ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ

របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ

របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ

ដោយ៖ លោក ឈុន​ ផាវ៉េង (បណ្ឌិតផ្នែកទស្សនវិជ្ជា)

មន្ត្រីស្រាវស្រាវ​ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

របប​បិតាធិបតេយ្យ និង ​​យេនឌ័រ​បាននឹងកំពុងផ្សព្វផ្សាយយ៉ាង​សកម្ម​ក្នុងជីវភាពរស់នៅនៃសង្គមខ្មែរ ​តាំងពីអតីកាល​រហូត​ដល់បច្ចុប្បន្ន។
លទ្ធិទាំង​២​នេះ បានត្រូវប្រត្តិប្រតិបត្តិដោយជនបរទេសដែលមានវប្បធម៌​
ផ្អែកលើគំនិត​សាសនា ខុសពីវប្បធម៌ខ្មែរ ដែលប្រកាន់របបមាតាធិបតេយ្យតាំងពីយូរយា​ណាស់​មក​​ហើយ។ ប្រឈមនឹងបញ្ហា​នេះ តើរបបបិតាធិបតេយ្យ និង ​យេនឌ័រ​ មានឥទ្ធិពលដូចម្ដេចលើរបបមាតា​ធិបតេយ្យក្នុងសង្គមខ្មែរ?

១-គោលគំនិតបិតាធិបតេយ្យ

គំនិត​បិតាធិបតេយ្យដែលបាន និង កំពុងប្រតិបត្តិនៅក្នុងបណ្តាប្រទេស​មួយ​ចំនួន ដូចជា ចិន ឥណ្ឌា ​អារ៉ាប់ និង នៅតាម​តំបន់ខ្លះ ​​ដូចជា មជ្ឈិមបូព៌ា
អាស៊ីអាគ្នេយ៍ អាហ្វ្រិក មានអត្ថិភាព​នៅក្នុងស្ទើរគ្រប់លទ្ធិសាសនាទាំងអស់
ដូចជា ឥស្លាមសាសនា គ្រិស្តសាសនា ព្រហ្មញ្ញសាសនាជាដើម។ នៅក្នុងសង្គម​ដែលប្រកាន់របបបិតាធិបតេយ្យ[1] តែងលើកតម្កើង​តម្លៃមនុស្សប្រុស​ខ្ពស់ជាង​មនុស្សស្រី។ បិតាធិបតេយ្យក្នុងគ្រួសារ
បុរសមានតម្លៃក្នុងការរក្សានាមត្រកូល។ ឥទ្ធិពលនៃគំនិតបិតាធិបតេយ្យ នាំ​ឱ្យបុរសជាប្តី
ភាគច្រើនមិនលើកកម្កើង​ស្ត្រី​ជាប្រពន្ធឡើយ។
ស្ត្រីជាប្រពន្ធ មានឋានៈហាក់ដូចជាអ្នកបម្រើ (ទាស​ភរិយា)។ បុរសជាប្តី ក្តោបក្តាប់ប្រាក់ចំណូលចំណាយ
និង មានអំណាច​ត្រួត​ត្រាលើ​ប្រពន្ធ។ ឧទាហរណ៍ ស្ត្រីដែលរៀបការជាមួយបុរសចិន
ត្រូវទៅរស់នៅផ្ទះខាងប្តី ហើយជាធម្មតា ធ្វើការងារ​គ្រប់ប្រភេទ ដើម្បីបម្រើបងប្អូនឪពុកម្តាយខាងប្ដី
ហើយតាម​​ទម្លាប់ ថ្ងៃទី២នៃចូលឆ្នាំ ទើបប្រពន្ធអាចទៅលេងផ្ទះម្ដាយបង្កើត​របស់ខ្លួនបាន។ ការ​​និយម​ឱ្យតម្លៃមនុស្សប្រុស បូករួមផ្សំជា​មួយ​គោលនយោ-​បាយកូនមួយរបស់ប្រទេសចិន (ឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០១៦) ការរម្លូតគភ៌ទារិកា​កើតមានជារឿយៗ ហើយបច្ចុប្បន្នបុរសចិន​ពេញវ័យគ្រប់ការ
មានចំនួនច្រើន​ជាង​មនុស្សស្រីប្រមាណ៣០លាននាក់។

លើសពីនេះ លទ្ធិសាសនាស្ទើរទាំងអស់ អាទិទេពធំៗ មានភេទជាបុរស
ដូចជា ព្រះអាឡាហ៍ ក្នុងឥស្លាមសាសនា ព្រះវរបិតា (ឬព្រះបុត្រា) ក្នុងគ្រិស្ត​សាសនា ព្រះសិវៈ
វិស្ណុ ព្រះព្រហ្មញ្ញ ក្នុងព្រាហ្មណ៍សាសនាជាដើម។ ពុទ្ធ​សាសនា​ពុំបានលើកតម្កើងតម្លៃអាទិទេពជាភេទប្រុសឡើយ ប៉ុន្តែ
អ្នកបួសបុរស និង ​ស្ត្រីមានឋានៈពុំស្មើគ្នាឡើយ។ ភិក្ខុនី (អ្នកបួសភេទជាស្ត្រី)
ពុំមានឋានៈ​ស្មើភិក្ខុ (អ្នកបួសភេទជាបុរស) ​​ឡើយ
ទោះ​បី​ភិក្ខុនីបួសច្រើនព្រះវស្សា​យ៉ាង​ណា​ក៏ដោយ ក៏មានឋានៈទាបជាងភិក្ខុ ដែលទើបតែបួស​បានមួយថ្ងៃដែរ។
ភិក្ខុនីត្រូវប្រតិបត្តិសិក្ខាបទហ្មឺងម៉ាត់ច្រើនលើសលប់ជាងភិក្ខុ ប្រហែលដោយ​ហេតុនេះ ទើបគេកម្រឃើញ​មានវត្តមានភិក្ខុនីណាស់ ហើយសម័យកាល​ខ្លះ​គឺគ្មានភិក្ខុនីសោះតែម្តង។

២-គោលគំនិត​យេនឌ័រ

​យេនឌ័រ
គឺជាដំណើរ​ស្មើ​មុខ​គ្នារវាងបុរស និង ស្ត្រីក្នុងសង្គម
ក្នុងការ​ប្រើសិទ្ធិសេរីភាព​ សមត្ថភាព ​​និង តួនាទីរបស់ខ្លួន​។
តាមគោលគំនិត​យេនឌ័រ សមាជិកសង្គមម្នាក់ៗ ទាំងបុរស ​និង ស្ត្រី​ មានឱកាសដូចគ្នាក្នុងការចូលរួម​សកម្មភាពសង្គម។ ទស្សនៈស្តីពីយេនឌ័រ បាន និង កំពុងមានការពេញនិយម​និង រីកដុះដាល​នៅបស្ចឹម​​​ប្រទេស។​ សង្គមវិទូចាត់ទុកថា ការសិក្សាអំពីទំនាក់​ទំនង​យេនឌ័រ បានក្លាយជាផ្នែក​​មួយដ៏សំខាន់បំផុតសម្រាប់ពិភពលោក​បច្ចុប្បន្ន។ គេយល់ថា ស្ត្រី និង បុរស គួរមានសិទ្ធិអំណាចស្មើគ្នាក្នុងការទទួល​ខុសត្រូវ ​ក្នុង​ការសម្រេចចិត្ត
និង ធ្វើសកម្មភាពនានាក្នុងសង្គមដើម្បីជោគវាសនានៃ​ជីវិត​របស់ខ្លួន។ ប្រសិនបើសមត្ថភាពដូចគ្នា ការងារដូចគ្នា តួនាទីដូចគ្នា​ នោះ​សមាជិកសង្គមម្នាក់ ត្រូវទទួលផលប្រយោជន៍ប្រាក់កម្រៃ និង ផលលាភដូចគ្នា​ដោយមិនត្រូវបែងចែក
រើសអើងថា​​ ជាបុរស ឬ ស្ត្រី ឬ ភេទអ្វីឡើយ។

៣-គោលគំនិតមាតាធិបតេយ្យក្នុងវប្បធម៌ខ្មែរ

៣.១-អត្ថន័យនៃពាក្យ «មេ»

តាមលំដាប់ឋានានុក្រម មេ បា តា ព្រះ ចៅ ដែលជាទស្សនវិជ្ជាខ្មែរស្តី​អំពី​គោល​គំនិតស្តីពីរចនាសម្ព័ន្ធគ្រប់គ្រងសង្គមខ្មែរ និយមគោរព
«មេ» ជា​ចម្បង​បំផុត។ ពាក្យ «មេ» នៅក្នុងវប្បធម៌ខ្មែរបានក្លាយជាន័យពិសេស​សម្រាប់​អ្នកដែលមាននាទីសំខាន់ក្នុងការគ្រប់គ្រងក្នុងផ្ទះ
ក្នុងសហគមន៍ ក្នុងប្រទេស ដែលហៅថា «មេដឹកនាំ»។ លើសពីនេះ «មេ»
សម្គាល់លើមនុស្សសត្វ ឬ អ្វីដែលជាធំ ជាប្រធាន ជាចម្បងលើគេ ដូចជា «មេកង, មេពួក, មេការ, មេកោយ, មេផ្ទះ, មេវត្ត, មេក្រុម ឬ មេគណ, មេទ័ព,
មេទាហាន, មេព្រៃ, មេខ្លោង, មេចង្ហាន់, មេចោរ, មេជើង, មេដែក, មេដៃ, មេដំបូល, មេទឹក, មេបទ, មេបន្ទុក, មេពាក្យ, មេលេខ,
មេសូត្រ។ល។» 

៣.២-អត្ថន័យនៃមាតាធិបតេយ្យខ្មែរ

វប្បធម៌ខ្មែរគោរពរបបមាតាធិបតេយ្យ ពោលគឺ លើកតម្លៃរបបមេ​ជា ធំ[2]។ មេ ឬ ម៉ែ ឬ មាតា ឬ មាតុ ឬ ម្តាយ
មានន័យថា ស្រ្តី​អ្នក​បង្កើតកូន។ មេជា​អ្នក​បង្កើតកូន ពូនជាចៅ មាននាទីដឹកនាំពូជពង្ស វង្សត្រកូល ជាធម្មតា​ មាន​ឥទ្ធិពលខ្លាំង ​ច្រើនជាងបិតា (ឪពុក ឬ បា)។

ក្នុងនាមជាភរិយារបស់ស្វាមី និង ជាមាតារបស់បុត្រ ស្ត្រីមាននាទីទទួល​ខុស​ត្រូវខ្ពស់ចំពោះគ្រួសារ។ ទស្សនៈ «ក្រមុំដណ្តឹងម្តាយ
មេម៉ាយដណ្តឹងចិត្ត» មានន័យថា មាតាមានសិទ្ធិអំណាចខ្ពស់ ក្នុងការសម្រេចស្ទើរគ្រប់​កិច្ចការ​ទាំង​អស់ ជាពិសេស រឿងទុកដាក់កូនចៅក្នុងបន្ទុកឱ្យ​មានគូស្រករ។
នៅពេលកូន​ស្រី​ចេះដឹងខុសត្រូវហើយ ទើបម្ដាយបានផ្ដល់នូវសេរីភាពពេញលេញដល់​កូន​ក្នុងការសម្រេចជោគ​វាសនា​អនាគតរបស់ខ្លួនដោយខ្លួនឯង។
ពាក្យស្លោកថា «សូវស្លាប់បា កុំឱ្យស្លាប់មេ សូវលិចទូកកណ្ដាលទន្លេ
​កុំឱ្យតែភ្លើងឆេះផ្ទះ» កាន់​តែបញ្ជាក់ថា
«មេ (ឬម៉ែ)» មានភាពឆ្លាត ពូកែ និង ដើរតួនាទីសំខាន់​ក្នុងការ​ចិញ្ចឹមបីបាច់កូនបានល្អជាងឪពុក ព្រោះខ្មែរជឿជាក់​ថា
«សម្លឆ្ងាញ់ដោយសារ​គ្រឿង
គ្រួសាររុងរឿងដោយសារភរិយាជា»។ ស្ត្រីខ្មែរដើរតួនាទីជាមេគ្រួសារ
មានតម្លៃជាមាតុភរិយា (ប្រពន្ធមាននាទីទុក​ស្មើម្ដាយ)។ ភាគច្រើន ប្តីមាននាទី​ធ្វើការរក​លុយ​ ចំណែក​ប្រពន្ធ មាននាទីជាអ្នកចាត់​ចែង ​ទុកដាក់លុយកាក់​ទាំង​នោះ។ ​ពេលរៀបអាពាហ៍ពិពាហ៍ ខ្មែរបានរៀបចំពិធីមួយហៅថា
«ព្រះថោង​តោងស្បៃនាងនាគ» ដែលជាទស្សនវិជ្ជាសង្គមមួយ សំខាន់ចង់ឱ្យ​បុរសជាប្តី​ត្រូវ​ចេះស្តាប់មតិយោបល់ប្រពន្ធ មិនត្រូវរឹងរូស តវ៉ា​
ប្រឆាំង ច្រងេងច្រងាង ខ្វះ​ហេតុ​​ផល​នោះ​​ឡើយ។ ភស្តុតាង​ខ្លះទៀតដែលបង្ហាញរបបមេជាធំ (ឬមាតា​ធិបតេយ្យ) មានដូចតទៅ៖ នាងគង្ហីង (មេ) និង ក្រពើ​(បា) ដែលជានិមិត្ត​រូប​តំណាងឥទ្ធិពល «ធាតុស្រី
និង ប្រុស» រួមសាមគ្គីគ្នា និង រឿង «ភ្នំស្រីភ្នំប្រុស»
ដែលជារឿងព្រេងនិទាន លើកកម្ពស់ឥទ្ធិពល និង ភាពវៃឆ្លាតរបស់ស្ត្រីជាដើម។

៣.៣-ប្រវត្តិនៃរបបមាតាធិបតេយ្យខ្មែរ

​មានកត្តា​ជាច្រើន ដែលជម្រុញខ្មែរប្រកាន់របបមាតាធិបតេយ្យ។
ខ្មែរ​បាន​ប្រកាន់យករបបមាតាធិបតេយ្យ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ គឺឆ្លង​កាត់​សម័យកាលគោក​ធ្លក (តាមព្រេងនិទាន) អាណាចក្រហ៊្វូណន (ឬនគរភ្នំ) អា​ណា​ចក្រចេនឡា  អាណាចក្រអង្គរ (តាមកំណត់ត្រាប្រវត្តិសាស្រ្ត)
មកដល់​បច្ចុប្បន្ន។ តាមព្រេងនិទានតំណាលថា
ស្ដេច​សោយរាជ្យនៅសម័យគោកធ្លក គឺនាង​នាគ (ព្រះនាងសោមា ឬ លីវយី)។ ព្រះរាជាខ្មែរដែលត្រូវឡើងសោយរាជ្យ
ត្រូវជ្រើសរើសឡើងតាមរយៈការ​ស្នងរាជ្យ​ពីបិតាទៅបុត្រាជាដើម។ បុរសមាន​ឥទ្ធិពលអំណាចគ្រប់គ្រងដោយសារស្ត្រី ឧទាហរណ៍ ប្រសិន​បើស្តេចមានតែ​បុត្រីនោះ បុត្រសុណិសាមានតួនាទីជាអ្នកសោយរាជ្យ។​​ ស្តី្រមានថាមពលអាថ៌​កំបាំងក្នុងការជួយបុរសឱ្យបំពេញការងារធំៗឱ្យសម្រេចជោគជ័យ ហេតុនេះ ទើប​​ព្រះរាជា ត្រូវមានអគ្គមហេសីជួយប្រឹក្សាយោបល់ និង ជំនួយការ​ផ្សេងៗ​ទៀត។ បុរសអាងកម្លាំង ចេញបរបាញ់ នេសាទ
ធ្វើការធ្ងន់ និង ជាអ្នកការពារ ចំណែកស្ត្រីនៅចាំផ្ទះមើលថែខ្លួន កូនចៅ ទ្រព្យ ដំណាំដាំដុះ។ល។ ដំណើរ​យល់ដឹងពីធម្មជាតិនៃសម្ព័ន្ធភាពជីវិតបុរស
និង ស្រ្តីតាមបែបជីវសាស្ត្រ គឺជា​ដំណើរប្រវត្តិសាស្ត្រធម្មជាតិ
ដែលមនុស្សជាតិតំបន់សុវណ្ណភូមិ​ មានតាំងពី​សម័យ​​​បុព្វកាលមកម្ល៉េះ។ ការទទួលស្គាល់កម្រិតខ្ពស់អំពីតម្លៃស្ត្រី
គឺជា​ទស្សន​-វិជ្ជាពិសេសមួយរបស់ខ្មែរ។

៤-ជំហរមាតាធិបតេយ្យ និង ឥទ្ធិពលបិតាធិបតេយ្យក្នុងសង្គមខ្មែរ

សង្គមខ្មែរក៏ដូចសង្គមនានាដែរ តែងមានរចនាសម្ព័ន្ធ៣ក្រុមគឺ៖
ក្រុម​គ្រួសារ
ក្រុមការងារ និង ក្រុម​ញាតិ​មិត្ត។ យើងអាចសង្កេតជំហរ​មាតា​ធិបតេយ្យ​ខ្មែរ និង ឥទ្ធិពលបិតាធិបតេយ្យនៅក្នុងសង្គមខ្មែរតាមរយៈ​រចនាសម្ព័ន្ធក្រុមទាំង​នេះ​ដូចតទៅ៖

៤.១-ជំហរមាតាធិបតេយ្យក្រុមគ្រួសារខ្មែរ

ស្ថិតនៅក្នុងរចនាសម្ព័ន្ធគ្រួសារ ស្ត្រីដើរតួជាមេផ្ទះ ដឹកនាំផ្ទះសម្បែង
មើលថែទាំ ប្ដី និងកូន។ បើប្តីមានតួនាទីខ្ពស់នៅក្នុងក្រុមការងារ ប្រពន្ធនៅ​ផ្ទះ​ក៏ឡើងបុណ្យតាមនោះដែរ។ បើប្តីសក្ដិ៤នៅក្នុងក្រុមការងារ នោះប្រពន្ធ​សក្ដិ៥​នៅផ្ទះ ឬ បើប្តីជាឯកឧត្តមក្នុងក្រុមការងារ នោះប្រពន្ធក្លាយជាជំទាវ​ក្នុង​ក្រុម​គ្រួសារ។
បុរសច្រើនស្លាប់រស់ក្រោមកន្ទុយក្បិន ហើយជាទូទៅញាតិមិត្តខាង​ម្ដាយ​មានភាពស្និទ្ធស្នាលជាងសាច់ញាតិខាងឪពុក។ រូបភាពអំពើហិង្សាក្នុង​គ្រួសារ រួមមានហិង្សាសេដ្ឋកិច្ច ហិង្សាភេទ ហិង្សាពាក្យសំដី ហិង្សារូបកាយ និង
រូបភាពហិង្សាខ្លះទៀតទៅលើស្ត្រី នៅពេលបុរសជាប្តីមិនបានយល់ដឹង និង ប្រតិបត្តិតាមគោលការណ៍មាតាធិបតេយ្យរបស់ខ្មែរ។
ប្តីកាន់លុយ (ប្តីមិនប្រគល់​តួនាទីឱ្យប្រពន្ធមានសិទ្ធិគ្រប់គ្រងចំណូលចំណាយ)
គឺជារូបភាពហិង្សា​សេដ្ឋកិច្ច​មួយក្នុងសង្គមខ្មែរ។ ទោះយ៉ាងណាក៏ដោយ ក៏ស្ត្រីដែលឆ្លាត
មានសមត្ថភាព​យល់ដឹងពីអត្តចរិកប្តី អាចដោះស្រាយស្ថានភាពទាំងនេះបាន
តាមរយៈ​ទស្សន​វិជ្ជាទន់បង្ក្រាបរឹង ឬ
ទន់ភ្លន់មិនទន់ជ្រាយ រឹងប៉ឹងមិនរឹងទទឹង។ វប្បធម៌ខ្មែរ (ដូចមានចែងក្នុងច្បាប់ស្រី ឬ
បណ្តាំក្រមង៉ុយជាដើម) បានបង្រៀន​ស្ត្រីខ្មែរឱ្យ​មានចរិយាសម្បត្តិ​សុភាពរៀបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ប្រកបដោយ​ភាព​ថ្លៃថ្នូរ។ ខ្មែរយល់ថា សម្លឆ្ងាញ់ដោយសារគ្រឿង
គ្រួសាររុងរឿងដោយ​ភរិយា​ជា។ ប៉ុន្តែ ក៏មានស្ត្រីខ្វះលក្ខណៈ
(ស្រីខាតលក្ខណ៍) មានចរិយាសម្បទា​មិន​គ្រប់គ្រាន់
ស្របតាមគោលការណ៍មាតាធិបតេយ្យរបស់ខ្មែរ ដែលនាំឱ្យ​មាន​ការវាយតម្លៃទាប លើភាព​ជាស្ត្រីរបស់គាត់ ព្រោះ​មាយាទ​​ថយថោក​ អន់ដូច​កញ្ជើធ្លុះជាដើម។ ស្ត្រីទាំងនេះ ពុំបានដឹកនាំគ្រួសារឱ្យមានសុភមង្គលឡើយ
ហើយតែងរងនូវរូបភាពនៃអំពើហិង្សាផ្សេងពីបុរស។ ខ្មែរតែងពោលថា «នាង​រត់​រកអ្នក មី[3]ខាតលក្ខណ៍រត់រកអាកំបាក់អសារ»[4]

៤.២-ជំហរមាតាធិបតេយ្យក្នុងក្រុមញាតិមិត្តខ្មែរ

តាមចិត្តសាស្ត្រគេសង្កេតឃើញថា ស្ត្រីមានឥទ្ធិពលទំនាក់ទំនងប្រសើរ​ជាងបុរស។ ទំនាក់ទំនងរវាងស្ត្រីមេផ្ទះ
និង ស្ត្រីមេផ្ទះ មានភាពស្និទ្ធស្នាល និង ចាំបាច់ជាងទំនាក់ទំនងបុរសជាប្តី និង បុរសដទៃ។
ដោយសារតែស្ត្រីពូកែឈាន​មុខខាងទំនាក់ទំនង ជាហេតុនាំឱ្យបុរសភាគច្រើនបានយក​ស្ត្រី​ធ្វើ​ជា​មុខ ​អាង​តែ​ស្រីព្រោះស្ត្រីពូកែដោះស្រាយឬចរចារដោយសន្តិវិធីបានល្អជាងបុរស។ ស្រ្តីខ្មែរ​អាចចេះដឹងពីការ​រីករាយ រាក់ទាក់ រាប់អានគ្នាដោយមិនរើសអើងពីមរតក​វប្បធម៌​របស់ខ្លួន។ ស្ត្រីខ្មែរមានទម្លាប់ចូលចិត្តរាប់អានសាច់ញាតិ
មិត្តភ័ក្តិ ពូជ ពង្ស វង្សត្រកូល ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ប៉ុន្តែ ក៏ចិត្ត​ដាច់ណាស់ដែរ ប្រសិនបើនរណាម្នាក់ធ្វើឱ្យខកបំណង ឬ ខូចចិត្ត។ ខ្មែរមាន​ពោលថា «មានកម្លាំងដូចស្រមោច
មានរិទ្ធិដូចខ្មោច មានចិត្តដាច់ដូចមនុស្ស​ស្រី» ព្រោះស្ត្រីចិត្តដាច់ជាងបុរស (សម្រេចចិត្តឆាប់
និង ច្បាស់​លាស់) ក្នុងការ​ទំនាក់ទំនង
គឺឆាប់ឈ្លោះហើយក៏ឆាប់ជានា ត្រូវរ៉ូវនឹងគ្នាវិញដែរ។ ជាទូទៅ ស្ត្រីខ្មែរចូលចិត្តរក្សាញាត្តិច្រើនជាងការបង្កើនសត្រូវ។

៤.៣-ជំហរមាតាធិបតេយ្យក្រុមការងារខ្មែរ

ថ្វីត្បិតស្ត្រីខ្មែរ ពុំសូវមានតួនាទី ឋានៈ ជាអ្នកដឹកនាំកំពូល​ក្នុងក្រុម​ការងារ​ក៏ដោយ ក៏ស្ត្រីភាគច្រើនដើរ​តួរជាលេខា
ជាជំនួយការ ជាអ្នកសម្រប​សម្រួល ដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់​​គ្រប់អង្គភាព​
ព្រោះស្ត្រីខ្មែរ​ជាមនុស្សពូកែ ព្យាយាម ម៉ត់ចត់ តស៊ូ អំណត់ ​ក្នុងការងារ
ពោរពេញទៅដោយ​ចំណេះដឹងទូទៅ។ ក្នុងក្រុមការងារ ស្ត្រីមានអំណាចស្រមោល
ក្នុងការសម្រេច​ចិត្ត ​និង ការផ្ដល់គំនិត​​ទស្សនៈ​នៅក្នុងវិស័យការងារ។​
គំនិតស្ត្រីត្រូវបានយកចិត្ត​ទុកដាក់ តែងដាក់ចូលទៅក្នុងរបៀបវារៈពិភាក្សា
និង យកទៅអនុវត្ត។​ អ្វីដែល​ជាគោលបំណង និង គោលដៅរបស់ស្ត្រី
តែងត្រូវមនុស្សប្រុសយកមក​ពិចារណា។ ស្ត្រីខ្មែរភាគច្រើនមានឥទ្ធិពល
និង អំណាចខាងក្នុង ដែលជា​អំណាចដ៏អាថ៌កំបាំង ពោរពេញទៅដោយថាមពលដ៏អស្ចារ្យ។
បុរសដែលឱ្យ​តម្លៃស្រ្តី កម្រហ៊ានឈ្លោះជាមួយស្រីណាស់។ ពាក្យ​ស្លោកមួយពោលថា
«កុំឈ្លោះនឹងស្រី កុំក្តីនឹងចិន»
ជាដើម។

នៅប្រទេសកម្ពុជា រដ្ឋមានកាតព្វកិច្ចទទួលខុសត្រូវលើពុទ្ធសាសនា។
យុវជនពេញវ័យដែលចង់សិក្សាធម៌វិន័យ ទ្រឹស្តី ទស្សនវិជ្ជា ពុទ្ធសាសនា ឬ ចង់បន្តរស់នៅក្នុងជីវភាពស្ងប់ស្ងាត់
អាចទៅនៅជ្រកកោនតាមអារាមបាន។ ចំពោះបុរសជាអ្នកបួស ដែលទៅជ្រកកោនក្នុងពុទ្ធសាសនា មិនត្រឹមតែទទួល​បានជីវភាព​ប្រសើរប៉ុណ្ណោះទេ
គឺថែមទាំងទទួលបានការគោរពយ៉ាងខ្ពស់​ពី​សំណាក់ពុទ្ធបរិស័ទទូទៅទៀតផង​។ ចំណែកស្ត្រីពុំមានវាសនាអាចបួស​ជា​សង្ឃ​ដូចសម័យពុទ្ធកាលទេ
ព្រោះគ្មានឧបជ្ឈាយ៍ដែលជាភិក្ខុនី សម្រាប់បំបួស​ឡើយ។ ប៉ុន្តែថ្មីៗនេះ ភិក្ខុនីជនជាតិចិនតៃ​វ៉ាន់​ជាច្រើនអង្គ មានវត្តមាននៅក្នុង​ប្រទេស​ខ្មែរ ដោយគេបានសាងសង់វត្តអារាមដ៏ធំមួយក្នុងក្រុងភ្នំពេញ។ យើង​មិនទាន់ដឹងច្បាស់ថា តើមានស្ត្រីខ្មែរប៉ុន្មាននាក់មានឧបនិស្ស័យបានបួសនៅ​ទីនោះឡើយ ប៉ុន្តែ កន្លងមកឧបាសិកាជាជនជាតិខ្មែរដែលជ្រះ​ថ្លាចង់បួសជា​សង្ឃ មិនអាចសម្រេចបានឡើយ គឺអាចបួសបានត្រឹមតែដូនជីតែប៉ុណ្ណោះ។ ដូនជីភាគច្រើនស្នាក់នៅក្នុងវត្ត
​ត្រូវបម្រើសាមណេរ និង ភិក្ខុ។ នេះអាច​បញ្ជាក់​ថា ក្នុងពុទ្ធសាសនាតម្លៃរបស់ស្ត្រីមានកម្រិតទាបជាងបុរស។

ជារួម គំនិតបិតាធិបតេយ្យដែលមាននៅក្នុងស្ទើរគ្រប់លទ្ធិ​សាសនា​ទាំង​អស់ តែងតែលើកតម្កើងអាទិទេព ហើយអាទិទេពកម្រិតកំពូល សុទ្ធសឹងតែជា​ភេទប្រុស។ ចំណែកពុទ្ធសាសនាដែលផ្អែកលើទ្រឹស្តីកម្មផល
និង មនុស្សនិយម ទោះបីមិនឱ្យតម្លៃលើអាទិទេពភេទប្រុសក៏ដោយ
ក៏គេមើលឃើញថា សាសនា​នេះលើកកម្ពស់បុរសខ្ពស់ជាងស្ត្រីដែរ នោះគឺភិក្ខុនីពុំមានឋានៈស្មើភិក្ខុឡើយ ទោះបីភិក្ខុនីបួសច្រើនព្រះវស្សាយ៉ាងណាក៏ដោយ ក៏មានឋានៈទាបជាងភិក្ខុ​ដែល​ទើបតែបួសបានមួយថ្ងៃដែរ។ ចំណែកគំនិតយេនឌ័រ សមាជិក​សង្គមម្នាក់ៗ ទាំងបុរស និង
ស្ត្រី មានឱកាសដូចគ្នាក្នុងការចូលរួមសកម្មភាពសង្គម។ ស្ត្រី និង បុរសទទួលខុសត្រូវដូចគ្នាក្នុងការសម្រេចចិត្ត
និង ធ្វើសកម្មភាពដើម្បីជោគ​វាសនា​នៃជីវិតរបស់ខ្លួន។ ដោយ​ឡែក វប្បធម៌ខ្មែរ ឬ ទស្សនវិជ្ជាខ្មែរ
និយម​គោរពរបបមាតាធិបតេយ្យ ពោលគឺ ខ្មែរលើកតម្លៃរបបមេជាធំ។ ស្ត្រីខ្មែរដើរតួ​នាទី​ជាមេគ្រួសារ មានតម្លៃជាមាតុភរិយា គឺប្តីមាននាទីធ្វើការរកលុយ
ចំណែក​ ប្រពន្ធ​​​​មាន​នាទីជាអ្នកចាត់ចែង ទុកដាក់លុយកាក់ទាំងនោះ។
ខ្មែរបាន​ប្រកាន់​យករបបមាតាធិបតេយ្យតាំង​​​​ពី​សម័យបុរេប្រវត្តិរហូតមកដល់បច្ចុប្បន្ន។ ស្តី្រ​ខ្មែរ មានថាមពលអាថ៌កំបាំងក្នុងការជួយបុរស ឱ្យបំពេញការងារធំៗបានសម្រេច​​ជោគជ័យ។ ស្ថិតនៅក្នុងរចនាសម្ព័ន្ធគ្រួសារ ស្ត្រីដើរតួជាមេផ្ទះដឹកនាំផ្ទះ​សម្បែង​មើលថែទាំប្ដី និង កូន។
ញាតិមិត្តខាងម្ដាយមានភាពស្និទ្ធស្នាលជាង​សាច់ញាតិ​ខាងឪពុក។ ប្តីកាន់លុយគឺជារូបភាពហិង្សាសេដ្ឋកិច្ចមួយក្នុសង្គមខ្មែរ។
ច្បាប់ស្រី បណ្តាំក្រមង៉ុយ បានបង្រៀនស្ត្រីខ្មែរឱ្យមានចរិយាសម្បត្តិសុភាពរៀបសារ
ទន់​ភ្លន់ រួសរាយ និង រាក់ទាក់ ប្រកបដោយភាពថ្លៃថ្នូរ។
ថ្វីត្បិតស្ត្រីខ្មែរ ពុំមាន​សូវតួនាទីឋានៈជាអ្នកដឹកនាំកំពូលក្នុងក្រុមការងារក៏ដោយ
ក៏ស្ត្រីមានអំណាច​ស្រមោល​ក្នុងការសម្រេចចិត្ត
និង ការផ្ដល់គំនិត​ទស្សនៈនៅក្នុងវិស័យការងារ។ ទាំងនេះអាចបញ្ជាក់ថាការទទួលស្គាល់តម្លៃ​​​ស្ត្រីខ្ពស់ជាងបុរស
គឺជាទស្សនវិជ្ជា​ពិសេសរបស់ខ្មែរ។

សេចក្តីសន្និដ្ឋាន

ជនជាតិខ្មែរតែងលើកតម្កើងផ្តល់តម្លៃខ្ពស់ដល់ស្ត្រី
ក្នុងការគ្រប់គ្រង​ថែ​រក្សាក្រុមគ្រួសារ ក្នុងការ​ងារ​ប្រឹក្សាផ្ដល់យោបល់បញ្ចុះបញ្ចូល
និង ទំនាក់ទំនង​ការងារ និង ញាតិមិត្ត។ ចំណែកទស្សនៈយេនឌ័រ មាន​បំណង​ឱ្យស្ត្រីចាកចេញ​ពីការងារផ្ទះសម្បែងទៅរកការងារខាងក្រៅ ដោយចុះប្រឡូកក្នុងការងារសង្គម​ដើម្បីបានឋានៈតួនាទីខ្ពស់ជាអ្នកដឹកនាំ។
នេះជាចរន្តគំនិតសម្រាប់មនុស្ស​ជំនាន់​ថ្មី ដើម្បីជៀសវាងដំនៀលថា ស្ត្រីបង្វិលជើងក្រានមិនជុំ។ ការណ៍នេះ​នាំ​ឱ្យស្ត្រីខ្មែរជំនាន់ថ្មី កាន់តែមានចំនួនច្រើនឡើងបានពង្រឹង
និង ពង្រីកសមត្ថ​ភាព​ទេព​កោសល្យ ជំនាញ ចំណេះដឹង ការងាររបស់ខ្លួន ឱ្យមានលក្ខណៈ​កាន់​តែប្រសើរ ដែលធ្វើឱ្យតម្លៃស្ត្រីខ្មែរកាន់តែកើនឡើងខ្ពស់ថែមទៀត។
គោល​គំនិត​យេនឌ័រនៅកម្ពុជា បានជម្រុញរបបមាតាមាតាធិបតេយ្យឱ្យកាន់មានជំហររឹងមាំ​ខ្លាំងក្លាថែមទៀត ប្រឈមតទល់យ៉ាងស្វិតស្វាញនឹងលទ្ធិបិតាធិបតេយ្យ។ យើង​អាចនិយាយបានថា ព្រលឹងមាតាធិបតេយ្យនៅតែរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីលទ្ធិបិតាធិបតេយ្យដែលមាននៅក្នុងលទ្ធិសាសនាធំៗ
កំពុងមានអត្ថិ​-ភាពពេញពិភពលោកយ៉ាងណាក៏ដោយ។ នៅក្នុងកម្ពុជា របបបិតាធិបតេយ្យ​គ្រាន់តែមានទម្រង់ខាងក្រៅប៉ុណ្ណោះ
មិន​អាចកាច់បំបាក់ឥទ្ធិពល​មាតាធិប​តេយ្យ​​ខ្មែរបានឡើយ។ ថ្វីត្បិតមានស្ថាប័នមួយចំនួន មានការព្រួយបារម្ភខ្លាំងលើអំពើ​ហិង្សាខ្លះ ដែលរំលោភបំពានសិទ្ធិរបស់ស្ត្រី ក៏យើងអាចដោះស្រាយ​បានជា​ប្រព័ន្ធ តាមគោលការណ៍ច្បាប់ ​និង វប្បធម៌បាន
ព្រោះអំពើហឹង្សាទាំងនោះ មិនមែនមានតែលើស្ត្រីទេ គឺវាកើតមានលើបុរសច្រើនជាងស្ត្រីទៅទៀត។
ដូច្នេះ​គួរយកចិត្តទុកដាក់ និង ដោះស្រាយករណីទាំងនេះ តាមរយៈចលនាមហាជន​ទាំងមូលឱ្យយល់ពីសមភាពយេនឌ័រ និង លទ្ធិមាតាធិបតេយ្យរបស់ខ្មែរឱ្យបាន​ត្រឹមត្រូវ និង ទូលំទូលាយថែមទៀត។  

គន្ថនិទ្ទេស

១.ជួនណាត, «វចនានុក្រមខ្មែរ ភាគ១ ភាគ២» ការផ្សាយរបស់ពុទ្ធសាសន​បណ្ឌិត្យ ១៩៦៧

២.ងួន ញ៉ិល, «ព្រលឹងមាតាធិបតេយ្យក្នុងសង្គមខ្មែរ » ភ្នំពេញ ១៩៩២

៣.ត្រឹង ងា, «ប្រវត្តិសាស្ត្រខ្មែរ» ភ្នំពេញ ១៩៧៣

៤.វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា, «ពិធីបុណ្យទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ចិន» ភ្នំពេញ ២០១១

៥.សរ សារុន, «សង្គមវិជ្ជាខ្មែរ» ភ្នំពេញ ១៩៧៣


[1]របបបិតាធិបតេយ្យ (អ. Patriarch​​ regime / បារ. régime partriarcal)មានក្នុងស្ទើរគ្រប់សាសនា ។

[2]របបមេជាធំ ឬរបបមាតាធិបតេយ្យ ( អ. Matriachal regime / បារ. Régime Matriacal) កម្រមាននៅប្រទេស​ដទៃក្រៅពីនៅខ្មែរណាស់ ។

[3]«មី» គឺជាសម្ដី​ក្លាយ​ឃ្លាត​មក​ពី «មេ »។ គួរ​កុំ​ប្រើ​ «មី​នេះ, មី​នោះ..», គួរ​ប្រើ មេ វិញ, មេ​នេះ, មេ​នោះ…។

[4]«អសារ»   ដែល​ឥត​ខ្លឹម; ឥត​ប្រយោជន៍, ឥត​អំពើ; ដែល​មិន​កើត​ការ​ឬ​មិន​បាន​ការ; ដែល​មិន​ខ្ជាប់ខ្ជួន, មិន​រឹងប៉ឹង; ដែល​គ្មាន​តម្លៃ; ដែល​មិន​ពិត, ពុំ​ប្រាកដ។