ទំព័រដើម » ចំណេះដឹងទូទៅ » ចំណេះដឹងផ្សេងៗ » ចង្កៀងគោមបុរាណខ្មែរ

ចង្កៀងគោមបុរាណខ្មែរ

ចង្កៀងគោមបុរាណខ្មែរ

ចង្កៀងគោមបុរាណខ្មែរ

LANTERN LAMP OF KHMER ANCIENT

បណ្ឌិត ខៀវ កុសល
អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ
និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ
នៃរាជបណ្ឌិត្យសភាកម្ពុជា

 

សេចក្តីផ្តើម

ប្រជាជាតិខ្មែរ ជាជាតិសាសន៍ដែលមានអរិយធម៌ដ៏ល្អឆើតឆាយតាំងពីបុរាណកាលមកហើយ នៅលើទឹកដីអាស៊ីអាគ្នេយ៍។ អរិយធម៌ទាំងនោះបានជ្រួតជ្រាបមកដល់សន្តានចិត្តមនុស្សខ្មែរ ទឹកចិត្ត មនុស្សខ្មែរ និងជាស្មារតីមួយមិនអាចខ្វះបានដែលយើងអាចនិយាយបានថា ខ្មែរជាជាតិច្បង។ ស្ថិតនៅក្នុងស្មារតីនេះ ខ្មែរមានប្រើប្រាស់នូវសម្ភារៈយ៉ាងសំបូរបែបនៅក្នុងជីវភាពប្រចាំថ្ងៃទាំងនៅក្នុងការប្រកបការងារស្រែចម្ការ និងក្នុងប្រព័ន្ធជំនឿជាដើម។ ចង្កៀង គោម គឺជាសម្ភារៈដែលត្រូវបានខ្មែរយកមកប្រើនៅក្នុងជីវភាពប្រចាំថ្ងៃសម្រាប់អុជបំភ្លឺនៅក្នុងលំនៅឋាន និងទីអារាមដ្ឋាននានាពាសពេញផ្ទៃប្រទេសពោលគឺនៅតាមទីជនបទចុងកាត់មាត់ញកក៏ដូចជានៅតាមទីប្រជុំជនទាំងឡាយ។ ក្នុងនោះផងដែរយើងក៏បានសង្កេតឃើញថា ចង្កៀង គោម ប្រទីប សុទ្ធតែបានផ្សារភ្ជាប់អត្ថិភាពរបស់ខ្លួនជា​មួយនឹងជីវភាពមនុស្សខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នកាលនេះ។

តើចង្កៀង គោម បានផ្សារភ្ជាប់នៅក្នុងស្មារតីដួងព្រលឹងមនុស្សខ្មែរយ៉ាងដូចម្តេចខ្លះ?

ជាការពិត ចង្កៀងបានផ្សារភ្ជាប់នៅក្នុងស្មារតីមនុស្សខ្មែរតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ថ្វីបើវិទ្យាសាស្ត្រមានការរីកចម្រើនឥតឈប់ឈរយ៉ាងណាក្តី ប៉ុន្តែចង្កៀង គោម គឺជាធាតុចាស់ដែលមិនអាចខ្វះបាន។  តាមនិយមន័យដែលមាននៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ចង្កៀងមានន័យថា ប្រដាប់សម្រាប់ដាក់ខ្លាញ់ ឬប្រេងអុជបំភ្លឺ គឺប្រទីបដែលក្នុងនោះមានចង្កៀងខ្លាញ់ ចង្កៀងប្រេងកាតជាដើម។  ចំណែកឯពាក្យ គោម សម្តេចជួន ណាតបានផ្តល់និយមន័យថា ប្រទីបមានឡត មានប្រឆេះ មានលំផូង និងមានច្រើនបែបច្រើនយ៉ាងរូបរាងសណ្ឋាន     ផ្សេងៗគ្នា។ ក្នុងនោះសម្តេចបានបញ្ជាក់បន្ថែមថា គោមសម្រាប់ប្រើកាន់ លើកដាក់បានដែលហៅថា គោមដៃ។ គោមសម្រាប់ព្យួរហៅថា គោមព្យួរជាដើម។ គោមមួយទៀតជាគោមហោះ គោមធ្វើអំពីក្រដាសស្តើងមានសណ្ឋានស្រដៀងទៅនឹងជាល អម្រែក សម្រាប់អុជបង្ហោះទៅឯអាកាស។ គោមដែលធ្វើពីក្រដាស ក្រដាសស៊ីម៉ង់តិ៍នោះដោយមានឆ្អឹង និងមានដុតប្រឆេះដោយប្រេង ឬខ្លាញ់ត្រូវបានគេបង្ហោះក្នុងឱកាសពិធីបុណ្យអកអំបុកបណ្តែតប្រទីបនៅតាមវត្តអារាមនៅស្រុកស្រែជនបទ។

ជាតិសាសន៍ណាក៏គេមានបុរាណវត្ថុប្រចាំជាតិនីមួយៗរបស់ខ្លួនដែរ។ ពោលគឺមិនថានៅអឺរ៉ុប     អាមេរិក អាហ្រ្វិក ឬនៅអាស៊ីនោះទេគឺសុទ្ធតែមានសម្ភារៈដែលប្រើនៅក្នុងជីវភាពប្រចាំថ្ងៃ។ តួយ៉ាងតាមប្រវត្តិសាស្ត្រអឺរ៉ុបក្នុងកីឡាអូឡាំពិកគេមានប្រើគប់ភ្លើងដែលកីឡាករកាន់គប់ភ្លើងរត់ និងដុតបំភ្លឺនៅក្នុងកីឡាអូឡាំពិកកាលពីសម័យបុរាណ។ នៅអាស៊ីតាមរយៈប្រវត្តិសាស្ត្រចិនក៏មានប្រើភ្លើងគប់សម្រាប់បំភ្លឺក្នុងជួរកងទ័ពនៅពេលធ្វើសឹកសង្គ្រាមជាដើម។ ដោយឡែកនៅប្រទេសកម្ពុជា ខ្មែរដែលមានវប្បធម៌ដើមរបស់ខ្លួនចេញមកពីវប្បធម៌មន-ខ្មែរ យើងក៏មានមូលវប្បធម៌ដើមរបស់ខ្លួនផងដែរ។ ក្នុងនោះបើយើងនិយាយអំពីភូមិសាស្ត្រ ខ្មែរបានទទួលវប្បធម៌ខ្យល់ម៉ូសុងដែលបង្កើតបានទៅជា       រដូវប្រាំង រដូវវស្សានិងរដូវរំហើយ។ តាមរយៈវប្បធម៌ខ្យល់រដូវនាំឲ្យខ្មែរចេះសម្របខ្លួន និងបង្កើតសម្ភារៈសម្រាប់ការរស់នៅប្រចាំថ្ងៃដែលនេះជាស្មារតីរបស់មនុស្សខ្មែរ។ ដោយយោងទៅលើភូមិសាស្ត្រ        ខ្មែរចូលចិត្តប្រកបរបរកសិកម្មធ្វើស្រែចម្ការ បរបាញ់សត្វ ចិញ្ចឹមសត្វ ចម្ការព្រៃដុត បេះផ្លែឈើ និងការនេសាទជាលក្ខណៈគ្រួសារជាដើម។ ប្រទេសខ្មែរសំបូរទៅដោយភោគទ្រព្យមានផ្លូវទឹកហូរកាត់ខ្វាត់ ខ្វែង ទន្លេ ស្ទឹង បឹងបួរ ដៃព្រែក   សមុទ្រជាចរន្តឈាមនៃសេដ្ឋកិច្ចជាតិ។ ភូមិសាស្ត្រត្រង់នេះហើយនាំឱ្យមនុស្សខ្មែរមាននិស្ស័យទាន ពិសេសគឺថ្នឹកនឹងការងារកសិកម្មតាំងពីជីដូនជីតារបស់ខ្លួនមកម្ល៉េះ។ ពោលគឺសរសៃសសូងខ្មែរស៊ាំដៃទៅហើយ គឺពេញចិត្តពេញថ្លើមទៅនឹងការងារកសិកម្មជាអាជីពប្រចាំជីវិតមនុស្សខ្មែរនេះតែម្តង។ ដោយឡែកបើយើងមើលនៅក្នុងប្រធានបទវិញនោះចង្កៀងជាសម្ភារៈដែលខ្មែរបានបង្កើត និងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃគឺសម្រាប់អុជបំភ្លឺក្នុងលំនៅស្ថានរបស់ខ្លួន។ ចង្កៀងជាសម្ភារៈយ៉ាងសាមញ្ញជាទីបំផុតនៅសតវត្សរ៍ទំនើបនេះ ប៉ុន្តែកាលពីសម័យដើមគឺជាអរិយទ្រព្យនៃជីវភាពមនុស្សខ្មែរ។ ខ្មែរបានប្រើប្រាស់ចង្កៀងគ្រប់ទិសទីនៅតាមស្រុកស្រែជនបទ ចុងកាត់មាត់ញក ជាសម្ភារៈមិនអាចខ្វះបានរហូតមានសុភាសិតមួយថា«ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ»។ ចង្កៀងជាសម្ភារៈសម្រាប់បំភ្លឺដែលអាចកម្ចាត់អស់នូវភាពងងឹតគឺយប់កណ្តាលអធ្រាតក៏ដូចជាទីងងឹតនានា។ កាលណាមានចង្កៀងគឺនាំឲ្យកម្ចាត់បាននូវពាក្យថា«យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក»។ ព្រោះមានចង្កៀងហើយគឺយើងអាចបំភ្លឺទីងងឹតនានា ឬផ្លូវងងឹតបានបង្ការក្រែងមានសត្វធាតុ ពស់ ក្អែប ឬបន្លា អន្ទាក់នៅខាងមុខជាដើម។ ចង្កៀងដែលខ្មែរប្រើប្រាស់គឺជាប្រភេទចង្កៀងខ្លាញ់ ចន្លុះ ឬចង្កៀងប្រេងកាតជាដើម។ ក្នុងនោះយើងមានប្រើប្រឆេះដែលសម្រាប់ដុតឲ្យឆេះមានអណ្តាត ភ្លើង និងមានពន្លឺកើតមានបាន។ ចង្កៀងប្រេងកាត ឬចង្កៀងខ្លាញ់ដែលខ្មែរបានប្រើនោះ ខ្មែរមានប្រើលំផូងដើម្បីបាំងការពារកុំឲ្យរលត់ដោយសារខ្យល់ឬហេតុភេទផ្សេងៗ។ ព្រោះដោយហេតុថាមានពេលខ្លះខ្យល់បានបក់មក ទើបមនុស្សខ្មែរមានគំនិតច្នៃប្រឌិតបង្កើតជាលំផូងទប់ទល់នឹងខ្យល់សម្រាប់ការពារកុំឲ្យរលត់ ឬរក្សាអណ្តាតភ្លើងឲ្យបានគង់វង្សទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

នៅប្រទេសកម្ពុជា យើងបានឃើញថានៅសម័យបច្ចុប្បន្ននេះទោះបីជាវិទ្យាសាស្ត្រមានការរីក ចម្រើនយ៉ាងណាក្តីក៏ចង្កៀង គោម នៅតែផ្សារភ្ជាប់ទៅនឹងស្មារតីមនុស្សខ្មែរដដែល។ តួយ៉ាងដូចជាក្នុង ភូមិសាស្ត្រទឹកដីសៀមរាប ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ ក៏អ្នកស្រុកតំបន់នោះនៅតែប្រើប្រាស់ចង្កៀង គោមនៅក្នុងលំនៅស្ថានរបស់ពួកគេមិនមានបាត់បង់ទៅណាឡើយ។ ចង្កៀងគឺជាបុរាណវត្ថុដែលមនុស្សខ្មែរបានប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ ជាពិសេសដោយសារតែមាននូវបុរាណវត្ថុ គឺចង្កៀងនេះហើយ ទើបធ្វើឲ្យយើងអាចបង្កើតបានជាអំពូលភ្លើង ជាអំពូលម៉ែត្រ ជាអគ្គិសនីសម្រាប់ បំភ្លឺនៅក្នុងគេហដ្ឋានប្រចាំថ្ងៃនេះតែម្តង។ ត្រង់នេះជាការពិតមួយដែលមាននៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សខ្មែរ។ ជាការកត់សម្គាល់យើងបានសង្កេតឃើញថា ចង្កៀងជាសម្ភារៈសាមញ្ញមួយដែលអាចឲ្យយើងប្រើបានយ៉ាងងាយស្រួលរួមមានចល័ត និងអចល័ត។ ជាការកត់សម្គាល់មួយទៀតចង្កៀងត្រូវបានគេប្រើប្រាស់នៅក្នុងវត្តអារាម ក្នុងព្រះវិហារនៅតាមស្រុកស្រែជនបទ។ ព្រះសង្ឃតែងអុជចង្កៀងបំភ្លឺនៅក្នុងកុដិ ឬនៅតាមខ្ទម រោងបាយតែងតែមានព្រះសង្ឃ តាជី ឬយាយជីអុជចង្កៀងនៅតាមតូបដែលខ្លួនស្នាក់អាស្រ័យព្រោះមានភាពងាយស្រួលក្នុងការបំភ្លឺនៅពេលយប់។ ត្រង់នេះយើងក៏បានសង្កេតឃើញដែរថា នៅតាមអាសនៈព្រះពុទ្ធក៏ត្រូវបានគេអុជចង្កៀងលំផូង គោម ឬទៀន ចន្លុះជាដើមថ្វាយព្រះរតនត្រ័យជាទីសក្ការៈ។ តួយ៉ាងដូចជាថ្ងៃឧបោសថសីលគឺមានការអុជចង្កៀង ឬទៀនធូបជាជំនឿមួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរយើង។ ជាពិសេសនៅក្នុងកម្មវិធីបុណ្យវិសាខបូជា និងមាឃបូជាជាដើម យើងបានឃើញប្រជាពុទ្ធបរិស័ទអុជចង្កៀង ឬគោមថ្វាយព្រះគុណកែវទាំងបី។ ជាក់ស្តែងនៅលើកំពូលភ្នំព្រះរាជទ្រព្យ (ភ្នំអដ្ឋរិស្ស) គឺមានការអុជប្រទីប អុជចង្កៀង គោមរាប់សិបដោយប្រើខ្លាញ់ ទៀន ឬប្រេងកាតជាដើមឧទ្ទិសទៅដល់ព្រះរតនត្រ័យ។ នេះជាជំនឿមួយដែលគេគិតថាជាការគោរពថ្វាយប្រណិប័តន៍គំនាប់ដល់ព្រះទ្រង់ញាណ។ នៅក្នុងកំពូលចេតិយនៃប្រាង្គចេតិយដែលក្នុងនោះមានព្រះរាប់ពាន់អង្គក៏មានគេអុជចង្កៀងទ្រោលបំភ្លឺទាំងយប់ទាំងថ្ងៃដែរ។ ជាមួយគ្នានេះដែរនៅលើកំពូលភ្នំប្រសិទ្ធិ៍ក៏មានការបូជាចង្កៀងគោមដែលព្រះសង្ឃបានយកកំប៉ុងទឹកដោះគោ ឬកែវតូចៗធ្វើជាប្រឆេះ ដាក់ខ្លាញ់ ឬកម្ទេចទៀន ដុតបំភ្លឺច្រើនសន្ធឹក ជាកិច្ចចូលរួមនៅក្នុងព្រះពុទ្ធសាសនា។ ត្រង់នេះហើយជាភស្តុតាងដែលមានជាក់ស្តែងនៅក្នុងសង្គមខ្មែរ ជាតថភាពដែលបានលេចចេញនៅក្នុងជីវភាពនៃការរស់នៅ ផ្សារភ្ជាប់ទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ។ លើសពីនេះផងដែរ នៅពេលមានពិធីបុណ្យអកអំបុក សំពះព្រះខែ យើងក៏បានឃើញថានៅតាមវត្តអារាមមួយចំនួនបានបង្កើតគោមធំហើយ បង្ហោះចេញទៅយ៉ាងច្រើនល្អឯកក្រៃលែងកន្លង។ តួយ៉ាងយើងបានឃើញថានៅវត្តក្រាំងសុវណ្ណ ស្ថិតនៅភូមិក្រាំងពញ្ញា ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏មានបង្ហោះគោមយ៉ាងល្អនិងធំៗជាច្រើនក្នុងពេលព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែនេះផងដែរ។ ពោលគឺជាប្រភេទគោមដែលធ្វើឡើងពីក្រដាសស៊ីម៉ង់តិ៍ បិទជ័រព្នៅ ជាឆ្អឹងឫស្សី មានដុតដុំភ្លើងប្រេងកាតឲ្យគោមបណ្តែតទៅលើអាកាស។

ខ្មែរយើងនៅទីនោះបានធ្វើគោមជារៀងរាល់ឆ្នាំមិនដែលអាក់ខានសោះឡើយ។ ពោលគឺគេមានបង្ហោះគោមខ្មែរជារៀងរាល់ឆ្នាំ ហើយប្រជាជនបានរង់ចាំអកអំបុក លុះដល់ពេលពាក់កណ្តាល     អធ្រាត ជាហេតុញ៉ាំងឱ្យវត្តនោះមានភាពសប្បាយអ៊ូអរពន់ពេកក្រៃ។ នៅក្នុងព្រះវិហាររបស់ខ្មែរក៏ដូចជានៅក្នុងព្រះវិហាររបស់ចិននោះទេ ចង្កៀង គោមត្រូវបានគេប្រើជាអចល័តទ្រោលបំភ្លឺព្រះវិហារជានិច្ច។ ត្រង់នេះប្រៀបបានទៅនឹងពន្លឺនៃព្រះធម៌ ដែលអាចបំភ្លឺកម្ចាត់អស់នូវភាពងងឹតអន្ធការនៅលើលោក។ ជាការពិតណាស់ថា រៀងរាល់ពិធីបុណ្យទាននានានៅតាមវត្តអារាមតែងតែមានរៀបចំនូវចង្កៀង គោម សម្រាប់បំភ្លឺ ឬអុជជាទំនៀមរបស់មនុស្សខ្មែរ។ អ្វីដែលយើងបានឃើញនៅត្រង់នេះនៅមិនទាន់អស់ឡើយព្រោះថាសូម្បីតែនៅក្នុងពិធីបុណ្យសពក៏មានអុជចង្កៀងប្រេងកាតបំភ្លឺដល់សព   ដែរ។ ជាក់ស្តែងណាស់យើងបានសង្កេតឃើញថានៅពេលមានមនុស្សឈឺ ឬស្លាប់ អាចារ្យ ចាស់ទុំតែងរៀបចំកញ្ជើឬកូនល្អីដោយមានស្រូវពេញ រួចមានទៀន ធូប និងមានលុយកាក់ខ្លះ ព្រមទាំងចង្កៀងក្នុងការអុជបំភ្លឺផងដែរ។ នេះជាតួនាទីរបស់ចង្កៀងដែលប្រើនៅក្នុងពេលមានមនុស្សឈឺ ឬស្លាប់។

ថ្វីបើសម័យបច្ចុប្បន្នជាសម័យសតវត្សរ៍ទី២១ ទៅហើយក្តី ប៉ុន្តែយើងអាចនិយាយបានថា ប្រសិនបើគ្មានបុរាណវត្ថុទាំងអស់នោះទេ នោះក៏មិនអាចមានអ្វីដែលប្រពៃ និងល្អឆើតដូចបច្ចុប្បន្ននេះ បានឡើយ។ ដោយសារមានចង្កៀងប្រេងកាត ចង្កៀងខ្លាញ់ គោម ពីសម័យមុននេះហើយ ទើបគេអាចរាវរកឃើញនូវវត្ថុទំនើបវិទ្យាសាស្ត្រដូចជា អំពូលភ្លើង អំពូលម៉ែត្រ អំពូលអគ្គិសនី អំពូលសូឡាដែលប្រើប្រាស់ពន្លឺព្រះអាទិត្យជាដើម។ ចង្កៀងជានិមិត្តរូបដ៏អស្ចារ្យនៃអច្ឆរិយវត្ថុដែលមាននៅសម័យថ្មីនេះដែលកូនខ្មែរ និងមនុស្សជាតិមិនអាចបំភ្លេចបានឡើយ។ ព្រោះថាប្រជាជនខ្មែរនៅតាមជនបទចុងកាត់មាត់ញកតែងតែប្រើប្រាស់វាមិនដែលខានឡើយ។ ជាក់ស្តែងណាស់អស់ពីជំនាន់មួយទៅជំនាន់មួយខ្មែរតែងតែរក្សាឱ្យបាននូវវត្ថុដ៏ល្អឯកទាំងអស់នោះក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សតទៅថ្ងៃមុខ។ ជាពិសេស នេះជាមរតកដ៏ថ្លៃថ្លារបស់ដូនតាខ្មែរទុកជាចំណងដៃដល់កូនខ្មែរជំនាន់ក្រោយ​មិនអាចខ្វះបានឡើយ។ ក្នុងន័យនេះ យើងគប្បីអភិរក្ស និងលើកតម្កើងចង្កៀងឱ្យកូនខ្មែរស្គាល់ឱ្យបានច្រើនសុះសាយដែលជាគោលបំណងរក្សាមរតកចង្កៀងខ្មែរនេះឱ្យបានគង់វង្ស។ ប្រការនេះជា គោលបំណងឱ្យកូនខ្មែរគ្រប់ប្រាណមានស្មារតីចងចាំមរតករបស់ដូនតានៅក្នុងក្រអៅបេះដូងជ្រួតជ្រាប នៅក្នុងសន្តានចិត្តឱ្យបានគង់វង្សពិតប្រាកដនៃបេះដូងខេមរជនគ្រប់ប្រាណ។ កាលណាដែលកូនខ្មែរចេះស្រឡាញ់ និងថែរក្សា នោះចង្កៀងនៅតែអាចបំភ្លឺចិត្តកូនខ្មែរឱ្យស្គាល់ពីតម្លៃនៃសម្បត្តិជាតិ។ ស្ថិតនៅក្នុងស្មារតីនេះហើយទើបមានពាក្យមួយបានលើកឡើងថា‍«គ្មានធាតុចាស់ ខ្វះនិម្មិតកម្ម»ដែលបានន័យសេចក្តីថាមានវត្ថុកើតថ្មីបានលុះត្រាតែមានការផ្សំបញ្ចូលគ្នារវាង «អនុកម្ម និងនវកម្ម»។ អនុកម្មជាធាតុទីមួយ ឬជាធាតុចាស់ដែលអាចសំដៅដល់ន័យថាជាបទពិសោធ ជាពុទ្ធិ ចំណេះដឹងដែលមនុស្សពីសម័យមុនបានបន្សល់ទុកកាលពីជំនាន់មុនមក។ ដោយឡែកពាក្យថា«នវកម្ម»បានន័យ   សេចក្តីថាជាធាតុទី២ ឬជាធាតុថ្មីដែលសំដៅត្រង់ន័យថាជាការច្នៃប្រឌិត ជាការស្រមៃគិត ជាការរិះរក ជាការប្រើប្រាស់នូវបញ្ញាញាណដែលមនុស្សយើងមានទុកជាមរតក ឬជាប្រឌិតញាញថ្មីប្រកបទៅដោយរូបារម្មណ៍រស់រវើកពិតៗ។ ក្នុងន័យនេះហើយដែលយើងអាចនិយាយបានថា ចង្កៀងគោម ជាធាតុទីមួយ ឬជាសម្ភារៈដែលដូនតាជំនាន់មុនបានបន្សល់ទុកឱ្យ។ រីឯអំពូលភ្លើង អំពូលអគ្គិសនី       អំពូល ដើរដោយថាមពលព្រះអាទិត្យជាធាតុថ្មីដែលកើតឡើងមកពីរបកគំហើញដែលមានស្រាប់។ ត្រង់នេះ យើងបានឃើញថាបញ្ញាញាណរបស់មនុស្សពិតជា អស្ចារ្យណាស់ដែលអាចបង្កើតបានរាល់វត្ថុទំនើបទាំងឡាយទាំងពួងសម្រាប់បម្រើសេចក្តីត្រូវការរបស់មនុស្សជាតិគ្រប់សម័យកាល។ អ្វីដែលយើងអាចធ្វើការកត់សម្គាល់មួយទៀតបាននោះគឺថាប្រសិនបើគ្មានវត្ថុបុរាណពីមុននោះទេ ម្ល៉េះអ្វីដែលមាននាពេលសព្វថ្ងៃនេះក៏ពិបាកដែរ។ ព្រោះអ្វីៗគឺមានលក្ខណៈជាប្រព័ន្ធ និងជាឃ្លាំងនៃគតិបណ្ឌិតមនុស្សជាតិរាប់សិបសម័យកាលមកហើយ។

សរុបមក ចង្កៀងខ្មែរជាសម្ភារៈយ៉ាងមានសារៈសំខាន់នៅក្នុងជីវភាពរបស់មនុស្សខ្មែរតាំងពី សម័យបុរាណ និងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចង្កៀង គោម ត្រូវបានផ្សារភា្ជប់ទៅនឹងស្មារតីមនុស្សខ្មែរជានិច្ច និងដែលមិនអាចបំភ្លេចបានឡើយ។ ពោលគឺសម្ភារៈទាំងអស់នេះបានឆ្លាក់ជាប់ទៅក្នុងក្រអៅបេះដូងមនុស្សខ្មែរ ស្រទាប់ផ្នត់គំនិតនៃជាតិខ្មែរ និងជាមរតកព្រលឹងរបស់ជាតិខ្មែរយើង។ ជាពិសេសយើងមានអ្វីៗដូចបច្ចុប្បន្ននេះព្រោះតែមានបុរាណវត្ថុពីសម័យដើមជាគំរូជារៀមច្បងទើបយើងអាចបង្កើត បានសម្ភារៈល្អឆើតនានាដូចសព្វថ្ងៃនេះ។

សន្និដ្ឋាន

ឆ្លងតាមការសា្រយបំភ្លឺខាងលើនេះ យើងបានឃើញថាចង្កៀង គោម ជាអច្ឆរិយវត្ថុដ៏អស្ចារ្យព្រោះបានផ្សារភ្ជាប់ទៅនឹងព្រលឹងមនុស្សជាតិខ្មែរយើង តាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ចង្កៀង គោម ជាអរិយទ្រព្យសម្រាប់ត្រកូលជាតិខ្មែរព្រោះវាបានដោតជាប់ក្នុងក្រអៅដួងចិត្តនៃមនុស្សខ្មែរ ព្រមទាំងបានទ្រោលបំភ្លឺដួងចិត្តកូនខ្មែរឱ្យមានក្តីសង្ឃឹមរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្តក្រោមម្លប់ សន្តិភាព និងការអភិវឌ្ឍ។ កូនខ្មែរពិតជាមានមោទនភាពក្រៃលែងចំពោះមរតកដែលខ្លួនមានប្រចាំជាតិរបស់ខ្លួន។ ដូចនេះក្នុងនាមជាកូនខ្មែរគប្បីចេះស្រឡាញ់ ថែរក្សា ការពារ និងឱ្យតម្លៃមរតកដូនតាឱ្យបានប្រសើរគង់វង្សទើបសមមានឈ្មោះថាជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ម្ចាស់ភាសា និងជាម្ចាស់ជោគវាសនារបស់ខ្លួន។ កាលណាខ្មែរយើងថែរក្សាអ្វីដែលខ្លួនមានបានស្ថិតស្ថេរជាអមតៈ នោះអរិយធម៌ជាតិនិងល្បីល្បាញឆើតឆាយសមដូចសុភាសិតខ្មែរថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»៕

Leave a Reply

Your email address will not be published.