ទំព័រដើម » ព័ត៌មានថ្មីៗ » ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ

ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ

ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ

ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ

ONE CORNER OF INTANGIBLE CULTURAL HERITAGE OF CAMBODIA

សាស្ត្រាចារ្យ កុល សារូ
អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្ត
នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

១-សេចក្តីផ្តើម (Introduction)

ប្រទេសកម្ពុជា គឺជាមហាប្រទេសដ៏មានចំណាស់មួយនៅតំបន់អាស៊ីអគ្នេយ៏ សម្បូរណ៏ហូរហៀរទៅដោយសម្បត្តិសិល្បៈវប្បធម៌ទាំងពីរ៖ សម្បត្តិវប្បធម៌លទ្ធកម្ម និងសម្បត្តិវប្បធម៌ធម្មជាតិ កេរ្តិ៍ដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដូចជាៈ កុលាលភាជន៍ សំណង់ប្រាសាទ វត្តអារាម បដិមា សិលាចារិក គម្ពីរ សាស្រ្តា តន្រ្តី ចម្រៀង របាំគ្រប់ទម្រង់ ល្ខោនគ្រប់ទម្រង់ កំណាព្យ អក្សរសិល្បិ៍ ជាដើម…បានធ្វើឲ្យកម្ពុជាល្បីរន្ទឺទូទាំងពិភពលោកនៃសម័យកាលប្រវត្តិសាស្រ្ត។ តាមរយៈសម្បត្តិបេតិកភណ្ឌវប្បធម៌សិល្បៈខ្មែរដ៏អស្ចារ្យទាំងនេះ បេតិកភណ្ឌវប្បធម៌សិល្បៈនៃមនុស្សជាតិ មានជាអាទិ៍៖ តំបន់អង្គរ ប្រាសាទព្រះវិហារ ប្រាសាទសម្បូរណ៍ព្រៃគុក របាំក្បាច់បុរាណ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោល។ ទន្ទឹមនេះសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួនទៀតក៏កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីនៅអង្គការយូណេស្កូជាបន្តបន្ទាប់ទៀត ។

យោងទៅលើអនុសញ្ញាឆ្នាំ២០០៣ មរតកវប្បធម៌អរូបី គឺសំដៅទៅលើការប្រតិបត្តិ ការបង្ហាញការសម្តែងចេញមក ចំណេះដឹង ជំនាញ (ក្នុងនោះរួមបញ្ចូលទាំងឧបករណ៍ ប្រដាប់ប្រដា វត្ថុ និង     ទីតាំងវប្បធម៌ដែលជាប់ពាក់ព័ន្ធ) ដែលសហគមន៍ ក្រុមមនុស្ស ឬបុគ្គលទទួលស្គាល់ថាជាមរតកវប្បធម៌របស់ខ្លួន ហើយបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ហើយត្រូវសហគមន៍ ឬក្រុមមនុស្សយកមកប្រតិបត្តិឡើងវិញជាប់រហូតមក ដើម្បីឆ្លើយតបនឹងបរិស្ថានរស់នៅប្រាស្រ័យទាក់ទងជាមួយធម្មជាតិ និងប្រវត្តិរឿងរ៉ាវរបស់ពួកគេ ព្រមទាំងផ្តល់ឲ្យសហគមន៍នោះនូវអត្តសញ្ញាណ និងនិរន្តរភាពផង [1]។ ហេតុដូច្នេះបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ បានលើកកម្ពស់ដល់ការគោរពនូវវប្បធម៌ចម្រុះ និងការច្នៃប្រឌិតរបស់មនុស្ស ។

បេតិកភណ្ឌជាអ្វី? (What is Heritage?)

ត្រូវបានគេកំណត់ថា ជាចលនៈ ឬអចលនៈទ្រព្យ ដែលមានសារៈសំខាន់ធំធេង ដែលជាមរតកវប្បធម៌របស់មនុស្សគ្រប់រូប ឬជាវត្ថុ ដែលជាការបង្ហាញនូវសក្ខីភាព នៃស្នាដៃរបស់មនុស្ស ឬជាការវិវត្តន៏របស់ធម្មជាតិ ហើយដែលនាំមកនូវសារប្រយោជន៏ និងតម្លៃខាងបុរាណវិទ្យា ប្រវត្តិវិទ្យា សិល្បៈ វិទ្យាសាស្រ្ត ឬក៏បច្ចេកទេស ភាពសម្បូរណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌សិល្បៈទាំងរូបី និងអរូបី ដែលបុព្វបុរសបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយសក្តិសមជា ”ព្រះរាជាណាចក្រនៃវប្បធម៌” ដ៏ពិតប្រាកដ។ លើសពីនេះតាមរយៈការខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាល សម្បត្តិ    វប្បធម៌កម្ពុជា មួយចំនួនត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក។  ប្រជាជនកម្ពុជាគ្រប់រូបមានហេតុផលគ្រប់គ្រាន់ និងភស្តុតាងជាក់ច្បាស់ប្រកបដោយមោទនភាព ចំពោះទេពកោសល្យដ៏កំពូល ប្រណីតភាព សោភ័ណភាព និងអច្ឆរិយ ដែលដូនតាខ្មែរបានបន្សល់ទុកឲ្យជាមរតកវប្បធម៌ដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន កំណត់ឲ្យយើងនូវអត្តសញ្ញាណជាតិ និងនិរន្តរភាព ដោយផ្សារភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជាពីអតីតកាល មកបច្ចុប្បន្ន និងទៅអនាគត ហើយក៏ជាប្រភពធនធានមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម [2]

បេតិកភណ្ឌរូបី (Tangible Heritage)

ប្រាសាទ វិមាន ចម្លាក់ គំនូរ សិលាចារិក រូងដែលជាកន្លែងសំណាក់មនុស្សដើម រូងភ្នំដែលមានរូបរាងជាអ្វីមួយ មានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ វិទ្យាសាស្រ្ត ឬសាសនា ។ ក្រុមអគារសង់ជាប់គ្នា ឬសង់ដាច់ពីគ្នា ក្នុងលំហទិដ្ឋភាពមួយមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ វិទ្យាសាស្រ្ត ឬសាសនា។      បណ្តា​​បេតិកភណ្ឌ​វប្បធម៌​ទាំង​នោះ​រួមមានផ្នែករូបី ជាអាទិ៍គឺ ​ប្រាសាទ រមណីយដ្ឋាន​​ វត្តអារាម ផ្ទះបុរាណ រមណីយដ្ឋាន​​ប្រវត្តិសាស្រ្ត ទួលអង្គ…រួមមាន​រាប់រយ​រាប់ពាន់ ប្រមាណជិត ៤,០០០ កន្លែង រាយ​ដេរដាស​ទូទាំង​ប្រទេស​ (​នេះ​មិន​ទាន់​គិត​ដល់​ប្រាសាទ​រាប់សិប ឬ​រាប់រយ​​ផ្សេង​ទៀត​ដែល​ជា​អតីត​ប្រាសាទបុរាណខ្មែរ ​ស្ថិត​នៅ​ក្នុង​ដែនដី​ប្រទេស​ជិតខាង​ទៀត​ផង)[3]។ ​បេតិកភណ្ឌរូបី ដែលយើងបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖

          ១)តំបន់អង្គរ ថ្ងៃទី ១៤ ធ្នូ ១៩៩២

          ២)ប្រាសាទព្រះវិហា ថ្ងៃទី ០៧  កក្កដា ២០០៨

          ៣)ប្រាសាទសម្បូណ៍ព្រៃគុក ថ្ងៃទី ០៨  កក្កដា ២០១៧

បេតិកភណ្ឌអរូបី(Intangible Heritage)

ការប្រតិបត្តិ ការសម្តែង ការនិយាយ ចំណេះដឹង ចំណេះធ្វើ ព្រមទាំងឧបករណ៏ វត្ថុដែលមានប្រភពនិងលំហវប្បធម៌បញ្ចូលគ្នា បន្តពីជំនាន់មួយទៅជំនាន់មួយ ហើយត្រូវបានបង្កើតថ្មី ជាអចិន្រ្តៃយ៍ឡើងវិញ តាមបរិស្ថានដែលគេរស់នៅ ទៅនិងអន្តរកម្មរបស់ពួកគេ ជាមួយនឹងធម្មជាតិ ជាមួយនឹងប្រវត្តិសាស្រ្ត ដែលសហគមន៍ ក្រុមមនុស្ស និងក្នុងករណីខ្លះបុគ្គលស្គាល់ថា ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់ពួកគេ ។ របស់ដែលសមស្របជាមួយ និងលិខិតតូបករណ៍អន្តរជាតិ កំពុងមានអត្ថិភាពទាក់ទងជាមួយនឹងសិទ្ធិមនុស្សជាធរមាន តម្រូវឲ្យមានការគោរពគ្នាទៅវិញទៅមករវាងសហគមន៏ ក្រុមមនុស្ស បុគ្គល ហើយរួមគ្នាអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានអភិរក្ស ទើបមាននិរន្តរភាពនិងចីរភាព។

បង្ហាញពីទិដ្ឋភាពទូទៅនៃទម្រង់សិល្បៈអរូបី នៅកម្ពុជាមានជាអាទិ៍៖ របាំគ្រប់ទម្រង់ ល្ខោនក្បាច់បុរាណ(ល្ខោនព្រះរាជទ្រព្យ ឬល្ខោនលួង) ល្ខោនតុក្កតា  ល្ខោនស្បែកតូចឬអាយ៉ង  ល្ខោនស្បែកធំ ល្ខោនស្បែកពណ៌ ល្ខោនប្រាមោជ្ជទ័យ ល្ខោនកំណាព្យ ល្ខោនភ្លេងការ ល្ខោនអាប៉េ អាយ៉ៃរឿង ខ្សែដៀរឿង ចាប៉ីរឿង ល្ខោនខោល ល្ខោនពោលស្រី ល្ខោនបើកបទ ល្ខោនមហោរី ល្ខោនគែន ល្ខោនយីកេ  ល្ខោននិយាយ ល្ខោនបាសាក់  និទានរឿង សៀករឿង និងល្ខោនចម្រុះ ដែលបេតិកភណ្ឌអរូបីទាំងនេះត្រូវបានពិភពលោកដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិបានមួយចំនួនដូចជា៖

          ១)របាំអប្សារា ថ្ងៃទី ០៧  វិច្ឆិកា  ២០០៣

          ២)ល្ខោនស្រមោលស្បែកធំ ថ្ងៃទី ២៥  វិច្ឆិកា  ២០០៥

          ៣)ល្បែងទាញព្រាត់ ថ្ងៃទី ០២  ធ្នូ  ២០១៥

          ៤)ចម្រៀងចាប៉ី ថ្ងៃទី ៣០ វិច្ឆិកា ២០១៦

          ៥)ល្ខោនខោល ថ្ងៃពុធ ទី២៨  វិច្ឆិកា  ២០១៨

  • បញ្ហាសិល្បៈវប្បធម៌អរូបី (The issue of intangible cultural art)

បញ្ហាសិល្បៈវប្បធម៌ អរិយធម៌ របស់ប្រជាជាតិនីមួយៗ តែងហូរឆ្លងចេញចូលទទួលឥទ្ធិពលពីគ្នាទៅវិញទៅមក។ ខ្មែរជាពូជអ្នកលេងល្បែងបញ្ញា គ្មានគំនិតគិតប៉ុនប៉ង ចម្លង ផ្តិតយកពីគេទាំងស្រុង ទាំងដុល ឬទាំងឫសគល់នោះឡើយ។ អ្វីដែលចូលមកស្រុកខ្មែរ ត្រូវតែឆ្លងកាត់ ត្បាល់កិនសិន គឺទាល់តែបានកិន បានចម្រាញ់ បានជម្រើស បានជម្រុះ…ជ្រើសយកតែធាតុណាដែលជាភាពប្រពៃ ភាពមានប្រយោជន៍សម្រាប់ខ្មែរ និងដើម្បីខ្មែរតែប៉ុណ្ណោះ ទើបខ្មែរព្រមទទួលយកធ្វើជារបស់ខ្មែរ ដូច្នេះការកសាងវប្បធម៌សិល្បៈមួយឲ្យមានបុគ្គលិកលក្ខណៈជាតិពិតប្រាកដ មិនអាចធ្វើទៅបានក្នុងរយៈពេលតិចជាង ១០០ ឆ្នាំឡើយ។ ឧទាហរណ៍៖ល្ខោនបាសាក់ចូលមកស្រុកខ្មែរ ប្រហែលជាក្នុងឆ្នាំ១៩៣០(ពេលនេះ៨៨ ឆ្នាំ) តែមធ្យោបាយសម្តែងរបស់ល្ខោនបាសាក់ ចំរៀង តន្រ្តី សំលៀកបំពាក់ នៅតែមានពណ៌សម្បុរចម្រុះ ទទួលឥទ្ធិពលពីចិន ពីបារាំង វៀតណាម នៅឡើយ។ រីឯពណ៌សម្បុរជាតិខ្មែរមានប្រហែល៧០ភាគរយប៉ុណ្ណោះ។ ប្រាសាទ និងចម្លាក់ខ្មែរ បានរកបុគ្គលិកលក្ខណៈខ្មែរពិតប្រាកដឃើញចាប់ផ្តើមពីសតវត្សរ៍ទី៩-១៣ បានន័យថាជាង ៤០០ឆ្នាំ ទើបរកឃើញបុគ្គលិកលក្ខណៈជាតិពិត [4]។ ដូច្នេះការកសាងសមត្ថភាព និងបណ្តុះធនធានមនុស្សផ្នែកវប្បធម៌សិល្បៈគឺជាកត្តា     ចាំបាច់។ ឧទាហរណ៍ៈ អាណាចក្រអង្គរជាសរណដ្ឋានដ៏ពិសិដ្ឋ មានអរិយធម៌ខ្ពង់ខ្ពស់ មាន          ទេពកោសល្យ ឧបនិស្ស័យនិងគំនិតច្នៃប្រឌិត ខ្ពស់ ព្រមទាំងមានការលូតលាស់ខាងបញ្ញាដល់កំពូលនាសតវត្សទី១១ និង១២ មានប្រាសាទធ្វើអំពីថ្មចំនួន ១០៨០ ជាភស្តុតាង មហាវិទ្យាល័យពីរ គឺជ័យស្រី និងរាជវិហារ(សតវត្សរ៍ទី១១-១២)មានសាស្រ្តាចារ្យចំនួន ២៧៤០នាក់ មានបណ្ឌិត១៨អង្គ មានសិលាចារិកចំនួន ៥៥០ផ្ទាំង មានរូបចម្លាក់   ទូទាំងប្រទេសចំនួន ២០៤០០ សិល្បករដាប់ថ្ម ចំនួន ៦៤៦៥នាក់ មានអ្នករបាំចំនួន ១៦២២នាក់ មានបញ្ញាជនចំនួន ៣៨៥៧៣៧នាក់ [5]។ ​   របាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១២ បានបង្ហាញថាប្រាសាទនៅក្នុងប្រទេសរបស់យើងមានចំនួន១១៩៨ ប្រាសាទ[6] ។ របាំក្បាច់បុរាណមានក្បាច់មូលដ្ឋាន៤៥០០ ជាតម្លៃខាងស្មារតី និងសោភ័ណស្ថិតនៅក្នុងចរន្តវប្បធម៌ទាំងពីរ គឺចរន្តបញ្ញាជន និងចរន្តមហាជន ។ តម្លៃពិតទាំងពីរនេះបូកបញ្ចូលមក ទើបចេញជាអត្តសញ្ញាណពិតរបស់ខ្មែរ ។

ការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរប្រកបដោយចីរភាព

ការកសាងសមត្ថភាព អភិវឌ្ឍន៍ធនធានមនុស្ស (បច្ចេកទេសនិងចំណេះដឹងទូទៅ)         ការបញ្ជ្រាបមុខវិជ្ជា សញ្ញាណទូទៅស្តីពី ទម្រង់សិល្បៈទស្សនីយភាពខ្មែរ តាមអនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថាន និងសកលវិទ្យាល័យ គឺជាអាទិភាព(Priority) ត្រូវតែរក្សាទុកការអប់រំវប្បធម៌សិល្បៈខ្មែរ ការផ្តល់ចំណេះដឹង និងបំណិនខាងវិស័យវប្បធម៌សិល្បៈមានដូចជា៖

គំនូរ របាំ ការហត្ថកម្ម ល្ខោន តន្រ្តី ចម្រៀង កំណាព្យ អក្សរសិល្បិ៍ ជាមុខវិជ្ជាសំខាន់មួយក្នុងចំណោមមុខវិជ្ជាដទៃទៀតនៅក្នុងប្រព័ន្ធអប់រំ នៃកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា…បង្កើតឲ្យមានវេទិកា(ឆាករបាំឬល្ខោនតូចៗ) នៅតាមគ្រឹះស្ថានសិក្សា សាលារៀន សកលវិទ្យាល័យដូចជា៖

          -ពង្រីកបរិមាណ និងគុណភាពគ្រូអប់រំសិល្បៈ

          -ជម្រុញការលើកទឹកចិត្តដល់គ្រូអប់រំសិល្បៈ

          -បង្កើនវគ្គបំពាក់បំប៉ន និងបណ្តុះបណ្តាលអ្នកជំនាញ

           -ពង្រីកមធ្យោបាយផ្សព្វផ្សាយឲ្យទូលាយ

          -ស្វែងរកថវិកាដើម្បីធានានូវនិរន្តរភាពនៃការអនុវត្ត

          -បង្កើនទីផ្សារសិល្បៈទស្សនីយភាពក្នុង និងក្រៅប្រទេស

          -លើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នកមានទេពកោសល្យខាងសិល្បៈលេចធ្លោ(ដុង)

          -ការផ្សព្វផ្សាយចំណេះដឹងវប្បធម៌ និងគុណធម៌ជាតិ ដល់ជនជាតិខ្មែរទាំងឡាយដែលមានទឹកចិត្តស្រលាញ់

           សិល្បៈវប្បធម៌ និងប្រពៃណីជាតិថា ”ដួងព្រលឹង” គឺជា ”អត្តសញ្ញាណ” របស់ជាតិយើង។

ប្រសិទ្ធភាពនៃការអនុវត្តន៏ (Effectiveness of implementation)

ភាពសក្តិសិទ្ធិនៃសិល្បៈនាដសាស្រ្តឲ្យរីកចម្រើនទាំងរដ្ឋ និងឯកជនទៅបានលុះត្រាតែមានការចូលរួមជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជួយបង្កលក្ខណៈសម្បត្តិងាយស្រួល និងផ្តល់សេរីភាពព្រមទាំងការលើកទឹកចិត្ត ដើម្បីបំពេញគ្នាទៅវិញទៅមក។ ការចូលរួមរបស់មហាជន ប្រជាជន បញ្ញាវន្ត        គ្រូបង្រៀន សិស្សានុសិស្សទាំងអស់ និងការយកចិត្តទុកដាក់លើកទឹកចិត្ត ឧបត្ថម្ភដល់ចលនាច្នៃប្រឌិត តែងនិពន្ធ ដែលជាប្រភពនៃការរីកចម្រើនខាងអក្សរសិល្ប៍ និងសិល្បៈនាដកម្ម។

ការងារសិល្បៈវប្បធម៌ ជាការងារធំទូលាយណាស់ឳបក្រសោបជីវិតទាំងមូល ហើយគ្មានស្នាដៃណាដែលគ្មានមូលដ្ឋានចិត្តរំភើប និងមនុស្សធម៌ឡើយ។ ហេតុនេះទស្សនៈចង្អៀតចង្អល់        ទស្សនៈផ្តាច់មុខនិយមខាងផ្នែកវប្បធម៌ ឬទស្សនៈប្រមូលផ្តុំនិយមខាងផ្នែកសិល្បៈវប្បធម៌ជាតិ គឺជាគំនាបកៀបសង្កត់យ៉ាងធ្ងន់ធ្ងរដល់គំនិតច្នៃប្រឌិត និងឧបនិស្ស័យ ទេពកោសល្យរបស់មនុស្ស។ ដើម្បីឲ្យជំនាញមួយអភិវឌ្ឍន៍ទៅបាន ទាល់តែអ្នកធ្វើជំនាញនោះ មានថវិកា មានការគ្រប់គ្រងល្អិតល្អន់ មានក្រមសីលធម៌  វីជ្ជាជីវៈ និងមានមនសិការជំនាញ៖

          ១-សមត្ថភាពជំនាញ

          ២-បទពិសោធន៍ជំនាញ

          ៣-ឧបនិស្ស័យជំនាញ

          ៤-ចិត្តស្រឡាញ់ជំនាញ

          ៥-ចិត្តពលីដើម្បីជំនាញ

ចំពោះសិល្បករ គ្មានទុក្ខវេទនាណាឲ្យខ្លាំងក្លាជាជាងការគ្មានឆាកសំដែងឡើយ ។ យោងតាមសកម្មភាពដែលមានកន្លងមក និងក្នុងបំណងពង្រឹងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ដែលធ្លាប់មានអរិយធម៌ដ៍រុងរឿងយូរលង់មកហើយនោះ និងដើម្បីទប់ទល់នឹងការហូរចូលនៃចរន្តវប្បធម៌សិល្បៈបរទេសយើងនាំគ្នាធ្វើសកម្មភាព(រដ្ឋាភិបាល) តាមរយៈការគៀងគរវិនិយោគជារោងសម្តែងសិល្បៈឲ្យមានច្រើនទីតាំង ដើម្បីងាយស្រួលក្នុងការបំផុសចលនាយុវជន មហាជន ឲ្យចូលរួមក្នុងការបណ្តុះគំនិតឲ្យស្រលាញ់បេតិក ភណ្ឌវប្បធម៌សិល្បៈរបស់ខ្លួន ទើបយើងរកឃើញឡើងវិញនូវតម្លៃពិតខាងស្មារតីនៃសិល្បៈអរូបីរបស់ខ្លួន បន្តបណ្តុះបណ្តាលបំពាក់បំប៉នអត្តសញ្ញាណពិតរបស់ខ្មែរ ឲ្យកូនខ្មែរមានសាមគ្គីភាព មានភាពរុងរឿង និងវឌ្ឍនភាពខាងផ្លូវកាយ ផ្លូវចិត្តគំនិត ដើម្បីការវិវត្តន៍ដោយមានតុល្យភាព និងភាពសមរម្យ រវាងបុគ្គល ធម្មជាតិ និងសង្គម ។ បទបង្ហាញស្តីអំពី ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ ជាផ្នែកមួយក្នុងការចូលរួមថែរក្សាការពារកេរមរតកដូនតាដែលមានលក្ខណៈពណ៌សម្បុរជាតិពិត ក្នុងអត្ថន័យបុរាណមិនយឺត សម័យមិនបរទេស។

សេចក្តីសន្និដ្ឋាន (Conclusion)

ដើម្បីថែរក្សានូវបេតិកភណ្ឌសិល្បៈអរូបីទាំងអស់នោះបាន ត្រូវធ្វើឲ្យមានប្រយោជន៍រស់រវើកក្នុងជីវភាពរស់នៅរបស់ខ្មែរ នៅពេលដែលវប្បធម៌បរទេស មិនទាន់ក្លាយទៅជាជីវភាពរស់នៅរបស់ខ្មែរនៅឡើយ។   “ បើចង់ថែរក្សាឲ្យគង់វង្សនូវមរតកទាំងនោះ ទាល់តែធ្វើឲ្យប្រជាជនក្លាយទៅជាម្ចាស់នៃមរតកទាំងអស់នោះ បើចង់ឲ្យប្រជាជនក្លាយទៅជាម្ចាស់មរតក លុះត្រាតែធ្វើយ៉ាងណាឲ្យមរតកទាំងអស់នោះ នៅតែមានប្រយោជន៍ចំពោះជីវិតខ្មែរ ”។

ដូច្នេះការចូលរួមសិក្សាស្វែងយល់អំពីតម្លៃវប្បធម៌សិល្បៈខ្មែរ និងវប្បធម៌សិល្បៈផ្សេងៗ ដែលកំពុងជ្រៀតចូលមកក្នុងប្រទេសរបស់យើងមានទាំងវិជ្ជមាន និងអវិជ្ជមាន ការស្វែងរកដំណោះស្រាយ និងទិសដៅដើម្បីឲ្យវប្បធម៌សិល្បៈអរូបីខ្មែរ មានអត្ថិភាពនៅក្នុងពហុវប្បធម៌ រួមគ្នាដោយស្មោះស្ម័គ្រក្នុងការអភិរក្សវប្បធម៌សិល្បៈរបស់ជាតិឲ្យបានគង់វង្ស និងការចូលរួមផ្តល់មតិក្នុងការអភិរក្សវប្បធម៌សិល្បៈ អរូបីជាតិ ទៅតាមទំនោររីកចម្រើន ដែលមានលក្ខណៈសមស្របតាមការរីកចម្រើនរបស់ប្រទេស  ចូលរួមលើកស្ទួយធ្វើឲ្យវប្បធម៌សិល្បៈខ្មែរ នៅតែមានអត្ថិភាពលេចត្រដែត ទោះបីវប្បធម៌សិល្បៈបរទេសជាច្រើនហូរចូលមកក្នុងប្រទេសយើងក៏ដោយ…ចូលរួមយ៉ាងសកម្មតាមគ្រប់រូបភាព ក្នុងការអប់រំ ធ្វើឲ្យមហាជនចេះបែងចែកច្បាស់លាស់ រវាងវប្បធម៌សិល្បៈខ្មែរ ដោយមិនធ្វើឲ្យច្របូកច្របល់នាំឲ្យបាត់ប្រភពដើមនៃវប្បធម៌សិល្បៈរបស់ខ្លួន។ ដូច្នេះមរតកវប្បធម៌សិល្បៈអរូបីខ្មែរ ជាជ្រុងមួយតូចជួយពង្រីងអត្តសញ្ញាណជាតិខ្មែរ និងរួមចំណែកអភិវឌ្ឍន៍សង្គមខ្មែរមាតុភូមិកម្ពុជាឲ្យរីកចម្រើនរុងរឿង។ វប្បធម៌ជាគ្រឹះនៃការអភិវឌ្ឍន៍សង្គម ។

ឯកសារពិគ្រោះ

១)ហ៊ុន សែន                សារលិខិត  ថ្ងៃទី៨ មិថុនា ២០១៧

២)ត្រឹង ងា                   ប្រវត្តិសាស្រ្តខ្មែរ ឆ្នាំ១៩៧៦

៣)Pich Tum  Kravel Khmer Dances,2001

៤)KEO NArum          APSARA DANCE,2003

៥)Pich Tum Kravel  KHMER PERFORMING ARTS,2003 .

៦)ពេជ្រ ទុំក្រវិល                       តន្រ្តីរបាំនិងល្ខោន  ឆ្នាំ២០១០

៧)គណៈកម្មាការវប្បធម៌កម្ពុជា    ប្រវត្តិសាស្រ្តកម្ពុជា ឆ្នាំ២០០៨

៨)វង់ ជុន                     ជីវិតខ្មែរនិងល្ខោនខ្មែរ ឆ្នាំ២០០៩

៩)ឆេង ផុន                  គោលទស្សនៈធំៗ ចំពោះវប្បធម៌ខ្មែរ និងការអភិវឌ្ឍ ឆ្នាំ២០០០

១០)សេង គឹមលី           ប្រវត្តិសិល្បៈខ្មែរ ឆ្នាំ២០០២ ។

១១)ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមភាគ១-២ ឆ្នាំ១៩៦៧ បោះពុម្ពលើកទី៥ ទំព័រ១៣៤០

១២)វ៉ា សុវណ្ណារ័ត្ន         ស្ថាបត្យកម្មពិភពលោក ឆ្នាំ២០០៧

១៣)ម៉ាយឃើលវិកឃីរី   ប្រវត្តិសាស្រ្តកម្ពុជា ឆ្នាំ២០០២

១៤)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ          បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

១៥)ជីវ តាក្វាន់             កំណត់ហេតុ ឆ្នាំ១៩៧៣

[1] :ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

[2] :ហ៊ុន សែន  សារលិខិត  ថ្ងៃទី៨ មិថុនា ២០១៧

[3] :ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជីសារពើភណ្ឌអរូបី ឆ្នាំ២០១៨

[4] : ឆេង ផុន គោលទស្សនៈធំៗ ចំពោះវប្បធម៌ខ្មែរ និងការអភិវឌ្ឍ ឆ្នាំ២០០០

[5] :- ដ-

[6] :ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ   របាយការណ៍  ឆ្នាំ២០១២

Comments (1)

  1. Like!! I blog quite often and I genuinely thank you for your information. The article has truly peaked my interest.

Leave a Reply

Your email address will not be published.