ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » ដំណើរសមាហរណកម្ម ជនជាតិដើមភាគតិច ទៅក្នុងសហគមន៍ខ្មែរ នៅខេត្តរតនគីរី

ដំណើរសមាហរណកម្ម ជនជាតិដើមភាគតិច ទៅក្នុងសហគមន៍ខ្មែរ នៅខេត្តរតនគីរី

ដំណើរសមាហរណកម្ម ជនជាតិដើមភាគតិច ទៅក្នុងសហគមន៍ខ្មែរ នៅខេត្តរតនគីរី

អត្ថបទនេះជាស្នាដៃស្រាវជ្រាវរួម ដែលដឹកនាំការស្រាវជ្រាវដោយ​លោក ឆេង វណ្ណារិទ្ធ (បណ្ឌិតផ្នែកវិទ្យាសាស្រ្ដសេដ្ឋកិច្ច) ប្រធានស្តីទី​វិទ្យាស្ថានមនុស្ស និង វិទ្យាសាស្រ្តសង្គម និង ក្រុមអ្នកស្រាវជ្រាវដែលរួមមាន

លោក ហាក់ វ៉ាន់ដារា (បណ្ឌិតផ្នែកអក្សរសិល្ប៍) ជាអនុប្រធាន។

លោក នេត ចំរើន (បេក្ខជនបណ្ឌិតផ្នែកអក្សរសិល្ប៍) និង កញ្ញា អ៊ុន សុភ័ក្រ្ត (បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែកវិទ្យាសាស្រ្ដអប់រំ) មន្រ្តីស្រាវជ្រាវផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា ជា​សមាជិក។

លោក ហេង សុភី (បេក្ខជនបណ្ឌិតផ្នែកទេសចរណ៍) មន្រ្តី​ស្រាវជ្រាវ​ផ្នែកពាណិជ្ជកម្ម និង គ្រប់គ្រង ជាសមាជិក។

លោក សាន ចេង (បេក្ខជន​បណ្ឌិតផ្នែកវិទ្យាសាស្រ្ដសេដ្ឋកិច្ច) និង លោក យិន ពោ (បេក្ខជនបណ្ឌិត​ផ្នែក​គ្រប់គ្រង) មន្រ្តីស្រាវជ្រាវផ្នែកនីតិសាស្រ្តនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាសមាជិក។

សេចក្តីផ្តើម

១-លំនាំបញ្ហានៃការស្រាវជ្រាវ

ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជាយើង បច្ចុប្បន្ននេះ គឺជាជនជាតិមួយស្ថិត​នៅក្នុងអម្បូរមន-ខ្មែរដែរ។ ជនជាតិនេះ មានប្រវត្តិរួមរស់​ជាមួយយើង​តាំងពីយូរយារណាស់មកហើយ តឹកតាងតាមរយៈរឿងព្រេង «តា​ត្រ​សក់ផ្អែម ឬ ព្រះបាទត្រសក់ផ្អែម»បានបង្ហាញថា ពួកគាត់បានរួមគ្នា​កសាង​ប្រវត្តិសាស្រ្តដ៏​យូរ​អង្វែងណាស់មកហើយជាមួយខ្មែរយើង។ ជនជាតិដើម​ភាគ​តិច​ មាន​ច្រើនពូជ ច្រើនអម្បូរណាស់ តាម​របាយការណ៍ប្រជាសាស្ត្រ​កម្ពុជា​បង្ហាញថា បច្ចុប្បន្នជនជាតិដើមភាគតិចដែលរស់នៅកម្ពុជារួមមាន៖ កាចក់, កាវ៉ែត, កូឡា, កួយ, ក្រាក, ក្រុក, ក្រោល, ក្រាំង, ខោញ, គ្រឹង, ជ្រាយ (ចារ៉ាយ), ទំពូន, ថ្មូន, ព័រ (សម្រែ), ព្នង, ព្រៅ, មិល, រដែ, រូអុង, លុន, សួយ, ស្ទៀង និង ស្អូច ជាដើម[1] ពួកគាត់​ទាំងអស់​នេះ ​រស់នៅស្ទើរពាសពេញផ្ទៃប្រទេស មាន​ជាអាទិ៍ នៅខេត្តរតនគីរី គេឃើញមានជនជាតិដើម​ភាគតិច កាចក់, កាវ៉ែត, គ្រឹង, ជ្រាយ (ចារ៉ាយ), ទំពូន និង លុនជាដើមរស់នៅ។ នៅខេត្តមណ្ឌលគីរី គេឃើញ​មាន​ជនជាតិដើមភាគតិច ព្នង, ថ្មូន, រអូង, ក្រោល, ជ្រាយ (ចារ៉ាយ) និង ស្ទៀង​ជាដើមរស់នៅ។ នៅ​ខេត្ត​ស្ទឹងត្រែង និង នៅខេត្តក្រចេះ គេឃើញមាន​ជនជាតិ​ដើមភាគតិច ព្រៅ, មិល និង ខោញ​ជាដើម​រស់នៅ។ នៅខេត្តព្រះវិហារ​គេឃើញ​មានជនជាតិដើមភាគតិចកួយ និង ជាតិដើមភាគតិចផ្សេងទៀតរស់នៅ។ នៅ​ខេត្តពោធិ៍សាត់ គេឃើញមានជនជាតិដើមភាគតិចព័រ (សម្រែ) និង ជនជាតិដើម​ភាគតិចផ្សេងទៀតរស់នៅ។ នៅខេត្តប៉ៃលិន គេឃើញមានជនជាតិដើម​ភាគតិច​កូឡា និង ជនជាតិដើមភាគតិចផ្សេង​ទៀតរស់នៅ។ នៅខេត្តកំពង់ស្ពឺ គេឃើញ​មានជនជាតិ​ដើមភាគតិចសួយ និង ជនជាតិដើមភាគតិចផ្សេងទៀតរស់នៅ និង នៅខេត្តព្រះសីហនុគេឃើញមានជនជាតិដើមភាគតិចស្អូច និង ជនជាតិដើម​ភាគតិចផ្សេងទៀតរស់នៅជាដើម។ ជាទម្លាប់កន្លងមក ក្នុងការរស់នៅរបស់គេ ពួកក្រុមជនជាតិដើមភាគតិចទាំងនោះ​ រមែងរស់​នៅប្រមូលផ្តុំគ្នាជាសហគមន៍​មួយ នៅក្នុងភូមិមួយ ដែលស្ថិតនៅដាច់ឆ្ងាយពីពួកក្រុម​សហ​គមន៍​ជនជាតិខ្មែរ​ភាគច្រើន ប៉ុន្តែបច្ចុប្បន្ន ដោយចំនួនប្រជាជនមានកំណើនច្រើន ការរស់នៅ​ក៏​ចេះ​ខិត​ចូលទៅជិតគ្នា ជាហេតុពុំអាចរកដំបន់ដាច់ដោយឡែក សម្រាប់តាំង​ទីលំនៅបានដូចមុន ដូច្ចេះ រវាង​សហ​គមន៍ជនជាតិដើមភាគតិច និង សហគមន៍​ជនជាតិខ្មែរភាគច្រើន ក៏បានខិតចូលកាន់តែជិតគ្នា ហើយ​នៅតំបន់ខ្លះមាន​ការ​តាំងទីលំនៅក្នុង​ភូមិជាមួយគ្នាតែម្តង។

២-គោលបំណងនៃការសិក្សាស្រាវជ្រាវ

ការខិតចូលមកជិតគ្នារវាងសហគមន៍ជនជាតិដើមភាគតិច ជាមួយ​សហគមន៍ខ្មែរភាគ​ច្រើន​នេះ ជា​ហេតុ​ធ្វើឱ្យមានការប្រែប្រួលនូវអ្វីៗគ្រប់យ៉ាង ពួកគាត់ចម្លងយកពីគ្នាទៅវិញទៅមក តាំងពី​ការ​និយាយស្តី កាយ​វិការ របៀប​របបនៃការប្រព្រឹត្តិទៅប្រចាំថ្ងៃមានជាអាទិ៍សម្ភារនិយម និង រហូត​ឈាន​ទៅ​ដល់​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃថែមទៀតផង ដែលទិដ្ឋភាពនេះ បច្ចុប្បន្នធ្វើអ្នក​ចម្ងាយ​ពិបាកនឹងមើល​ដឹងថានរណាជាជន​ជាតិដើមភាគតិច នរណាជាជន​ជាតិ​ខ្មែរណាស់ បើសិនជាគេមិនបានសួរនាំដោយ​ផ្ទាល់ទេ​នោះ។ ការចម្លងយក​ពីគ្នាទៅវិញទៅមក​នេះ គឺជាដំណើរសមាហរណកម្មមួយរបស់ជនជាតិ​ដើម​ភាគតិច ចូល​ទៅក្នុងសហគមន៍ជនជាតិខ្មែរ ហើយក្នុង​ដំណើរ​សមាហរណ​កម្មបែបនេះ គឺជា​ចំណុចប្រឈមមួយដែលអ្នកស្រាវជ្រាវត្រូវការធ្វើការសិក្សា​ស្រាវជ្រាវដើម្បីជា​ការចង់ដឹងផង និង ចងក្រងទុកជាឯកសារផង​ ព្រោះថា ទៅ​ថ្ងៃអនាគត់វាអាចនឹងមានការប្រែប្រួលជាមិនខាន។

ឆ្លងចេញពីចង់ដឹង យើងខ្ញុំមានគោលបំណងចង់ធ្វើការសិក្សាស្រាវជ្រាវ​មួយ​លើប្រធានបទ ស្តីពី ដំណើរ​សមាហរណកម្មរបស់ជនជាតិដើមភាគតិចនេះ ដោយជ្រើសរើសជាដំបូងយកក្រុម​សហ​គមន៍​ជនជាតិដើមភាគ​តិច ​ដែលរស់​នៅក្នុងខេត្តរតនគីរីមកធ្វើជាប្រធានបទសិក្សា ដើម្បីចងក្រង​ឡើង​ជា​ស្នាដៃ​ស្រាវជ្រាវមួយ ទុកជា​ឯកសារសម្រាប់អ្នកសិក្សាស្រាវជ្រាវនានាចេះដឹងបន្ត​ទៅ​មុខទៀត។

៣-ចំណោទបញ្ហា

ដើម្បីសម្រួចការស្រាវជ្រាវឱ្យចំគោលបំណងចង់បាន យើងក៏បាន​លើក​ឡើងនូវចំណោទបញ្ហាមួយមកចោទដូចជា៖

-តើទម្រង់អត្តសញ្ញាណ ទំនៀមទម្លាប់ ប្រពៃណីដើមរបស់ជនជាតិ​ដើម​ភាគតិចនីមួយៗនោះមានយ៉ាងដូចម្តេចខ្លះ?

-តើរបៀបរបបក្នុងការរស់នៅបច្ចប្បន្ន របស់ជនជាតិដើមភាគតិច នីមួយៗ​នោះ
​ប្រព្រឹត្តិទៅយ៉ាង​ដូចម្តេចដែរ?

-តើក្នុងដំណើរសមាហរណកម្មរបៀបរបបថ្មីនេះ នាំឱ្យគេផ្លាស់ប្តូរ​មុខ​មាត់បែបណាខ្លះ?…

៤-គោលដៅនៃការសិក្សាស្រាវជ្រាវ

ដូចបង្ហាញខាងលើរួចមកហើយថា ជនជាតិដើមភាគតិចបានតាំងទី​លំនៅ​គ្រប់ទីកន្លែងស្ទើរពាសពេញ​ផ្ទៃប្រទេស
ប៉ុន្តែ ក្នុងសិក្សានេះយើងបាន​ជ្រើសរើសយកតែករណីខេត្តរតនគីរីមួយសិន មកធ្វើជាកម្មវត្ថុសិក្សា​ដំបូងគេ
រួចហើយទើបឈានទៅធ្វើការសិក្សានៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។ ក្នុង​ករណីសិក្សាស្រាវជ្រាវនៅ​ខេត្ត​រតនគីរីនេះ
យើងបានកំណត់គោលដៅសំខាន់ៗ​ដែលត្រូវចុះទៅ​សិក្សាស្រាវជ្រាវមួយចំនួនដូចជា៖

១-ស្រុកវឺនសៃ ៖ បើតាមការស្រាវជ្រាវបឋមយើងរកឃើញថា នៅក្នុង​ស្រុកវឺនសៃនេះ មាន​សហ​គមន៍ជនជាតិ​ដើមភាគតិចដូចជា ទំពូន, លុន និង កាវ៉ែត តាំងទីរស់នៅ ជាពិសេស នៅសងខាងមាត់ទន្លេសេ​សាន​តែម្តង។

២-ស្រុកអូរយ៉ាដាវ ៖ បើតាមការស្រាវជ្រាវបឋមយើងរកឃើញ​ថាមាន​ជនជាតិដើមភាគតិចច្រាយ (ចារ៉ាយ) និង ជនជាតិដើមភាគតិច​ផ្សេងទៀត​តាំងទីរស់នៅ។

៣-ស្រុកអូរជុំ ៖ បើតាមការស្រាវជ្រាវបឋមយើងរកឃើញថា មានជន​ជាតិ​ដើមភាគតិចគ្រឹង ទំពូន ព្រៅ និង ជនជាតិដើមភាគតិចផ្សេងទៀតតាំង​ទី​រស់នៅ។

៤-ស្រុកដទៃទៀតក្នុងខេត្តរតនគីរី ៖ ក្រៅពីស្រុកបីដែលលើកឡើង​បង្ហាញ ជាចំណុចគោល​ដៅ​​ចម្បង​ខាងលើ យើងក៏មានគម្រោងចុះទៅសិក្សា​ស្រាវជ្រាវ​នៅស្រុកនានាផ្សេងទៀត ទូទាំងខេត្ត​រតនគីរី ពោលគឺ ឱ្យ​តែ​ស្រុក​ណា​ដែលមានជនជាតិដើមភាគតិចរស់នៅ។

៥-វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ

ដើម្បីចងក្រងឡើងបានចេញជាស្នាដៃស្រាវជ្រាវមួយនេះ យើងបាន ធ្វើការសិក្សាស្រាវជ្រាវជាច្រើន ហើយក្នុងដំណើរការស្រាវជ្រាវនោះ គឺយើង បានប្រើប្រាស់នូវវិធីសាស្រ្តចម្បងៗមួយចំនួន​ដូចជា វិធីសាស្រ្តប្រមូល ទិន្នន័យ ទី២ ឬ ទិន្នន័យដែលមានស្រាប់ (Secondary Data Research) និង វិធីសាស្ត្រ​ប្រមូលទិន្នន័យបឋម (Primary Data Research)។

៥.១-វិធីសាស្រ្តប្រមូលទិន្នន័យទី២ ឬ ទិន្នន័យដែលមានស្រាប់

គឺយើងបានធ្វើការសិក្សាស្រាវជ្រាវទៅលើឯកសារនានា ដែល​មានខ្លះៗ​កាលពីមុន ជាពិសេស បណ្តាឯកសារដែលបានធ្វើការសិក្សាស្រាវជ្រាវ​ពីប្រធាន​បទទាំងឡាយដែលទាក់ទងទៅនឹងជនជាតិ​ដើមភាគតិច ដូចជា ​ឯកសារដែល​យើង​បានចុះទៅសិក្សាស្រាវជ្រាវកាលពីមុនៗ ឯកសារដែលមន្ទីរ​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ខេត្តរតនគីរីបានប្រមូលចងក្រងទុក ជាអាទិ៍ មន្ទីរវប្បធម៌ មន្ទីរទេសចរ មន្ទីរ​ផែនការ ឯកសារពីសាលាស្រុកនានាទូទាំងខេត្តរតនគីរី ជាពិសេស ស្រុក​ដែលមានជនជាតិ​ដើម​ភាគតិចរស់នៅច្រើន ដូចជា ស្រុកវើនសៃ ស្រុកអូរជុំ និង ស្រុកអូរយ៉ាដាវជាដើម ហើយប្រភេទ​ឯកសារដែលយើងបានទទួល ​មាន​ជាអាទិ៍៖

-ឯកសារព័ត៌មានពីសេដ្ឋកិច្ច សង្គម ក្នុងឃុំនីមួយៗនៃបណ្តាស្រុក​ទាំង​ឡាយរបស់ខេត្តរតនគីរី

-ឯកសារព័ត៌មានពីសេដ្ឋកិច្ច សង្គម ក្នុងរបស់ខេត្តរតនគីរី

-ឯកសារគម្រោងវិនិយោគ៣ឆ្នាំរំកិល នៃបណ្តាស្រុកទាំងឡាយ​របស់​ខេត្ត​រតនគីរី

-ឯកសារទាក់ទងពិធីបុណ្យផ្សេងៗ ដែលរៀបចំដោយមន្ទីរវប្បធម៌​នៃ​ខេត្តរតនគីរីជាដើម។

៥.២-ការប្រមូលទិន្នន័យបឋម

គឺយើងបានជួប និង ធ្វើការសម្ភាសន៍ជាមួយបុគ្គលពាក់ព័ន្ធនានា ជាអាទិ៍ ប្រធានមន្ទីរវប្បធម៌​អភិបាលស្រុកនានាដែលមានជនជាតិដើម​ភាគតិច​រស់នៅច្រើន ជាអាទិ៍ អភិបាលស្រុកអូរជុំ អភិបាល​ស្រុកវើនសៃ និង អភិបាល​ស្រុកអូរយ៉ាដាវជាដើម ដែលជាអ្នកអភិបាលផ្ទាល់ទៅលើសុខទុក្ខ និង ការ​រស់​នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចនៅក្នុងមូលដ្ឋានរបស់លោក។ ក្នុងការ​សម្ភាសន៍ យើងបាន​ថតជាសម្លេង ដើម្បីរក្សាទុកសំណៅសម្រាប់​ចងក្រង​ជា​ឯកសារសរសេរ ហើយឈានពីនេះ ក៏មានការ​សម្ភាសន៍ចាស់ទុំនៅតាមភូមិ​ជនជាតិមួយចំនួន ដើម្បីទទួលបាននូវព័ត៌មានស្តីពីរបៀបរបក្នុងការរស់​នៅ​របស់​ជនជាតិពួកគាត់ តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ ដើម្បីធ្វើការឆ្លុះ​បង្ហាញ​ឱ្យឃើញពីភាព​ខុស​គ្នា ក្នុងរបៀបរបបនៃការរស់នៅរបស់ពួកគាត់ តាំង​ពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

៦-លទ្ធផលរំពឹងទុក

ក្នុងការស្រាវជ្រាវនេះ លទ្ធផលដែលយើងប្រមូលបាន ក្រៅពីបាន​ចង​ក្រង​ជាស្នាដៃស្រាវជ្រាវមួយ គឺយើងបានឈានទៅធ្វើរហូតដល់ធ្វើបានជា​ឯកសារ​រូបភាពវីដេអូ និយាយអំពីដំណើរសមាហរណកម្មរបស់បងប្អូន​ជន​ជាតិ​ដើមភាគតិចនៅខេត្តរតនគីរីនេះ ទៅក្នុងសហគមន៍ខ្មែរថែមទៀតផង ដូច្នេះ ក្រោយពីបញ្ចប់ការស្រាវជ្រាវនេះ យើងនឹងចងក្រងបាននូវស្នាដៃ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្តមួយ​ និង ស្នាដៃវីដេអូឯកសារមួយ ដើម្បីតម្កល់ទុកជាឯកសារ​សម្រាប់​អ្នកអាន និង ទស្សនា ប្រយោជន៍ឱ្យអ្នកសិក្សា​ស្រាវជ្រាវនានាបានអាន ទស្សនា និង បានយល់ដឹងច្បាស់ពីដំណើរប្រព្រឹត្តិក្នុង​ជីវិតរស់​នៅ​ប្រចាំថ្ងៃ ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិច​ ដែល​​រស់​នៅក្នុង​ខេត្តរតនគីរី ការប្រាស្រ័យ​ទាក់ទងគ្នា​ទៅវិញទៅមករវាងជនជាតិដើមភាគ និង ជន​ជាតិ​ខ្មែរភាគច្រើនប្រចាំថ្ងៃ ក៏ដូចជាផលលំបាកទាំងឡាយទាំងពួង ក្នុង​ដំណើរ​សមាហរណកម្មថ្មី​នេះ​របស់​សហគមន៍ជនជាតិដើមភាគតិច ទៅក្នុងសហគមន៍​ជនជាតិខ្មែរយើង ដើម្បី​ទទួលយកបាននូវចំណេះ​ដឹង​ស្តីពី​ដំណើរជីវភាព​រស់​នៅប្រចាំថ្ងៃរបស់ជានជាតិដើមភាគតិច និង បាន​ធ្វើជាឯកសារពិគ្រោះ​សម្រាប់​អ្នក​សិក្សាស្រាវជ្រាវនានាផង។

៧-សមាសភាពអ្នកស្រាវជ្រាវ

ល.រ គោត្តនាម
​និង នាម
សញ្ញាបត្រ ជំនាញ ផ្សេងៗ
ឆេង
វណ្ណារិទ្ធ
បណ្ឌិត វិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រធានវិទ្យាស្ថានស្តីទី ប្រធាន
ហាក់
វ៉ាន់ដារា
បណ្ឌិត អក្សរសិល្ប៍ ប្រធានផ្នែក ជាអនុប្រធាន
នេត ចំរើន បរិញ្ញាបត្រជាន់ខ្ពស់ អក្សរសិល្ប៍ មន្រ្តីស្រាវជ្រាវ (សមាជិក)
អ៊ុន
សុភ័ក្រ្ត
បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រអប់រំ មន្រ្តីស្រាវជ្រាវ (សមាជិក)
ហេង សុភី បរិញ្ញាបត្រជាន់ខ្ពស់ ទេសចរ មន្រ្តីស្រាវជ្រាវ (សមាជិក)
សាន ចេង បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រសេដ្ឋកិច្ច មន្រ្តីស្រាវជ្រាវ (សមាជិក)
យិន ពោ បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រង មន្រ្តីស្រាវជ្រាវ (សមាជិក)

៨-រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ស្នាដៃស្រាវជ្រាវនេះ បែងចែកជា៖

-សេចក្តីផ្តើម

-ជំពូកទី១

-ជំពូកទី២

-ជំពូកទី៣

-សេចក្តីសន្និដ្ឋាន

ជំពូក១

ស្ថានភាពជនជាតិដើមភាគតិចពីមុន

១.១-ជនជាតិដើមភាគតិច

១.១.១-អត្ថន័យទូទៅស្តីពីជនជាតិដើភាគតិច

ជនជាតិដើមភាគតិច សម្គាល់ទៅលើក្រុមមនុស្សដំបូង ឬ ជាជនជាតិ​ដើម គឺជាក្រុម​ជន​ជាតិ​ដើម ដែលជាអ្នកបានតាំងទីលំនៅដំបូងនៅតំបន់ណា​មួយដែលគេបានផ្តល់ឱ្យ ផ្ទុយពីក្រុមដែល​បាន​តាំងទីលំនៅ កាន់កាប់ ឬ ដាក់​អាណានិគមលើតំបន់ណាមួយនាអំឡុងពេលថ្មីៗ។ ជាទូទៅ បណ្តា​ក្រុមដែល​ត្រូវ​បាន​គេពណ៌នាថាជាក្រុមជនជាតិដើមភាគតិចនោះ គឺជាក្រុមដែល​នៅរក្សា​ទំនៀម​ទម្លាប់ ឬ ទិដ្ឋភាពផ្សេងទៀតនៃវប្បធម៌ដើម ដែលត្រូវបានផ្សារភ្ជាប់​ជាមួយ​នឹង​តំបន់ណាមួយ ដែលត្រូវបានគេផ្តល់ឱ្យពួកខ្លួន​កាន់​កាប់នោះ ហើយ​ក៏មិនមានជនជាតិដើមភាគតិចទាំងអស់ សុទ្ធតែមានចរិតលក្ខណៈនេះ​ទាំង​អស់​នោះ​ទេ ព្រោះមនុស្សជាច្រើនបានប្រកាន់យកនូវធាតុសំខាន់ជាច្រើននៃវប្បធម៌​អាណានិគម ដូចជា ​សម្លៀក​បំពាក់ សាសនា ឬ ភាសាជាដើម។ ជនជាតិ​ដើម​ភាគតិចអាចត្រូវបានតាំងទីលំនៅ​នៅក្នុងតំបន់​ដែលគេ​បាន​ផ្តល់ឱ្យមួយ  ឬ ជាតិ​សាសន៍ បង្ហាញពីរបៀបរស់នៅ ឆ្លងកាត់ទឹកដីដ៏ធំល្វឹងល្វើយមួយ ប៉ុន្តែ ជាទូទៅ​វាជាប្រវត្តិសាស្ត្រមួយ ដែលជាប់ទាក់ទងជាមួយនឹងទឹកដីជាក់លាក់មួយដែល​ពួកគាត់បានពឹងពាក់​អាស្រ័យជាប្រចាំ។ សង្គមជនជាតិដើមភាគតិច ត្រូវបាន​គេ​រក​ឃើញមាននៅគ្រប់តំបន់ ទាំងតំបន់ធាតុ​អាកាសក្តៅ​ និង ត្រជាក់​ និង គ្រប់ឧបទ្វីបនៃពិភពលោក[2]

១.១.២-ជនជាតិដើមភាគតិចនៅកម្ពុជា

នៅក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរមានប្រមាណជា ៩០% នៃប្រជាជន​ប្រទេសកម្ពុជា ក្រៅពីនេះមានជនជាតិ​វៀត​ណាម ប្រមាណជា៥% ជនជាតិចិន ជនជាតិចាម (ភាគច្រើនជាប្រជាជនម៉ូស្លីម) និង ក្រុម​ជនជាតិដើមភាគតិច ឬហៅថាខ្មែរលើ។ តាមរយៈជំរឿនប្រជាជនកម្ពុជានៅឆ្នាំ១៩៩៨​ បាន​កំណត់​អត្តសញ្ញាណជនជាតិដើមភាគតិចថាមានចំនួន១៧ក្រុមផ្សេងៗគ្នា ប៉ុន្តែ តាម​ជំរឿន​នាពេល​បច្ចុប្បន្ន​វិញបានបង្ហាញថា មានក្រុមជនជាតិដើមភាគតិចចំនួន​២៤ក្រុម ជាអាទិ៍ មាន កាចក់ កាវ៉ែត កូឡា កួយ ក្រោល ខិ ខោញ គ្រឹង ចារ៉ាយ (ច្រាយ) ជង ទំពូន ថ្មូន ព័រ (សម្រែ) ព្នង ព្រៅ មិល រដែ រអូង លុន ល្អិន សួយ ស្ទៀង ស្ពុង ស្អូចជាដើម[3] បណ្តាជនជាតិដើមភាគតិចទាំងនេះ បានតាំងទីរស់នៅក្នុងខេត្ត​ចំនួន​១៥ ក្នុងនោះមាន ខេត្ត​រតន​គិរី មណ្ឌលគិរី និង ខេត្តក្រចេះ ដែលមានប្រជាជន​ជាជនជាតិ​ដើម​ភាគ​តិច​ខ្ពស់​ជាងគេ។ ពួកគាត់​ត្រូវបានសន្មតថា មានចំនួន​ប្រមាណ​ជា២០ម៉ឺននាក់ ឬ ប្រហែលជា ១.២% នៃ​ប្រជាជន​សរុប។ ​ក្រុម​ជន​ជាតិដើមភាគតិចទាំងនេះ ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសា​របស់​ពួកគាត់។ ភាសា​របស់​​ជនជាតិភាគតិច​ដែលមាននៅក្នុងប្រទេសកម្ពុជា ​យ៉ាង​ហោច​ណាស់​ក៏ចំនួន​១៩​ក្រុមភាសាជនជាតិដែរ ​ហើយភាសា​របស់ក្រុមជនជាតិ​ដើមភាគតិចទាំងនោះ​ ត្រូវបានបែង​ចែង​ជា​អម្បូរភាសា​ពីរគឺ​ អម្បូរ​អូ​ស្ត្រូ​ណេ​ស៊ា​ន​ (ដែល​ជា​ក្រុមភាសាប្រើប្រាស់ដោយ​ជនជាតិដើមភាគតិចចា​រាយ) និង ​អម្បូរ​ភាសា​​ខ្មែរ​មន​ (ដែល​ជា​ក្រុមភាសាប្រើប្រាស់ដោយក្រុម​ជនជាតិ​ដើមភាគតិច ​ព្រៅ​ គ្រឹ​ង​ ទំពូន​ ព្នង​ និង ​កួយជាដើម​)[4]។​ ជនជាតិដើមទាំងនោះ បានគ្រប់គ្រងតាម​បែប​ប្រពៃណីលើដីប្រហែល៤លានហិកតា នៃតំបន់ព្រៃដាច់​ស្រយ៉ាល និង តំបន់ព្រៃស្មោង។ ភាពសុខសាន្តរយៈពេលវែង នៃវប្បធម៌​របស់ជនជាតិដើម​ភាគ​តិច បានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដី​របស់ពួក​គាត់ និង ការទទួលបានការប្រើ​ប្រាស់​ធនធានព្រៃឈើ។ ពួកគាត់ប្រកបរបរ​កសិកម្ម​វិលជុំ និង ចិញ្ចឹមសត្វ រួមផ្សុំនឹងការចូលក្នុងព្រៃ​ប្រមូលផលបោចផ្តៅ បោចវល្លិ៍ ដងជ័រ បេះក្រវ៉ាញ និង រកទឹកឃ្មុំជាដើម ហើយមុខរបរតម្បាញ​ក៏ជា​ប្រភពចំណូលសំខាន់មួយទៀត សម្រាប់ពួកគាត់ផងដែរ។ ប្រភពចំណូលមួយ​ចំនួន​អាស្រ័យ​ទៅតាម​តំបន់ ដូចជា ការរករ៉ែត្បូងមានតម្លៃ គឺជាមុខរបរ​របស់​ជនជាតិដើមភាគតិច​នៅ​ស្រុកបរកែវ ក្នុងខេត្ត​រតន​គិរី និង ជនជាតិដើមភាគ​តិចកូឡានៅខេត្តប៉ៃលិនជាដើម។

១.១.៣-ជនជាតិដើមភាគតិចនៅខេត្តរតនគីរី

ខេត្តរតនគីរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានចម្ងាយ៥៨៨​គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយគេធ្វើដំណើរតាមផ្លូវ​ជាតិ​លេខ៦A ផ្លូវជាតិលេខ៧ និង ផ្លូវជាតិ​លេខ​៧៨។ ខេត្តនេះ មានព្រំប្រទល់​ខាងលិចទល់នឹងខេត្តស្ទឹងត្រែង ខាងកើតទល់នឹងខេត្តយ៉ាឡា ខេត្ត​កន្ទូម នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម ខាងជើងទល់នឹងខេត្តអត្តពឺ នៃសាធារ​-ណ​រដ្ឋ​​ប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ និង ខាងត្បូងទល់នឹងខេត្តមណ្ឌលគិរី។ ខេត្តរតនគិរីជាតំបន់ខ្ពង់រាប សម្បូរទៅ​ដោយ​ភ្នំ ជ្រោះជ្រលងដងអូរ និង មាន​ព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេចំនួន២ហូរកាត់ គឺទន្លេ​សេសាន្ត និង ទន្លេស្រែពក។ ខេត្តរតនគីរីមានផ្ទៃដីសរុប ១០.៧៨២គីឡូម៉ែត្រការ៉េ មានក្រុង​ចំនួន១ ស្រុកចំនួន៨ មានសង្កាត់ចំនួន៤ ឃុំចំនួន៤៦ ភូមិចំនួន២៤៣ និង មាន​ប្រជាពលរដ្ឋរស់នៅសរុប​ចំនួន១៨៣.០៩២នាក់ ស្រីចំនួន៩០.៩៤៧នាក់ តាម​លោកឧត្តមសេនីយ៍ត្រី ចាន់ ថាវី ស្នងការរង​ទទួលបន្ទុកផែនកណ្តាល ការិ​-យាល័យ​អត្ត​សញ្ញាណ​​​កម្ម នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បាន​ថ្លែង​ក្នុងឆ្នាំ២០១៧កន្លងទៅថា ប្រជាពល​រដ្ឋសរុបនៅខេត្តរតនគីរី មានប្រមាណ​ជាង១៨ម៉ឺននាក់ គឺ​ស្មើ​នឹងជាង៤ម៉ឺន២ពាន់គ្រួសារ ក្នុងនោះ ជនជាតិដើម​ភាគ​តិចមានចំនួន១០ម៉ឺន៥ពាន់នាក់ ស្មើនឹង​ជាង​២ម៉ឺន៤ពាន់គ្រួសារ ហើយចំនួន​នេះ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋសរុបក្នុងខេត្ត ឃើញថា​ជនជាតិដើម​ភាគតិច​មានចំនួនជាង​៧០​ភាគរយ នៃប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត[5] ហើយ​សមាសភាព​មាន​ជនជាតិដើមភាគតិចទាំង៩នោះគឺ នជាតិដើមភាគតិចគ្រឹង ទំពូន ចារ៉ាយ ព្រៅ កាចក់ កាវ៉ែត លុន កួយ ជនជាតិ​ដើមភាគតិចព្នង[6]

១.២-ទំនៀមទម្លាប់ប្រពៃណី

ជនជាតិដើមភាគតិចទាំង៨ជនជាតិ ដែលរស់នៅក្នុងខេត្តរតនគីរីពួក​គាត់​គោរពជំនឿ សាសនា មានការគោរពលើទំនៀមទម្លាប់ ប្រពៃណី ខ្ជាប់ខ្ជួន​ណាស់ ដូច្នេះហើយ ទើបគេឃើញពួកគាត់​រមែងមាន​ការរៀបចំពិធីបុណ្យ និង សែនព្រេនផ្សេងៗជាច្រើន​ និង ញឹកញាប់។ ពួកជនជាតិ​ដើម​ភាគតិចនិយម​គោរពជឿខ្លាំងទៅលើអារក្ស ហើយពួកគាត់ចាត់ទុកអារក្សថាជាអទិទេពដែល​មានរិទ្ធី​បារមី​ខ្លាំងពូកែ ​ជាអ្នក​បីបាច់ថែរក្សាដល់មនុស្ស សត្វ ព្រមទាំងព្រៃភ្នំ ទឹកជ្រោះជ្រលងដងអូរ​ទាំង​ឡាយ ដូច្នេះហើយ តែ​ពេល​ណាមានគ្រោះថ្នាក់ មានជម្ងឺឈឺថ្កាត់ ឬ ស្លាប់មនុស្សនៅក្នុងភូមិ​ពួក​គាត់​តែង​រៀបចំធ្វើពិធី​សែន​ព្រេនថ្វាយដល់អារក្សពុំដែលខានឡើយ។

១.២.១-ការសែនព្រេន

ក-ពិធីសែនពេលរៀបការ (តាមប្រពៃណីទំនៀមទម្លាប់​ជនជាតិដើម​ភាគតិចគ្រឹង)

ក្រោយពេលរៀការហើយតាមទំនៀមទម្លាប់ប្រពៃណីជនជាតិ ដើមភាគតិច គឺរមែង​រៀបចំពិធីសែនព្រេនជាច្រើន រហូតទៅដល់៦​ដំណាក់កាល ដែលគេឱ្យឈ្មោះថាជាការ​សែន​លាងកំហុស។ ​ពិធីសែន​លាងកំហុស គេប្រារព្ធធ្វើឡើងដើម្បីលុបលាងការខុសឆ្គង​ទាំងឡាយ​ដែល​ខ្លួន​បានប្រព្រឹត្ត ​ជាអាទិ៍ ចំពោះឪពុក​ម្តាយ ឬ ក្រុម​គ្រួសារជាដើម។ ពិធីសែននេះ​ទាំង​៦ដំណាក់កាលនេះមាន៖

ដំណាក់កាលទី១ «ពិធី​សែនចងដៃពេលព្រឹក»

ពិធីនេះគេរៀបធ្វើនៅផ្ទះកូនកំលោះ ដែលភាសាជនជាតិគ្រឹង​ហៅថា ចុះកាយ៉ក់ ឬ ប៉ាន់ទុងតាំង​ហ្កង​ក្រាក់, លំដាប់សម្រាប់សែនព្រេនគេហៅថា រ៉ាចច្រឡង់ គឺមាន៖

-មាន់១ក្បាល

-ស្រា៣ពាង

មេអណ្តើកម្នាក់ទៅកាប់មាន់ដើម្បីស្ងោរទុករៀបចំសែនព្រេន មេអណ្តើកម្នាក់ទៀត និង កូន​កំលោះទៅដងទឹកមកចាក់ពាងស្រា។ បន្ទាប់មក គ្រួសារទាំងសងខាង ព្រមទាំង​សាច់​ញាតិបងប្អូន​ដែលបាន​មកចូលរួមក្នុងកម្មវិធីនាំគ្នាហូបបាយសិន លុះពេលរសៀលទើបរៀប​ពិធីសែនព្រេន។

ដំណាក់កាលទី២ «ពិធីសែនទទួលកូនកំលោះពេលល្ងាច»

ពិធីនេះគេរៀបចំធ្វើនៅផ្ទះខាងកូនក្រមុំ ដែលភាសាជន​ជាតិ​គ្រឹងគេហៅថា ញៀត​ប៉ាទឹក លំដាប់សម្រាប់សេនព្រេនមាន៖

-មាន់១ក្បាល

-ស្រា៤ពាង

របៀបនៃការសែនព្រេន

គឺមេអណ្តើកម្នាក់យកចង្អេរមួយមកដាក់មាន់ស្ងោរហើយ​មេ​អណ្តើក​ម្នាក់ទៀតយក​ទុយោទៅដោតក្នុងពាងស្រា ចំណែកកូនកំលោះ​ទៅដងទឹកយក​ចាក់​ស្រា រួច​ហើយមេ​អណ្តើក​យកឈើដោតបេះដូង​មាន់មកដាក់នៅមាត់ពាងស្រាទាំងបួន ធ្វើពិធីគៀសមាត់ពាងទាំងបួន​ពាងដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតាឱ្យពួកគាត់ទទួល​ដឹង​ឮ និង ជួយថែរក្សា​ដល់កូន​កំលោះដែលមករស់នៅខាងផ្ទះកូនក្រមុំ បន្ទាប់មក ឪពុកខាង​កូន​ក្រមុំយកស្លឹកចេកខ្ចប់បាយ សម្លរ ថ្នាំជក់ ម្លូ ស្លា រួចស្រោច​ស្រាពីលើកញ្ចប់ស្លឹកចេកនោះ ដើម្បី​សែនព្រេនឱ្យខ្មោចដែលថែរក្សា​នៅ​ក្នុ​ង​ផ្ទះ។

លក្ខខណ្ឌពេលផឹកស្រាពាងមាន៖

-ស្រា១ពាងសម្រាប់ (ប៉ាគ្លីម) ម្ចាស់ផ្ទះខាងស្រីផឹកមុន

-ស្រា១ពាង ជូនដល់មេអណ្ដើកទាំងពីរសម្រាប់ផឹក

-ស្រា១ពាងសម្រាប់ឪពុកម្តាយទាំងសងខាងផឹក

-ស្រា១ពាងទៀតសម្រាប់សាច់ញាតិបងប្អូនដែលបាន​មក​ចូលរួមផឹក

ភ្លេងសម្រាប់កំដរក្នុងពិធី ក្រុមសិល្បៈវាយគង៥ផ្លែ លេងបទ​ស៊ី​ផឹក (ហ្គងញៀត) បន្ទាប់​មក​កូនកំលោះ និង កូនក្រមុំអាចរួមរស់នៅ​ជាមួយគ្នាលក្ខណៈជាប្តីប្រពន្ធបាន។ លុះ​រយៈពេលមួយឆ្នាំ​ក្រោយ​ទើប​គេរៀបចំពិធីសែនធំ (ច្រណង់) រៀបការម្តងទៀត។

ដំណមតាមប្រពៃណី ដែលភាសាជនជាតិគ្រឹងគេហៅថា តាអាំ​ឆាឡនកម៉ នោះគឺ ក្នុងអំឡុងពេលអ្នកទាំង​ពីរ​រស់នៅជាមួយគ្នា​មួយឆ្នាំ​នេះ មិនអាចឱ្យមានកូនបានទេ តែបើសិន​អ្នកទាំងពីរមិនគោរពតាម​លក្ខខណ្ឌ​ប្រពៃណីនេះទេ មេកន្ទ្រាញប្រចាំភូមិត្រូវផាកពិន័យ​ មាន​ដូចជា៖

-ជ្រូក១ក្បាល (ទំហំ៥ចាប់)

-ស្រា១ពាង

ដើម្បីយកមករៀបចំធ្វើពិធីសែនព្រេនក្នុងភូមិ (សែនរំដោះ​គ្រោះ)

របៀបនៃការសែនរំដោះគ្រោះ គឺ៖

មេកន្ទ្រាញយកឈាមជ្រូកលាយនឹងស្រា ដាក់ចូលក្នុងឆ្នាំង​កាន់​ដើរតាមផ្ទះក្នុងភូមិ ចំណែកកូនកំលោះជាអ្នកយកឈាមជ្រូក​នៅក្នុង​ឆ្នាំង ​លាបតាមកាំជណ្តើររបស់អ្នកភូមិ​គ្រប់​ផ្ទះ ដែលភាសាជនជាតិគ្រឹង​គេហៅថា ស្លាបកំប្លៀត។ ក្នុងពេលធ្វើពិធីមួយថ្ងៃនេះដែរ អ្នក​ភូមិ​ដែលបានដឹងឮ ត្រូវមានដំណមមិនអាចឱ្យធ្វើការងារអ្វីបានឡើយ។

ដំណាក់កាលទី៣«ពិធីសែនធំ រៀបការច្រណង់ »

គឺគេរៀបចំធ្វើនៅពេលព្រឹក បងប្អូនសាច់ញ្ញាតិនៅក្នុងភូមិ​ជួបជុំ​គ្នានៅរោងភូមិ ដែល​ភាសាជនជាតិគ្រឹងគេហៅថា រ៉ង ដោយមានយក​ស្រាម្នាក់មួយពាងមកជាមួយផង​ដែរ ​ដើម្បី​ចូលរួមក្នុងពិធីរៀបការនេះ ចំណែកមិត្តភក្តិកូនកំលោះ ពួកគេនាំគ្នាទៅដងទឹកមកចាក់ក្នុង​ពាង​ស្រា។ បន្ទាប់ពីឪពុកទាំងសងខាង និង មេអណ្តើកធ្វើពិធីគៀស​មាត់​ពាងស្រាគ្រប់​ពាង​ទាំងអស់ រួច​ហើយពួកគាត់នាំគ្នាផឹកស្រាលេង​ដើម្បី​ទទួលភ្ញៀវរហូតដល់ម៉ោង៦យប់ ទើបពួក​គេទៅរៀបចំធ្វើពិធី​សែនធំ នៅផ្ទះខាងស្រី ហើយលំដាប់សម្រាប់សែនព្រេន ត្រូវមាន៖

-មាន់២ក្បាល

-ស្រា៣ពាង

មេអណ្តើកខាងប្រុស (ប្រុស) កាប់មាន់ទាំងពីរ មួយស្ចារទុក​រៀបចំសែនព្រេន និង មួយទៀត​ចិញ្ច្រាំ​ធ្វើម្ហូប ចំណែកមេអណ្តើក​ខាងស្រី (ស្រី) ជាអ្នកដាំបាយសម្រាប់ទុកសែន និង ធ្វើទៀនក្រមួន។

របៀបនៃការសែនព្រេននោះ គឺ៖

មេអណ្តើកយកមាន់ស្ងោរមួយ សាច់មាន់ឆ្អិនចិញ្ច្រាំពីរចាន ឃ្លោក​ទឹកពីរ បាយមួយ​ចាន ទៀនពីរដើម ដាក់លើកន្ទេល ហើយឱ្យ​កូនកំលោះកូនក្រមុំអង្គុយទល់មុខ​មេអណ្តើក​រៀងខ្លួន បន្ទាប់មក​មេ​អណ្ដើកទាំងពីរដុតទៀនដែលតំណាងឱ្យកូនក្រមុំកូនកំលោះ ដើម្បី​សម្គាល់​មើល​ពីខ្សែជីវិតក្នុងការរស់នៅរបស់ប្ដីប្រពន្ធទៅថ្ងៃមុខ បើទៀន​តំណាងឱ្យខាងប្ដីឆេះ​លឿនជាង បានន័យ​ថា ប្ដីត្រូវស្លាប់មុន (ខាង​ប្រពន្ធ​យំ)។ បើទៀនខាងប្រពន្ធឆេះលឿនជាង បានន័យថា ប្រពន្ធត្រូវ​ស្លាប់​មុនប្ដី (ខាងប្ដីយំ)។ បើទៀនទាំងពីរនោះឆេះស្មើគ្នាគេកំណត់​ថា​ល្អ​ធម្មតា។

ពិធីបញ្ចុកបាយដែលតាមភាសាជនជាតិគ្រឹងគេហៅថាប៉ាយៀម​ហ្គលអៀល នោះគឺ៖

 មេអណ្តើក​ខាង​ស្រីពូតបាយលាយនឹងសាច់មាន់ចិញ្ច្រាំ រោល​ភ្លើង​ទៀន បញ្ចុកកូន​កម្លោះ​ចំនួន​ពីរដង។ មេអណ្តើក​ខាងប្រុសពូត​បាយ​លាយនឹងសាច់មាន់ចិញ្ច្រាំ រោលភ្លើងទៀន បញ្ចុក​កូនក្រមុំចំនួន​ពីរដង ដោយបញ្ចុក​ឱ្យព្រមៗគ្នា រួចហើយមេអណ្ដើកទាំងពីរ​យកឈើ​ដោត​​បេះដូងមាន់ ដាក់លើមាត់ពាងស្រា ធ្វើពិធីគៀសមាត់ពាង បន់​ស្រន់​ដល់អារក្ស ជីដូន​ជីតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនរក​ស៊ីមានបាន។

លក្ខខណ្ឌពេលផឹកស្រាពាងដែលតាមភាសាជនជាតិដើមភាគតិចគ្រឹងគេហៅថា បែងចែកតា​វ៉ែពូល គឺ៖

-ពាងទី១ ដែលភាសាគ្រឹងហៅថា តាវ៉ែច្រណង់ នោះ គឺមេ​អណ្ដើក​ទាំងពីរបឺតស្រា​ពាង​​មុនគេ បន្ទាប់មកកូនកំលោះ កូន​ក្រមុំ និង ឪពុកម្តាយ សាច់ញាតិទាំងសងខាងបឺតរហូត​ដល់សាប​ស្រា ​ទើបបន្ត​បឺត​ស្រាពាងទី២​ទៀត។

-ពាងទី២ ដែលភាសាជនជាតិគ្រឹងគេហៅថា តាវ៉ែកាលីសប៉ាច នោះគឺ មេអណ្ដើក​ទាំងពីរ បឺតស្រា​ពាងមុនគេ បន្ទាប់មកកូនកំលោះ កូនក្រមុំ និង ឪពុក ម្តាយទាំងសងខាង ព្រម​ទាំងសាច់ញាតិ​ទាំង​អស់ ដែលបានចូលរួមបឺតបន្តតាមក្រោយ រហូតសាបស្រាក្នុងពាង។ ពេល​នេះអ្នកទាំងពីរអាចរួមរស់​ជាមួយគ្នាជាប្ដី ប្រពន្ធពេញច្បាប់ទៅតាម​លក្ខណៈប្រពៃណី​ហើយ។ ចំណែកឪពុកម្តាយទាំងសងខាង ព្រមទាំង​សាច់ញាតិបងប្អូនអ្នកភូមិ ពួកគាត់ទៅ​យក​ស្រាពាងពីរោងភូមិ ដែល​បង​ប្អូនយកមកចូលរួម ផឹក​បន្តរហូតទៀបភ្លឺបញ្ចប់ពិធីរៀបការ។ ឯក្មេង​សម្រាប់កំដរក្នុងពិធីសែនធំ គឺក្រុមសិល្បៈវាយគង៥ផ្លែ ស្គរធំមួយ រាំ​ច្រៀងលេង​ កំដរ​ក្នុងពិធីនេះរហូតដល់ភ្លឺដែរ។

ដំណាក់កាលទី៤ «ពិធីសែនចង់ដៃប្តីប្រពន្ធពេលព្រឹក»

គេរៀបចំពិធីនេះនៅផ្ទះខាងស្រី ដែលភាសាជនជាតិ​គ្រឹងគេហៅ​ថា ញៀតយូល នោះ​គឺតាមប្រពៃណីទំនៀមទំលាប់របស់ពួកគាត់ ពេល​ណារៀបការរួចហើយ ទើបគេរៀបចំពិធី​ចង​ដៃជាក្រោយ ដោយ​ចងជាស្រាពាងពីអ្នកភូមិ និង សាច់ញាតិបងប្អូន​ទាំងសង​ខាង។ បន្ទាប់​មក បងបង្កើតខាងប្ដី ទៅដងទឹកមកចាក់ពាងស្រារ​បស់សាច់ញាតិ​របស់​ខាងប្រុស ចំណែក​​បងបង្កើតខាងប្រពន្ធ ទៅដងទឹកចាក់ពាងស្រារបស់​សាច់ញាតិខាងស្រី រួចហើយ​ពួកគាត់កាប់​មាន់ស្ងោរសម្រាប់ឱ្យប្តីប្រពន្ធ​ហូប។

របៀបសែនព្រេនចងដៃ

ឪពុកម្តាយទាំងសងខាង ធ្វើពិធីគៀសមាត់ពាងឱ្យគ្រប់​ពាង​ស្រា​​ដែល​សាច់ញាតិបានយក​មកចងដៃ។ រួចហើយគេធ្វើការបែងចែក​ស្រា​ពាង​សម្រាប់​ផឹក ដោយបង​បង្កើតខាងប្ដី​បឺត​ស្រាពាងរបស់សាច់ញាតិ​ខាងប្រុសមុន រួចហើយឱ្យខាងប្រពន្ធ​បឺតតាមក្រោយ។ បង​បង្កើត​ខាង​ប្រពន្ធបឺតស្រាពាងរបស់សាច់ញាតិខាងស្រីមុន រួចហើយឱ្យ​ខាងប្ដីបឺត​តាមក្រោយ។ បន្ទាប់​​មកបងៗដែលត្រូវជាសាច់បង្កើតខាងប្រុស ខាងស្រី បឺតស្រា​ឆ្លាស់គ្នារួមជាមួយប្ដីប្រពន្ធ​ផង​ដែរ រហូត​ដល់ភ្លឺ។ ភ្លេងសម្រាប់​កំដរក្នុងពិធីសែនចងដៃនោះ​ គឺ​ក្រុមសិល្បៈវាយគង៥ផ្លែ និង ស្គរធំមួយ នាំគ្នា​រាំច្រៀងលេងកំដរក្នុងពិធីនេះ​រហូតដល់​ភ្លឺ​ដែរ។

ដំណាក់កាលទី៥ «ពិធីសែនជូនដំណើរដន្លង»

គេរៀបចំធ្វើពិធីនេះនៅផ្ទះគ្រួសារខាងប្រុស ពេលព្រឹក ដែល​ភាសា​ជនជាតិ​គ្រឹងគេ​ហៅថា ញៀតរ៉ាប់ទីរ៉ាប់យីងចាម៉ក់នង នោះ គឺ តាមប្រពៃណីរបស់ពួកគាត់ ពេលណារៀបការ​កូន​រួចរាល់ហើយ ឪពុក​ម្តាយខាងស្រីមានរៀបចំពិធីតូចមួយទៀត ដើម្បីជាការភ្ជាប់សាច់ភ្ជាប់​ឈាម និង ផ្តាំផ្ញើគ្នាឱ្យជួយមើលថែទាំ ក៏ដូចជា ណែនាំដល់កូន​ទាំងពីរ​ក្នុងការរួមរស់​នៅ​ជាមួយ​គ្នាទៅថ្ងៃអនាគត។

របៀបនៃការសែនព្រេនជូនដន្លងគឺ៖

ឪពុក ម្តាយទាំងសងខាង គៀសមាត់​ពាង​ស្រា​បន់ស្រន់​ដល់​អារក្ស រួចក៏នាំគ្នាបឺត​ស្រា​ជជែកគ្នាលេងរហូតដល់ភ្លឺ។

ដំណាក់កាលទី៦ «ពិធីសែនជូនមេអណ្ដើកទាំងសងខាង»

ពិធីសែនជូនមេអណ្ដើក ដែលភាសាជនជាតិគ្រឹងគេហៅថា ញៀតឌីយ៉ាកក្នុង ឬ ការតបស្នងពេលព្រឹកនេះ គឺមានគ្រឿងលំដាប់​សម្រាប់សែនព្រេនដូចជា៖

-ស្រា១ពាង

-មាន់១ក្បាល

ប្ដីប្រពន្ធទៅដងទឹកមកចាក់ពាងស្រា រួចកាប់មាន់យកខ្លួន​ចិញ្ច្រាំ​ធ្វើម្ហូប (អលញ៉ាំ) និង យក​សាច់ភ្លៅជូនទៅមេអណ្ដើកទាំងពីរទុកយកទៅផ្ទះ រីឯប្ដីប្រពន្ធរៀបការហើយ​ក៏​ត្រូវទៅជួយធ្វើ​ការងារ​ជូន​មេអណ្ដើកទាំងពីរក្នុងម្នាក់មួយថ្ងៃៗផងដែរ។

របៀបនៃការសែនព្រេនជូនមេអណ្តើក គឺ៖

មេអណ្តើកយកឈើដោតបេះដូងមាន់ ​មកដាក់លើ​មាត់ពាងស្រា រួចធ្វើពិធីគៀសមាត់​ពាង រួមទាំងគ្រួសារទាំងពីរ។ បន្ទាប់មក មេអណ្តើក​ធ្វើការ​ផ្តាំផ្ញើ​ដល់ប្តីប្រពន្ធដែលទើប​រៀបការ​ហើយ ឱ្យតមមិនឱ្យ​ទៅធ្វើ​ការងារ និង តមក្នុងរយៈពេលប្រាំថ្ងៃមិន​ឱ្យហូបម្ហូបដូចជា៖

-ម្ទេសទុំ

-ពងមាន់

-ត្រយូងចេក

-ផ្លែខ្នុរ

-ល្ពៅ

-ត្រាវគោក

-រំដេង

-ទំពាំង

ឪពុកទាំងសងខាងបឺតស្រាពាងមុន បន្ទាប់មកទើបមេអណ្តើក​បឺត ចំណែកប្ដី ប្រពន្ធ​បឺត​ក្រោយ​គេបង្អស់។ ក្នុងពិធីនេះដែរ ពួកគាត់​ផឹកស្រាពាងលេងរហូតដល់សាបស្រា លុះពេល​​ចប់​ដំណម​គ្រប់រយៈប្រាំ​ថ្ងៃហើយ ប្ដី ប្រពន្ធ និង ក្រុមគ្រួសារនាំគ្នាទៅរកត្រីនៅតាមអូរដើម្បីឱ្យ​ត្រជាក់ត្រជុំ​តាម​លក្ខណៈប្រពៃណី ដែលជាកិច្ចបញ្ចប់កម្មវិធី​រៀបការ​ទាំងស្រុង[7]

ខ-ពិធីសែនពេលចូលទៅរស់នៅភូមិបង្កើតថ្មី (តាម​ប្រពៃណី​ទំនៀម​ទម្លាប់ជនជាតិ​ដើមភាគតិចទំពូន)

តាមប្រពៃណីទំនៀមទំលាប់ របស់ជនជាតិដើមភាគតិចទំពូន នៅភូមិសិល សង្កាត់​យក្ខឡោម​ ក្រុងបានលុង គឺគេរមែងប្រារព្ធពិធី សែន​កាលណាមុននឹងចូលទៅរស់នៅភូមិ​បង្កើត​ថ្មីណាមួយ ដែលតាម​ភាសាជនជាតិដើមភាគតិចទំពូនគេនិយមហៅថា កានអៃព្រក​ស្រុក​ណាវ ទៅបើតាមជំនឿរបស់បងប្អូនជនជាតិទំពូន ដែលពួកគាត់តែងតែ​គោរពទៅលើ អារក្ស អ្នកតាព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ ដីជានិច្ចនោះ។ ពេល​ណាពួកគាត់រស់នៅ​ក្នុងភូមិ​ចាស់​យូរៗទៅ កើតមានបញ្ហាផ្សេងៗ ដូចជា មានអ្នកភូមិឈឺច្រើន ឬ ស្លាប់ច្រើន ពេលនោះចាស់ទុំ​នៅក្នុងភូមិ នាំ​គ្នា​ដើររកមើលដីមួយកន្លែងទៀត ដើម្បីបង្កើតជាភូមិថ្មី សម្រាប់ពួកគាត់​សាង​សង់​ផ្ទះ​សម្បែងរស់នៅជាបន្តទៅទៀត។

ការធ្វើពិធីផ្សងមើលដីដែលតាមភាសាជនជាតិដើមភាគតិច​ទំពូនគេនិយមហៅ​ថា​កាន នោះគឺ៖

ដំបូងគេយកអង្ករ៥គ្រាប់ និង ធ្យូង៥ដុំ (ប៉ុនកូនដៃ) ដាក់លើ​ដីនោះ ហើយយក​ចាន​គ្របពីលើរយៈពេល៥យប់ ៥ថ្ងៃ ក៏នាំគ្នាមក​ពិនិត្យ​មើល បើសិនមិនឃើញអង្ករ និង ធ្យូង​នៅក្នុងចាននោះទេ នោះ​គេ​មិនអាចជ្រើសរើសយកដីកន្លែងនោះ ធ្វើជាភូមិថ្មីសម្រាប់​រស់នៅ​បាន​​ឡើយ ហើយពួកគាត់ត្រូវដើររកកន្លែងផ្សេងទៀត។ ប៉ុន្តែ បើសិនគេ​ពិនិត្យ​ទៅឃើញថា​មានគ្រាប់​អង្ករ និង ដុំធ្យូងនៅមានសល់ខ្លះ គឺសន្មត់​ថាអាចមករស់នៅទីនោះបាន។ ពួកគាត់​ក៏នាំគ្នា ជីកអណ្តូងទឹក​សម្រាប់​ផឹក​មួយ (តំណាងឱ្យខាងស្រី) និង ជីកអណ្តូងមួយ​ទៀត​សម្រាប់​ងូត (តំណាងឱ្យខាងប្រុស) ហើយក៏រៀបចំធ្វើពិធីសែនព្រេន។ ក្នុងពិធីនេះ​ដែរ​មានរៀបចំសែនព្រេនជាពីរដំណាក់កាល គឺ៖

ដំណាក់កាលទី១«ពិធីសែនអារក្ស អ្នកតាព្រៃភ្នំ និង ម្ចាស់ទឹក​ម្ចាស់ដី»

ពិធីនេះ គេប្រារព្ធធ្វើដើម្បីសុំសង់ភូមិថ្មី ឯគ្រឿងលំដាប់សម្រាប់​សែន​ព្រេន មាន៖

-ជ្រូក២ក្បាល (ទំហំ៥ចាប់)

-មាន់២ក្បាល

-ស្រាពាងក្នុងមួយគ្រួសារ១ពាង

របៀបនៃការសែនព្រេន

ចាស់ទុំនៅក្នុងភូមិធ្វើពិធី គៀសមាត់ពាងស្រា រួចយកឈាមជ្រូក​លាយ​ជាមួយស្រា​ពាង ​ទៅស្រោចនៅមាត់ល្អាងទឹកទាំងពីរ បន់ស្រន់​ដល់​អារក្ស អ្នកតាព្រៃភ្នំ និង ម្ចាស់ទឹក ម្ចាស់ដី ឱ្យជួយថែរក្សាដល់កូនចៅ​ដែលមកនៅភូមិថ្មីនេះបានសុខចម្រើន បន្ទាប់មកនាំគ្នា​បឺត​ស្រាពាង។

លក្ខខណ្ឌពេលផឹកស្រាពាង

ចាស់ទុំ ត្រូវបឺតស្រាគ្រប់ពាងមុនគេ បន្ទាប់មកទើបបងប្អូនអ្នកភូមិ​បឺតបន្ត​តាម​ក្រោយ ពេលនោះ អ្នកភូមិចាប់ផ្តើមសាងសង់ផ្ទះ​ចូលមករស់​នៅទីកន្លែងថ្មីនេះជាបណ្តើរៗ ពេលណា​ពួកគាត់សង់ផ្ទះរួចរាល់អស់​ហើយ ក៏នាំគ្នាសង់ជារោងរួមមួយហៅថារោងភូមិ ដែល​តាមភាសា​ជន​ជាតិដើមភាគតិចទំពូន គេនិយមហៅថា រ៉ូវ។ បន្ទាប់មក ពួកគាត់ប្រមូល​លុយគ្នា​ទិញក្របី​ឃ្លៀចមួយក្បាល ក្របីខ្មៅមួយក្បាល ដើម្បីរៀប​ចំពិធី​សែនធំជាលើកទី២។

ដំណាក់កាលទី២«ពិធីសែនធំដល់ អារក្ស អ្នកតាព្រៃភ្នំ និង ម្ចាស់​ទឹកម្ចាស់ដី»

ពិធីនេះគេប្រារព្ធធ្វើឡើង ដើម្បីបួងសួងដល់អារក្ស អ្នកតាព្រៃភ្នំ និង ម្ចាស់ទឹកម្ចាស់ដី សុំឱ្យការមករស់នៅភូមិថ្មីបានសេចក្តីសុខ ចម្រុង​ចម្រើន។

គ្រឿងលំដាប់សម្រាប់សែនក្នុងពិធីមាន៖

-ក្របីឃ្លៀច១ក្បាល

-ក្របីខ្មៅ១ក្បាល

-ជ្រូក២ក្បាល

-មាន់២ក្បាល

-ស្រាក្នុងមួយគ្រួសារ១ពាង

ពេលព្រឹក អ្នកភូមិនាំគ្នាដាំបង្គោលបួនដើមនៅពីមុខរោងភូមិ ដែលតាមភាសាជន​ជាតិ​ដើមភាគតិចទំពូនគេនិយមហៅ​ថា ហ្គេ សម្រាប់​ចងក្របីឃ្លៀច និង ដាំបង្គោលបួន​ដើម​ទៀតសម្រាប់ចងក្របីខ្មៅ និង ត្បាញក្លាង។ បន្ទាប់មក ពេលល្ងាចមេកន្ទ្រាញចាត់ឱ្យអ្នកភូមិយកក្របី​ទាំងពីរទៅចងនៅបង្គោលនោះ។

ពិធីចងក្របីនៅបង្គោល

មេកន្ទ្រាញយកឈាមមាន់ លាយជាមួយស្រា ទៅស្រោច​ក្នុង​រណ្តៅបង្គោលដែលចង​ក្របីទាំងពីរ រួចហើយក្រុមសិល្បៈក្នុងភូមិ​វាយ​គង៥ផ្លែ លេងបទបណ្ដោះគ្រោះ (ទ្រូសឡាច់​ព្រះបឹក) ផឹកស្រាពាង​លេង រហូតដល់ម៉ោង៤ទៀបភ្លឺ។ បន្ទាប់មក អ្នកភូមិប្រុស ស្រី​ អម​ដោយ​ក្រុមសិល្បៈវាយគង១៣ផ្លែ ស្លៀកពាក់តាមលក្ខណៈប្រពៃណី ស្ពាយ​កា​ផា នាំគ្នា​ដើរ​ជុំវិញ​ភូមិ ដើម្បីទៅទទួលយកម្ហូបចំណីនៅតាមផ្ទះនីមួយៗ មានដូចជា អង្ករ ចេក បាយ ស្រាស និង បន្លែជាដើម មកដាក់ក្នុង​រោង​ភូមិ។

ពិធីសែនព្រេននៅថ្ងៃទី១៖ ពិធីកាប់ក្របី «កោះកាប៉ូវសែនស្រុក»

មេកន្ទ្រាញយកទៀនក្រមួន ទៅដោតលើស្នែងក្របីទាំងពីរម្ខាង​មួយ រួចហើយ​យក​អង្ករ​បាចទៅលើក្បាលក្របីទាំងពីរនោះ ហើយលើក​ដៃ​បន់ស្រន់ដល់អារក្ស និង អ្នកតាព្រៃភ្នំ ដើម្បីឱ្យគាត់ជួយថែរក្សា​ដល់​កូន​ចៅក្នុងភូមិ។ បន្ទាប់មក ក្រុមសិល្បៈវាយគង១២ផ្លែជុំវិញ​ក្របីទាំង​ពីរចំនួនបីជុំ រួចហើយអ្នកដែលមានកម្លាំងខ្លាំងម្នាក់ ចាប់ផ្តើមកាប់​ករ​ក្របី​ទាំងពីរ យកក្បាលទៅទុកលើរោងភូមិ និង យកឈាមក្របីនោះ លាយជាមួយស្រាពាង ​ទៅស្រោច​លើមាត់អណ្តូងទឹកទាំងពីរ និង ស្រោច​តាមកាំជណ្តើរផ្ទះរបស់អ្នកភូមិគ្រប់ៗផ្ទះផងដែរ។

របៀបនៃការសែនព្រេន

មេកន្ទ្រាញយកបន្ទះឫស្សីធ្វើពិធី គៀសមាត់ពាងស្រាគ្រប់ពាង ដើម្បីធ្វើការបន់​ស្រន់​ដល់អារក្ស អ្នកតាព្រៃភ្នំ តាមបែបប្រពៃណី រួចពួក​គាត់ចាប់ផ្តើមពិធីផឹកស្រាពាងម្តង។

អំពីលក្ខខណ្ឌពេលផឹកស្រាពាង ៖

មេកន្ទ្រាញត្រូវបឺតស្រាគ្រប់ពាងមុនគេ ទើបបងប្អូនអ្នកភូមិទាំង​អស់​ដែលបានចូលរួម​បឺតបន្តតាមក្រោយ។ ភ្លេងលេងកំដរក្នុងកម្មវិធី ក្រុមសិល្បៈវាយគង១៣ផ្លែ លេងបទ​សែនភូមិ កំដរបឺតស្រាពាងរហូត​ដល់ពេលរសៀល ទើបគេធ្វើពិធីទម្លាក់ក្បាលក្របីពីលើរោងភូមិ។

ពិធីទំលាក់ក្បាលក្របី

ក្រុមសិល្បៈវាយគង៥ផ្លែ ជុំវិញរោងភូមិចំនួន៥ជុំ រួចហើយគេក៏​ទម្លាក់​ក្បាលក្របីពី​លើ​រោងភូមិមកដី និង ផឹកស្រាពាងលេងកំដរ​កម្មវិធី​បន្តទៀត ដែលមានស្រា១ពាង និង ស្រាស៥ចំនួនដប។

លក្ខខណ្ឌក្នុងការផឹកស្រា

មេកន្ទ្រាញត្រូវបឺតស្រាពាងមុនគេ រួមនឹងស្រាសផងដែរ ទើប​បង​ប្អូនអ្នកភូមិបឺតបន្ត​តាម​ក្រោយរហូតដល់សាបស្រាក្នុងពាង ជាកិច្ច​បញ្ចប់ពិធីសែននៅថ្ងៃទី១។

ពិធីសែនព្រេននៅថ្ងៃទី២

ពេលព្រឹក អ្នកភូមិនាំគ្នាដុតក្បាលក្របីទាំងពីរហៅថា ស៊ីក្បាល​ក្របី ដែលតាម​ភាសាជន​ជាតិ​ដើមភាគតិចទំពូនគេនិយមហៅ​ថា អែត​ឆា​កុល ដើម្បីធ្វើពិធីបន្ត។ លំដាប់​សម្រាប់​សែនព្រេនបន្ត មាន៖

-ស្រា១ ឬ ២ពាង

-រួមនឹងត្រចៀកក្របី

របៀបនៃការសែនព្រេន

មេកន្ទ្រាញកាត់យកត្រចៀកក្របីដាក់លើមាត់ពាងស្រា រួចធ្វើ​ពិធីគៀសមាត់ពាង ដើម្បី​សុំសេចក្តីសុខពីអារក្ស និង អ្នកតាព្រៃភ្នំ បន្ទាប់​មកពួកគាត់ចាប់ផឹកស្រាពាងនោះ។

លក្ខខណ្ឌពេលផឹកស្រាពាង

មេកន្ទ្រាញត្រូវបឺតស្រាពាងមុនគេ បន្ទាប់មកអ្នកភូមិបឺតបន្តតាម​ក្រោយ។ ភ្លេង​សម្រាប់​លេងកំដរក្នុងពិធី ក្រុមសិល្បៈវាយគង៥ផ្លែ លេងបទ ចង់ហ្គូមទ្រុម ផឹករហូតសាប​ស្រាពាង ជាកិច្ចបញ្ចប់ពិធី​សែន​ថ្ងៃទី២។

ពិធីសែនព្រេនថ្ងៃទី៣

ពេលព្រឹកអ្នកភូមិនាំគ្នាដុតកន្ទុយក្របីទាំងពីរហៅថា ស៊ីកន្ទុយ​ក្របី ដែលតាមភាសា​ជន​ជាតិ​ដើមភាគតិចទំពូន គេនិយមហៅ​ថា អែត ឆាជងចាំង បន្តពិធីទៀត។

លំដាប់សម្រាប់សែនព្រេន មាន៖

ស្រា១ ឬ ២ពាង រួមនឹងកន្ទុយក្របី

របៀបនៃការសែនព្រេន

មេកន្ទ្រាញកាត់យកកន្ទុយក្របីដាក់លើមាត់ពាងស្រា ធ្វើពិធី​គៀសមាត់ពាង ធ្វើការ​បន់​ស្រន់ដើម្បីសុំសេចក្តីសុខពីអារក្ស និង អ្នក​តាព្រៃភ្នំ ជាលក្ខណៈប្រពៃណី រួចហើយនាំ​គ្នា​ផឹកស្រាពាងកំដរ។

លក្ខខណ្ឌនៃការផឹកស្រាពាង

មេកន្ទ្រាញត្រូវបឺតស្រាពាងមុនគេ បន្ទាប់មកអ្នកភូមិបឺតបន្តតាម​ក្រោយ។ ភ្លេង​សម្រាប់​កំដរក្នុងពិធី ក្រុមសិល្បៈវាយគង៥ផ្លែ លេងបទ​ចង់​ហ្គូមទ្រុម មានការច្រៀងរាំ បឺត​ស្រាពាងរហូតសាបស្រាក្នុងពាង ជាកិច្ចបញ្ចប់ពិធីបុណ្យទាំងស្រុងតាមលក្ខណៈប្រពៃណី។

លុះព្រឹកឡើង គេយកបង្គោលដែលចងក្របី ទៅទុកតាមផ្លូវ​ច្រក​ចូលក្នុងភូមិ​រយៈ​ពេល៥យប់ ៥ថ្ងៃ ដើម្បីជាដំណមកុំឱ្យអ្នកក្រៅដើរ​ចូល​ក្នុងភូមិ បើសិនមានអ្នកល្មើសនឹង​ដំណមនេះ​ ពួកគាត់ត្រូវធ្វើការផាក​ពិន័យមិនខាន[8]


ការប្រារព្ធពិធីសែនកាប់ក្របីផឹកស្រារបស់បងប្អូនជនជាតិដើមភាគតិច
(រូបថត កាសែតកម្ពុជាថ្មី ស្រង់ចេញពីអ៊ីនធើណេត)  

គ-ពិធីបុណ្យសែនភូមិ (តាមប្រពៃណីទំនៀមទម្លាប់​ជនជាតិ​​ដើម​ភាគតិចចារ៉ាយ)

ប្រពៃណីបុណ្យសែនភូមិ ដែលតាមភាសាជនជាតិភាគតិច​ចារ៉ាយ ​ហៅថា ង៉ាកយ៉ាង​ហ្គូង នោះ បើតាមទំនៀមទំលាប់ប្រពៃណី​តាំងតែពីបរមបុរាណរបស់បងប្អូនជនជាតិ​ដើម​ភាគ​តិចចារ៉ាយ ពេល​ណា​ពួកគាត់មានបញ្ហាផ្សេងៗក្នុងភូមិ ឬ មួយមានអ្នកភូមិឈឺច្រើន ពួកគាត់​តែងប្រារពធ្វើពិធីបុណ្យក្នុងភូមិ ដើម្បីសុំសេចក្តីសុខចម្រើន​សម្រាប់បងប្អូន កូនចៅទាំងអស់​គ្នាដែលរស់នៅក្នុងភូមិ ដោយមាន​ការ​រៀបចំជាដង្វាយដើម្បីថ្វាយដល់អារក្ស អ្នកតាព្រៃភ្នំ ដែលមានគ្រឿង​ដង្វាយដូចជា៖

-ក្របីខ្មៅ១ក្បាល

-ជ្រូក១ក្បាល

-ស្រា១ពាង

-ទៀនក្រមួន

-និងអង្ករជាដើម

ក្នុងការធ្វើពិធីនេះ ដែរពួកគាត់រៀបចំនៅក្នុងរោងភូមិ ដែលតាម​ភាសាជនជាតិភាគ​តិច​​ចារ៉ាយ​ហៅថា ហ្គូង ហើយកម្មវិធីនេះប្រព្រឹត្ត​ទៅ​អស់រយៈពេល២យប់ ២ថ្ងៃ និង មានចែក​ជាពីរដំណាក់កាលគឺ៖

ដំណាក់កាលទី១ «ពិធីសែនព្រេននៅថ្ងៃទី១»

ពេលព្រឹកអ្នកភូមិនាំគ្នាធ្វើបង្គោលបួនដើម (ដែលតាមភាសា​ជនជាតិ​ភាគតិចចារ៉ាយ ហៅថា កុងហ្គា) នៅពីមុខរោងភូមិ រួចហើយ​យក​ក្របីទៅចងនៅកន្លែងបង្គោលនោះ។ លុះ​ដល់ពេលរសៀលបន្តិច ពួកគាត់កាប់ជ្រូកមុន[9] ដើម្បីយកថ្លើមសម្រាប់ធ្វើពិធីសែនព្រេន។

របៀបនៃការសែនព្រេន

មេកន្ទ្រាញ និង អ្នកភូមិកាន់អង្ករម្នាក់មួយចានដែលមាន​ដុត​ទៀនក្រមួននៅមាត់ចាន រួចបាចអង្ករទៅលើក្របីចំនួនមួយដង ហើយ​ធ្វើការបួងសួងដល់អារក្ស និង អ្នកតាព្រៃភ្នំ ឱ្យ​គាត់ជួយថែរក្សាដល់​កូនចៅដែលរស់នៅក្នុងភូមិជួបតែសេចក្តីសុខ។ បន្ទាប់មក មេកន្ទ្រាញ​យក​ឈើដោតថ្លើមជ្រូកឆៅ ដាក់លើមាត់ពាងស្រាដែលនៅលើរោងភូមិ ដើម្បីធ្វើពិធីគៀសមាត់​ពាងស្រាមុនគេ រួចអ្នកភូមិគៀសបន្តតាមក្រោយគ្រប់ៗគ្នា។

លក្ខខណ្ឌពេលផឹកស្រាពាង៖

មេកន្ទ្រាញបឺតស្រាមុនគេ បន្ទាប់មកចាស់ទុំ ចំណែកអ្នកភូមិទាំង​អស់​បឺតបន្តតាម​ក្រោយ។ ភ្លេងសម្រាប់កំដរក្នុងពិធី គឺក្រុមសិល្បៈក្នុង​ភូមិវាយគង១៣ផ្លែ លេងបទទ្រូមចល ផឹកលេងរហូតដល់​សាប​ស្រា បញ្ចប់ពិធីថ្ងៃទី១ ដំណាក់កាលទី១។

ពិធីសែនព្រេននៅថ្ងៃទី២ ៖

ពេលព្រឹកមេកន្ទ្រាញ និង អ្នកភូមិមកជួបជុំគ្នានៅ រោងភូមិ​ដើម្បីរៀបចំធ្វើពិធី​កាប់​ក្របីទៅតាមគន្លងប្រពៃណីរបស់ពួកគាត់។

ពិធីកាប់ក្របី

មុននឹងពួកគាត់ធ្វើការកាប់ក្របី មេកន្ទ្រាញ និង អ្នកភូមិកាន់​អង្ករ​ម្នាក់មួយចាន​ដែល​មានដុតទៀនក្រមួននៅមាត់ចាន រួចបាចអង្ករ​ទៅលើក្របីចំនួនមួយដង ហើយធ្វើការបួង​សួងដល់អារក្ស និង អ្នកតា​ព្រៃ​ភ្នំ។ បន្ទាប់ មកក្រុមសិល្បៈនៅក្នុងភូមិវាយគង១៣ផ្លែ ជុំវិញ​ក្របី​ចំនួន​មួយជុំ រួចហើយមេកន្ទ្រាញចាត់ឱ្យអ្នកភូមិដែល មានកម្លាំងម្នាក់ យកកាំបិត​កាប់​កក្របី ហើយយកក្បាលក្របីនោះដាក់លើបង្គោល កុង​ហ្គា ចំណែកសាច់ក្របី មេកន្ទ្រាញ​ធ្វើការបែងចែកដល់អ្នកភូមិគ្រប់​ក្រុម​គ្រួសារ និង កាត់ថ្លើមក្របីជូនពួកគាត់ផងដែរ​សម្រាប់​យក​ទៅធ្វើពិធី​សែន​ព្រេននៅតាមផ្ទះរៀងៗខ្លួន ឯសាច់ និង ថ្លើមមួយចំណែកទៀត ទុកនៅ​រោងភូមិ សម្រាប់ធ្វើពិធីសែនព្រេនបន្ត និង សម្រាប់ទុកហូប​ចុក​រួមគ្នា។

របៀបនៃការសែនព្រេន

បន្ទាប់ពីអ្នកភូមិធ្វើពិធីសែនតាមផ្ទះរៀងៗខ្លួនរួចហើយ ពួកគាត់​មកជួបជុំគ្នានៅរោង​ភូមិ​វិញ ពេលនោះ មេកន្ទ្រាញយក​ឈើដោតថ្លើម​ក្របីឆៅ និង ថ្លើមជ្រូកឆៅដាក់លើមាត់​ពាងស្រា រួចយកបន្ទះឫស្សី​មក​ធ្វើពិធីគៀសមាត់ពាង (ដែលតាមភាសាជនជាតិភាគតិច​ចារ៉ាយ​​ហៅថា ហ្កាយកាស) ដើម្បីធ្វើការបួងសួងដល់អារក្ស និង អ្នកតាព្រៃភ្នំ ជួយ​ថែរក្សា​កូនចៅក្នុងភូមិរបស់ពួកគាត់ រួចហើយឈានចូលកម្មវិធីផឹកស្រា​ពាងកំដរ។

លក្ខខណ្ឌនៃការផឹកស្រាពាង

មេកន្ទ្រាញបឺតស្រាមុនគេ បន្ទាប់មកចាស់ទុំ ចំណែកអ្នកភូមិ​ទាំងអស់បឺត​បន្តតាម​ក្រោយរហូតដល់ពេលរសៀល ទើបធ្វើពិធីបន្ត​ទៀត។

ពិធីសែនទម្លាក់ក្បាលក្របី

ក្រុមសិល្បៈវាយគង១៣ផ្លែ និង វាយស្គរធំ ជុំវិញបង្គោល​ដាក់​ក្បាល​ក្របីចំនួនមួយជុំ រួចមេកន្ទ្រាញដាក់ ក្បាលក្របីចុះមកក្រោម ដើម្បី​ធ្វើការសែនព្រេនបន្ត។

របៀបនៃការសែនព្រេន

មេកន្ទ្រាញយកថ្លើមក្របី និង ថ្លើមជ្រូក ដាក់លើមាត់ពាងស្រា​រួចយកបន្ទះឫស្សី ធ្វើ​ពិធីគៀសមាត់ពាង ហើយធ្វើការបួងសួងដល់​អារក្ស និង អ្នកតាព្រៃភ្នំ បន្ទាប់មកពួកគាត់​ផឹក​ស្រា​ពាងដើម្បីកំដរ​ក្នុង​កម្មវិធីបន្តទៀត។

លក្ខខណ្ឌនៃការផឹកស្រាពាង

មេកន្ទ្រាញបឺតស្រាមុនគេ បន្ទាប់មកចាស់ទុំ ចំណែកអ្នកភូមិទាំង​អស់​បឺត​បន្ត​តាម​ក្រោយរហូតសាបស្រាក្នុងពាងអស់ ជាកិច្ចបញ្ចប់ពិធី​បុណ្យសែនភូមិទាំងស្រុងក្នុងដំណាក់​កាល​ទី១។ ដំណមជាលក្ខណៈប្រពៃណី នៅក្នុងរយៈពេល២ថ្ងៃ ២យប់ នេះដែរ តាម​ប្រពៃណី​របស់ពួកគាត់ គឺមានដំណមមិនឱ្យអ្នកភូមិទៅចម្ការ ឬ ទៅ​ធ្វើការងារអ្វីឡើយ បើមិន​ដូច្នោះទេក្រុមគ្រួសារផ្ទាល់ ឬ មួយបងប្អូន​នៅ​ក្នុងភូមិនឹងមានបញ្ហា ដូចជា ឈឺថ្កាត់មិនខាន។ លុះពេលណាអ្នក​ភូមិ​មានលទ្ធភាពមួយ ឬ ពីរឆ្នាំក្រោយមក ពួកគាត់ត្រូវរៀបចំពិធី​សែនព្រេន​ជាដំណាក់កាលទី២ម្តងទៀត មានលក្ខណៈដូចដំណាក់កាលទី១ដែរ តែគេតម្រូវឱ្យកាប់​ក្របី​ឃ្លៀចវិញម្តង[10]

ឃ-ពិធីសែនចម្ការ (តាមប្រពៃណីទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​លុន)

ប្រពៃណីសែនចម្ការ ដែលតាមភាសាជនជាតិដើមភាគតិចលុន​គេហៅថា សែនព្រី នោះ គឺជាប្រពៃណីទំនៀមទំលាប់របស់បងប្អូន​ជន​ជាតិ​ដើមភាគតិចលុន ដែលតែងប្រារព្ធធ្វើ​តាំងពីយូរលង់ណាស់​មក​ហើយ។ តាមទម្លាប់ពួកគាត់ធ្វើចម្ការជាលក្ខណៈវិលជុំ ពេលណាដាំ​ស្រូវ​លើដីចម្ការចាស់មិនសូវបានផល ពួកគាត់យល់ថាដីនោះអស់ជីជាតិ​ហើយ ត្រូវរកដីកន្លែង​ផ្សេងទៀត កាប់ឆ្ការព្រៃសម្រាប់ដាំស្រូវបន្ត ហើយ​មុននឹងពួកគាត់ចាប់ផ្តើមដាំស្រូវ ពួកគាត់​តែង​មាន​រៀបចំពិធីសែនព្រេន បន់ស្រន់ ទៅដល់អារក្ស អ្នកតាព្រៃភ្នំ និង ម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំ​សេចក្តី​សុខ និង សុំឱ្យបានផលដំណាំច្រើនផងដែរនៅកន្លែងដីដែលថ្មី​នោះ តាំងពី​ចាប់ផ្តើមកាប់ឆ្កាព្រៃ រហូតដល់ប្រមូលផលដាក់ក្នុងជង្រុក។ ក្នុងការរៀបចំពិធីសែនព្រេននេះ​ មានចែកជា ប្រាំមួយដំណាក់កាលគឺ៖

ដំណាក់កាលទី១៖ មុនកាប់ព្រៃ តាមភាសាជនជាតិដើមភាគតិច​លុន​គេហៅថា «សែនព្រី»

គ្រឿងលំដាប់សម្រាប់រៀបចំសែនព្រេន មាន៖

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-កាំបិតផ្គាក់មួយ

-ដឹងមួយ

-ទៀនក្រមួនមួយគូរ

-ស្លា-ម្លរ-ថ្នាំជក់

-បាយ-អង្ករមួយកូនចាន

-រាន (រ៉ាន) មួយកំពស់ប្រហែល០.៦ម៉ែត្រ

-កូនចេកមួយដើម។

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការដាំកូនចេកមួយដើមនៅក្បែររាន (តាមភាសាជនជាតិ​ដើម​ភាគតិចលុន​គេ​ហៅថា រ៉ាន) រួចហើយយកមាន់ស្ងោរទៅដាក់​លើ​រាន​នោះ បន្ទាប់មក រៀបប៉ឹង ក្រម៉ា បាយ ម្លូរ ស្លា ថ្នាំជក់ និង អង្ករមួយ​ចាន ដាក់ក្នុង​ចង្អេរ​មួយ ចំណែកកាំបិតផ្គាក់ និង ដឹង គឺដាក់​នៅក្បែរ​ចង្អេរ រួចដុតទៀនមួយដើមនៅលើរាន និង មួយដើមទៀត​ដុតក្នុងចាន​អង្ករ ធ្វើពិធី​បន់​ស្រន់ រួចយកទៀនដែលដុតនោះមកដោតលើ​មាត់​ពាង​ស្រា​ម្តង និង យកឈើដោតក្បាល​មាន់​ឆ្អិនដាក់លើមាត់ពាង រួចយក​បន្ទះ​ឫស្សី​ធ្វើពិធី​គៀសមាត់ពាង បន់ស្រន់ដល់អារក្ស អ្នកតាព្រៃ​ភ្នំ និង ម្ចាស់ទឹកម្ចាស់ដី សុំឱ្យកូនចៅមកធ្វើ​ចម្ការដីថ្មីនេះ បានសេចក្តីសុខ​ចម្រើន បន្ទាប់មក​គេ​ផឹកស្រាពាងសែនព្រេននោះ។

លក្ខខណ្ឌពេលផឹកស្រាពាង៖

ម្ចាស់ចម្ការត្រូវបឺតស្រាពាងមុន បន្ទាប់មកញាតិមិត្តបឺតតាម​ក្រោយ ​រហូតសាបស្រា​បញ្ចប់ពិធីសែនដំណាក់កាលទី១។

ដំណាក់កាលទី២៖ ពេលកាប់ព្រៃដុតសំអាតរួច តាមភាសា​ជនជាតិដើមភាគតិចលុន​គេហៅថា «សែនកាឡេះឡង»

គ្រឿងលំដាប់សម្រាប់សែនព្រេនមាន

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-ទៀនក្រមួនមួយគូរ

-សំបកឈើ

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការយកចង្អេរមួយដាក់មាន់ស្ងោរ-ប៉ឹង-ក្រម៉ា- និង អង្ករ​មួយ​ចាន រួចដុតទៀន​មួយ​ដើមក្នុងចានអង្ករ ហើយយកអង្កាមនៅក្នុង​ពាង​ស្រាមកលាយជាមួយសម្បកឈើ បន្ទាប់​មក យកស្រាលាយ​ជាមួយ​ឈាមមាន់ ស្រោចទៅលើសំបកឈើ ធ្វើការបន់ស្រន់ រួចហើយ​យកទៀនពីចានអង្ករមកដោតលើមាត់ពាងស្រាម្តង និង យកឈើដោត​ក្បាលមាន់ឆ្អិន​ដាក់​លើ​មាត់ពាងដើម្បីធ្វើពិធីគៀសមាត់ពាង បន់ស្រន់​ដល់អារក្ស និង អ្នកតា ព្រៃភ្នំ ដើម្បីសុំដាំស្រូវ​រួច​ហើយគេចាប់ផ្តើម​ផឹក​ស្រាពាងដែលគេសែនព្រេននោះ។

លក្ខខណ្ឌពេលផឹកស្រាពាង៖

ម្ចាស់ចម្ការបឺតស្រាពាងមុន បន្ទាប់មកញាតិមិត្តបឺតតាមក្រោយ​រហូត​សាបស្រា​បញ្ចប់​ពិធីសែនដំណាក់កាលទី២។

ដំណាក់កាលទី៣៖ ពេលដាំស្រូវរួចរាល់ភ្លាម តាមភាសា​ជនជាតិដើមភាគតិច​លុនគេហៅថា «ស្រោចសាទៅ»

គ្រឿងលំដាប់សម្រាប់សែនព្រេនក្នុងពិធីនេះមាន

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-ទៀនក្រមួនមួយគួរ

-ឃ្នៀ (គ្នើល) មួយ

-ឈើបុកដាំស្រូវពីរ

-បំពងឫស្សីដាំស្រូវពីរ

-ស្រូវមួយកាផាតូច

-ម្លូរ-ស្លា-ថ្នាំជក់

-បាយ

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការជីកដីកប់ដងឃ្នៀ ហើយយកមាន់ស្ងោរ បាយ ម្លូរ ស្លា និង ថ្នាំជក់ ដាក់​លើ​ឃ្នៀ ដុតទៀនមួយដើម និង យកចង្អេរមួយដាក់ប៉ឹង ក្រម៉ា និង អង្ករមួយចាន ដុតទៀន​មួយ​ដើម ធ្វើការបន់ស្រន់ បន្ទាប់មក​យកទៀនដែលដុតនោះមកដោតលើមាត់ពាង និង យកឈើ​ដោត​ក្បាល​មាន់ឆ្អិន ដាក់លើមាត់ពាងស្រាធ្វើពិធីគៀសមាត់ពាង បន់ស្រន់​ដល់​អារក្ស និង អ្នកតាព្រៃភ្នំ ដើម្បីសុំឱ្យភោគផលស្រូវបានល្អ រួចនាំគ្នា​ផឹកស្រាពាងលេង។

លក្ខខណ្ឌពេលផឹកស្រាពាង

ម្ចាស់ចម្ការបឺតស្រាពាងមុន ញាតិមិត្តបឺតតាមក្រោយរហូតសាប​ស្រា​អស់បញ្ចប់ពិធី​សែន​ដំណាក់កាលទី៣។

ដំណាក់កាលទី៤ ៖ ពេលណាស្រូវលាស់បែកគុម្ព តាមភាសា​ជនជាតិដើម​ភាគតិច​លុនគេហៅថា «សយមើល»

គ្រឿងលំដាប់សម្រាប់សែនព្រេន មាន៖

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-ទៀនក្រមួនមួយគូរ

-ម្លូរ-ស្លា-ថ្នាំជក់

-អង្ករមួយចាន

-រាន (រ៉ាន) មួយកំពស់ប្រហែល១.២ម៉ែត្រ ដែលមានចង​ស្លឹក​ឈើ និង ចងកង់កង់តាមសសរទាំងបួន។

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការយកមាន់ស្ងោរ បាយ ម្លូរ ស្លា ថ្នាំជក់ ដាក់លើរាន និង យកបឹង ក្រម៉ា អង្ករ​មួយចាន រៀបដាក់ក្នុងចង្អេរមួយ រួចដុតទៀនមួយ​ដើម​នៅលើរាន និង ដុតមួយដើមទៀត​ក្នុង​ចានអង្ករ ធ្វើពិធីបន់ស្រន់ បន្ទាប់មកយកទៀនដុតក្នុងចានមកដោតលើមាត់ពាង និង យក​ឈើ​ដោត​ក្បាលមាន់ឆ្អិន ដាក់លើមាត់ពាងស្រា ធ្វើពិធីគៀសមាត់ពាង​ដើម្បី​ធ្វើការបន់ស្រន់​ដល់​អារក្ស និង អ្នកតាព្រៃភ្នំ រួចនាំគ្នាផឹកស្រា​ពាង​លេង។

លក្ខខណ្ឌពេលផឹកស្រាពាង ៖

ម្ចាស់ចម្ការបឺតស្រាពាងមុន ញាតិមិត្តបឺតបន្តតាមក្រោយ រហូត​សាបស្រាក្នុងពាង ក្នុងពិធីសែន សយមើលនេះដែរ ម្ចាស់ចម្ការយក​ស្លឹក​ឈើដែលចងនៅរាន​ទៅដាក់តាមផ្លូវ​ច្រក​ចូលចម្ការ ជាដំណមមិនឱ្យអ្នក​ដើរចូលចម្ការរយៈពេល៣យប់ ៣ថ្ងៃ។ ដំណមតាមប្រពៃណី បើសិន​មានអ្នកក្រៅដើរចូលនៅពេលគេកំពុងដំណមនោះ ម្ចាស់ចម្ការធ្វើការ​ផាក​ពិន័យ​មាន​ដូចជា៖

-មាន់១ក្បាល

-ស្រា១ពាង

ដំណាក់កាលទី៥៖ ពេលណាស្រូវទុំ តាមភាសាជនជាតិដើម​ភាគតិចលុនគេហៅថា «ប្រាស់ម៉ក»

គ្រឿងលំដាប់សម្រាប់សែនមាន

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-ទៀនក្រមួនមួយគូរ

-ម្លូរ-ស្លា-ថ្នាំជក់

-អង្ករមួយចាន

-អំបុកមួយចាន ។

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការយកចង្អេរមួយដាក់មាន់ស្ងោរ បាយ ម្លូរ ស្លា ថ្នាំជក់ ប៉ឹង ក្រម៉ា អំបុក និង អង្ករមួយបាន រួចដុតទៀននៅក្នុងចានអង្ករ​មួយ​ដើម ធ្វើការបន់ស្រន់ ហើយកាត់យកគូស្រូវ​មក​ចង​នៅកពាងស្រា រួច​យក​ទៀនដែលដុតនោះមកដោតលើមាត់ពាង និង យកឈើដោត​ក្បាលមាន់ឆ្អិនដាក់លើមាត់ពាង ធ្វើពិធីគៀសមាត់ពាងបន់ស្រន់ដល់​អារក្ស និង អ្នកតាព្រៃភ្នំ។

លក្ខខណ្ឌពេលផឹកស្រាពាង

ម្ចាស់ចម្ការបឺតស្រាពាងមុន ញាតិមិត្តក្នុងភូមិបឹតបន្តតាមក្រោយ​រហូតដល់សាបស្រា​ ជាកិច្ចបញ្ចប់នៃការសែនព្រេនដំណាក់កាលទី៥។

លុះពេលណាពួកគាត់បូតស្រូវ ទុកដាក់​ក្នុង​ជង្រុករួចរាល់ហើយ គេត្រូវរៀបចំពិធី​សែន​ព្រេនម្ត​ងទៀត ទៅតាមទីតាំងដែលគេទុកដាក់​ស្រូវនោះ។

ដំណាក់កាលទី៦៖ ពេលប្រមូលភោគផលហើយ តាមភាសា​ជនជាតិដើមភាគតិច​លុន​គេ​ហៅថា «ប៉ាទឹកចេះ»

គ្រឿងលំដាប់សម្រាប់សែន មាន៖

-មាន់១ក្បាល

-ស្រា១ពាង

-ប៉ឹងមួយ

-ក្រម៉ាមួយ

-ទៀនក្រមួនមួយគូរ

-ម្លូរ-ស្លា-ថ្នាំជក់

-អង្ករមួយចាន

-កួរស្រូវមួយបាច់

របៀបនៃការសែនព្រេន

ម្ចាស់ចម្ការយកចង្អេរមួយដាក់មាន់ស្ងោរ បាយ ម្លូរ ស្លា ថ្នាំជក់ បឹង ក្រម៉ា កួរស្រូវ និង អង្ករមួយចាន យកទៅដាក់លើជង្រុកស្រូវ រួចដុតទៀនមួយដើមដោតក្នុងចានអង្ករ ហើយ​ស្រោច​ស្រាទៅលើ​កួរ​ស្រូវ និង ធ្វើការបន់ស្រន់ បន្ទាប់មកគេចងកួរស្រូវទុកក្នុងជង្រុក រួច​ហើយ​យកគ្រឿងសំណែនទាំងនោះចុះមកក្រោមវិញ និង ដុតទៀនមួយ​ដើមទៀត​ដោតលើ​មាត់ពាង រួចយកឈើដោតក្បាលមាន់ឆ្អិនដាក់ពីលើ​មាត់ពាងស្រាធ្វើពិធីគៀសមាត់ពាង បន់​ស្រន់ដល់អារក្ស និង អ្នកតា​ព្រៃភ្នំជាថ្មីម្តងទៀត រួចបន្តកម្មវិធីផឹកស្រាពាង។

លក្ខខណ្ឌពេលផឹកស្រាពាង ៖

ម្ចាស់ចម្ការត្រូវបឺតស្រាពាងមុនគេ ញាតិមិត្តក្នុងភូមិបឹតបន្តតាម​ក្រោយលេងរហូត​សាប​ស្រានៅក្នុងពាង ទើបបញ្ចប់កម្មវិធីសែនចម្ការ​ទាំងស្រុង តាមលក្ខណៈប្រពៃណី​របស់​ពួកគាត់[11]

ង-ពិធីសែនអ្នកជម្ងឺ (តាមប្រពៃណីទំនៀមទំលាប់របស់​ជនជាតិ ដើមភាគតិចព្រៅ)

ប្រពៃណីសែនអ្នកជម្ងឺ ដែលតាមភាសាជនជាតិដើមភាគតិច​ព្រៅ​ហៅថា អារាក់​តាស នោះ គឺជាប្រពៃណីរបស់បងប្អូនជនជាតិ​ដើម​ភាគតិចព្រៅ។ ដូចគ្នានឹងបងប្អូនជនជាតិ​ដើម​ភាគតិចដទៃទៀតដែរ ដែល​តាមទំនៀមទម្លាប់របស់គាត់ បងប្អូនជនជាតិ​ដើមភាគ​តិច​ព្រៅ តែងមានជំនឿគោរពទៅលើអារក្ស ហើយចាត់ទុកអារក្សថា ជាអ្នក​តំណាង​ឱ្យព្រះអទិទេព ជាអ្នកមានរិទ្ធីបារមីខ្លាំងពូកែ អាចជួយថែរក្សា​ដល់​មនុស្សសត្វបាន ដូច្នេះហើយ ពេលណា​ពួកគាត់មានជំងឺឈឺថ្កាត់​ធ្ងន់ធ្ងរ ឬ អ្នកភូមិជួបគ្រោះថ្នាក់អ្វីផ្សេងៗ ពេលនោះក្រុមគ្រួសារអ្នក​ជំងឺ និង ចាស់ទុំតែងរកមេអារក្ស (ជាស្រីម្នាក់ តាមភាសាជនជាតិដើមភាគ​តិចព្រៅហៅថា ប៉មប្រាស់) ដើម្បីទស្សន៍ទាយមើលពីអាការៈជំងឺនោះ បើសិនមេអារក្សតម្រូវឱ្យកាប់ក្របី ជ្រូក មាន់ ឬ ស្រាពាងរៀបចំសែន​ព្រេន ក្រុមគ្រួសារត្រូវតែរៀបចំពិធីតាមការទស្សន៍ទាយទៅតាម​លក្ខណៈ​ប្រពៃណី ដើម្បីឱ្យអារក្សជួយដល់កូនចៅឆាប់បានជា​សះស្បើយ​ពីជំងឺ ហើយចំពោះ​ការ​រៀបចំពិធីសែនព្រេនអារក្សនេះដែរ គេបានចែក​ចេញ​ជាពីរប្រភេទគឺ៖

ប្រភេទទី១៖ «ពិធីសែនព្រេនជូនអារក្ស ចំពោះអ្នកជម្ងឺដែលត្រូវ​អំពើអាបធ្មប់»

របៀបនៃការសែនព្រេន មាន៖

ពេលព្រឹកបងប្អូនអ្នកភូមិនាំគ្នាធ្វើបង្គោលបួនដើម សម្រាប់ចង​ក្របី (តាមភាសា​ជន​ជាតិ​ដើមភាគតិចព្រៅហៅថា រ៉ាន) នៅផ្ទះអ្នកជំងឺ។

គ្រឿងលំដាប់សម្រាប់សែនក្នុងពិធី មាន

-ក្របី១ក្បាល

-ជ្រូក១ក្បាល

-មាន់១ក្បាល

-ស្រា១ពាង

-ទៀនក្រមួន២ដើម

-អង្ករ១ចាន

-ស្រាសរ១ដប

-អំបោះ១ដុំ

ពិធីសែនចងក្របីពេលល្ងាច

ចាស់ទុំយកកន្ទេលមកក្រាលនៅកន្លែងបង្គោល សម្រាប់ចងក្របី រួចហើយ​រៀបចំ​គ្រឿង​លំដាប់រួមមាន ទៀនក្រមួន២ដើម អង្ករ១ចាន ស្រាសរ១ដប និង អម្បោះ១ដុំ ដាក់លើ​កន្ទេល។ បន្ទាប់មក មេអារក្ស​យកអង្ករបាចទៅលើក្បាលក្របី រួចធ្វើពិធីបន់ស្រន់ដល់​អារក្ស​ឱ្យជួយ​ដល់អ្នកជម្ងឺឆាប់បានជាសះស្បើយ។

ពិធីសែនព្រេនផឹកស្រាពាងកំដរ

មេអារក្សយកឈើដោតថ្លើមជ្រូកឆ្អិន ដាក់លើមាត់ពាងស្រា រួច​យកបន្ទះឫស្សី​ធ្វើ​ពិធីគៀសមាត់ពាង បន្ទាប់មកពួកគាត់នាំគ្នាផឹក​ស្រា​ពាងនោះ។

លក្ខខណ្ឌពេលផឹកស្រាពាង៖

មេអារក្សបឺតស្រាពាងមុនគេបង្អស់ បន្ទាប់មកចាស់ទុំបឺតបន្ត សាច់ញ្ញាតិ និង បងប្អូន​អ្នក​ភូមិបឺតក្រោយគេ រហូតដល់សាបស្រាក្នុង​ពាង​អស់។ ភ្លេងលេងកំដរក្នុងពិធីចងក្របី ក្រុម​សិល្បៈវាយគង៥ផ្លែ លេងបទ ម៉េម៉ល និង បទហ្កងទ្រូម វាយរហូតដល់ភ្លឺទើបគេធ្វើពិធីកាប់​ក្របី។

ពិធីកាប់ក្របីពេលព្រឹក

បន្ទាប់ពីមេអារក្ស និង ក្រុមគ្រួសារព្រមទាំងអ្នកជំងឺបាចអង្ករទៅ​លើក្បាលក្របី​ធ្វើការ​បន់ស្រន់ដល់អារក្សរួចហើយ ពេលនោះអ្នកភូមិពីរ​នាក់ដែលមានកម្លាំងខ្លាំង យកកាំបិត​ផ្គាក់​កាប់ជើងក្របីឱ្យដួល និង យក​ពូថៅវ៉ៃក្បាលក្របី ព្រមទាំងយកកាំបិតស្នៀត ឬ លំពែងចាក់​បន្តិច​ម្តងៗ រហូតដល់ក្របីនោះស្លាប់ ទើបគេកាត់យកក្បាលក្របីដាក់ក្នុង​ចង្អេរ ហើយយក​ទៅទុកលើផ្ទះ ទុកសម្រាប់ឱ្យមេអារក្សធ្វើពិធីសែន​ដោះ​អំពើ។ បន្ទាប់ពីធ្វើពិធីកាប់ក្របីហើយ ពួកគាត់នាំគ្នាផឹកស្រាពាង​កំដរ។

ពិធីសែនព្រេនផឹកស្រាពាងកំដរ ៖

មេអារក្សយកឈាមក្របីឆៅ ស្រោចលើមាត់ពាងស្រាមួយពាង រួចយកបន្ទះឫស្សីធ្វើ​ពិធីគៀសមាត់ពាងស្រានោះ និង ធ្វើពិធីគៀសមាត់​ពាងស្រា​ដែលមានផ្សេងទៀតផងដែរ ដើម្បី​បន់ស្រន់ដល់អារក្ស។

លក្ខខណ្ឌក្នុងការផឹកស្រាពាងស្រោចឈាមក្របី

មេអារក្សបឺតស្រាពាងមុនគេបង្អស់ បន្ទាប់មកចាស់ទុំបឺតបន្ត ចំពោះសាច់ញ្ញាតិ បង​ប្អូន និង អ្នកភូមិបឺតស្រាដែលមិនមានស្រោច​ឈាម​ក្របី រហូតដល់ពេលរសៀល​ទើប​គេរៀប​ចំ​ធ្វើ​ពិធីបន្តទៀត។

ពិធីដោះអំពើ តាមភាសា​ជន​ជាតិ​ដើមភាគតិចព្រៅ ហៅថា «ដដក»

ក្នុងពិធីដោះអំពើនេះដែរ គេធ្វើជាលក្ខណៈពីរបែបគឺ៖

១-មេអារក្សយកក្រម៉ាមកចាប់លើខ្លួនអ្នកជំងឺដើម្បីដកយកដែក ឬ ប្រទាលចេញ​ពី​ក្នុងសាចរបស់អ្នកជំងឺ

២-មេអារក្សយកម្សៅពួតជាដុំ
ហើយលុញលើខ្លួនអ្នកជំងឺ រួច​ហែកដុំម៉ៅយកដែក ឬ ប្រទាលដែលត្រូវអំពើរបស់អាបធ្មប់ចេញ។

បន្ទាប់ពីធ្វើកិច្ចដោះអំពើរួចហើយ
មេអារក្សត្រូវធ្វើការទស្សន៍​ទាយមើលពីអាការៈជំងឺ​ម្តង​ទៀត
បើសិនមេអារក្សទស្សន៍ទាយ​ទៅ​ឃើញ​ថាការរៀបចំពិធីសែនព្រេនដោះអំពើថ្ងៃនេះ មិនទាន់អស់ទេ
ពេល​នោះមេអារក្សតម្រូវឱ្យក្រុមគ្រួសាររៀបចំសែនព្រេនបន្ត ដោយ​កាប់​គោ​ម្តង
ដើម្បីរៀបចំពិធីសែនដល់អារក្សម្តងទៀត។

ដំណមតាមប្រពៃណី
តាមភាសា​ជន​ជាតិ​ដើមភាគតិចព្រៅ​ហៅថា
«កាគ្រាំង»

គ្រួសារអ្នកជំងឺយកខ្សែមកចងមុខផ្ទះ
ដើម្បីជាសញ្ញាកុំឱ្យអ្នក​ក្រៅ​ដើរចូលមកក្នុង​ផ្ទះ​រយៈពេល៧យប់ ៧ថ្ងៃ ហើយក្នុងរយៈដំណម​នេះដែរ គ្រួសារអ្នកជំងឺតមមិនឱ្យទៅទារបស់​របរដែលគេជំពាក់ឡើយ បើមិនដូច្នោះទេ អ្នកជំងឺនឹងត្រូវឈឺឡើងវិញ
ពេលនោះគេត្រូវរៀបចំ​ធ្វើពិធីសែនព្រេនតូចម្តងទៀតមិនខាន។

ពិធីសែនព្រេនដល់អ្នកជំងឺសារជាថ្មី តាមភាសា​ជន​ជាតិ​ដើម​ភាគតិចព្រៅហៅថា
«កាត្រាប»

គ្រឿងលំដាប់សម្រាប់សែន
មាន៖

-មាន់១ក្បាល

-ស្រា១ពាង

-អង្ករ

-អម្បោះ

-ថ្នាំជក់-ម្លូរ

-បាយ

-ទៀនក្រមួន

របៀបនៃការសែនព្រេន
មេអារក្សធ្វើពែរ (តាមភាសា​ជន​ជាតិ​ដើមភាគតិចព្រៅ​ហៅ​ថា
ហ្គែ) មួយដាក់គ្រឿងលំដាប់មានដូចជា អង្ករ អម្បោះ ថ្នាំជក់ បាយ គ្រឿងក្នុងមាន់ និង ដុតទៀនក្រមួនមួយដើម រួច​យកឈើដោតថ្លើមមាន់ឆ្អិនដាក់លើមាត់ពាង ធ្វើពិធីគៀសមាត់​ពាង​ស្រា ដើម្បីបន់ស្រន់ដល់អារក្សកុំឱ្យខឹងសម្បាដល់កូនចៅ។

ប្រភេទទី២៖ «ពិធីសែនព្រេនចំពោះអ្នកជំងឺដែលត្រូវអំពើ ខ្មោច​ព្រាយបីសាច»

គ្រឿងលំដាប់សម្រាប់សែនព្រេន
មាន៖

-មាន់១ក្បាល

-ស្រា១ពាង

-អង្ករ

-អម្បោះ

-ថ្នាំជក់-ម្លូរ

-បាយ

-ស្រា១ដប

-អម្បែងឃ្លោក

-ផ្កាក្រហម

-គ្រឿងក្នុងមាន់

-ទៀនក្រមួន

-ពែរមួយ

របៀបនៃការសែនព្រេន៖

មេអារក្សរៀបចំគ្រឿងលំដាប់មាន
ស្រា អង្ករ អម្បោះ ថ្នាំជក់ ម្លូរ បាយ គ្រឿងក្នុង​មាន់ ផ្កាក្រហម ស អម្បែងឃ្លោក និង ទៀន
ដាក់ក្នុងពែរ (ហ្គែ) រួចហើយយកទៅក្រោយផ្ទះ បន្ទាប់មកមេរក្សយក​ឈាមមាន់ដាក់ក្នុងអម្បែងឃ្លោក ដុតទៀនធ្វើពិធីគៀសមាត់​ពាងស្រា​ដើម្បីបន់ស្រន់ដល់ខ្មោចព្រាយបីសាចកុំឱ្យខឹងសម្បានឹងកូនចៅ រួច​ហើយ​យកកាំបិតគូសដី
កុំ​ឱ្យ​ខ្មោច​ព្រាយបីសាចឆ្លងចូលមកដល់ផ្ទះ​ទៀតជាកិច្ចបញ្ចប់ពិធី[12]

ច-ពិធីបន់ស្រន់ផ្ទះ (តាមប្រពៃណីទំនៀមទំលាប់ជនជាតិ​ដើម​ភាគតិច​កាវ៉ែត)

ប្រពៃណីសែនបន់ស្រន់ផ្ទះ
ដែលតាមភាសាជនជាតិដើមភាគ​តិច​កាវ៉ែត​គេហៅថា
ងៀតទឹកហាណាម នោះ គឺជាប្រពៃណីទំនៀម​ទំលាប់របស់បងប្អូនជនជាតិដើមភាគតិច កាវ៉ែត។ បើតាមប្រពៃណី​ទំនៀមទំលាប់នេះ កាលណាមុននឹងពួកគាត់រៀបចំសាងសង់ផ្ទះ ឬ ពេល​ដែលពួកគាត់យល់សប្តិឃើញអ្វីដែលមិនល្អ
ក៏ដូចជា ពេលគេ​ត្រឡប់ពីធ្វើស្រែចម្ការ ចូល​មក​នៅលើផ្ទះវិញ ពួកគាត់តែងតែរៀបចំ​សែនព្រេនដល់ខ្មោចដែលនៅថែរក្សាក្នុងផ្ទះនោះ។ ក្នុង​ពិធីសែនព្រេន​នេះ គេរៀបចំឡើងជាលក្ខណៈបីប្រភេទ គឺ៖

ប្រភេទទី១៖ «ពេលសង់ផ្ទះថ្មី»

ដំបូងគេវាស់វែងបោះបង្គោលតម្រុយសសរ
បន្ទាប់មកគេរៀបចំ​សសរ និង វាយឃ្លាប​ឱ្យហើយ ទើបរៀបពិធីសែនព្រេនសុំម្ចាស់​ទឹកម្ចាស់​ដីដើម្បីលើកផ្ទះ។

ពិធីសែនព្រេនមុន​សាង​សង់៖

គ្រឿងលំដាប់មាន៖

-ជ្រូក១ក្បាល

-មាន់១ក្បាល

-ស្រា១ពាង

របៀបនៃការសែនព្រេន

ម្ចាស់ផ្ទះដុតធូបគ្រប់ជើងសសរ
និង ដុតទៀនក្រមួនមួយដើម​នៅ​សសរកន្លោង​ រួច​ហើយយកឈាមមាន់ ឈាមជ្រូកលាយជាមួយ​ស្រាពាង ស្រោចគ្រប់ជើងសសរផ្ទះ
និង ធ្វើ​ពិធីបន់ស្រន់ រួចទើបនាំគ្នា​លើកសសរឡើង។

ពិធីផឹកស្រាកំដរ៖

ម្ចាស់ផ្ទះបឺតស្រាពាងមុន
បងប្អូនអ្នកភូមិបឺតតាមក្រោយ។

ពិធីសែនព្រេនពេលសង់ផ្ទះហើយ៖

គ្រឿងលំដាប់

-មានមាន់១ក្បាល

-ស្រា៣ពាង

របៀបនៃការសែនព្រេន

ម្ចាស់ផ្ទះយកឈាមមាន់លាយជាមួយស្រាពាង
ស្រោចគ្រប់​សសរផ្ទះ និង ដុតសម្បក​ឈើ (ដែលតាមភាសាជនជាតិដើមភាគ​តិច​កាវ៉ែតគេហៅថាទឹងហ៊ុម) នៅសសរកន្លោង រួចយកឈើដោតថ្លើម​មាន់​ដាក់លើមាត់ពាងស្រា ធ្វើពិធីគៀសម៉ាត់​ពាង​ បន់ស្រន់សុំរស់នៅ​ផ្ទះ​ថ្មី​នេះ​ឱ្យមានសេចក្តីសុខពីខ្មោចដែលថែរក្សាផ្ទះថ្មី។

ពិធីផឹកស្រាកំដរ

ម្ចាស់ផ្ទះបឺតស្រាពាងមុន
បងប្អូនអ្នកភូមិបឺតតាមក្រោយ។
ភ្លេង​លេងកំដរ អ្នកភូមិ​វាយ​​គង៥ផ្លែ វាយបទហ្គោះៗមិៗ
ផឹកលេង​១​ ទៅ២ថ្ងៃ

តាមលទ្ធភាពក្រុមគ្រួសារ​ម្ចាស់ផ្ទះចប់​ពិធី។

ប្រភេទទី២៖ «ពេលណាម្ចាស់ផ្ទះយល់សប្តិបិនល្អ»

ពេលណាម្ចាស់ផ្ទះដេកសុបិន្តឃើញអ្វីមួយដែលមិនល្អ
គេត្រូវ​រក​មេ​អារក្សដើម្បីធ្វើការ​ទស្សន៍ទាយមើល តើក្នុងសុបិន្តនោះ ​មាន​ហេតុ​ផលអ្វីដែរ។ បើសិនមេអារក្ស​ទស្សន៍​ទាយ​ទៅ តម្រូវឱ្យម្ចាស់ផ្ទះរៀបចំ​សែន​ព្រេន​ឱ្យខ្មោចដែលថែរក្សានៅក្នុងផ្ទះ
ពេលនោះម្ចាស់​ផ្ទះ​ត្រូវ​តែ​រៀបចំតាម ហើយការធ្វើពិធីនេះដែរមានរយៈ
ពេលពីរថ្ងៃគឺ៖

ថ្ងៃទី១៖ ពេលព្រឹក «ពិធីសែនព្រលឹងផ្ទះ»

គ្រឿងលំដាប់ មាន

-ជ្រូក១ក្បាល

-មាន់១ក្បាល

-ស្រា១ពាង

-ទៀនក្រមួន

-ខោអាវ សំពត់

-អង្កាំ

-អង្ករ

-អំពៅ.

-ចេកទុំ

-អម្បោះស

-សំបកឈើ (ដែលតាមភាសាជនជាតិដើមភាគតិចកាវ៉ែត​គេហៅថាទីងហ៊ុម)

-ផ្លែព្រលាក

របៀបនៃការសែនព្រេន

ចាស់ទុំ
ឬ មេអារក្សយកកញ្ជ្រោងមួយដាក់គ្រឿងលំដាប់មាន ទៀនក្រមួន ខោអាវ-សំពត់ អង្កាំ
អង្ករ អំពៅ ចេកទុំ អំបោះស សម្បក​ឈើ
(ទឹងហ៊ុម) និង យកចង្អេរ​មួយ​ទៀត​ដាក់សាច់ជ្រូក សាច់មាន់ រៀប​នៅចំកណ្តាលផ្ទះ រួចហើយយក​អម្បោះចងផ្លែព្រលាក​មួយ​នៅលើមាត់​ជណ្ដើរ ដោយប្រឡាយខ្សែអម្បោះនោះ ​មក​ដល់កន្លែងដែលដាក់​គ្រឿង​សំណែន
រួចដុតសម្បកឈើទឹងហ៊ុមនៅក្នុងកញ្ច្រែង។
បន្ទាប់មក មេ​អារក្ស និង ចាស់ទុំ យកអង្ករ សាច់​ជ្រូក សាច់មាន់ បាចជុំវិញផ្ទះ​ធ្វើការ​បន់ស្រន់សុំព្រលឹងពីអារក្ស អ្នកតាព្រៃភ្នំ រួចយកឈើដោត ថ្លើមជ្រូក ថ្លើម​មាន់​ដាក់លើមាត់ពាង និង យកបន្ទះឫស្សីធ្វើពិធីគៀស​មាត់ពាង​ស្រា។

លក្ខខណ្ឌពេលផឹកស្រាពាង៖

មេអារក្ស និង ចាស់ទុំបឺតស្រាមុនគេ បន្ទាប់មកម្ចាស់ផ្ទះ បងប្អូន​ នៅក្នុង​ភូមិ​បឺតបន្តរហូតដល់ពេលរសៀល។

ពិធីចងព្រលឹង

ពេលរសៀល
មេអារក្សយកអំបោះដែលចងផ្លែព្រលាក មកចង​ដៃក្រុម​គ្រួសារ​ម្ចាស់​ផ្ទះ​គ្រប់ៗគ្នា បន្ទាប់មក ម្ចាស់ផ្ទះចងដៃដល់មេអារក្ស​វិញផងដែរ។

ភ្លេងសម្រាប់កំដរពិធីអ្នកភូមិវាយគង៥ផ្លែ ផឹកលេងរហូតសាប​ស្រា​​ក្នុង​ពាង។

ថ្ងៃទី២៖ ពេលព្រឹក «ពិធីហូបក្បាលជ្រូក»

ពេលនោះបងប្អូនអ្នកភូមិយកស្រាពាងមកជូនម្ចាស់ផ្ទះ ដើម្បី​ សម្រាប់ផឹក​លេងកំដរ​ដល់ម្ចាស់ផ្ទះ រយៈពេលមួយថ្ងៃទៀត។​ ភ្លេង​សម្រាប់​កំដរពិធី អ្នកភូមិវាយ​គង៥ផ្លែ ផឹកលេង​រហូតសាបស្រាក្នុង​ពាង។

ដំណមតាមប្រពៃណីចំពោះម្ចាស់ផ្ទះ
(
ដែលតាមភាសាជនជាតិ​ដើមភាគ​តិច​​កាវ៉ែត​គេហៅថា
ក្រាំង)៖

ចំពោះក្រុមគ្រួសារម្ចាស់ផ្ទះ
នៅក្នុងអំឡុងពេលរៀបពិធីនេះគឺ​ហាមមិនឱ្យ​ដើរ​ទៅ​ណា​ឆ្ងាយ ហាមដើរទៅទិសខាងលិច ហាមដើរ​បណ្តោយតាមទឹកហូរ។ បើ​សិន​ក្រុមគ្រួសារ​មិន​គោរពតាមដំណមនេះទេ
ថ្ងៃក្រោយ ក្នុងសមាជិកក្រុមគ្រួសារ​អាច​នឹងមានជំងឺ​ឈឺថ្កាត់មិនខាន។

ដំណមតាមប្រពៃណីចំពោះអ្នកក្រៅ (ដែលតាមភាសាជនជាតិ​ដើមភាគតិច​កាវ៉ែតគេហៅថា
តាអះអាំអឹ)

ពេលណាគេកំពុងរៀបចំធ្វើពិធីនេះ
បើសិនមានអ្នកក្រៅមក​ធ្វើឱ្យ​ប៉ះពាល់​ក្នុងពិធីរបស់គេ
ម្ចាស់ផ្ទះត្រូវធ្វើការផាកពិន័យ មាន​

ដូចជា៖

-ជ្រូក១ក្បាល

-មាន់១ក្បាល

-ស្រា១ពាងផងដែរ

ប្រភេទទី៣៖ «ពិធីសែនបណ្ដេញខ្មោចព្រាយបីសាច​ចេញពីផ្ទះ»

ពេលណាពួកគាត់ប្រមូលភោគផលហើយ
មុននឹងត្រឡប់ចូល​មក​នៅក្នុង​ផ្ទះវិញ ត្រូវមានរៀបចំពិធីសែនព្រេន
មួយតាមប្រពៃណី​ទំនៀមទំលាប់​របស់ពួកគាត់​ផងដែរ។

គ្រឿងសំណែន
មាន

-មាន់១ក្បាល

-ស្រា១ពាង

របៀបនៃការសែនព្រេន

ម្ចាស់ផ្ទះយកឈើដោតថ្លើមមាន់ដាក់លើមាត់ពាងស្រា
រួចយក​បន្ទះឫស្សីធ្វើពិធី គៀស​មាត់ពាង ធ្វើការបន់ស្រន់ដើម្បីសុំចូលមក​រស់​នៅ​ក្នុ​ងផ្ទះវិញឱ្យមានសេចក្តីសុខ។ បន្ទាប់​មក ម្ចាស់ផ្ទះព្រមទាំង​ញាតិ​មិត្តជិតខាងនាំគ្នាផឹកស្រាពាងកំដរជាកិច្ចបញ្ចប់កម្មវិធី[13]

ឆ-ពិធីបុណ្យសព (តាមប្រពៃណីទំនៀមទំលាប់ជនជាតិ​

ដើមភាគតិច​កាចក់)

ប្រពៃណីបុណ្យសព
ដែលតាមភាសាជនជាតិដើមភាគតិច​

កាចក់ ​គេហៅថា ប្រាថីព្យ នោះគឺជាប្រពៃណីទំនៀមទំលាប់របស់​បង​ប្អូនជនជាតិដើមភាគតិចកាចក់ ដែលពួកគាត់តែង​គោរព និង មាន​អបិយ​ជំនឿក្នុងការរៀបចំសែនព្រេន តាមលក្ខណៈប្រពៃណីទំនៀម​ទំលាប់​យ៉ាងខ្ជាប់ខ្លួនតាំងពីដូនតារៀងរហូតមក ទោះពិធីនោះធំ ឬ តូច​ក្តី។ តាមទំនៀមទម្លាប់​ប្រពៃណី​របស់ពួកគាត់ ពេលណាមានអ្នកជំងឺ​ឈឺស្លាប់ ពេលនោះក្រុម​គ្រួសារ​ព្រមទាំង​សាច់​ញាតិទៅកាប់ដើមឈើ​ផ្ចឹក ឈើសុក្រម ឬ ​ឈើកកោះ​មួយកង់ ​ដើម្បីធ្វើជា​ម្ឈូស (តាមភាសា​ជនជាតិដើមភាគតិចកាចក់គេហៅថាហ្ពង) ដោយពុះជាពីរ ម្ខាងលុង​សម្រាប់ដាក់សព
ឯម្ខាង​ទៀតទុកធ្វើជាគម្រប។
ក្នុងពិធីបុណ្យសពនេះ​ដែរ មានចែកជាពីរ​ដំណាក់​កាលគឺ៖

ដំណាក់កាលទី១
៖ «ពេលស្លាប់ភ្លាម»

ក្នុងពិធីបុណ្យនេះ
គេអាចតម្កល់សពទុកទៅតាមលទ្ធភាពនៃ​ក្រុម​គ្រួសារនីមួយៗ​មានបីថ្ងៃ
ឬ ក៏ប្រាំថ្ងៃ ដោយមានកាប់មាន់ ជ្រូក ក្របី ឬ គោ សម្រាប់ទុករៀបចំសែនព្រេន និង ហូបចុក
កំដរក្នុងពិធី។

ថ្ងៃទី១
៖ មុនលើកសពដាក់ចូលម្ឈូស

ក្រុមគ្រួសារមុជទឹក ដុះលាងសពរួចហើយ ស្លៀកពាក់ឱ្យសព បន្ទាប់មករៀបចំ​ធ្វើពិធី​សែនព្រេន។

គ្រឿងលំដាប់សម្រាប់សែនព្រេន
មាន

-ស្រាមួយពាង

-មាន់ស្ងោរមួយ

-បាយ និង សម្លរ

របៀបនៃការសែនព្រេន

ក្រុមគ្រួសាររៀបចំគ្រឿងលំដាប់ដាក់នៅចុងជើងសព
រួចធ្វើពិធី​បន់​ស្រន់​ឧទ្ទិសឱ្យ​សព សូមតាមជួយថែរក្សាដល់ក្រុមគ្រួសារ និង អ្នក​ភូមិ​ទាំងអស់ កុំឱ្យមានការឈឺ​ថ្កាត់​ និង ស្លាប់បន្តទៀត។ បន្ទាប់មក ក្រុម​គ្រួសារលើកសពដាក់ចូលក្នុងម្ឈូស និង រៀបចំសម្ភារៈ​ប្រើប្រាស់​របស់​សព ដាក់ចូលជាមួយដែរ រួចហើយគ្របគម្រប និង យកដើមចេក​បុក​ជាមួយ ដីដំបូកមកបិទមាត់ម្ឈូសឱ្យជិត។

ពិធីផឹកស្រាពាងកំដរសព

ក្រុមគ្រួសារយកឈើដោតថ្លើមជ្រូក ថ្លើមមាន់ឆ្អិន ដោតនៅលើ​ មាត់​ពាងស្រាធ្វើពិធីគៀសមាត់ពាង បន់ស្រន់ដើម្បីឱ្យអ្នកស្លាប់​មក​ទទួលនូវសំណែនទាំងនេះ។ ក្រុមគ្រួសារបឺតស្រាពាងមុនគេ សាច់ញាតិ បងប្អូនព្រមទាំងអ្នក​ភូមិ​បឺតបន្តតាម​ក្រោយ។ ភ្លេងកំដរក្នុងពិធីបុណ្យ វាយគង១២ផ្លែ លេងបទសំឡកព្យ បទ​ជូនបាយ​ខ្មោច មួយ​បទ វាយបទធម្មតា រាំជុំវិញម្ឈូសរហូតដល់ភ្លឺ។

ថ្ងៃទី២៖ ពេលព្រឹកជីករណ្ដៅបញ្ចុះសព

ក្រុមគ្រួសារ
អញ្ជើញចាស់ទុំនៅក្នុងភូមិទៅកន្លែងដីព្រៃកប់ខ្មោច​សាច់ញាតិ​របស់​ពួក​គេ ដើម្បីពិនិត្យមើលតាមលក្ខណៈប្រពៃណី រួច​ហើយសាច់ញាតិ និង អ្នកភូមិចាប់ផ្តើម​ជីក​រណ្ដៅតម្រូវទៅតាម​ម្ឈូស​ដោយពុំមានរៀបចំនូវពិធីសែនព្រេនអ្វីឡើយ។

ថ្ងៃទី៣៖ ពេលរសៀលមុនហែរសពទៅបញ្ចុះ

ក្រុមគ្រួសារធ្វើទៀនក្រមួនមួយដើម
សម្រាប់ដោតលើម្បុសក្នុង​

ពេលហែរយក​ទៅ​បញ្ចុះ (ហៅថាចុះទៀន) និង ធ្វើផេះមួយល្អីទុក​នៅ​កន្លែងដែលតម្កល់ម្លូសនោះ។

សម្គាល់ពីខ្សែជីវិតសពតាមលក្ខណៈប្រពៃណី៖

ក្រុមគ្រួសារដោតទៀនក្រមួនមួយដើមនៅលើម្ឈូស រួចដុតដើម្បី​សម្គាល់មើលពីខ្សែ​ជីវិត​របស់សពតាមផ្លូវ
ក្នុងពេលហែរចេញពីផ្ទះទៅ​ដល់រណ្តៅ។

បើសិនទៀនឆេះរហូតមិន​រលត់​ទេ ​គេសន្មត់ថាអ្នកស្លាប់មិនទាន់​អស់អាយុ គឺស្លាប់​ដោយសារប្រព្រឹត្តអ្វីខុសពីប្រពៃណី
ស្លាប់ដោយត្រូវ​នឹង​អំពើអាបធ្មប់ផ្សេងៗ។

បើសិនទៀនរលត់ពាក់កណ្តាលផ្លូវ
គេសន្មត់ថាគឺស្លាប់ដោយ​សារត្រូវនឹង​អំពើខ្មោច​ព្រាយបីសាច។

-បើសិនទៀនរលត់ពេលចេញពីផ្ទះភ្លាម
​គេសន្មតថាអ្នកស្លាប់​នោះ​ពិតជាស្លាប់អស់​អាយុហើយ។

ពិធីបញ្ចុះសព

ដាក់ម្លូសចូលក្នុងរណ្តៅ
ហើយលុបដី រួចយកពាងស្រាដាក់ខាង​លើក្បាលសពមួយ ដាក់ខាងចុងជើងមួយ ព្រមទាំងដាក់ចានឆ្នាំងដោយ​ធ្វើការវាយបំបែកផងដែរ។ បន្ទាប់មក​ពួកគាត់នាំគ្នាធ្វើដំបូលប្រក់ពី​លើ​ផ្នូរ មានរាងស្រួច ប្រកដោយស្លឹកខាន់ម៉ា (ភាសាជនជាតិ​ដើមភាគតិច​កាចក់គេហៅថា
ឡាសម) ឬ ប្រកជាស្បូវកណ្តប ជាលក្ខណៈបណ្ដោះ​អាសន្ន។

ដំណមតាមលក្ខណៈប្រពៃណី

ក្នុងអំឡុងពេលណាគេយកសពចេញពីផ្ទះទៅបញ្ចុះ
គឺហាមមិន​ឱ្យមានមនុស្សមិន​ថាចាស់ ឬ ក្មេងនៅផ្ទះជាដាច់ខាត រហូតដល់ពេល​គេត្រឡប់មកពីរណ្តៅវិញ​ទើបអាចចូល​ក្នុងផ្ទះបាន។

ការពិនិត្យផេះតាមលក្ខណៈប្រពៃណី៖

ពេលណាគេត្រឡប់ពីបញ្ចុះសពវិញ
ក្រុមគ្រួសារ និង ចាស់ទុំ​ធ្វើការពិនិត្យលើផេះ​នៅក្នុងល្អីភ្លាម ដើម្បីតាមដានពីមូលហេតុនៃ​ការ​ស្លាប់នេះ។

-បើសិននៅក្នុងផេះឃើញមានដែក គេសន្មត់ថាអ្នកស្លាប់ត្រូវ​អំពើ​របស់គេ។

-បើសិនឃើញមានដានដូចជាផ្លូវ
គឺគេសន្មត់ថាស្លាប់ដោយខុស​ឆ្គង​ប្រពៃណី។

-បើសិនឃើញមានដូចជាដានជើងសត្វ
គឺគេសន្មតថា ស្លាប់​ដោយ​ត្រូវ​អំពើ​​ព្រាយបីសាច។

ពិធីសែនថ្នាំជក់

បន្ទាប់ពីធ្វើការពិនិត្យផេះក្នុងល្អីរួច អ្នកត្រូវជាប្ដីសព
ឬ ត្រូវជា​ប្រពន្ធសព ឬ ក៏ឪពុក ម្តាយសព យកថ្នាំជក់ទៅសែននៅចំពាក់​កណ្តាល​ផ្លូវពីផ្ទះទៅផ្នូរ​ ដោយស្រែកហៅខ្មោចឱ្យ​មក​​ទទួលយក​ថ្នាំជក់។ បន្ទាប់មក គេយកឈើគូសលើដីកាត់ទទឹងផ្លូវ ជាកិច្ចដើម្បីកុំឱ្យខ្មោច​ទៅលងទាថ្នាំជក់ដល់ផ្ទះ។

ថ្ងៃទី៤ ៖ ពេលព្រឹក

ពិធីសែនបាយជូនខ្មោច

ក្រុមគ្រួសារយកបាយ
សម្លរ និង ស្រាពាងទៅកន្លែងផ្នូរសព រួច​យកឈើដោត​ថ្លើម​ជ្រូក ថ្លើមមាន់ឆ្អិនដាក់ លើមាត់ពាងស្រាដើម្បី​ធ្វើ​ពិធីសែនព្រេនគៀសមាត់ពាងស្រា បន់ស្រន់​សុំកុំឱ្យអ្នកស្លាប់មក​និយាយ​លេងសើច ឬ ទាក់ទងជាមួយនឹងមនុស្សលោកទៀត
ព្រោះអ្នក​ឯងបាន​ស្លាប់ជាខ្មោចទៅហើយ
ជាកិច្ចបញ្ចប់ពិធីដំណាក់កាលទី១។

ដំណាក់កាលទី២ ៖
ពេលមានបញ្ហានៅក្នុងក្រុមគ្រួសារ ពួកគាត់​ត្រូវរកមេអារក្ស​ដើម្បី​ធ្វើ​ការទស្សន៍ទាយមើល
ក្រែងអ្នកដែលស្លាប់នោះ មានខឹងសម្បាដល់ក្រុមគ្រួសារ។ បើមេអារក្សទាយឃើញថាខ្មោច​តម្រូវ​ឱ្យធ្វើបុណ្យ ដោយកាប់ក្របី គោ ជ្រូក ឬ មាន់
ព្រម​ទាំង​ស្រាពាង ក្រុម​គ្រួសារត្រូវតែរៀបចំធ្វើតាមជាដាច់ខាត។ ហើយក្នុងពិធីនេះដែរ មាន​រយៈ​ពេល​បួនថ្ងៃ គឺ៖

ថ្ងៃទី១៖ ពិធីបុណ្យពេលព្រឹកដើម្បី
«សង់ផ្ទះនឱ្យខ្មោច»

ក្រុមគ្រួសារ និង អ្នកភូមិនាំគ្នារើដំបូលផ្នូរចាស់ចេញ ហើយយក​ក្ដាមក​សង់ជាថ្មី​ម្តង​ដែលមានទំហំទទឹង២ម៉ែត្រ បណ្តោយ៣ម៉ែត្រ និង ធ្វើជញ្ជាំងក្ដារពទ្ធ័ផ្នូរមានទំហំ​ទទឹង​៤ម៉ែត្រ​ បណ្តោយ៥ម៉ែត្រ ព្រមទាំង​មានការតុបតែងជាក្បាច់តាមបែបប្រពៃណី រួចហើយធ្វើ​បង្គោល​បីដើម​សម្រាប់ចងក្របីនៅខាងកើតផ្ទះខ្មោច និង ធ្វើបីដើមទៀត
សម្រាប់​ចង​ក្របី​នៅខាងលិចផ្ទះខ្មោច។

គ្រឿងសំណែននៅថ្ងៃទី១មាន៖

-កន្ទេលមួយ

-អង្ករ

-ចាន

-ឆ្នាំង-បាយ

-ពងមាន់

-បាយឆ្លងពីរបំពងយកអំបោះមកចងជាប់គ្នា
រៀបនៅ​ខាង​ក្បាលថ្នូរ

របៀបនៃការសែនព្រេន៖

ក្រុមគ្រួសារយកកន្ទេលមួយមកក្រាលខាងលើក្បាលផ្នូរ រួចរៀប​គ្រឿង​សំណែនទាំង​អស់​ដាក់ពីលើកន្ទេល បន្ទាប់មកធ្វើពិធីគៀស​មាត់​ពាង ​បន់ស្រន់ឱ្យខ្មោចមកទទួល​យក​សំណែន។

ភ្លេងកំដរបុណ្យ៖ បងប្អូនក្នុងភូមិវាយគង១២ផ្លែ
ច្រៀង រាំ រហូត​ដល់ភ្លឺ ។

ថ្ងៃទី២៖ ពេលព្រឹក

ពិធីកាប់ក្របីនៅទិសខាងលិចផ្ទះខ្មោច
ក្រុមគ្រួសារដុតទៀន​ក្រមួនមួយដើម និង ចាក់ស្រាមួយពាងក្នុងផ្ទះខ្មោច រួចធ្វើពិធីបន់ស្រន់ បន្ទាប់មកវាយគង១២ផ្លែ
វាយបទហ្ពង​ជុំវិញផ្ទះខ្មោចចំនួន៣ជុំ
ក៏កាប់​ក្របីនៅទិសខាងលិចមុន រួចយកសាច់ ថ្លើម អណ្តាត ត្រចៀក
កន្ទុយ អាំង​ដាក់លើដំបូលផ្នូរ។

ពិធីផឹកស្រាពាងកំដរបុណ្យ

ម្ចាស់ដើមបុណ្យយកឈើដោតថ្លើម
និង សាច់ក្របីដាក់លើមាត់​ពាងស្រារួចធ្វើពិធី​គៀសមាត់ពាង ដើម្បីបន់ស្រន់។
បន្ទាប់មកម្ចាស់​ដើម​បុណ្យបឺតស្រាពាងមុន
ទើបបងប្អូនក្នុង​ភូមិបឺតតាមក្រោយ។

ភ្លេងកំដរបុណ្យ៖ បងប្អូនក្នុងភូមិវាយគង១២ផ្លែ
ច្រៀងរាំ រហូត​ដល់ភ្លឺ។

ទី៣៖ ពេលព្រឹក

ពិធីកាប់ក្របីនៅទិសខាងកើតផ្ទះខ្មោច ក្រុមគ្រួសារដុតទៀន​ក្រមួន​មួយ​ដើម
និង ចាក់​ស្រាមួយពាងក្នុងផ្ទះខ្មោច
រួចធ្វើពិធីបន់ស្រន់​បន្ទាប់មកវាយគង១២ផ្លែ វាយបទហ្ពង​ជុំវិញ​ផ្ទះខ្មោចចំនួន៣ជុំ ក៏កាប់​ក្របីនៅទិសខាងកើតម្តង ដោយយកសាច់ ថ្លើម កន្ទុយ អណ្តាត ត្រចៀក អាំងដាក់ទៅលើផ្នូរ។

ពិធីផឹកស្រាពាងកំដរបុណ្យ

ម្ចាស់ដើមបុណ្យយកឈើដោតថ្លើម
និង សាច់ក្របីដាក់លើមាត់​ពាងស្រារួចធ្វើពិធី គៀសមាត់ពាង ដើម្បីបន់ស្រន់ដល់ខ្មោច។

ម្ចាស់ដើមបុណ្យបឺតស្រាពាងមុន
បងប្អូនក្នុងភូមិបឺតតាមក្រោយ

លុះដល់ពេល​រសៀល​ ក្រុមគ្រួសារ៖

-យកដើមចេក
ដើមអំពៅ ដើមផ្កា ទៅដាំក្នុងផ្ទះខ្មោច

-យកអម្បោះចង កូនមាន់រស់មួយដាក់នៅលើផ្នូរ។

-យកស្នែងក្របីដាក់លើបង្គោលទាំងបីនៅទិសខាងកើត។

-យកស្បែក
ដោយយកត្រឹមក្រចកជើងក្របីស្រស់ដាក់ជុំវិញ​ដំបូលផ្ទះខ្មោច។

ភ្លេងកំដរបុណ្យ
បងប្អូនក្នុងភូមិវាយគង១២ផ្លែ ច្រៀងរាំ រហូត​ដល់​ភ្លឺទើប បញ្ចប់ពិធី​បុណ្យ​នៅកន្លែងផ្ទះខ្មោច។

ថ្ងៃទី៤៖ ពេលព្រឹកនៅផ្ទះម្ចាស់ដើមបុណ្យ

ពិធីផឹកស្រាពាងលាងចានឆ្នាំង៖

ក្រុមគ្រួសារយកស្រាពាងធ្វើពិធីគៀសមាត់ពាង
ធ្វើការបន់ស្រន់​តាមប្រពៃណីរួច​ម្ចាស់​ផ្ទះ​បឺត​ស្រាពាងមុន បងប្អូនក្នុងភូមិបឺតតាមក្រោយ។

ភ្លេងកំដរ៖
បងប្អូនក្នុងភូមិវាយគង១២ផ្លែ ច្រៀង រាំ រហូតដល់​ពេលរសៀលទើប​បញ្ចប់ពិធីបុណ្យទាំងស្រុង[14]

ជ-ពិធីសែនអ្នកតា
(តាមប្រពៃណី ទំនៀមទំលាប់ជនជាតិ​

ដើម​ភាគតិចព្នង)

ពិធីសែនអ្នកតា
ដែលតាមភាសាជនជាតិដើមភាគតិចព្នង​គេ​ហៅថា
បរប្រាស់ព្រី នោះ គឺជាប្រពៃណីទំនៀមទំលាប់
របស់ជនជាតិ​ដើមភាគតិចព្នង ដែលតាមប្រពៃណី​ទំនៀម​ទំលាប់នេះ
ការរៀបចំពិធី​សែនអ្នកតានៅក្នុងភូមិម្តងៗ ពួកគាត់មិនមានកំណត់ពេលវេលា​ ឬ រដូវ​កាលឡើយ គឺអាស្រ័យលើមានហេតុការផ្សេងៗ ដូចជា មានអ្នកភូមិ​យល់​សប្តិឃើញ​រឿង​អ្វីដែលមិនល្អ ឬ មួយបងប្អូននៅក្នុងភូមិមាន​ជំងឺ​ច្រើ​ន ពេលនោះចាស់ទុំនៅក្នុងភូមិក៏ពិភាក្សាគ្នា ទិញក្របីមួយក្បាល ដើម្បីមករៀបចំធ្វើពិធីតាមលក្ខណៈប្រពៃណីរបស់ពួកគាត់។

នៅក្នុងពិធីនោះ
ដែរគេរៀបចំឡើងដោយចែកជាពីរទីតាំង គឺ ទីតាំងទី១ នៅរោងភូមិ ​(តាមភាសាជនជាតិដើមភាគតិចព្នងគេហៅថា បរប្រាស់) ដោយមានធ្វើបង្គោលបួនដើម​សម្រាប់ចងក្របីហៅថា (តាម​ភាសា​ជនជាតិដើមភាគតិចព្នងគេហៅថាកងហ្កា) ទីតាំងទី២ នៅទិស​ខាងកើតភូមិ
(តាមភាសាជនជាតិដើមភាគតិចព្នងគេហៅថា ព្រីឡិចបរ​ប្រាស់)​​ ដោយ​មានធ្វើរានពីរថ្នាក់
ទំហំប្រមាណ ០.៣០សង់ទីម៉ែត្របួន​ជ្រុង
មានកាំជណ្តើរឡើង (តាមភាសាជនជាតិដើមភាគតិចព្នងគេ​ហៅ​ថា គ្រែ)។

គ្រឿងលំដាប់សម្រាប់សែនព្រេន
មាន៖

-ក្របីមួយក្បាល

-ស្រាពាង

របៀបសែនព្រេននៅទិសខាងកើតភូមិ
ពេលព្រឹក

ពេលណាចាស់ទុំធ្វើ
គ្រែ រួចរាល់ហើយ គេយកក្របីទៅចងនៅ​ជិតគ្រែនោះ និង យក​ស្រាមួយពាងតូចដាក់នៅជិតកាំជណ្តើរគ្រែ
រួចធ្វើ​ពិធី​ថ្វាយក្របី និង ស្រាពាងដល់អារក្ស
អ្នកតា ដោយយកបន្ទះ​ឫស្សី​ម្នាក់មួយ គៀសមាត់ពាងស្រា ធ្វើការបន់ស្រន់ឱ្យអារក្ស អ្នកតា​ព្រៃ​ភ្នំ មក​ទទួលនូវដង្វាយពីកូនចៅ និង សូមឱ្យអ្នកតា
ជួយថែរក្សាដល់​កូនចៅ​ក្នុងភូមិ ជួប​តែសេចក្តីសុខសេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។
បន្ទាប់ពីធ្វើ​ការ​បន់ស្រន់រួចរាល់ហើយ
ពួក​គេនាំគ្នាដឹកក្របីមកកាន់រោងភូមិ​វិញ​ដើម្បីបន្តធ្វើពិធីកាប់ក្របីនោះ។

ពិធីកាប់ក្របីនៅរោងភូមិ

ចាស់ទុំយកស្រាមួយពាងដាក់នៅជិតបង្គោល
បន្ទាប់មកចង​ក្របី​ជាប់​នឹង​បង្គោល​ទាំង​បួននោះ (តាមភាសាជនជាតិដើមភាគតិចព្នង​គេហៅថា
កងហ្កា) រួចគេយកទៀនក្រមួន​ដុត​លើបង្គោលទាំងបួន និង ដុតទៀនដោតលើស្នែងក្របីម្ខាងមួយ ធ្វើពិធីគៀសមាត់ ពាង​ស្រា បន់​ស្រន់​ឱ្យអារក្ស អ្នកតាមកទទួលនូវដង្វាយ រួចអ្នកភូមិដែលបានចូលរួម​ក្នុងពិធី​ទាំង​អស់ យកអង្ករបាចទៅក្របីម្នាក់ម្តងៗ
បន្ទាប់មកក្រុម​សិល្បៈ​វាយគង៨ផ្លែ ឬ ១២ផ្លែ
ជុំវិញ​ក្របីចំនួនបីជុំ។ បន្ទាប់មក អ្នកភូមិម្នាក់​យកកាំបិតកាប់ក្របីនោះឱ្យស្លាប់ ដើម្បីយកសាច់មួយ​ចំនួនធ្វើជាម្ហូប​សម្រាប់រៀបចំធ្វើពិធីសែនព្រេន នៅទីតាំងទិសខាងកើតម្តងទៀត និង សាច់​មួយ​ចំនួនទុកក្លែមស្រាក្នុងពិធី
ហើយមួយចំនួនទៀតធ្វើការបែង​ចែក​ដល់អ្នកភូមិគ្រប់ៗក្រុម​គ្រួសារ​ផងដែរ។

របៀបសែនព្រេននៅទិសខាងកើតភូមិលើកទីពីរ

ចាស់ទុំយកស្រាមួយពាងមកដាក់ជិតជណ្តើរគ្រែ
និង យកម្ហូប​ដាក់លើគ្រែ រួចធ្វើពិធីគៀសមាត់ពាងស្រា បន់ស្រន់ដល់អារក្ស
អ្នកតា​សារជាថ្មី។ បន្ទាប់ពីធ្វើការបន់ស្រន់រួចរាល់
ចាស់ទុំទាំងនោះនាំគ្នា​មក​កាន់រោងភូមិ
វិញផឹកស្រាពាងបន្តទៀត និង វាយគងលេងរហូត​សាប​ស្រាពាង ទើបបញ្ចប់កម្មវិធីតាមលក្ខណៈប្រពៃណី។

លក្ខខណ្ឌក្នុងការផឹកស្រា

តាមប្រពៃណីក្នុងពិធីនេះដែរ
ក្រៅពីចាស់ទុំក្នុងភូមិ មិនអាចឱ្យ​ក្មេង ឬ អ្នកក្រៅមក​បឺតស្រាពាងដែលដាក់នៅបង្គោលកងហ្គា
នោះបាន​ឡើយ[15]

១.២.២-ជំនឿផ្សេងៗ

ក-ជំនឿផ្លាស់ប្តូរទីកន្លែងរស់នៅ

ក្នុងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ពួកគាត់តែង​តែ​ជួបប្រទះ​បញ្ហាជីវិតជានិច្ច
ដូចជា ការស្លាប់ដោយសារជំងឺ ស្លាប់​ដោយ​សារ​ឧបទ្ទវហេតុ ឬ ស្លាប់ដោយសារបញ្ហាផ្សេងៗទៀត។
ក្នុង​ករណីនៅក្នុងភូមិកើតរឿងបែបនេះ គឺតម្រូវឱ្យមេកន្ទ្រាញភូមិ និង អ្នក​ភូមិ​អ្នកស្រុកត្រូវតែពិគ្រោះគ្នាដើម្បី
រិះរកមធ្យោបាយដោះស្រាយបញ្ហា​ជីវិតរស់នៅសព្វថ្ងៃរបស់​កូនចៅ​ ក្នុងគោលបំណងជៀសវៀងកុំឱ្យកើត​មាននូវគ្រោះឧបទ្រពចង្រៃបែបនេះ តាមយាយី​មនុស្ស​ជាបន្តបន្ទាប់​ទៅ​ទៀត ឬ តាមយកព្រលឹងមនុស្សក្នុងភូមិ ដូច្នេះពួកគាត់ត្រូវតែ​សម្រេច​ចិត្ត​ផ្លាស់ប្តូរភូមិចាស់ ដើម្បីទៅរស់នៅក្នុងភូមិថ្មីវិញ។

ទោះបីជាក្នុងភូមិគ្មានមនុស្សស្លាប់
ឬ គ្មានរឿងរ៉ាវអ្វីកើតឡើង​នៅក្នុងភូមិស្រុករបស់ពួកគាត់ក៏ដោយ តាមទម្លាប់
ឱ្យតែដល់​ពេល​កំណត់​គឺពួកគាត់ត្រូវ​តែផ្លាស់ប្តូរភូមិចាស់ ដើម្បី​ទៅ​រស់នៅក្នុងភូមិថ្មី​ជា​ដាច់ខាត។

ក.១-ជំនឿបូលប្រទាល

ការកំណត់ផ្លាស់ប្តូរទីតាំងភូមិចាស់ទៅរកភូមិថ្មី
ដើម្បី​ជីវិតរស់នៅរបស់បង​ប្អូន​ជនជាតិដើមភាគតិចទាំងនោះ គឺមាន​ច្រើន​របៀបណាស់ ហើយសុទ្ធសឹងជាកេរមរតក​ប្រចាំជនជាតិ​ខ្លួន​នីមួយៗថែមទៀតផង «ការផ្សងបូលចំណិតប្រទាល ឬ ប្រទាលបញ្ជាន់ព្រៃ» ដែលតាមភាសាជនជាតិដើមភាគតិចគ្រឹង​គេហៅថា ច្រ៉ាវប៉ាន់យ៉ាន់ទ្រី នោះ គឺមានដូចជា៖

-ការកំណត់ពេលវេលា

ពេលវេលាកំណត់រស់នៅ
របស់បងប្អូនជនជាតិ ក្នុងការផ្លាស់ប្តូរភូមិ​នេះគឺ មិនកំណត់ថាមានមនុស្ស​ស្លាប់ ឬ មានរឿងរ៉ាវអ្វីនៅក្នុងភូមិទេ ទោះ​ជា​គ្មានមនុស្ស​ស្លាប់ក៏ដោយក៏គេត្រូវតែផ្លាស់ប្តូរភូមិដែរ
ពោលគឺ នៅ​ពេល​ណា​ការរស់នៅរបស់ពួកគាត់
ដល់ពេល​កំណត់​ក្នុង​រយៈពេល ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ។ ម្យ៉ាងទៀត
ការកំណត់​ពេល​វេលាផ្លាស់ប្តូរភូមិចាស់ទៅរកភូមិថ្មី
គឺ​ដោយសារ មានហេតុផល ក្នុងការរើភូមិចាស់ ទៅរស់នៅភូមិថ្មីនោះ​គោល​បំណង​សំខាន់
គឺចង់ឱ្យ​ការបង្កបង្កើនផល ស្រែ​ចម្ការ​
បានទទួលទិន្នផលច្រើន និង ឱ្យ​ការរស់​នៅ​របស់​ពួកគាត់បានសុខសប្បាយ អាយុយឺនយូរ ត្រជាក់ត្រជំ
សុខដុមរមនា តែប៉ុណ្ណោះ។

-ការជ្រើសរើសទីតាំងរស់នៅ

ជាធម្មតាមុនពេលផ្លាស់ប្តូរភូមិ
គឺព្រឹទ្ធាចារ្យ ឬ មេកន្ទ្រាញភូមិ២-៣នាក់ ស្លៀកប៉ឹងពណ៌ខ្មៅ ឬ ពណ៌​ទឹកប៉ិច
គ្មានពាក់អាវ តែងតែនាំគ្នា​ទៅ​ជ្រើសរើសនៅ​ទីកន្លែងណាដែលនៅជិតប្រភពទឹកធម្មជាតិ ដូចជា ទឹក​ជ្រោះ
និង ទឹកអូរជាដើម ដែលមានអំណោយផល​ពី​ធម្មជាតិជាច្រើនសម្រាប់ការ​រស់​នៅ របស់គេក្នុងការ​ប្រកប​មុខរបរកសិកម្ម។

-ការបូលចំណិតប្រទាល

ក្រោយពីមេកន្ទ្រាញភូមិ២-៣នាក់
មានការឯក​ភាព​គ្នា កំណត់​យក​ទីកន្លែងរួចមកហើយ គេក៏ចាប់ផ្តើម​អង្គុយទល់មុខគ្នា ហើយរៀបចំធ្វើពិធី​ផ្សង​បូល​ចំណិត​ប្រទាល ដើម្បីបញ្ជាក់ឱ្យដឹងថា
«តើអាចរស់នៅទីនេះ​បាន​ប៉ុន្មានឆ្នាំ?»។ មុនដំបូង គេធ្វើពិធីផ្សងបូលចំណិត​ប្រទាល ដោយ​ជ្រើស​រើសទីកន្លែងណាមួយល្អ
ហើយ​បោស​សម្អាតឱ្យស្អាត ហើយគេចិតចំណិត​ប្រទាល​ទម្លាក់​ទៅលើដីចំនួន៣ចំណិត
ឬ ៥ចំណិត ឬ ៧ចំណិត ឬ ៩​ចំណិត… បើសិនជាចំណិតប្រទាលទាំងនោះផ្កាប់​ទាំង​អស់ គឺទីកន្លែងនេះ​អាច​រស់នៅបាន បើចំណិតប្រទាល​នោះ​ផ្ងារទាំងអស់
នោះទីនេះ​មិន​អាច​រស់​​នៅបានឡើយ គេត្រូវជ្រើសរើសរកកន្លែងថ្មីទៀត ប៉ុន្តែបើសិនជាចំណិត​ប្រទាលទាំងនោះមានផ្កាប់ មានផ្ងារ គឺទីកន្លែងនេះអាច​រស់​នៅបាន​តាម​ចំនួន​ចំណិតប្រទាល ១ឆ្នាំ
២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ ឬ ៥ឆ្នាំ…។

កាលបើគេបានបូលចំណិតប្រទាបទាំងនោះរួចហើយ គឺគេមាន​ជំនឿ​យ៉ាងមុតមាំថាការផ្លាស់ប្តូរភូមិ​ទៅ​រស់នៅក្នុងភូមិថ្មីនេះ ប្រាកដជាអាច​ផ្តល់សេចក្តីសុខ
សប្បាយ សេចក្តីចម្រើនរុងរឿង ត្រជាក់ត្រជំ ប្រកប​ការងារ​ស្រែចម្ការ និង ការដាំដុះដំណាំអ្វីៗផ្សេងៗ​ទៀត​ច្បាស់ជាបានសមដូច​បំណង​ប្រាថ្នារបស់ខ្លួន។ ហេតុនេះ​ជំនឿបូលប្រទាលរបស់ជនជាតិដើម ភាគតិច​រមែង​មាន​ការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ទៅនឹងបរិស្ថាន​ធម្មជាតិ នៅក្នុង​ប្រពៃណីជំនឿ ដែលជាមរតករបស់ដូន​តា​របស់ពួកគាត់។

-ការដាំដើមចេកណាំវ៉ា

កាលបើមេកន្ទ្រាញភូមិ
២-៣នាក់ បានឃើញ​លទ្ធផលនៃការផ្សង​បូល​ចំណិត​ប្រទាល ហើយបាន​យល់​ព្រមឯកភាពគ្នា ពេលនោះគេក៏ជីក កកាយដី ហើយ​យកកូនចេក ណាំវ៉ាមួយដើមទៅដាំនៅកន្លែង​ដែល​គេធ្វើ​ពិធីផ្សង​បូល​ចំណិត​ប្រទាលនោះ។ ការយក​កូនចេកណាំវ៉ាមួយដើមទៅនេះ
ដើម្បីបញ្ជាក់ឱ្យដឹងថា ជាចំណុចចំកណ្តាលភូមិ ​ដែលស្ថិតនៅក្បែររោង​បុណ្យ​រួមភូមិ។

បន្ទាប់មក
មេកន្ទ្រាញភូមិម្នាក់ក៏យកឈាមក្របី ឬ ឈាម ជ្រូក ឬ ឈាមមាន់បន្តិច ទៅច្រូចស្រោច​លើ​គល់កូនចេកណាំវ៉ា ហើយធ្វើ​ពិធី​បួង​សួង និង សែនជូន​ដល់ព្រលឹងដូនតា
ម្ចាស់ទឹក ម្ចាស់ដី និង អារក្ស​អ្នកតា​ព្រៃភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេល​វេលា។

បន្ទាប់មកទៀត
គេស្រោចទឹកដើមចេក រួចហើយ​គេក៏ធ្វើរបង​ព័ទ្ធ​ជុំវិញ៤ម៉ែត្រ៤ជ្រុង។
ជួនកាល គេអាច​ធ្វើរបងតាមក្រោយក៏បាននៅពេល​ចប់​ពិធីបុណ្យ។ បើ​សិនជា
កូនចេកណាំវ៉ាមួយដើមដែលគេបានដាំទៅនោះ ជួបប្រទះភាពស្រពាប់ស្រពោន ដុះមិនសូវបានល្អ គឺ​បាន​បញ្ជាក់ថាទីកន្លែង នេះប្រាកដជាជួបបញ្ហារស់នៅ​ខ្លះៗជាពុំខានឡើយ
គឺ «ភូមិថ្មីអពមង្គល»។ បើសិនជា​កូន​ចេក​ណាំវ៉ាមួយដើមដែលបានដាំនោះប្រែទៅដុះ និង មាន​សភាពស្រស់ញញឹម បញ្ជាក់ថាទីកន្លែងនេះគឺជា​ភូមិថ្មីសុភមង្គល ដែល​មានសេចក្តីសុខសប្បាយ សេចក្តី​ចម្រើន រុងរឿង ត្រជាក់ត្រជំ និង ប្រកបការងារ ធ្វើស្រែ​ចម្ការ ឬ លក់ដូរ ច្បាស់ជាបានសម្រេចដូចសេចក្តី​ប៉ង​ប្រាថ្នា។ ជាពិសេស បើដើមចេកណាំវ៉ានោះចាប់ ផ្តើម​បែក​គុម្ពចេញផ្លែផ្កាល្អ​ទៅទៀត
វាកាន់តែធ្វើឱ្យអ្នកភូមិ​អ្នក​ស្រុកសប្បាយរីករាយទ្វេថែមទៀត ហើយ​ចំពោះ​ចេក​​នេះគេចាត់ទុកជាចេកត្រណម ដូច្នេះ គឺគេពុំហូប​ឡើយ។ ប៉ុន្តែបើសិន​ជាគេ​ហូបចេកនេះវិញ គឺគេត្រូវតែ​ហូ​ប​ទាំងអស់គ្នា។ នៅពេលតន្រ្តីភ្លេងគង​ចាប់ផ្តើមប្រគំ​ឡើង ហើយមានសូរសំឡេងពីរោះលាន់ឮឡើងយ៉ាង​កង​រំពង​ពេញព្រៃ និង ពេញភូមិ
ធ្វើឱ្យអ្នករបាំជនជាតិ​ដើម​ភាគតិច ជាច្រើន​នាក់​ក៏លើកដៃលើកជើង និង បន្ទន់ខ្លួន​ប្រាណរាំតាមចង្វាក់រលក សំនៀង ភ្លេង​គងយ៉ាង​សប្បាយ​រីករាយ។ ការរាំជុំវិញដើមចេកនេះ គឺដើម្បី​ឧទ្ទិសថ្វាយ​សុំ​សេចក្តី​សម្របម្រើន ក្នុងពិធីសែនភូមិ​ដើម្បី​ចូ​លរស់នៅក្នុងភូមិថ្មី និង សូម​ឲ្យ​អារក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដីព្រៃ
ព្រឹក្សាជួយថែរក្សាកូនចៅ​រស់នៅ​ក្នុង​ភូមិថ្មី​ ជួបតែ​សេចក្តីសុខ
សប្បាយគ្រប់ៗគ្នា កុំឲ្យមាន​គ្រោះចង្រៃមក​បៀត​បៀន និង សុំឲ្យផល​ដំណាំដុះ​លូត​លាស់បានល្អរបស់បងប្អូនជនជាតិដើម​ភាគតិច។

-សិល្បៈភ្លេងគង

នៅពេលរៀបចំពិធីសែនភូមិ
ដើម្បីចូលទៅរស់​នៅក្នុងភូមិថ្មី គឺបង​ប្អូន​ជន​ជាតិ​ដើមភាគតិចជាយុវជន​មានចំនួន៥នាក់ នោះគង៥ផ្លែ ដើម្បី​អន្ទង​ព្រលឹង បន់​ស្រន់​បួងសួង ឬ ហៅព្រលឹងរូបអារក្ស
អ្នកតាព្រៃភ្នំ និង ម្ចាស់ទឹកម្ចាស់ដី ព្រលឹង​ដូនតា
ឱ្យមកទទួលសេពសោយ និង យកគ្រឿង​ដង្វាយដែលបងប្អូនអ្នក
ស្រុកអ្នក​ភូមិ និង មេកន្ទ្រាញភូមិបាន​រៀបចំសែន​ជូននោះ គឺគ្មានអ្វី​ក្រៅ​ពីប្រាថ្នា ចង់បានសុំពរ​ជ័យ សេចក្តីសុខសប្បាយ ចម្រុងចម្រើនរុងរឿងគ្រប់ពេលវេលា និង បង្កបង្កើនផល​ស្រែចម្ការឱ្យបាន​ទទួលផលច្រើននោះឡើយ ជាពិសេស
សូមឱ្យព្រលឹង និង វត្ថុស័ក្តិ​សិទ្ធិ​នានា សូមឱ្យជួយថែរក្សា​ផលដំណាំដាំដុះ កុំឱ្យមានសត្វល្អិតមកស៊ីបំផ្លិច​បំផ្លាញ​ឱ្យសោះ។ បន្ទាប់មក មេកន្ទ្រាញភូមិក៏ប្រកូកប្រកាស​ដល់អ្នកភូមិអ្នក​ស្រុក​ទាំងអស់គ្នា
ឱ្យពិសាសាច់សត្វ និង បឺតស្រាពាងតាមចំណង់ចំណូល​ចិត្ត ដែលធ្វើឱ្យអ្នក​ទាំង​អស់​គ្នារួមជាមួយភ្ញៀវមកពីទីជិតឆ្ងាយ
ក៏ស្រែក​ហ៊ោ​កញៀវ និង រាំច្រៀងយ៉ាងសប្បាយ​រីករាយ ពោរពេញ​ទៅដោយ​ចំណង​មិត្ត​ភាព សាមគ្គីភាពយ៉ាងជិតស្និទ្ធ​បំផុត ដូច​ក្រុម​គ្រួសារតែមួយ
ពិសេស គឺធ្វើ​ឱ្យ​អ្នកចូល​រួម​ទាំងឡាយ គឺនាំគ្នាហូបសាច់បណ្តើរ ជជែកគ្នាលេង​បណ្តើរ និង រាំច្រៀងនៅទីកន្លែងណាមួយ ឬ នៅជុំវិញ​ភ្នក់ភ្លើង​តាំង​ពីពេល​ព្រឹក​ដល់ល្ងាច និង រហូតដល់យប់​ជ្រៅយ៉ាងសប្បាយរីករាយ
ដើម្បីទុកជា​ចំណង​អនុស្សា​-វរីយ៍នៅលើទឹកដីភូមិស្រុកកំណើតរបស់ខ្លួន ដោយមិន​ប្រកាន់​វ័យ និង ភេទឡើយ។

-កាគោរពជំនឿត្រណម

«ត្រណម» ជាបញ្ហាសំខាន់បំផុតរបស់បងប្អូន​ជនជាតិដើមភាគតិច
ដែលបន្តកេរមរតកប្រពៃណីតាំង​ពីបុព្វបុរសរបស់គេរហូតមកដល់សព្វថ្ងៃ។
ក្រោយពីរៀប​ចំពិធីសែនភូមិរួចហើយ គឺគេតែងតែគោរពប្រណិប័តន៍​ទៅ តាមជំនឿបរមបុរាណ​របស់គេជានិច្ចគឺ «ការតម​ ឬ ត្រណម»។ ការតមនេះ គឺជាការសុំសេចក្តីសុខ
សេចក្តី​ចម្រើន និង ដាំដំណាំឱ្យបានផលពីម្ចាស់ទឹក ម្ចាស់ដី
ពីម្ចាស់ព្រៃព្រឹក្សាលតាវល្លិ និង រុក្ខារក្សទាំងឡាយ សុំ​ជួយប្រទាន​ពរជ័យ សេចក្តីសុខ និង ចម្រើន រុងរឿង​គ្រប់​​ពេលវេលា។ ការតមមានរយៈ​ពេល៣ថ្ងៃ ឬ ៥ថ្ងៃ និង មានវិន័យតឹងរ៉ឹង​ជាទីបំផុត ​ដោយមិនអនុញ្ញាត​ឱ្យ​មនុស្សក្នុងភូមិចេញទៅខាងក្រៅភូមិឡើយ ដោយមាន​កាច់​ស្លឹក​ឈើដាក់​ជា​សញ្ញាចំណាំ។ បើសិនជាការតម​ជាលក្ខណៈគ្រួសារ គឺមានកាច់​ស្លឹកឈើ​មួយ​មែកមក​ដាក់ ទម្លាក់ចោលនៅពីមុខផ្ទះ ដើម្បីបញ្ជាក់ឱ្យដឹងថា «ផ្ទះ​នេះ​តម» ហើយមេគ្រួសារ ត្រូវហាមប្រាមមិនឱ្យកូន​ចៅ​របស់ខ្លួន​ចេញពីផ្ទះ​ឡើយ។​
បើ​សិន​ជាមាន​មនុស្ស​ណាម្នាក់ចេញពីភូមិ ឬ ចេញពីផ្ទះទៅឆ្ងាយ នោះនឹង​មានជំនឿថា គ្រោះកម្មចង្រៃនឹងតាមបៀតបៀន​ដល់អ្នក​ភូមិ អ្នក​ស្រុក​ទាំងមូល ឬ
សមាជិកក្នុង គ្រួសារ​ណា​ម្នាក់។ បើសិនជាមានអ្នក​ដំណើរណាម្នាក់ ឬ មួយ​ក្រុម​ដើរចូលទៅក្នុង​ភូមិ ឬ បើកឡាន ឬ ជិះម៉ូតូ​ចូលភូមិ​ត្រណម ពេលនោះ អ្នកភូមិនាំគ្នាចេញមកចាប់​យក​ទៅ​ប្រគល់ឱ្យ​មេកន្ទ្រាញភូមិរបស់គេ ដើម្បីវិនិច្ឆ័យទោស​កំហុសចំពោះអំពើ​បំពា​បំពាន ដែល​គេមិនបានដឹង​ដោយ​គេប្រើពាក្យតែមួយម៉ាត់គឺ «ផាក» ដែលត្រូវតែ សង​ជំងឺចិត្តដល់អ្នកភូមិ។ បើសិនជា
ក្នុងភូមិនោះគេ​រៀបចំ​ធ្វើពិធីសែន​ព្រេន​ដោយ កាប់ក្របីមួយ និង ស្រា​ពាងអស់១០ពាង ពេលនោះអ្នកមិនដឹង គឺ​ត្រូវតែសង​ជំងឺ​ចិត្តជាដាច់ខាតឱ្យគ្រប់ចំនួនរបស់គេ ដែលបាន​ប្រារព្ធរៀបចំ​ក្នុង​ពិធី​បុណ្យកន្លងមក​នេះ។ បើសិនជាពុំ​មា​ន​អ្វីយកមកសងជំងឺចិត្តទេ
គឺ​ត្រូវ​តែ​សុំ​ឃាត់ខ្លួនមួយ​រយៈពេលសិន ទម្រាំត្រណមហើយ
ទើបមកជួបជុំ​គ្នា​ពិភាក្សាគ្នា ដោះ​ស្រាយជំនឿក្រោយពីត្រមហើយ អ្នក​ណាបំពានទៅលើ​ទំនៀម​ទម្លាប់របស់គេ គឺត្រូវតែយក​របស់របរ
និង សត្វមួយចំនួនមកសង​ពួក​អ្នក​ភូមិ​អ្នក​ស្រុកវិញ ដោយកំណត់ ពេលវេលាយកមកសងឱ្យបាន​ច្បាស់​លាស់។ កាលបើបានយោគយល់ និង សង​គ្រប់​ចំនួនហើយ គេក៏រៀប​ចំ​ធ្វើពិធីបុណ្យ​ម្តងទៀត ហើយ​នាំ​គ្នាស៊ីផឹក និង រាំច្រៀងលេងយ៉ាង​សប្បាយ​រីករាយ ពោរ​ពេញទៅ​ដោយមនោសញ្ចេតនាសាមគ្គីភាព
និង ភាតរ​ភាព​ដោយ​មិនប្រកាន់ពូជសាសន៍ ជន​ជាតិ និង ពណ៌​សម្បុរអ្វីឡើយ មិនតែ​ប៉ុណ្ណោះ
គឺមានបងប្អូនជនជាតិខ្លះ​ត្រូវតម ដោយមិនឱ្យហូបសាច់មាន់ព្រៃ​ជា​អ្នកមានគុណ និង ត្រាវទឹកព្រោះខ្លាចកើតរមាស់។

សព្វថ្ងៃនេះ
ជំនឿពិធីបុណ្យសែនភូមិផ្លាស់ប្តូរភូមិ​ចាស់ ដើម្បីទៅ​រស់នៅក្នុង ភូមិថ្មីរបស់បងប្អូនជនជាតិ​ដើម​ភាគតិច គឺបានចុះថយឥទ្ធិពល​ជំនឿ​ប្រពៃណីរបស់​ខ្លួន ដែលសុទ្ធសឹងទាក់ទងទៅនឹងបរិយាកាស
បរិស្ថាន​ធម្មជាតិ ហើយបងប្អូនជន​ជាតិ​ក៏មិនសូវរៀបចំធ្វើពិធី​បុណ្យនេះដែរ ជាពិសេស​ គឺដោយសារតែមានការ​អភិវឌ្ឍ​ដី​ព្រៃ​ឱ្យក្លាយទៅជាដីស្រែ ចម្ការ ដីភូមិ និង ដី​ផ្ទះសម្បែង
ម្ល៉ោះហើយជំនឿពិធីបុណ្យ​សែនភូមិ​ដើម្បី​ទៅរស់នៅក្នុងភូមិថ្មី​ក្នុង​ពេលបច្ចុប្បន្ននេះ បងប្អូនជន​ជាតិ​ដើមភាគ​តិច​ពុំសូវធ្វើឡើយ ធ្វើតែពិធី​សែនភូមិ​ប្រចាំ​ឆ្នាំតែប៉ុណ្ណោះ
ព្រមទាំងមានពិធីបុណ្យ​ផ្សេងៗមួយចំនួន​ទៀត។

ខ-ជំនឿពិធីបូជាយញ្ញកាប់ក្របីផឹកស្រា

ពិធីបូជាយញ្ញកាប់ក្របីផឹកស្រានេះ
ជាពិធីសែនធំជាងគេ ក្នុង​ចំណោមពិធីសែន​នានា​របស់ជនជាតិដើមភាគតិចទាំងឡាយ។ ពិធីនេះ គេប្រារព្ធធ្វើឡើងនៅពេលមានករណីសែន
ចំពោះអ្នកជំងឺដែលមេ​អារក្ស​រក​ឃើញថាខុសនឹងអារក្ស អ្នកតា ខ្មោយព្រាយបីសាច នៅពេល​ដែលមាននរណាប្រព្រឹត្តិខុសប្រពៃណីក្នុងរឿងផ្សេងៗ
និង នៅពេលរើ​ភូមិចាស់ ទៅរស់នៅ​ភូមិថ្មី​ជាដើម។ ក្នុងករណីរើភូមិចាស់ទៅ​រស់នៅ​ភូមិថ្មី
ក្រោយពីរៀបចំភូមិថ្មីរួចរាល់ហើយ មុន​នឹងរស់នៅគេប្រារព្ធ​ធ្វើពិធី​សែននេះសិន
ដែលរបៀបរបបសែនព្រេនដែលត្រូវធ្វើនោះគឺ ក្រោយ​ពី​បាន​​រៀប​ចំសាងសង់ភូមិ និង សម្អាតភូមិហើយ គេក៏ចាប់ផ្តើម​ដាំកូន​ចេក ចងក្របី ប្រមូល ស្រាពាង សាច់សត្វ និង នំផ្លែឈើ… សម្រាប់​រៀបចំ​ពិធីសែនភូមិដើម្បីចូលទៅរស់នៅ​ក្នុង​ភូមិថ្មីតែម្តង។

ក្របីគឺជាសត្វពាហនៈដ៏សំខាន់បំផុត របស់ពួកជនជាតិដើមភាគ​តិច
ដែលមិនគ្រាន់​តែ​ជាកម្លាំងអូសទាញភ្ជួររាស់ដីស្រែ
និង ចម្ការក្នុង​វិស័យ​កសិកម្ម និង ដឹកជញ្ជូនរបស់​របរ​ប៉ុណ្ណោះទេ គឺថែមទាំងបានជួយ​ផ្តល់សាច់ឈាម ដែលជាចំណីអាហារដ៏ឆ្ងាញ់សម្រាប់​ចិញ្ចឹម​មនុស្ស​ទៀតផង ជាពិសេស នៅក្នុងពិធីបុណ្យម្តងៗ គឺគេកាប់ក្របីបូជាយញ្ញ​១ក្បាល ឬ ២ក្បាល។ បើកាប់ក្របី២ក្បាលគឺត្រូវមាន ក្របីខ្មៅ១ ក្របី​ឃ្លៀច១ ដើម្បីសែនជូន ដល់​ព្រលឹង​ដូនតា
ម្ចាស់ទឹកម្ចាស់ដី និង អារក្ស អ្នកតាព្រៃភ្នំ ដើម្បីសុំសេចក្តីសុខ និង សេចក្តី​ចម្រើនគ្រប់ពេលវេលា។

ក្នុងការកាប់ក្របីបូជាយញ្ញនេះ គឺគេត្រូវយកក្របីមកចងនៅ​ទីកន្លែង​ណាមួយ ឬ នៅ​ដើមរកា បន្ទាប់មកពេជ្ឈឃាដសត្វ​ក្របីក៏ចាប់​ផ្តើមបួងសួង ហើយដើររាំ និង លោតរាំជុំវិញ​ក្របី​តាមចង្វាក់ភ្លេងគង និង ក្រោមក្រសែភ្នែករបស់អ្នកភូមិ
អ្នកស្រុកដែលចូលរួម​តាមដាន​យ៉ាង​ច្រើនកុះករ។ លុះច្រៀងរាំត្រូវតាមកាលកំណត់ហើយ ពេលនោះ​ទើប​ពេជ្ឈឃាដសត្វ ក៏លើកកាំបិតវែងឡើងលើ ហើយយារកាប់កែងជើង​ក្របី និង យកកាំបិតចាក់ទម្លុះតាមឆ្អឹង ជំនីរ​ក្របី ដើម្បីកាត់ផ្តាច់គ្រឿង​ក្នុងក្របីតែម្តង។ ក្រោយពីក្របីបានស្លាប់ហើយ
គេក៏កាត់​ក្បាលក្របី​យក​ទៅដាក់នៅលើធ្នើរដើមរកា
ដោយបន់ស្រន់សុំសេចក្តីសុខ​សប្បាយ។ ចំណែក ឯខ្លួនក្របីដែលបានស្លាប់ហើយ
គេនាំគ្នាអូសយកទៅដាក់នៅ​វាលស្អាតមួយ ហើយក៏នាំគ្នា​ចូល​ទៅក្នុងព្រៃរកអុសយកមកដាក់ដុត​ក្របីតែម្តង។ អ្នកខ្លះទៀតក៏ដើរទៅរកបន្លែបង្ការ ផ្លែ​ឈើ និង ទៅ​ដឹក​ជញ្ជូនគ្រឿងបរិភោគដើម្បីហូបជុំគ្នា។
កាលបើដុតក្របីអស់រោម និង បាន​ឆ្អិនខ្លះៗហើយ គឺមានអ្នកខ្លះក៏ចាប់ផ្តើមកាត់សាច់ក្របីយកមក​ភ្លក់​ហូប ហើយបឺតស្រាពាង​តាម​ទំនៀមទម្លាប់ និង ប្រពៃណីរបស់ជនជាតិ​ដើមភាគតិច។

ខ.១-សម្លៀកបំពាក់ក្នុងពិធី

-សម្លៀកបំពាក់នារី

នារីជនជាតិដើមភាគតិចគ្រឹង
ក្នុងពិធីបុណ្យនេះ តែងតែស្លៀក​ចោមពុង ដែលមានពណ៌ស ក្រហម ខ្មៅ ឬ ខៀវ យ៉ាងស្រស់ស្អាត​ដើម្បី​បិទបាំងដើមទ្រូង ឬ បិទ​បាំងសុដន់។ ប៉ុន្តែនារីកាលពីសម័យដើមវិញ គឺនារី​ពុំ​ចោមពុងឡើយ គេទុកឱ្យដើមទ្រូង ឬ សុដន់នៅ​កណ្តាល​វាលដើម្បីឱ្យ​ត្រជាក់ ដូចមនុស្សរស់ក្នុងព្រៃធម្មជាតិ​ពិតៗ។ ចំពោះសំពត់នារីវិញ គេស្លៀក​ពាក់ត្រឹម​ក្រោម​ក្បាលជង្គង់ ដែលមានចម្រុះពណ៌គ្នា ពណ៌ខ្មៅ ស ក្រហម
ជួនកាលមានពណ៌បៃតង លឿង ទឹកក្រូច ព្រម​ទាំងមានខ្សែក ខ្សែដៃ
ក្រវិល ចិញ្ចៀន អង្កាស្រស់​ស្អាត​ណាស់។

-សម្លៀកបំពាក់បុរស

សម្លៀកបំពាក់របស់បុរស
ជនជាតិដើមភាគតិច​គ្រឹង គេស្លៀកប៉ឹង​សម្រាប់បិទបាំងអង្គជាតិ
ឬ ប្រដាប់​ភេទបុរស។ បឹងនេះ ធ្វើពីក្រណាត់ត្បាញ​មួយបន្ទះ ដែល​មានទទឹងប្រវែងជាង២-៣តឹក និង មានបណ្តោយ​ប្រវែងពី ២ម៉ែត្រ ទៅ ៣ម៉ែត្រ ហើយមានពណ៌លាយ​ចម្រុះគ្នា
គឺពណ៌ខ្មៅ ពណ៌ស ពណ៌ខៀវ ឬ ពណ៌បៃតង ពណ៌លឿង និង ពណ៌ ក្រហម… ព្រមទាំង​មាន​ខ្សែក​អង្កាំ។ ជួនកាលក៏មានជួតក្រណាត់ក្រហម និង មាន​ពាក់​ក្រវិលភ្នែក ប៉ុន្តែ ជួនកាលក៏គ្មានពាក់ក្រវិលភ្លុកដែរ និយាយឱ្យខ្លីទៅ ការស្លៀកសម្លៀក​បំពាក់របស់ជនជាតិ​ដើម​ភាគតិចគ្រឹងនេះ
គឺគ្មានអ្វីក្រៅពីលំអខ្លួនប្រាណការ​ពាររាងកាយ និង បិទបាំងប្រដាប់កេរ្តិ៍ខ្មាសឡើយ
ជាពិសេស គឺបញ្ជាក់​ពី​កេរ​មរតក នូវលក្ខណៈអត្ត​-សញ្ញាណ​ជនជាតិដើមភាគតិចតែម្តង ហើយ​ដែលអត្ត​-
សញ្ញាណនេះ ពួកគាត់នៅតែរក្សាឱ្យបានគង់វង្សរហូត​

 

មក​ដល់សព្វ​ថ្ងៃនេះ។

សម្លៀកបំពាក់បុរសរបស់ជនជាតិដើមភាគតិចគ្រឹង
ក្នុងពិធីសម្តែងសិល្បៈកាប់ក្របីផឹកស្រា

 

១.៣-របៀបរបបនៃការរស់នៅ

ជនជាតិដើម រមែងតាំងទីរស់នៅជាក្រុមៗតាមភូមិនីមួយៗ ដាច់ដោយ​ឡែកពីគ្នា ថ្វីត្បិតតែ​ពួក​គាត់រស់នៅជាក្រុមជនជាតិ តាមភូមិនីមួយៗ​ដាច់ឡែក​ពីគ្នាមែន តែទំនៀមទម្លាប់ និង ការរស់នៅ ប្រពៃណី​ជនជាតិដើមភាគតិចរបស់​ពួកគាត់​នោះមានស្រដៀងៗគ្នាផងដែរ។ ចំណែកជីវភាពរស់នៅ​របស់ពួកគាត់ អាស្រ័យលើការបរបាញ់សត្វព្រៃ ដាក់អន្ទាក់សត្វ
និង កាប់ព្រៃធ្វើ​ចម្ការវិលជុំ ហើយ​បើដែលតាមទម្លាប់របស់ពួកគាត់ពីមុនមក
សម្រាប់ចម្ការវិលជុំនេះ​តែ​រយៈពេល​យ៉ាងយូរត្រឹម៣ឆ្នាំ​ប៉ុណ្ណោះ គឺត្រូវទៅកាប់ចម្ការកន្លែងថ្មីទៀត ឯចម្ការ​នោះទៀតសោតពួកគាត់ដាំជាអាទិ៍មានស្រូវ
និង បន្លែជាដើម គឺសុទ្ធសឹងដាំ​ដោយបុកដីផ្ទាល់ដៃ ដើម្បីបរិភោគប្រចាំថ្ងៃ។ រីឯការស្លៀកពាក់ប្រចាំថ្ងៃ
មនុស្ស​ប្រុសមិនមានពាក់អាវ តែស្លៀកប៉ឹងបិទបាំងខាងមុខបន្តិចបន្តួចតែប៉ុណ្ណោះ
រីឯ​មនុស្ស​ស្រី​ស្លៀកពាក់ធម្មតា ហើយការប្រើប្រាស់ទឹក ពួកគាត់ប្រើទឹកតាមជ្រោះ អូរ
ចំណែកខែប្រាំង​គឺគេកាយ​រណ្ដៅតូចៗ នៅតាមមាត់អូរសម្រាប់ប្រើ​ប្រាស់​ប្រចាំថ្ងៃបន្តិចបន្តចតែប៉ុណ្ណោះ។ ការងូតទឹកទៀតសោត
គឺពួកគាត់ងូតជាក្រុម គឺមនុស្សប្រុស និង មនុស្សស្រីងូតទឹកផ្សេងគ្នាដោយអាក្រាតកាយ​ទៀត​ផង។

១.៤-ការជ្រើសរើសគូស្រករ

            ១.៤.១-ដំណាក់កាលមុនរៀបពាហ៍ពិពាហ៍

ការទំនាក់ទំនងស្នេហាមុនរៀបការ ដែលតាមភាសាជនជាតិគេហៅថា ហ្គើមគូល នោះ គឺ​កំលោះ ក្រមុំ គេផ្តើមទំនាក់ទំនងគ្នាដំបូងតាមរយៈ
ពេលមាន​ពិធីសែនព្រេន​ផ្សេងៗ និង ផឹកស្រាពាង​ជួប​ជុំសាច់ញាតិនៅក្នុងភូមិ​ម្តងម្កាល​ជាដើម ដែលជាឱកាសមួយ ធ្វើឱ្យពួកគាត់បាននិយាយផ្តោះផ្តង​ស្នេហា​រវាងគ្នា និង គ្នា។ ពេលណាពួកគាត់និយាយត្រូវដងត្រូវផ្លែគ្នាហើយ​ខាងប្រុសក៏លួចទៅ​ដេក​លេង​នៅផ្ទះខាងស្រី (ផ្ទះកូនក្រមុំ) រាល់យប់បាន ក៏ប៉ុន្តែ
ពួកគាត់មិនហ៊ាន​ធ្វើអ្វីផ្តេសផ្តាស់ដោយរម្លង​ពីប្រពៃណី​​របស់ពួកគាត់ឡើយ។

ករណីលក្ខខណ្ឌតាមប្រពៃណី (ភាសាជនជាតិហៅថា ឡាប់ឡង) ពេល​ណា​ឪពុកម្តាយ​ខាង​កូនស្រីដឹងរឿងហើយ ខាងឪពុកម្តាយកូនស្រី​ត្រូវពឹងមេ​អណ្តើក
(ស្រ្តី) ម្នាក់ ឱ្យទៅដាក់លក្ខខណ្ឌ​ជាមួយកូនប្រុសដោយផ្ទាល់ ដូចជា ថា​តើការដែលគេមកដេកលេងជាមួយកូនស្រីខ្លួននោះ ក្នុងគោល​បំណង​​យ៉ាង​ដូចម្តេច?
ក្នុងគោលបំណងមកដេកលេងធម្មតាឬយ៉ាងណា? បើមកដេកលេង​ក្នុង​គោល​បំណងធម្មតាត្រូវឱ្យឈប់ បើមិនបើមិនដូច្នោះ ខាងស្រីនឹងផាកពិន័យ​តាមប្រពៃណី ដូចជា ចាប់បង្ខំឱ្យ​រៀបការ​តែម្តង ឬ ផាកជាក្របី១ក្បាល (ទំហំ៩​ចាប់), ជ្រូក១ក្បាល (ទំហំ៥ចាប់), មាន់១ក្បាល និង ស្រា១ពាង​ជាដើម តែបើ​សិន​កូន​ប្រុស​គេឆ្លើយថាមកដេកដោយស្រឡាញ់ ចង់យកធ្វើជាប្រពន្ធ ពេល​នោះ​មេអណ្តើកក៏ទៅជូន​ដំណឹង​ដល់ឪពុកម្តាយខាងស្រីវិញ។
ឪពុកម្តាយខាង​ស្រី​កាលបើបានទទួល​ដំណឹង​​នេះ​ហើយ ក៏ផ្តាំតាមមេអណ្តើកឱ្យទៅប្រាប់​ដល់​ឪពុក ម្តាយខាងប្រុសវិញ ដោយឱ្យសួរថាតើអ្នក​យល់​ព្រម​តាមចិត្តកូនខ្លួនឯង​ដែរឬទេ បើសិនឪពុកម្តាយខាងប្រុសគាត់ពេញចិត្តតាមកូនដែរ ពេល​នោះ​ឪពុកម្តាយខាងស្រី អនុញ្ញាតិឱ្យកូនប្រុសនោះមកដេកលេងជាមួយកូនស្រី​គាត់​

 

បន្តរទៀតបាន។

ផ្ទះសម្រាប់ពួកក្រមុំ-កម្លោះជួបគ្នា
និង ដេកលេងជាមួយគ្នាមុនឈានទៅរៀបការនឹងគ្នា (រូបថតស្រង់ចេញពីអ៊ីនធើណេត)

 

ក្រោយពីបានដំណឹងពីមេអណ្តើកហើយ
និង មានការព្រមព្រៀងគ្នាទាំង​សងខាងរួចរាល់​ហើយ ពួកគាត់ត្រូវរៀបការតាមប្រពៃណី។
ក្នុងការរៀបការគឺគេ​ត្រូវការបង្គាប់
ដែលភាសាជនជាតិហៅថា យ៉ោល​ប៉ល។ ពេលណាឪពុកម្តាយ​ទាំងសងខាងទទួលដឹងឮថាកូនប្រុស និង កូនស្រី មានទំនាក់ទំនង​គ្នាចង់រស់​នៅ​ជាមួយគ្នាជាប្ដីប្រពន្ធហើយ
ឪពុកម្តាយខាងស្រីក៏បានបង្គាប់ឱ្យកូនប្រុស មក​ជួយ​ធ្វើ​ការងារ​មួយចំនួននៅផ្ទះខាងស្រី
ដើម្បីសម្គាល់មើលពីអត្តចរិក និង មើល​ពីសកម្មភាព​ការងាររបស់​កូន​ប្រុស​នោះ ក្នុងរយៈពេលប្រហែលមួយឆ្នាំ ហើយក្នុងរយៈពេលនេះ
ខាងកូនស្រីក៏ត្រូវទៅជួយធ្វើការងា​ផ្ទះខាងប្រុសខ្លះៗ​វិញដែរ។

            ១.៤.២-ការរៀបពាហ៍ពិពាហ៍

            លុះគេទាក់ទងគ្នាទទួល
បានការពេញចិត្តពេញថ្លើមទាំងសងខាង​ហើយ
គេក៏កំណត់​ពេល​វេលា​ដើម្បី​រៀបការ ដែលភាសាជនជាតិដើមភាគតិចគ្រឹងគេ​ហៅថា មិចមាំងអាណាត់[16]។ ពិធីរៀបការ​កូនចៅរបស់ពួកគាត់​រៀបចំឡើង​នៅ​ពេលបូតស្រូវចម្ការ ឬ ពេលប្រមូលភោគផលទុកដាក់រួចរាល់​ហើយ ក្នុងអំឡុង​ពីខែ១
ដល់ខែ៣) ដែលជាខែបងប្អូន​អ្នក​ភូមិ​ទំនេរច្រើន។ ពេលនោះគ្រួសារខាង​ស្រីរក​មេ​អណ្តើកជាស្ត្រីម្នាក់ និង
គ្រួសារខាងប្រុស​រកមេអណ្តើក​ជាប្រុសម្នាក់
ដើម្បីមកពិភាក្សាក្នុង​ពេលរៀប​ការ
និង តម្រូវឱ្យមេអណ្ដើកទាំងពីរទទួលខុស​ត្រូវ​ចំពោះ​ការខុសឆ្គងទាំងឡាយរបស់ប្ដីប្រពន្ធថ្មី​នេះ​ អស់​​មួយជីវិត ដោយមាន​លក្ខខណ្ឌ។

របៀបនៃការសែនព្រេន
ដែលភាសាជានជាតិហៅថា
ខសាសែន នោះ គឺ មេអណ្តើក​ម្នាក់​យក​ចង្អេរមួយមកដាក់មាន់ស្ងោរ
ហើយមេអណ្តើកម្នាក់ទៀត​យកទុយោទៅដោតក្នុងពាងស្រា និង យក​ឈើ​ដោតបេះដូងមាន់មក​ដាក់នៅ​មាត់ពាងស្រាទាំងបី រួចយកបន្ទះឬស្សីធ្វើពិធីគៀសមាត់ពាង
(ដែល​ភាសា​ជនជាតិដើមភាគតិចគ្រឹងហៅថា រើរឹស) ទាំងបីពាង ដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតា ឱ្យ​ពួកគាត់ទទួលដឹងឮ និង ជួយថែរក្សាកូនកំលោះ​ដែលត្រូវចេញ​ទៅរស់នៅខាងផ្ទះកូនក្រមុំ។ បន្ទាប់​មក​ឪពុកខាងប្រុសយកស្លឹកចេកខ្ទប់បាយ សម្លរ ថ្នាំជក់ ស្លា ម្លូ រួចស្រោចស្រាពីលើកញ្ចប់ស្លឹកចេកនោះ
ដើម្បីសែនព្រេន​ឱ្យខ្មោចដែលថែរក្សានៅក្នុងផ្ទះ។

លក្ខខណ្ឌពេលផឹកស្រាពាង
ដែលភាសាជនជាតិហៅថា ប៉ាទឹកតាវ៉េ នោះគឺ ឪពុក
ម្តាយខាង​ប្រុសជូនសា១ពាងឱ្យមេអណ្ដើកទាំងសងខាង​សម្រាប់​ផឹក ឯស្រា១ពាងសម្រាប់ឪពុក ម្តាយទាំងសង​ខាងផឹក និងស្រា១ពាងទៀត​ទុកសម្រាប់សាច់ញាតិបងប្អូនដែលបានមកចូលរួមផឹក។ ក្នុងពិធីនោះ ដែរ ម្ដាយ​កូនកំលោះផឹកផង រៀបចំសម្ភារៈប្រើប្រាស់របស់កូនកំលោះមួយចំនួន​ផងដែរ ដើម្បីយកទៅ​រស់នៅផ្ទះខាងស្រី មានដូចជា៖

-កាផា១ (រ៉េវ)

-កូនកាំបិត១
(ពិតស្ពៀង)

-កាំបិតផ្គាក់១ (អងហ្កាក

-ដឹង១ (ជូង)

-ស្នា១ (ស្រាវ)

-អង្ករមួយដប
(តំណាងព្រលឹង)

-អំបិលមួយដប់

-កន្ទេល១

-ភួយ១

-សំពត់១

-អង្ករមួយចាន
(ផែមួយកាវ៉ស)

បន្តផឹកស្រាពាងកំដររហូតដល់ម៉ោងប្រហែល២រសៀល ទើបក្រុម​គ្រួសារ​ខាងប្រុស និង សាច់​ញាតិ​ ចេញដំណើរទៅធ្វើពិធីនៅផ្ទះខាងស្រីវិញម្តង។

ភ្លេងសម្រាប់កំដរក្នុងពិធីនៅផ្ទះខាងប្រុស
គឺមានក្រុមសិល្បៈវាយគង​៥ផ្លែ លេងបទស៊ីផឹក​ដែលភាសាជនជាតិហៅថា ហ្គងញៀត។

សំលៀកបំពាក់ក្នុងពិធីរៀបការ

ក្នុងពិធីរៀបការខាងលើនេះដែរ
​ពួក​គាត់​ស្លៀកពាក់ជាលក្ខណៈបែប​ប្រពៃណី ដូចជា ផ្នែក​បុរស ស្លៀកប៉ឹង ក្រណាត់ត្បាញពីអំបោះដោយដៃមាន​ផ្ទៃពណ៌ខ្មៅ លំអរដោយក្បាច់ឆ្នូតពណ៌ស ពាក់ អាវវៀលក្លៀក មានផ្ទៃពណ៌​ក្រហម លំអរដោយក្បាច់ឆ្នូតពណ៌ស ពណ៌ខៀវ
ពណ៌ខ្មៅ ព្រមទាំង​មានពាក់ក្រណាត់នៅក្បាលហៅថា ដែលតាមភាសាជនជាតិគេហៅថា
តេង​តុង លំអរដោយពណ៌​បីយ៉ាងគឺ
ពណ៌ស ក្រហម និង ពណ៌ខ្មៅ។

ផ្នែកនារី
ស្លៀកសំពត់ ក្រណាត់ត្បាញពីអំបោះដោយដៃ មានផ្ទៃ​ពណ៌​ឈាមជ្រូក លំអរ​ដោយ​ក្បាច់ឆ្នូតពណ៌ស
ខ្មៅ ដោយមានប៉ះក្រណាត់ពណ៌​ទឹកប៊ិចពីខាងក្រោយ មានឈ្មោះថា ស្រឡែង
ចំណែក​អាវមានផ្ទៃពណ៌ក្រហម លំអរដោយក្បាច់ឆ្នូតពណ៌ស ពណ៌ខ្មៅ និង
ពណ៌បៃតង ហើយមាន​ពាក់អង្កាំ​

 

 

នៅក និងបួងសក់សៀត កាំប្រម៉ាមានចងរំយោលផ្កាទៀតផង[17]

ឈុតកូនកម្លោះ និង កូនក្រមុំ​តាមប្រពៃណី​ជនជាតិដើមភាគតិចចារ៉ាយ
(រូបថតស្រង់ចេញពីអ៊ីនធើណេត)

 

ឈុតកូនកម្លោះ និង កូនក្រមុំ​ តាមប្រពៃណី​ជនជាតិដើម​ភាគតិចទំពូន
(រូបថតលោកស្រី ហឿង ឃឿង អភិបាល​ស្រុកអូរជុំ,​ ខេត្តរតនគីរី

 

១.៤.៣-ការលែងលះគ្នា

ក-កាលែងលះគ្នាផ្តើមពីខាងប្តី

មេអណ្ដើកគ្រួសារខាងស្រីត្រូវធ្វើការផាកពិន័យដល់​គ្រួសារខាង​ប្រុស ដែលរួមមាន៖

-ក្របី២ក្បាល (១ក្បាលទំហំ៩ចាប់)

-ជ្រូក២ក្បាល (១ក្បាលទំហំ៥ចាប់)

-មាន់២ក្បាល

-ស្រា២ពាង

-ឬផាកយកទ្រព្យសម្បត្តិពីគ្រួសារខាងប្រុសឱ្យអស់។

ខ-ការលែងលះគ្នាផ្តើមពីខាងប្រពន្ធ

មេអណ្ដើកគ្រួសារខាងប្រុស
ត្រូវធ្វើការផាកពិន័យ​ដល់គ្រួសារខាងស្រីដែលរួមមាន៖

-ក្របី២ក្បាល (១ក្បាលទំហំ៩ចាប់)

-ជ្រូក២ក្បាល (១ក្បាលទំហំ៥ចាប់)

-មាន់២ក្បាល

-ស្រា២ពាង

-ឬផាកយកទ្រព្យសម្បត្តិពីគ្រួសារខាងស្រីឱ្យអស់។

គ-ការលែងលះដោយការព្រមព្រៀងគ្នារវាងប្ដីប្រពន្ធ

ពេលនោះអ្នកទាំងពីរត្រូវមាន៖

-មាន់១ក្បាល

-ស្រា១ពាង

ដើម្បីធ្វើពិធីសែនឱ្យមេអណ្តើក ព្រមទាំងក្រុមគ្រួសារ​ទាំង​​សង​ខាង​ទទួល​ដឹង​ឮ និង អាចមាន​សិទ្ធិយកគូរស្រករ​ថ្មី​បាន[18]

១.៥-ការកសាងសេដ្ឋកិច្ចគ្រួសារ

            ១.៥.១-ការប្រកបរបរកសិកម្ម

            តាមទំនៀមទម្លាប់តាំងពីបរមបុរាណរៀងមក
មុខរបរកសិកម្មជាមុខរបរ​

សំខាន់ជាងគេរបស់​បង​ប្អូនជនជាតិដើមភាគ ហើយកសិកម្មចម្បងគឺការដាំដុះ
មានជាអាទិ៍ ដាំស្រូវ​ និង ដាំបន្លែជាដើម​ ដើម្បីហូបចុកប្រចាំថ្ងៃ និង ដោះដូរ​គ្នាទៅវិញទៅមក។
មុខរបរកសិកម្មរបស់បងប្អូនជនជាតិដើមភាគ​តិច រមែង​ប្រកបជាប់រហូតជាប្រចាំឆ្នាំ ក្រៅពីការដាំស្រូវ
និង ដាំបន្លែ ពួកគាត់ក៏នៅ​មាន​ចិញ្ចឹមសត្វ​នានាដូចជា​ជ្រូក មាន់ គោ និង ក្របីជាដើម
ដើម្បីប្រើប្រាស់ជា​កម្លាំង​អូសទាញ ដឹកជញ្ជូនផង ហូបចុកផង និង ទុកសម្រាប់ប្រើ​ប្រាស់ក្នុង​ពិធីសែន​ព្រេន​ផ្សេងៗផង។
ដោយសារពួកគាត់ចូលចិត្ត​តាំងទីភូមិដ្ឋានសម្រាប់រស់នៅ​តែនៅតាមតំបន់ដាច់ស្រយ៉ាល នៅក្នុងព្រៃ
ជិតមាត់អូរ និង មាត់ជ្រោះ​ជាដើម ហេតុនេះទីតាំងបែបនេះអំណោយផលខ្លាំងចំពោះការដាំដុះ ជាពិសេស
គឺការ​ធ្វើដំណាំចម្ការ​ហើយតាមទម្លាប់ បើកាលណាតែរស់ភូមិមួយបានរយៈពេល៣-ទៅ៥ឆ្នាំហើយ គឺគាត់ត្រូវតែរើភូមិ
ទៅ​តាំងទីនៅកន្លែងមួយថ្មីទៀត ដើម្បីរស់នៅ និង ប្រកបរបរកសិកម្មរបស់គាត់នោះ វាជាលក្ខខណ្ឌប្រកប
មួយសម្រាប់ការ​ធ្វើដំណាំកសិកម្ម ព្រោះក្នុងដាំដុះ គេមិនអាចដាំដុះនៅកន្លែងដដែលៗយូរ ហើយ
ទទួលផលបានប្រសើររហូតនោះទេ ធ្វើបែបនេះបានវាទាមទារឱ្យ​យើង​ប្រើប្រាស់ជីរនានាជាច្រើនដើម្បី
ជំនួយ និង កែប្រែគុណភាពដីជាប្រចាំ​ទើប​ទទួល​បានផលតាមការរំពឹងទុក។

របៀបរបបក្នុងការធ្វើកសិកម្មដាំស្រូវ
និង ដាំបន្លែរបស់បងប្អូន​ជនជាតិ​ដើមភាគតិចនេះ គឺប្រើប្រាស់កម្លាំងដោយផ្ទាល់ជាមធ្យោបាយចម្បង។
ពួកគាត់​ដាំដោយដៃ ដោយការបុកដាំ ពុំមានប្រើប្រាស់ ម៉ាស៊ីន ឬ ឧបករណ៍ជំនួយ​អ្វីក្រៅពីគោ
និង ក្របីឡើយ។ លុះពេលដាំដុះបានផលហើយក៏ពួកគាត់ ប្រមូល​ផលដោយដៃដែរ ដូចយ៉ាងបូតស្រូវដោយដៃជាដើម
ហើយពួកគាត់តែងតែ​ធ្វើរបៀបនេះជារៀង​រហូត​ពីមួយឆ្នាំទៅមួយឆ្នាំ។

(…នៅមានតទៅលេខក្រោយ…)


[1] https://km.wikipedia.org/wiki/ប្រជាសាស្ត្រកម្ពុជា

[2] https://en.wikipedia.org/wiki/Indigenous_peoples

[3] https://km.wikipedia.org/wiki/ប្រជាសាស្ត្រកម្ពុជា

[4] https://opendevelopmentcambodia.net/km/topics/ethnic-minorities-and-indigenous-people/

[5] kampucheathmey.com/2016/archives/826285

[6] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី
ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន
» ការផ្សាយរបស់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, រតនគីរី, ឆ្នាំ២០១៦-២០១៧
ទំព័រ៣-១១

[7] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូន​ជនជាតិ​ដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម- ទំព័រ១២-១៥

[8] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម- ទំព័រ១៦-១៨

[9] ជនជាតិដើមភាគតិចចារ៉ាយជាទូទៅពួកគាត់មិនបរិភោគសាច់គោទេ
ការតមមិនបរិភោគសាច់គោ​ ព្រោះ​ទាក់ទងទៅនឹង​ដំណមតាំង​ពីបរម​បុរាណរបស់ជនជាតិគាត់ ដំណើរឿងនោះទាក់ទងទៅនឹងនិទានថា៖
កាល​ពីដើមឡើយ ចារ៉ាយ និង ចាម ជាបងប្អូនបង្កើតនឹងគ្នា (ចាម ជាបង ចារ៉ាយ ជាប្អូន) ថ្ងៃមួយបងប្អូនទាំងពីរ​បានត្បាញអម្បោះ
ត្បាញសុខៗបងស្រីមានធុរៈក៏ពឹងប្អូនស្រីឱ្យជួយ​មើល​អម្បោះ​ជំនួសមួយ​គ្រា ខ្លួនជាបងស្រី​នោះ​ក៏ចេញទៅ​ក្រៅបាត់ទៅ។
គាប់ជួនប្អូនស្រីជាប់រវល់មួយភ្លែត មិនបានជាមើល គោក៏​ស៊ីអម្បោះបងស្រី​នោះ​អស់ទៅ។ បងស្រីត្រឡប់មកវិញ
រកអម្បោះមិនឃើញ សួរប្អូនស្រីៗក៏ឆ្លើយថាមិនបានដឹងទៀត ខឹងក៏កើត​មានការទាស់សម្តីគ្នារឿងបាត់​អម្បោះ​នោះទៅ។
ដើម្បីឱ្យបងស្រីជឿថាខ្លួនមិនបានធ្វើឱ្យបាត់អម្បោះនោះទេ ប្អូនស្រី (ជាចារ៉ាយ) ក៏បានសច្ចា​ស្បថ​ស្បែ​ចំពោះមុខបងស្រីថា​ខ្លួនមិនបានធ្វើ​ឱ្យ​បាត់​អម្បោះនោះទេ
បើបង​ស្រី (ជាចាម) មិនជឿ ខ្លួនសុខចិត្តស្បថថាមិនហូបសាច់គោទេ ឯ​បងស្រី​កាលបើ​ឮប្អូនស្រីស្បថដូច្នេះហើយ
ខ្លួន​ក៏ស្បថដែរថា បើអម្បោះនោះពិតជាប្អូនស្រីមិនមែនជាអ្នកធ្វើឱ្យបាត់មែន ខ្លួនក៏សុខចិត្តឈប់ហូប​សាច់​ជ្រូក​ដែរ។
លុះក្រោយមក គេយក​គោ​នោះ​ទៅកាប់ហូប ក៏ឃើញអម្បោះនៅក្នុងពោះទើបបងស្រីជឿ ហើយ​ពីនោះ​មកពួកគាត់មិនហូបសាច់គោ និង សាច់ជ្រូកតាមការសន្យា​រៀងៗ​ខ្លួនរហូតតកូនចៅ-ចៅទួតដរាម​មក​ដល់​បច្ចុប្បន្ននេះមកទៅ។
(នេះបើតាមការនិទានរបស់លោកស្រី ហឿង ឃឿង អភិបាលស្រុកអូរជុំ ខេត្ត​រតនគីរី កាលពីខែកុម្ភៈ
ឆ្នាំ២០១៩)។

[10] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម- ទំព័រ១៩-២២

[11] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ២៣-២៤

[12] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ២៣-២៥

[13] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ២៦-២៩

[14] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ៣០-៣៤

[15] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ៣៥-៣៦

[16] ក្នុងការរៀបការនឹងគ្នានេះ
តាមទំនៀមទម្លាប់ជនជាតិដើមភាគតិចខ្លះ បងប្អូនជីដូនមួយអាចរៀបការ​នឹងគ្នា​បាន តែជនជាតិដើម​ភាគតិច​ខ្លះបងប្អូនជីដូនមួយខាងម្តាយ
(ម្តាយនឹងម្តាយជាបងប្អូនបង្កើតនឹងគ្នា) គឺមិន​អាច​រៀបការនឹងគ្នាបានទេ ដោយឡែកជនជាតិដើមភាគតិច​ទំពូន
និង ចារ៉ាយ បងប្អូនជីដូនមួយ​គឺមិនអាច​រៀបការនឹងគ្នាបានជាដាច់ខាត ហើយតំណមដែលតឹងតែងជាងនេះទៅទៀត
គឺចំពោះជនជាតិ​ដើម​ភាគតិច​ចារ៉ាយ នរណាដែលមានត្រកូលដូចគ្នានោះគឺមិនអាចរៀបការជាមួយគ្នាបានជាដាច់ខាត។

[17] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ៣-៤

[18] មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគីរី, «និក្ខេបស្តីពី ខិតខំរួមគ្នាការពារវប្បធម៌ប្រពៃណីបងប្អូនជនជាតិដើម​ភាគតិចនៅភូមិភាគឦសាន» -ដ.ឯ.ម-
ទំព័រ៤-៥