ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » ការអប់រំ និង ការអភិវឌ្ឍនៅម្ពុជា

ការអប់រំ និង ការអភិវឌ្ឍនៅម្ពុជា

ការអប់រំ និង ការអភិវឌ្ឍនៅម្ពុជា

ដោយឯកឧត្តម កង ឱម (បណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ)

ជំនួយការនៃរាជបណ្ឌិត្យសភាកម្ពុជា

វិស័យអប់រំនៅកម្ពុជា មានការអភិវឌ្ឍរីកចម្រើនទៅតាមសម័យកាល​
តាមស្ថានភាពប្រទេស នៃសម័យកាល និង តាមរយៈឆន្ទៈរបស់មេដឹកនាំ​ប្រទេស​ផងដែរ។ ​សម្រាប់បច្ចុប្បន្នកាល
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតា​ក្នុង​ការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប
ទៅជាប្រទេសដែល​មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍ​នៅឆ្នាំ២០៥០។​
មានតែការពង្រឹង និង អភិវឌ្ឍវិស័យអប់រំទេ ដែលជាកត្តា អាទិភាពសម្រាប់ធ្វើឲ្យគោលដៅនេះ
ឈានទៅសម្រេចបានជោគជ័យ ដោយ​ពឹង​ផ្អែកលើសមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយក​ចំណេះ​ដឹង
សមស្រប​នឹងជំនាញពាក់ព័ន្ធ ដែលអាចឆ្លុះបញ្ចាំងពីមរតកវប្បធម៌ និង សីលធម៌​របស់​ប្រទេស​ជាតិ។
កុមារ យុវជន និង មនុស្ស ពេញវ័យត្រូវមានសិទ្ធិចូលរៀននៅ​សាលាចំណេះទូទៅ​របស់រដ្ឋដោយឥតបង់ថ្លៃ
យ៉ាងហោចណាស់ត្រឹមបញ្ចប់​កម្រិត​មូលដ្ឋានថ្នាក់ទី៩។
គេក៏អាចទទួលបានការបន្តការសិក្សា និង ការអប់រំ​ពេញមួយជីវិតផងដែរ ​ទៅតាមលទ្ធភាពដែលពួក​គេអាចលៃលកបាន សម្រាប់​តម្រូវការទីផ្សារការងារ
ប្រកបដោយគុណភាពជាងបច្ចុប្បន្ន។ ការអប់រំត្រូវ​ផ្តល់​ឱកាសដល់សិស្ស និង ផ្តោត​លើការកសាងជំនាញបច្ចេកទេសវិជ្ជាជីវៈ
និង ជំនាញឯកទេស ដែលអាចធ្វើឲ្យពួកគេអាច​មានអាជីពមួយច្បាស់លាស់។

ដោយសិស្សានុសិស្សមានការកើនឡើងជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ​
ធ្វើ ឲ្យ​តំបន់ជាច្រើន ជាពិសេស តំបន់ដាច់ស្រយាល និង តាមទីជនបទ​ ប្រឈម​នឹងកង្វះសាលារៀន
​កង្វះបន្ទប់រៀន និង កង្វះគ្រូបង្រៀន ដែលជាហេតុធ្វើ​ឲ្យ​សាលារៀនមួយចំនួន ត្រូវប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា
ប្រើប្រាស់ថ្នាក់​គួប ការបង្រៀនពីរថ្នាក់ ឬ ត្រូវបង្រៀនពីរពេល ឬ ​បី​ពេលក៏មាន។
យ៉ាង​ណា​មិញ ការបណ្តុះបណ្តាលគ្រូបង្រៀនប្រចាំឆ្នាំសម្រាប់ផ្គត់ផ្គង់តាមខេត្ត រាជធានី
នីមួយៗ មិនទាន់បានគ្រប់គ្រាន់នៅឡើយ ដោយនៅមានគ្រូបង្រៀន​មួយ​ចំនួន​បង្រៀន​ខ្ពស់ជាងកម្រិតវប្បធម៌របស់ខ្លួន
ឬ បង្រៀនខុសឯកទេស ឬ មិន​មាន​គរុកោសល្យក្នុងការ​បង្រៀន។
ការជ្រើសរើសគ្រូបង្រៀនប្រចាំឆ្នាំ និង ចំនួន​ដែលបានផ្ទេរចេញ លុបឈ្មោះ មរណភាព និង ចូលនិវត្តន៍ជារៀងរាល់ឆ្នាំ
មិនមានតុល្យភាពគ្នា។  ភាគច្រើនគ្រូបង្រៀនដែល
បានបញ្ចប់ការសិក្សាពី​មជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ សាលាគរុកោសល្យ និង វិក្រឹតការខេត្ត
រាជធានី ឬ វិទ្យាស្ថានជាតិអប់រំ មិនបានបម្រើការយូរអង្វែងនៅតាម​កន្លែង​ដែលបានផ្តល់ឲ្យកាលពីដើម។
សមិទ្ធផលដែលសម្រេចបានរបស់ក្រសួងអប់រំ យុវជន និង កីឡា ឆ្នាំ២០១៣-២០១៤ បង្ហាញពីភាពរីកចម្រើនគួរកត់សម្គាល់
ប៉ុន្តែ នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ដើម្បីឈានសម្រេចបានជោគជ័យជាស្ថាពរឲ្យទាន់ពេលវេលា
និង អាចប្រៀប​ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ការរួមគ្នាបង្កើតឲ្យបានជាសមាគមន៍តែមួយ
វាសនាតែមួយ តម្រូវឲ្យ​ប្រទេស​នីមួយៗក្នុងសមាគមន៍ មានលក្ខណៈវិនិច្ឆ័យរួម មានធនធានសេដ្ឋកិច្ច
និង សមត្ថភាពធនធានមនុស្ស ប្រហាក់ប្រហែលគ្នា ដើម្បីធ្វើដំណើរទៅ​ដោយ​ស្របគ្នា និង មានអភិវឌ្ឍឆាប់រហ័ស។
ដោយឡែក ធនធានមនុស្សនៅកម្ពុជាគឺ វិស័យអប់រំ និង គុណភាព ត្រូវតែបានយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត។
ប្រទេសកម្ពុជាមានអ្វីខ្លះ ហើយនៅពេលនេះ ប្រទេសកម្ពុជាគួរតែពង្រឹង និង ពង្រីកបន្ថែម និង
ត្រូវត្រៀមលក្ខណៈបែបណាខ្លះទៀត។ ដូច្នេះ ការដឹងមុន និង ការត្រៀមលក្ខណៈពីពេលនេះទៅ ជាប្រការចាំបាច់បំផុតរបស់ប្រទេស​នីមួយៗ។​

និយមន័យនៃពាក្យ៖

  • សមាហរណកម្ម (Integration)
    គឺជាការរួមបញ្ចូលគ្នានូវរបស់ ឬ វត្ថុពីរ ឬ ច្រើនដើម្បីធ្វើកិច្ចការអ្វីមួយរួមគ្នា។
  • អាស៊ាន (ASEAN)
    ជាអក្សរកាត់មកពីភាសាអង់គ្លេសថា សមាគម​ប្រជា​ជាតិអាស៊ី​អាគ្នេយ៍
    (Association of
    Southeast Asian Nations)។

អាស៊ាន គឺជាអង្គការសេដ្ឋកិច្ច និង
នយោបាយដែលរួមមាន១០ប្រទេស​ ស្ថិតនៅភាគ អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងនៅថ្ងៃទី​០៨ សីហា ឆ្នាំ១៩៦៧
ដោយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ ហ្វីលីពីន ស៊ឹង្ហបូរី និង ថៃ។ បន្ទាប់​ពីនោះ​មក សមាជិកដទៃទៀតត្រូវបានបញ្ចូលមាន
ដូចជា ប្រុយណេ មីយ៉ាន់ម៉ា កម្ពុជា  ឡាវ និង
វៀតណាម។ គោលដៅសំខាន់របស់អាស៊ានគឺ ដើម្បីពង្រឹងស្ថិរភាព​នយោបាយ និង សន្តិភាពនៅក្នុងតំបន់។
ក្នុងគោលដៅនេះ អាស៊ាន​បាន​​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ប្រែក្លាយ​តំបន់​នេះ ​ទៅ​ជា​​​សហគមន៍​សេដ្ឋកិច្ច​​តែ​មួយ​​
(ASEAN Economic Community) និង អនុវត្តគំនិត​ផ្ដួចផ្ដើម​​របស់​ខ្លួន​​​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​​ជា​​តំបន់​ទីផ្សារ​តែមួយ និង ផលិតផល​តែ​មួយ
ពោល​គឺ ​លំហូរ​ផលិតផល សេវាកម្ម ការ​វិនិយោគ និង ជំនាញ​ពលកម្ម។ល។ នឹង​មាន​វត្តមាន​ដោយសេរី​នៅ​ក្នុង​តំបន់​នេះ។
​​​អាស៊ានមានផ្ទៃដីសរុប៤.៤៦លាន​គ.ម និង មានប្រជាជន​ជាង៦០០លាននាក់
ដែលស្មើនឹង៨.៨% នៃចំនួន​ប្រជាជន​ពិភពលោក។

ប្រវត្តិអប់រំកម្ពុជា

  • ការសិក្សាសម័យបុរាណ

នៅប្រទេសកម្ពុជា ការសិក្សាកើតមានឡើងតាំងពីសម័យព្រេងនាយ។​ ប៉ុន្តែ កាលពីដើម​ឡើយ ការសិក្សានេះមាននៅតែត្រកូលស្តេចប៉ុណ្ណោះ។ បុត្រា​បុត្រីស្តេច មន្ត្រីតូចធំ​សុទ្ធតែបានទទួលការសិក្សាយ៉ាងបរិបូរណ៍។ ដោយ​ប្រទេស​កម្ពុជាទទួលឥទ្ធិពលពុទ្ធសាសនា និង ព្រាហ្មណ៍សាសនា ដូច្នេះ ប្រទេសកម្ពុជាកាន់សាសនាទាំងពីរនេះ។

សម័យនគរភ្នំ (ហ្វូណន) ការសិក្សាមានការរីកចម្រើនហើយ។ ភិក្ខុ​សាមណេរ បានទទួលការសិក្សារហូតដល់វិជ្ជាជាន់ខ្ពស់។ កាលនោះ មាន​ព្រះថេរ​អង្គខ្លះបានសិក្សាខ្ពង់ខ្ពស់ ចេះវិជ្ជាច្រើនប្រការ មានភាសាសាស្ត្រជាដើម ដូចជាព្រះមហាថេរសង្ឃបាលជាដើម។ នៅក្នុងរជ្ជកាលព្រះបាទ ជ័យកៅណ្ឌិន្យ​វរ័ន្ម គ្រឹស្តសតវត្សទី៥ ព្រះមហាថេរអង្គនេះបាននិមន្តទៅកាន់ប្រទេសចិន ហើយ​ព្រះចៅក្រុងចិន ទ្រង់ប្រោសប្រាលណាស់ ដោយព្រះអង្គបានប្រែព្រះត្រៃ​បីដកទៅជាភាសាចិន និង គម្ពីរមួយចំនួនទៀតទៅជាភាសាចិន នៅការិយា​ល័យ​នគរភ្នំប្រទេសចិន។ ស្នាព្រះហស្ថជាភាសាចិន មានសេចក្តីវិសេស​វិសាល​ណាស់ មិនមានអ្នកណាអាចស្គាល់បានថាជាស្នាដៃខ្មែរឡើយ បានជាព្រះចៅ​ក្រុងចិនសព្វព្រះរាជហឫទ័យ ហើយថ្វាយព្រះអង្គជាសិស្ស​ កសាងវត្តប្រគេន​សម្រាប់ឲ្យគង់នៅដោយក្តីក្សេមក្សាន្ត។​ លទ្ធិពុទ្ធ​សាសនាមហាយានក្នុងសកល​លោក ស្គាល់ព្រះនាមលោកថា «សង្ឃបាល» នេះ ពិតប្រាកដណាស់ ហើយ​គេ​មាន ចារិកព្រះនាមនេះនៅក្នុងព្រះត្រៃបិដកចិនទៀតផង។ កេរ្តិ៍ឈ្មោះប្រទេស​កម្ពុជាអណ្តែតត្រសែត ខ្ពង់ខ្ពស់ដោយព្រះមហាថេរអង្គនេះ រហូតមកដល់​សព្វ​ថ្ងៃ។
សម័យចេនឡា ការសិក្សាក៏មានការរីកចម្រើនណាស់ដែរ។ អ្នកសិក្សា​អក្សរសាស្ត្រ សំស្ក្រឹត បានទទួលការសិក្សាខ្ពង់ខ្ពស់ណាស់។ ក្នុងរាជដំណាក់​មានត្រកូលមន្ត្រីជាន់ខ្ពស់មួយ មានការចេះដឹងវិសេស​ បានជាប្រធាន​មន្ត្រី​ច្រើន​រាជ្យ ពីរាជ្យព្រះបាទរុទ្រវរ័ន្ម គ.ស៥១៤ រហូត មកដល់រាជ្យព្រះបាទ​ជ័យវរ័ន្ម​ទី១ គ.ស ៦៨១។

ក្នុងត្រកូលនេះមានឈ្មោះ សិង្ហវិរៈ ជាចិត្តកវីឯក ក្នុងរាជ្យព្រះបាទ​ឥសាន​វរ័ន្ម គ.ស៦២៧។ កាព្យលោកជាកាព្យជើងឯក។​ លោកមានបុត្រាមួយ​ឈ្មោះ សិង្ហទត្ត​ ធ្វើជាគ្រូពេទ្យ ហើយជាអ្នកប្រាជ្ញនៅក្នុងរាជ្យព្រះបាទ​ជ័យវរ័ន្ម​ទី១។ ព្រះជ័យវរ័ន្មទី១ តែងតាំងលោកជានាយកក្រុងអាធ្យបុរៈ។ លោកសិង្ហទត្ត តែងអត្ថបទសិលាចារិកអង្គរជនីក សរសើរបិតាលោកថា «ជាកវីជើងឯក ចេះ​តែង​កាព្យប្រសើរ ដែលគេផឹកមិនចេះឆ្អែត»។

សម័យមហានគរ ការសិក្សាឡើងដល់ថ្នាក់ខ្ពស់បំផុត។ មានអ្នកប្រាជ្ញ​ច្រើននាក់ អ្នកប្រាជ្ញពុទ្ធសាសនា អ្នកប្រាជ្ញសាសនាព្រាហ្មណ៍ ខ្លះជាបុរោហិត ខ្លះជាព្រះរាជគ្រូ។ ក្នុងរាជសំណាក់មានមហាវិទ្យាល័យជាន់ខ្ពស់​សម្រាប់​ព្រះ​រាជ​ត្រកូល នៅក្នុងវត្តជ័យស្រីព្រះខាន់។ ព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសី​នៃ​ព្រះបាទជ័យវរ័្មនទី៧ ទ្រង់ជាសាកលវិទ្យាធិការ។ នៅក្នុងវត្តរាជវិហារ (តាព្រហ្ម) ព្រះមហាថេរ​ថ្នាក់ជាបណ្ឌិត មាន១៨អង្គ ជាសាស្ត្រាចារ្យមាន២៧៤០អង្គ។ ទាំងអស់នេះជាស្តម្ភទ្រទ្រង់ការសិក្សាសម័យនេះ។ ស្នាដៃអ្នកប្រាជ្ញទំាងនេះ​មាន​តម្លៃកាត់ថ្លៃមិន បានសូម្បីតែកវីព្រាហ្មណ៍ដែលនៅក្នុងប្រទេសទន្លេគង្គា (ឥណ្ឌា) ក៏យកឈ្នំពុំបានឡើយ។ អ្នកសិក្សាបើបានឃើញស្នាដៃកវីបុរាណ ជាពិសេស ស្នាដៃកវី សិវសោម ទិវាករ ព្រះនាងឥន្ទ្រទេវី គតិបណ្ឌិតសូរ្យកុមារ។ល។​ ហាក់ដូចជាបានក្រេបទឹកអម្រឹតដែលគេផឹកមិនចេះឆ្អែត។

នេះបញ្ជាក់ថាប្រទេសកម្ពុជាយើងមានការសិក្សា ហើយមានសិក្សា​តាំង​ពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់។ ឯការចាត់ថ្នាក់សិក្សា សូម្បីយើងមិន​ដឹង​ដោយ​ល្អិត ក៏យើងអាចយល់​បាន​ថា មិនប្លែកពីសម័យក្រោយ គឺក្នុងគ្រឹស្តសតវត្សទី ១៩​ប៉ុន្មានដែរ។ ការអប់រំយើងសម័យបច្ចុប្បន្ននេះ មានការចាត់ថ្នាក់សិក្សា​ប្រកប​ដោយរបៀបល្អ ត្រឹមត្រូវទៅតាមកាលៈទេសៈ តែ​ភូមិសិក្សានៅទន់​ខ្សោយ​មិនទាន់បានលទ្ធផលប្រសើរគួរឲ្យពេញចិត្ត​ គឺថា យើងដើរមិនទាន់ដល់បុព្វ​បុរស​យើងនៅឡើយទេ។

ក្រោយសម័យមហានគរ វិស័យអប់រំកម្ពុជាក្នុងគ្រឹសសតវត្សទី១៦ ទី១៧ និង ទី១៨ចុះទន់ខ្សោយណាស់ ចុះទន់ខ្សោយស្ទើរតែរលត់ តែមានការសិក្សា​គង់វង្សរហូតមក ទោះបីតូចរៀវទៅពិតមែន គឺគ្រាន់តែស្តូចតែមិនដាច់ទេ។ លទ្ធិ​សាសនាព្រាហ្មណ៍រលត់​បាត់ទៅ​ហើយ តែប្រពៃណីសិក្សាតាមបែបព្រាហ្មណ៍​ជាប់ស្ថិតស្ថេររហូតដល់បច្ចុប្បន្នកាល។ សព្វថ្ងៃ​យើងកាន់ពុទ្ធសាសនា តែ​ប្រពៃណី​ការសិក្សានៅជាព្រាហ្មណ៍ គឺយើងឲ្យកូនចៅយើងទៅ​នៅវត្ត។ ព្រះ​មហា​ថេរគឺជាសម្តេចព្រះសង្ឃរាជ រាជាគណនុក្រម ចៅអធិការវត្ត ជា​សាស្ត្រា​ចារ្យ ជាគ្រូ ពោលគឺវត្តជាសាលារៀន វត្តជាសាកលវិទ្យាល័យ។ វិជ្ជាសព្វសារពើ​គឺ​មានក្នុងវត្ត។ វត្តជាជង្រុក ជាឃ្លាំង សារពើវិជ្ជា គឺអក្សរសាស្រ្ត គណិតសាស្ត្រ ហោរាសាស្រ្ត ពេទ្យសាស្ត្រ សិល្បៈ សាស្ត្រាយុទ្ធសាស្ត្រ វិស្វកម្មសាស្ត្រ។ល។ កុលបុត្រ កុលធីតា សុទ្ធតែ​ជា​សិស្សវត្ត។ កុលបុត្រ កុលធីតាទាំងអស់នេះ ចេញ​ពី​វត្តទៅជាព្រះមហាក្សត្រ សេនាបតី នាម៉ឺន​ មន្ត្រី កាន់ក្រសួងត្បូងការនៅក្នុង​ប្រទេស។

នៅសតវត្សទី១៩ ការសិក្សាចាប់ផ្តើមចម្រើនឡើងវិញ សាស្ត្រាច្បាប់ សាស្ត្រាល្បែង សាស្ត្រាទេសន៍ កើតឡើងច្រើន។ ការសិក្សាជាន់ខ្ពស់​ក៏ចាប់ផ្តើម​កើតមានឡើងវិញ មានការ​សិក្សាភាសាបាលីនៅក្នុងក្រុង ក្នុងវត្តធំៗមានអ្នក​ប្រាជ្ញកើតឡើងច្រើន។ ក្នុងព្រះរាជសំណាក់​​​ ក៏មានការសិក្សានៅវត្តទាំងឡាយ​ទូទៅក្នុងព្រះរាជាណាចក្រក៏មានការសិក្សា។
ក្នុងរាជ្យព្រះបាទសម្តេចព្រះហរិរក្សរាមាធិបតី (ព្រះអង្គឌួង) ព្រះអង្គជា​មហាស្តម្ភដ៏ប្រសើរក្នុងការសិក្សា ទ្រង់ជាអ្នកប្រាជ្ញ ទ្រង់ជាកវី ទ្រង់ជាបណ្ឌិត ទ្រង់ជាអ្នកនិពន្ធដ៏ប្រសើរលើស ទ្រង់ជាសាស្ត្រាចារ្យឯក។ សម័យនោះ ព្រះបរម​រាជវាំងឧត្តុង្គជាសាកលវិទ្យាល័យ ព្រះអង្គទ្រង់ជាសាកលវិទ្យាធិការ ទ្រង់​បង្រៀន​វិជ្ជាអក្សរសាស្ត្រខ្មែរ វិជ្ជាកាព្យ វិជ្ជានិពន្ធ ទ្រង់បង្រៀនបាលី បង្រៀនធម៌ ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា និង វិជ្ជាផ្សេងៗផ្ទាល់ព្រះអង្គ។

  • ការអប់រំនាសម័យអាណានិគមនិយមបារាំង

ប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងជ្រោយឥណ្ឌូចិន ហើយបានស្ថិត​នៅ​ក្រោមរបបអាណាព្យាបាលបារាំង ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្ឆាំ១៩៥៣។ នៅ​ពេលមុននឹងប្រទេសបារាំងចូលមកកាន់កាប់ ប្រទេសកម្ពុជាត្រូវបាន​ទទួលរង​នូវ​ការគាបសង្កត់ពីសំណាក់ប្រទេសជិតខាងឥតឈប់ឈរ។

ទាក់ទងនឹងវិស័យអប់រំរបស់ប្រទេសកម្ពុជានាសម័យនោះ
ការសិក្សាបាន​ធ្វើ​ឡើងនៅតាម​ទី​វត្ត​អារាម ដែលជាមជ្ឈមណ្ឌលវប្បធម៌អរិយធម៌ដ៏សំខាន់​របស់​ខ្មែរ។
ការអប់រំតាមបែបប្រពៃណីនាពេលនោះ គឺព្រះសង្ឃបានដើរតួនាទី​យ៉ាង​សំខាន់ជាគ្រូបង្រៀន ជាអ្នកផ្ទេរចំណេះដឹងដល់កូនខ្មែរ។
នៅពេលនោះ​គេបាន​សិក្សា ដូចជា​ សាស្ត្រា និង អត្ថបទដែលទាក់ទងទៅនឹងសាសនា។ ការចូលទៅ​សិក្សានៅតាមវត្តអារាមជាមួយព្រះសង្ឃទាំងនោះ
បានធ្វើឲ្យកូនខ្មែរចេះអាន និង ចេះសរសេរអក្សរខ្មែរបាន និង ទទួលបានការអប់រំសីលធម៌ តាមទ្រឹស្តី
ព្រះពុទ្ធសាសនា។ ក្រៅពីការហាត់រៀនអក្សរខ្មែរ និង បាលី ប្រជាជនខ្មែរ​នៅ​ពេលនោះថែមទាំងបានទទួលនូវការអប់រំចរិយាសាស្ត្រ
ឬ សីលធម៌សង្គម​ពី​សំណាក់កវីប្រជាជន ដូចជា កវីក្រមង៉ុយ និង ម៉ឺនម៉ៃជាដើម។ កវីទាំងនោះ
បាន​តាក់តែងជាច្បាប់ផ្សេងៗ ជាពាក្យកាព្យ ជាចម្រៀងសាដៀវ ដើម្បីច្រៀងអប់រំ ទូន្មាន ប្រៀនប្រដៅប្រជាជន
មានដូចជា ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់ល្បើកថ្មី​ជាដើម។ ក្រោយពីប្រទេសបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា
ប្រព័ន្ធអប់រំ​ត្រូវបានកែលម្អរជាបន្តបន្ទាប់។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម​ជាតិ
នៅចន្លោះពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩២៤ គេបានសាកល្បងធ្វើការកែទម្រង់​សាលាវត្ត។ ជាដំបូង ការកែទម្រង់នេះបានធ្វើនៅក្នុងខេត្តកំពង់ចាម
ហើយ​បន្ទាប់​មក នៅទូទាំង​ប្រទេស​កម្ពុជា។ នៅឆ្នាំ១៩១១ ព្រះមហាក្សត្របានចេញ​ព្រះរាជប្រកាសមួយ
ដោយតម្រូវឲ្យមាតា​បិតា​ មានកាតព្វកិច្ចបញ្ជូនកូនចៅ​របស់​ខ្លួនដែលមានអាយុចាប់ពី៨ឆ្នាំ
ឲ្យទៅសិក្សានៅតាមវត្តអារាម។ តាមរយៈ​ព្រះរាជប្រកាសនេះដែរ គឺនៅក្នុងសាលាវត្តទាំងអស់ទូទាំងប្រទេស
ត្រូវរៀន​ជាភាសាខ្មែរ។ ការអប់រំតាមបែបសាសនានៅទូទាំងប្រទេស មានការកែលម្អរ​នៅ​ដើមសតវត្សទី២០
ដោយមានការបង្កើតសាលាជាន់ខ្ពស់ផ្នែកសាសនាចំនួន ២ នៅចុងឆ្នាំ១៩០៩។ សាលាបឋមសិក្សាមាន​មួយសម្រាប់ក្នុងមួយឃុំ
ដោយ​ទទួលការឧបត្ថម្ភថវិកាពីសាលាឃុំ និង ពុទ្ធបរិស័ទជើងវត្ត និង បង្រៀនដោយ​ព្រះសង្ឃ។
ចាប់ពីសាលាបឋមសិក្សារហូតដល់មធ្យមសិក្សា គេបែងចែកជា កម្រិត និង ថ្នាក់ដូចតទៅ៖

សាលាបឋមសិក្សាជាន់ដំបូង (ឬសាលាវត្តទំនើប)
មានបីថ្នាក់គឺ៖

  • ថ្នាក់កុមារដ្ឋាន
  • ថ្នាក់បរិវច្ឆណដ្ឋាន
  • ថ្នាក់អាទិកដ្ឋាន (បដិញ្ញាណដ្ឋាន)

សាលាបឋមសិក្សាបំពេញវិជ្ជា មានបីថ្នាក់គឺ៖

  • មជ្ឈឹមដ្ឋានទី ១
  • មជ្ឈមដ្ឋានទី ២
  • ថ្នាក់ឧត្តមដ្ឋាន (បរិបុណ្ណដ្ឋាន)

មធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ)
មាន ៤ថ្នាក់៖

  • ថ្នាក់ទី ៦ ទំនើបជាតិ
  • ថ្នាក់ទី ៥ ទំនើបជាតិ
  • ថ្នាក់ទី ៤ ទំនើបជាតិ
  • ថ្នាក់ទី​៣ ទំនើបជាតិ

មធ្យមសិក្សាទុតិយភូមិ
«វិទ្យាល័យ» មាន ៣​ថ្នាក់៖

  • ថ្នាក់ទី​ ២ ទំនើបជាតិ
  • ថ្នាក់ទី ១ ទំនើបជាតិ
  • ថ្នាក់ទី បញ្ចប់
  • វិស័យអប់រំកម្ពុជាក្រោសម័យឯករាជ្យ
    ១៩៥៣

ក្រោយសម័យទាមទារឯករាជ្យបានពីអាណានិគមបារាំង ថ្ងៃទី៩​ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ វិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ សាលា​រៀនកើតមាននៅគ្រប់វត្តអារាម និង ទីប្រជុំជន។ ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទនរោត្តម សីហនុវរ័ន្ម ទ្រង់សព្វព្រះទ័យក្នុងការធ្វើឲ្យ​វិស័យ​អប់រំអភិវឌ្ឍដល់កម្រិតខ្ពស់ តាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តមសិក្សា។ ទី​ជនបទឆ្ងាយដាច់ស្រយាលក៏មានសាលាបឋមសិក្សា និង អនុវិទ្យាល័យដែរ។ កូនចៅព្រះអង្គគ្រប់ស្រទាប់ក្នុងសង្គម បានចូលរៀនគ្រប់ៗគ្នា។ ព្រះអង្គទ្រង់​បាន​បង្កើតឲ្យមានសាកលវិទ្យាល័យនៅតាមខេត្តទៀតផង ដូចជា សាកល​វិទ្យា​ល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យតាកែវ-កំពត សាកលវិទ្យាបាត់ដំបង និង សាកលវិទ្យាកំពង់ចាមជាភស្តុតាងស្រាប់ ដោយមានមូលដ្ឋានសម្ភារៈ បច្ចេក​ទេស និង មន្ទីរពិសោធន៍គ្រប់គ្រាន់សម្រាប់ពង្រឹងការសិក្សាទៀតផង។ ក្នុងសម័យ​សង្គមរាស្ត្រនិយម សេដ្ឋកិច្ច​​កម្ពុជាមានស្ថេរភាព ហើយផ្សារភ្ជាប់ទៅនឹង​វិស័យ​អប់រំ។ ការបណ្តុះបណ្តាលអ្នកឯកទេស ជំនាញគ្រប់វិស័យ សម្រាប់បម្រើការ​ទៅ​តាម​សេចក្តីត្រូវការរបស់ស្ថាប័នរដ្ឋនានាក្នុងសង្គម។

  • ការអប់រំនាសម័យសាធារណរដ្ឋខ្មែរ

មកដល់ឆ្នាំ១៩៧០ ស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា​បានធ្លាក់​ចូលក្នុងសង្រ្គាមស៊ីវិល ដោយការលូកដៃចូលនៃមហាអំណាចពិភពលោកនៃ​ប្លុកបដិបក្ខទំាងពីរ។ អំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ វិស័យអប់រំកម្ពុជាបាន​ធ្លាក់​ចុះដោយសារសង្រ្គាម និង បណ្តុះស្មារតីហឹង្សា។ ឧត្តមសិក្សាស្ថិតនៅ​ប្រមូល​ផ្តុំតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដោយការហ៊ុមព័ទ្ធរបស់កងទ័ព​ខ្មែរ​ក្រហម។ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក លោក លន់ នល់ ដែលជានាយករដ្ឋមន្ត្រី និង ញាតិវង្សរបស់សម្តេច នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ និង ក្រុមសាធារណរដ្ឋនិយម​ បាន​ធ្វើ​រដ្ឋប្រហារទម្លាក់សម្តេច នរោត្តម​ សីហនុ ពីមុខតំណែង ហើយរាជរដ្ឋាភិបាល​ថ្មី​មួយក៏បានបង្កើតឡើង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ គឺរបប «សាធារណ​រដ្ឋ​ខ្មែរ»។

  • ការអប់រំនាសម័យកម្ពុជាប្រជាធិបតេយ្យ

បន្ទាប់ពីការដួលរំលំនៃរបបសាធារណរដ្ឋ លោក លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ សម័យកាលដ៏ខ្មៅងងឹតបំផុត​របស់ប្រជាពលរដ្ឋ​ខ្មែរ​បានឈានមកដល់។ នៅក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត (១៩៧៥-១៩៧៩) នយោបាយសងសឹកចំពោះបញ្ញវ័ន្តខ្មែរ របស់ពួកខ្មែរ​ក្រហម មិនត្រឹមតែបំផ្លិចបំផ្លាញខ្ទេចខ្ទីប្រព័ន្ធ​សិក្សាធិការជាតិទាំងស្រុងទេ ថែមទាំង​អាយុ​ជីវិតប្រជាជនខ្មែរជាងបីលាននាក់ផងដែរ។ នេះជាសម័យអប់រំឲ្យខ្មែរ​ប្រល័យ​ពូជសាសន៍ឯង។

  • ការអប់រំនាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធអប់រំជាតិទាំងមូល​ត្រូវបាន​បង្កើត និង ស្តារឡើងវិញ តាមរយៈការប្រមែប្រមូលធនធានគ្រូ សិស្ស និស្សិត ដែលនៅសេសសល់ពីការកាប់សម្លាប់ ក្រោមការឧបត្ថម្ភជំនួយបច្ចេកទេសពី​បណ្តា​ប្រទេសសង្គមនិយមនានា។ បវេសនកាលជាប្រវត្តិសាស្ត្រគឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ មានសិស្សសរុប៩០០ ០០០នាក់ ក្នុងទូទាំងប្រទេស។ សាលា​ចំណេះទូទៅមាន៣កម្រិតសិក្សា មាន១០ឆ្នាំ (៤+៣+៣)៖

  • សាលាកម្រិតសិក្សាទី១៖​ មានបួនថ្នាក់
    គឺថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ និង ថ្នាក់ទី៤
  • សាលាកម្រិតសិក្សាទី២៖ មានបីថ្នាក់ គឺថ្នាក់ទី៥
    ថ្នាក់ទី​៦ និង ថ្នាក់ទី៧
  • សាលាកម្រិតសិក្សាទី៣៖ មានបីថ្នាក់ គឺថ្នាក់ទី៨
    ថ្នាក់ទី៩ និងថ្នាក់ទី១០

គ្រូបង្រៀនដែលនៅរស់រានមានជីវិតមានចំនួនតិចតួចពេក
នៅពេលនោះ​ក្រសួងអប់រំក៏អនុវត្តគោលការណ៍ «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះ​តិចបង្រៀនអ្នកមិនចេះ»។
គ្រូបង្រៀនគ្មានចំណេះដឹងខ្ពង់ខ្ពស់ គ្មានគរុកោសល្យ​ហៅថា «គ្រូចាត់តាំង» ត្រូវបង្រៀនសិស្សនៅបវេសនកាល
និង ត្រូវទៅទទួល​ការសិក្សាគរុកោសល្យនៅវិសម្សកាល។ ឯគ្រូបង្រៀនដែលនៅរស់រានមាន​ជីវិត​ពីរបប
ប៉ុល ពត ហៅថា «គ្រូចាស់» មានតួនាទីជាអ្នកផ្តល់ចំណេះដឹង​គរុ​កោសល្យ​ដល់ «គ្រូចាត់តាំង»។
ដោយផ្អែកលើគោលការណ៍ «ការសិក្សាត្រូវ ផ្សារភ្ជាប់នឹងជីវភាព» ទាំងសៀវភៅសិក្សា និង កម្មវិធីសិក្សាសុទ្ធសឹងតាក់តែង
និង រៀបចំថ្មីទាំងអស់។ ខ្លឹមសារសំខាន់នៃការអប់រំ គឺកសាងសង្គមតាមបែប​សង្គម​និយម ទាក់ទងនឹងទស្សនៈក្នុងការរំដោះជាតិ
រំដោះវណ្ណៈ ការកសាង​កម្លាំង​ពិតបដិវត្តន៍ ការបង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពប្រជាជន​
ការ​ស្រឡាញ់សមូហភាព និង សាមគ្គីភាពអន្តរជាតិអធន ជាពិសេស សាមគ្គី​ជាមួយប្រជាជនវៀតណាម។
កម្មវិធីសិក្សាភាសាបរទេសមានភាសា វៀតណាម និង រុស្សី។

កំណែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំនៅកម្ពុជា

ការប្រែប្រួលផ្នែកនយោបាយ និង សង្គម-សេដ្ឋកិច្ច​បានតម្រូវឲ្យមាន​កំណែ​ទម្រង់ប្រព័ន្ធអប់រំជាបន្តបន្ទាប់។
នៅមុនឆ្នាំ១៩៧៥ កម្ពុជារក្សាប្រព័ន្ធ​អប់រំ​មួយតាមកេរ្តិ៍ដំណែលរបស់បារាំង មានរយៈពេលសិក្សា១៣ឆ្នាំ (៦+៤+​២+​១) និង ឆ្លងកាត់ការប្រឡងធំៗ ៤ ឬ ៥ដង។
ក្រោយឆ្នាំ១៩៧៩ ផ្អែកតាម​តម្រូវ​ការ​បន្ទាន់របស់ប្រទេសជាតិ ក្រសួងអប់រំបានអនុវត្តប្រព័ន្ធអប់រំ១០ឆ្នាំ (៤+៣+​៣) ហើយ​ចាប់ផ្តើមពង្រីកឲ្យទៅជាប្រព័ន្ធ១១ឆ្នាំ (៥+៣+៣)
ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៦។

ក្នុងបរិបទថ្មីរបស់ប្រទេសជាតិ ក្រសួងអប់រំ យុវជន និង កីឡា បានបន្ត​កែ​លម្អប្រព័ន្ធអប់រំកែទម្រង់កម្មវិធីសិក្សា តាក់តែងសៀវភៅសិក្សាថ្មី បំប៉ន​សមត្ថភាព​ជាថ្មីដល់គ្រូបង្រៀន ដើម្បីត្រៀមលក្ខណៈផ្តើមអនុវត្តប្រព័ន្ធអប់រំ១២​ឆ្នាំ (៦+៣+៣) នៅក្នុងឆ្នាំសិក្សា១៩៩៦-១៩៩៧ មកទល់បច្ចុប្បន្ន។ ប្រព័ន្ធ​អប់រំថ្មី បានបង្កើនម៉ោងសិក្សាសម្រាប់គ្រប់កម្រិតថ្នាក់នៃបឋមសិក្សា។

រចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំកម្ពុជាចុងក្រោយ បានបង្កើនចំណេះដឹង​សិស្ស​មួយកម្រិតទៀត គឺពី១១ឆ្នាំ ដល់១២ឆ្នាំ ​ដោយបន្ថែម១ឆ្នាំ​ទៀតនៅ​បឋម​សិក្សា។ ប្រព័ន្ធនេះ បង្ហាញពីការចូលរៀនរបស់កុមារនៅអាយុ៣ឆ្នាំនៅ​មត្តេយ្យ​​សិក្សារយៈពេល៣ឆ្នាំគឺ កម្រិតមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតមធ្យម និង មេត្តេយ្យកម្រិតខ្ពស់ បន្ទាប់ពីមុនពេលគេចូលរៀននៅបឋមសិក្សា ដែលមាន​អាយុ៦ឆ្នាំ ឬ យ៉ាងតិច៧២ខែ។ ប្រព័ន្ធនេះ ក៏មានភាពទន់ភ្លន់ផងដែរ​ចំពោះ​សិស្សដែលបញ្ចប់អនុវិទ្យាល័យ អាចបន្តការសិក្សាទៅរកឯកទេសណាមួយ​តាមមជ្ឈមណ្ឌល ឬ សាលាបច្ចេកទេស និង វិជ្ជាជីវៈសម្រាប់ឈានឆ្ពោះ​ទៅ​ទីផ្សារពលកម្មការងារ។

 

ការអភិវឌ្ឍនៃវិស័យអប់រំ 

ក្រោយថ្ងៃរំដោះ
៧ មករា ឆ្នាំ១៩៧៩ សាលារៀនតិចតួចបំផុតដែល​នៅ​សេស​សល់ពីការ​បំផ្លិចបំផ្លាញពីរបបប្រលល័យពូជសាសន៍​
ប៉ុល ពត។ ជាបន្ត​បន្ទាប់ពីពេលនោះមក ចំនួនសាលារៀនគ្រប់កម្រិតសិក្សា តាំងពីមត្តេយ្យសិក្សា
សាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ មានការកើនឡើង៖

  • ចំពោះមត្តេយ្យសិក្សា នៅឆ្នាំ១៩៧៩-១៩៨០ កើនពី៩៦ ដល់១៨៩៥ នៅឆ្នាំ២០០៩-២០១០ និង រហូតដល់៣១៨៤ នៅឆ្នំា២០១៣-២០១៤
  • ចំពោះបឋមសិក្សានៅឆ្នាំ១៩៨៩-១៩៩០ កើនពី៤៧៧៣ ដល់៦៦៦៥ នៅឆ្នាំ២០០៩-២០១០ និង រហូតដល់៦៩៩៣ នៅឆ្នំា២០១៣-២០១៤
  • ចំពោះអនុវិទ្យាល័យនៅឆ្នាំ១៩៧៩-១៩៨០ កើនពី១៤ ដល់១១៧២ នៅឆ្នាំ២០០៩-២០១០ និង រហូតដល់១២៤៤ នៅឆ្នំា២០១៣-២០១៤
  • ចំពោះវិទ្យាល័យនៅឆ្នាំ១៩៧៩-១៩៨០ កើនពី១ ដល់៣៨៣ នៅឆ្នាំ ២០០៩-២០១០ និង រហូតដល់៤៤៤ នៅឆ្នំា២០១៣-២០១៤។

ដើម្បីសម្រេចនូវតម្រូវការសេដ្ឋកិច្ចទីផ្សារសេរី
ដែលមានការប្រកួត​ប្រជែង​ខ្ពស់ខាងគុណភាព ក្រសួងអប់រំ​ យុវជន និង កីឡា បានអនុញ្ញាតិឲ្យមាន​បើក​សាលារៀនឯកជនតាមខេត្ត
រាជធានី ទូទាំងព្រះរាជាណាចក្រកម្ពុជា ​ចាប់​ពីមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និង
សាកលវិទ្យាល័យផង ដែលធ្វើ​ឱ្យ​គុណភាពសិក្សាអប់រំកាន់តែប្រសើរ និង មានការប្រកួតប្រជែង។

ប្រវត្តិស្ថាប័នបណ្តុះបណ្តាលគ្រូ (វិទ្យាស្ថានជាតិអប់រំ)

វិទ្យាស្ថានជាតិអប់រំ (National Institute of
Education) សរសេរជា​អក្សរ​កាត់ «វ.ជ.អ» (NIE)
គឺជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏ចំណាស់មួយ ដែលមាន​អាយុកាលជិតមួយសតវត្សមកហើយ
និង មានទីតាំងស្ថិតនៅចំកណ្តាល​រាជធានីភ្នំពេញ (កាច់ជ្រុងខាងជើងឈាងលិចវិមានឯករាជ្យ)។

បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយ​ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសាធារណចំនួន៣៩ និង គ្រឹះស្ថានឧត្តម​សិក្សា​ឯកជន​ចំនួន១០៦ ទូទាំងព្រះរាជាណាចក្រកម្ពុជា។  

វិទ្យាស្ថានជាតិអប់រំ​ ត្រូវបានកសាងឡើងតាំងពីសម័យអាណានិគម​និយម​បារាំង ឆ្នាំ១៩១៤ ដែលមានឈ្មោះថា «សាលាបឋមសិក្សា»
ហើយ​ក្រោយ​មកបានផ្លាស់ឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖

  • ឆ្នាំ១៩២៥ មានឈ្មោះថា ផ្នែកគរុវិជ្ជា
    ជាផ្នែកមួយនៃវិទ្យាល័យ​ព្រះស៊ីសុវត្ថិ
  • ឆ្នាំ១៩៤៣ បានប្តូរឈ្មោះជា «សាលាគរុវិជ្ជាភ្នំពេញ»
    ជាមជ្ឈមណ្ឌល​បណ្តុះបណ្តាលគ្រូបង្រៀន។
  • ឆ្នាំ១៩៥៨ តាមក្រឹតលេខ៤៣៨ន.ស ចុះថ្ងៃទី១០ កក្កដា ឆ្នំា១៩៥៨
    បានប្រែ​ក្លាយ​ទៅជា  «វិទ្យាស្ថានជាតិគរុកោសល្យ»
  • ឆ្នាំ១៩៦៥ បានប្តូរឈ្មោះទៅជា «មហាវិទ្យាល័យគរុកោសល្យ» ដែល​មានមជ្ឈមណ្ឌលអប់រំសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ
    សាស្ត្រាចារ្យ​មធ្យមសិក្សាទុតិយភូមិ និង គ្រូបង្រៀនបឋមសិក្សា
  • ឆ្នាំ១៩៧០ បានប្តូរទៅជា សាលាគរុវិជ្ជាជាន់ខ្ពស់ ដែលជាមជ្ឈមណ្ឌល​សម្រាប់អប់រំ​សាស្ត្រាចារ្យបរិញ្ញាខាងវិទ្យាសាស្ត្រ និង ផ្នែកវិទ្យាសាស្ត្រ​សង្គម ហើយជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ឆ្នាំ១៩៧៥ វិទ្យាស្ថាននេះបានបិទទ្វារ ក្រោមរបបប្រល័យពូជសាសន៍
    ខ្មែរក្រហម ប៉ុល ពត
  • ឆ្នំា១៩៨០ 
    សាលាគរុវិជ្ជាជាន់ខ្ពស់បានចាប់បដិសន្ធិឡើងវិញ ហើយ​បាន​ប្តូរឈ្មោះមកជា  «សាលាគរុកោសល្យ និង វិក្រឹតការមជ្ឈឹម»
  • ឆ្នាំ១៩៨៣ បានប្រែកា្លយជា «សាលាគ្រប់គ្រងកម្មាភិបាលមជ្ឈឹម​ជាន់​ខ្ពស់» របស់ក្រសួងអប់រំ
  • ឆ្នាំ១៩៩៣ បានប្តូរមកជាឈ្មោះដើមវិញគឺ «មហាវិទ្យាល័យគរុ​កោសល្យ» តាមអនុក្រឹតលេខ៣៥ អនក្រ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣
  • យោងអនុក្រឹត្យលេខ០៤
    អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៤ បានប្រែ​ក្លាយពីមហាវិទ្យាល័យគរុកោសល្យ ទៅជា «វិទ្យាស្ថានជាតិ​អប់រំ» មកទល់សព្វថ្ងៃ។

គុណសម្បត្តិរបស់គ្រូបង្រៀន

  • គុណសម្បត្តិរូបរាងកាយ
    ឬកាយសម្បទា គ្រូបង្រៀន

គ្រូបង្រៀនត្រូវជាមនុស្សដែលមានរូបរាងកាយសមរម្យ
មិនខ្វះកាយ​សម្បទា។ គ្រូ​បង្រៀនម្នាក់ មានរូបរាងកាយតូចល្អិត ខ្នងគម ថ្លង់ ឬ ពិការភ្នែក​ម្នាង
ពិការជើង….. ​ប្រាកដជា​ទទួលការរិះគន់ពីសិស្ស ហើយគាត់នឹងបាត់បង់​ឥទ្ធិពល ឬ អំណាចចំពោះមុខសិស្ស។
តែនេះ​ក៏មិនមានន័យថា គ្រូបង្រៀន​ដែលមិនមានកាយសម្បទាគ្រប់គ្រាន់ សុទ្ធតែមានឥទ្ធិពល ឬ
អំណាច​ជានិច្ច​នោះទេ។ សំខាន់បំផុត គ្រូបង្រៀនត្រូវមានសុខភាពល្អ ត្រូវមានរូបរាងកាយរឹង
មាំ មានកម្លាំងខ្លំាងក្លា​ មានឥរិយាបថសមរម្យ មានទឹកមុខរីករាយ និង ញញឹម មានសំដីច្បាស់លាស់
និយាយមិនរដិបរដុប កែវភ្នែកស្រស់ថ្លា និង ឈ្លាសវៃ កាយវិការសមរម្យ មិនច្រងេង ច្រងាង។ល។
ទាំងនេះគឺជាកត្តាចម្បង ដែលធ្វើ​ឲ្យ​មានវិន័យនៅក្នុងថ្នាក់ ហើយដែលធ្វើឲ្យគ្រូមានឥទ្ធិពលទៅលើសិស្ស។

ជាមួយគ្នានេះ គេត្រូវតែចាប់អារម្មណ៍ផងដែរថា សំលៀកបំពាក់​ក៏រួម​ចំណែកមួយផ្នែកធំក្នុងការលើកកម្ពស់អំណាច និង កិត្យានុភាពរបស់គ្រូផ​ង​ដែរ។ សំលៀកបំពាក់ខ្ជីខ្ជារ សំលៀក​​បំពាក់កខ្វក់ ឬ រហែក របៀបស្លៀក​ពាក់​ឆើតឆាយពេក ឬ ចំឡែកខុសគេ ធ្វើឲ្យសិស្ស​មាន​អារម្មណ៍​មិនប្រក្រតី។ ជួន​កាល​ធ្វើឲ្យសិស្សរិះគន់ផង។

ទាំងនេះគុណសម្បត្តិផ្លូវកាយមួយចំនួនរបស់គ្រូបង្រៀន ដែលអាច​រួម​ចំណែកធ្វើឲ្យគ្រូមានអំណាចលើសិស្ស។ ប៉ុន្តែ មានកាយសម្បទាពេញលេញក៏​មិនទាន់គ្រប់គ្រាន់ សម្រាប់ធ្វើឲ្យគ្រូទទួលបានឥទ្ធិពលពេញលេញលើសិស្ស​ឡើយ គ្រូបង្រៀនត្រូវមានសីលធម៌មួយផ្នែកទៀតគឺ គុណសម្បត្តិ សីលធម៌ ឬ សីលគុណសម្បត្តិ។

  • គុណសម្បត្តិសីលធម៌
    ឬ សីលគុណសម្បត្តិ

សីលធម៌ជាតម្លៃរបស់មនុស្សទូទៅ។ មនុស្សខ្វះសីលធម៌មិនត្រឹមតែ​គ្មាន​ប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ គឺថែមទាំងផ្តល់គ្រោះថ្នាក់ដល់សង្គម​យ៉ាង​ធ្ងន់ធ្ងរផង។ មនុស្សខ្វះសីលធម៌ សាហាវជាងសត្វទៅទៀត។ ចំណែកគ្រូ​បង្រៀន​ បើខ្វះសីលធម៌ ពិសេស សីលធម៌វិជ្ជាជីវៈ ប្រាកដជាមិនអាចទទួល​ជោគជ័យក្នុងមុខរបររបស់ខ្លួនឡើយ។ ដូចនេះ ចំពោះគ្រូបង្រៀន គុណសម្បត្តិ​ផ្នែក​សីលធម៌មានសារៈសំខាន់បំផុត។ គ្រូបង្រៀនអាចទទួលបានគុណសម្បត្តិ​នេះយ៉ាងងាយកាលណាគេមានចិត្តមានឆន្ទៈ និង មានសុភវិនិច្ឆ័យត្រឹមត្រូវ។ សីលគុណសម្បត្តិសំខាន់ៗរបស់គ្រូបង្រៀនមាន៖

  • ការស្រលាញ់
    និង ថ្នាក់ថ្នមសិស្ស

គ្រូបង្រៀនល្អគឺជាអ្នកស្រលាញ់ និង
អាណិតអាសូរសិស្ស។ សេចក្តី​ស្រឡាញ់​នាំមកនូវការស្រឡាញ់តបមកវិញ កាលណាគេស្រឡាញ់រាប់​អាន​សិស្ស
និង ជិតស្និទ្ធជាមួយ​សិស្ស។ គេចេះអត់ឱន អត់ធ្មត់ និង អធ្យាស្រ័យ​រាល់កំហុសសិស្ស​ ដែលជាទូទៅគឺជាកំហុសរបស់​កុមារភាព
និង យុវវ័យ។

  • ភាពម៉ឹងម៉ាត់គួបផ្សំនឹងចិត្តទូលាយ
    និង សណ្តោស

គ្រូបង្រៀនត្រូវមានសន្តានចិត្តល្អចំពោះកុមារ។
ប៉ុន្តែ គ្រូល្អគប្បីចាំថា សន្តានចិត្តល្អ​ជ្រុល​នាំមកនូវភាពទន់ខ្សោយ ហើយភាពទន់ខ្សោយនេះ​
នឹងនាំ​មកនូវការខ្វះវិន័យ។ គ្រូបង្រៀន​ដែល​មានភាពម៉ឺងម៉ាត់ និយាយដោយ​ប្រើពាក្យ​សំដីទន់ភ្លន់
និង ជាក់លាក់ ព្រោះគេ​តែងគិត​យ៉ាងម៉ត់ចត់មុននឹងនិយាយ។ បើ​ក្នុងករណីគាត់បានពោលពាក្យសន្យា
ឬ ប្រើពាក្យគម្រាម​គំហែង ពាក្យ​សម្តី​ទំាងនេះមិនអត់ប្រយោជន៍ឡើយ ហើយសិស្សប្រាកដជាដឹង។

  • ទឹកមុខ

ទឹកមុខល្អ គឺជាគុណសម្បត្តិមួយទៀតរបស់គ្រូបង្រៀន។​
ជានិច្ចកាលគ្រូ​បង្រៀនត្រូវ​បង្ហាញទឹកមុខស្ងប់ស្ងៀម ឬ ធម្មតាចំពោះមុខសិស្ស។ ទោះស្ថិត​ក្នុងកាលៈទេសៈណាក៏ដោយ
ឬ ទោះបីជួបប្រទះបាតុភូតអាក្រក់បែបណាក្តី គ្រូ​គប្បីចេះសម្រួល ឬ ទប់កំហឹងចំពោះការមិន​សប្បាយចិត្តរបស់ខ្លួន
ដោយមិន​ត្រូវ​បង្ហាញឲ្យសិស្សដឹងពីអារម្មណ៍របស់ខ្លួនឡើយ។ អារម្មណ៍​រីករាយ និង ទឹក​មុខ​ស្រស់នេះ
បង្ហាញឲ្យឃើញនូវសុទិដ្ឋិនិយមរបស់គ្រូបង្រៀនក្នុងការ​កសាង ជីវភាព និង សង្គមឈានទៅរកវឌ្ឍនភាពរបស់មនុស្សជាតិ។​

  • ស្មារតីយុត្តិធម៌

យុត្តិធម៌ជាប្រភពនៃសាមគ្គីភាពនៅក្នុងសង្គម។
អំពើអយុត្តិធម៌បង្កនូវការ​ឈឺចាប់ និង ​ការបែកបាក់ ព្រមទាំងគំនុំគុំគួនផង។ ជាការពិត
សិស្សានុសិស្ស​នៅ​វ័យក្មេង ប៉ុន្តែ គេចាប់អារម្មណ៍​បំផុតលើបញ្ហាយុត្តិធម៌។ គ្រូគប្បីចាំក្នុង​ចិត្ត​ថា
អំពើអយុត្តិធម៌តែងនាំមកនូវប្រតិកម្ម​ជានិច្ច​ពីសិស្ស។ ជាការចាំបាច់ គ្រូត្រូវ​មានគោលការណ៍ច្បាស់លាស់
ហើយត្រូវអនុវត្តគោលការណ៍នោះឲ្យបាន​ខ្ជាប់​ខ្ជួនជានិរន្តន៍។ គ្រូដែលមានស្មាតីយុត្តិធម៌នឹង​ទទួលការស្រឡាញ់
និង គោរព​ពីសិស្សជានិច្ច។

  • ភក្តីភាព
    និង អំណត់អត់ធន់

គ្រូបង្រៀនត្រូវមានភក្តីចំពោះសិស្ស។
ភាពស្មោះត្រង់មិនមែនពុតត្បុតលើ​កិត្យានុភាព​របស់គ្រូ។ ការអប់រំជាការងារមួយដែលទាមទារការអត់ធ្មត់
អំណត់​អត់ធន់ និង ឧស្សាហ៍​ព្យាយាម។ គ្រូបង្រៀនដែលមានស្មារតីអត់ធន់ និង ឧស្សហ៍ព្យាយាម
មិនខ្លាចការលំបាក និង ការនឿយ​ហត់ឡើយ។

ស្ថិតចំពោះមុខលទ្ធផលមិនល្អ ឬ មិនពេញលេញ
គាត់មិនរួញរា និង ការចាប់ផ្តើមបង្រៀនឡើងវិញ រាល់មេរៀនដែលបានបង្រៀនរួចហើយ​នោះ​ឡើយ។ គាត់មិនដែលអស់សង្ឃឹមនឹង​ការងារឡើយ
ទោះការងារនោះមិនសូវ​បានទទួលលទ្ធផលក៏ដោយ ក៏គាត់តែងមានទឹកមុខ​ញញឹម និង ចាប់ផ្តើមធ្វើជា
ថ្មី រហូតទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។ បង្រៀនតិច ប៉ុន្តែនេះគឺជាឧត្តម​គតិរបស់​គ្រូ​បង្រៀនដែលឧស្សាហ៍
និង មានអំណត់អត់ធន់។ ក្នុងមនសិការ របស់គាត់ គាត់នឿយហត់ ឬ អស់សង្ឃឹមក្នុងការស្រាវជ្រាវរកអ្វីៗដែលថ្មី
និង ច្បាស់លាស់មកបង្រៀនសិស្សឡើយ។ ការស្រាវជ្រាវ និង ស្វែងយល់ ជាទម្លាប់​ប្រចាំថ្ងៃរបស់គាត់។

  • មនសិការវិជ្ជាជីវៈ

មនសិការវិជ្ជាជីវៈ ជាគន្លឹះដែលធ្វើឲ្យមនុស្សគ្រប់រូបទទួលបានជោគជ័យ​ក្នុងមុខងារ។
ដោយឡែកអ្នកអប់រំត្រូវមានស្មារតីភ្ញាក់រលឹកក្នុងការទទួលខុស​ត្រូវ​ចំពោះមុខសិស្ស ចំពោះ
ឪពុកម្តាយសិស្ស ចំពោះសង្គមជាតិ និង មនុស្ស​ជាតិទាំងមូល។ វាសនាអនាគតនៃយុវវ័យជំនាន់ក្រោយ
គឺស្ថិតក្នុង​កណ្តាប់ដៃ​របស់អ្នកអប់រំ។ ដូចនេះ វាសនាប្រទេសជាតិ ក៏អ្នកជាអ្នកកំណត់ដែរ។
តួនាទី​របស់គ្រូបង្រៀនគឺបណ្តុះកុមារ និង យុវវ័យឲ្យស្គាល់តម្លៃជាតិ និង តម្លៃជា សាកល
ដោយអប់រំពួកគេបន្តិចម្តងៗ ឲ្យមានសមត្ថភាពចូលរួម​បម្រើការរីក​ចម្រើន​របស់សង្គមជាតិ និង
របស់សាកលលោកទំាងមូលផង។ គ្រូបង្រៀនអាច​ទទួលបំពេញតួនាទីនេះបាន លុះត្រាតែគាត់មានជំនឿចិត្តខ្លួនឯង
និង ឲ្យតម្លៃ​ខ្ពស់លើតួនាទីទំាងនេះផង ពិសេស គ្រូបង្រៀនត្រូវចាប់អារម្មណ៍ និង ជឿជាក់​លើការរីកចម្រើននៃវិទ្យាសាស្ត្របច្ចេកទេស
ដើម្បី​សោភ័ណភាពលើសង្គម និង សីលធម៌ផងដែរ។ ផ្តើមចេញពីនេះ គ្រូនឹងមានមនសិការវិជ្ជាជីវៈខ្ពស់
ហើយ ទទួលបានជោគជ័យគ្រប់ជំហាន។ ទោះស្ថិតក្នុងកាលៈទេសៈលំបាក​យ៉ាងណា​ក្តី គាត់មិនខ្លាចនឹងធ្វើពលីកម្មបូជាកម្លាំងកាយ
កម្លាំងចិត្ត កម្លាំងបញ្ញាស្មារតី ដើម្បីបម្រើបុព្វហេតុអប់រំសិស្សឡើយ។

  • គុណសម្បត្តិផ្នែកបញ្ញា

គឺជាសមត្ថភាពមួយ ដែលអាចឲ្យមនុស្សដោះស្រាយបានរាល់បញ្ហា​ចំពោះ​មុខ។
មនុស្សមានបញ្ញាវាងវៃ តែងទទួលបានជោគជ័យនៅគ្រប់​ជំហាន​នៃជីវិតរបស់គេ។ ចំពោះគ្រូបង្រៀន
គុណសម្បត្តិផ្នែកបញ្ញាសំខាន់បំផុត។ គុណ​សម្បត្តិផ្នែកបញ្ញារបស់គ្រូបង្រៀន សម្ដែងឡើងតាមរយៈ

  • វប្បធម៌ទូលំទូលាយ
    និង រឹងមាំ

វប្បធម៌ជាគន្លឹះនៃការបង្រៀន និង អប់រំ។
គ្មានវប្បធម៌ ឬ វប្បធម៌ទាប​សមត្ថភាពក្នុងការអប់រំជួបការលំបាក ឯលទ្ធផលដែលទទួលបានក៏តិច។
ដូចនេះ ចង់បានលទ្ធផលក្នុងវិជ្ជាជីវៈ គ្រូបង្រៀនត្រូវតែមានវប្បធម៌ទូលំ​ទូលាយ​ជាមុនសិន។
ជាការពិត គ្មានគ្រូបង្រៀនណាម្នាក់អាចចេះអ្វីៗទាំងអស់​គ្រប់​បែប​យ៉ាងនោះទេ។ ចំណេះដឹងលើពិភពលោក
មានលក្ខណៈទូលំទូលាយឥត​ព្រំដែន។ ចំណេះដឹងរបស់មនុស្សម្នាក់ៗ ដោយឡែកគ្រូបង្រៀនគ្រាន់តែជាផ្នែក
មួយនៃចំណេះដឹងដែលគេបានរកឃើញហើយប៉ុណ្ណោះ។ ក៏ប៉ុន្តែ ទោះយ៉ាង​ណា​នេះ​ក្តី ជាការចាំបាច់បំផុត
គ្រូបង្រៀនម្នាក់ៗត្រូវតែមានចំណេះដឹង​ទូលំ​ទូលាយ​មើលឃើញវែងឆ្ងាយជាងអ្វី ដែលខ្លួនយកទៅបង្រៀនសិស្ស។
គ្រូត្រូវ​ចេះច្រើន តែយកទៅបង្រៀនសិស្សតិច។ ចំណេះដឹងរបស់គ្រូ ទោះតិច ឬ ច្រើនត្រូវមានលក្ខណៈច្បាស់លាស់ពិតប្រាកដ
មិនមានការភ័ន្តច្រឡំ។

ចំពោះមុខសិស្ស ពេលពន្យល់មេរៀន គ្រូមិនត្រូវមានការស្ទាក់ស្ទើរ​ឡើយ។
បើពុំដូចនេះទេ គ្រូនឹងត្រូវបាត់ជំនឿចិត្តពីសិស្ស​ ហើយកិត្យានុភាព​របស់​គាត់​ក៏បាត់តាមនោះដែរ។

ក្នុងពេលបង្រៀន គ្រូមិនត្រូវគិតថាមេរៀននោះងាយឡើយ
ទោះវាមាន​ខ្លឹមសារងាយ​ស្រួលយ៉ាងណា ក៏គ្រូត្រូវតែស្រាវជ្រាវស្វែងយល់ និង មាន​ចំណេះ​ដឹងទូលំទូលាយជាមុនដែរ។
គ្រូបង្រៀនត្រូវរៀបចំមេរៀនរបស់ខ្លួន​ឲ្យ​បានច្បាស់លាស់ និង មានឥទ្ធិពលគ្របដណ្តប់លើចំណេះដឹង​សិស្សផង។
ធ្វើ​ដូចនេះបានលុះត្រាតែគ្រូបង្រៀនមានកម្រិតយល់ដឹងទូលំទូលាយ និង រឹងមាំ។ ក៏ប៉ុន្តែ
ចំណេះដឹងច្រើនពុំទាន់មានន័យថាគ្រូអាចបង្រៀន និង អប់រំសិស្ស​បាន​ល្អដែរ ព្រោះការអប់រំមិនមែនដូចចាក់ទឹកបំពេញពាងឡើយ
វាទាមទារបែបបទ​ផ្សេងៗទៀត ​ដែលជាគុណសម្បត្តិពិសេសរបស់គ្រូបង្រៀន គឺវិធីបង្រៀន។

  • គុណសម្បត្តិផ្នែកវិធីសាស្ត្រ

កន្លងមកយើងឃើញថា គ្រូបង្រៀនត្រូវមានសុភវិនិច្ឆ័យ​
មានន័យថា គ្រូ​បង្រៀនមានភាពច្បាស់លាស់ក្នុងការវិនិច្ឆ័យរាល់សកម្មភាព និយាយឲ្យខ្លី គឺ
សន្និដ្ឋានត្រូវ និង ធ្វើត្រូវ។​ គាត់ត្រូវមានសណ្តាប់ធ្នាប់ និង គំនិតភ្លឺថ្លា។​ សំខាន់​បំផុត
ចំពោះគ្រូបង្រៀនម្នាក់ៗ បង្រៀនអ្នកដទៃបានល្អលុះត្រាតែ​គេយល់ច្បាស់​ពីអ្នកនោះ ហើយចាត់ទុកអ្នកនោះជាសំខាន់ចំពោះខ្លួន។
ពោលគឺ បង្រៀន​សិស្ស​ត្រូវស្គាល់សិស្ស និង ចាត់ទុកសិស្សថាជាកម្មវត្ថុសំខាន់ដែលត្រូវយកចិត្ត​ទុកដាក់។

ម៉្យាងទៀតយើងត្រូវដឹងថា ការមានចំណេះដឹងខ្ពង់របស់គ្រូមិនគ្រប់គ្រាន់​ឡើយ។
ប៉ុន្តែ សំខាន់បំផុតគ្រូត្រូវចេះផ្តល់ ឬ ផ្ទេរចំណេះដឹងទាំងនេះឲ្យសិស្ស​ទៅតាមលំដាប់មួយសមហេតុផល។
គ្រូបង្រៀនត្រូវចាប់អារម្មណ៍ពីគុណ​ប្រយោជន៍នៃការប្រើប្រាស់វិធីបង្រៀនល្អសមស្របតាមកាលៈទេសៈ
និង មាន​ភាពទន់ភ្លន់។

គ្រូត្រូវចេះអនុវត្តវិធីសាស្ត្របង្រៀន
តាមមុខវិជ្ជានីមួយៗឲ្យបានសមស្រប និង ទន់ភ្លន់បំផុត។ គាត់មិនត្រូវអនុវត្តវិធីសាស្ត្របង្រៀនដោយរឹងស្តូកនោះទេ​
ដោយហេតុថា រហូតមកដល់ពេលនេះគ្មានវិធីសាស្រ្តបង្រៀនណាមួយត្រឹមត្រូវ​ល្អឥតខ្ចោះនោះទេ ចំណុចខ្លាំង
និង ចំណុចខ្សោយតែងតែមានជានិច្ច ទោះ​តិច​ក្តីច្រើនក្តី។ ក៏ប៉ុន្តែ ក្នុងតថភាពជាក់ស្តែងយើងទទួលស្គាល់ថា
ចេះបង្រៀន​ត្រឹម​ត្រូវតាមវិធីសាស្ត្រ ប្រសើរជាងមានចំណេះដឹងទូលំទូលាយ តែមិនចេះផ្ទេរឲ្យ​សិស្ស។
«ចេះចោទសួរគឺចេះបង្រៀន» ។ «ណែនាំសិស្សឲ្យចេះរៀនប្រសើរជាង បង្រៀនសិស្ស»។ «ជំរុញសិស្សធ្វើសកម្មភាព
ប្រសើរជាងធ្វើសកម្មភាពដោយ​ខ្លួនឯង»។

  • ស្មារតីវាងវៃ
    និង ទន់ភ្លន់

ការអ​នុវត្តវិធីសាស្ត្របង្រៀនល្អ នាំគ្រូឈានទៅដល់ជោគជ័យក្នុង​ការ​បង្រៀន
និង អប់រំ។ ក៏ប៉ុន្តែ គ្រូបង្រៀនដែលបានទទួលការអប់រំផ្នែក​វិធីសាស្ត្រ​បង្រៀនបានល្អ
ក៏មិនសុទ្ធតែទទួលបាន​ជោគជ័យក្នុងមុខរបរ​របស់ខ្លួនដូចៗ​គ្នា​ដែរ។ គ្រូខ្លះបង្រៀនល្អ
គ្រូខ្លះបង្រៀនមិនល្អ សិស្សមិនយល់។ ប្រការនេះហើយ​ដែលទាមទារឲ្យគ្រូបង្រៀនមានគុណសម្បតិ្តមួយទៀត
គឺស្មារតីវាងវៃ និង ទន់​ភ្លន់។

គ្រូមានស្មារតីវាងវៃ និង ទន់ភ្លន់ចេះប្រែប្រួលល្បិចបង្រៀនជានិច្ច​ក្នុង​ពេលពន្យល់មេរៀន នៅពេលដែលគេសង្កេតឃើញប្រតិកម្មសិស្សប្លែកពីធម្មតា​ ឬ កែវភ្នែកសិស្សបង្ហាញនូវការងឿងឆ្ងល់។ គ្រូត្រូវចេះវាយតម្លៃចម្លើយសិស្ស បាន​ភ្លាមៗ ចេះធ្វើឲ្យសិស្សចាប់អារម្មណ៍លើមេរៀន។ ពិសេសបំផុត គ្រូ បង្រៀន​វៃឆ្លាត និង ទន់ភ្លន់ ចេះរកវិធីបង្រៀនថ្មីៗ​បន្ថែម គួបផ្សំគ្នាដើម្បីបង្រៀន​សិស្សឲ្យឆាប់យល់ ឆាប់ចេះ។ គ្រូបង្រៀនឈ្លាសវៃ គឺអ្នកដែលចេះទទួលយក ការរិះគន់ពីអ្នកដទៃ មិនមានមោទនភាពលើខ្លួនឯង និង ចេះអនុវត្តវិធីសាស្ត្រ​បង្រៀនយ៉ាងទន់ភ្លន់បំផុត។ គ្រូបង្រៀនមិនគួរអះអាងថាវិធីសាស្ត្រនេះខុស នេះ​ត្រូវ នេះល្អ នេះអាក្រក់ឡើយ។

និយាយរួម គ្រូបង្រៀនត្រូវតែជាមនុស្សដែលមានគុណសម្បត្តិច្រើន​យ៉ាង​លើសពីអ្នកដទៃ ហើយក៏ជាអ្នកដែលទទួលភារកិច្ចធ្ងន់ធ្ងរជាងអ្នក​ទាំង​នោះដែរ។ ចង់មានគុណសម្បត្តិទាំងនេះ គឺមិនមែនជាការងាយនោះទេ តែក៏​មិនមែនធ្វើមិនបានដែរ។ ឲ្យតែមានស្មារតីព្យាយាម ស្រឡាញ់វិជ្ជាជីវៈខ្លួន គ្រូ​បង្រៀនម្នាក់ៗសុទ្ធតែអាចធ្វើបាន។

ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងលំនាំនៃការបង្រៀន និង ការអប់រំ

ប្រព័ន្ធអប់រំនៅគ្រប់ប្រទេសជុំវិញពិភពលោក​ ស្ថិតនៅក្រោមសម្ពាធ​មួយ​ដែលតម្រូវឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន (ICTs) ដើម្បីបង្រៀនដល់សិស្ស​អំពីចំណេះដឹង និង បំណិន ដែលជាតម្រូវការរបស់ពួកគេនៅសតវត្សទី​២១។ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន គឺតម្រូវឲ្យមានការផ្លាស់ប្តូរនូវលំនាំ​នៃការ​បង្រៀននិងរៀន និង ជាមធ្យោបាយដែលធ្វើឲ្យគ្រូ និង សិស្ស បានចូលទៅ​ដល់ការបំពេញនូវចំណេះដឹង និង ព័ត៌មានវិទ្យា។ ប្រសិទ្ធភាពដែលជា ប្រយោជន៍​នៃការប្រើប្រាស់ ICTs ថ្មីគឺសំដៅធ្វើឲ្យមានភាពប្រសើរឡើងនូវការ​សិក្សាដោយ តម្រូវឲ្យអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖

  • សិស្ស និង គ្រូត្រូវតែមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា
    និង ​អ៊ីនធើណែតនៅក្នុងថ្នាក់រៀនរបស់ខ្លួន សាលារៀន និង នៅក្នុង​វិទ្យាស្ថាន​​បណ្តុះ​បណ្តាល​​គ្រូ
  • គុណភាពខ្ពស់ អត្ថន័យល្អ និង មានលក្ខណៈជាវប្បធម៌ដែលឆ្លើយតប​ទៅនឹងខ្លឹមសារនៃ
    ICTs ត្រូវតែអាចរកបាន ឬ
    ភាពប្រើប្រាស់បានជា​ប្រយោជន៍សម្រាប់គ្រូ-សិស្ស
  • គ្រូបង្រៀនត្រូវមានចំណេះដឹង និង បំណិនក្នុងការប្រើប្រាស់ឧបករណ៍​ឌីជីថល
    (digital) ថ្មីៗ
    និង ធនធានផ្សេងៗ ដើម្បីជួយដល់សិស្សានុសិស្ស​ទាំងអស់ ឈានទៅសម្រេចបាននូវស្តង់ដាចំណេះដឹងខ្ពស់។

ចំពោះវិទ្យាស្ថាន ឬ ស្ថាប័នបណ្តុះបណ្តាលគ្រូបង្រៀន
ត្រូវប្រឈម​មុខ​ក្នុងការប្រកួត ប្រជែងរៀបចំនូវគ្រូបង្រៀនជំនាន់ថ្មីបន្តបន្ទាប់ ដើម្បីមាន​សមត្ថ​ភាព​ក្នុងការប្រើប្រាស់នូវ
ឧបករណ៍​សិក្សាថ្មីនៅក្នុងការ​អនុវត្តការបង្រៀន​របស់​ខ្លួន។ សម្រាប់កម្មវិធីបណ្តុះបណ្តាលគ្រូ
បង្រៀនជាច្រើនរួចមកហើយ តែនេះ​ជាកិច្ចការដែលមិនរួញ ដោយទាមទារឲ្យមាន​លទ្ធកម្ម នូវធនធានថ្មីៗ
កោសល្យ​ថ្មីៗ និង យកចិត្តទុកដាក់ចំពោះផែនការកម្ម។ «គ្មានការអភិវឌ្ឍណាមួយ​ដែល​គ្មានការជួយពីវិទ្យាសាស្ត្រ
និង បច្ចេកវិទ្យានោះទេ»។

ការអភិវឌ្ឍដើម្បីការអប់រំប្រកដដោយនិរន្តភាព

ការអភិវឌ្ឍដើម្បីការអប់រំប្រកបដោយនិរន្តភាព (ESD : Education for Sustaiable Development) គឺជាថាមពលដ៏ទូលំទូលាយនៃកិច្ចការដែលជាការ​គ្រោង​ទុកមុននៃ​ពិភពលោក ហើយមនុស្សម្នាក់ៗត្រូវតែមានសំណាងទទួលបាន ផលប្រយោជន៍អំពី​កាលានុវត្តភាព​​នៃការអប់រំ ដើម្បីរៀនពីរបៀបរស់នៅ រៀន​អំពីអាកប្បកិរិយា និង តម្លៃចាំបាច់ទៅអនាគតប្រកប​ដោយនិរន្តភាព។ ESD បង្កើតឡើងសម្រាប់មនុស្សគ្រប់ៗគ្នា នៅគ្រប់ស្រទាប់នៃជីវិត និង នៅ​គ្រប់​បរិបទ​នៃលទ្ធភាពសិក្សា ដែលដូចគ្នាទៅនឹងការអប់រំសម្រាប់ទំាងអស់គ្នាផងដែរ។ ESD គឺ​ផ្តោត​សំខាន់ទៅលើសសរស្តម្ភបី ក្នុងការធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយ​និរន្តភាពរួមមាន​៖ សង្គម (Society) បរិស្ថាន (Environment) និង សេដ្ឋកិច្ច (Economic)។ ក្នុងនេះ គេក៏រាប់បញ្ចូល​នូវ​វប្បធម៌ (Culture) ផងដែរ ដែលជា​ទំហំមួយ​ដ៏មាន​សារសំខាន់សម្រាប់ ESD។

ផ្អែកលើទ្រឹស្តីខាងលើការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាព​ផ្តោតទៅលើការសិក្សាពីបំណិនប្រសប់ ទស្សនៈវិស័យ និង តម្លៃនានា​ដែល​ដឹកនាំ និង ជំរុញចិត្តប្រជាជនឲ្យស្វែងរកនូវនិរន្តភាពនៃការចិញ្ចឹមជីវិត ការចូល​រួមនៅក្នុងប្រជាធិប្បតេយ្យនៃសង្គម និង រស់នៅក្នុងលក្ខណៈនិរន្តភាព។

ទស្សនវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ច ការប្រកួតប្រជែង និង និរន្តភាព

ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា
គឺកសាងសង្គម​កម្ពុជា​មួយ ដែលមានសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម
កំណើនសេដ្ឋកិច្ចរយៈវែង ការអភិវឌ្ឍប្រកបដោយចីរភាព និង សមធម៌ ការកែលម្អជីវភាព និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
ការការពារ​បរិស្ថាន ការលើកស្ទួយវប្បធម៌ និង អត្តសញ្ញាណជាតិជាមួយនឹងការ​គោរព​យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិប្បតេយ្យ
សេរី ពហុបក្ស ព្រមទាំងការ​គោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស​ និង មានកោសិការផ្សារភ្ជាប់គ្នា
មានប្រជាជនប្រកបដោយ​ចំណេះ​ដឹងខ្ពស់ និង វប្បធម៌ជ្រៅជ្រះ មានជីវភាព​សមរម្យ​ និង មានការរស់ប្រកបដោយ​សុខដុមរមនា
ទាំងក្នុងសង្គមជាតិ ទាំង​ក្នុង​ក្រុមគ្រួសារ ព្រមទាំងមានកិត្យានុភាព​ខ្ពស់លើ​ឆាកអន្តរជាតិ។

កម្ពុជាសង្ឃឹមថា នឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០
ហើយនិងឈានទៅជាប្រទេសអភិវឌ្ឍមានចំណូល​ខ្ពស់ក្នុង​ឆ្នាំ២០៥០។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រ៤
រួម​មាន៖

  1. ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំ
    ​ប្រមាណ ៧% ប្រកបដោយ​ចីរភាព។
  2. បង្កើតការងារឲ្យបានកាន់តែច្រើនជូនដល់ប្រជាជន
    ពិសេស សម្រាប់​ស្រទាប់យុវជន។
  3. សម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ
    ក្នុងអត្រាជាង​១% ក្នុងមួយ​ឆ្នាំ។
  4. បន្តពង្រឹងសមត្ថភាព និង អភិបាលកិច្ចនៃស្ថាប័នរដ្ឋ
    ទាំងថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោមជាតិ។

រាជរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់
លើវិស័យអភិវឌ្ឍធនធាន​មនុស្ស ដែលនឹងធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ក្នុងតំបន់​ដែល​កាន់​តែបើកចំហរតាមរយៈ៖

  1. ការបណ្តុះបណ្តាលពលករឲ្យមានជំនាញ
    និង ផលិតភាពខ្ពស់ តាម​សេចក្តី​ត្រូវការ​នៃទីផ្សារ និង អាចបង្កើតតម្លៃបន្ថែមខ្ពស់
  2. ការរៀបចំក្របខ័ណ្ឌគតិយុត្ត
    និង កសាងស្ថាប័នអប់រំ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ
  3. លើកទឹកចិត្តវិស័យឯកជនឲ្យចូលរួមក្នុងកិច្ចការនេះ
  4. ការពង្រឹងគុណភាពនៃការអប់រំ និង ការលើកកម្ពស់ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្របច្ចេកវិទ្យា
    និង នវានុវត្តន៍

ទស្សនវិស័យនៃការអភិវឌ្ឍធនធានមនុស្ស និង គោល​នយោបាយ​អប់រំ

ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និង គុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និង ភាពប្រកួត​ប្រជែង​របស់ប្រទេសទំាងពេល​ចំពោះ​មុខ និង សម្រាប់អនាគត។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្ស គឺសំដៅទៅលើការកសាង​សមត្ថភាពខាងចំណេះ​ដឹង ចំណេះធ្វើ​ សហគ្រិនភាព ជំនាញការច្នៃប្រឌិត និង នវានុវត្តន៍ លើគ្រប់​ផ្នែក​ គ្រប់វិស័យ ពិសេស ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកទេស ព្រមទាំងសមត្ថភាព​ក្នុងការស្រាវជ្រាវ និង ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ការលើកស្ទួយគុណភាព​ផ្នែក​សុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និង មនសិការស្នេហា​ជាតិ និង វិជ្ជាជីវៈដោយគ្មានការ រើសអើង យេនឌ័រ រួមជាមួយនឹងប្រព័ន្ធ​សុវត្ថិភាព​សង្គមគត់មត់។

ប្រទេសកម្ពុជាបានឈានចូលក្នុងដំណាក់កាលថ្មីមួយទៀត នៃការ​អភិវឌ្ឍ​វិស័យអប់រំ ដែលចំាបាច់ត្រូវយកចិត្តទុកដាក់ទៅលើ​ការពង្រឹងការអប់រំ​មូលដ្ឋាន និង គុណភាពសិក្សានៅ​ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចជាតិ ដែលមាន​លក្ខណៈ​ជាប្រព័ន្ធដ៏ទូលំទូលាយ។ ចក្ខុវិស័យអប់រំ សម្រាប់រយៈពេលវែង​របស់​កម្ពុជា គឺយកចិត្តទុកដាក់ផ្តល់សេវាអប់រំចាប់ពីកុមារតូច​តាមគ្រប់​រូបភាព​ ដែល ជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការអប់រំនៅកម្រិតបន្តបន្ទាប់ទៀត និង យក​ចិត្តទុកដាក់ដល់សិស្សានុសិស្ស នៅកម្រិតដំបូងនៃបឋមសិក្សាលើបំណិន​អំណាន និង លេខនព្វន្ត។ វិស័យអប់រំនឹងពង្រីកវិសាលភាពនៃការអប់រំ​សម្រាប់​ទាំងអស់គ្នាពីបឋមសិក្សា៦ឆ្នាំ ទៅដល់អប់រំមូលដ្ឋាន៩ឆ្នាំ។ សិស្សានុសិស្ស​ដែល​បញ្ចប់ការសិក្សាអប់រំមូលដ្ឋាន នឹងត្រូវពិនិត្យមើល ឧបនិស័្សយក្នុងការ​ជ្រើស​រើសបន្តការសិក្សានៅមធ្យមសិក្សាចំណេះទូទៅ ឬ ក៏ជ្រើសរើស​ផ្នែក​អប់រំបច្ចេកទេស និង វិជ្ជាជីវៈ។ ការលើកកម្ពស់គុណភាពនៃការអប់រំ​ក៏ត្រូវ​ផ្តោតលើការលើកកម្ពស់គុណភាពរបស់ធាតុចូល ដំណើរការរៀន និង បង្រៀន និង លទ្ធផលសិក្សារបស់​សិស្ស។ គុណភាពរបស់ធាតុចូលនឹងសំខាន់លើ​គុណវឌ្ឍិ គ្រូបង្រៀនដែលត្រូវបង្កើនរូបមន្តពី​១២ បូក២ ទៅដល់១២ បូក៤ នៅ​ឆ្នាំ២០២០ សម្រាប់គ្រូបង្រៀនកម្រិតមូលដ្ឋាន និង មធ្យមសិក្សាបឋមភូមិ។ គុណភាពរបស់កម្មវិធីសិក្សានៅអប់រំចំណេះទូទៅ និង ឧត្តមសិក្សាឲ្យស្របនឹង​ស្តង់ដាគុណភាពអាស៊ាន។

ក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជំរុញឲ្យវិស័យអប់រំ យុវជន និង កីឡាទាំងមូល​អាចធ្វើការជាមួយគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម និង សេដ្ឋកិច្ច។ ផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៤-២០១៨ ជាមគ្គុទេសក៏មួយ​ដែលបានផ្តោតលើអន្តរាគមន៍អប់រំតម្រង់​ទៅ ដល់ក្រុមជួបការលំបាក ការផ្តល់​ការអប់រំប្រកបដោយគុណភាព និង ឆ្លើយតបសម្រាប់ការ​អភិវឌ្ឍប្រទេស។ ការ​ផ្តល់សេវាអប់រំប្រកបដោយវិជ្ជាជីវៈ និង គណនេយ្យភាពជាមួលដ្ឋាន​សម្រាប់​កសាងសង្គមមួយប្រកបដោយចំណេះដឹង និង ជំនាញ។ វិស័យអប់រំនៅកម្ពុជា​នឹងរៀប​ចំនូវក្របខ័ណ្ឌធានាគុណភាពទូទាំងវិស័យ ដោយផ្អែកលើស្តង់ដារនៃ​ការ​សិក្សារៀនសូត្រ និង ការផ្តល់សេវាដែលឆ្លើយតបទៅនឹងតម្រូវការរបស់ កុមារសហគមន៍ និង ទីផ្សារការងារ។

គោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ និង កីឡា

  • បន្តកសាង និង អភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយ​គុណ​ភាព
    និង មាន​គុណធម៌ល្អ ឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ដើម្បីកសាង​កម្ពុជាឲ្យក្លាយជាសង្គមរីកចម្រើន
    ជឿន​លឿន​ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ រួមទាំងខាង​វិទ្យា​សាស្ត្រ បច្ចេកទេស
    និង ចំណេះធ្វើ ហើយដើរស្របជាមួយ​នឹងការរីក​ចម្រើននៃបណ្តាប្រទេសនៅក្នុងតំបន់ និង ពិភពលោក។
  • បន្តលើកកម្ពស់គោលការណ៍ «អប់រំសម្រាប់ទំាងអស់គ្នា» តាមរយៈ​ការ​ធានានូវលទ្ធភាព​
    ទទួលបានសេវាអប់រំប្រកបដោយសមធម៌ដែលផ្តល់​ឱកាស​ស្មើៗគ្នាដល់កុមារ និង យុវជន​កម្ពុជាទាំងអស់បានទទួលការអប់រំ​មូលដ្ឋានក្នុងប្រព័ន្ធ
    និង ការអប់រំក្រៅប្រព័ន្ធ។ ការអនុវត្តគោលការណ៍​នេះត្រូវផ្សារភ្ជាប់នឹងការអប់រំមនសិការស្នេហាជាតិ
    ការអប់រំអំពី​ប្រវត្តិ​សាស្ត្រ ការអប់រំវប្បធម៌ សន្តិភាព ការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់​មនុស្ស
    ការគោរពគោលការណ៍សេរីភាពប្រជាធិប្បតេយ្យ និង យុត្តិធម៌​សង្គម ការប្រឆាំងនឹងអំពើ​ហឹង្សា
    ការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ គ្រឿងញៀន និង ការរើសអើងគ្រប់រូបភាព។
  • បន្តជំរុញការកសាងសាលារៀនឲ្យដល់ភូមិ កាត់បន្ថយចំណាយរបស់​មាតា​បិតា​សិស្ស
    បង្កើនថវិកាចំណាយសម្រាប់គ្រឹះស្ថានសិក្សា ពង្រាយ​គ្រូបង្រៀនឲ្យដល់គ្រប់ទីកន្លែង
    ពង្រីកអន្តេវាសិកដ្ឋាន បំផុសចលនាជាតិ និង ពង្រីកការចូលរួមពីវិស័យឯកជនព្រម ទាំង​ដៃគូអភិវឌ្ឍនានាដើម្បី​អភិវឌ្ឍវិស័យអប់រំ។
  • បន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ ដែលនៅមិនទាន់មានអនុវិទ្យា​ល័យ និង
    ខិតខំធ្វើឲ្យមានអនុវិទ្យាល័យច្រើនជាងមួយ នៅតាមឃុំធំៗ ដែលមានសិស្សច្រើន ​ស្របតាម​ស្ថានភាពភូមិសាស្ត្រ។
  • បន្តបង្កើនគុណភាព និង ប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា
    និង ការបណ្តុះបណ្តាលបច្ចេកទេស និង មុខជំនាញទាំងក្នុងគ្រឹះស្ថានរដ្ឋ ទាំងគ្រឹះស្ថានឯកជឲ្យស្រប
    ទៅ​តាមកម្រិតស្តង់ដាអន្តរជាតិ និង តម្រូវការ​អភិវឌ្ឍរបស់ប្រទេសតាមរយៈ​ការពង្រឹង
    ការងារបណ្តុះបណ្តាល និង វិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច
    និង ពង្រឹង​សមត្ថភាពគ្រប់គ្រង ការលើកទឹកចិត្តគ្រូបង្រៀនក្នុងការបង្កើន សមត្ថភាព​​បង្រៀន
    ការពង្រឹងគុណភាពក្នុងការប្រឡងបញ្ចប់​កម្រិត​សិក្សា​នីមួយៗ
    ការសិក្សាភាសាបរទេស ដែលចាំបាច់ការកែលម្អលក្ខខ័ណ្ឌ​នៃការសិក្សា
    ការបង្កើតបណ្ណាល័យ មន្ទីរពិសោធន៍ និង បង្កើនការផ្គត់ផ្គង់​សម្ភារៈសិក្សាជាដើម។
  • បន្តអភិវឌ្ឍស្ថាប័ន និង កសាងសមត្ថភាពរបស់មន្ត្រីអប់រំ ដោយបន្ត​កសាងច្បាប់
    និង ​លិខិតបទដ្ឋាននានាដែលពាក់ព័ន្ធវិស័យអប់រំ ពង្រឹង រចនាសម្ព័ន្ធការងារ និង បណ្តុះបណ្តាលជំនាញដល់មន្ត្រីអប់រំ​ សំដៅ​អភិបាលកិច្ចល្អនៅគ្រប់ថ្នាក់។
  • បន្តអភិវឌ្ឍវិស័យកីឡា រួមទាំងកីឡាជនពិការទំាងថ្នាក់ជាតិ​ និង
    ថ្នាក់​ក្រោមជាតិឲ្យមានការរីកចម្រើន ស្របជាមួយនឹងការរីកចម្រើននៃវិស័យ​កីឡាក្នុងតំបន់
    ដោយពង្រឹងការអនុវត្តគោលនយោបាយជាតិ ​អភិវឌ្ឍ​វិស័យអប់រំកាយ និង កីឡា ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែក​ដល់ការលើកកម្ពស់សុខភាពប្រជាជន
    ពង្រឹងសាមគ្គីភាព និង ត្រៀម លក្ខណៈសម្បត្តិឲ្យបានល្អ ដើម្បីចូលរួម និង ទទួលរៀបចំ​ព្រឹត្តិការណ៍​កីឡាធំៗ
    ជាលក្ខណៈអន្តរជាតិនានានៅពេលខាងមុខ ដូចជា អាស៊ាន​ហ្គេម
    ជាដើម។

គោលនយោបាយអប់រំរយៈពេលមធ្យមចំនួន ៣ កំពុងត្រូវបាន​អនុវត្ត

  • គោលនយោបាយទី១៖
    ធានាលទ្ធភាពទទួលបានសេវាអប់រំ
    ប្រកបដោយសមធម៌
  • កុមារកម្ពុជាគ្រប់រូបបានទទួលសេវាអប់រំកុមារតូចតាមគ្រប់រូបភាព
    បាន​ចូលរៀននៅ​បឋមសិក្សា មធ្យមសិក្សា និង មានឱកាសបន្តការសិក្សា​ទៅ​មុខទៀត។
    សម្រាប់កុមារ​ដែល​ពុំមាន​​លទ្ធភាពចូលរៀនក្នុងប្រព័ន្ធ​ជម្រើស​ផ្សេងៗទៀត​​
    នឹងត្រូវផ្តល់លទ្ធភាពឲ្យអ្នកទាំងនោះ​ ទទួលបានការអប់រំ។
  • ការបង្កើនចំនួនកុមារ និង យុវជនឲ្យទទួលបានការអប់រំនៅគ្រប់កម្រិត
    ដោយផ្តោតលើ សីលធម៌ និង តំបន់ និង ក្រុមកុមារជួបការលំបាក។ ការបង្កើនឱកាសដល់សិស្សដែលបញ្ចប់ការ​សិក្សានៅថ្នាក់ទី​១២
    ឲ្យ​ទទួល​បានចំណេះដឹង និង ជំនាញក្នុងការគិត និង វិភាគហេតុផល និង អាច​ជាមូលដ្ឋានសម្រាប់បន្តការសិក្សា
    នៅក្នុងការបណ្តុះបណ្តាលបច្ចេកទេស និង ឧត្តម​សិក្សាតទៅទៀត។
  • គោលនយោបាយទី
    ២៖ លើកកម្ពស់គុណភាព និងភាពឆ្លើយតប
  • កុមារ និង យុវជនគ្រប់រូប មានបទពិសោធក្នុងការសិក្សាប្រកបដោយ​គុណភាព
    និង ភាព​ឆ្លើយតប ដែលអាចឲ្យពួកគេចូលរួមចំណែកដល់​ការ​អភិវឌ្ឍប្រទេសជាតិ។
    ការធានាថា ការអប់រំប្រកបដោយគុណភាព និង មានទំនាក់ទំនងទៅនឹងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​ប្រទេស។
    ក្របខ័ណ្ឌគុណភាពដែលផ្តល់ដល់អ្នកសិក្សា មាតាបិតា សហគមន៍ គ្រូ​បង្រៀន និង អ្នកគ្រប់គ្រង​ជាមួយនឹងស្តង់ដារនៃផលសម្រេច​ការពិនិត្យ
    តាមដាន និង​ របាយការណ៍។
  • គោលនយោបាយទី​
    ៣៖ ធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និង គ្រប់គ្រងរបស់មន្ត្រីអប់រំ​គ្រប់លំដាប់ថ្នាក់
  • ការផ្តល់សេវាអប់រំនឹងត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព និង ភាពទន់​ភ្លន់។
    ការគ្រប់គ្រង​ប្រកបដោយប្រសិទ្ធភាព និង វិជ្ជាជីវៈ នឹងផ្តល់នូវ​តម្លៃដ៏ល្អបំផុត​
    (ផ្តោតលើលទ្ធផល) ទាន់ពេលវេលា ការពិនិត្យតាមដាន របាយការណ៍លទ្ធផល និង យោបល់ត្រឡប់ វិធានការប្រកបដោយ​គណនេយ្យភាព
    និង យន្តការសម្រាប់កែលម្អគោល នយោបាយ​យុទ្ធសាស្ត្រ និង
    កម្មវិធីទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ការ គ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ
    នឹងអាចឆ្លើយតបយ៉ាងមាន​ប្រសិទ្ធ​ភាព​ទៅនឹងតម្រូវការជាក់ស្តែងនៅកម្រិតសាលារៀន។

ការអប់រំសម្រាប់ទាំងអស់គ្នា

មូលដ្ឋានគ្រឹះនៃផែនការការអប់រំសម្រាប់ទាំងអស់គ្នា គឺការធានាថា កុមារ និង យុវជន កម្ពុជាទាំងអស់ មានកាលានុវត្តភាពស្មើៗគ្នាក្នុងការ​ទទួល​បានការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធដោយមិនប្រកាន់អំពីកម្រិត​ជីវភាព ភេទ ភូមិសាស្ត្រ កាយសម្បទា និង ជនជាតិឡើយ។ កំណើននៃ​លទ្ធភាព​ទទួលការអប់រំ និង ឱកាសទទួលការបណ្តុះបណ្តាលប្រកបដោយ សមធម៌ ជាពិសេស គឺឱកាសទទួលការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ គឺជា កត្តាសំខាន់មួយ ដែលនឹងជួយនាំគ្រួសារក្រីក្របំផុតនៅកម្ពុជា​ ឲ្យឆ្លងរួចផុតពី​ភាពក្រីក្រ ហើយរស់នៅបាន ប្រកបដោយសុខុមាភាពនៅក្នុងសង្គម។ គោល​ដៅ និង គោលបំណងអនុវត្តជាក់ស្តែងដើម្បី សម្រេចការអប់រំសម្រាប់ទាំងអស់​គ្នា​ គឺ៖

  • ពង្រីក និង កែលម្អការអប់រំ
    និង គាំពារកុមារតូចឲ្យបានទូលំទូលាយ និង ការអប់រំ
    ពិសេស សម្រាប់កុមារដែលងាយទទួលរងគ្រោះ និង ក្រខ្សត់។
  • ធានាថានៅឆ្នាំ២០១៥ កុមារទាំងអស់ ពិសេស កុមារី កុមារដែលស្ថិត​ក្នុង​កាលៈទេសៈលំបាក និង កុមារមកពីក្រុមជនជាតិភាគតិច បានទទួល និង បំពេញចប់កាតព្វកិច្ចអប់រំ​បឋមសិក្សាដោយឥតគិតថ្លៃ
    និង ប្រកបដោយ​គុ​ណភាព។
  • ធានាថាតម្រូវការរៀនសូត្ររបស់យុវជន និង ជនពេញវ័យគ្រប់រូប​ត្រូវ​បានដោះស្រាយតាមរយៈការផ្តល់ឱកាសស្មើភាព ដើម្បីចូលរួមក្នុង​កម្មវិធី​សិក្សាសមស្រប និង ការបណ្តុះបណ្តាលជំនាញចិញ្ចឹមជីវិត
    (បំណិន​ជីវិត)
  • ធានាសម្រេចឲ្យបានការរីចម្រើនចំនួន ៥០%
    នៅក្នុងកម្រិតអក្ខរជន​ពេញ​វ័យ នៅមុនដំណាច់ឆ្នាំ២០១៥ ពិសេស សម្រាប់ស្ត្រីភេទ
    និង ឱកាស​ស្មើភាព​ក្នុងការអប់រំមូលដ្ឋាន
    និង ការអប់រំបន្តសម្រាប់​ជនពេញវ័យ​ទំាងអស់។
  • លុបបំបាត់គម្លាតយេនឌ័រក្នុងបឋមសិក្សា
    និង មធ្យមសិក្សានៅឆ្នាំ២០០៥ និង ធ្វើឲ្យបានសម្រេចនូវសមភាពយេនឌ័រក្នុងវិស័យអប់រំនៅឆ្នាំ២០១៥
    ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យកុមារី បានទទួល​លទ្ធភាព​ចូល​រៀន​ដោយពេញលេញ និង ស្មើភាព
    ព្រមទាំងសម្រេចបាន​នូវការ​អប់រំមូលដ្ឋាន ប្រកបដោយគុណភាព។
  • កែលម្អលើគ្រប់ទិដ្ឋភាពនៃគុណភាពអប់រំ
    និង ធានាបាននូវគុណភាព​ប្រសើរបំផុតគ្រប់ផ្នែក ដើម្បីឲ្យមនុស្សគ្រប់រូប ដណ្តើមបាននូវ​លទ្ធផល​ចូលរៀនសូត្រមានកម្រិតវាស់បាន និង មានការទទួលស្គាល់​ ជាពិសេស​ផ្នែកអក្សរសាស្ត្រ
    លេខនព្វន្ត និង ជំនាញចាំបាច់ សម្រាប់ចិញ្ចឹមជីវិត (បំណិនជីវិត)។

យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលវគ្គសិក្សាអប់រំពិសេស

ជាការពិតណាស់លក្ខណៈសម្បត្តិល្អ និង លក្ខណៈសម្បត្តិអាក្រក់​របស់​មនុស្ស
តែងកើតមាននៅក្នុងសង្គម ទោះជាជាមួយជាតិសាសន៍ណាក៏ដោយ។ យ៉ាងណាមិញ កុមារដែលមានបញ្ហាក្នុងការសិក្សា
ដូចជា បញ្ញាយឺត កាយ​សម្បទា​មិនគ្រប់គ្រាន់ មានវិបត្តិផ្លូវចិត្ត ឬ ជួបការលំបាក​ធ្ងន់ធ្ងរក្នុងគ្រួសារ
ក៏​ត្រូវបានយកចិត្តទុកដាក់​ឲ្យគាត់បានចូលរៀន ដូចកុមារធម្មតាដទៃទៀតដែរ។
សង្គម រាជរដ្ឋាភិបាល ជាពិសេសអ្នកអប់រំ ត្រូវមានភាពបត់បែនយ៉ាង​ឆាប់​រហ័ស​ក្នុងការតម្រង់ទិសសិស្សានុសិស្ស
ឲ្យឆ្លើយតបទៅនឹងបទដ្ឋានសិក្សាក្នុង​ពេលបច្ចុប្បន្ន និង​ អនាគត។ គេមិនត្រូវមើលរំលងកុមារដែលមានបញ្ហា​ទាំង​នេះឡើយ
ត្រូវតែទទួលយកកុមារ ឬមនុស្សទាំងអស់នោះឲ្យចូលសាលារៀន ដោយផ្តល់ជាជំនួយឧបត្ថម្ភបន្ថែមពិសេស
ឬជា អាហារូបករណ៍ ការលើកទឹក ចិត្ត ការសម្រួលដល់ទីកន្លែងសិក្សា ដូចជា ទាំងនៅក្នុងសាលារៀន
និង ទី​សាធារណៈនានា ដែលអាចធ្វើឲ្យពួកគាត់អាចធ្វើបាន​ ទទួលបាន និង ​ធ្វើ​ដំណើរ​ទៅមកបានដោយសុវត្ថភាពដូចគេឯងដែរ។ គ្រូបង្រៀនត្រូវតែទទួលការ​បណ្តុះបណ្តាល​​ពិសេសនូវវិធីសាស្ត្របង្រៀន
និង ឥរិយាបថផ្សេងៗ ជាពិសេស បញ្ហាផ្លូវចិត្ត។

ដូចនេះវិស័យអប់រំ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ​ឲ្យ​មាន​ភាពរីក​ចម្រើន
និង ការវិវត្តឥតឈប់ឈរទៅរកភាពល្អឥតខ្ចោះ​ដែលជា​កត្តាមួយផ្នែកសំខាន់ តម្រូវ​ឲ្យអ្នកអប់រំយល់ដឹងអំពីការអប់រំពិសេស
ដើម្បីជួយ​កុមារមានបញ្ហាក្នុងយុគសម័យមានការ​ប្រកួត​ប្រជែងក្នុងតំបន់បាន។

ឧបករណ៍អធិការកិច្ចសម្រាប់ការធានាគុណភាព

  • គោលបំណងអធិការកិច្ច

ច្បាប់ស្តីពីការអប់រំ
បានរំលេចអំពីប្រព័ន្ធត្រួតពិនិត្យតាមដាន និង វាយ​តម្លៃ​ក្នុងមាត្រាទី៩។ ក្រសួងអប់រំមានភារកិច្ចទទួលខុសត្រូវរៀបចំយន្តការនៃ​ការ​ត្រួតពិនិត្យតាមដាន
និង វាយ​តម្លៃនេះ។

ការធ្វើអធិការកិច្ចសាលារៀន គឺជាយន្តការត្រួតពិនិត្យ និង តាមដានថា តើ​​សាលារៀន​បានសម្រេចតម្រូវការបស់ខ្លួនត្រឹមកម្រិតណា។
អធិការកិច្ច​ក៏អាច​វាយតម្លៃផងដែរថា តើសាលា​រៀនបានសម្រេចបានទំនួលខុសត្រូវរបស់ខ្លួន ទាក់ទងនឹងគោលការណ៍​ទាំងឡាយដែល​មានចែងក្នុងច្បាប់ ស្តីពីការអប់រំបាន​ត្រឹម​កម្រិតណា។
អធិការត្រូវធ្វើការវាយតម្លៃថា តើសកម្មភាពអប់រំដែលសាលា​រៀនកំពុងធ្វើ ទាក់ទងនឹងវត្ថុបំណង
និង កម្មវិធីសិក្សាថ្នាក់ជាតិ សម្រេចបានល្អ​ត្រឹម​កម្រិតណាហើយ។ អាចនិយាយបានថា តើសាលារៀនមានប្រព័ន្ធសម្រាប់​ធ្វើស្វ័យវាយតម្លៃ​
និង យុទ្ធសាស្ត្រស្វ័យកែលម្អហើយឬនៅ។ បន្ថែមលើការ​ពិនិត្យ​​នេះ អធិការក៏ត្រូវតែចូលរួមក្នុងការអនុវត្តទំាងនោះផងដែរ។

ជាសង្ខេប គោលបំណងរួមរបស់អធិការកិច្ចគឺ កែលម្អអ្នកសិក្សាទាំងអស់​តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត
និង ពង្រឹងសមត្ថភាពធ្វើ​ស្វ័យ​វាយតម្លៃ។ អធិការកិច្ចក៏ត្រូវវាយតម្លៃសាលារៀនផងដែរ ដើម្បីបង្ហាញអំពី​ចំណេះដឹង
និង ស្ថានភាពសិក្សាជាក់ស្តែងរបស់ប្រទេស។

អធិការកិច្ចអាចអនុវត្តវិធីពីរប្រភេទគឺ
អធិការកិច្ចផ្ទៃក្នុង និង អធិការកិច្ច​ពីខាងក្រៅ។ ការធ្វើអធិការកិច្ចផ្ទៃក្នុង គឺផ្អែកលើការធ្វើស្វ័យវាយ​តម្លៃរបស់​សាលា​រៀនដែលអនុវត្តដោយនាយកសាលារៀន
គ្រូបង្រៀន និង សិស្សា​នុសិស្ស។ កិច្ចការនេះ ក៏ត្រូវផ្តោតផងដែរលើការងារ​ទាក់ទងនឹងគុណភាព​ផ្ទៃ​ក្នុង
ឬ ធនធានមូលដ្ឋាន។ ការធ្វើអធិការកិច្ចផ្ទៃក្នុងត្រូវរៀបចំ និង អនុវត្តជា ប្រចាំ ប៉ុន្តែ
ពុំសូវមានលក្ខណៈផ្លូវការដូចអធិការកិច្ចពីខាងក្រៅទេ ហើយ​ចំពោះ​ការធ្វើការកែលម្អអ្វីមួយវិញ
ក៏ត្រូវធ្វើឡើងជាប្រចាំផងដែរក្នុងអំឡុងឆ្នាំ​សិក្សា។ ចំពោះអធិការកិច្ចពីខាងក្រៅ គឺជាការធ្វើអធិការកិច្ចរយៈពេលខ្លីណា
មួយ ដោយអ្នកដែលមកពីខាងក្រៅសាលារៀន។ ការធ្វើអធិការកិច្ចនេះ គឺជា​ការសាកសួរ ដើម្បីរកឲ្យឃើញនូវផ្នែកទាំងឡាយណា
ដែលសាលារៀនបំពេញ​​បាន​ល្អ ឬ មិនទាន់បានល្អ​ រួចរិះរកវិធានការណ៍ ឬ ផ្តល់អនុសាសន៍​ដើម្បី​ស្វែងរកតម្រូវការនានាសម្រាប់កែលម្អចំណុចមិនទាន់បានល្អទាំងនោះ។

អធិការកិច្ចផ្ទៃក្នុង
និង អធិការកិច្ចពីខាងក្រៅអាចអនុវត្តបានតាមពីរ​របៀប អាស្រ័យលើអ្វីដែលយើងចង់ផ្តោតលើ និង
វត្ថុបំណងនសកម្មភាព។ យើងអាចផ្តោតលើផ្នែកខ្លះនៃដំណើរការ ដោយពិនិត្យលើទិដ្ឋភាពលម្អិត
ឬ ផ្តោតលើប្រព័ន្ធទាំងមូលដោយផ្តោតលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ។ វិធីទាំងពីរ នោះគឺការវាយតម្លៃគ្រូបង្រៀន
និង ការវាយតម្លៃសាលារៀន។

  • ការវាតម្លៃគ្រូបង្រៀន

ការវាយតម្លៃគ្រូបង្រៀនគឺ សំដៅលើការជួយគ្រូបង្រៀនតាមរយៈការ​សង្កេតថ្នាក់ និង សម្ភាសន៍ផ្ទាល់ជាមួយគ្រូបង្រៀន ក្នុងគោលបំណងពិនិត្យ​មើល​លើវិធីសាស្ត្របង្រៀនដែលគ្រូបង្រៀនប្រើ។ ចំណុចដែលត្រូវធ្វើអធិការកិច្ច​មានដូចជាការផ្តោតលើមុខវិជ្ជា មានន័យថា អធិការម្នាក់ពិនិត្យមើលគ្រូបង្រៀន​មុខវិជ្ជាគីមីវិទ្យា ហើយអធិការម្នាក់ទៀត ពិនិត្យមើលគ្រូបង្រៀនគណិតវិទ្យា​ជាដើម ការផ្តោតលើឥរិយាបថគ្រូបង្រៀនចំពោះសិស្ស ការផ្តោតលើគោល​វិធីសាស្រ្តដែលគ្រូបង្រៀនប្រើដើម្បីបង្ហាញខ្លឹមសារ ការផ្តោតលើវិធីដែល​គ្រូ​បង្រៀន ប្រើប្រាស់សៀវភៅសិក្សា​ និង សម្ភារឧបទេស ការផ្តោតលើ​សមត្ថភាព​របស់គ្រូបង្រៀនក្នុងការបង្កើតការលើកទឹកចិត្ត គឺជាឧទាហរណ៍នៃ​សកម្មភាព​ដែលត្រូវប្រើក្នុងការងារអធិការកិច្ចប្រភេទនេះ។ បន្ទាប់ពីការធ្វើអធិការកិច្ច គ្រូ​បង្រៀនម្នាក់ៗនឹងទទួលបាននូវព័ត៌មានត្រឡប់មកវិញ ទាក់ទងនឹងការបំពេញ​ការងាររបស់ខ្លួន ព្រមទាំងអនុសាសន៍សម្រាប់ធ្វើការកែលម្អផងដែរ។

  • ការវាតម្លៃសាលារៀន

ការវាយតម្លៃសាលារៀន គឺសំដៅលើការធ្វើអធិការកិច្ចជាប្រព័ន្ធ ពីព្រោះ​ថា អធិការ ត្រូវត្រួតពិនិត្យមើលប្រព័ន្ធសាលារៀនក្នុងទិដ្ឋភាព​គ្រប់ជ្រុងជ្រោយ​តែម្តង។ ភារកិច្ចរបស់អធិការ គឺធ្វើឲ្យប្រាកដថា សាលារៀនមានប្រព័ន្ធរបស់​ខ្លួនច្បាស់លាស់ និង សមត្ថភាពធ្វើឲ្យសម្រេចតម្រូវការដែលមានចែងក្នុង​គោល​ការណ៍ណែនាំ។ នេះមានន័យថា អធិការមិនត្រូវផ្តោតលើមុខវិជ្ជាជាក់​លាក់​ណា​មួយទេ។ ប៉ុន្តែ អធិការត្រូវផ្តោតជាចម្បងលើគ្រូបង្រៀនទំាងអស់ ព្រមទាំង​នាយកសាលាផងដែរ។ ឧទាហរណ៍ អធិការអាចពិនិត្យមើលលើវិធីសាស្រ្ត ដែល​នាយកសាលារៀនដឹកនាំការងារគរុកោសល្យ ការពិនិត្យតាមដានសាលា​រៀន និង ស្វ័យវាយតម្លៃសកម្មភាពរបស់គ្រូបង្រៀនទាក់ទងនឹងកម្មវិធីសិក្សា និង កម្រិតយល់ដឹងរបស់ពួកគាត់ ទាក់ទងនឹងបេសកម្មជាគ្រូបង្រៀន សម្ភារ​ផ្សេងៗរបស់សាលារៀន និង ការប្រើប្រាស់សម្ភារទាំងនោះ ថាតើសមស្របតាម​គរុកោសល្យត្រឹមណា។ ការសម្ភាសជាមួយនាយកសាលារៀន គ្រូបង្រៀន និង សិស្សានុសិស្ស និង ការធ្វើសង្កេតគឺជាសកម្មភាពចម្បងសម្រាប់អធិការកិច្ច ប្រភេទនេះ។ ការផ្តល់ព័ត៌មានត្រឡប់ត្រូវបានធ្វើចំពោះសាលារៀនទាំងមូល​មានន័យថា ត្រូវផ្តល់ជូនអ្នកដែលមានការទទួលខុសត្រូវ ដើម្បីធានាឲ្យសាលា​រៀនអនុវត្តតាមគោលការណ៍ណែនាំ។

ប្រព័ន្ធអប់រំ និង បញ្ហាប្រឈម

  • ការអប់រំបឋមសិក្សា៖

ទោះបីអត្រាពិតនៃការសិក្សាសម្រេចបាន​
៩៨% ក៏នៅមានបញ្ហាជាមួយ​នព្វន្ត និង ការអាន​នៅកម្រិតដំបូង ដូចជា៖ សិស្សថ្នាក់ទី២ ចំនួន១២%
មាន​ការលំបាកខ្លាំងក្នុងការការអាន (៦៦,៥% តម្រូវធ្វើឲ្យស្ទាត់ជំនាញ) ៥៣% បាន​ទទួល​កម្រិតនព្វន្តសមស្រប
និង ៣៦% នៅកម្រិតមធ្យម។ សិស្សថ្នាក់ទី៥ ភាគ​ច្រើនមានបញ្ហាក្នុងការសរសេរភាសាខ្មែរ ១៨%
បានសម្រេចសមត្ថភាព​នព្វន្ត​កម្រិត​ទាប និង ត្រឹមតែ៤៣% បានសម្រេចសមត្ថភាព។

ឧត្តមសិក្សា៖ បង្កើនចំនួននិស្សិតបញ្ចប់សាកលវិទ្យាល័យ

និស្សិតសរុបបានកើនឡើងពី១០ ០០០នាក់
នៅឆ្នាំ១៩៩៧ ដល់៩៧ ៥០០នាក់ នៅឆ្នាំ២០០៦ បន្ទាប់មកកើនពី១៦៨ ០០០នាក់ នៅឆ្នាំ២០០៩ ដល់
២៥០ ០០០នាក់ នៅឆ្នាំសិក្សា២០១២-២០១៣ គឺកើន២៥ដងនៃឆ្នាំ១៩៩៧។
បង្កើនចំនួនសាកលវិទ្យាល័យពីរជាផ្លូវការ ៨នៅឆ្នាំ១៩៩៧ ដល់៧៦ ឆ្នាំ​ ២០១០ (៣៣ សាធារណៈ
និង ៤៣ ឯកជន) រហូតដល់បច្ចុប្បន្ន មាន​១០៥ (៣៩សាធារណៈ និង ៦៦ឯកជន)។ ចំនួនសញ្ញាបត្របានប៉ោងឡើងដែលចេញ
ដោយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន។

សាលារៀនជំនាន់ថ្មី

វត្ថុបំណងនៃកំណែទម្រង់គឺ បង្កើតសាលារៀនជំនាន់ថ្មី
សាលារៀននេះ​មានរួចហើយ អ្វីដែលយើងចាំបាច់ត្រូវធ្វើគឺពង្រីក។
កម្ពុជាមានគោល​នយោ​បាយ​​សេរី ដែលអនុញ្ញាតឲ្យសាលាបង្រៀនកម្មវិធីសិក្សាផ្សេងៗ
ដែលបានដាក់ឲ្យ​ប្រើដោយប្រទេសផ្សេងៗ។ សាលារៀនជំនាន់ថ្មីមានសមាសភាគសំខាន់ៗ៦ គឺ៖

គំរូគ្រប់គ្រងចំរុះ

-ធ្វើការជាមួយវិស័យឯកជន និង អង្គការក្រៅរដ្ឋាភិបាល ដើម្បី​កែ​លម្អការគ្រប់គ្រង
និង ​អភិបាលកិច្ច។

-បង្កើតក្រុមប្រឹក្សាសាលារៀន

-ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម ចំណាយផ្អែក​លើ​ការ​បំពេញការងារ​
រួមមានតម្លាភាព​ ភាពត្រឹមត្រូវ និង ការប្រតិបត្តិ​ម៉ឺងម៉ាត់។

បរិស្ថានសិក្សាគុណភាពខ្ពស់

-បញ្ចូល ICT
ក្នុងបរិស្ថានសិក្សា ដើម្បីគាំទ្រដល់ការចេះគិត​ល្អិត​ល្អន់ (៣៣៤មជ្ឈមណ្ឌល ICT និង ៣៦វិទ្យាល័យធនធាន)

-ធ្វើការផ្លាស់ប្តូរ ការតាក់តែងស្ថាបត្យកម្មសាលារៀន ដើម្បី​បង្កើត​បរិយាកាសជុំវិញការសិក្សា

-វិន័យផ្អែកលើការគោរពគ្រូ

ការអភិវឌ្ឍវិជ្ជាជីវៈ និងច្រកអាជីពសម្រាប់គ្រូបង្រៀន

-ជួយគ្រូបង្រៀនឲ្យមានគុណតម្លៃជាអ្នកអប់រំ

-អាហារូបករណ៍គ្រូបង្រៀន តាមរយៈភាពជាដៃគូជាមួយ​សាកល​វិទ្យាល័យក្នុងតំបន់

-សន្និសិទគ្រូ

-កែទម្រង់គោលនយោបាយគ្រូបង្រៀន ដោយផ្តល់រង្វាន់​លើក​ទឹកចិត្ត
ដើម្បីទាក់ទាញឲ្យ​ប្រកាន់ខ្ជាប់វិជ្ជាជីវៈ រួមទាំងជ្រើសរើសការ​ប្រកួតប្រជែងនាយកសាលារៀន

ហិរញ្ញប្បទានរបៀបថ្មី

-មូលនិធិសមធម៌សង្គម ចរចាជាមួយមាតាបិតាសិស្ស ដើម្បី​ណែនាំ​ពីការបង់ថ្លៃល្មម
(US$50) ដោយរក្សាទុកចំនួនអប្បរមានៃកន្លែង​សិក្សា​ឥតបង់ថ្លៃ​សម្រាប់សិស្សក្រីក្រ​ខ្លាំង

-ភាពជាដៃគូរវាងវិស័យសាធារណៈ និង ឯកជន

-ជំនួយបែបថ្មីពីក្រសួងអប់រំ- មូលនិធិរាជរដ្ឋាភិបាល ពិសេស ដើម្បីលើកកម្ពស់នវានុវត្តន៍ អប់រំតាមតំបន់ជ្រើសរើស
ដោយសហការ​ជាមួយអង្គការមិនមែនរដ្ឋាភិបាល។ ជំនួយបែបថ្មី នឹងគំាទ្រដល់​ការវាស់​វែង អភិបាលកិច្ចថ្មី
រង្វាន់លើកទឹកចិត្តគ្រូបង្រៀន និង ការអនុវត្ត​ម៉ឺងម៉ាត់។

ពិនិត្យកម្មវិធីសិក្សាតាមរយៈគោលនយោបាយផ្លាស់ប្តូរ

-ផ្តោតលើបំណិន ដូចជា បំណិនមូលដ្ឋាន (អក្សរ និង លេខ) បំណិនបច្ចេកទេស
និង វិជ្ជាជីវៈ និង បំណិនអាចផ្ទេរបាន

-ណែនាំការរៀនផ្អែកលើគម្រោង ដើម្បីប្រែក្លាយពីអ្នកអប់រំ​ ទៅជា​ជំនួយការដល់សិស្សរៀន

-ផ្តល់ការផ្សារភ្ជាប់កម្មវិធីបណ្តុះបណ្តាលគ្រូ
សៀវភៅសិស្ស សម្ភារសិក្សា និង យន្តការវាយតំលៃ និង ការតម្រឹម និង កែតម្រូវ​ខ្លឹមសារកម្មវិធីសិក្សាទៅនឹងតម្រូវការកើតមាន
ជាពិសេស គោលវិធី​គរុកោសល្យ និង ការបង្រៀនគណិតវិទ្យា និង វិទ្យាសាស្ត្រដែលចាំបាច់​សម្រាប់សេដ្ឋកិច្ច។

ការកែលម្អការវាយតម្លៃ និងអធិការកិច្ចសាលារៀន

-នាយកសាលារៀន និង អ្នកគ្រប់គ្រងគ្រប់កម្រិតនឹងទទួល​បាន​ការបំប៉នឲ្យក្លាយទៅជា​អ្នកដឹកនាំ

-ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការអប់រំគ្រូបង្រៀន ការចូល​រួម
និង យន្តការគាំទ្រគ្រូ​បង្រៀន

-ផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការពិនិត្យតាមដានជាប្រចាំ និងជា ប្រព័ន្ធដល់ការវាយ​តម្លៃការសិក្សារបស់សិស្ស ដោយផ្តល់​ព័ត៌មាន​ត្រឡប់ជាប្រព័ន្ធដល់សិស្ស
គ្រូ មាតាបិតា និង​ សាលារៀន

-ណែនាំឲ្យស្គាល់អធិការកិច្ចសាលារៀនជាប្រចាំ និង អធិការ​កិច្ច​តាមប្រធានបទ។

ការអប់រំដែលប្រកបដោយគុណភាពល្អមួយតម្រូវឲ្យមាន៖

  • បណ្តុះបណ្តាលគ្រូបន្ថែមស្របតាមតម្រូវការតាមទីកន្លែង ពិសេស យក​ចិត្ត​ទុកដាក់ដល់តំបន់ដាច់ស្រយាល
    និង ធ្វើវិក្រិតការគ្រូបង្រៀនជាប្រចាំ
  • គ្រូបង្រៀនត្រូវមានការប្រឡងប្រណាំង និង មានការលើកទឹកចិត្តដោយ​ផ្តល់ជាប្រាក់បៀវត្សបានសមរម្យតាមតម្លៃទំនិញនៅទីផ្សារ
  • ថវិកាសាងសង់ និង អភវិឌ្ឍសាលារៀន គួរមានការចូលរួមពីសហគមន៍ និង
    សប្បុរសជន
  • បញ្ចូលបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងកម្មវិធីសិក្សាគ្រូបង្រៀន
    និង ក្នុងវិធី​សាស្ត្របង្រៀន «គ្មានការអភិវឌ្ឍណាមួយដែលគ្មានការជួយពីវិទ្យាសាស្ត្រ និង
    បច្ចេកវិទ្យានោះទេ»
  • ការកំណត់ និង វាយតម្លៃជាក់លាក់លើលទ្ធផលបង្រៀនរួមមាន ចំណេះ​ដឹង​
    ជំនាញ ឥរិយាបថ ដោយបង្កើតឲ្យមានអធិការកិច្ចផ្ទៃក្នុង និង អធិការ​កិច្ចមកពីក្រៅ។
  • ការរួមចំណែកអភិបាលកិច្ច និង គ្រប់គ្រង ដោយធ្វើវិមជ្ឈការ​គ្រប់គ្រង​ដល់​ថ្នាក់ក្រោម
  • ការគោរព និង ការផ្សារភ្ជាប់ជាមួយនឹងអាណាព្យាបាល សហគមន៍ អាជ្ញាធរ​មូលដ្ឋាន
    ដើម្បីជំរុញឲ្យកុមារគ្រប់អាយុអាចចូលរៀនទាន់​ពេល​វេលា ទាំងនៅមត្តេយ្យ ក៏ដូចជា បឋមសិក្សា
    ជាពិសេស ជំរុញឲ្យកុមារី​បាន​ចូលរៀន និង រៀនបានខ្ពង់ខ្ពស់។
  • បន្តជំរុញលើកទឹកចិត្តឲ្យមានសាលារៀនឯកជនបន្ថែម
    ដើម្បីជួយ​សម្រួល​ដល់ការ ចំណាយរបស់រដ្ឋាភិបាល និងការប្រកួតប្រជែងលើគុណភាព
  • សិស្សត្រូវមានសុខភាពល្អ មានការលើកទឹកចិត្ត ជាពិសេស សិស្សដែល​រៀនពូកែ
    និង ចិញ្ចឹមបីបាច់សិស្សដែលជួបការលំបាក ថែមទាំងផ្តល់ការ​អប់រំពិសេសចំពោះសិស្សអន់បញ្ញា
    ឬ គ្មានកាយសម្បទាគ្រប់គ្រាន់។
  • បច្ចេកទេសបង្រៀនសកម្ម ដោយប្រើប្រាស់ «គោលវិធីសិស្ស​មជ្ឈ-​មណ្ឌល»
  • ធ្វើនិយកម្ម កែលម្អកម្មវិធីសិក្សាឲ្យមានភាពប្រទាក់គ្នា និង ស្របតាម​តម្រូវការទីផ្សារពលកម្ម
    គឺរៀនដើម្បីមានចំណេះដឹង ចំណេះធ្វើ ចេះរស់​នៅ​ក្នុងសង្គម និង អាចមានការងារធ្វើសមស្រប
    ដោយផ្តោតលើ​ជំនាញ​បច្ចេកទេស និង វិជ្ជាជីវៈ។
  •  ដោយមានការចូលរួមពីអ្នក
    ពាក់ព័ន្ធពិតប្រាកដ។
  • មានបរិស្ថាន មិត្តភាព និង ងាយទទួលបានជំនួយគ្រប់គ្រាន់ ដោយ​សហការ​ជាមួយអង្គការ
    និង សប្បុរសជនផ្សេងៗ
  • បរិស្ថានសាលារៀនល្អ ការបង្រៀន និង រៀនប្រកបដោយផាសុខភាព សុវត្ថិភាព
    និង ​សន្តិសុខ។ ផ្តោតការយកចិត្តទុកដាក់ផងដែរចំពោះ​ការ​ធ្វើដំណើរចំពោះជនពិការ។

គុណភាពគឺជាកត្តាចំបងដែលត្រូវយកចិត្តទុកដាក់
ក្រសួងអប់រំ យុវជន និង កីឡា ដោយត្រូវផ្តោតលើស្តង់ដារជាតិ និង ស្តង់ដារក្នុងតំបន់​នៃបណ្តា​ប្រទេសជាមិត្ត។
ដើម្បីឈានឆ្ពោះទៅសមាហរណកម្មអាស៊ាន នាឆ្នាំ២០១៥ «សហ​គមតែមួយ វាសនាតែមួយ» ប្រទេសជា សមាជិកទាំងអស់ដែលរួមមាន​កម្ពុជាផងដែរនោះគួរតែ៖

  • សម្រេចឲ្យបាននូវការអប់រំមូលដ្ឋានជាសាកល ដើម្បីលុបបំបាត់ចោល​អនក្ខរភាព
    និង ដើម្បីធានាឲ្យបាននូវការអប់រំស្មើភាព តាមនិយាមរួម​របស់អាស៊ាន។
  • លើកកម្ពស់គុណភាព និង ភាពអាចសម្របសម្រួលគ្នាបាន​នៅក្នុង​វិស័យ​អប់រំ
    រួមមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសនៅ​ក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍
    ដោយពង្រីកកម្មវិធីជំនួយបច្ចេកទេស រួមបញ្ចូលការបណ្តុះបណ្តាលសម្រាប់បុគ្គលិក និង កម្មវិធីផ្លាស់ប្តូរ​បុគ្គលិកនៅកម្រិតឧត្តមសិក្សា។
  • ត្រួតពិនិត្យមើលឡើងវិញចំពោះកម្មវិធីអាហាររូបករណ៍ផ្សេងៗ របស់​សមាគមអាស៊ាន។
  • ប្រើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងគ្នា ដើម្បីលើកកម្ពស់ការអប់រំ
    ជាពិសេស នៅក្នុងសហគមន៍ដែលមិនបានផ្គត់ផ្គង់គ្រប់គ្រាន់​ តាមរយៈ ការអប់រំជាចំហរពីចម្ងាយ
    (Open and Distance
    Education) និង ការ​សិក្សា​តាមសារអេឡិចត្រូនិច (E-learning)។
  • បង្កើនបណ្តាញអប់រំនៅក្នុងកម្រិតខុសគ្នានៃស្ថាប័នអប់រំ និង បន្ត​បណ្តាញ​ជាសាកល
    ហើយពង្រឹង និង គាំទ្រឲ្យមានការផ្លាស់ប្តូរនិស្សិត បុគ្គលិក និង អន្តរកម្មមុខវិជ្ជាតាម​ជំនួញ
    រួមបញ្ចូលទាំងការបង្កើតឲ្យ​មាន​កន្សោមអាទិភាពស្រាវជ្រាវ នៅក្នុងចំណោម ស្ថាប័នសមាគមអាស៊ាន​នៅក​ម្រិតឧត្តមសិក្សា
    ដោយមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ​ជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ បណ្តាប្រទេសជាសមាជិកអាស៊ាន
    (SEA-MEO) និង បណ្តាញសាកលវិទ្យាល័យអាស៊ាន
    (AUN)។
  • ជំរុញឲ្យមានការអប់រំស្មើភាពគ្នាចំពោះសម្រាប់ស្ត្រី និង កុមារី
    និង ពង្រឹង​ឲ្យ​មានកិច្ចប្រតិបត្តិការ និង ការផ្លាស់ប្តូរឲ្យបានល្អប្រសើរបំផុត​ស្តីអំពី​កម្មវិធីសិក្សាតាមសាលា​ឲ្យ​មានលក្ខណៈងាយស្រួល។
  • ពង្រឹងកិច្ចសហប្រតិបត្តិជាមួយអង្គការអប់រំក្នុងតំបន់ និង អន្តរជាតិ
    ដើម្បី​លើកកម្ពស់​គុណភាពអប់រំនៅក្នុងតំបន់។
  • រួមបញ្ចូលការបង្រៀនឲ្យមានការយល់ដឹងពីតម្លៃរួមគ្នា និង កេរតំណែល​វប្បធម៌ស្រប​តាមកម្មវិធីសិក្សាតាមសាលា
    និង ពង្រីកការបង្រៀនឲ្យមាន​ការយល់ដឹងពីមូលដ្ឋាន​សម្ភារៈ និង សមត្ថភាព។
  • ពង្រីក និង ផ្តល់វគ្គសិក្សានានាស្តីពីការសិក្សារបស់សមាគមអាស៊ាន​នៅ​ក្នុងកម្រិត​បឋម​សិក្សា
    មធ្យមសិក្សា និង កម្រិតឧត្តម។
  • បន្តនូវកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនសមាគមអាស៊ាន
    និង កម្មវិធីប្រហាក់ប្រហែលគ្នា ជាមួយនឹងគោលបំណងដូចគ្នា និង លើកទឹក​ចិត្តឲ្យមានបណ្តាញទំនាក់ទំនងគ្នា
    ក្នុងចំណោមកម្មវិធីយុវជនអាស៊ាន​ដើម្បីបង្កើនសាមគ្គីភាព និង ការយោគយល់គ្នាទៅវិញទៅមក។
  • គាំទ្រឲ្យមានការយល់ដឹងនៃភាសារបស់បណ្តាប្រទេសនានា នៅក្នុងសមា​គមអាស៊ាន
    និង ជំរុញឲ្យមានការផ្លាស់ប្តូរភាសាវិទូ។
  • បង្កើតឲ្យមានការប្រកួតប្រជែងតាមសាកលវិទ្យាល័យ នៅក្នុងសមាគម​បង្កើតឲ្យមានក្រុមយុវជនសន្តិភាពអាស៊ាន​
    ការប្រកួតប្រជែងតាម​កុំព្យូទ័រ​អាស៊ាន និង កម្មវិធីវិទ្យាសាស្ត្ររយៈពេលបួនឆ្នាំម្តង
    ដើម្បីបង្កើន​ទំនាក់​ទំនងគ្នា និង យោគយល់គ្នាទៅ វិញទៅមក ក្នុងចំណោមយុវជននៅ​ក្នុង​តំបន់។
  • អនុវត្តឲ្យមានកម្មវិធីផ្តល់រង្វាន់ដល់យុវជន ដើម្បីទទួលស្គាល់ក្រុមយុវជន
    និង បុគ្គល​ដែលមានភាពវ័យឆ្លាត ដោយបានចូលរួមយ៉ាងសំខាន់ដល់ការ​បង្កើត​គំនិត និង តម្លៃ​អាស៊ាននៅទូទាំងតំបន់។
  • ធ្វើការឆ្ពោះទៅរកការបង្កើតឲ្យមានកម្មវិធីមូលនិធិយុវជនអាស៊ាន​
    ដើម្បី ផ្តល់ប្រាក់ដល់​គម្រោង និង សកម្មភាពនានារបស់យុវជនអាស៊ាន។
  • បង្កើតឲ្យមានវេទិកានានាសម្រាប់បណ្តាញទំនាក់ទំនងគ្នា និង ការចែក​រំលែកកិច្ចប្រតិបត្តិការដ៏ប្រសើរបំផុត
    ស្តីពីយុទ្ធសាស្ត្រការអភិវឌ្ឍយុវជន និង កុមារ។
  • ផ្លាស់ប្តូរអ្នកសម្តែងតំណាងវប្បធម៌ និង ផ្លាស់ប្តូរអ្នកប្រាជ្ញ
    ក្នុងចំណោម​បណ្តារដ្ឋជា​សមាជិកតាមប្រព័ន្ធអប់រំ ដើម្បីផ្តល់ការយោគយល់គ្នា និង កាន់​តែស្ថិតនៅជិតគ្នា
    តាមរយៈ​វប្បធម៌ខុសៗគ្នានៃបណ្តារដ្ឋជាសមាជិក​របស់សមាគមអាស៊ាន។
  • គាំទ្រប្រជាពលរដ្ឋបណ្តារដ្ឋជាសមាជិក ឲ្យក្លាយជាអ្នកជំនាញផ្នែកភាសា​អង់គ្លេស
    ដើម្បីឲ្យប្រជាពលរដ្ឋតំបន់ មានលទ្ធភាពទំនាក់ទំនងដោយ​ផ្ទាល់​ជាមួយប្រទេសមួយទៀត និង ចូលរួមជាមួយសហគមន៍​អន្តរជាតិ​ឲ្យកាន់តែធំទូលាយថែមទៀត។
  • ជំរុញឲ្យមានការសិក្សាពេញមួយជីវិត។
  • បំពាក់ឧបករណ៍សម្ភារៈ
    សម្រាប់មន្ទីរពិសោធន៍ឲ្យបានគ្រប់គ្រាន់នៅតាម​សាលារៀន និង ​បណ្តុះបណ្តាលអ្នកឯកទេសលើការប្រើប្រាស់ឧបករណ៍​សម្ភារៈឲ្យបានល្អប្រសើរ។
  •  បង្កើនថវិកាជាតិបន្ថែមសម្រាប់វិស័យអប់រំ៕

គន្ថនិទ្ទេស

១- រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ
១៩៩៣

២- ច្បាប់ស្តីពីការអប់រំ
ខែធ្នូ ឆ្នាំ២០០៧, ព្រះរាជាណាចក្រកម្ពុជា

៣-
ផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា ២០០៣-២០១៥, រាជរដ្ឋាភិបាល​កម្ពុជា

៤-
ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៤-២០១៨, ខែមីនា ឆ្នាំ២០១៤,

     ក្រសួងអប់រំ យុវជន និងកីឡា

៥- ការអប់រំនៅកម្ពុជា
Education in Cambodia, ភ្នំពេញ កក្កដា ១៩៩៩, ក្រសួង​

     អប់រំ យុវជន និងកីឡា, (ឧបត្ថម្ភដោយ
UNICEF/Sida)

៦- ផែនការអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំ
(Development Plan, National Institute

     of Education), ក្រសួងអប់រំ​ យុវជន និងកីឡា,
ឆ្នាំ ២០១១

៧- ចាន់ រដ្ឋសុផា, គរុកោសល្យ
២០០៤

៨- ចាន់
រដ្ឋសុផា, ប្រវត្តិអប់រំនៅកម្ពុជា, ឆ្នាំ ២០០៧

៩- កង ​ឱម, ប្រព័ន្ធអប់រំនៃបណ្តាប្រទេសអាស៊ាន ឆ្នាំសិក្សា ២០១៤-២០១៥

១០- កង ឱម, វគ្គសិក្សាអប់រំពិសេស Special Course in Education,

១១- មាឃ សារី, ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាព
(ESD), ២០១៤

១២- សោម
សុមុនី, ប្រវត្តិនៃការអប់រំនៅកម្ពុជា

១៣- ការអភិវឌ្ឍគ្រូបង្រៀន ២០១០-២០១៤, ក្រសួងអប់រំ យុវជន និងកីឡា, ឆ្នាំ ២០១០

១៤- សមិទ្ធផលវិស័យអប់រំ
យុវជន និងកីឡា ឆ្នាំ២០១៣-២០១៤, ខែធ្នូ ឆ្នាំ​២០១៤, ក្រសួង អប់រំយុវជន និងកីឡា

១៥- កំណែទម្រង់ស្ថាប័នដើម្បីកែលម្អការផ្តល់សេវាអប់រំ
និងពង្រឹងភាពប្រកួត​ប្រជែងរបស់កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា, ឆ្នាំ២០១៤

១៦- ណាត ប៊ុនរឿន, សៀវភៅសីលធម៌វិជ្ជាជីវៈ ឆ្នាំ ២០០២

១៧- បញ្ញត្តិនៃការធានាគុណភាពអប់រំនៅកម្រិតមត្តេយ្យ និង អប់រំចំណេះ​ទូទៅ​នៅកម្ពុជា,​អធិការកិច្ច, ក្រសួងអប់រំ យុវជន និងកីឡា, ខែតុលា ឆ្នាំ២០១៣

១៨- ស្ថិតិ និងសូចនាករអប់រំ (Education Statistics & Indicators) 2013-2014, ការិយាល័យ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ, ក្រសួងអប់រំ យុវជន និងកីឡា

១៩- គេហទំព័រក្រសួងអប់រំ យុវជន និងកីឡា ៖ www.moeys.gov.kh

២០- គេហទំព័រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ www.asean.org