ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » សន្ដិភាវូបនីយកម្មនៅកម្ពុជា ពីឆ្នាំ១៩៩១ ដល់ ១៩៩៨

សន្ដិភាវូបនីយកម្មនៅកម្ពុជា ពីឆ្នាំ១៩៩១ ដល់ ១៩៩៨

សន្ដិភាវូបនីយកម្មនៅកម្ពុជា ពីឆ្នាំ១៩៩១ ដល់ ១៩៩៨

ដោយ៖ លោក ទុយ យូឃីម (បណ្ឌិតផ្នែកវិទ្យសាស្ត្រនយោបាយ)

អនុប្រធានផ្នែកវិទ្យាសាស្រ្តអប់រំ នៃវិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

ព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិល ដ៏ រ៉ាំរ៉ៃ អស់រយៈពេលជាងបីទសវត្សរ៍។ សង្រ្គាមក្នុងអំឡុងពេលជាងបីទសវត្សរ៍ កន្លងមកនេះ ជាលទ្ធផលដែលទទួលមកពីឥទ្ធិពលនៃមនោគមវិជ្ជា របស់ពិភព លោក គឺមនោគមវិជ្ជាសង្គមនិយម និង មនោគមវិជ្ជាសេរី។ ក្រោយពីប្រទេស កម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជាគឺ សម្ដេច នរោត្ដម សីហនុ ព្រះអង្គបានជ្រើសរើសយក នយោបាយអព្យាក្រិតមកអនុវត្ត ក្នុងគោលបំណងស្វែងរកការគាំទ្រពីសហ-គមន៍អន្តរជាតិ។ ការប្រកាន់យកនយោបាយនេះក្នុងដំណាក់កាលនោះ វាជា គ្រោះថ្នាក់មួយសម្រាប់កម្ពុជា ដែលទើបតែងើបចេញការគ្រប់គ្រងរបស់បារាំង វាជាការប្រឈមមុខយ៉ាងសម្បើមរបស់កម្ពុជា ក្នុងដំណាក់កាលសង្គ្រាម ត្រជាក់។ ប្រទេសកម្ពុជាបានទទួលនូវស្ថានភាពដ៏តឹងតែងមួយ របស់មហា អំណាច ក្នុងទិសដៅប្រើនូវមនោគមវិជ្ជារបស់ខ្លួនដើម្បីទប់ស្កាត់ និង រារាំងការ ឆ្លងគ្នាទៅវិញទៅមកនៃនមនោគមវិជ្ជាលោកសេរី និង ពួកកុម្មុយនីស្ដ។

យើងដឹងហើយថា ចាប់តាំងពីពេលដែលមានការបែកចេញនូវមនោគមវិជ្ជាពីរ រវាងសេរី និង សង្គមនិយមមក ឥទ្ធិពលនេះបានសាយភាយពាសពេញពិភពលោក ក្នុងនោះ កម្ពុជាក៏បានក្លាយទៅជាសមរភូមិដ៏ក្ដៅគគុករបស់មហាអំណាចទាំងនោះ ដើម្បីឱ្យកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនដែរ។ ប្រទេសកម្ពុជា ជាប្រទេសតូចមួយដែលតែងតែបានទទួលឥទ្ធិពលពីបណ្ដាប្រទេសមហាអំណាចមួយចំនួន តួយ៉ាងដូចជា សហរដ្ឋអាមេរិក សហភាព សូវៀត ចិនប្រជាមានិត បារាំង និង ជប៉ុនជាដើម។ ឥទ្ធិពលរបស់ប្រទេស មហាអំណាចទាំងនេះ វាកើតឡើងនៅពេលដែលចលនាមនោគមវិជ្ជាកុម្មុយនីស្ដ បានជ្រាបចូលមកក្នុងប្រទេសកម្ពុជា។ កម្ពុជាបានក្លាយជាសមរភូមិក្នុង ការទប់ស្កាត់ និង ការបង្ហូរមនោគមវិជ្ជានៃសេរី និង សង្គមនិយម។ ដើម្បីគាំទ្រ ដល់មនោគមវិជ្ជានីមួយៗ មានប្រទេសមួយចំនួនបានចូលរួមក្នុងបណ្ដាប្រទេស ណាដែលខ្លួនគិតថាត្រឹមត្រូវ ទៅតាមការគិតរបស់គេរៀងៗខ្លួន។  ដោយសារ​តែ​គំនិតនេះ ដែលបានធ្វើឱ្យប្រទេសកម្ពុជា ពេលខ្លះបានក្លាយទៅជាប្រទេស​មាន​សន្ដិភាព ឬ សង្គ្រាមបង្ហូរឈាម គឺដោយសារតែឥទ្ធិពល និង កម្លាំងនៃ​មនោគមវិជ្ជារបស់ប្រទេសមហាអំណាចទាំងនោះ។ ដើម្បីងាយស្រួលក្នុង​ការ​សិក្សាស្រាវជ្រាវ វិភាគទៅលើកត្តាសំខាន់មួយចំនួន​នៃការបញ្ចប់សង្រ្គាម​នៅ​កម្ពុជា យើងសូមលើកយកប្រវត្តិនៃការបែកបាក់ក្នុងសង្គមខ្មែរ​ ក្នុងរយៈកាល​ជាងបីទសវត្សរ៍នេះ មកបង្ហាញដោយត្រួសនៅក្នុងសេចក្តីផ្តើមនេះ។

ការបែកបាក់ក្នុងសង្គមខ្មែរ មិនមែនទើបតែកើតមានឡើយក្រោយពីរដ្ឋ​ប្រហារ​ទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះទេ ការបែកបាក់នេះ បានបង្ហាញឱ្យឃើញតាំងពីក្នុងសម័យអាណានិគមនិយម​បារាំង​មកម្លេះ។ ដោយសារតែការមិនពេញចិត្តចំពោះ​រដ្ឋ​ការ​អាណា​ព្យាបាល​បារាំង ពីសំណាក់ប្រជារាស្ត្រខ្មែរទូទៅ និងជាពិសេស ពីសំណាក់​ពួកបញ្ញវន្ត​ខ្មែរខ្លះ ទើបបណ្ដាលឱ្យមានផ្ទុះឡើងនូវចលនាបះបោរប្រឆាំងបារាំង​ កើតមាន​ជាបន្តបន្ទាប់ដូចខាងក្រោម៖

ចលនាបះបោររបស់អាចារ្យស្វា (១៨៦៤-១៨៦៦) ៖ កងទ័ពអាចារ្យ​ស្វា​បានធ្វើការវាយលុកចូលកាន់កាប់ខេត្តទ្រាំង (កំពត តាកែវ) រួចបន្តដំណើរ​មក​កាន់ក្រុងភ្នំពេញ។ កងទ័ពព្រះបាទនរោត្តម ដោយមានជំនួយពីកងទ័ពបារាំង​បានវាយកម្ទេចចលនារបស់អាចារ្យស្វា ហើយចាប់អាចារ្យបញ្ជូនទៅឃុំនៅ​លើ​កោះ កណ្ដាលមហាសមុទ្រ។

ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥-១៨៩១)៖ កងកម្លាំងពោធិ​កំបោរ​ មានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាព​នៅ​ព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និង នៅតំបន់ចន្លោះទីក្រុង​ឧត្ដុង្គ​ និង ភ្នំពេញ។ នៅខែមករា ឆ្នាំ១៨៦៧ កងទ័ពពោធិកំបោរបានបរាជ័យ​នៅជាយ​ក្រុងភ្នំពេញ។ ពោធិកំបោរបានទៅពួននៅកំពង់ស្វាយ
រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់ យកក្បាលមកដោតនៅក្រុងឧត្ដុង្គនៅខែធ្នូ ឆ្នាំ១៨៦៧។

ចលនាបះបោររបស់ស៊ីវត្ថា (១៨៦១-១៨៩១) ៖ ស៊ីវត្ថាជាបុត្រាទីបី​របស់​ព្រះបាទអង្គឌួង។ ចលនាបះបោររបស់ស្តេចអង្គនេះ បានកើតមានតាំងពីមុន​ការដាក់អាណាព្យាបាលពីបារាំងមកម៉្លេះ។ ចលនានេះបានបង្កការលំបាក​យ៉ាង​ច្រើនដល់ព្រះមហាក្សត្រ និង ពួកអាណាព្យាបាលបារាំង។ ពីឆ្នាំ១៨៦១ ដល់​១៨៦២ កងកម្លាំងស៊ីវត្ថាចូលកាន់កាប់រាជធានីឧត្ដុង្គ។ ព្រះបាទនរោត្តម បាន​ភៀសព្រះកាយទៅប្រទេសសៀម ហើយយាងត្រឡប់មកវិញ បន្ទាប់ពីចលនា​បះបោរត្រូវបានវាយបង្ក្រាបវិញ នៅឆ្នាំ១៨៦២។ ស៊ីវត្ថារត់រួច ហើយទៅកទ័ព​ធ្វើ​ការបះបោរបន្តទៀត។ នៅឆ្នាំ១៨៨៥ ព្រះមហាក្សត្រ និង រាជការអាណានិគម​សាកល្បងធ្វើការចរចាជាមួយស៊ីវត្ថា តែស៊ីវត្ថាមិនព្រមទទួលលក្ខខណ្ឌ ហើយ​បន្ត​ធ្វើ​ការ​បះបោរទៀត។ នៅឆ្នាំ១៨៩១ ស៊ីវត្ថាបានទទួលមរណភាព​ដោយ​ជំងឺ។ ចលនារបស់ស៊ីវត្ថាក៏រលំរលាយត្រឹមនេះ។

ចលនាតស៊ូរបស់ក្រឡាហោមគង់ (១៨៨៥-១៨៨៦)៖ កងទ័ពរបស់​ក្រឡាហោមគង់ ប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ចលនានេះ មានការគាំទ្រអំពីកសិករជនជាតិចិនមួយចំនួន និង ព្រះសង្ឃ។ នៅឆ្នាំ១៨៨៦ បារាំងបានធ្វើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួច​ចាប់លោកចងផ្អោបបំពង់ផ្សែងកប៉ាល់ រហូតទទួលមរណភាព។

ចលនាតស៊ូរបស់ពិស្ណុលោកឈូក (១៨៨៥-១៨៨៦)៖ ក្រុមរបស់ពិស្ណុ​លោកឈូក បានរួបរួមជាមួយក្រុមរបស់ក្រឡាហោមគង់ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងអាណាព្យាបាល ធ្វើឱ្យកងទ័ពបារាំងមានការខូចខាតជាដំណំ។
នៅពេល​ធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកបានត្រូវគេលួចធ្វើ​ឃាត។

ក្រោយមកនៅពេលដែលជប៉ុនចូលមកគ្រប់គ្រងប្រទេសកម្ពុជា នៅ​ពេល​នោះ កម្ពុជាបានបែងចែកជាពីរក្រុមទៀតគឺ ៖ ក្រុមដែលលំអៀងទៅ​ខាង​ជប៉ុន និង ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។

ក្រុមដែលលំអៀងទៅខាង​ជប៉ុន៖ ក្រុមនេះដឹកនាំដោយលោក សឺង ង៉ុក​ថាញ់។ នៅឆ្នាំ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជា ហើយប្រកាស​កម្ពុជា​ជារដ្ឋឯករាជ្យ ដោយលើក សឺង ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែល​តាមការពិតរដ្ឋាភិបាលរបស់ សឺង ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិបាលទីងមោង​ប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។

ក្រោយ​ពេលជប៉ុនចាញ់សង្រ្គាមលោកលើកទី២ បារាំងបានវិលមក​កាន់​កម្ពុជាជាថ្មី កងទ័ពរបស់ សឺង ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំ​អាច​តស៊ូនឹងបារាំងបានឡើយ ហើយ សឺង ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយក​ទៅ​ឃុំ​នៅប្រទេសបារាំង។ នៅឆ្នាំ១៩៥១ បារាំងបានដោះលែង សឺង ង៉ុកថាញ់ តាម​សំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ១៩៥២ សឺង ង៉ុកថាញ់ បានរត់ទៅ​ប្រទេសថៃ បង្កើតចលនាខ្មែរសេរី។

ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត ៖ នៅឆ្នាំ១៩៣០ ចលនាប្រជា​រាស្ត្រ​បានរួបរួមជាមួយក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។ ចលនា​តស៊ូ​រំដោះ​ជាតិនៅក្នុងប្រទេសកម្ពុជាបានវិវត្តទៅ ដោយមានទំនាក់ទំនង​ស្អិតរមួត​ទៅនឹងចលនារំដោះជាតិវៀតណាម និង ឡាវ។ ដោយយោង​ទៅតាមសេចក្តី​សម្រេចចិត្ត នៃការប្រជុំពេញអង្គរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត​ឥណ្ឌូចិនលើកទី៦ និង លើកទី៧ ពួកកុម្មុយនីស្ត កម្មាភិបាល កងទ័ពប្រជាជន​វៀតណាម បានធ្វើសកម្មភាពគាំទ្រដល់កងកម្លាំងអ្នកតស៊ូខ្មែរ (ឆ្វេងនិយម) នៅក្នុងសង្រ្គាមឈ្លបប្រឆាំងនឹងពួកអាណានិគមនិយមបារាំង។ ខ្មែរឥស្សរៈ​បាន​ដើរមុខគេនៅក្នុងចលនាតស៊ូរំដោះជាតិដោយអាវុធ នៅក្នុងប្រទេសកម្ពុជា។ ជ័យជម្នះនៃសកម្មភាពរបស់ខ្មែរឥស្សរៈ និងការរីករាលដាលនៃឥទ្ធិពលរបស់​ពួកឥស្សរៈ បានធ្វើឱ្យព្រះមហាក្សត្រមិនអាចពន្យាពេលតទៅទៀតបាន ព្រោះ​ព្រះអង្គបានមើលឃើញប្រទេសជាតិ អាចធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់​ពួក​កុម្មុយនីស្ត ជាពិសេស ពួកវៀតមិញដែលមានប្រវត្តិសាស្រ្តដ៏ជូរចត់​នៅក្នុង​វិបត្តិ​នៃការបាត់បង់ទឹកដីរបស់កម្ពុជា។ បញ្ហានេះក៏ជាហេតុផលមួយដែរ ដែលបារាំង​ក្រោមការធ្វើអន្តរាគមន៍ពីប្រទេសលោកខាងលិចផងនោះ បារាំងបានប្រគល់​ឯករាជ្យឱ្យកម្ពុជានៅខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបារាំងយល់ថា មានតែសម្តេច នរោត្តម សីហនុ ទេ ដែលអាចធានាថា ប្រទេសកម្ពុជា​នឹងមិនក្លាយជាសត្រូវ​នឹង​បារាំងក្រោមឥទ្ធិពលមនោគមវិជ្ជាសង្រ្គាមត្រជាក់។

យើងសូមធ្វើការកត់សម្គាល់ផងដែរថា ក្នុងដំណាក់កាលឆ្នាំ១៩៥០-១៩៥៣ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីក និង ពង្រឹងការគ្រប់គ្រងរដ្ឋបាលយោធានៅលើ​តំបន់ទាំងឡាយណា ដែលស្ថិតនៅក្រោមការការធ្វើសកម្មភាពពី​តំណាងខ្មែរ​ឥស្សរៈ។ នៅពេលនោះ អ្នកកាន់អំណាចបានរៀបចំប្រតិបត្តិការបង្កើតកម្លាំង​ប្រជាកសិករ ជាពិសេស នៅតាមខេត្តទាំងឡាយតាមព្រំប្រទល់នៃប្រទេស​កម្ពុជា​ដែលជាមូលដ្ឋានកម្លាំងរបស់ខ្មែរឥស្សរៈ។ ប្រតិបត្តិការមួយមានឈ្មោះថា ប្រតិបត្តិការសាមគ្តី ត្រូវបានបង្កើតឡើងដើម្បីបោសសំអាតពួកខ្មែរឥស្សរៈដែល​បានធ្វើឡើងក្រោមព្រះរាជតំរិះរបស់ព្រះមហាក្សត្រ ទៅលើពួកឆ្វេងនិយម។ មុននឹងចាប់ផ្តើមប្រតិបត្តិការនេះ រាជរដ្ឋាភិបាលបានធ្វើការចោទប្រកាន់ទៅ​លើ​ពួកខ្មែរឥស្សរៈថា ពួកនេះបានធ្វើការសហការជាមួយនឹងពួកវៀតមិញ។ បន្ទាប់​ពីខែវិច្ឆិកា ឆ្នាំ១៩៥៣ ពួកខ្មែរឥស្សរៈបានក្លាយជាសត្រូវកាន់តែខ្លាំងនៅក្នុង​ការ​តស៊ូដើម្បីឯករាជជាតិ។ ចំពោះសង្រ្គាមដែលពួកវៀតមិញបានធ្វើសកម្មភាព​ជួយដល់ខ្មែរឥស្សរៈ ក្នុងការប្រឆាំងនឹងពួកអាណានិគមនិយមបារាំងនៅលើទឹក​ដីកម្ពុជា ខ្មែរចាត់ទុកថាជាសកម្មភាពឈ្លានពានរបស់ពួកវៀតមិញ មកលើ​ប្រទេស​កម្ពុជា ហើយពួកខ្មែរឥស្សរៈជាក្រុមខ្មែរមួយធ្វើសកម្មភាពតាម​បទបញ្ជា​របស់ពួកវៀតមិញ ចាប់ពីពេលនោះមក សកម្មភាពប្រឆាំងនឹងពួកខ្មែរឥស្សរៈនិងពួកវៀតមិញកាន់តែមានសកម្មភាពខ្លាំងឡើងៗ។

ប្រតិបត្តិការនេះ បានចាប់ផ្តើមបន្ទាប់ពីបារាំងបានប្រគល់អំណាច​យោធា​ទាំងស្រុងមកឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពិភពលោក​ទាំងមូល​ឱ្យឃើញថារបបរាជានិយមកម្ពុជា មិនត្រឹមតែមានចលនាតស៊ូដើម្បី​ឯករាជ្យ​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែ
យើងបានបំពេញនូលលក្ខន្តិកៈផ្សេងៗទៀត​បានថែម​ទៀត​ផងដែរ ដែលមានចែងនៅក្នុងការទទួលឯករាជ្យជាតិ។ លក្ខន្តិកៈមួយក្នុង​លក្ខន្តិកៈជាច្រើននោះ គឺការប្រឆាំងនឹងពួកឆ្វេងនិយមដែលព្រះអង្គ​បាន​សន្យា​ថានឹងដឹកនាំនយោបាយតឹងរ៉ឹងជាទីបំផុតនោះ។

រហូតដល់ការចាប់ផ្តើមសន្និសីទនាទីក្រុងហ្សឺណែវ ការប្រឈមមុខដាក់​គ្នារវាងកងទ័ពនៃរាជរដ្ឋាភិបាល និង កងទ័ពរបស់ខ្មែរឥស្សរៈពុំបានបញ្ឈប់ទេ ពីព្រោះកម្លាំងតស៊ូរបស់ខ្មែរឥស្សរៈយល់ឃើញថា ប្រទេសកម្ពុជាបានស្ថិតនៅ​ក្នុង​សមាជិកភាពបារាំងនៅឡើយ។ ម្យ៉ាងទៀត ប្រទេសវៀតណាម និង ឡាវ ដែលជាអ្នករួមអាវុធជាមួយគ្នានោះ ពុំទាន់បានឯករាជ្យនៅឡើយ។

នៅចុងឆ្នាំ១៩៥៣ និង ដើមឆ្នាំ១៩៥៤ ជាដំណាក់កាលមួយដែល​ចលនាកងឈ្លបខ្មែរឥស្សរៈ បានធ្វើសកម្មភាពនៅលើពេញផ្ទៃប្រទេស។ ដោយ​មានការវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពខ្មែរឥស្សរៈ និង ពួកវៀត​មិញ​លើទឹកដីកម្ពុជា ដូច្នេះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៤ រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ញត្តិថ្កោលទោស ដល់សកម្មភាពឈ្លានពានរបស់ពួកវៀតណាម មក​លើកម្ពុជាមួយច្បាប់ ជូនចំពោះអង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលបាន​សម្តែង​នូវការប្រឆាំង ចំពោះការរំលោភព្រំប្រទល់កម្ពុជារបស់កងទ័ពវៀតមិញ និង ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពឈ្លានពានរបស់ពួកវៀតមិញ​ មក​លើទឹកដីកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងនៃសន្និសីទក្រុងហ្សឺណេវ នាថ្ងៃទី២៦ ខែ​មេសា ឆ្នាំ១៩៥៤ ស្តីពីការបញ្ឈប់បទឈប់បាញ់គ្នានៅក្នុងប្រទេសកម្ពុជា និង ការបញ្ឈប់សកម្មភាពយោធានៅក្នងប្រទេសកម្ពុជា ដែលបានចុះហត្ថលេខា​ដោយដំណាងភាគីកម្ពុជា វៀតណាម និង កងទ័ពខែ្មរឥស្សរៈ សកម្មភាពប៉ះ​ទង្គិច​គ្នាដោយយោធាត្រូវបញ្ឈប់ទាំងស្រុង ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ​១៩៥៤។ ចំពោះកម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយ​ក្នុងកំឡុង៣០ថ្ងៃ ក្រោយ​កិច្ចព្រមព្រៀងនោះ។ ការគ្រប់គ្រងចំពោះការអនុវត្តបំពេញលក្ខន្តិកៈ​តាមកិច្ច​ព្រមព្រៀងស្តីអំពីបញ្ហាកម្ពុជា គេបានបង្កើតគណៈកម្មការត្រួតពិនិត្យអន្តរជាតិ (The International Commission for Control-ICC)  ដែលក្នុងនោះ មានការចូល​រួម​ដោយតំណាងពីប្រទេសឥណ្ឌា កាណាដា និង ប៉ូឡូញ។

ទន្ទឹមនឹងនេះដែរ គេបានបង្កើតគណៈកម្មការរួមខ្មែរ-វៀតណាម ក្រោម​ការត្រួតពិនិត្យឃ្លាំមើលពីសំណាក់អាយស៊ីស៊ី
គណៈកម្មការមានការងារ​ ជា​ពិសេស គឺការពិនិត្យមើលសកម្មភាពនៃការដកកងទ័ពបរទេសចេញ​ពីទឹកដី​កម្ពុជា។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៤ កងទ័ពជាតិវៀតណាមបានដកចេញ​ទាំងស្រុងពីទឹកដីនៃប្រទេសកម្ពុជា ហើយក្នុងកំឡុងខែសីហា និង ខែកញ្ញា កង​ទ័ពខ្មែរឥស្សរៈត្រូវបានរំសាយ។

សន្តិភាពក្នុងដំណាក់កាលនោះ មានអាយុបានជាងមួយទសវត្សរ៍​ប៉ុណ្ណោះ។ ក្នុងខណៈដែលនយោយក្នុងការដឹកនាំប្រទេសរបស់​ សម្តេច នរោត្តម សីហនុ មានការប្រែប្រួល ដោយមានការបង្កើតទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសសង្គមនិយម ជាពិសេស ប្រទេសចិន និង ហសភាពសូវៀតនោះ បានធ្វើប៉ះទង្គិចដល់ឥទ្ធិពលនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ដោយ​សារ​តែអាមេរិកមានទំនាក់ទំនងជាមួយប្រទេសថៃ និង វៀតណាមខាងត្បូង ពេលនោះ ប្រទេសទាំងពីរក្រោមឥទ្ធិពលអាមេរិក បានបង្កើតបញ្ហានៅតាម​ព្រំដែននៃប្រទេសទាំងពីរ។

ចាប់ខែមករា ដល់ខែកក្កដា ឆ្នាំ១៩៥៨ កងទ័ពវៀតណាមខាងត្បូង​បាន​ធ្វើការលុកលុយមកលើទឹកដីកម្ពុជានៅតាមព្រំប្រទល់ នៃប្រទេសទាំងពីរ​ជា​ច្រើន​លើក។ រីឯសភាពការនៅតាមព្រំដែនទល់នឹងប្រទេសថៃឯណោះវិញ​ ក៏ ដូច្នេះដែរ វិទ្ធង្សនាយោធាពុំបានបញ្ឈប់ទេ គឺកងទ័ពថៃបានធ្វើសកម្មភាព​ជាច្រើន​លើកផងដែរមកលើទឹកដីកម្ពុជា ជាពិសេស ថៃបានលើកកម្លាំងមក​កាន់​កាប់​ប្រាសាទព្រះវិហារទាំងខុសច្បាប់ទៀតផង។

ក្រៅពីកម្លាំងប្រឆាំងនឹងនយោបាយរបស់សម្តេច នរោត្តម សីហនុ ពី​ប្រទេស​ជិតខាងដែលស្និទ្ធនឹងអាមេរិកនោះ នៅឯក្នុងប្រទេសវិញយើងក៏​ឃើញ​មាន​ការបង្កើតក្រុមប្រឆាំងនឹងព្រះអង្គផងដែរ។ នៅឆ្នាំ១៩៦៣ លោក សាឡុត​ស (ប៉ុលពត) និង លោក ស៊ុន សេន បានបង្កើតក្រុមឧទ្ទាមទ័ពព្រៃ (ខ្មែរក្រហម ត្រូវបានឧបត្ថម្ភ និង គាំទ្រដោយប្រទេសចិនកុម្មុយនីស្ត) ហើយឆ្នាំ១៩៦៦ ការបង្កើតចលនាទ័ពខ្មែរសេរី (Free Khmer) ចលនានេះ ត្រូវបានឧបត្ថម្ភ និង គាំទ្រដោយប្រទេសថៃ និង សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងដ្ឋាភិបាលដែល​ដឹកនាំដោយសម្តេច នរោត្តម សីហនុ។ នៅចុងទសវត្សរ៍ឆ្នាំ៦០ ស្ថានភាព​នយោបាយនៅកម្ពុជាកាន់តែដុនដាបទៅៗ។

នៅក្នុងលក្ខន្តិកៈនៃការលេចឡើងនូវអស្ថិភាព និង ស្ថានភាពកាន់តែ​លង់ជឿទៅៗនៃសង្រ្គាមស៊ីវិល នៅក្នុងប្រទេសកម្ពុជាបានធ្វើផ្ទុះឡើងនូវការធ្វើ​រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងការទម្លាក់សម្តេច នរោត្តម សីហនុ​ចេញពីអំណាច។

នៅថ្ងៃ០៤ ខែឧសភាឆ្នាំ១៩៧០ សម្តេច នរោត្តម សីហនុ បានបង្កើត​រាជរដ្ឋាភិបាលរួបរួមជាតិមួយ ឬ ហៅថាសហភាពកម្ពុជា ហើយអំពាវនាវ​ឱ្យ​ប្រជាជនខ្មែរក្រោកឈរឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ លន់ នល់។ ដោយសារតែការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ នៅពេលនោះ យើង​ឃើញប្រជាកសិករខ្មែរជាច្រើនកន្លែង បានងើបឡើងធ្វើការបះបោរប្រឆាំងនឹង​រដ្ឋាភិបាល លន់ នល់ និង នាំគ្នារត់ចូលព្រៃក្នុងគោលបំណងគាំទ្រដល់​សម្តេច នរោត្តម សីហនុ។

កម្លាំងដែលស្មោះត្រង់នឹង សម្តេច នរោត្តម សីហនុ រួមផ្សំនឹងកម្លាំងរបស់​ខ្មែរ​ក្រហម បានធ្វើឱ្យសមាសភាពប្រឆាំងនឹងរដ្ឋាភិបាល លន់ នល់ បានកើនឡើង​យ៉ាងឆាប់រហ័ស។ ទីបំផុតនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែល​ដឹកនាំ​ដោយប៉ុលពត បានបញ្ចប់សម័យសាធារណរដ្ឋខ្មែរចេញពីអំណាច និងបានដណ្តើមកាន់កាប់យកទីក្រុងភ្នំពេញ ដោយជម្លៀសប្រជាជនទាំងអស់ចេញ​ពីទីក្រុងភ្នំពេញ ដោយបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ។

ការបញ្ចប់ទៅនៃរបបសាធារណរដ្ឋខ្មែរ មិនអាចធ្វើឱ្យសង្គមខ្មែរមានការ​រីក​ចម្រើន និង សុខសន្តិភាពបានឡើយ ហើយថែមទាំងធ្វើឱ្យសង្គមកម្ពុជា​ជួប​នូវការលំបាកគ្រប់បែបយ៉ាងជាងសម័យណាៗទាំងអស់។ ការធ្វើឱ្យសង្គម​កម្ពុជា​វិលទៅរករបបកុម្មុយនីស្តបុព្វកាល បង្អត់អាហារ ធ្វើទារុណកម្ម និង កាប់សម្លាប់​យ៉ាងរង្គាល ទង្វើនេះបានធ្វើឱ្យមានការប្រឆាំងនឹងគំនិតដឹកនាំរបស់កម្ពុជប្រជា-ធិបតេយ្យ។ នៅខែមេសា ឆ្នាំ១៩៧៦ លោក ហ៊ូ នឹម ដែលជារដ្ឋមន្រ្តី​ក្រសួង​ឃោសនាការរបស់រដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានចេញមុខប្រឆាំងនឹងប៉ុល​ពត។ នៅខែមីនា ឆ្នាំ១៩៧៦ ប្រជាជននៅចម្ការហ្លួង និង នៅខេត្តសៀមរាប បានទាមទារឱ្យតម្លើងកម្រិតជីវភាព និង ឱ្យគ្រួសារបានរស់នៅជួបជុំគ្នា ហើយ​នៅដើមខែមករា ឆ្នាំ១៩៧៧ ប្រជាជនខេត្តសៀមរាបភាគខាងជើង និង នៅ​ខេត្តបាត់ដំបងបានក្រោកឈរឡើងបង្កើតជាចលនាប្រឆាំងនឹងពួក ប៉ុល ពត ហើយ​នៅខែមីនា និង មេសា ឆ្នាំ១៩៧៧ ប្រជាជននៅខេត្តកំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង ក៏បានបង្កើតចលនាប្រឆាំងនឹងពួក ប៉ុល ពត ដែរ។

មហាសន្និបាតតំណាងកម្លាំងរំដោះគ្រប់តំបន់ទូទាំងប្រទេស ក្រោមការ​ដឹកនាំរបស់អ្នកស្នេហាជាតិ បានបើកសម័យប្រជុំនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​មូលដ្ឋានរំដោះ។ ពេលនោះ​ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទ​បង្កើត​រណសិរ្សសាមគ្តីសង្រ្គោះជាតិកម្ពុជា និង បានបោះឆ្នោតជ្រើសតាំង​គណៈ​កម្មការ​មជ្ឈឹមរណសិរ្ស ដែលមានសមាជិក១៤ ក្នុងនោះ លោក ហេង សំរិន ជាប្រធាន។

ថ្ងៃ០៧ ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃរំដោះទីក្រុងភ្នំពេញឱ្យរួចផុតពីរបប​កម្ពុជា​ប្រជាធិបតេយ្យ ដោយមានការសហការរវាងរណសិរ្ស សាមគ្គី​សង្រ្គោះ​ជាតិកម្ពុជា និង កងទ័ពស្ម័គ្រចិត្តវៀតណាម ហើយក៏បានបង្កើតធម្មនុញ្ញនៃរបប​សាធារណរដ្ឋប្រជាមានិតកម្ពុជា (គ្រប់គ្រងរដ្ឋាភិបាលដោយលោក ហេង សំរិន)។

ក្រោយមកនៅថ្ងៃ១៨ ខែកុម្ភ: ឆ្នាំដដែល សន្ធិសញ្ញាជាមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ដែលមាន​វត្តមាន​ជាផ្លូវការណ៍នៃកងទ័ពវៀតណាមលើទឹកដីកម្ពុជា។ ចាប់ពីថ្ងៃចុះ​សន្ធិស​ញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាមបានចូលមករស់នៅលើទឹកដី​កម្ពុជា​មានចំនួនកាន់តែច្រើនឡើងៗ។

ក្រោយពីកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំហើយ ពួកគេបានរត់​ចូល​ព្រៃ​តស៊ូ ហើយបង្កអសន្តិសុខដល់ប្រជាជន និង សង្គមកម្ពុជាជាបន្ត​ទៅ​ទៀត។ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាលចិនកុម្មុយនីស្ត កងទ័ព​កម្ពុជាប្រជាធិតេយ្យអាចទប់ទល់ និង កម្លាំងរដ្ឋាភិបាលនិងកងទ័ពវៀតណាម​បាន។ ដោយសារតែវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា បានធ្វើឱ្យ​សាធារណជនមួយចំនួនយល់ឃើញថា វាជាការឈ្លានរបស់វៀតណាមមកលើ​បូរណភាពទឹកដីកម្ពុជានោះ បាននាំគ្នាបង្កើតជាចលនាតស៊ូប្រឆាំងនឹង​រដ្ឋា​ភិបាល​ភ្នំពេញ ដែលដឹកនាំដោយលោក ហេង សំរិន ជា ស៊ីម និង ហ៊ុន សែន និង មានការជួយឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលវៀតណាម។ ក្រុមចលនាតស៊ូ​ក្រៅពីកម្ពុជាប្រជាធិបតេយ្យនៅមានពីរក្រុមទៀតគឺ ក្រុមរណសិរ្សជាតិរំដោះ​ប្រជាព​លរដ្ឋ​ខ្មែរដែលដឹកនាំដោយ សឺន សាន និង ក្រុមរាជនិយមដែល​គាំទ្រ​សម្តេច សីហនុ។

ក្នុងខណៈពេលដែលទំនាក់ទំនងទ្វេភាគីរវាងចិន និង អាមេរិក ឈាន​ចូលដល់ការចរចាជាមួយសហភាពសូវៀត បានធ្វើឱ្យសភាពការនយោបាយ​នៅ​កម្ពុជាបានវិវត្តទៅមុខគួរឱ្យកត់សម្គាល់ ហើយនៅខែវិច្ឆិកា ឆ្នាំ១៩៨៤ ប្រទេស​អឺរ៉ុបខាងលិច ជាពិសេស ប្រទេសបារាំងបានរៀបចំគម្រោងការ​ជួប​ចរចារវាង សម្តេច នរោត្តម សីហនុ និង តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា។ ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយរដ្ឋា​ភិបាល​សាធារណរដ្ឋប្រជាមានិតចិន និង ក្រុមខ្មែរក្រហមមិនយល់ព្រម។

នៅឆ្នាំ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីបានបើកទិដ្ឋភាពថ្មី អនុគ្រោះដល់ការចរចាសន្តិភាពនៅកម្ពុជា។ ពេលនោះ មានផែនការកាត់បន្ថយ​រយៈពេលនៃការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា។ ដូច្នេះ កងទ័ព​វៀត​ណាមត្រូវដកចេញពីទឹកដីកម្ពុជា កាន់តែមានលក្ខណៈប្រសើរឡើង។ ប្រទេសអឺរ៉ុបខាងលិច ចង់ឱ្យមានការជួបចរចាផ្ទាល់រវាងភាគីជម្លោះ គឺរដ្ឋា​ភិបាល​ត្រីភាគីជាមួយប្រទេសវៀតណាម ដោយដាក់លក្ខខណ្ឌឱ្យដកកងទ័ព​វៀត​ណាម​ចេញពីប្រទេសកម្ពុជា ទើបចាប់ផ្តើមចរចា និង ដោះស្រាយ​ដោយ​អង្គការសហប្រជាជាតិ។ ដោយសារតែមានអន្តរាគមន៍ពីសហគមន៍​អន្តរជាតិ​នេះហើយ ដែលបង្កើតឱ្យមានការជួបគ្នារវាងសម្ដេច នរោត្តម សីហនុ ឯកឧត្តម ហ៊ុន សែន ជាលើកដំបូងនៅហ្វ៊ែរអង់តារដឺន្វ័រ ជិតទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧។ ជំនួបរបៀបនេះ បានបន្ដរហូតបង្កើត​បាន​ឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានសម្ដេច នរោត្ដម សីហនុ ជាប្រធាន។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានសន្និសិទអន្ដរជាតិមួយនៅ​ក្រុង​ប៉ារីស បានសម្រេចកិច្ចព្រមព្រៀងជាដំណោះស្រាយទូទៅនៃបញ្ហាខ្មែរមួយ ដោយមានរដ្ឋាភិបាល១៨ប្រទេស ដែលទាក់ទិននឹងរឿងខ្មែរ បានចុះហត្ថលេខា​ទទួលស្គាល់សេចក្ដីព្រមព្រៀងទាំងនោះ។ សន្ធិសញ្ញាក្រុងប៉ារីសនៃថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ ត្រូវបានក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ ទទួលគាំទ្រថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩១។

យោងតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនោះ កម្ពុជាបានរៀបចំការ​បោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនៅថ្ងៃទី២៣-២៤-២៥ ខែឧសភា ឆ្នាំ​១៩៩៣ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម។ ជាលទ្ធផល​យើង​ឃើញថា ក្នុងចំណោមសន្លឹកឆ្នោតជាងបួនលានសន្លឹក គណបក្សហ្វ៊ុនស៊ិនប៉ិច​ទទួលបាន៥៨កៅអី  គណបក្សប្រជាជនកម្ពុជាទទួលបាន៥១កៅអី។ គណ​បក្ស​ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ទទួលបាន១០កៅអី ហើយ​គណបក្សចុងក្រោយ គឺគណបក្សម៉ូលីណាកាទទួលបាន០១កៅអី នៅក្នុង​សភា​ធម្មនុញ្ញ ហើយគណបក្សទាំងបួននេះបានរួមគ្នាបង្កើតជារាជរដ្ឋាភិបាល​ចម្រុះ​មួយឡើង។

ទោះបីជាមានការស្រុះស្រួលគ្នា ក្នុងការបង្កើតរាជរដ្ឋា​ភិបាល​ចម្រុះក្តី និង មានការជួយអន្តរាគមន៍ពីអង្គការសហប្រជាជាតិក្តី ប៉ុន្តែ ក្នុងដំណាក់​កាលនោះ កម្ពុជាមិនអាចបញ្ចប់សង្រ្គាមបានឡើយ។ តើកត្តាសំខាន់អ្វីខ្លះ​ដែល​ជាគន្លឹះក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា?

ជារួមយើងសង្កេតឃើញថា កត្តាដែលធ្វើឱ្យកម្ពុជាមានអាច​បញ្ចប់​សង្គ្រាម​បាន ប្រទេសមានសុខសន្តិភាពនេះមានកត្តាបីសំខាន់គឺ កត្តាសកល កត្តាតំបន់ និង កត្តាកម្ពុជាខ្លួនឯង។

កត្តាសកល បើពិភពលោកមិនមានការប្រែប្រួលផ្នែកនយោបាយទេ (ការ​បញ្ចប់​សង្រ្គាមត្រជាក់) កម្ពុជាមិនអាចឈានទៅរកការចរចារវាងសម្តេច ព្រះនរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែរ ហើយបើគ្មានការចរចានេះទេ ក៏គូភាគី ក្នុង​សង្រ្គាមស៊ីវិលខ្មែរ មិនអាចចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃ​ទី២៣ តុលា ១៩៩១ គឺ២ឆ្នាំក្រោយជញ្ជាំងប៊ែរឡាំងដួលរលំបានដែរ ហើយក៏​គ្មានការបោះឆ្នោតឆ្នាំ១៩៩៣ដែរ។

ការបញ្ចប់សង្រ្គាមត្រជាក់ បានបើកផ្លូវឱ្យមានដំណោះស្រាយសង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃនៅកម្ពុជា។ នៅក្នុងអំឡុងសង្រ្គាមត្រជាក់ កម្ពុជាក៏ដូចជាបណ្តា​ប្រទេស​ភាគច្រើនផ្សេងទៀតដែរ ត្រូវបានប្រទេសមហាអំណាចយកមក​ធ្វើជា​ល្បែងប្រជែងអំណាចគ្នា។

បើទោះបីជាគ្មានជញ្ជាំងដូចនៅ​ប៊ែរឡាំង ក៏ប៉ុន្តែ កម្ពុជានៅពេលនោះ ក៏ត្រូវពុះចែកជាពីរដែរ គឺម្ខាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត​កម្ពុជា​ គាំទ្រ​ដោយវៀតណាម និង ប្លុកសូវៀត និង ម្ខាងទៀត គឺរដ្ឋាភិបាលចម្រុះត្រីភាគី ដែលរួមមានក្រុមខ្មែរក្រហមផងនោះ គាំទ្រដោយប្លុកអាមេរិក និង ចិន ដែល​ជាសម្ព័នមិត្តក្នុងដំណាក់កាលនោះ បានធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់​ត្រូវ​រងទុក្ខវេទនា ដោយសង្រ្គាមស៊ីវិលរ៉ាំរ៉ៃនេះ។

នៅឆ្នាំ១៩៨៩ នៅពេលដែលសង្រ្គាមត្រជាក់ បានឈានមកដល់ទី​បញ្ចប់ សហភាពសូវៀតត្រូវរង្គោះរង្គើ កងទ័ពវៀតណាមក៏បានដកចេញ​ពី​កម្ពុជា។ ការចរចារវាងភាគីជម្លោះកម្ពុជា ដែលបានចាប់ផ្តើមធ្វើខ្លះៗហើយនោះ ក៏ចាប់ផ្តើមជឿនលឿនទៅមុខ ក្រោមការជ្រោមជ្រែងរបស់ប្រទេសមហា អំណាច រហូតបានចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១។

ថ្វីដ្បិតតែមានបញ្ហាចម្រូងចម្រាស់ជាមួយក្រុមខ្មែរក្រហម ការបោះឆ្នោត​ជាតិនៅឆ្នាំ១៩៩៣ក៏ដោយ
ក៏កម្ពុជាបានបង្កើតជារាជរដ្ឋាភិបាលចម្រុះមួយ ដែលសហគមន៍អន្តរជាតិទទួលស្គាល់ទាំងអស់គ្នា
លែងមានរដ្ឋាភិបាលក្នុង ស្រុក និង រដ្ឋាភិបាលក្រៅស្រុក ដូចពីក្នុងអំឡុងសង្រ្គាមត្រជាក់ទៀតហើយ។

ដូច្នេះ ការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង ក៏ជាព្រឹត្តិការណ៍ជាប្រវត្តិ​សាស្រ្ត​ដ៏សំខាន់មួយដែរសម្រាប់ប្រជាជនខ្មែរ។ ការដួលរលំនៃជញ្ជាំង​នេះ​ហើយ ដែលជាចំណុចចាប់ផ្តើមនៃការដួលរលំជញ្ជាំង​ពុះចែកគូបដិបក្ខ​ក្នុង​សង្រ្គាមស៊ីវិលខ្មែរ។

កត្តាតំបន់ ៖ បញ្ហាតំបន់ក៏ជាបញ្ហាសំខាន់ណាស់ដែរក្នុងបញ្ហា​សង្រ្គាម​នៅកម្ពុជា ជាពិសេស មហិច្ឆតារបស់ប្រទេសជិតខាងកម្ពុជាពីរ គឺប្រទេស​វៀតណាម និង ប្រទេសថៃ។ ជាច្រើនសតវត្សមកហើយដែល​ប្រទេសថៃ​និង ប្រទេសវៀតណាម តែងចាត់ទុកកម្ពុជាជាប្រទេសដែលស្ថិតនៅក្រោមឥទ្ធិពល​របស់ខ្លួន។

ការវិវត្តនយោបាយក្នុងតំបន់ វាមានសារៈសំខាន់ណាស់សម្រាប់ការ​បញ្ចប់​សង្រ្គាម​នៅកម្ពុជា។ យើងអាចនិយាយបានថា បើគ្មានការវិវត្ត​នយោបាយ​ពិភពលោក ក៏គ្មានការវិវត្តនយោបាយក្នុងតំបន់ដែរ។ ដូច្នេះ បើរុស្ស៊ីមិនដូរ​នយោបាយទេ នោះវៀតណាមក៏មិនដូរនយោបាយដែរ ហើយវៀតណាមក៏​មិនព្រមដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជាដែរ។

នៅពេលដែលវៀតណាម មិនព្រមដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជា ប្រទេសថៃក៏មិនបញ្ឈប់ការជួយឧបត្ថម្ភដល់ចលនាតស៊ូត្រីភាគីដែរ ដែលធ្វើឱ្យ​ពួកនេះមានលទ្ធភាពប្រឆាំងនឹងរដ្ឋាភិបាលភ្នំពេញដដែល។ នៅពេលដែល​កម្លាំងទាំងសងខាងមានការជួយឧបត្ថម្ភ ដូច្នេះ សង្គ្រាមមិនអាចបញ្ចប់បានទេ ព្រោះកម្លាំងទាំងសងខាងមានភាពរឹងមាំដូចគ្នា ដូច្នេះ កម្ពុជានៅតែមាន​សង្គ្រាម។

ដោយសារតែការដកកងទ័ពវៀតណាមចេញពីកម្ពុជា ទើបថៃលែង​មាន​លេស​ក្នុងការជួយឧបត្ថម្ភគាំទ្រផ្តល់ជម្រកដល់ពួកខ្មែរក្រហម។ ពេលថៃ​ឈប់​ឧបត្ថម្ភដល់លពួកខ្មែរក្រហម ទើបធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហម​ចុះ​ខ្សោយ។ ដោយសារកម្លាំងពួកខ្មែរក្រហមចុះខ្សោយ ទើបរាជរដ្ឋាភិបាលមានលទ្ធភាព​អាចកម្ចាត់ពួកខ្មែរក្រហមបាន ពេលកម្ចាត់ពួកខ្មែរក្រហមបាន ទើប​កម្ពុជាមាន​សន្តិភាព។

កត្តាកម្ពុជាខ្លួនឯង ៖ នៅពេលដែលពិភពលោកមានការប្រែប្រួល នាំឱ្យ​កត្តាតំបន់មានការប្រែប្រួល ហើយការប្រែប្រួលពិភពលោក និង តំបន់នេះ​ហើយ​ ដែលធ្វើឱ្យកម្ពុជាខ្លួនឯងក៏ប្រែប្រួលដែរ ព្រោះកម្ពុជាមិនអាច​រស់នៅ​ឯកោតែម្នាក់ឯងនោះទេ។ ដូច្នេះ នៅពេលនោះហើយដែលកម្ពុជា​ត្រូវមាន​ដំណោះ​ស្រាយមួយ សម្រាប់កម្ពុជាខ្លួនឯង គឺកិច្ចចរចាជាមួយមេដឹកនាំនៃ​ចលនាតស៊ូត្រីភាគី ដែលមាន សម្តេច សីហនុ ជាអ្នកតំណាង ហើយជំនួបរវាង​ថ្នាក់ដឹកនាំទាំងពីបានប្រព្រឹត្តទៅតាំងពីចុងឆ្នាំ១៩៨៧ ហើយក្រោយមក​ នៅឆ្នាំ​១៩៨៩ រដ្ឋាភិបាលភ្នំពេញបានសម្រេចក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ ក្នុង ការកែប្រែប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន គឺប្រែពីប្រព័ន្ធសេដ្ឋកិច្ចបែបកុម្មុយនីស្ត​និយម មកជាប្រព័ន្ធសេដ្ឋកិច្ចបែបសេរីនិយមវិញម្តង។ ត្រង់ចំណុចនេះ យើង​អាចនិយាយបានថា វាជាការទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលរបស់ពិភព​លោក និង តំបន់។ ព្រោះមុននេះយើងឃើញថា សហភាពសូវៀត ដែលជា​មេកុម្មុយនីស្តក្នុងពិភពលោក និង ក្រោយមកវៀតណាមដែលជាមេកុម្មុយនីស្ត​ក្នុងតំបន់ បានផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសទាំងពីរ​នេះ​ជាអ្នកដែលបានជួយឧបត្តម្ភដល់កម្ពុជា ក្នុងដំណាក់កាលនៃការស្តារប្រទេស​ឡើងវិញក្រោយពីការដូលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។

ដោយខ្វះការទីពឹងក្នុងការទ្រទ្រង់ជីវិតនយោបាយរបស់ខ្លួន នៅពេល​នោះ កម្ពុជាក៏បានផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចរបស់ខ្លួនដែរ ហើយការផ្លាស់ប្តូរ​នយោបាយសេដ្ឋកិច្ចសេរីនេះ កម្ពុជាមិនអាចខ្វះដៃគូវិនិយោគបានឡើយ ហើយ​​ដើម្បីបានដៃគូក្នុងក្នុងការវិនិយោគ កម្ពុជាត្រូវតែមានស្ថានភាពនយោបាយ​មួយ​ដែលមានស្ថិរភាព គ្មានសង្រ្គាមដែលធ្វើឱ្យអ្នកវិនិយោគគេមានទំនុកចិត្តមិន​បាត់បង់ដោយសារតែស្ថានភាពនយោបាយរបស់កម្ពុជា។ ការអភិវឌ្ឍ​ប្រទេស​មួយបាន ប្រទេសនោះត្រូវតែមានសុខសន្តិភាព មានឯករាជ្យភាព និង អធិប​តេយ្យ​ភាព មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេសណាមួយ។

ដោយមាន​ការជួយខ្នះខ្នែងពីសហគមន៍អន្តរជាតិផង និង ដោយយល់​ពីស្ថានភាពរបស់ខ្លួនផង ធ្វើឱ្យដំណើរការនៃការចរចារកសន្តិភាពរបស់​ប្រទេស​កម្ពុជាមានដំណើរការល្អ ដែលបង្កើតឱ្យមានកិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ យោងទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩១នេះ កម្ពុជាបានឈានទៅ​ដល់​ការបោះឆ្នោតឆ្នាំ១៩៩៣ ហើយរបបគ្រប់គ្រងនៅកម្ពុជាបានប្រែក្លាយពី​របបបែបកុម្មុយនីស្ត មករបបគ្រប់គ្រងបែបប្រជាធិបតេយ្យសេរីពហុបក្សវិញម្តង ដោយមានការចូលរួមពីគ្រប់ភាគីជម្លោះរបស់ខ្មែរក្នុងអតិតកាល។ តែមុន​ការ​បោះឆ្នោតបន្តិច ដោយយល់ឃើញថា ខ្លួនមិនអាចមានអំណាចបាន​តាមរយៈ​ការបោះឆ្នោត ក្រុមខ្មែរក្រហម (ប៉ុលពត) បានគេចចេញពីការបោះឆ្នោត មិន​ព្រមចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ហើយក៏នៅបន្តសកម្មភាពប្រឆាំង​នឹងរាជ​រដ្ឋាភិបាលបន្តទៀត។ តែម្តងនេះយើងមើលឃើញថា ខ្មែរក្រហមមិនមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលដូចកាលពីមុនទៀតឡើយ ដោយយោងទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩១ ខ្មែរក្រហមគ្មានការជួយ​ជ្រោម​ជ្រែងពីសំណាក់បរទេស ដូចកាលពីមុនទៀតឡើយ។ ដូច្នេះខ្មែរក្រហម​ត្រូវ​ពឹងផ្អែកលើសេដ្ឋកិច្ចផ្ទាល់ខ្លួនខ្លះ ធ្វើយ៉ាងណាដើម្បីបន្តជីវិតនយោបាយរបស់​ខ្លួនក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលបន្តទៅទៀត។ នៅក្នុងដំណាក់កាលនោះ​យើងឃើញថា ខ្មែរក្រហមនៅមានកម្លាំងខ្លាំងក្លានៅឡើយ ព្រោះយើងដឹង​ហើយថា កម្លាំងតស៊ូដែលមានចំនួនច្រើនជាងគេ គឺក្រុមរបស់ខ្មែរក្រហម​នេះ​ឯង ហើយមូលដ្ឋានដ៏រឹងមាំរបស់គេនៅតំបន់អន្លង់វែង និង ប៉ៃលិន ដែលជា​តំបន់មួយសម្បូរទៅដោយធនធានធម្មជាតិរ៉ែ និង ព្រៃឈើ។ ធនធានធម្មជាតិ​បានធ្វើឱ្យជីវិត នយោបាយរបស់ខ្មែរក្រហមអាចបន្តដង្ហើមរបស់ខ្លួន​យ៉ាងរឹងមាំ​បានមួយរយៈ។

ដោយមើលឃើញពីគ្រោះថ្នាក់នេះ រាជរដ្ឋាភិបាលក៏ដាក់ចេញនូវ​នយោបាយ​មួយដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះគឺ នយោបាយឈ្នះឈ្នះ ដែលគោលនយោបាយនេះមានធាតុ៥សំខាន់គឺ បំបែក ធ្វើឱ្យឯកា បញ្ចប់ សមាហរណកម្ម និង អភិវឌ្ឍ។ នយោបាយនេះជាគន្លឹះមួយយ៉ាង​សំខាន់​ក្នុងការបញ្ចប់ជីវិតនយោបាយចុងក្រោយរបស់ខ្មែរក្រហម។ បន្ទាប់ពីការបោះ​ឆ្នោតឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលបានដាក់ក្រុមខ្មែរក្រហម​ជា​ក្រុមឧទាមក្រៅ​ច្បាប់ ហើយរាជរដ្ឋាភិបាលបានអនុវត្តនយោបាយឈ្នះឈ្នះ ដោយផ្តើមចេញពី​ការបំបែកកម្លាំងរបស់ខ្មែរក្រហម ធ្វើយ៉ាងណាឱ្យពួកខ្មែរក្រហមមិនទុកចិត្តគ្នា ចាប់ផ្តើមសង្ស័យគ្នា ដែលឈានទៅដល់ការបែកបាក់ផ្ទៃក្នុង។ នោះគឺការលើក​លែងទោស ការមិនយកទោសរាល់ក្រុមខ្មែរក្រហមទាំងឡាយណា ដែលបាន​ផ្តាច់ខ្លួនពីក្រុមខ្មែរក្រហមក្បាលរឹង ហើយមកចុះចូលជាមួយរាជរដ្ឋាភិបាល ជាមួយនឹងការលើកលែងទោសនេះ  រាជរដ្ឋាភិបាល​ថែមទាំងលើកទឹកចិត្ត​ទៀត​ផង ដោយរាជរដ្ឋាភិបាលសន្យាផ្តល់ដីធ្លីសម្រាប់ប្រកបរបប​ក្នុងការរស់នៅទៀត​ផង។ ជាមួយគ្នានោះដែរ ចំពោះថ្នាក់ដឹកនាំខ្មែរក្រហមវិញ រាជរដ្ឋាភិបាល​មិន​ត្រឹមតែលើកលែងទោសប៉ុណ្ណោះទេ រាជរដ្ឋាភិបាលថែមទាំងផ្តល់តួនាទី​តំណែងក្នុងរាជរដ្ឋាភិបាលទៀតផង។ ការមិនទុកចិត្តគ្នារបស់ក្រុមខ្មែរក្រហម ក្រោមនយោបាយបំបែកខ្មែរក្រហម របស់រាជរដ្ឋាភិបាល និង ភាពអស់​សង្ឃឹម​ក្នុងការដណ្តើមជ័យជម្នះរបស់ខ្លួនទៅលើរាជរដ្ឋាភិបាល ហើយដោយមាន​ការ​បញ្ចុះបញ្ចូលពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលផង បានធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំ​ក្នុងកម្លាំងរបស់ខ្មែរក្រហមចាប់ផ្តើមមានការរង្គោះរង្គើ។ ជាលើកដំបូង​ ថ្នាក់ដឹក​នាំរបស់ខ្មែរក្រហមនៅតំបន ប៉ៃលិន ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ខ្មែរ​ក្រហម ក្រោមការដឹកនាំរបស់លោក អៀង សារី និង លោក អ៊ី ឈាន បានផ្តាច់​ខ្លួនពីក្រុមខ្មែរក្រហមក្បាលរឹង នៅឆ្នាំ១៩៩៦។ ការផ្តាច់ខ្លួនរបស់លោក អៀង សារី ចាត់ទុកថាជាជោគជ័យមួយដ៏សំខាន់ក្នុងធាតុសំខាន់ទាំង៥ នៃ​នយោបាយ​ឈ្នះឈ្នះ គឺការបំបែក។ ដូច្នេះយើងឃើញថា ការផ្តាច់ខ្លួនរបស់លោក អៀង សារី ប្រៀបបានទៅនឹងការបោះដុំថ្មមួយដុំ ចូលទៅក្នុងផ្ទៃទឹកដែលកំពុងតែស្ងប់ បង្កើតឱ្យមានជារលកដ៏ធំ បោកបក់នៅក្នុងក្រុមរបស់ខ្មែរក្រហមបាន។ ចាប់​ពី​ពេលដែលលោក អៀង សារី និង លោក អ៊ី ឈាន បានផ្តាច់ខ្លួនចូលមក​រួមរស់​ជាមួយរាជរដ្ឋាភិបាលនោះហើយ ដែលធ្វើក្រុមរបស់ខ្មែរក្រហមចាប់ផ្តើម​លែង​ទុកចិត្តគ្នា ហើយមានការសង្ស័យគ្នាទៅវិញទៅមកក្នុងបណ្តាថ្នាក់​ដឹកនាំ​របស់​ខ្មែរក្រហម។ ក្រោយមក យើងឃើញមានការបែកបាក់ដ៏ធ្ងន់ធ្ងររបស់ខ្មែរ​ក្រហម​នោះ គឺការសម្លាប់រង្គាលមួយនៅតំបន់អន្លង់វែង ដែលជាតំបន់ដ៏សំខាន់​មួយ​របស់ខ្មែរក្រហម គឺការសម្លាប់ក្រុមគ្រួសាររបស់លោក ស៊ុន សេន ទាំងពូជន៍ ដោយ​គេចាត់ទុកថា ស៊ុន សេន បានចូលដៃជាមួយពួកយួន ឱ្យការណ៍ទៅ​យួន។ គ្រួសាររបស់ ស៊ុន សេន ត្រូវបានសម្លាប់ដោយ ប៉ុល ពត។ ការសម្លាប់​របស់​គ្រួសារ ស៊ុន សេន នេះជាលេសមួយដែលនៅពេលនោះ តាម៉ុក មេខ្មែរ​ក្រហមក្បាលរឹង បានប្រមូលប្រជាជននៅតំបន់នោះ ធ្វើការកាត់ទោស ប៉ុល ពត ដោយចោទថាជាមនុស្សឃោរឃៅ ជាឃាតករ បានសម្លាប់ផ្តាច់ពូជទៅលើក្រុម​គ្រួសាររបស់ ស៊ុន សេន គឺ ប៉ុល ពត ត្រូវជាប់គុកអស់មួយជីវិត។ ក្រោយមក​នៅ​ខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត ត្រូវបានស្លាប់នៅក្នុងខ្ទម ឃុំឃាំងមួយនៅលើ​ខ្នងភ្នំ​ដងរែក នាព្រំដែនកម្ពុជា-ថៃ។ ការស្លាប់របស់ ប៉ុល ពត បានបង្ហាញឱ្យ​ឃើញកាន់តែច្បាស់ថែមទៀត អំពីការឈានទៅរកភាពរលំរលាយនៃអង្គការ​ចាត់តាំង និង នយោបាយរបស់ខ្មែរក្រហម។ ដោយអស់ការជឿទុកចិត្តទៅ​លើ​តាម៉ុក មេដឹកនាំខ្មែរក្រហមសំខាន់ៗមួយចំនួន ដូចជា លោក ខៀវ សំផន នួន ជា កោ ប៊ុនហេង ជាដើម បានចូលសារភាពមករួមរស់ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ។

ក្នុងដំណាក់កាលនោះ ថ្នាក់ដឹកនាំរបស់ខ្មែរក្រហមនៅសល់តែតាម៉ុក​ម្នាក់​ប៉ុណ្ណោះដែលក្បាលរឹង មិនព្រមចូលសារភាពមករួមរស់ជាមួយ​រាជរដ្ឋា​ភិបាល។ ក្រៅពីថ្នាក់ដឹកនាំដែលបានផ្តាច់ខ្លួន ចូលមករួមរស់ជាមួយរាជ​រដ្ឋាភិបាល យើងតែងឃើញកងកម្លាំងដែលជាពលទាហានរបស់ខ្មែរក្រហម បាន​នាំ​គ្នាផ្តាច់ខ្លួនចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់។ នេះហើយ​ជាដំណាក់កាលនៃយុទ្ធសាស្រ្តក្នុងការបំបែក ហើយក្រោយមក តាម៉ុកត្រូវនៅ​ឯកោ គ្មានអ្នកគាំទ្រ ដោយត្រូវរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ។

ដោយមានការតាមចាប់ពីរាជរដ្ឋាភិបាល តាម៉ុក ត្រូវរស់នៅប្រទេសថៃ តែដោយសារមានកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលភ្នំពេញ និង យោងតាម​កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១  ដូច្នេះ តាម៉ុក មិនអាចស្នាក់នៅក្នុងប្រទេស​ថៃ​​ដូចកាលពីមុនទៀតទេ ដែលធ្វើឱ្យតាម៉ុកត្រូវសម្រេចចិត្តត្រឡប់ ចូលមក​លាក់​ខ្លួនក្នុងព្រៃនៃតំបន់ព្រំដែនកម្ពុជា-ថៃវិញ។ ពេលនោះហើយដែល តាម៉ុក ត្រូវកម្លាំងរាជរដ្ឋាភិបាលចាប់ខ្លួនបាននៅចុងឆ្នាំ១៩៩៨។ ការចាប់បាន តាម៉ុក នេះ ចាត់ទុកថាជាការបញ្ចប់នយោបាយ និង អង្គការចាត់តាំងរបស់ខ្មែរក្រហម ពេលនោះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា កម្ពុជាមានសន្តិភាព​ពេញ​លេញហើយ លែងមានក្រុមឧទាម ឬ តំបន់អបគមន៍បែងចែកទឹកដី​ទៀត​ហើយ គឺកម្ពុជាទាំងមូលស្ថិតនៅក្រោមដំបូលនៃព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ។

ក្រោយពីបញ្ចាប់ដំណាក់កាលយុទ្ធសាស្រ្តទី៣ នៃការបញ្ចប់​អង្គការចាត់​តាំង និង នយោបាយរបស់ខ្មែរក្រហម រាជរដ្ឋាភិបាលបានអនុវត្តនូវ​យុទ្ធសាស្រ្ត​ទី៤ គឺការធ្វើសមាហរណកម្ម។ ការធ្វើដូច្នេះ គឺដើម្បីលើកទឹកចិត្តដល់កម្លាំងនៃ​ចលនាតស៊ូទាំងបីភាគី ដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកងកម្លាំងទាំង​នោះ មានលទ្ធភាពក្នុងការរស់នៅក្នុងសង្គម ដោយមានមុខងារ និង តួនាទី​ក្នុង​កងខេមរភូមិន្ទទាំងអស់គ្នា។ ការដែលរាជរដ្ឋាភិបាលធ្វើយ៉ាងនេះ ក្នុងគោល​បំណង​ដើម្បីឱ្យក្រុមនេះលែងមានការអាក់អន់ចិត្តនឹងរាជរដ្ឋាភិបាល គោរព​ស្រឡាញ់រដ្ឋាភិបាល ចាត់ទុករាជរដ្ឋាភិបាលជាអាណាព្យាបាលរបស់ខ្លួន មិន​ទៅបង្កសង្រ្គាមជាមួយរាជរដ្ឋាភិបាលបន្តទៀត។ ដោយសារតែការយកចិត្តទុក​ដាក់​ពីរាជរដ្ឋាភិបាល ធ្វើឱ្យគេមានជីវភាពដូចប្រជាជនខ្មែរដទៃទៀតដែរ គេរស់​នៅដោយស្ងប់ មិនខ្វល់ពីការធ្វើសង្រ្គាមបង្ហូរឈាមដូចកាលពីមុនទៀត។

ដំណាក់កាលចុងក្រោយនៃយុទ្ធសាស្រ្តក្នុងនយោបាយឈ្នះឈ្នះ គឺការ​អភិវឌ្ឍ។ តំបន់ទាំងឡាយដែលជាអតិតតំបន់ដែលគ្រប់គ្រងដោយចលនា​ត្រី​ភាគី​ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការប្រែក្លាយ​តំបន់ទាំងនោះ ឱ្យ​ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ តួយ៉ាងដូចជា តំបន់ប៉ៃលិនត្រូវបានប្រែក្លាយ​ឱ្យ​ទៅជាក្រុងប៉ៃលិន ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ។ កាលដើមឡើយ​តំបន់​នេះ ហាក់ដូចជានៅឆ្ងាយពីសន្តានចិត្តប្រជាជនកម្ពុជា តែក្រោយពីការអភិវឌ្ឍ​ទៅជាក្រុងមក តំបន់នេះហាក់នៅជិត ដែលប្រជាជនកម្ពុជាអាចទៅមក​បាន​ដោយងាយ មិនភ័យព្រួយដូចកាលពីមុនឡើយ។

ក្រៅពីតំបន់ប៉ៃលិន នៅមានតំបន់មួយចំនួនទៀត ដូចជា អន្លងវែង សំឡូត ម៉ាឡៃ ព្រះវិហារជាដើម វាបានក្លាយទៅជាច្រកសេដ្ឋកិច្ចដ៏​មានសក្តា​-នុពល​សម្រាប់អភិវឌ្ឍជាតិ ហើយបានធ្វើឱ្យតំបន់ទាំងនោះប្រែមុខមាត់ថ្មីពី​តំបន់ដាច់ស្រយាល ទៅជាតំបន់ទីប្រជុំជនដែលមានមនុស្សរស់នៅកុះករ មាន​ទេសចរណ៍មិនដាច់។ នេះហើយជាគោលនយោបាយឈ្នះឈ្នះ ដែលមានន័យ​មួយទៀតថា ឈ្នះទាំងអស់គ្នា គឺគ្មានអ្នកឈ្នះគ្មានអ្នកចាញ់។ មានសេចក្តីថា ទាំងរាជរដ្ឋាភិបាល ទាំងក្រុមចលនាតស៊ូគឺសុទ្ធតែឈ្នះទាំងអស់គ្នា ជារួមគឺ កម្ពុជា​មានសុខសន្តិភាព លេងមានសង្រ្គាមបង្ហូរឈាមដូចកាលពីមុនទៀត។

នយោបាយឈ្នះឈ្នះ គឺជាស្នូល និងជា ឧបករណ៍ដ៏សំខាន់បំផុតនៃ​ទស្សនវិជ្ជាសន្ដិភាព។  នយោបាយដែលលើកឡើងនេះ គឺមានន័យថា គ្មានអ្នក​ចាញ់ គ្មានអ្នកឈ្នះ។ នយោបាយឈ្នះឈ្នះ គឺដើម្បីធានាចំពោះសន្ដិសុខទាំង​អាយុជីវិត ទាំងរូបរាងកាយសម្រាប់មនុស្សទាំងអស់ ដែលបានស្ម្រ័គចិត្ដផ្ដាច់​ខ្លួនពីអង្គការចាត់តាំងខាងនយោបាយ និង យោធារបស់ខ្មែរក្រហម ហើយវិល​មក​រួម​រស់ជាមួយរាជរដ្ឋាភិបាល និង សង្គមជាតិវិញ។

ជាមួយនឹងការធានាខាងលើ ក៏មានការការពារអាជីព និង មុខរបរជូន​អ្នកទាំងនោះ តាមរយៈការធ្វើសមាហរណកម្ម និង ការរក្សាកម្មសិទ្ធិលើទ្រព្យ​សម្បត្ដិ​ជាអចលនទ្រព្យ និង ចលនទ្រព្យរបស់មនុស្សគ្រប់រូបទាំងអស់។ ការ​ធានា​ទាំងបីយ៉ាងខាងលើ បានឆ្លើយតបយ៉ាងសមស្របចំពោះផល​ប្រយោជន៍​របស់បងប្អូនដែលស្ថិតនៅក្នុងជួរខ្មែរក្រហម និង ប្រជាជនដែលស្ថិតក្នុងតំបន់​ខ្មែរ​ក្រហម​កាន់កាប់ ហើយវាបានក្លាយទៅជាអាវុធដ៏ស័ក្ដិសិទ្ធ ដែលវាយសំពង​ទៅ​លើនយោបាយសង្គ្រាមយោធា និង យុទ្ធសាស្ដ្រច្រែះស៊ីដែក របស់ខ្មែរ​ក្រហម ដោយត្រូវដួលរលំរលាយទាំងស្រុង។

សន្ដិភាព និង ការបង្រួបបង្រួមជាតិ បានកើតមានឡើងទូទាំងប្រទេស។ ប្រទេសទាំងមូលមាន ឯកភាពជាតិ ឯកភាពទឹកដី គ្មានតំបន់អបគមន៍ ប្រទេស​ទាំងមូលស្ថិតនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែ​មួយព្រះ​អង្គ និង រាជរដ្ឋាភិបាលតែមួយ ត្រូវបានកើតឡើងលើទឹកដីដ៏កំសត់ នេះដែល​ជាឱកាសមាស ពេជ្រ សម្រាប់ការស្ដារ និង អភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទាំងអស់​នេះ​ ជាមហាជោគជ័យ ជាកិត្យានុភាព ជាមហាប្រវត្ដិសាស្ដ្រថ្មីមួយ​នៅលើ​ទឹកដីកម្ពុជា គឺ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកធំធាត់នៃជំនឿទុកចិត្ដលើ​ខ្លួនឯងរបស់ប្រជាជនយើងទាំងអស់គ្នា ហើយក៏ជាការបង្ហាញឱ្យឃើញផងដែរ នូវការកើនឡើងគួរជាទីមោទនៈ នូវតួនាទីរបស់កម្ពុជានៅលើវេទិកាតំបន់ និង ក្នុងឆាកអន្ដរជាតិនៃពិភពលោកទាំងមូល។

មកដល់ចំណុចនេះ យើងអាចនិយាយបានថា ការដែលកម្ពុជាមាន​សន្តិភាពយ៉ាងនេះ គឺអាស្រ័យដោយកត្តាបីគឺ កត្តាពិភពលោក កត្តាតំបន់ និង កត្តាកម្ពុជាខ្លួនឯង។ បើគ្មានការជួយជ្រមជ្រែងពីបណ្តាប្រទេសមហាអំណា​ច​ក្នុងពិភពលោកទេ នោះវាមិនអាចធ្វើឱ្យប្រទេសក្នុងតំបន់ ជាពិសេស ប្រទេស​ថៃ និង ប្រទេសវៀតណាមលែងដៃពីខ្មែរក្រហម និង រដ្ឋាភិបាលភ្នំពេញឡើយ ហើយកត្តាទាំងពីរខាងលើនេះ ក៏វាអាស្រ័យដោយលក្ខខណ្ឌប្រជាជាតិកម្ពុជា​ខ្លួនឯងផងដែរ។ បើគ្មានការយោគយល់ ការអត់ឱន ការអធ្យាស្រ័យគ្នា ដោយ​គិត​ពី​បញ្ហាជាតិជាធំទេ នោះក៏មិនអាចរកសុខសន្តិភាពជូនជាតិមាតុភូមិ​បាន​ដែរ។

ជារួម យើងអាចទាញបាននូវទិសដៅមួយក្នុងគន្លឹះនៃដំណើរការ​សន្តិភាព​នៅកម្ពុជាដោយការប្រែប្រួលនៃពិភពលោក នាំឱ្យមានការប្រែប្រួលក្នុងតំបន់ ហើយការប្រែប្រួលក្នុងតំបន់ នាំឱ្យមានការប្រែប្រួលក្នុងប្រទេស ហើយការ​ប្រែប្រួលទាំងអស់នោះហើយ ដែលនាំឱ្យមានសន្តិភាពពេញលេញនៅកម្ពុជា៕

គន្ថនិទ្ទេស

១-កែវ នរិន្ទ, «ការស្វែយល់ពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច និង ទំនាក់​ទំនង​អន្ដរជាតិ ភ្នំពេញ» ខែមករា ឆ្នាំ ២០០៥។

២-កែវ នរិន្ទ, «ការវិភាគលើបញ្ហាត្រូវដោះស្រាយនៅកម្ពុជា» ភ្នំពេញ ខែ មករា ឆ្នាំ១៩៩៩។

៣-កៅ គឹមហួន និង សំរាំង កំសាន្ត, «វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់» ភ្នំពេញ ឆ្នាំ១៩៩៨។

៤-ខ្លូត ធីតា, «ទស្សនវិជ្ជាខ្មែរសម័យ ចតុមុខ លង្វែក ឧដុង្គ និង បារាំង» រាជបណ្ឌិត្យ​សភាកម្ពុជា ឆ្នាំ២០១១។

៥-ងែត ហៀន, «កិច្ចព្រមព្រៀងហ្សឺណែវ (ដើម្បីលត់ភ្លើងសង្គ្រាមឥណ្ឌូចិន ប្រែទៅ​ជា​ដុតភ្លើង សង្គ្រាម ឥណ្ឌូចិនទៅវិញ)»

ឆ្នាំ ១៩៧១។

៦-ឆាយ សុផល, «ហ៊ុន សែន៖ នយោបាយ និង អំណាចក្នុងប្រវត្តិសាស្ត្រ​ខ្មែរ​ជាង៤០ឆ្នាំ» ភ្នំពេញ ឆ្នាំ២០១២។

៧-«ព្រឹត្ដិការណ៍ថ្ងៃទី ៥-៦ ខែ កក្កដា ឆ្នាំ ១៩៩៧ ក្រុមការងារ​ពិសេស​របស់​រដ្ឋាភិបាល»។

៨-ដៀប សុផល, «ប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា» រោងពុម្ពសុខលាភ ឆ្នាំ ២០០៨។

៩-ដៀប សុផល, «សង្គ្រាម និង សន្ដិភាព កត្ដាតំបន់ និង កត្ដាសកល ១៩៤៥-១៩៩១» ភ្នំពេញ ឆ្នាំ២០០៥។

១០-ដេវិឌ ឆាណ្ឌល័រ, «ប្រវត្ដិសាស្ដ្រខ្មែរ»  បកប្រែពីភាសាអង់គ្លេស​ដោយ​មជ្ឈមណ្ឌល​ខេមរសិក្សា

១១-ត្រឹង ងា, «ប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា  ភាគ ១ + ២» ឆ្នាំ១៩៧១។

១២-ទីឃាយុ, «កម្ពុជារបស់សម្ដេច សីហនុ សេចក្ដីសង្ឃឹម ការភ្ញាក់ខ្លួន និង ការ​តូច​ចិត្ដ»  បកប្រែពី Richard Sola, Le

Cambodge, Espoir, Désillusions et Amertume។

១៣-ទីឃាយុ, «កម្ពុជា ៖ សោកនាដកម្មមួយនៃសម័យយើង» បកប្រែពី  Philippe Richer, Le Cambodge Une

tragédie de notre temps។

១៤-នួន សុធិមន្ដ, «សង្គ្រាមអាមេរិកនៅកម្ពុជា លន់ នល់ និង ខ្មែរក្រហម ១៩៧០-១៩៧៥» ភ្នំពេញ ឆ្នាំ២០០៥។

១៥-មជ្ឈមណ្ឌលខេមរសិក្សា, «សិក្សាតំបន់អាស៊ីអាគ្នេយ៍» ភ្នំពេញ ឆ្នាំ២០០៧។

១៦-រស់ ចន្ដ្រាបុត្រ, «សាធារណរដ្ឋខ្មែរ»  ប្រែសម្រួលដោយ ទីឃាយុ។

១៧-រស់ ចន្ដ្រាបុត្រ, «ប្រវត្ដិសាស្ដ្រខ្មែរតាមរយៈរឿងព្រេង ភាគទី១» ។

១៨-វ៉ាន់ឌី កាអុន, «ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ៖ ពីសម័យអាណានិគម​បារាំង​ មកដល់បច្ចុប្បន្នកាល  ភាគ១, ២, ៣»

ភ្នំពេញ ឆ្នាំ២០១០។

១៩-វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា « ទំនាក់ទំនងអន្តរជាតិ ៖ កម្ពុជា​ក្រោម​ក្រសែភ្នែកមហាអំណាច»  ភ្នំពេញ

ឆ្នាំ២០០៩។

២០-សាគូ សាមុត, «ស្រុកខ្មែរ ការវិវត្ដចលនានយោបាយ» ប៉ារីស, ថ្ងៃទី២ ខែមីនា ឆ្នាំ២០០០។

២១-សោម សំអ៊ុន, «ប្រវត្តិសង្គ្រាមនៅអាស៊ីអាគ្នេយ៍» បោះពុម្ពលើកទី១ដោយ​បណ្ណាគារពន្លឺវិជ្ជា ឆ្នាំ១៩៧២។

២២-សោម សេកកុមារ, «វិបត្ដកម្ពុជា និង ទំនាក់ទំនងជាមួយបរទេស»  ប៉ារីស ខែមករា ឆ្នាំ២០០០។

២៣-សៅ លាង, «វាសនា ឬ កង្វះទស្សនៈនយោបាយប្រាកដនិយម» ក្រុងប៉ារីស  ឆ្នាំ២០០០។

២៤-ហ៊ុន សែន, «សុន្ទរកថា ថ្លែងចំពោះមុខរដ្ឋសភាអាណត្ដិទីពីរ បង្ហាញអំពី​កម្មវិធីនយោបាយ និង សកម្មភាពនៃរាជ

រដ្ឋាភិបាល»  ភ្នំពេញទី៣០ ខែ​វិច្ឆិកា ឆ្នាំ១៩៩៨។

២៥-ហ៊ុន សែន, «ឆ្ពោះទៅឆ្នាំ២០០០»  ខុទ្ទកាល័យ ខែ សីហា ឆ្នាំ១៩៩៩ (ភាគទី២)

២៦-ហ៊ុន សែន, «១០ឆ្នាំនៃដំណើរកម្ពុជា ១៩៧៩-១៩៨៩»  ភ្នំពេញ រោងពុម្ព ណុប បូផាន់

២៧-ហ៊ុន សែន, «យុទ្ធសាស្ដ្រចតុកោណ» ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤។

២៨-ហេង ហុង, «ឱ ! លោកធំខ្មែរ៖ សោកនាដ្យកម្មនៃកម្ពុជា»  ភ្នំពេញ ឆ្នាំ១៩៩៧។

២៩-អ៊ុនតាក់, «កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយ​នៃ​ជំលោះកម្ពុជា» ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

៣០-អេលីហ្សាបែត ប៊េកខ័រ (Elizabeth Becker), «នៅពេលដែលសង្គ្រាម​រលត់​ទៅ» ភ្នំពេញ មជ្ឈមណ្ឌលឯកសារកម្ពុជា

ឆ្នាំ២០០៥។