ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » តួនាទីនៃហិរញ្ញវត្ថុសាធារណៈ

តួនាទីនៃហិរញ្ញវត្ថុសាធារណៈ

តួនាទីនៃហិរញ្ញវត្ថុសាធារណៈ

ដោយ៖ លោក សាន ចេង (បេក្ខជនបណ្ឌិតផ្នែកសេដ្ឋកិច្ច)

មន្ត្រីស្រាវជ្រាវផ្នែកនីតិសាស្ត្រនិងវិទ្យសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យសាស្ត្រសង្គម

ការផ្លាស់ប្តូររចនាសម្ព័ន្ធយ៉ាងធំមួយនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ គឺការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គមកិច្ច។ តាមលោ​ក​ Hussain ​ and  Stern ហិរញ្ញវត្ថុសាធារណៈដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងចលករ ជំរុញការផ្លាស់​ប្តូរ​នេះ។​

១-ការចំណាយសាធារណៈរបស់រដ្ឋាភិបាល

ការផ្លាស់ប្តូរចំណាយសាធារណៈរបស់រដ្ឋាភិបាល​
បានជះឥទ្ធិពលយ៉ាង​ខ្លាំង​លើការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ច និង សង្គម។ ក្នុងកំណែទម្រង់នេះ​ការចំណាយសាធារណៈរបស់រដ្ឋាភិបាល​មិនមានការប្រែប្រួលច្រើនទេ
ព្រោះ​រាល់​ការចំណាយ ត្រូវធ្វើហរិញ្ញប្បទានដោយរដ្ឋាភិបាល និង ដោយសហ​គ្រាស។
កំណែទម្រង់ស៊ីជម្រៅ លើការគ្រប់គ្រងគោលនយោបាយម៉ាក្រូ​សេដ្ឋកិច្ច
ការពង្រឹងប្រព័ន្ធថវិកាជាតិ ទំនើបកម្មប្រព័ន្ធពន្ធដារ ការពង្រឹង​ប្រព័ន្ធ​គណនេយ្យ
សវនកម្ម ឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋ និង ពង្រឹងការ​គ្រប់គ្រង​ទ្រព្យសម្បតិ្តរដ្ឋ
បានរួមចំណែក​យ៉ាងសកម្មក្នុងការជំរុញឱ្យមាន​កំណើន​សេដ្ឋកិច្ចប្រមាណ៦,៥%
ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ ប្រសិទ្ធ​ភាព​នៃ​ការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
បានរួមចំណែក​ក្នុង​ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈចំណាយសាធារណៈ​ របស់រាជរដ្ឋាភិបាល​កម្ពុជា
ដែលចំណាយសាធារណៈនេះ មានការកើនពី២៥០លានដុល្លារ​អាមេរិក​នៅឆ្នាំ២០០៦
ហើយបានកើនដល់៩២០លានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ដែល​អត្រាកំណើនជាមធ្យមប្រចាំឆ្នាំ​១៧,៦៩%។[1]​​ កំណើន​ចំណាយ​សាធា-រណៈ
បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (គិតតាមតម្លៃបច្ចុប្បន្ន Current
dollar) មានការកើនឡើងពី ៧២៧០លានដុល្លារ នៅឆ្នាំ២០០៦ ទៅ១៦​៧៨០​លានដុល្លារ​
ដែលអត្រាកំណើន​ជាមធ្យមប្រចាំឆ្នាំ​១១,០២%
​​(សូមមើល​រូបភាព ២-៦)។[2]

រូបភាព ២-៦៖ ចំណាយសាធារណៈកម្ពុជា
២០០៦-២០១៤ (ប៊ីលានដុល្លារ)

ប្រភព៖ World
Bank(http://www.theglobaleconomy.com/Cambodia​)

ការបង្កើនចំណាយសារធារណៈ បានធ្វើឱ្យតម្រូវការសរុបកើនឡើង ដែលមានទម្រង់ជា​ផលិតផលក្នុង​ស្រុកសរុប​ វាស់វែងតាមការចំណាយ (GDP measure by expenditure approach)។ តាមទ្រឹស្តីសេដ្ឋកិច្ចរបស់លោក ចន មេយណាដ កេនស៍ (John Maynard Keynes) ចំណាយសាធារណៈរបស់រដ្ឋា​ភិបាល​ មានតួនាទីសំខាន់​ក្នុងការជំរុញ និង រក្សាកំណើនសេដ្ឋកិច្ចសម្រាប់​រយៈពេលវែង ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងមកវិញ នៅពេលមានវិបត្តិ​សេដ្ឋកិច្ច។[3] សមីការមេគុណ (Keynesian multiplier) មានដូចខាងក្រោម៖

ដែល AD ជាតម្រូវការសរុប ឬ ជាផលិតផលក្នុងស្រុកសរុប​វាស់តាម​ការចំណាយ, m ជាមេគុណចំណាយសាធារណៈ​ និង G ជាចំណាយ​សាធារណៈ​ដែលធ្វើឡើងដោយរដ្ឋាភិបាល។ យើងធ្វើការវាស់វែងពីមេគុណ ចំណាយនេះ ដោយ​យកទិន្នន័យពីឆ្នាំ២០១០
ដល់ ២០១៤ មកសិក្សា។​ លទ្ធផល​បង្ហាញថា ចំណាយសាធារណៈ​របស់រាជរដ្ឋាភិបាល​កម្ពុជា ជាការចំណាយ​មួយ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិសេដ្ឋកិច្ច
ពិភពលោកនៅឆ្នាំ​២០០៩ ដែល​មេគុណនេះធំជាង១ និង រហូតដល់ឆ្នាំ២០១៣ មេគុណចំណាយ​សារធារណៈ នេះបានកើនឡើងដល់២,០៣ ដែលមានន័យថា តួនាទីចំណាយ​សាធារណៈ បានជំរុញកំណើនសេដ្ឋកិច្ចទ្វេដង
នៃទឹកប្រាក់ចំណាយ។ នេះជា​ប្រសិទ្ធភាពនៃការប្រើ​ប្រាក់ចំណូលពន្ធ
លើចំណាយសាធារណៈ​ តាមរយៈ​គោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

តារាង-៣៖ ចំណាយសាធារណៈ និង ផលិតផលក្នុងស្រុកសរុប
(គិតតាមតម្លៃបច្ចុប្បន្ន-លានដុល្លារ)

ឆ្នាំ ចំណាយសាធារណៈ ផលិតផលក្នុងស្រុកសរុប មេគុណ*
២០១០ ៧១០ ១១ ២៤០
២០១១ ៧៧០ ១២ ៨៣០ ១,៦៧
២០១២ ៨១០ ១៤ ០៤០ ១,៨២
២០១៣ ៨៥០ ១៥​ ៤៥០ ២,០៣
២០១៤ ៩២0 ១៦​ ៧៨០ ០,៧១

ប្រភព៖ http://www.theglobaleconomy.com/Cambodia (១៥ មិថុនា ​២០១៦)

*អ្នកនិព្វន្តគណនាតាមរូបមន្ត  មេគុណចំណាយសាធារណៈ​នៃទ្រឹស្តីកេនស៍ យើងសង្កេតឃើញថា ចំណាយសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា​ ដើរ​តួសំខាន់ក្នុងការលើកកម្ពស់ប្រាក់ចំណូលជាតិ ជាពិសេស ជំរុញឱ្យមាន​កំណើន​សេដ្ឋកិច្ច។ ក្នុងរយៈមួយទស្សវត្សចុងក្រោយនេះ កំណើនចំណាយ​សារធារណៈ គិតជាភាគរយនៃផលិផលក្នុងស្រុក មានកំណើនខ្លាំងចាប់ពីឆ្នាំ​២០០៥ ដែលស្មើនឹង​១២,៣៣% ដល់ឆ្នាំ២០០៩​ កើនដល់១៩,៨៦% ដែល​កំណើន​នេះ គឺជាលទ្ធផលនៃកំណែទម្រង់ហិរញ្ញវត្ថុ​​សាធារណៈ។

តាមលោក Tanzi​ និង Schuknecht (2000) បានបង្ហាញថា ចំណាយ​សាធារណៈនេះ មិនត្រឹមតែទទួល បានផលកំណើនសេដ្ឋកិច្ច ក្នុងពេល​បច្ចុប្បន្ន​ទេ ថែមទាំងដើរតួសំខាន់សម្រាប់ជំនាន់ថ្មី។
ចំណាយសាធារណៈ បាន​ធ្វើឱ្យ​មានភាពប្រសើរឡើងលើសន្ទស្សន៍នៃការអភិវឌ្ឍមនុស្ស
(Human Development Index)។ ជាក់ស្តែងតាម
របាយការណ៍ឆ្នាំ២០១៥ របស់កម្មវិធីអភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP)​ បានបង្ហាញថា សន្ទស្សន៍នៃការអភិវឌ្ឍ​មនុស្សមានការ​កើន​ឡើងរហូតដល់ 0,៥៥៥ នៅឆ្នាំ ២០១៤។

រូបភាព​​ -៧៖ ចំណាយសាធារណៈ
(គិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប)

 ប្រភព៖ IMF, World Economic Outlook (April
2016)

From: //knoema.com/IMFWEO2016Apr/imf-world-economic-outlook-weo-april-2016?tsId=1010250
(19 June 2016)

តារាង-៤៖​ ចំណាយសាធារណៈ និង សន្ទស្សន៍នៃការអភិវឌ្ឍមនុស្ស
របស់កម្ពុជា

ឆ្នាំ ចំណាយសាធារណៈ (% of GDP)* សន្ទស្សន៍ នៃការអភិវឌ្ឍមនុស្ស**
២០០៦ ១២,៩៥ ០,៥១១
២០០៧ ១៤,២៧ ០,៥២០
២០០៨ ១៥,៣៨ ០,៥២៦
២០០៩ ១៩,៨៦ ០,៥២៧
២០១០ ១៩,៩០ ០,៥៣២
២០១១ ១៩,៦៦ ០,៥៣៧
២០១២ ២០,៧១ ០,៥៤២
២០១៣ ២០,៦៦ ០,៥៥០
២០១៤ ២០,៩០ ០,៥៥៥

ប្រភព៖  * IMF, World Economic Outlook 2016

​​​​​​​​​** UNDP, Human Development Report
1980-2015

រូបភាព-៨៖ទំនាក់ទំនងរវាងសន្ទស្សន៍នៃការអភិវឌ្ឍមនុស្ស
និងចំណាយសាធារណៈ

ប្រភព៖
អ្នកនិព្វន្តគណនាតាមតារាង២
-៤​ ខាងលើ

តាមរយៈរូប២-៨ខាងលើបានបង្ហាញថា ហិរញ្ញវត្ថុសាធាណៈ ជា​ពិសេស ការចំណាយរបស់រដ្ឋាភិបាល
បាន​ធ្វើឱ្យមានកំណើននៃការអភិវឌ្ឍ​ តាមរយៈ​វិនិយោគ និង សេវាសាធារណៈ ជាពិសេស វិស័យអប់រំ ​និង វិស័យ​សុខាភិបាល ដែលប្រជាជនកម្ពុជាបច្ចុប្បន្នជាមធ្យមក្នុងម្នាក់
បានរៀនរយៈពេល (Expected
Year of Schooling) ១០,៥ឆ្នាំ និង មានអាយុសង្ឃឹមរស់
(Life Expectancy) ៦៤ឆ្នាំ។[4] នេះជាយុទ្ធសាស្រ្តមួយ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និង ជំរុញការអភិវឌ្ឍប្រទេស
ដោយសារតែកំណើនចំណាយសាធារណៈ បានធ្វើ​ឱ្យ​សន្ទស្សន៍នៃការអភិវឌ្ឍមនុស្សមានការកើនឡើង ស្ថិតក្នុងក្រុមប្រទេសមាន​ការ​អភិវឌ្ឍមនុស្សមធ្យម ​(Medium Human
Development)។

លើសពីនេះទៀត
ចំណាយសាធារណៈអាចជួយរក្សាស្ថិរភាពថ្លៃ របាយ ប្រាក់ចំណូលស្មើភាពគ្នា
បែងចែកធនធានបានត្រឹមត្រូវ មានតុល្យភាពក្នុងការ​អភិវឌ្ឍ និង ជំរុញការនាំចេញ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

១.១-ស្ថិរភាពថ្លៃ

រដ្ឋាភិបាលអាចប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធ្វើការគ្រប់គ្រង​អតិផរណា ឬ បដិផរណា ដែលជាផ្នែកមួយនៃគោលនយោបាយសារពើរពន្ធ។ ក្នុងរយៈមានអតិផរណា ពន្ធប្រយោល ជាពិសេស គឺអាករលើតម្លៃបន្ថែម និង ការចំណាយទូទៅត្រូវបានកាត់បន្ថយ ប៉ុន្តែ រដ្ឋាភិបាលអាចបង្កើនពន្ធផ្ទាល់ និង ចំណាយមូលធន។ រដ្ឋាភិបាល​នឹងបន្ទាបការប្រាក់ដើម្បីបង្កើនវិនិយោគ និង បង្កើនបំណុលសាធារណៈ ព្រមទាំងប្រមូលមូលធនសម្រាប់វិនិយោគ។

តារាង៖​
ចំណាយសាធារណៈ និង អត្រាអតិផរណារបស់កម្ពុជា

ឆ្នាំ អត្រាអតិផរណា** ចំណាយសាធារណៈ (% of GDP)*
២០០៦ ២,៨% ១២,៩៥
២០០៧ ១០,៨% ១៤,២៧
២០០៨ ២៥,៧% ១៥,៣៨
២០០៩ -០,៤% ១៩,៨៦
២០១០ ៤,០% ១៩,៩០
២០១១ ៥,៥% ១៩,៦៦
២០១២ ២,៥% ២០,៧១
២០១៣ ៤,៧% ២០,៦៦
២០១៤ ៣,៩% ២០,៩០
២០១៥ ១,២% ​​២០,៤៨***
២០១៦ ២,៨% ២១,៧៣***

* IMF, World Economic Outlook 2016

​​​​​​​​** ធនាគារជាតិនៃកម្ពុជា​,​​ របាយការណ៍ប្រចាំឆ្នាំ ២០០៧​ ដល់២០១៥

*** កំណត់បង្ហាញនៃសេចក្តីព្រាងច្បាប់ស្តីពីថវិកាសម្រាប់ការគ្រប់គ្រង​២០១៧

១.២-របាយណ៍ប្រាក់ចំណូលស្មើគ្នា​ ​និង ការបែងចែកធនធាន​បាន​ត្រឹមត្រូវ

រដ្ឋាភិបាលប្រើប្រាស់ចំណូល និង ចំណាយសាធារណៈ ដើម្បីកាត់​បន្ថយ​វិសមភាពនៃប្រាក់ចំណូល។ ប្រសិនបើមានភាពខុសគ្នាខ្លាំង នៃ​ប្រាក់​ចំណូល​នោះ រដ្ឋាភិបាលនឹងយកពន្ធលើប្រាក់ចំណូល ផលចំណេញ​ ទ្រព្យ​សម្បតិ្ត​ពី​អ្នកមានចំណូលខ្ពស់ និង អាករលើការប្រើប្រាស់ប្រចាំថ្ងៃ។ ទឹកប្រាក់​ដែលប្រមូលបាន ត្រូវហិរញ្ញប្បទាន ដែលបានជាផលប្រយោជន៍​ដល់អ្នកក្រ​តាមរយៈការឧបត្ថម្ភធន ការលើកទឹកចិត្ត និង សំវិធានធនផ្សេងៗទៀត។

ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល មានសារសំខាន់ក្នុងការប្រើប្រាស់ធនធាន​ធម្មជាតិ ធនធានបង្កើតដោយមនុស្ស និង ធនធានមនុស្ស។ រដ្ឋាភិបាលអាច​យក​ពន្ធច្រើន រួចផ្តល់ជាគោលនយោបាយឧបត្ថម្ភធន​  ឬ យកពន្ធតិចតួចលើ​​ផលិតកម្ម។ ការបែងចែកនេះ​​ ត្រូវធ្វើឡើងតាមរយៈកំណែទម្រង់ពន្ធដារ​​ ដើម្បី​ឱ្យ​ធនធានសេដ្ឋកិច្ច ដែលមានត្រូវ​បានបែងចែកប្រកបដោយសមធម៌។​ ប្រភេទ​ព​ន្ធលើប្រាក់ចំណូល​ ​ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើភាគលាភ​ ត្រូវបាន​គិតតាមអត្រាកំណើនតាមថ្នាក់​[5] ដែលប្រភេទពន្ធបែបនេះ​ ត្រូវបានហៅថា​ជា​ស្វ័យស្ថិរករ (Automatic Stabilizer)។​ ​អត្រាពន្ធមិនមានការផ្លាស់ប្តូរទេ​ ប៉ុន្តែ គោលនយោបាយកំណែទម្រង់ បាន​កំណត់ពិដាន​សម្រាប់អ្នក​ជាប់ពន្ធ​ឱ្យ​បាន​ខ្ពស់ជាងមុន​ ដើម្បីលើកកម្ពស់ជីវភាពអ្នកដែលមានចំណូលទាប​ ក្នុងគោល​បំណងធ្វើឱ្យការ​បែងចែកធនធានខិតទៅរកភាពសមធម៌។​ ជាក់ស្តែងគឺពន្ធលើ ប្រាក់បៀវត្សរ៍ ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៣​​ ដោយមានពិដានអ្នកជាប់ពន្ធ ០%​ ត្រឹម​៥០០​ ០០០រៀល​ ហើយមានការផ្លាស់ប្តូរនៅឆ្នាំ២០១៥​​[6] ប្តូរមកជា​ ៨០០​ ០០០​រៀល​​ និង ដល់ឆ្នាំ២០១៧​​ ត្រូវប្តូរមក ១លានរៀល។[7] នេះជាគោល​នយោបាយមួយ​ ក្នុងគោលនយោបាយ​សារពើពន្ធ ដើម្បីកាត់បន្ថយគម្លាត​ប្រាក់ចំណូល រវាងអ្នកមានចំណូលទាប​ និង អ្នកមានចំណូលខ្ពស់។

១.៣-តុល្យភាពនៃការអភិវឌ្ឍ

រដ្ឋាភិបាលបានប្រើប្រាស់ចំណូល និង ចំណាយសាធារណៈសម្រាប់​កាត់​បន្ថយ​គម្លាតរវាងទីក្រុង និង​ ជនបទ និង វិស័យកសិកម្ម និង ឧស្សាហកម្ម។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានហិរញ្ញប្បទានលើការកសាង ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តអភិវឌ្ឍន៍ជនបទ​ និង បែងចែកធនធានជាផលប្រយោជន៍​សេដ្ឋកិច្ច​ដោយផ្ទាល់ទៅដល់ប្រជាជន​នៅតំបន់ជនបទ។

ថវិកាជាតិរបស់កម្ពុជាមានទិសដៅជាយុទ្ធសាស្រ្ត ក្នុងការកំណត់​ចំណាយ​ចរន្តឱ្យស្ថិតក្នុងកម្រិតចំនួន​១៣ ០៥០​ ៦៨៦លានរៀល ត្រូវជា​១៤,៦៦% នៃ​ផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០១៧។[8]​ ការចំណាយសាធារណៈ រួម​មាន​ការចំណាយចរន្ត​ និង ការចំណាយមូលធន។

តាមសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នៅក្នុង​ចំណាយចរន្ត មានការចំណាយលើ​បុគ្គលិក ដែលរួមមានបៀវត្សរ៍មូលដ្ឋាន​ ប្រាក់​បំណាច់មុខងារ ប្រាក់ឧបត្ថម្ភនិវត្តជន លាភការ រង្វាន់ផ្សេងៗ និង​ ប្រាក់​វិភាជន៍សង្គម សម្រាប់ថ្នាក់ដឹកនាំស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអ​ចិន្ត្រៃយ៍​ បុគ្គលិកជាប់កិច្ចសន្យា ក្នុងខ្ទង់ចំណាយ៥២% នៃចំណាយចរន្ត​ថវិកា​ថ្នាក់ជាតិ ដែលស្មើនឹង៧,៨%នៃផលិតផលក្នុងស្រុកសរុប។ ក្នុងចំណាយ​ចរន្ត​នេះដែរ​ ការចំណាយមិនមែនបុគ្គលិកបានកើនឡើងដល់៦,២ទ្រីលានរៀល ត្រូវ​ជា ៧%​ នៃផលិតផល​ក្នុង​ស្រុកសរុប។

ទន្ទឹមនឹងនេះដែរ ថវិកាកម្មវិធីត្រូវបានអនុវត្តនៅក្រសួង ស្ថាប័នចំនួន​៣៦ទាំងរដ្ឋបាលកណ្តាល និង មន្ទីរ​ជំនាញ ក្នុងទឹកប្រាក់ ៧,៧៧ ទ្រីលានរៀល ដែលមានសមាមាត្រស្មើនឹង ៦០% នៃចំណាយចរន្តថវិកាជាតិ។​ ការចំណាយ​ថវិកាថ្នាក់ជាតិ ត្រូវបានធ្វើឡើងក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ​តាម​វិស័យ ដោយដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៨ សម្រាប់គ្រប់ស្ថាប័នសាធារណៈ​នៃ​រដ្ឋបាលថ្នាក់ជាតិ ដែលរួមបញ្ចូលទាំងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ។ ថវិកាកម្មវិធីនេះ គឺជាការរៀបចំថវិកា ដោយផ្អែកលើ កម្មវិធីជាមូលដ្ឋាន និង មានការកំណត់ជាមុននូវលទ្ធផលរំពឹងទុក ដែលត្រូវ​វាស់ដោយលទ្ធផល ឬ ធាតុចេញ (Output) លទ្ធផលចុងក្រោយ (Outcomes) និង សូចនាករណ៍ (Indicators) ទៅតាមកម្មវិធី (Programs) អនុកម្មវិធី (Sub-programs) និង ចង្កោមសកម្មភាព (Activities)។

តារាង៖​ ការបែងចែកចំណាយចរន្តថវិកាជាតិ ឆ្នាំ២០១៧

ស្ថាប័ន ទឹកប្រាក់​(ទ្រីលានរៀល ភាគរយនៃ​ចំណាយ ចរន្តថវិកាជាតិ
ក) វិស័យរដ្ឋបាលទូទៅ ,៩៨៧ ,
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ០,១៨១ ១,៤
ទីស្តីការគណៈរដ្ឋមន្រ្តី ០,៤៧៧ ៣,៧
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ០,0១៦ ០,១
ក្រសួងមុខងារសាធារណៈ 0,០៤៦ ០,៤
ក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ ០,៥៧៥ ៤,៤០
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ០,១៣៥ ១,០
ក្រសួងការបរទេស ០,១០២ ០,៨
ខ) វិស័យការពារជាតិ ,៣៣៨ ២៥,
ក្រសួងការពារជាតិ ១,៨៥៦ ១៤,២
ក្រសួងមហាផ្ទៃ ១,៣៦៥ ១០,៥
ក្រសួងយុត្តិធម៌ ០,១១៧ ០,១
គ) វិស័យសង្គមកិច្ច ,៨៣៦ ៣៧,
ក្រសួងអប់រំ ២,៣៨៤ ១៨,៣
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ០,១៩០ ១,៥
ក្រសួងសុខាភិបាល ១,២០២ ៩,២
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ០,៧៥០ ៥,៧
ក្រសួងបរិស្ថាន 0,០៦២ ០,៥
ឃ) វិស័យសេដ្ឋកិច្ច ,៣០៦ ១០,០
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ០,២២០ ១,៧
ក្រសួងសាធារណការ និងដឹកជញ្ជូន ០,៣៨៨ ៣,០
ក្រសួងអភិវឌ្ឍន៍ជនបទ ០,១៦១ ១,២
ក្រសួងធនធានទឹក និងឧត្តុនិយម ០,១១៨ ០,៩
ក្រសួងទេសចរណ៍ 0,០៨២ ០,៦
) ចំណាយមិនបែងចែកមុខសញ្ញា ,៥៨២ ១២,១

ប្រភព៖រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកាជាតិ​សម្រាប់​កាត់បន្ថយគម្លាតរវាង ទីក្រុង និង​ ជនបទ ដោយធ្វើហិរញ្ញប្បទានសម្រាប់​ចំណាយមូលធនថវិកាថ្នាក់ជាតិ ដោយបន្តអនុវត្តនូវកម្មវិធី វិនិយោគ​សាធា-រណៈ​រំកិល៣ឆ្នាំ។​ គម្រោងចំណាយមូលធនថវិកាថ្នាក់ជាតិសម្រាប់ឆ្នាំ​២០១៧ រួមមាន សរុប ៧,១៣៤ ទ្រីលានរៀល ត្រូវជា ៣៥,៣%នៃចំណាយ​ថវិកា​ជាតិ​សរុប និង ត្រូវជា​៨% នៃផលិតផលក្នុងស្រុកសរុប​។

តារាង៖​ ការចំណាយមូលធនថវិកាជាតិ ឆ្នាំ២០១៧

ស្ថាប័ន ទឹកប្រាក់​​​​​ (ទ្រីលានរៀល) ភាគរយនៃផលិតផល​​សរុប
វិនិយោគសាធារណៈដោយថវិកាថ្នាក់ជាតិ ២,១៨៤ ២,៤៥
និយោគសាធារណៈដោយថវិកាក្រៅប្រទេស ៤,២៨៥ ៤,៨១
ចំណាយលើការទូទាត់ប្រាក់ខ្ចី ០,៦៦៦ ០,៧៥

ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧

ចំណែកឯការចំណាយថវិកា រាជធានី ខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវសម្រេចក្នុងទឹកប្រាក់ចំនួន ១ ៦០៥ ៧១៤លានរៀល មានសមាមាត្រស្មើនឹង ៧,៦% នៃចំណាយថវិការដ្ឋសរុប និង ត្រូវជា ១,៨០% នៃផលិត​ផលក្នុង​ស្រុក​សរុប។ ចំណាយចរន្តត្រូវសម្រេចក្នុងទឹកប្រាក់ ១ ៣៨៦ ៥៧៩លានរៀល មាន​សមមាត្រស្មើនឹង១០,០%នៃចំណាយចរន្តថវិការដ្ឋសរុប ត្រូវជា១,៥៦%​នៃផលិត​ផលសរុបក្នុងស្រុក និង ចំណាយមូលធន ត្រូវ​សម្រេចបានក្នុងទឹកប្រាក់ចំនួន ២១៩ ១៣៥លានរៀល ត្រូវជា​ ៩,១% នៃចំណាយមូលធន ដោយហិរញ្ញប្ប​ទាន​​ក្នុង​​ប្រទេស ដែលមានសមាមាត្រស្មើនឹង០,២៥%​ នៃផលិតផលក្នុង​ស្រុក​សរុប។[9]


[1]http://www.theglobaleconomy.com/Cambodia/government_spending_dollars/

[2]http://www.theglobaleconomy.com/Cambodia/GDP_current_USD/

[3]Abel, Bernanke, and Croushore, Macroeconomics: Fiscal Policy, 8e, Mc.Grawhill, 2014

[4]UNDP, Human Development Report 2015

[5]អគ្គនាយកដ្ឋានពន្ធដា ចក្ខុវិសៀវភៅណែនាំស្តីពីពន្ធលើប្រាក់បៀវត្សរ៍  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

[6]សេចក្តីណែនាំលេខ០០២សហវ ស្តីពីការអនុវត្តពន្ធលើប្រាក់បៀវត្ស ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥

[7]សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧

[8]កំណត់បង្ហាញ នៃសេចក្តី​ពា្រងច្បាប់ថវិកាសម្រប់ការគ្រប់គ្រងឆ្នាំ២០១៧​  លេខ​០០៣សហវ  ​ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦​

[9]សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧