីផ្សព្វផ្សាយ​ដល់ផលិតករអំពីស្ថានភាពទីផ្សារបន្លែ
ដើម្បីឆ្លើយតបទាន់ពេលវេលានូវ​ចំណោទ​បញ្ហាជាគ្រឺះទាំងប្រាំគឺ៖

១-តើគប្បីផលិតចំនួនប៉ុន្មាន?

២-តើរបស់អ្វីគប្បីផលិត?

៣- តើផលិផលនោះគប្បីផលិតបែបណា?,

៤-តើអ្នកណាទទួលផលិតផលនោះ?

៥- តើប្រព័ន្ធផលិតកម្មនេះអាចសម្របសម្រួលតាមតម្រូវការ ឬ
ការ​ផ្គត់ផ្គង់ធនធាន ក៏ដូចជា
ការប្រែប្រួលបច្ចេកវិទ្យាដែរឬទេ? ទៅតាមស្ថាន​ការណ៍​ទីផ្សារ។

គប្បីកត់សម្គាល់ថា ជាមួយគ្នានឹងការលើកទឹកចិត្តដើម្បីមានកសិករដាំ​បន្លែកាន់តែច្រើន
រដ្ឋាភិបាលគប្បីគិតគូរអំពីឯកទេសនីយកម្ម​តាមភូមិសាស្ត្រ​(Geographic
Specialization) ផងដែរ ពោលត្រូវគិតគូរអំពីឧត្តមភាព​ប្រៀប​ធៀប​តាមភូមិសាស្ត្រនីមួយៗ។
ឧទាហរណ៍នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង មានសក្តានុពលក្នុងការដាំបន្លែយកស្លឹក
ដូចជា ស្ពៃ ខាត់ណា សាឡាដ ត្រកួន ចំណែក ខេត្តកោះកុង មណ្ឌលគិរី រតនគិរី
មានសក្តានុពលក្នុង​ការដាំដើម​ឈើ​ហូបផ្លែ  ដូចជា ល្ហុង ទៀបបារាំង
ប៊័រ និង ផ្លែ Passion  ខេត្តព្រៃវែង ប៉ៃលិន បាត់ដំបង
មានសក្តានុពលផ្នែកបន្លែពពួកគ្រឿងទេស ដូចជា រំដេង រមៀត ខ្ជាយ ខេត្តកំពង់ចាម តាកែវ
សម្បូរកសិករចិញ្ចឹមសត្វយកសាច់ ដូចជា ជ្រូក មាន់ ទា ការផលិតត្រីងៀត ត្រីឆ្អើរ
សាច់ក្រក និង ខេត្តដែលសម្បូរស្រូវជាងគេ មានបាត់ដំបង តាកែវ កំពង់ស្ពឺ កំពត និង ព្រៃវែង
ជាដើម (សូមមើល៖ http://​www.​lareine.com.kh/news/eco-bussiness/21348/) ដើម្បីប្រើប្រាស់ធនធាន​សេដ្ឋកិច្ច​ដែលមាន ប្រកបដោយប្រសិទ្ធភាព។

សន្និដ្ឋាន

            ថ្វីបើនាពេលបច្ចុប្បន្ននេះ
ទីផ្សារបន្លែនៅកម្ពុជា ត្រូវបានបំពេញដោយ​ការនាំចូលពីប្រទេសជិតខាង លើស៥០ភាគរយនៃតម្រូវការក្នុងស្រុកក៏ដោយក្តី
ប៉ុន្តែ ប្រទេសកម្ពុជានៅមានសក្តានុពលជាច្រើន ទៀតដែលអាចបង្កើនការផ្គត់​ផ្គង់​បន្លែក្នុងស្រុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ខ្លួន
ហើយថែមទាំងអាចកែច្នៃ ខ្ចប់វេច ដើម្បីនាំចេញទៅក្រៅប្រទេសថែមទៀត។

ដើម្បីសម្រេចបានពីប្រទេសដែលនាំបន្លែចូល
ទៅជាប្រទេសនាំបន្លែ​ចេញ​នាពេលខាងមុខ
គឺតម្រូវឱ្យរដ្ឋាភិបាលចូលរួមយ៉ាងសកម្ម ជាពិសេស​រដ្ឋាភិបាល​ត្រូវលើកទឹកចិត្តដល់កសិករឱ្យដាំបន្លែកាន់តែច្រើន តាមរយៈឧបត្ថម្ភ​ធនជំនួយ​បច្ចេកទេស អន្តរាគមន៍ស្វែងរកទីផ្សារសម្រាប់ផលិតករ
ជាអន្តរការី និងជា អ្នក​ធានារក្សាបរិមាណគុណភាព ថ្លៃ និង ការគោរពតាមកិច្ចសន្យាសម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បីប្រជាកសិករមានទំនុកចិត្ត
និង ជំនឿក្នុងការជំរុញការដាំដុះ​បន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
និង អាចលើសតម្រូវការនាំចេញ​ទៅក្រៅ​ប្រទេស៕

ឯកសារយោង

១.http://kleykley.sabay.com.kh/article/1013701 )

២.https://www.dap-news.com /2018/07/04/)។

៣. http://www.lareine.com.kh/news/eco-bussiness/21348/)