ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » បច្ចុប្បន្នភាព​នៃការលើក​កម្ពស់យេនឌ័រនៅកម្ពុជា

បច្ចុប្បន្នភាព​នៃការលើក​កម្ពស់យេនឌ័រនៅកម្ពុជា

បច្ចុប្បន្នភាព​នៃការលើក​កម្ពស់យេនឌ័រនៅកម្ពុជា

ដោយ៖ លោកស្រី ជា វណ្ណី (បណ្ឌិតផ្នែកអក្សរសិល្ប៍)

ប្រធានផ្នែកធម្មសាស្ត្រនិងចរិយាសាស្ត្រ វិទ្យស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

មុននឹងយើងធ្វើការសិក្សាស្វែងយល់ពីបច្ចុប្បន្នភាពនៃការលើកកម្ពស់យេនឌ័រក្នុងនៅកម្ពុជាយើងគួរគប្បីស្វែងយល់នូវពាក្យយេនឌ័រជាមុនសិន
ថាតើ យេនឌ័រជាអ្វី?

ពាក្យ « យេនឌ័រ (Gender)» គឺជា​ភាពស្មើគ្នា​រវាងបុរស និង ​ស្ត្រី ​ស្តីអំពី​សិទ្ធិ តួនាទី ការទទួលខុសត្រូវ ​ការសម្រេចចិត្ត​ ឧបសគ្គ ឱកាស និង តម្រូវការ​របស់បុរស និង ស្រ្ដី នៅគ្រប់បរិបទ គ្រប់វិស័យ និង គ្រប់មជ្ឈដ្ឋានទាំងអស់ ដែល​កំណត់ដោយ​សង្គម​វប្បធម៌ ហើយ​អាច​ផ្លាស់ប្តូរ​បានទៅ​តាម​ពេលវេលា និង ​ស្ថានភាពជាក់ស្តែង​ ឬ អាចនិយាយថា ជាគោលគំនិតផ្នែកសេដ្ឋកិច្ច សង្គម ក្នុងការវិភាគលើតួនាទី និង ទំនួលខុសត្រូវ។ យេនឌ័រក៏ជាការកំណត់របស់​គ្រួសារ សហគមន៍ និង សង្គមពាក់ព័ន្ធ នឹងការបែងចែកការងារ ការអប់រំ សិទ្ធិ​អំណាច ឋានៈ និង តួនាទី ដល់កូនស្រី កូនប្រុស និង ស្រ្តី បុរស។ យេនឌ័រ​អាចផ្លាស់​ប្តូរកែប្រែបាន ព្រោះវាជាលក្ខខណ្ឌសង្គមមិនមែនមានពីកំណើតនោះ​ទេ។

បើកាលណាយើងនិយាយពីការលើកកម្ពស់យេនឌ័រ ក៏យើងត្រូវផ្តោត​ទៅលើតួនាទីយេនឌ័រផងដែរ ថាតើតួនាទី​យេនឌ័រមាន​សារៈសំខាន់យ៉ាង​ណា​ខ្លះ​ ក្នុង​ការចូលរួម​យ៉ាងសកម្មក្នុង​សកម្មភាព​ទាំងឡាយ​របស់គ្រួសារ និង​សហគមន៍ ​ដើម្បី​អភិវឌ្ឍន៍​គ្រួសារ និង ​សហគមន៍?

តួនាទីយេនឌ័រ គឺពិតជាមាន​សារៈសំខាន់ណាស់​ក្នុង​ការចូលរួម​យ៉ាង​សកម្មក្នុង​សកម្មភាព​ទាំង​ឡាយ​របស់គ្រួសារ និង ​សហគមន៍​ ដើម្បី​អភិវឌ្ឍន៍​គ្រួសារ និង ​សហគមន៍ ដូច្នេះ យើងគប្បី​បង្កើតឱ្យ​មានការ​ពិភាក្សា​អំពីវិធី​ផ្សេងៗ​ក្នុងការ​ចែករំលែក​ការទទួលខុសត្រូវ ​ផ្អែកលើ​សមភាព​យេនឌ័រ​។​ បើ​បុរស​អាចធ្វើការងារអ្វីបាន ស្រ្តីក៏អាចធ្វើការងារនោះបានដូចគ្នា ពោលគឺស្រ្តី និង បុរសអាចធ្វើជា គ្រូបង្រៀន គ្រូពេទ្យ តុលាការ វិស្វករ … (នេះបើនិយាយ​ពីការចូលរួមការងារក្នុងសង្គម) និង ស្រ្តីនិងបុរសអាចធ្វើការងារផ្ទះ មើលថែ​ចិញ្ចឹមបីបាច់កូន មើលថែមនុស្សចាស់… (នេះបើនិយាយពីចូលរួមការងារ​ក្នុង​សង្គមគ្រួសារ)​ បានដូចគ្នា។ បើនិយាយឱ្យសាមញ្ញងាយយល់ តួនាទី​យេនឌ័រ គឺជាការរៀបរាប់​ពីអ្វី​ដែល​បុរស និង ​ស្ត្រី​ រំពឹងថានឹង​ធ្វើ​អ្វីមួយ​បាន​។ ឧទាហរណ៍ បុរស​ត្រូវបាន​គេ​រំពឹងទុក​ថា ជា​អ្នកទទួលបន្ទុក​ការងារ​កាប់ឱស រកត្រី រីឯ​ស្ត្រី​វិញ​គឺជា​អ្នក​ចំអិនចំណី​អាហារ​ជាដើម។

ចាប់តាំងពី​យើងបាន​បង្កើត​ឱ្យមានតួនាទី​យេនឌ័រ យើងសង្កេត​ឃើញ​ថា បច្ចុប្បន្នភាពនេះគឺសង្គមកម្ពុជា​មានការ​ផ្លាស់ប្តូរ​ការទទួល​ខុសត្រូវ ការងារ​រប​ស់បុរស និង ​ស្ត្រី​ ក្នុង​ជីវិត​រស់នៅ និង ​ការយល់ដឹង​ពី​ឥទ្ធិពល​នៃ​យេនឌ័រ​ច្រើន ជាពិសេស ទៅលើ​ការអនុវត្ត​​បានល្អ​សម្រាប់លើកកម្ពស់យេនឌ័រ ទាំង​បុរស ទាំង​ស្ត្រី​។ កាលពីមុន ជាទូទៅស្រ្តីខ្មែរត្រូវបានគេមិនឱ្យទៅរៀនសូត្របាន​ខ្ពស់ខ្ពស់ទេ ឬ ក៏ស្រ្តីមិនត្រូវបានឱ្យចេញទៅធ្វើការក្រៅផ្ទះ… ដូចបុរសនោះទេ ដែលវាផ្ទុយស្រឡះពីបច្ចុប្បន្នភាព ដែលស្រ្តីអាចចូលប្រឡូកគ្រប់ការងារ​ទាំង​អស់ ទាំងការងារក្នុងផ្ទះ និង ការងារក្រៅផ្ទះ។

ដោយមើលឃើញពីសារៈសំខាន់ នៃការចូលរួមចំណែករបស់យេនឌ័រ ទើបនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើកកម្ពស់​យេនឌ័រ ដើម្បីឱ្យមានសមភាពរវាងបុរស និង ស្រ្ដី ដើម្បីស្រ្ដីនាពេលបច្ចុប្បន្ន​មានសិទ្ធិ កាតព្វកិច្ច និង ចូលរួមក្នុងកិច្ចការនយោបាយដូចបុរសដែរ ពោលគឺ ស្រ្ដីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាកោសិកានៃសង្គម និង ជាមាតានៃពិភព​លោក ដើម្បីបំបាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីបំបាត់រាល់ការរើសអើង​លើ​ស្រ្ដីភេទ ដើម្បីភាពសុខសាន្ដក្នុងសង្គម និង ភាពរីកចម្រើននៃសង្គមជាតិ។ ដូច្នេះ សមភាពយេនឌ័រគឺមានន័យថា គ្មានការរើសអើងរវាងបុរស និង ស្ត្រី មានលក្ខខណ្ឌ និង ទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅ​លើ​ភាព​ដូចគ្នា និង ភាពខុសគ្នា ដូចជា ភេទទាំងពីរត្រូវបានគេផ្តល់​ឱកាសឱ្យ​ស្មើគ្នា ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុស​គ្នា​ផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ ពោលគឺ យើងមិនត្រូវ​​​​​​ឱ្យមានភាពលំអៀង​នៃ​យេនឌ័រនោះទេ។ បើកាលណាមានភាពលំអៀងយេនឌ័រនោះ ៗ តួនាទី បុរស និង ស្រ្តីក៏មានភាពលំអៀង។ ​កាលពីមុន បុរស និង ​ស្ត្រី​ជានិច្ចកាលបាន​បង្ហាញ​ពីតួនាទី​របស់ខ្លួន​ ដូចជា ស្ត្រី​ជា​អ្នក​ចំអិន​អាហារ ចំណែក​បុរស​ចេញទៅ​ធ្វើការ​ក្រៅផ្ទះ ឬ ឆ្ងាយផ្ទះ ហើយស្ត្រី​មានការ​ជឿជាក់ថាពួកគេ​មិនអាច​ចចេស​រឹងរូសបានទេ ​មានតែ​បុរស​ប៉ុណ្ណោះ​ដែលជា​អ្នកគ្រប់គ្រងក្រុមគ្រួសាររបស់គេ។ ដូច្នេះ ការ​លម្អៀង​នៃ​យេនឌ័រ គឺមាន​ដែន​កំណត់​សម្រាប់​អ្វីដែល​បុរស និង ​ស្ត្រី​មានក្នុង​ការធ្វើសកម្មភាព​នានា ទាក់ទង​នឹង​ការ​រស់នៅ​។ ដោយហេតុនេះ​ ក្នុង​ពេល​បច្ចុប្បន្ន​នៅលើ​ពិភពលោក​នេះ ទំនៀមទម្លាប់នៃ​យេន​ឌ័រកាលពីមុន គឺ​កំពុងមាន​ការផ្លាស់ប្តូរ ព្រោះមាន​មនុ​ស្សវ័យក្មេង​ជាច្រើន ​ដែល​ធ្វើការដើម្បី​សមភាព និង ​យុត្តិធម៌ ដែល​កំពុងតែ​ជួយឱ្យមាន​ការផ្លាស់ប្តូរ​នេះ ហើយយេន​ឌ័រ​ខ្លះ​អាច​ជះឥទ្ធិពល​ដល់​ជីវិត​រស់នៅ​ប្រ​ចាំថ្ងៃ​របស់​យើង ដែលជាការ​ចាំបាច់​ត្រូវ​តែធ្វើ​ការផ្លាស់ប្តូរ​។ ឧ​ទា​ហរ​ណ៍ ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​ ធ្វើឱ្យ​ស្ត្រី​បាត់បង់​សេរីភាព ​និង ​ឱកាស​នៃ​ការចូលរួម​សកម្មភាព​ក្នុងសង្គម ​ដែលទាក់​ទង់​នឹង​ការ​អប់រំ ការទទួលបាន​ពត៌មាន និង ​ការបញ្ចេញ​មតិយោបល់​ជាដើម​ (ជាទូទៅ​ បុរស​គឺជា​មេ​គ្រួសារ​ហើយក្នុង​គ្រួសារ​ បុរសមានអំណាច ​មាន​សិទ្ធ​ជា​អ្នក​សម្រេច​​កិច្ចការ​ក្នុង​គ្រួសារទាំងអស់ ដូច្នេះ ​ស្ត្រី​ត្រូវតែ​ស្តាប់បង្គាប់​បុរស ទោះបី​ជា​​គំនិត​របស់​បុរស​ទាំង​នោះ​អាច​បង្ករ​បញ្ហា​ក៏ដោយ)។ ប៉ុន្តែ បច្ចុប្បន្ននេះស្រ្តី​បង្វិល​ចង្រ្កានមិនជុំ គឺមិនមែនសំដៅទៅលើភាពអសមត្ថភាពរបស់ស្រ្តីទេ គឺ​សំដៅ​ទៅលើទំហំការងារច្រើន ដែលស្រ្តីធ្វើយ៉ាងណាក៏មិនចេះអស់ និង មិន​ចេះ​ហើយ (មាតាដៃមួយរយ) ដែលទាមទារពីការជួយចូលរួម និង ជ្រោមជ្រែង​ពីបុរស ហើយម្យ៉ាងទៀត បច្ចុប្បន្ននេះ ស្រ្តីមានឱកាសចូលប្រឡូកគ្រប់​សកម្ម​ភាព​ការងារក្រៅផ្ទះក្នុងសង្គមស្ទើតែគ្រប់វិស័យ សូម្បីតែវិស័យនយោបាយ​ផង​នោះ តើស្រ្តីធ្វើដូចម្តេចនឹងវិលចង្រ្កានបានជុំនោះ?

តួនាទី​យេ​ឌ័រ​ដែល​គេ​រំពឹងទុក​ គឺ​ត្រូវបាន​មើលឃើញ​ជាក់ច្បាស់​នៅក្នុង​ ទិ​ដ្ធ​ភាពជា​ច្រើន​នៃ​គ្រួសារ ហើយ​គ្រួសារ​ខ្លះ​បាន​ប្រព្រឹត្ត​ចំពោះ​ក្មេងស្រី និង ​ក្មេងប្រុស​ស្មើភាព​គ្នា។ ប៉ុន្តែ ​ទោះជា​យ៉ាងណា ក៏មាន​គ្រួសារមួយចំនួន​មិន​ទាន់បាន​ប្រព្រឹត្ត​ចំពោះ​ក្មេងប្រុស និង ​ក្មេងស្រី​ឱ្យបាន​ស្មើភាព​គ្នា​ទេ បើទោះបី​ជាមាន​ភាពខុសគ្នា​ខាង​វប្ប​ធ​ម៍​ក៏ដោយ ក៏​ក្មេងប្រុស​ជំទង់​ៗ គេ​មាន​អារ​ម្ម​ណ៏​ថា រង​សម្ពាធ​ពី​គ្រួសារ និង ​សង្គម ​អំពី​តួនាទី​យេន​ឌ័រផងដែរ។ គ្រួសារ និង ​សហគមន៍ គប្បី​បង្កើតឱ្យ​មានការ​ពិភាក្សា​អំពី​វិធី​ផ្សេងៗ ​ក្នុងការ​ចែករំលែក ការទទួល​ខុសត្រូវ​ផ្អែកលើ​សមភាព​យេនឌ័រ​។​ ការធ្វើ​ដូច្នេះ ពួកគេ​អាចមាន​លទ្ធភាព​ក្នុងការ​ស្វែងរក​វិធី​ដ៏​ល្អប្រសើរ​ សម្រាប់ពួកគេ​ចែករំលែក​នូវ​តួនាទី​ដែល​អាចធ្វើ​ឱ្យ​យុវវ័យ​មានការ​សប្បាយរីករាយ ដើម្បី​ភាពសុខដុមរមនា​នៅក្នុង​គ្រួសារ​។

១-ការលើកកម្ពស់យេនឌ័រក្នុងវិស័យអប់រំ

ទោះបីជាមានការអភិវឌ្ឍ​លើវិស័យអប់រំ និង សង្គមបានដើរទៅមុខ​យ៉ាង​លឿនក៏ដោយ តែកូនស្រីនៅកម្ពុជា​ក៏​នៅមានបញ្ហាវិសមភាព​លើវិស័យ​អប់រំដដែល ជាពិសេស នៅតំបន់ជនបទ។ ក្មេង​ស្រី​មាន​ឱ​កាស​​អប់រំ​តិច​ជាង​ក្មេង​​ប្រុស ថ្វីត្បិតតែការ​អប់រំ​នៅ​កម្រិតបឋម​សិក្សាបានបង្ហាញ ​និង ផ្តល់​អត្ថប្រយោ​ជន៍ដ​ល់ក្មេង​ទាំង​ពីរ​ភេ​ទមានចំនួន​ស្មើ​គ្នាក៏ពិតមែន ​ប៉ុន្តែ​ ចំនួ​នក្មេង​ស្រីបាន​ថយ​ចុះ នៅកម្រិតឧត្តម​សិក្សា គឺមាន​ត្រឹម​តែ៤០​ភាគ​រយ​នៃ​ស្ត្រី​ដែល បានបញ្ចប់​កា​រ​សិក្សាថ្នាក់​វិទ្យាល័យ។

បញ្ហាទាំងនេះ បានជំរុញឱ្យមានការតស៊ូមតិ​ក្នុងចំណោម​ភាគីពាក់ព័ន្ធ​នានា ដើម្បីធ្វើយ៉ាងណាឱ្យការលើកកម្ពស់ស្រ្តីកម្ពុជាឱ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីសិក្សា​ឱ្យស្មើនឹងបុរស។ បច្ចុប្បន្នក្រសួងអប់រំ យុវជន និង កីឡា បាននិង​កំពុងគាំទ្រ​ឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យពាក់ព័ន្ធនានា​ផង​ដែរ។ ជាក់ស្ដែងការជួយមន្រ្តីរាជការស៊ីវិល​ជាស្រ្តី គឺហាក់បីដូចជាយើង​កំពុង​ជួយខ្លួនឯង និង សង្គមជាតិទាំងមូល ព្រោះស្ត្រី​ជាចលករដ៏សំខាន់មួយក្នុង​ការ​អភិវឌ្ឍសម្រាប់សង្គមជាតិ។ ស្ត្រីជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម។ ការកសាងបណ្តាញភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី គឺជាការចូលរួមក្នុងការ​កសាង​ផែនការយុទ្ធសាស្រ្តអប់រំ ការចែករំលែកចំណេះដឹង និង បទពិសោធទៅវិញទៅ មកដល់យុវជននៅតាមគ្រឹះស្ថានអប់រំនានា ក៏បានចូលរួមដោះស្រាយបញ្ហា​ប្រឈមដែលពាក់ព័ន្ធនឹងស្ត្រីផងដែរ។ បណ្តាញអ្នកដឹកនាំស្ត្រី នឹងប្រមូលផ្តុំស្ត្រី​ដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យ រហូតដល់ថ្នាក់ក្រសួង ដើម្បី​គាំទ្រ និង លើកទឹកចិត្តគ្នា ដើម្បីលើកកម្ពស់វិស័យអប់រំសម្រាប់ស្ត្រី។ តាមរយៈ​សកម្មភាពនេះ ស្ត្រីមកពីក្រសួងនានា នឹងបានចែករំលែកបទពិសោធ​ចំណេះ​ដឹង និង ដំណោះស្រាយសង្គមសម្រាប់អភិវឌ្ឍសង្គម។

ពាក់ព័ន្ធនឹងការបង្ហាញការគាំទ្រលើគម្រោងនេះ ក្រសួងអប់រំគួរបន្ថែម​គ្រូ​បង្រៀន​ដែលជាស្រ្តី សាងសង់អន្តេវាសិកដ្ឋាន និង ផ្តល់អាហារូបករណ៍​ដល់​សិស្ស​នារីឱ្យបានច្រើន ដើម្បីសមភាពយេនឌ័រក្នុងវិស័យអប់រំ បង្កើនការផ្សព្វ​ផ្សាយអប់រំ និង ពន្យល់ដល់អាណាព្យាបាលមួយចំនួន ឱ្យពួកគាត់ផ្លាស់ប្តូរ​ឥរិយាបថ ឬ គំនិតអវិជ្ជមានលើកូនស្រី ដើម្បីផ្តល់​ឱកាសដល់កូនស្រីឱ្យបាន​រៀន​សូត្រដូចកូនប្រុសដែរ។ ម្យ៉ាងវិញទៀត ការលើកកម្ពស់យេនឌ័រនៅក្នុង​វិស័យ​អប់រំ មិនមែនមានន័យថា ត្រឹមតែកុមារា កុមារី និង យុវជន មានសិទ្ធិ​ស្មើ​គ្នាក្នុងការទទួលបានការអប់រំ (ទាំងការអប់រំក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ) ប៉ុណ្ណោះ​ទេ។ យើងក៏ត្រូវការបង្កើនចំនួនស្ត្រីជាគ្រូបង្រៀន និង ជានាយិកា ឬ សកលវិទ្យាធិការ នៅតាមបណ្តាសាលារៀន សាកលវិទ្យាល័យ ក៏ដូចជា នៅតាមមជ្ឈមណ្ឌលអប់រំផងដែរ។ ក្រៅពីការសម្រេចបាននូវសមភាពក្នុងការ​ទទួលបានការអប់រំនៅគ្រប់កម្រិត ការលើកកម្ពស់រវាងបុរស និង ស្ត្រី ត្រូវតែជា​ផ្នែកមួយនៃកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា និង អនុវិទ្យាល័យ។ គ្រូបង្រៀន​និង កម្មវិធីសិក្សាត្រូវតែលើកទឹកចិត្តឱ្យកុមារី និង ក្មេងស្រីត្រូវខិតខំពង្រីក​ចំណេះដឹង ពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍសក្តានុពលពេញលេញរបស់គេ។ ការអប់រំក្នុងប្រព័ន្ធក៏ត្រូវតែផ្ដល់នូវវិធីសាស្ត្រសម្រាប់យុវជន ដើម្បីឆ្លើយតបទៅ​នឹងបទដ្ឋានសង្គមនានា ដែលជាប់ទាក់ទងនឹងយេនឌ័រ។

២-ការលើកកម្ពស់យេនឌ័រក្នុងវិស័យនយោបាយ​

ការលើកកម្ពស់យេនឌ័រក្នុងវិស័យនយោបាយ ក៏អាចធានាបាន​នូវ​សមភាព​យេនឌ័រ ការឆ្លើយតប​នឹង​បញ្ហា​យេនឌ័រ ដែលជា​កិច្ចការ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ និង ​បង្កើន​នូវ​តួនាទីនយោបាយសង្គមរបស់​ស្ត្រី និង​ បុរស​។ ការធ្វើ​ឱ្យ​ប្រសើរឡើងនូវ​សមភាព​យេនឌ័រ និង​ សមធម៌​យេនឌ័រ ជាពិសេស ការ​ធានា​ឱ្យ​មាន​លទ្ធផល និង ​ការចូលរួម​រវាង​ស្ត្រី និង ​បុរស ដើម្បី​ទទួលបាន​នូវ​ភាពថ្លៃថ្នូរ និង ​បង្កលក្ខណៈ​ឱ្យ​ស្ត្រី និង​ បុរសចូលប្រឡូកក្នុងកិច្ចការនយោបាយ ដើម្បី​ទទួល​បាន​នូវ​ការអភិវឌ្ឍ ដើម្បី​ឱ្យ​ជីវភាព​រស់នៅកាន់​តែមាន​ភាពប្រសើរ​ឡើង​ទាំង​នៅ​ថ្នាក់ជាតិ និង ​អន្តរជាតិ​។​

ដោយហេតុផលមួយចំនួនទាំង វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គម និង ប្រវត្តិសាស្រ្ត អត្រាចូលរួមរបស់ស្រ្តីនៅក្នុងវិស័យនយោបាយកម្ពុជា​នៅមាន​កម្រិត​ទាបនៅឡើយ។ ក្រសួងកិច្ចការនារី អង្គការសង្គមស៊ីវិល និង ភាគីពាក់​ព័ន្ធ បាននិងកំពុងជម្រុញស្ត្រីឱ្យប្រឡូកចូលវិស័យនយោបាយ ដើម្បីដោះ​ស្រាយ​បញ្ហាដែលស្ត្រីជួបប្រទះ និង ជម្រុញឱ្យមានសមភាពយេនឌ័រ និង ការ​លើក​កម្ពស់ស្ដ្រីក្នុងវិស័យនយោបាយ។ តែទោះបីយ៉ាងណាក៏មានការលើក​ឡើងផ្សេងថា ស្រ្តីគួរកុំទាន់ឆាប់ប្រឡូកក្នុងវិស័យនយោបាយ ប៉ុន្តែ ស្រ្តីគួរតែ​យកចិត្តទុកដាក់លើសហគ្រិនខ្នាតតូច និង មធ្យម ព្រោះវាក៏អាចចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។

យើងបានដឹងហើយថា ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវរួមគ្នាដើម្បី​អភិវឌ្ឍន៍​ជាតិ គឺសិទ្ធស្មើគ្នាចំពោះមុខច្បាប់, សិទ្ធិចូលរួមក្នុងការងារនយោបាយ, សិទ្ធិជ្រើសរើសមុខរបរសមស្រប, ការងារដូចគ្នាប្រាក់ខែដូចគ្នា, លុបបំបាត់​ការ​រើសអើង, ចូលរួមគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាលរួមមាន ការអប់រំ​ផ្សព្វ​ផ្សាយ និង ការសម្រេចចិត្តនានា ប៉ុន្តែ ប្រការទាំងនេះ យើងអាចធ្វើបាននៅ​ក្នុង​កម្រិតមួយនៅឡើយ ជាពិសេស ការចូលរួមក្នុងវិស័យនយោបាយនេះតែម្តង។

៣-ការលើកកម្ពស់យេនឌ័រក្នុងវិស័យសេដ្ឋកិច្ច

ការលើកកម្ពស់យេនឌ័រក្នុងវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ការងារស្រ្ដី​ក្នុង​វិស័យសេដ្ឋកិច្ច ជាពិសេស កិច្ចការងារពាណិជ្ជកម្ម គឺបានតួនាទីដ៏សំខាន់​ណាស់ ព្រោះស្រ្តីបានបំពេញ និង បង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ​ក្នុង​វិស័យ​ពាណិជ្ជកម្មនៅតាមមូលដ្ឋាន បានក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ តម្លៃរបស់ស្រ្តីខ្មែរក្នុងគ្រួសារ ក្នុងសង្គម និង ប្រទេសជាតិ គឺ​តម្រូវឱ្យយើងរួមគ្នាប្រឹងប្រែង ចាត់វិធានការ រកដំណោះស្រាយឱ្យបានទាន់​ពេលវេលា និង តាមគ្រប់រូបភាព។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយមានការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និង យុទ្ធសាស្ត្រស៊ី​ជម្រៅ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវវឌ្ឍនភាព និង ជោគជ័យគួរជាទីមោទនៈ គឺកម្ពុជាអាច​រក្សា​បាន​កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល​ជាង២០ឆ្នាំជាប់ៗគ្នា ចំណែកអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយប្រហែល១% ក្នុង​១ឆ្នាំ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ បានមកពីការរីកចម្រើននៃវិស័យ​ឧស្សាហកម្ម, កម្មន្តសាល, កសិកម្ម, សំណង់ និង សេវាកម្មដែលក្នុងនោះ មានស្ត្រីចូលរួមក្នុងកម្លាំងពលកម្មចំនួនជាង៧០ភាគរយ។ ជាលទ្ធផល កម្ពុជា​សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ និង ប្រែ​ក្លាយ​ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និង ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយ​ការអនុវត្តដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី និង ផែន​ការ​សកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាពយេនឌ័រ និង ការផ្តល់ភាព​អង់ឤចដល់ស្ត្រី។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យ​ឃើញ​ថា កម្ពុជាមានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ដែលបាន​បញ្ជាក់​ក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ពីចំណាត់ថ្នាក់លេខ១១២ ​នៅឆ្នាំ​២០១៦ មកត្រឹមចំណាត់ថ្នាក់លេខ៩៩ ក្នុងចំណោម១៤៤ប្រទេស នៅឆ្នាំ​២០១៧។ ការបង្កើនការយល់ដឹងអំពីសេវាអភិវឌ្ឍអាជីវកម្មសំខាន់ៗ សម្រាប់​សហ​គ្រាសស្ត្រីខ្នាតមីក្រូខ្នាតតូច និង មធ្យម ការបង្កើតនូវកម្មវិធីនានា ដើម្បី​ជួយ​ឲ្យស្ត្រីទទួលបាននូវជំនាញបច្ចេកទេស សហគ្រិនភាព និង សេវា ហិរញ្ញវត្ថុ​គាំទ្រស្ត្រីក្នុងការធ្វើពិពិធកម្ម និង ពាណិជ្ជបនីយកម្មលើវិស័យកសិកម្ម ព្រម​ទាំង​កិច្ចសហការជាមួយ ភាគីពាក់ព័ន្ធនានានៅក្នុងទីផ្សារការងារ ដើម្បីលុប​បំបាត់ការរើសអើងស្ត្រីនៅកន្លែងការងារ រៀបចំស្តង់ដាពលកម្មសម្រាប់ស្ត្រី ផ្តល់​ការគាំពារសង្គម និង ជួយដោះស្រាយវិវាទជាដើម។ ដូច្នេះ នៅក្នុងការលើក​កម្ពស់យេនឌ័រក្នុងវិស័យសេដ្ឋកិច្ចនេះ យើងឃើញថា បងប្អូនស្ដ្រីក្នុងវិស័យ​ការងារកិច្ចការនារី ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៍​កំណើន សេដ្ឋកិច្ចសង្គម និង ការងារអភិវឌ្ឍន៍សមត្ថភាពស្ដ្រី បានយ៉ាង​ល្អប្រសើរ ថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនក្តី ក៏ប៉ុន្តែ ស្ត្រីជាថ្នាក់​ដឹកនាំនៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជា ការមាក់ងាយពីបុរសពី​អ្នកមាន​អំណាចតាមការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និង សុខភាពទន់​ខ្សោយ​ជាដើម។ [1] រាជរដ្ឋាភិបាល​កម្ពុជាបានទទួល​ស្គាល់កាន់តែខ្លាំង​ឡើងនូវ​តម្រូវការ​ឆ្លើយតប​នឹងបញ្ហា​យេនឌ័រ ដោយសារតែ​បញ្ហា​នេះ មិន​ត្រឹមតែ​ជួយ​ដល់​ការបង្កើន និង​ធានា​និរន្តរភាពនៃ​សេដ្ឋកិច្ច​គ្រួសារ ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់ការអភិវឌ្ឍន៍​ជាតិ និង​ការរីកចម្រើននៃ​សេដ្ឋកិច្ច​ផងដែរ​។​

៤-ការលើកកម្ពស់យេនឌ័រក្នុងវិស័យសិទ្ធិមនុស្ស

ការលើកកម្ពស់យេនឌ័រក្នុងវិស័យសិទ្ធមនុស្ស អាច​សម្រេចបាន​ជោគ​ជ័យ លុះត្រាតែ​ស្ត្រី និង ​បុរស ទទួល​សិទ្ធិមនុស្ស សិទ្ធិ​ការងារ​ដូចគ្នា និង​ជាពិសេស ការទទួលខុសត្រូវ និង ​ឱកាស ក្នុងការ​ចូលរួម​ធ្វើសេចក្តីសម្រេច​ចិត្ត​នានា ដែល​អាចមាន​ឥទ្ធិពលមកលើ​ពួកគេ។        

យេនឌ័រ និង ​សិទ្ធិ​ម​នុស្ស គឺជា​គុណ​តម្លៃ​ និង ជា​គោល​កា​រណ៍​ជា​មូល​ដ្ឋាន​នៃមនុស្សជាតិ ​ដែល​បាន​អ​នុម័ត​ដោយ​មេដឹ​ក​នាំពិ​ភព​លោក ​នៅ​ក្នុង​ឆ្នាំ​១៩៤៥ ​គឺ «​សិទ្ធិ​ស្មើ​គ្នារ​វាងបុ​រស​និង​ស្ត្រី» ​ហើ​យ​កិច្ច​ការ​ពារ និង ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ទាំង​អស់។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ស្ត្រី​រាប់​លាន​នាក់​នៅ​ជុំ​វិញពិ​ភព​លោក បន្ត​ជួប​ប្រ​ទះ​ការ​រើស​អើង​នៅ​ឡើយ។ ស្រ្តីមួយចំនួន ត្រូវបានរើសអើងដោយច្បាប់ និង​ គោល​ន​យោ​បាយ​មួយចំនួន​ដែលហាម​ឃាត់​ស្ត្រី​ពី​ការ​ទ​ទួល​បាន​ស្មើ​ភាព​នូវ​ដីធ្លី ទ្រព្យ​សម្បត្តិ ​និង ​លំ​នៅ​ឋាន។ ​ការ​រើស​អើង​ផ្នែក​សេដ្ឋ​កិច្ច និង​ សង្គម បណ្តាលឱ្យ​មាន​ជម្រើស​ជី​វិត​សម្រាប់​ស្ត្រីកាន់​តែ​តិច​ទៅ​ៗ ​និង ក្រីក្រ​ទៅៗ ​ដែល​ធ្វើ​ឱ្យ​ស្រ្តី​ទាំង​នោះ ​ងាយ​រង​គ្រោះ​នឹង​ការ​ជួញដូរ។ ​អំ​ពើ​ហិង្សា​កើត​ចេញ​ពី​យេនឌ័​រ​ ប៉ះ​ពាល់​យ៉ាង​ហោច​ណាស់៣០%នៃស្រ្តីនៅទូទាំងពិភពលោក។ ​ស្ត្រី​ត្រូវ​បា​ន​បដិ​សេធ​នូវ​សិទ្ធិ​សុខ​ភាព​ផ្លូវ​ភេទ ​និង​ សិទ្ធិ​សុខ​ភាព​បន្ត​ពូជ។ អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ជា​ស្ត្រី​ក៏ធ្លាប់​ បានគេ​បដិ​សេធ​មិន​ទ​ទួល​យក​ដោ​យ​សហគ​មន៍របស់​គេ ​និង ​បាន​មើល​ឃើញ​ថា​ ជា​ការគម្រាម​កំ​ហែង​ដល់​សាសនា កិត្តិ​យស ឬ​ វប្ប​ធម៌។ ​តួនា​ទី​យ៉ាង​សំ​ខាន់​របស់​ស្រ្តី​ចំ​ពោះ​សន្តិ​ភាព និង ​សន្តិ​សុខ ​ជា​ញឹក​ញយ​ត្រូវ​បាន​មើលរម្លង ​ដូច​ជា​ពេល​មាន​ហានិ​ភ័យ​ជាក់​លាក់ ដែល​ពួក​គេ​ប្រ​ឈម​នឹងស្ថាន​ភាព​ជម្លោះ​ជាដើម។

​ជាង​នេះ​ទៅ​ទៀត ​ក្រុម​ស្ត្រី​មួយ​ចំនួ​ន​ប្រ​ឈម​នឹង​ទម្រង់​នៃ​ការ​រើស​អើង​នានា​ដែ​ល​កាន់​តែ​មាន​លក្ខ​ណៈ​ធ្ងន់ធ្ងរ​ឡើងៗ ​ដោយ​សារ​តែ​កត្តា​នានា ​ដូច​ជា ​អាយុ​របស់​ពួក​គេ ​ជាតិ​ពិន្ធុ ពិ​ការ​ភាព ឬ ស្ថាន​ភាព​សេដ្ឋ​កិច្ច​សង្គម ​ដែល​បន្ថែម​លើ​ការ​រើស​អើង​យេនឌ័រ។ ​ដើម្បី​ធានាឱ្យ​មា​នប្រិ​សិទ្ធ​ភាព​នូវ​សិទ្ធិ​ម​នុស្ស​របស់​ស្រ្តី ជា​បឋម ​តម្រូវឱ្យ​មាន​កា​រ​យល់​ដឹង​ទូ​លំ​ទូ​លាយ​នូវ​រចនា​សម្ព័ន្ធ​សង្គម ​និង ទំនាក់​ទំនងអំ​ណាច​ដែល​នៅ​ជុំ​វិញ​រឿង​នេះ ​មិន​ត្រឹម​តែ​ច្បាប់​ និង ​ន​យោ​បាយ​ប៉ុណ្ណោះ​ទេ  ​ថែម​ទាំង​សេដ្ឋ​កិច្ច ​សក្ដា​នុ​ពល​សង្គម និង ​គ្រួ​សារ ព្រម​ទាំង​ជីវិត​សហគ​មន៍​ផង​ដែរ។ ផ្នត់​គំ​និត​យេនឌ័រត្រូវ​តែ​ផ្លាស់ប្តូរ​ចេញ ​ដើម្បី​ឱ្យ​ស្ត្រី​លែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អ្វី​ដែល​ស្ត្រី​មិនគួរ ហើយ​​ជំនួស​មកវិញ​នូវ​កា​រ​មើល​ឃើញ​ថា ពួក​គេ​ជា​អ្នក​ណា? បុគ្គល​ល្អពិ​សេស ដែល​មាន​តម្រូវ​ការ និង ​បំណង​ប្រាថ្នា​របស់​ខ្លួន​ផ្ទាល់។ នេះបើនិយាយពីបរិបទពិភពលោក។

ដោយឡែកសម្រាប់​បរិ​បទ​ក្នុងប្រ​ទេស​កម្ពុ​ជា វិ​សម​ភាព​យេនឌ័រ​នៅ​តែ​បន្ត​កើត​មាន​ស្ទើរ​តែគ្រប់ទិដ្ឋ​ភាព​ទាំង​អស់​នៃ​ជី​វិត​មាន​ជា​អាទិ៍ សេដ្ឋ​កិច្ច ​ការ​អប់រំ ​ន​យោ​បាយ សុខ​ភាព ​អាពាហ៍​ពិពាហ៍ ​និង​ សន្តិ​សុខ។ ឧទាហរណ៍ ផ្នែកសេដ្ឋកិច្ច   ​ភាព​ខុស​គ្នារ​វាង​យេនឌ័រ នៅ​តែ​បន្ត​កើត​មាន​ក្នុង​ក្រុម​កា​រ​ងារស្រ្តី គ្របដណ្តប់​លើសលុបលើវិស័យកាត់ដេរ ហើយបុរសគ្របដណ្តប់លើសលុប​លើវិស័យ​សំណង់ ​ស្ត្រី​ចូល​រួម​ក្នុង​កា​រ​ងារ​ដែ​ល​ងាយ​រង​គ្រោះ ស្រ្តី​មានតំ​ណាង​មិនគ្រប់​គ្រាន់​ក្នុងវិស័​យ​សា​ធា​រ​ណៈ និង មានតិចតូច​អ្នក​ធ្វើ​សេ​ច​ក្តី​សម្រេច​ចិត្ត”។ ​ការ​អប់រំ ស្ត្រី ៤០ %ដែលមានអាយុចន្លោះពី២៥ ដល់ ៤៤ឆ្នាំ ជាអ​នក្ខរ​ជន បើ​ប្រៀបធៀបទៅនឹងបុរស​នៅក្នុងក្រុមអាយុដូចគ្នា ក្មេងស្រីមានឱកាសអប់រំតិច​ជាង​ក្មេងប្រុស។ ក្នុងវិស័យ​ន​យោ​បាយ រដ្ឋសភានៅតែបន្តគាំទ្រលើកកម្ពស់​សមភាពយេនឌ័រ និង សិទ្ធិ​អំណាច​ស្រ្តី ដើម្បីកាត់បន្ថយការើសអើងស្ត្រីភេទ អំពើហិង្សាលើស្រ្តី និង កុមារី​ ប៉ុន្តែ ចំនួនស្រ្តីក្នុងវិស័យនេះ​ នៅមានកម្រិត។​ចំពោះផ្នែកសន្តិ​សុខ ក្នុង​ការ​អង្កេត​មួយ​នាឆ្នាំ២០១៥ ​មាន​ស្ត្រី១​នាក់ ​ក្នុង​ចំណោម​ស្រ្តី៥​នាក់ ​ត្រូវ​បា​ន​រាយ​កា​រណ៍​ថា ​បាន​ទ​ទួល​រង​ការ​រំ​លោភបំពា​ន​រាង​កាយនិងផ្លូវភេទ និង ​តាម​ការ​អង្កេតឆ្នាំ២០១៣ មានបុរសជាង៣៥%ដែល​កំពុងមាន​និងបានមានទំនាក់ទំនងរឿងស្នេហា ហើយ​ត្រូវបាន​គេ​រាយ​កា​រណ៍​ថា ពួក​គេ​បាន​ប្រើ​អំ​ពើ​ហិង្សា​លើ​រាង​កាយ ឬ​ អំ​ពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ដៃ​គូរ​របស់​ពួក​គេ ហើយបុ​រស​ចំ​នួន២០%ដែលគេបានធ្វើការអង្កេត និង រាយការណ៍ថា បាន​ប្រព្រឹត្តិអំពើសេពសន្ធវៈ។

ដូច្នេះ តាមការលើកជាឧទាហរណ៍ខាងលើ យើងឃើញថា បច្ចុប្បន្ន​ភាព​នៃ​ការលើកកម្ពស់យេនឌ័រ​នៅកម្ពុជា នៅមានកម្រិតនៅឡើយ ហើយរាជ​រដ្ឋាភិបាលក៏គួរតែកែលម្អនូវភាពខ្វះចន្លោះនៃគោល​នយោបាយ និង​ ការពាក់​ព័ន្ធនានា សំដៅធានា​ការពារសិទ្ធិ និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី​នៅក្នុង​វិស័យសង្គម សេដ្ឋកិច្ច និង អភិបាលកិច្ច ព្រមទាំង​ផ្តល់ឱកាស​បន្ថែម​ទៀត​ដល់​ស្ត្រី ជាពិសេស យុវវ័យ នៅក្នុងតួនាទី​ធ្វើការសម្រេចចិត្តទាំងនៅក្នុងថ្នាក់ជាតិ និង ថ្នាក់​ក្រោមជាតិ ក៏ដូចជា បន្តកសាង និង លើក​កម្ពស់ស្រ្តី និង កុមារ ដើម្បី​មានសមត្ថភាពគ្រប់គ្រាន់ក្នុង​ភាព​ជាអ្នកដឹកនាំ ដើម្បីការអភិវឌ្ឍប្រកបដោយ​ចីរភាព ដើម្បីបង្ហាញ​ពីកិច្ចខិតខំប្រឹង​ប្រែងលើកកម្ពស់ស្ត្រីចូលរួមក្នុងភាពជាអ្នក​ដឹកនាំ និង ទ្រទ្រង់​សេដ្ឋកិច្ច សង្គម ពិសេស ធ្វើ​ឱ្យ​​ប្រសើរ​ឡើងនូវ​ស្ថានភាព​ជីវភាព សិទ្ធិ ឋានៈ និង តួនាទីស្រ្តីក្នុងគ្រប់វិស័យ។ ការដែលនិយាយនេះ មិន​មែន​មានន័យថា រាជរដ្ឋាភិបាលកម្ពុជាមិនបានដាក់ចេញគោល​នយោបាយ​យុទ្ធសាស្ត្រ ដោយជំរុញ​ឱ្យមានសមធម៌យេនឌ័រ និង ដំណើរឆ្ពោះទៅរកការ​លើកកម្ពស់យេនឌ័រពិត​ប្រាកដ​នោះទេ គឺគ្រាន់តែសុំឱ្យ​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់ឱ្យដល់កម្រិតខ្ពស់ ក្នុងការលើក​កម្ពស់​វិស័យយេនឌ័រ ឱ្យ​សក្តិសម​នឹងការចាត់ទុកថា «ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ» ដែល​ជាអ្នក​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ប្រែ​ក្លាយប្រទេសកម្ពុជាឱ្យក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ ​នៅឆ្នាំ​២០៣០ និង ប្រទេសអភិវឌ្ឍន៍​នៅឆ្នាំ​២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ យើងខ្ញុំ​ក៏សុំឱ្យ​បង្កើន​ការគាំទ្របន្ថែម និង​ជាបន្ត​ទៀត ​ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ និង តួនាទីស្ត្រី តាមរយៈ​ការ​ផ្តល់​​ឱកាសឱ្យស្ត្រី បានចូលទៅក្នុង​តួនាទី​ធ្វើសេចក្តី​សម្រេចចិត្តគ្រប់ជាន់ថ្នាក់​ ពោលគឺតាំងពីថ្នាក់ជាតិ ​រហូតដល់ថ្នាក់​មូលដ្ឋាន​ផងដែរ៕


[1] នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងជា ប្រធានសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនៅរសៀល​ថ្ងៃពុធ​១២កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាស ដែល​លោកស្រីអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងកិច្ចការនារី ឆ្នាំ២០១៧-២០១៨ នៅសណ្ឋាគារភ្នំពេញ។