ទំព័រដើម » បណ្ណាសារ » កម្រងស្នាដៃស្រាវជ្រាវ » បញ្ហា និង ដំណោះស្រាយ ទីផ្សារបន្លែនៅកម្ពុជា

បញ្ហា និង ដំណោះស្រាយ ទីផ្សារបន្លែនៅកម្ពុជា

បញ្ហា និង ដំណោះស្រាយ ទីផ្សារបន្លែនៅកម្ពុជា

ដោយ៖ លោក ឆេង វណ្ណារិទ្ធ (បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច)

ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

សេចក្តីផ្តើម

ថ្វីបើ​ប្រទេសកម្ពុជា​  ជាប្រទេស​កសិកម្មខ្លាំងមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ នាពេល​បច្ចុប្បន្ន ប្រទេសនេះផលិតបន្លែមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ក្នុងស្រុករបស់ខ្លួននៅឡើយ ដែលជាហេតុឱ្យមានការនាំចូលបន្លែពីប្រទេសជិត ខាងច្រើន លើសពាក់កណ្តាលនៃតម្រូវការរបស់ខ្លួន។ ប្រសិនបើស្ថានភាពនៃ​ការផលិតបន្លែក្នុងស្រុកនឹងស្ថិតក្នុងសភាពដូចនេះជាបន្តទៀត នោះប្រទេស​កម្ពុជានឹងបន្តនាំចូលបន្លែកាន់តែច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំពី​ប្រទេស​ថៃ និង វៀតណាម ។

គប្បីកត់សម្គាល់ថា ភាពមិនគ្រប់គ្រាន់នៃការផ្គត់ផ្គង់បន្លែក្នុងស្រុក ហើយ​បង្ខំឱ្យនាំចូលពីក្រៅប្រទេស វាមិនត្រឹមតែជាលំហូរចេញនៃរូបិយវត្ថុជាតិ​ប៉ុណ្ណោះទេ តែវាថែមទាំងមានឥទ្ធិពលអវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និង សង្គមផងដែរ ជាពិសេស បន្លែនាំចូលពីប្រទេសវៀតណាម​ដែលត្រូវបានជាប់​ឈ្មោះក្នុងបញ្ជីរបស់សហភាពអឺរ៉ុប ថាជាផលិតផលប្រើប្រាស់ថ្នាំគីមីធ្វើឲ្យខូច​សុខភាពអ្នកប្រើប្រាស់។

ប្រធានបទនៃការស្រាវជ្រាវនេះ នឹងវិភាគបញ្ហាទីផ្សារបន្លែនាពេល​បច្ចុប្បន្ន​នៅប្រទេសកម្ពុជា និង បង្ហាញនូវវិធានការលើកកម្ពស់ការ​ផ្គត់ផ្គង់​បន្លែ​ដែលផលិតដោយកសិករក្នុងស្រុក    ដើម្បីបញ្ចៀសបច្ច័យអវិជ្ជមានទៅលើ​សេដ្ឋកិច្ច និង សង្គមកម្ពុជា។

១-ស្ថានភាពទូទៅ

ទោះបីប្រទេសកម្ពុជា ពឹងផ្អែកលើវិស័យកសិកម្មមួយចំណែកធំយ៉ាង​ណា​ក្តី ក៏បច្ចុប្បន្ននេះ ប្រទេសនេះកំពុងជួបនឹងកង្វះខាតបន្លែសម្រាប់ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក ដែលជាហេតុឲ្យនាំចូលបន្លែពីប្រទេសជិតខាងជារៀង​រាល់​ថ្ងៃ។ តាមការសិក្សាស្រាវជ្រាវពីប្រភពផ្សេងៗបានបង្ហាញឱ្យឃើញថា ប្រទេស​កម្ពុជា​នាំចូល​បន្លែពី​ក្រៅប្រទេស​មាន​ចំនួនប្រមាណជា២០០​តោន​ ទៅ​៤០០​តោន ក្នុង​មួយថ្ងៃៗ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ ហើយបន្លែ​ទាំងនោះ​ភាគច្រើន​​នាំ ចូល​ពី​ប្រទេស​វៀតណាម ថៃ និង ចិន ដោយចំណាយ​ថវិកាជាង​២០០លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ​[1]។ តាមរបាយការណ៍របស់អង្គការ​ស្បៀង​អាហារ និង កសិកម្មនៃអង្គការសហប្រជាជាតិបានបង្ហាញថា  «បរិមាណបន្លែ​ដែល​ផ្គត់ផ្គង់នៅកម្ពុជា មានប្រមាណជិត១លានតោនក្នុង១ឆ្នាំៗ​ ដែលក្នុង​នោះ បរិមាណបន្លែផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមតែ៤៤%ប៉ុណ្ណោះ ចំណែកការនាំចូល​មានរហូតដល់៥៦%»[2] ដោយឡែកនៅរាជធានីភ្នំពេញ បន្លែចំនួន៧០ភាគរយ ជាបន្លែនាំពីប្រទេសថៃ និង វៀតណាម រីឯបន្លែរបស់ប្រជាកសិករកម្ពុជាមាន​តែប្រមាណ៣០ភាគរយប៉ុណ្ណោះ។

មូលហេតុនៃការនាំចូលបន្លែយ៉ាងសន្ធឹកសន្ធាប់បែបនេះ ពីប្រទេសជិត​ខាង ដោយសារតែ៖ បន្លែនាំចូលទាំងនោះមានតម្លៃថោក ស្របពេលដែលបន្លែ​របស់​កសិករខ្មែរមិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬ មានថ្លៃខ្ពស់ជាងបន្លែ​នាំ​ចូល (កសិករទាមទារតម្លៃលក់បន្លែខ្ពស់ជាង ពី២០ ទៅ៣០ ភាគរយ[3])។

កត្តាដែលធ្វើឱ្យការផ្គត់ផ្គង់បន្លែក្នុងស្រុក មិនគ្រប់គ្រាន់តាមតម្រូវការ ព្រមទាំងថ្លៃខ្ពស់ជាងថ្លៃបន្លែនាំចូលពីប្រទេសជិតខាង រួមមាន៖ 

-បច្ចេកទេសផលិតកម្មមានកម្រិតទាប៖

កសិករខ្មែរធ្វើកសិកម្មតាមបែបយថាផល  ប្រើប្រាស់សារធាតុ​គីមី​ខ្វះបច្ចេកទេស កង្វះការរៀបចំប្រពន្ធធារាសាស្រ្ត គ្មានចំណេះដឹង​ក្នុង​ការប្រើប្រាស់ដី ទឹក ជី ពូជ ជាដើម ដែលជាហេតុទទួលបាន​ទិន្នផល​​ទាប ធ្វើឱ្យថ្លៃដើមផលិតកម្មខ្ពស់។

-ថ្លៃវត្ថុធាតុដើមខ្ពស់៖

ប្រេងឥន្ធនៈ ជី-ថ្នាំកសិកម្ម ឡើងថ្លៃខ្ពស់ និង លឿនជាងថ្លៃបន្លែ​នៅលើទីផ្សារ
ជាហេតុធ្វើឱ្យថ្លៃបន្លែដែលផលិតក្នុងស្រុកមិនអាច​លក់​បានតាមថ្លៃបន្លែនាំចូល។

-កង្វះដើមទុន៖

កសិករភាគច្រើនមិនមានដើមទុនគ្រប់គ្រាន់ ចំណែកប្រាក់​កម្ចី​មានអត្រាខ្ពស់ មិនអាចផ្គត់ផ្គង់ប្រាក់ចំណេញដល់កសិករដាំបន្លែ។

-បញ្ហាទីផ្សារ៖

ពេលរដូវប្រមូលផលមកដល់ ធ្វើឱ្យថ្លៃបន្លែក្នុងស្រុកធ្លាក់ចុះ ហួស​ល​ទ្ធភាពដែលអ្នកដាំបន្លែអាចលក់បាន។

ម្យ៉ាងវិញទៀត ពេលដែលកសិករដាំបន្លែបានផល ពួកគាត់​មិន​ដឹងថាតើលក់ឱ្យអ្នកណា? លក់នៅទីណា? លក់ចំនួនប៉ុន្មាន? ជាដើម ពោលគឺគ្មានទីផ្សារ។

២-ការវិភាគទីផ្សារបន្លែតាមរយៈក្រាហ្វិក

មុនឈានដល់ការវិភាគតាមរយៈក្រាហ្វិក យើងគប្បីយល់ន័យអ្វីជា​ទីផ្សារ (market) អ្វីជាតម្រូវការ (demand) អ្វីជាការផ្គត់ផ្គង់ (supply) និង អ្វី​ដែល​ហៅ​ថា​ថ្លៃសមតា ឬ ថ្លៃទីផ្សារ (equilibrium price) ជាដើម ជាមុនសិន។

ក្នុងន័យបច្ចេកសព្ទវិទ្យាសាស្ត្រសេដ្ឋកិច្ច «ទីផ្សារ» (market) គឺជាស្ថាប័ន ឬ យន្តការទាំងឡាយ ដែលផ្សារភ្ជាប់រវាងអ្នកទិញ (អ្នកមានតម្រូវការ) និង អ្នក​លក់ (អ្នកផ្គត់ផ្គង់) នូវផលិតផល ឬ សេវាជាក់លាក់ណាមួយ[4]។ «តម្រូវការ» (demand) គឺបរិមាណទំនិញ ឬ សេវា ដែលអ្នកប្រើប្រាស់ត្រៀម និង មាន​លទ្ធភាព​ទិញតាមថ្លៃជាក់លាក់មួយ និង ក្នុងពេលវេលាជាក់លាក់មួយ។ ចំណុច​នេះ យើងឃើញពាក្យ «ត្រៀម» និង «មានលទ្ធភាព» ដែលមានន័យថា «ត្រៀម» គឺគ្រាន់តែមានបំណង ប៉ុន្តែ អាស្រ័យលើ «លទ្ធភាព» ថាតើមានប្រាក់​គ្រប់គ្រាន់សម្រាប់ទិញទំនិញ ឬ សេវានោះដែរឬទេ?។ ដូច្នេះ ត្រូវតែមាន​បំណង​ បូកជាមួយនឹងលទ្ធភាព (ប្រាក់) ទើបគេហៅថា «មានតម្រូវការ» បើមានតែបំណង តែ «គ្មានលទ្ធភាព» (គ្មានប្រាក់) គឺមានន័យថា «គ្មានតម្រូវ​ការ»។ ចំណែកឯការផ្គត់ផ្គង់ (supply) គឺបរិមាណទំនិញ ឬ សេវា ដែលអ្នក​លក់ (អ្នកផ្គត់ផ្គង់) ត្រៀម និង មានលទ្ធភាពលក់តាមថ្លៃជាក់លាក់មួយ និង ក្នុង​ពេលវេលាជាក់លាក់មួយ។ ចំណុចនេះ យើងឃើញពាក្យ «ត្រៀម» និង «មាន​លទ្ធភាព» ដូចគ្នាក្នុងនិយមន័យតម្រូវការដែរ ប៉ុន្តែ មានន័យខុសគ្នា ដោយ «ត្រៀម» គឺគ្រាន់តែមានបំណង ប៉ុន្តែ អាស្រ័យលើ «លទ្ធភាព» ថាតើថ្លៃដែល​លក់ទំនិញនោះ អាចទូទាត់ចំណាយថ្លៃដើមផលិតកម្ម ហើយទទួលបានប្រាក់​ចំណេញដែរឬទេ?។ បើមិនបានទទួលផលចំណេញគឺមិនលក់ ឬ មិនផលិត តែបើបានផលចំណេញ គឺនឹងខិតខំលក់ ឬ ផលិតកាន់តែច្រើន។ ដូច្នេះ ការផ្គត់​ផ្គង់គឺអាស្រ័យពីប្រាក់ចំណេញ តែប្រាក់ចំណេញគឺអាស្រ័យពីថ្លៃលក់ ហើយថ្លៃ​លក់គឺអាស្រ័យពីថ្លៃដើមផលិតកម្ម ចំណែកឯថ្លៃទំនិញនៅលើទីផ្សារគឺ​អាស្រ័យ​​ពីតម្រូវការ និង ការផ្គត់ផ្គង់។ «ថ្លៃសមតា ឬ ថ្លៃទីផ្សារ» (equilibrium price, market price) គឺថ្លៃទំនិញ ឬ សេវាដែលត្រូវបានកំណត់ដោយតម្រូវការ និង ការផ្គត់ផ្គង់នៅលើទីផ្សារប្រកួតប្រជែង ហើយដែលបរិមាណតម្រូវការ និង ការ​ផ្គត់ផ្គង់ស្មើគ្នា។

បន្ទាប់ពីកំណត់និយមន័យ «ទីផ្សារ» (market) «តម្រូវការ» (demand) «ការផ្គត់ផ្គង់» (supply) និង «ថ្លៃសមតា ឬ ថ្លៃទីផ្សារ» (equilibrium price, market price)យើងសាកល្បងរកចម្លើយ៖

ទីមួយ- តើមូលហេតុអ្វីបានជាបន្លែផលិតនៅក្នុងស្រុកថ្លៃខ្ពស់?

នៅលើរូប១. ការកើនឡើងចំនួនអ្នកប្រើប្រាស់ (កំណើនប្រជាពលរដ្ឋ និង ចំនួនទេសចរបរទេស) ធ្វើឱ្យតម្រូវការបន្លែ ដែលជាអាហារចាំបាច់​ត្រូវបាន​កើនឡើងសមមាត្រនឹងចំនួននេះ (ពី D1 ទៅ D2)។ ខណៈដែលតម្រូវការបន្លែ​កើន​ឡើងតាមកំណើនចំនួនអ្នកប្រើប្រាស់ គ្រាដែលការផ្គត់ផ្គង់បន្លែផលិតក្នុង​ស្រុក​គ្មានការប្រែប្រួល (ជួនកាល បរិមាណបន្លែ​ផលិតក្នុងស្រុកធ្លាក់ចុះ​បណ្តាល​ពីធាតុអាកាស)(Sf) នោះធ្វើឱ្យថ្លៃបន្លែដែលផលិតក្នុងស្រុកឡើង ពីP1  ទៅ P2

ទីពីរ- តើហេតុអ្វីបានជាទីផ្សារបន្លែនៅប្រទេសកម្ពុជា ត្រូវបានបំពេញ​ដោយ​បន្លែនាំចូលពីបរទេស

នៅលើរូប២ យើងឃើញថា តម្រូវការបន្លែនៅលើទីផ្សារក្នុងស្រុក គឺនៅចំណុច B ដែលមានបរិមាណ Qe។ ប៉ុន្តែ ការផ្គត់ផ្គង់បន្លែដែលផលិត​​ក្នុងស្រុកSd បានត្រឹមតែនៅលើចំណុច A ក្នុងកម្រិតថ្លៃស្មើនឹង Pd (កសិករ​ដាំបន្លែមិនអាចលក់ផលិតផលរបស់ខ្លួនទាបជាងPdបានឡើយ មូលហេតុ​ពួក​គេ​​មិន​ទទួលបានផលចំណេញ ដោយហេតុចំណាយថ្លៃដើមផលិតកម្មខ្ពស់) ដែល​បរិមាណការផ្គត់ផ្គង់បានត្រឹមចំណុច Qd  តែប៉ុណ្ណោះ។ ដោយតម្រូវការបន្លែ​ក្នុង​ស្រុក ច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ហើយម្យ៉ាងទៀតនៅប្រទេសជិតខាងគេ​ចំណាយថ្លៃដើមផលិតកម្មទាបជាងនៅក្នុងប្រទេសកម្ពុជា នោះគេអាចនាំចូល​មក​ដើម្បីបង្គ្រប់តម្រូវការបន្លែក្នុងប្រទេសកម្ពុជារហូតដល់ Se (ប្រមាណជា​២០០​តោន ទៅ ៤០០តោនក្នុងមួយថ្ងៃៗ) លក់តាមថ្លៃដែលទាបជាងPd  ពោលគឺ ថ្លៃ​បន្លែនៅលើទីផ្សារក្នុងស្រុកស្មើនឹង Pe

សរុបសេចក្តីមក ការផ្គត់ផ្គង់បន្លែដែលផលិតនៅក្នុងស្រុក គឺបានត្រឹមតែ  ពី 0 ទៅ Qd (៤៤% នៃតម្រូវការបន្លែសរុបក្នុងស្រុក)ហើយពី Qd ទៅ Qe (៥៦% នៃ​តម្រូវការបន្លែសរុបក្នុងស្រុក ស្មើនឹងប្រមាណជា២០០តោន ទៅ៤០០តោន ក្នុង​មួយថ្ងៃៗ) ត្រូវបានបំពេញដោយបន្លែនាំចូលមកពីប្រទេសថៃ និង វៀតណាម ដោយចំណាយថវិកាប្រមាណជាង២០០លាន​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំៗ។

៣-វិធីដោះស្រាយបញ្ហាការផ្គត់ផ្គង់បន្លែនៅទីផ្សារក្នុងស្រុក(ទ្រឹស្តី)

តើត្រូវបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុកបែប ដើម្បីជំនួសការនាំចូល​មក​ពីខាងក្រៅ?

ក្នុងប្រវត្តិសាស្ត្រនយោបាយសេដ្ឋកិច្ចនៃប្រទេសជឿនលឿន គឺមាន​វិធាន​ការដែលអាចកែប្រែក្នុងការផ្គត់ផ្គង់ (changes in supply) ឬ កែប្រែក្នុង​តម្រូវការ (changes in demand) នៃទំនិញ ឬ សេវាជាក់លាក់ណាមួយ ដែល​គេហៅថា «កត្តាសម្រេចនៃការផ្គត់ផ្គង់» (determinants of supply) និង «កត្តា​សម្រេចនៃតម្រូវការ» (determinants of demand)។

ដោយបញ្ហាទីផ្សារបន្លែនៅកម្ពុជាទាក់ទងការផ្គត់ផ្គង់ (supply) ដូច្នេះ​ពេលនេះយើងពិនិត្យ «កត្តាសម្រេចនៃការផ្គត់ផ្គង់» (determinants of supply»)។

ក្នុងចំណោម «កត្តាសម្រេចនៃការផ្គត់ផ្គង់» (determinants of supply) មាន៖

-ថ្លៃលើធនធាន (resource prices)៖

ការបញ្ចុះថ្លៃប្រេងឥន្ធនៈ ជី ពូជ ធ្វើឱ្យការផ្គត់ផ្គង់បន្លែកើនឡើង (ពី S1 ទៅ S2 រូប៣) ផ្ទុយមកវិញ ការឡើងថ្លៃ ប្រេងឥន្ធនៈ ជី ពូជ ធ្វើឱ្យ​ការផ្គត់ផ្គង់បន្លែថយចុះ (ពី S1 ទៅ S3 រូប៣)

-បច្ចេកវិទ្យា (technology)៖

ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រទំនើប ការជ្រើសរើសពូជ ជី ថ្នាំ​កសិកម្ម គ្រឿងយន្តកសិកម្ម។ល។ ធ្វើឱ្យការផ្គត់ផ្គង់បន្លែកើន​ឡើង (ពី S1  ទៅ S2 រូប៣)។ ផ្ទុយមកវិញ ការប្រើប្រាស់បច្ចេកវិទ្យាហួសសម័យ វាធ្វើឱ្យចំណាយថ្លៃដើមផលិតកម្មកាន់តែខ្ពស់ ជាហេតុឱ្យការផ្គត់ផ្គង់​បន្លែ​ថយចុះ (ពី S1  ទៅ S3 រូប៣ )។

-ពន្ធ និង ការឧបត្ថម្ភធន (taxes and subsidies)៖

ការឧបត្ថម្ភធន គឺជាការកាត់បន្ថយចំណាយថ្លៃដើមផលិតកម្ម ដែលធ្វើឱ្យផលិតករអាចទទួលបានផលចំណេញកាន់តែច្រើន និង មាន​លទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារផលិតផលរបស់ខ្លួន ហើយធ្វើឱ្យ​ការផ្គត់ផ្គង់បន្លែកើនឡើង (ពី S1  ទៅ S2 រូប៣)។ ផ្ទុយមកវិញ ការយក​ពន្ធ គឺជាបន្ទុកកាន់តែច្រើនក្នុងចំណាយថ្លៃដើម ដែលធ្វើឱ្យផលិតករ​គ្មានឆន្ទៈផលិត នាំឱ្យការផ្គត់ផ្គង់បន្លែថយចុះ (ពី S1 ទៅ S3 រូប៣)។

-ថ្លៃលើទំនិញដទៃ (prices of other goods)៖

ថ្លៃល្ងធ្លាក់ចុះ ធ្វើឱ្យការផ្គត់ផ្គង់បន្លែកើនឡើង (ពី S1 ទៅ S2 រូប៣) ផ្ទុយមកវិញ ល្ងឡើងថ្លៃ ធ្វើឱ្យការផ្គត់ផ្គង់បន្លែថយចុះ (ពី S1 ទៅ S3 រូប៣)។

-ក្តីរំពឹងចាំ (expectations)៖

ពេលដែលរំពឹងថា នាពេលខាងមុខបន្លែនឹងចុះថ្លៃ នោះធ្វើឱ្យ​ការ​ផ្គត់ផ្គង់​បន្លែខណៈនេះកើនឡើង (ពី S1 
ទៅ S2 រូប៣)។
ផ្ទុយមក​វិញ ពេលដែលរំពឹងថា នាពេលដ៏ឆាប់ខាងមុខថ្លៃបន្លែនឹងឡើងខ្ពស់
នោះ​ពេលនេះ ការផ្គត់ផ្គង់បន្លែថយចុះ (ពី S1 
ទៅ S3 រូប៣)។

-ចំនួនផលិតករ ឬ ចំនួនអ្នកលក់ (number of producers, or  sellers)៖​

ចំនួនអ្នកដាំបន្លែកាន់តែច្រើន នោះធ្វើឱ្យការផ្គត់ផ្គង់បន្លែ​កើន​ឡើង (ពី S1  ទៅ S2 រូប៣ )។ ផ្ទុយមកវិញ ចំនួនអ្នកដាំបន្លែថយចុះនោះ ការផ្គត់ផ្គង់បន្លែនឹងថយចុះ (ពី S1  ទៅ S3 រូប៣)។

សន្និដ្ឋាន

ស្ថានភាពទីផ្សារបន្លែបច្ចុប្បន្ននៅកម្ពុជា គឺមានសភាពធ្ងន់ធ្ងរ ដោយ​ហេតុ​បន្លែជាង៥០ភាគរយត្រូវបាននាំចូលពីប្រទេសជិតខាង ហើយនឹងបន្តនាំ​ចូលកាន់តែច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលកម្ពុជាមិនអាច​បង្កើនការផ្គត់ផ្គង់ដោយខ្លួនឯងបាន។ បញ្ហានេះ អាចប៉ះពាល់ដល់សន្តិសុខ​សេដ្ឋកិច្ច និង សង្គម ជាពិសេស បន្លែដែលនាំចូលដោយប្រើប្រាស់ថ្នាំគីមី​ធ្វើ​ឲ្យ ខូចសុខភាពអ្នកប្រើប្រាស់ នៅពេលដែលកម្ពុជានៅខ្វះមន្ទីរពិសោធន៍​សម្រាប់​ រកសារធាតុគីមី ដែលមានជាតិពុលកប់ក្នុងបន្លែ។

ទោះជាបែបនេះក្តី ប្រទេសកម្ពុជានៅមានសក្តានុពលជាច្រើន ដែល​អាចបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុក។ យើងនឹងបន្តការសិក្សាស្រាវជ្រាវស្វែង​រកវិធីដោះស្រាយនូវបញ្ហាការផ្គត់ផ្គង់បន្លែនៅទីផ្សារក្នុងស្រុក (អនុវត្តជាក់​ស្តែង) ហើយនឹងចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រ​សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងលេខបន្តបន្ទាប់ទៀត៕

គន្ថនិទេស

១.https://thmeythmey.com/?page=detail&id=57231

២.http://www.freshnewsasia.com/index.php/en/localnews/52946-2017-04-21-11-1337.html

៣.https://www.postkhmer.com

៤.CAMPBELL R. McCONNELL and STANLEY L. BRUE, ECONOMICS, RINCIPLES, PROBLEMS, AND POLICIES, Thirteenth edition, GLOSSARY, G-18.


[1] https://thmeythmey.com/?page=detail&id=57231

[2] http://www.freshnewsasia.com/index.php/en/localnews/52946-2017-04-21-11-13-37.html

[3]https://www.postkhmer.com/

[4]  CAMPBELL R. McCONNELL and STANLEY L. BRUE,
ECONOMICS, PRINCIPLES, PROBLEMS, AND POLICIES, Thirteenth edition, GLOSSARY,
G-18.