ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » បុរេប្រវត្តិសាស្រ្តកម្ពុជា

បុរេប្រវត្តិសាស្រ្តកម្ពុជា

បុរេប្រវត្តិសាស្រ្តកម្ពុជា

ដោយលោក សួ ប៉ុណ្ណារ៉ាត់ (បេក្ខជនបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ)

ប្រធានផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

​ប្រវត្តិសាស្ត្រខ្មែរមានវឌ្ឍនាការ
បោះជំហានទៅមុខជានិច្ច​ ខ្មែរជា​ជនជាតិចំណាស់មួយ ដែល​រស់នៅលើ​​​​​ទឹកដី​​នេះ​យូរលង់ណាស់មកហើយ។ នៅក្នុងសម័យដ៏រុងរឿងនៃចក្រភព​ខ្មែរ ទឹកដីខ្មែរ​បានលាតសន្ធឹង​ទៅលើមួយ​ភាគ​ធំនៃទឹកដីអាស៊ីអាគ្នេយ៍​ដីគោក។ ក្រៅពីទឹកដីនៃប្រទេសខ្មែរបច្ចុប្បន្ន​ មាន​ទឹកដី ដូចជា នៅកូសាំងស៊ីនទាំងមូល
ផ្នែកខាងត្បូង និង ផ្នែកកណ្ដាល​នៃ​ប្រទេសទ្បាវ និង ផ្នែកខាងកើតនៃប្រទេសថៃសព្វថ្ងៃ ក៏ជាទឹកដីនៃប្រទេសខ្មែរ​ពីបុរាណកាលដែរ។ តាមរយៈការធ្វើ​កំណាយ​នៅតាមស្ថានីយ៍ជាច្រើន​​​​ ដែល​ស្ថិត​នៅ​ក្នុងទឹក​ដីខ្មែរបច្ចុប្បន្ន ​​គេបានរកឃើញភស្តុតាងជាច្រើន ដែលបាន​បន្សល់​ទុករហូតមកដល់សព្វថ្ងៃ។​​​​​
ជាក់ស្តែង​នៅ​ឆ្នាំ​១៩៩​​​៩​ ​​​​​គេបាន​ធ្វើ​​កំណាយ​នៅវត្តគំនូរ​ ក្នុងស្រុកអង្គរបុរី​​​​​ខេត្តតាកែវ​
ដោយក្រុមអ្នកសិក្សាស្រាវជ្រាវ​មក​ពីសាកល​វិទ្យាល័យ​ហា​វៃ ​នៃសហរដ្ឋអាម៉េរិច ដោយសហការជាមួយសាកល​វិទ្យាល័យភូមិន្ទ​​​​​​​​​​​​​​​​​​វិចិត្រសិល្បៈ នៃរាជធានី​ភ្នំពេញ។​​​​​​​​​​​​ គេបានរក​ឃើញ​​​ឆ្អឹងមនុស្ស​ដែលមានអាយុប្រមាណ៤០០ឆ្នាំ​​មុនគ្រិស្តសករាជមក​ម៉្លេះ ពោល​គឺ មុន​អា​ណា​ចក្រ​ភ្នំទៅទៀត។
ដោយយោងទៅលើឯកសារ​ប្រវត្តិសាស្រ្តខ្មែរ អាចឱ្យ​យើងដឹង​ពិត​ប្រាកដថា នា​ដើមសតវត្ស​ទី១នៃគ្រិស្ត​សក​រាជ ជនជាតិ​​ខ្មែរដែល​ស្ថិតនៅតាម​វាលទំនាបនៃដងទន្លេ​មេគង្គ ផ្នែក​ខាងក្រោម និង ផ្នែកកណ្តាល​នៃប្រទេស​​លាត​សន្ធឹង​រហូត​ដល់​ផ្នែកធំ នៃ​ទន្លេចៅ​ប្រា​យ៉ា ​ព្រមទាំងជ្រោយម៉ាឡាកា ហើយ​ទឹកដីបច្ចុប្បន្ននេះ ធ្លាប់បានទទួល​ឥទ្ធិពល​ឥណ្ឌា​ទៀតផង។ ការផ្សព្វផ្សាយ​អារ្យធម៌​​ឥណ្ឌា​នេះ ហើយធ្វើឱ្យតំបន់ទាំងប៉ុន្មានខាងលើនេះ ដែលជាទីតាំង​នៃ​ជន​ជាតិខ្មែរមន តាំងតែ​ពីសម័យមុន​ប្រវត្តិសាស្ត្រមកម៉្លេះ ហើយក្រោយមក ក្លាយ​ជាចក្រភពនេះមួយយ៉ាងធំ​ គឺ អាណាចក្រភ្នំដែលជាអាណាចក្រ មាន​ភាពថ្កុំថ្កើង រុងរឿងបំផុតនៅអាស៊ីភាគ​​អា​គ្នេយ៍ ​ដែល​ចិនហៅថានគរហ្វូណន។

ជាមួយគ្នានឹងការបង្កើតរដ្ឋខ្មែរដំបូងបង្អស់នេះ
ជនជាតិខ្មែរ​នៃអាណា​ចក្រភ្នំ ដែលពី​បុព្វសម័យមានជំនឿលើឫទ្ធា​អំណាច​របស់ធម្មជាតិ ក្នុងសម័យ​នោះ ក៏បានស្គាល់នូវសាសនាថ្មីពីរ​ទៀត
ដែល​មាន​កំណើត​នៅប្រទេសឥណ្ឌា គឺ ព្រហ្មញ្ញ​សាសនា ​និង ព្រះពុទ្ធសាសនា។
គួរកត់សម្គាល់ថា ​សា​ស​នា​​ក្លិង្គ​ទាំងពីរនេះ​ ចាក់ឫស​គល់​​យ៉ាងជ្រៅក្នុងសង្គមខ្មែរ
រួចក៏ច្រួតជ្រាបចូលក្នុងសង្គម​​​ខ្មែរ​​ ហើយ​ក៏ក្លាយទៅជាមូល​ដ្ឋាននៃអារ្យធម៌វប្បធម៌​ខ្មែរ​
​​​រហូ​ត​​ដល់សព្វថ្ងៃ​នេះ។

១-ប្រភពបុរេប្រវត្តិប្រទេសខ្មែរ

យើងបានដឹងបុរេប្រវត្តិប្រទេសខ្មែរ
ដោយ​សាការស្រាវជ្រាវនៃអ្នក​ឯកទេស​ជាតិបារាំង នៅស្ថានីយ៍​សំរោង​សែន អន្លង ផ្តៅ និងម្លូព្រៃជាដើម។ មកដល់ពេលបច្ចុប្បន្ន នៅប្រទេសកម្ពុជា មានស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រ​ជាច្រើន​ ដែលអាចឱ្យអ្នកបុរាណ​វិទូ​ធ្វើការសិក្សាស្រាវជ្រាវ។ ស្ថានីយ៍បុរេប្រវត្ដិ​សាស្ដ្រ​មួយចំនួន ត្រូវបានគេរកឃើញ និង បានធ្វើការសិក្សាជាច្រើន​ឆ្នាំ​កន្លងមកហើយ និង មានស្ថានីយ៍មួយចំនួនទៀត
ដែលកំពុងតែធ្វើការសិក្សា​ស្រាវជ្រាវបន្ដដោយអ្នកបុរាណវិទូជាតិ និង អន្ដរជាតិ។ ទាំងស្ថានីយ៍​បុរេប្រវត្ដិ​សាស្ដ្រចាស់ និង ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រថ្មីៗ
សុទ្ធតែបានបង្ហាញនូវ​ភស្ដុតាង​អំពីប្រភពនៃដើមកំណើតវប្បធម៌ និង អរិយធម៌ខ្មែរ ដែលបានចាប់បដិសន្ធិ​ទ្បើងនៅលើទឹកដីនៃប្រទេសកម្ពុជា
និង ជាស្នាដៃរបស់បុព្វបុរសខ្មែរ​យើង បាន​បន្សល់ទុកមក។

កម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្ដិវប្បធម៌
ដូចជា ប្រាង្គ​ប្រាសាទ​នានា ដែលជារមណីយដ្ឋានបុរាណវិទ្យាមួយដ៏សំខាន់។ តំបន់រមណីយ​ដ្ឋាននានា និង បុរាណដ្ឋានទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបាន​ស្រាវ​ជ្រាវ​រកឃើញឡើងវិញ ពិសេស ​ចាប់ពីសតវត្សរ៍ទី១៩មក។ មានស្ថានីយ៍​បុរេ​ប្រវត្ដិសាស្ដ្រមួយចំនួន
ត្រូវបានក្រុមអ្នកជំនាញមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានដូចជាមកពី អឺរ៉ុប អាម៉េរិក ឥណ្ឌា
និង បណ្ដាប្រទេសមួយចំនួ​ន​ទៀតនៅ​អាស៊ីអាគ្នេយ៍ ដែលបានធ្វើការសិក្សាស្រាវជ្រាវនៅតាម​ស្ថានីយ៍បុរេ​ប្រវត្ដិសាស្ដ្ររបស់ប្រទេសកម្ពុជា។

២-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រខ្មែរ

តាមរយៈនៃការសិក្សាបុរេប្រវត្ដិសាស្ដ្រខ្មែរ បានបង្ហាញឱ្យដឹងថា
ខ្មែរ​យើងមានប្រភពបុរេប្រវត្ដិសាស្ដ្រជាច្រើន ហើយដែលប្រភពបុរេប្រវត្ដិសាស្ដ្រ​ទាំងនោះ ត្រូវបានគេរក​ឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រមួយចំនួន​ ដែល​មាននៅក្នុងប្រទេសកម្ពុជា។

២-១-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រសំរោងសែន

សំរោងសែនជាទីតាំងស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រមួយ ដែលស្ថិតនៅខាង​ឆ្វេង​ដៃជាប់មាត់ស្ទឹងជីនិត
បើយើងធ្វើដំណើរចូលពីទន្លេសាប​ ដែលស្ថិត​នៅលើមាត្រដ្ឋាន១២0២០ខាងជើង និង ១០៤​0៥០ខាងកើត និង មានរយៈកម្ពស់​១៣​ម៉ែត្រ ​ខ្ពស់ជាងកម្រិតទឹកសមុទ្រ។
ប្រវត្ដិនៃការស្រាវជ្រាវនៅស្ថានីយ៍​សំរោង​សែន ដែលមានទីតាំងនៅក្នុងទឹកដីនៃខេត្ដកំពង់ឆ្នាំង ត្រូវបានសិក្សាស្រាវជ្រាវ​ដោយលោក រ៉ុក
(Roque) នៅឆ្នាំ១៨៧៦។ បន្ទាប់មកនៅឆ្នាំ១៨៧៧ លោក មូរ៉ា (J.Moura) មកពិនិត្យមើលស្ថានីយ៍នេះ
ហើយបាន​ឃើញឧបករណ៍​វត្ថុសិល្បៈ​ធ្វើ្វពីថ្មជាច្រើន។ ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៨៨៨ លោក ជេម (LJamme) បានមក​ធ្វើកំណាយជាច្រើនកន្លែងនៅតំបន់ទន្លេសាប ដោយបានប្រទះឃើញវត្ថុ​សិល្បៈ​រាប់ពាន់ នៅស្ថានីយ៍សំរោងសែន និង នៅតំបន់ក្បែរៗនោះ
ប្រាំមួយកន្លែង​ផ្សេង​ទៀត។ លោក ហង់រី ម៉ង់ស៊ុយ (Henri Mansuy) ក៏បានធ្វើកំណាយនៅស្ថានីយ៍​សំរោងសែន​ដែរក្នុងឆ្នាំ១៩០១
​ហើយបានជួប​ប្រទះនូវពពួកវត្ថុ​សិល្បៈធ្វើអំពីថ្ម​រំលីងជាច្រើនដុំ ជាភស្ដុតាងនៃការផលិតឧបករណ៍ដ៏ល្អបំផុត​ ប្រចាំតំបន់​នៅ​ភូមិភាគអាស៊ីខាងកើត។ មានឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ដែលគេបាន​ប្រទះឃើញមាននៅ​ស្ថានីយ៍ខាងលើនេះ ដូចជា
ថ្មសំលៀង បំណែកថ្ម ប្រភពរូបធាតុដើមរបស់ថ្មកុលាលភាជន៍ ​ដែលធ្វើដោយដៃ អំពីដីដុត វត្ថុធ្វើ​អំពី​សំរឹទ្ធ គ្រឿងអលង្ការ
និង ឧបករណ៍ផ្សេងៗមួយចំនួនទៀត។ ស្ថានីយ៍​សំរោង​សែនត្រូវបានកំណត់កាលបរិច្ឆេទតាមវិទ្យុសកម្ម​កាបូន-១៤ ​​(C-14) លើសម្បកខ្យងខ្ចៅ ដោយបានបង្ហាញនូវអាយុកាលចាប់ពីឆ្នាំ
៣២៣០មុន​គ្រឹស្ដសករាជ ដល់ ឆ្នាំ១២៨០មុនគ្រឹស្ដសករាជ។


ទីតាំងស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា    

២-២-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រអន្លង់ផ្ដៅ

ស្ថានីយ៍នេះរកឃើញដោយលោក ហង់រី ម៉ង់ស៊ុយ (H. Mansuy) នៅឆ្នាំ១៩០២ ដែលស្ថិតនៅប្រមាណ​ជា៣០គីឡូម៉ែត្រ ទិសខាងត្បូង ឈៀង​ខាងកើតនៃស្ថានីយ៍សំរោងសែន
ជាប់ស្ទឺងជីនិត។ នៅឆ្នាំ១៩០២ លោក ហង់រី ម៉ង់ស៊ុយ (H. Mansuy) បានធ្វើការវិភាគទៅលើរបស់របរ និង វត្ថុសិល្បៈ​ដែលបានមកពីស្ថានីយ៍នេះ ដែលលោក​ចាត់​ទុកស្ថានីយ៍នេះស្ថិតនៅក្នុង​យុគ​សំរឹទ្ធ។ ក៏ប៉ុន្ដែ
យើងមិនទាន់ឃើញមានអត្ថបទណាមួយសរសេរ​រៀបរាប់​ឱ្យ​បាន​ពិស្ដារដូចជាស្ថានីយ៍សំរោងសែនឡើយ។

២-៣-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រម្លូព្រៃ

ស្ថានីយ៍នេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៣៨ ដោយលោក ប៉ែលឡង់ (M. Pellen) ដែលជាអ្នកជំនាញ​ការខាងភូគព្ភសាស្ដ្រ បានទៅធ្វើការសិក្សាស្រាវ​ជ្រាវនៅក្នុងតំបន់ភូមិសាស្ដ្រខាងលើ
កាលពីក្នុងសម័យ ដែលបារាំងជាអាណា​ព្យាបាល​លើប្រទេសកម្ពុជា។ ស្ថានីយ៍នេះ ស្ថិតនៅភាគខាងជើងនៃប្រទេស​កម្ពុជា មានទីតាំងនៅក្នុងខេត្ដព្រះវិហារសព្វថ្ងៃនេះ។
នៅស្ថានីយ៍នេះ គេបាន​រកឃើញរបស់របរ ដូចជា កងដៃធ្វើអំពីសំរឹទ្ធ និង វត្ថុសិល្បៈមួយចំនួនទៀត។ បណ្ដុំនៃស្ថានីយ៍ម្លូព្រៃ
មានស្ថានីយ៍តូចៗមួយចំនួនទៀត ដូចជា អូរយក្ស​អូរពីរកាន់ ឬ អូរពីរជាន់ អូរណារី
អូរដា និង អូរថ្ម។ ការធ្វើកំណាយ​បុរាណវិទ្យា​នៅតាមស្ថានីយ៍តូចៗទាំងនោះ គេបានជួបប្រទះនូវវត្ថុធ្វើអំពីថ្ម ដូចជា កុលាល​ភាជន៍ និង វត្ថុផ្សេងទៀតធ្វើអំពីសំរឹទ្ធ។
នៅស្ថានីយ៍ម្លូព្រៃ ក្រៅពីការរកឃើញ​នូវ​វត្ថុសិល្បៈទាំងទ្បាយនោះ គេក៏បានរកឃើញនូវឧបករណ៍ប្រើប្រាស់​ផ្សេងៗ​ជាច្រើនទៀត មានដូចជា
ផ្លែពូថៅ ពន្លាក ញញួរ ខ្នោសកោសស្បែក អន្លូង​ដំសម្បក ឈើអង្រែ ត្រល់ កាំបិត ដែលឧបករណ៍ទាំងនោះធ្វើអំពីលោហៈ។
ក្រៅពីឧបករណ៍ធ្វើពីលោហៈទាំងនោះ នៅមានឧបករណ៍ផ្សេងៗមួយចំនួន​ទៀតធ្វើអំពីឆ្អឹង ដែលមាន ដូចជា ផ្លែព្រួញ
ផ្លែសន្ទូច ម្ជុល និង គ្រឿងអលង្ការ​មួយចំនួន។ ចំណែកឯប្រដាប់ប្រដាធ្វើអំពីដីដុតវិញ ក៏បានបង្ហាញឱ្យឃើញអំពី​កម្រិត​ថ្វីដៃដ៏ប៉ិនប្រសប់
ដោយគេបានរកឃើញនូវបំណែកក្រទ្ប ឆ្នាំង ចាន​ជាច្រើន​​ ដែលមានលម្អទៅដោយក្បាច់រចេនាទៀតផង។

២-៤-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រតំបន់អង្គរ

ក្នុងឆ្នាំ១៩៥៩ លោក ប៊ែរណា ហ្វីលីព ហ្គ្រូសលីយេ (B. P. Groslier) បានគូសបញ្ជាក់តាមអត្ថបទរបស់​លោក​ សូល​ហែម (W.
G. Solheim, 1959, p. 25)   ថា នៅគ្រឹះប្រាសាទក្នុងតំបន់អង្គរ
ការ​ធ្វើកំណាយ​បុរាណ​វិទ្យា​នៅទីនោះ ត្រូវបានធ្វើឡើង នៅ​ខាងមុខនៃជើងប្រាសាទបក្សីចាំក្រុង ក្បែរក្លោងទ្វារចូល​ទៅ​កាន់អង្គរធំ។
តាមលទ្ធផល​នៃការធ្វើកំណាយនោះ ឃើញមានបន្សល់នូវស្លាក​ស្នាមនៃសម័យយុគថ្មរំលីង ដោយលោកបានប្រទះឃើញនូវឧបករណ៍ប្រើប្រាស់​ផលិតជាថ្មរំលីង និង បំណែកកុលាលភាជន៍​ខ្លះៗទៀតផង។

២-៥-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រសំណង់ដីរាងមូល

លោក ល្វី ម៉ាល់ឡឺរេ (Louis Malleret) នៅឆ្នាំ១៩៥៩ លោកបាន​ធ្វើការ​ស្រាវជ្រាវ​ទៅលើតំបន់ដីក្រហម ​ក្នុងខេត្ដកំពង់ចាម នៃប្រទេសកម្ពុជា និង​ មួយ​ភាគនៃប្រទេសវៀតណាម។ នៅក្នុងឆ្នាំ១៩៦២ លោក ប៊ែរណាត ហ្វីលី​ព ហ្គ្រូស​លីយេ (Bernard Phillipe Groslier) បានធ្វើកំណាយបុរាណវិទ្យានៅតំបន់មួយ​ក្នុងសំណង់ដីរាងមូល ដែលមានទីតាំងនៅតំបន់ស្រុកមេមត់ ខេត្ដកំពង់ចាម។ ក្រោយពីការពិនិត្យមើលពីលើអាកាសមក មានស្ថានីយ៍ជាច្រើនដែលគេអាច​មើល​ឃើញនូវចំណែកយ៉ាងតូចៗនៃស្ថានីយ៍ទាំងមូល ហើយបានបង្ហាញឱ្យ​ឃើញថា ស្ថានីយ៍ទាំងនេះមានរូបរាងសាំញ៉ាំ តែមានសារៈសំខាន់​មិន​ធម្មតា​នោះទេ។ ការធ្វើកំណាយដោយអ្នកបុរាណវិទ្យានៅឆ្នាំ១៩៨២ នៅលើជំរុំ​ភូមិ​មូលមួយ នៅក្នុងស្រុកមេមត់ (ខេត្ដកំពង់ចាម)  បានបង្ហាញឱ្យឃើញនូវស្រទាប់​នៃយុគសម័យ​ថ្មរំលីង ​ដែលមានភាពសម្បូរបែប។ គេបានហៅអរិយធម៌​នេះ​ថាអរិយធម៌មេមត់ (Mimotian Culture) តំណាងដោយវត្ថុធ្វើ​អំពីថ្មរាប់ពាន់​ដុំ និង បំណែកក្អមឆ្នាំង ឬ កុលាលភាជន៍ដល់ទៅជាងពីរម៉ឺនដុំ។ តាមរយៈលទ្ធផល​ខាងលើនេះ គេអាចធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះវត្ថុប្រមូលបានពីផ្ទៃដី​ផ្សេងៗ​ទៀត ដោយកំណត់ទូទាំងតំបន់ភាគកណ្ដាលនៃឥណ្ឌូចិន។ ស្ថានីយ៍ភូមិ​មូលទាំងឡាយ គឺនៅរាយពាសពេញតំបន់ដីក្រហមដែលចាប់ពីឡាបានសៀក (ខេត្ដរតនគិរី) ចុះដល់ឡុកនិញ (ប្រទេសវៀតណាម)  ដោយឆ្លងកាត់ស្រុក​មេមត់​មានន័យថា ស្ថានីយ៍ភូមិមូលទាំងនេះ ជាទូទៅច្រើនស្ថិតនៅក្នុងតំបន់​ចំការកៅស៊ូដីក្រហម។ ស្ថានីយ៍នេះមានអាយុកាលប្រមាណ​ជា១៥០០ មក ៥០០ឆ្នាំមុនគ្រឹស្ដសករាជ។

២-៦-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រយុគថ្មបំបែក

ក្នុងឆ្នាំ១៩៦៣ លោក សូរាំង (E. Saurin) បានបង្ហាញនូវវប្បធម៌​យុគ​ថ្ម​បំបែក (Pebble Culture) ដែលចេញពីកម្ពស់ស់ដី៤០ម.ទៅដល់កម្ពស់ស់៤៥ម. ខ្ពស់ជាងទឹកសមុទ្រ នៅភាគខាងកើតទន្លេមេគង្គ នៅចន្លោះពីខេត្ដស្ទឹងត្រែង និង ស្រុកស្នួល ខេត្ដក្រចេះ ក្នុងនោះមាន ដូចជា ស្ថានីយ៍ឆែប ស្រែឫស្សី ស្រែ​ស្បូវ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៣៥, ៣២៥, ២៨០, (ចន្លោះពីក្រចេះទៅ​ស្ទឹងត្រែង) កន្ទួត ព្រែកទេ ខ្សឹម និង ស្នួល។ ការរកឃើញកន្លែងផលិត​ឧបករណ៍​ថ្ម ពពួកថ្ម ដែលបំបែកមុខចេញជាច្រើន គេបានរកឃើញឧបករណ៍ថ្ម​មាន​មុខពីរ និង ពពួកថ្មដែលកើតពីឈើ ហើយបានកំណត់អាយុកាលចាប់តាំងពី​ប្រហែល​៦០០.០០០ឆ្នាំមុនគ្រឹស្ដសករាជមកម្ល៉េះ។

២-៧-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រល្អាងស្ពាន

ក្នុងឆ្នាំ១៩៦៥លោក រ៉ូឡង់ ម៉ូរែ (Roland Mourer) បានធ្វើកំណាយនៅ​តំបន់រូងភ្នំថ្មកំបោរ​ នៅត្រែងភាគ​ខាងត្បូងឈៀងខាងលិចខេត្ដបាត់ដំបង។ លោក​បានអះអាងបញ្ជាក់ថា ជាលើកទីមួយហើយដែលគេឃើញនៅក្នុង​ប្រទេសកម្ពុជាជាកន្លែង​មានមនុស្សរស់នៅក្នុងរូងភ្នំ កាលក្នុងសម័យយុគថ្ម​រំលីង។ ស្ថានីយ៍ល្អាងស្ពាន ស្ថិតនៅ​លើភ្នំទាកទ្រាំង ក្នុងរយៈកម្ពស់​ប្រមាណ​១៥០ម៉ែត្រ ខ្ពស់ជាងទឹកសមុទ្រ។ ល្អាង​នោះមានទំហំប្រមាណ៤០.ម. គុណ​នឹង២០ម. និង កម្ពស់ប្រមាណជា២០ម.។ ស្ថានីយ៍នេះនៅលើកំណាត់​ផ្លូវ​រវាង​ខេត្ដបាត់ដំបង ​និង ក្រុងប៉ៃលិន​ចេញពីបាត់ដំបងប្រមាណជា៣៨គ.ម។ ការធ្វើ​កំណាយបុរាណវិទ្យាក្នុងរង្វង់១៥ម៉ែត្រក្រឡាក្នុងរូងភ្នំនោះ ត្រូវបានគេរកឃើញ​ដូចជា បំណែកកុលាលភាជន៍ និង កន្លែងផលិតឧបករណ៍វត្ថុសិល្បៈ​សម្រាប់​ប្រើប្រាស់ខ្លះៗ​ ដែលឧបករណ៍ទាំងនោះ ខ្លះធ្វើអំពីដី និង ខ្លះទៀតធ្វើអំពីថ្ម។ស្ថានីយ៍នេះ មានអាយុកាលពី៦៨០០ឆ្នាំមុនគ.ស.ទៅ៤៣០០ឆ្នាំមុនគ.ស.។ស្ថានីយ៍នេះ មានអាយុកាលពី៦៨០០ឆ្នាំមុនគ.ស.ទៅ៤៣០០ឆ្នាំមុនគ.ស.។

 
ស្ថានីយល្អាងស្ពាន ខេត្តបាត់ដំបង(ភ្នំទាក់ទ្រាំង)
 

២-៨-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រភ្នំល្អាង

នៅក្នុងឆ្នាំ១៩៦៧ ការស្រាវជ្រាវបុរេប្រវត្ដិសាស្ដ្រនៅតំបន់ថ្មកំបោរ​ នៅ​ភាគខាងត្បូងប្រទេស ក៏បានធ្វើឡើងនៅភ្នំល្អាងក្នុងខេត្ដកំពត។
លោក កាបូណែល (J. P. Carbonnel) បានឃើញនូវសំណល់ពពួកសត្វ និង កន្លែងផលិត​ឧបករណ៍ថ្មដែលបង្ហាញថា
ឧបករណ៍ទាំងនោះ ផលិតដោយមនុស្ស។ ការ​ជជែកវែកញែកអំពីភ្នំល្អាង ដែលមានទីតាំងនៅទិសខាងជើង ឈៀងខាងកើត​នៃខេត្ដកំពត ប្រមាណជាង២០គ.មមានភ្នំថ្ម ជាច្រើនហើយមានរូងភ្នំនៅ​ទីនោះ។ នៅស្ថានីយ៍ភ្នំល្អាងនេះ គេបានប្រទះឃើញឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ឆ្អឹងសត្វជាច្រើន ប៉ុន្ដែ
មិនបានឃើញនូវឧបករណ៍សម្រាប់ច្នៃនោះទេ។

២-៩-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រភ្នំក្បាលរមាស

ស្ថានីយ៍ភ្នំក្បាលរមាស នៅភាគខាងត្បូងនៃប្រទេសកម្ពុជាក្នុងចន្លោះ​ខេត្ដកំពត និង ក្រុងកែបប្រហែល៣ ឬ ៤គីឡូម៉ែត្រទៅសមុទ្រ។ ស្ថានីយ៍នេះ​គេរកឃើញគំនរសម្បក​ខ្យងខ្ចៅដែលលោកប៉ាវី (A. Pavie) បានបង្ហាញតាំង​ពីឆ្នាំ​១៨៨១មកម្ល៉េះ ប៉ុន្ដែ មិនទាន់បានធ្វើកំណាយនៅទ្បើយ។

២-១០-ស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រអង្គរបុរី

មកដល់ឆ្នាំ១៩៩៤ជាលើកដំបូង នៃសហប្រតិបត្ដិការរវាងសាកលវិទ្យា​ល័យ​ហាវៃ​សហរដ្ឋអាមេរិក​នៃ​វិទ្យា​ស្ថានបូព៌ា-បស្ចិម (East-West Center) ដឹកនាំ​ដោយលោកសាស្ដ្រាចារ្យបណ្ឌិត ​បៃអនហ្គ្រីហ្វីន ជាមួយនឹង​មហា​វិទ្យាល័យ​បុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្ពុជា។ សហប្រតិបត្ដិការ​នេះមានទិសដៅផ្ដោតទៅ​លើការសិក្សាសម័យមុនអង្គរ ក្នុងតំបន់មេគង្គក្រោម (along Lower Mekong region) នៅស្រុកអង្គរបុរីខេត្ដតាកែវ​ភាគខាងត្បូងនៃ​ប្រទេស​កម្ពុជា។ ការស្រាវជ្រាវបាន​ចាប់ផ្ដើមនៅឆ្នាំ១៩៩៥ ដឹកនាំដោយបណ្ឌិត មីរាម ស្ដាក (Dr.Miriam Stark) មកពីសាកលវិទ្យាល័យហាវៃសហរដ្ឋ​អាម៉េរិក និង លោកសាស្ដ្រាចារ្យ ជុច ភឿន ​អតីតព្រឹទ្ធបុរស​មហាវិទ្យា​ល័យ​បុរាណវិទ្យា​នៅភ្នំពេញ។ ការស្រាវជ្រាវនៅអតីតទីក្រុងអង្គរបុរីបានបង្ហាញ​ឱ្យឃើញអំពី​ឫសគល់​ នៃ​អាណាចក្រ​ខ្មែរពីសតវត្សរ៍ទី៩ដល់ទី១៤នៃគ.ស.។ ទីក្រុង​អង្គរបុរី​នេះ បានបង្ហាញអំពីការតាំងទីប្រហែល៤០០ឆ្នាំមុនគ.ស. រហូតដល់ឆ្នាំ​៥០០នៃ​គ.ស. និង បន្ដរហូតដល់បច្ចុប្បន្នដែលភស្ដុតាងសិលាចារិកដើមសតវត្សរ៍ទី៧នៃ​គ.ស. ក៏មាននៅទីនោះដែរ។ អង្គរបុរីជាទីក្រុងមួយភ្ជាប់ពាណិជ្ចកម្មរវាងប្រទេស​ចិន ​និង ប្រទេសឥណ្ឌាដែលមានព្រែកជីកចាស់ៗជាច្រើន តភ្ជាប់ពីអង្គរបុរី​ទៅ​អូកែវ (សព្វថ្ងៃ​នៅក្នុងប្រទេសវៀតណាម) ​ដែលគេឃើញមាននៅ​ស្លាកស្នាម​ដល់​បច្ចុប្បន្ន។ ការសិក្សាស្រាវជ្រាវអំពីបុរេប្រវត្ដិសាស្ដ្រខ្មែរ បានធ្វើឱ្យយើង​ដឹង​អំពីប្រភពនៃអរិយធម៌ខ្មែរ និង​ វប្បធម៌​​ប្រពៃណីទំនៀមទម្លាប់សង្គម ជាពិសេស អំពីដើមកំណើតនៃជាតិខ្មែរ។

ឧបករណ៍ដែលធ្វើកំណាយរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិសាស្ដ្រ

៣-ការរស់នៅរបស់ខ្មែរបុរេប្រវត្តិ

ឆ្អឹងមនុស្សដែលគេរកឃើញនៅស្ថានីយ៍បុរេប្រវត្តិខ្មែរ​ សឹងពុក​ផុយ​ណាស់ទៅហើយ នឹងរកសន្និដ្ឋាន​ថា​មនុស្ស​នោះជាប់ពូជទៅ​ នឹង​ប្រជាជាតិ​ណា​មួយឱ្យច្បាស់លាស់ ពិត​ប្រាកដពុំបានឡើយ។ ប៉ុន្តែ បើទុកជាដូច្នេះ​ក្តីក៏​គេ​អាច​អារកាត់ខ្លះៗ បានថា​មនុស្ស​ បុរេប្រវត្តិសំរោងសែន មានមាឌធំ​ហើយខ្លាំង​មាន​ចិញ្ចើមលៀន​ ឆ្អឹងចិញ្ចើម​ខ្ពស់ មុខ​ជ្រុងមានកំពស់កំពល្មម។ បើយើងល្បង​ប្រៀប​ធៀប​មនុស្សបុរេប្រវត្តិនេះ      ​ទៅនឹងអ្នកព្រៃភ្នំដែលរស់នៅសព្វថ្ងៃ​ក្នុង​ប្រទេសខ្មែរ ឬ ក្នុងប្រទេសវៀតណាម​កណ្តាល​នោះ ឃើញថាគេនឹង​សង្កេត​ឃើញនូវលក្ខណៈស្របគ្នា​ច្រើន ទាំងរាងរៅទាំងសម្ភារៈប្រើប្រាស់។​​​​ ម្យ៉ាងទៀត​បើយើង​ប្រៀប​ធៀប​អ្នក​ព្រៃភ្នំទៅនឹងខ្មែរវាលទំនាប​យើង​វិញ ​ក៏ឃើញថា​រាង​រៅភាសា និង ទំនៀមទម្លាប់ខ្លះប្រហាក់ប្រហែលគ្នាដែរ។ កុលសម្ព័ន្ធ​អ្នក​លើ​ខ្លះនៅតែនិយមដាល់អំបុក​មុនពេលច្រូតកាត់ ដូច​ទំនៀមខ្មែរតំបន់ទំនាបយើង​ដែរខ្លះ​ទៀត ​នៅនិយម​ម្តាយ​ជាធំក្នុងគ្រួសារ​ដូចត្រកូល​ខ្មែរខ្លះ​នៅសម័យអង្គរ និង ខ្លះទៀតប្រើភាសាមន-ខ្មែរដូចជា កុល​សម្ព័ន្ធខ្មែរ-ព្រៅខ្មែរ-ទំពូនក្នុង​ខេត្ត​រតនគិរីជាដើម។ បើនិយាយពីរាងរៅវិញការសិក្សារបស់ជាតិពន្ធុវិទូ (ethnolo-gue) បានឱ្យដឹងថាអ្នកលើមិនខុសអ្វីពីស្រុកស្រែយើង​ប៉ុន្មាន​ទេ តាំងពីមាឌ កម្ពស់ លាក្បាល ភ្នែក ច្រមុះ សំបុរ។ ដូចនេះ គេអាចសន្មត់បានថាខ្មែរយើង​សព្វថ្ងៃជាអ្នក​ដែល​​បន្ត​ពូជ​ពី​មនុស្ស​បុរេប្រវត្តិសំរោងសែនមក។

មនុស្សដែលរស់នៅលើផ្ទៃដីខ្មែរក្នុងសម័យបុរេប្រវត្តិ បានរួបរួមគ្នាបង្ក​ជាភូមិឥត​មានរសាត់ត្រាច់ជាចរកជនទេ។ គេនៅក្នុងផ្ទះតូចៗសង់ខ្ពស់ពីដី។ គេចេះប្រកបរបរកសិកម្ម ដោយមានប្រើកណ្តៀវច្រូតកាត់ភោគផលធញ្ញជាតិ ដែលគេសាបព្រោះដាំដុះនោះទៀតផង។ គេចេះផ្សាំងសត្វមាន គោ ជ្រូក ឆ្កែ មាន់ ជាដើម។ ផលិតផលដំណាំដាំដុះចិញ្ចឹមសត្វមិនគ្រប់​គ្រាន់​នឹង​ចិញ្ចឹម​ជីវិត​គេទេ។​ ដូច្នេះគេត្រូវដើរបរបាញ់សត្វនេសាទ​ត្រី ចាប់ត្រកួត អណ្តើក កន្ធាយ រាវលៀស គ្រំ ខ្យង ខ្ចៅ យកមក​ធ្វើជាម្ហូបអាហារបន្ថែមទៀត។

ក្រៅពីនេះខ្មែរបុរេប្រវត្តិធ្វើប្រដាប់ប្រើប្រាស់ជាចាំបាច់ទៀត​ផង។ គេដាប់​ថ្ម ស្លស្ពាន់ លង្ហិន ដែក ធ្វើប្រដាប់ប្រើប្រាស់។ គេសូនឆ្នាំងក្រឡចានក្បាន។ ខ្មែរបុរេប្រវត្តិពុំមែនចេះត្រឹមតែយក​ស្បែកមកកោស ហើយដេរធ្វើសម្លៀកបំពាក់​ដណ្តប់ប្រាណ​ប៉ុណ្ណោះ​​ទេគេថែមទាំងចេះត្បាញទៀត​ផង។​ យើងពុំដឹងប្រាកដ​ថាគេយកអ្វីមកត្បាញទេ គ្រាន់តែ​ប្រហែលជាយកសម្បកឈើ មាន​ក្រចៅ​ជាដើម។ បណ្តាជនជាតិដែលមកដល់សព្វថ្ងៃហៅខ្មែរយើង​ជាជនជាតិដែល​បានមកតាំងនៅជ្រោយឥណ្ឌូចិនមុនគេ​បង្អស់។ ​ឯជន​ជាតិ​យួន ថៃ និង ភូមា ទើបនឹងមកតាំងនៅជ្រោយឥណ្ឌូចិននេះក្នុងរវាងសតវត្សទី១៣ទេ គឺមក​នៅ​ក្រោយ​​ខ្មែរ​យើងច្រើនសហស្សវត្សណាស់។ ជនជាតិខ្មែរសម័យនោះមាន​មាឌ​មាំមុខជ្រុង ឆ្អឹងចិញ្ចើមខ្ពស់។ ជីវភាពជនជាតិខ្មែរជំនាន់នោះធ្វើគ្រឿង​ឧបករណ៍​ផ្សេងៗពីថ្ម ឆ្អឹង ដីឥដ្ឋ លង្ហិន ដែក។ គេយកថ្មធ្វើជាទូថៅញញួរ​ពន្លាក​ប្រដាប់​រួស។ គេយកឆ្អឹងធ្វើផ្លែព្រួញ ផ្លែច្បូក ផ្លែសន្ទូច ផ្លែកណ្តៀវ។ គេយកដីឥដ្ឋធ្វើ​ក្អម​ឆ្នាំង​ប្រកបដោយក្បូរក្បាច់យ៉ាងល្អ។ ចំណែកវត្ថុធ្វើពីលង្ហិន និង ដែកពុំសូវ​សម្បូណ៌ទេ។ គេធ្វើកីត្បាញសម្រាប់ត្បាញ​សម្ពត់អំបោះ។ ចំណែកទីលំ​នៅវិញ​គេសង់ផ្ទះ​ពីឈើ​ខ្ពស់ពីដី។ ដើម្បីចិញ្ចឹមជីវិត គេដាំស្រូវនៅក្បែរផ្ទះ គេចិញ្ចឹម​សត្វ ដូចជា ជ្រូក គោ ក្របី គេធ្វើការប្រមាញ់ និង ការនេសាទត្រី។ អំពីសណ្ឋាន​ដីគេសង្កេតឃើញមានស្ថានភាពពីរខុសប្លែកគ្នា មួយផ្នែកជាតំបន់ដីខ្ពស់នៅ​ខាង​ជើង​ភាគឦសាន និង ភាគនីរតីហើយមួយផ្នែកទៀតជាតំបន់ដីទំនាប​ដែល​មាន ដូចជា តំបន់បឹងទន្លេសាបអាងទន្លេមេគង្គ និង តំបន់ឆ្នេរសមុទ្រ។ នៅផ្នែក​កណ្ដាល​នៃប្រទេសជាតំបន់ទំនាប មានប្រជាជនរស់នៅយ៉ាងច្រើនកុះករ ដែល​ភាគច្រើនរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតដោយការធ្វើកសិកម្ម។ អ្នកស្រុកមាន​ជំនឿលើខ្មោច អារក្ខ អ្នកតា និង ជំនឿជា​ច្រើនផ្សេងៗទៀត។ កាលណាមាន​មនុស្ស​ស្លាប់ គេយកសាកសពទៅកប់ ដាក់ក្នុងក្រឡ ឬ ក្រោមថ្មដុល។ ការ​ទាក់ទង​នឹងបរទេស មកក្នុងកំឡុងសតវត្សទី១ នៃគ្រឹស្តសករាជ ខ្មែរយើងបាន​ទទួល​ឥទ្ធិពលយ៉ាងខ្លាំង ដោយ​ធ្លាប់​មានការទាក់ទងនឹងឥណ្ឌា​នេះជាយូរ​អង្វែង​ណាស់​មកហើយ។ ឥណ្ឌានីយកម្ម​ក្រៅពី​បង្រៀន​ឱ្យ​ស្រីៗ​ចេះ​ស្លៀក​សម្ពត់ ​ព្រះបាទ កៅណ្ឌិន្យទី១ ព្រះអង្គបានរៀបចំទំនៀម​ប្រពៃណីព្រះរាជាណាចក្រ​ហ្វូណន​​ឱ្យប្រព្រឹត្តិទៅតាមហិណ្ឌូនិយម គឺបាននាំមកនូវអរិយធម៌​ឥណ្ឌា។

ខ្មែរបុរេប្រវត្តិអាស្រ័យបាយមានត្រីសាច់ លៀស គ្រំ ខ្យង ខ្ចៅ ជាម្ហូប។ តាមការស្រាវជ្រាវនៅស្ថានីយ៍នានាបានឱ្យដឹងទៀត​ថា ​ខ្មែរបុរេប្រវត្ថិចេះ​លំអ​រូបរាងកាយដោយអលង្ការផ្សេងៗ មាន​ទំហូ កង អង្កាំ ព្រមទាំងចេះ​លំអរបស់​ប្រើប្រាស់ខ្លះទៀត ដូចមាន​ក្បាច់ដែលរចនាលើចានឆ្នាំងជាដើម។ ​ក្នុងពិធី​រំលាយ​សពគេយកសព​ទៅកប់​ ដោយ​មានដាក់ទៅ​ជាមួយ​ផងនូវប្រដាប់ផ្សេងៗ មានគ្រឿងអលង្ការជាដើម។ ​គេរស់នៅដោយចេះផ្លាស់​ប្តូរអរិយធម៌​ពីតំបន់​មួយ​ទៅតំបន់មួយ ពោលពីតំបន់ទំនាបទៅតំបន់ខ្ពង់រាបពោល គឺគេបានប្តូរ​ពីការ​ធ្វើ​កសិកម្ម នេសាទមកធ្វើចម្ការ​និងបរបាញ់សត្វវិញ។

សន្និដ្ឋាន

តាមការពិនិត្យសិក្សាឆ្អឹងសំណល់ ហើយពិសេសទៅទៀតតាមរបៀប​វាស់វែងកម្រាស់ល្បាប់ ត្រង់ភូមិបុរេប្រវត្តិអ្នកឯកទេស បាន​យល់​ឃើញថាសង្គម​បុរេប្រវត្តិខ្មែរមាន​ចំណាស់​ប្រហែល៣០០ ឬ​ ២០០ឆ្នាំមុនគ.ស.។​ បើដូច្នេះ​ឃើញថា នៅលើផ្ទៃប្រទេសខ្មែរ​យើងមានមនុស្សប្រកបដោយអរិយធម៌​ពេញ​លេញរស់នៅ បើ​យ៉ាង​តិច​ណាស់​ក៏បី ​ឬ ​ពីរ​សតវត្សមុនឥណ្ឌានីយកម្មដែរ។ ម្យ៉ាងទៀតកំណាយបុរាណវត្ថុនៅស្ថានីយ៍អូកែវ [1]សំណាក​កំពង់សំពៅហ្វូណន​បាន​ចង្អុលឱ្យឃើញថា អរិយធម៌សំរោងសែនពុំបានផុត​រលត់​​ត្រឹមពេលដែល​ជន​ជាតិឥណ្ឌា​នាំគ្នាមកកាន់ភូមិភាគអាស៊ី​អាគ្នេយ៍នេះទេ។ ភស្តុតាង​នៅស្ថានីយ៍​ដែល​ជា​អតីត​កំពង់ផែព្រះរាជា​ណាចក្រ​ហ្វូណន បាន​ឱ្យដឹង​ថាបច្ចេកទេស​អ្នក​សំរោងសែន-ម្លូព្រៃ នៅមានប្រើ​លាយ​ឡំជាមួយបច្ចេកទេស​ថ្មីមកពីភូមិភាគ​ដទៃទៀតមានមកពីប្រទេស​ឥណ្ឌា​ជាពិសេស។ ដោយសម្ភារសំរោងសែន-ម្លូ​ព្រៃ​នៅច្របូកច្របល់នឹងសម្ភារ​មកពី​ឥណ្ឌា នោះទស្សនៈ ​និង ជំនឿ​របស់​ខ្មែរក៏នៅ​លាយឡំជាមួយ​នឹង​ទស្សនៈ​ជំនឿរបស់​ឥណ្ឌាដែរ។ ការជួបប្រទះអរិយធម៌​ទាំង​ពីរនេះ ​បណ្តាលឱ្យ​កើតជាអរិយធម៌​​ពិសេស ដែលលេចចេញជារូបរាងច្បាស់​លាស់​នៅសម័យអង្គរ។ អ្វីដែល​គួរ​ឱ្យ​ចាប់អារម្មណ៍នៅ​ល្អាង​ស្ពាន​ គឺថា មិន​គ្រាន់តែការណ៍​ដែលមនុស្សមករស់នៅជាបន្តបន្ទាប់ រហូត​មក​ដល់គ្រឹស្តសតវត្ស​ទី៩ប៉ុណ្ណោះទេ​ ប៉ុន្តែ ​អ្វីដែល​សំខាន់នោះ គឺវិធីសាស្ត្រផ្សេងៗនៃការផលិត និង​ការតុបតែង​លម្អក្អម​ឆ្នាំង ដែលគ្មានការប្រែប្រួលតាំងពីពេលប្រហែល​៦០០០​ឆ្នាំមកម្ល៉េះ។ តាមរយៈនៃការសិក្សាស្រាវជ្រាវ និង ការធ្វើ​កំណាយ​បុរាណ​វត្ថុ​នៃស្ថានីយ៍ជាច្រើន នៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្ន និង ទឹកដីកម្ពុជាពីអតីតកាល នេះ ​គេបានរកឃើញ​របស់ជាច្រើន ខ្លះជាប្រដាប់ប្រើប្រាស់ ខ្លះជាឆ្អឹងសំណល់​មានឆ្អឹង​មនុស្សនិងឆ្អឹងសត្វគ្រប់បែបយ៉ាង។ ​ប្រដាប់​ប្រើ​ប្រាស់​ទាំងឡាយដែល​ជីកបាននោះ ខ្លះធ្វើអីពី ដែក ស្ពាន់ លង្ហិន ខ្លះអំពីដីឥដ្ឋឆៅ ឬ ដុតខ្លះធ្វើ​អំពីឆ្អឹង​សត្វ និង ខ្លះទៀតធ្វើអំពីថ្មរំលែង។​ប្រដាប់ប្រដាធ្វើអំពីថ្ម​រំលីងមានច្រើន ​ជាងវត្ថុ​ដែលធ្វើធាតុដទៃ។ ​គេឃើញមានផ្លែពូថៅគ្រប់យ៉ាង​ពន្លាក​ ញញួរ ខ្នោស​កោស​ស្បែក អន្លូង ដំសម្បកឈើ កាំបិតថ្មសំលៀង ពុម្ពចាក់​កណ្តៀវ អង្រែ ត្រល់ កងដៃ អង្កាំ និង គ្រឿងអលង្ការផ្សេងៗ​ទៀត។ ប្រដាប់ធ្វើអំពីឆ្អឹង សត្វមានផ្លែ​ព្រួញផ្លែសន្ទូច​ម្ជុល​កាំបិត​ កណ្តៀវ ​និង គ្រៀងអលង្ការ​សព្វ​យ៉ាងដែលមាន​ខ្លះ​ជា​សម្បកខ្យងខ្ចៅ។ ​រីឯ​​​ប្រដាប់ដែលធ្វើអំពីដី​ឥដ្ឋ​វិញបាន​បង្ហាញកម្រិតទឹកដៃនៃ​សិប្បករខ្ពស់ជាងសម្ភារដែលធ្វើអំពីធាតុផ្សេងៗទៀត។ ក្រៅពីគ្រឿងអលង្ការ ដូចជា ទំហូអង្កាំជាដើមនោះគេរកឃើញបំណែកឆ្នាំងក្រឡ និង​ ចាន​គ្រប់ធុន​ដែលមានក្បាច់រចនាជា​លំអ​ទៀតផង។ របស់ដែលធ្វើ​អំពី​លោហៈ មានផ្លែព្រួញ កណ្តៀវ ផ្លែដឹង ពន្លាក ជាដើម។ ក្រៅពីសម្ភារដែលជាប្រដាប់ប្រដាប្រើប្រាស់​ទាំងឡាយ គេជីក​បាន ​ឆ្អឹង​ត្រកួត អណ្តើក កន្ធាយ ត្រី ជ្រូក គោ ឆ្កែ និង ចតុប្បាទ​ផ្សេងៗ ជីក​បាន​សម្បកលៀស គ្រំ និង ខ្យងខ្ចៅ ព្រមទាំង​ឆ្អឹង​មនុស្ស​យើងផង។ សម្ភារទាំងអស់នេះ គេអាចសន្និដ្ឋាន​​អំពីជីវភាពនៃសង្គម​អ្នក​បុរេ​ប្រវត្តិ ដែល​រស់នៅ​លើផ្ទៃ​ស្រុក​ខ្មែរ​យើងបាន។

មនុស្សនៅសម័យនោះ រស់នៅជាក្រុមតូចៗ ក្នុងភូមិលំនៅឋានជាខ្ទមតូចៗ
អ្នកខ្លះរស់នៅក្នុងរូងភ្នំដូចជាភ្នំល្អាងស្ពានភ្នំក្បាលរមាស។ លំនៅឋានភាគច្រើន​គេសង់ផ្ទះផុតពីដី ដើម្បីជៀសវាងសត្វសាហាវ។
សម្ភារប្រើប្រាស់មានក្អមចាន​ឆ្នាំង ពូថៅថ្ម។ ឯមុខរបរគឺនេសាទបរបាញ់សត្វ ធ្វើចម្ការ ត្បាញ។ ចំពោះទំនៀម​ទម្លាប់គេគោរពព្រៃភ្នំ
ព្រះធរណី ព្រះគង្គារ ព្រលឹងបុព្វការី ខ្មោច ព្រាយបិសាច អារក្ខ អ្នកតា។ ពិធីបុណ្យសពគេដាក់សព្វឱ្យអង្គុយក្នុងពាង ឬ ក្រឡ ឬ កប់​ក្រោមថ្មដុល ដែលជាប្រពៃណីដ៏យូរលង់ណាស់មកហើយ។ នៅក្នុងសម័យ​ដ៏​រុងរឿងនៃចក្រភពខ្មែរ ទឹកដីខ្មែរបានលាតសន្ធឹងទៅលើមួយភាគធំនៃទឹក​ដីអាស៊ី​អាគ្នេយ៍ដីគោក។ ក្រៅពីទឹកដីនៃប្រទេសខ្មែរបច្ចុប្បន្នមានទឹកដី
ដូចជា នៅ​កូសាំង​ស៊ីន ទាំងមូលផ្នែកខាងត្បូង និង ផ្នែកកណ្ដាលនៃប្រទេស៕


66 ធ្លាប់ឃើញក្នុងអត្ថបទបារាំងOcEoឬ GoOcEo គឺអូកែវក្នុងខេត្តក្រមួនសកម្ពុជាក្រោម។