ទំព័រដើម » ទស្សនវិជ្ជា » ទស្សនវិជ្ជា ៖ ធម្មជាតិ និងទីតាំងរបស់វានៅក្នុងសង្គម

ទស្សនវិជ្ជា ៖ ធម្មជាតិ និងទីតាំងរបស់វានៅក្នុងសង្គម

ទស្សនវិជ្ជា ៖ ធម្មជាតិ និងទីតាំងរបស់វានៅក្នុងសង្គម

ទស្សនវិជ្ជា ៖ ធម្មជាតិនិងទីតាំងរបស់វានៅក្នុងសង្គម

Philosophy: its Nature and place in Society

 

ដោយលោក ក្តាន់ ធុល
(បណ្ឌិតផ្នែកទស្សនវិជ្ជា)
មន្ត្រីស្រាវជ្រាវ ផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា
វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

 

ភាពជឿនលឿនខាងបច្ចេកវិទ្យា និង អត្ថិភាពនយោបាយនិងសេដ្ឋកិច្ច​អាច​នាំមកនូវភាពចម្រូងចម្រាស់នៅក្នុងសង្គម ដែលមិនធ្លាប់មានពីមុនមក។ កត្ដានេះ បណ្ដាលឲ្យមានភាពច្របូកច្របល់, អសន្ដិសុខ និង សេចក្ដីភ័យខ្លាច ចំពោះមនុស្សជាតិ។ ការអត់ឃ្លាន, ការបះបោរ, អំពើភេរវកម្ម និង ការគម្រាម​កំហែងដោយអាវុធនុយក្លេអ៊ែរបានធ្វើឲ្យមាន កង្វល់នៅក្នុងជីវភាពរស់នៅ និង ប្រកបដោយគ្រោះថ្នាក់។ ហេតុអ្វីបានជាបញ្ហានេះកើតឡើង? តើវាមានច្រក​ចេញ​ដែរឬទេ? តើខ្ញុំ, ក្រុមគ្រួសារខ្ញុំ និង សង្គមរបស់យើងទៅជាយ៉ាងណា? ទាំងអស់នេះគឺជាបញ្ហាដែលធ្វើឲ្យមានកង្វល់នៅក្នុងគំនិត និង ធ្វើឲ្យចិត្ដមាន​មន្ទិលសង្ស័យ។ មនុស្សមួយចំនួនអាចយល់ដឹងអាចសម្របខ្លួន និង អាចរស់​នៅជាមួយបញ្ហារំខានទាំងនេះបាន។ ប៉ុន្ដែ មនុស្សមួយចំនួនទៀតមិនអាច​ធ្វើ​បាន។ ពួកគេទទួលនូវការឈឺចាប់ បាត់កម្លាំងប្រាជ្ញា, សុខភាពផ្លូវចិត្ដ ឬ បាត់​បង់គោលបំណងរស់នៅរបស់ពួកគេ។

តែទោះជាយ៉ាងណាក៏ដោយ ពិភពលោកយើងបានផ្ដល់ឲ្យយើងនូវ​មធ្យោ​បាយមួយ ដែលអាចស្ថាបនាជីវិតកាន់តែគួឲ្យពេញចិត្ដ និង កាន់តែល្អ​ប្រសើរ​ឡើង។ យើងមានធនធានធម្មជាតិ ពេលណាយើងយកវាមកប្រើប្រាស់ដោយ ឈ្លាសវៃ វានឹងផ្ដល់ឲ្យយើងនូវជីវភាពសម្បូររុងរឿង និង ប្រកបដោយ​ផាសុខ​ភាព។ យើងទាំងអស់គ្នាមានសក្ដានុភាព ពេលណាយើងបានអភិវឌ្ឍ និង ប្រើ​ប្រាស់វាបានល្អ វានឹងជួយនាំសន្ដិភាព និង សេចក្តីចម្រុងចម្រើនដល់សង្គម។

តើបុគ្គល និង សង្គមយល់ឃើញពីបញ្ហារបស់គេយ៉ាងដូចម្ដេច? ហើយ​ពួក​គេ​ប្រើប្រាស់ធនធាន និង សក្ដានុភាពរបស់គេ ដើម្បីដោះស្រាយបញ្ហា​ទាំង​នោះ ដោយផ្អែកលើទស្សនវិជ្ជារបស់បុគ្គលម្នាក់ៗ និង សង្គមយ៉ាងណា? តើ​បុគ្គលមា្នក់ៗ យល់ដឹងពីធម្មជាតិរបស់ខ្លួន និង ពិភពដែលនៅជុំវិញខ្លួនគេយ៉ាង​ដូចម្ដេច? តើបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្ដយ៉ាងដូចម្ដេច ហើយអំពើអ្វីខ្លះ​ដែល​គេជ្រើសរើសយកទៅអនុវត្ដ ក្រោយពេលគេទទួលឥទ្ធិពលទស្សនវិជ្ជា ដែល​គេបានអភិវឌ្ឍ ឬ កំណត់ទទួលយក?

នៅក្នុងជំពូកនេះ យើងនឹងពិភាក្សាអំពីធម្មជាតិនៃទស្សនវិជ្ជា និង ទីតាំង​របស់វានៅក្នុងសង្គម ហើយនិងតម្លៃរបស់វាចំពោះបុគ្គលម្នាក់ៗ។ ក្នុងកិច្ចការ​ពិភាក្សារបស់យើង វាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់នូវចម្លើយ​ចំពោះ​បញ្ហាដូចតទៅនេះ ៖ តើទស្សនវិជ្ជាជាអ្វី? ហេតុអ្វីបានជាយើងហៅ​ទស្សនវិជ្ជា​ថាជាវិទ្យាសាស្ដ្រ? តើទស្សនវិជ្ជាមានទីតាំងនៅក្នុងសង្គមដូចម្ដេច? តើទស្សន​វិជ្ជាជះឥទ្ធិពលមកលើមនុស្សតាមវិធីណាខ្លះ? តើទស្សនវិជ្ជាមានទំនាក់​ទំនង​ជាមួយនឹងបញ្ហាយូរអង្វែង និង ជាមូលដ្ឋាននៅក្នុងជីវិតយ៉ាងដូចម្ដេច? តើគេ​ត្រូវមានឥរិយាបថចំពោះទស្សនវិជ្ជាដូចម្ដេចខ្លះ?

១- ខ្លឹមសារទស្សនវិជ្ជា (The Meanings of Philosophy)

អ្នកគិតជាច្រើនបានបង្កើតឲ្យមាននិយមន័យទស្សនវិជ្ជាផ្សេងៗគ្នា ហើយ​និយមន័យទាំងនេះប្រែប្រួលទៅតាមចំណាប់អារម្មណ៍ និង ទំនោរ​ផ្ទាល់របស់​ពួកគេម្នាក់ៗ។ ស័ព្ទ «philosophy» បានមកពីភាសាក្រិចថា philia មានន័យថា «ស្នេហា (love)» និងពាក្យថា sophia មានន័យថា «គតិបណ្ឌិត/ពុទ្ធិ (wisdom/​knowledge)»។ ដូចនេះ ខ្លឹមសារ ទស្សនវិជ្ជា គឺ ស្នេហារគតិបណ្ឌិត/ពុទ្ធិ។ តែ​ទោះជាយ៉ាងណាក៏ដោយ កាលណាគេគិតឲ្យបានស៊ីជម្រៅ និយមន័យនេះ មិនបានធ្វើឲ្យទស្សនវិជ្ជាខុសប្លែកពីវិស័យស្រាវជ្រាវដទៃទៀតទេ។ ប្រវត្ដិវិទូ​ចូល​ចិត្ដសិក្សាពីព្រឹត្ដិការណ៍អតីតកាល ចំណែកអ្នកវិទ្យាសាស្ដ្ររូបវិទ្យា​ចូលចិត្ដ​សិក្សាពីពិភពធម្មជាតិ។ ដូចនេះ តើទស្សនវិទូចូលចិត្ដសិក្សាអំពីអ្វីដែរ?

Aristotle

ទស្សនវិទូល្បីល្បាញមួយ រូប គឺលោក អារីស្ដូត (Aristotle) បាន​ឲ្យនិយមន័យទស្សនវិជ្ជា​ថា «ការគិតដែលមាន​បំណង​ខ្ពស់ ទាក់ទងទៅ​នឹង​សច្ចភាព​នៅ ក្នុងបទ​ពិសោធន៍ដែល​មាន​ប្រយោជន៍សព្វយ៉ាង (think­ing which aims at maximum connected truth about all available experience.”)»[1]។ និយមន័យនេះ មិនមានន័យថា ទស្សនវិទូត្រូវតែរក​ឲ្យឃើញ​ពីប្រភេទ ឬ កម្រិតទាក់ទងគ្នាមួយនោះទេ ប៉ុន្តែ វាគ្រាន់តែតម្រូវឲ្យទស្សនវិទូ​ស្វែងរកពីដំណើរនៃការស្រាវជ្រាវរក និង របកគំហើញតែប៉ុណ្ណោះ។ ចំពោះ អារីស្ដូត គោលបំណងរបស់ទស្សនវិជ្ជា គឺដើម្បីពិនិត្យពិច័យទៅលើចំណង ទាកទងនានានៃរាល់បទពិសោធន៍ ដែលអាចទៅដល់បានយ៉ាងល្អិតល្អន់ និង ទូលំទូលាយតាមដែលអាចធ្វើបាន។

ឯលោក ប៊ីតថល (Bittle) បានឲ្យនិយមន័យទស្សនវិជ្ជាថាជា «វិទ្យាសាស្ដ្រ ភាវៈ ដែលវិចារណញាណ មូលហេតុ និង គោលការណ៍ខ្ពស់របស់វាទទួលបាន មកពីជំនួយនៃវិចារណញាណមនុស្សតែម្យ៉ាងប៉ុណ្ណោះ (the science of beings in their ultimate reasons, causes and prin­ciples acquired by the aid of human reason alone)»[2]។ ទស្សនវិជ្ជាគឺជា វិទ្យាសាស្ដ្រ ពីព្រោះវាពឹងផ្អែកទៅលើ ពុទ្ធិ មិនត្រឹមតែទៅលើ មតិយោបល់, ទ្រឹស្ដីសម្មតិកម្ម (hypothesis)[3] នេះ ប៉ុណ្ណោះទេ។ វាគឺជា វិទ្យាសាស្ដ្រភាវៈ ពីព្រោះវាគ្រប់ដណ្ដប់ទៅលើ វត្ថុទាំងអស់ ដែលគេអាចយល់ដឹងបានដោយសារ គំនិតមនុស្ស មានន័យថា អ្វីៗដែលមាន អត្ថិភាពគឺនៅតែបន្ដមានអត្ថិភាព អាចឲ្យគេគិតបាន ឬ យល់បាន។ ទស្សនវិជ្ជា ជា «វិទ្យាសាស្ដ្រភាវៈ ដែលមានវិចារណញាណ, មានហេតុ និង មានគោល ការណ៍ខ្ពស់»។ គឺឆ្លងតាម «វិចារណញ្ញាណ (reason)» នេះ ធ្វើឲ្យគេយល់ និងស្គាល់វត្ថុមួយបាន, ហេតុ គឺជាអ្វីមួយដែលេធ្វើឲ្យវត្ថុ ផ្សេងៗទៀតកើតឡើង។ នៅពេលដែល វិទ្យាសាស្ដ្រដទៃទៀតផ្ដល់នូវហេតុជិត និង ផ្ទាល់ដល់វត្ថុនានា នោះទស្សនវិជ្ជា ស្វែងរក ហេតុ និង គោលការណ៍ផ្ដាច់ព្រាត់ នៃវត្ថុនោះ។ ទីបំផុត គោលបំណង របស់ទស្សនវិជ្ជាបានមកដោយជំនួយពី វិចារណញ្ញាណ មនុស្សតែមួយគត់ មានន័យថា ទស្សនវិជ្ជា ពឹងផ្អែកពុទ្ធិរបស់ខ្លួនតែទៅលើ មូលដ្ឋាននៃ កម្លាំងស្មារតីពិចារណារបស់មនុស្ស (the reasoning power of the human mind) តែប៉ុណ្ណោះ គឺមិនផ្អែកទៅលើកម្លាំងអ្វីក្រៅពី នេះឡើយ។ ជំនឿ និងអំណាចអាទិទេពមិនមានទីតាំងនៅក្នុងការស្រាវជ្រាវរបស់ទស្សនវិជ្ជាទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏កត្ដាទាំងនេះ អ្នកជឿអាទិទេពតែងតែត្រូវការជានិច្ច​ដើម្បីដឹកនាំការពិចារណារបស់គេ ដើម្បីកុំឲ្យវាងាកចេញពីសច្ចភាព ដែលជា​គោលបំណងចុងក្រោយរបស់ទស្សនវិទូ។

លោក ធីរឹស (Titus) និងលោក ស្ម៊ីត (Smith)[4] បានផ្ដល់នូវ ទស្សនៈ​៥​យ៉ាង ចំពោះទស្សនវិជ្ជា ដែលអាចបំពេញបន្ថែមឲ្យគ្នាបាន។ លោកទាំងពីរ​យល់ថា ទស្សនវិជ្ជាគឺជា ៖

  • ឥរិយាបថផ្ទាល់ខ្លួនចំពោះ ជីវិត និង ចក្រវាឡ (a personal attitude towards life and the universe)។
  • វិធីគិតឆ្លុះបញ្ចាំង និង ការគិតដោយវិចារណញ្ញាណ (a method of reflective thinking and reasoned inquiry)។
  • ការព្យាយាមដើម្បីសម្រេចនូវ ទស្សនៈរួម មួយ (an attempt to gain a view of the whole)។
  • វិភាគភាសា តក្កវិជ្ជា និងការបញ្ជាក់ពីខ្លឹមសារ ពាក្យ និង បញ្ញត្ដិ[5] (the logical analysis of language and the clarification of the meaning of words and concepts)។
  • ចង្កោមបញ្ហា ក៏ដូចជា ទ្រឹស្ដី អំពីដំណោះស្រាយបញ្ហាទាំងនេះដែរ (a group of problems as well as theories about the solution of these problems។

ទស្សនៈខាងលើនេះបង្ហាញឲ្យឃើញថា ទស្សនវិជ្ជា ជា មុខវិជ្ជាសិក្សា​មួយ ទូលំទូលាយ និង គ្រប់សព្វ

២- កំណកំណើតទស្សនវិជ្ជា (Origination of Philosophy)

ទស្សនវិជ្ជាជាទម្រង់មួយនៃសង្គមញាណ និង ជាផ្នែកមួយនៃរចនា​សម្ព័ន្ធ​ខាងលើ។ ទស្សនវិជ្ជាមិនចាប់កំណើតដំណាលគ្នានឹងកំណើតមនុស្សទេ។ នៅ​ក្នុង របបកុម្មុយនិស្ដបុព្វកាល (communistic period) ពុំទាន់មានទស្សនវិជ្ជាទេ ប៉ុន្ដែ មកដល់ចុងរបបនេះ ទើបទស្សនវិជ្ជាមានពន្លកឡើង។ ពន្លកនៅពេលនោះ​ស្ដែងឡើងនៅក្នុង ទេវកថា (theology) និង នៅក្នុង ជំនឿតូតឹម (totemism)។ រូបរាងពិតរបស់ទស្សនវិជ្ជា កើតឡើងនៅពេលមាន បំណែងចែកវណ្ណៈ (ម្ចាស់ ទាសករ និង ទាសករ) និង បំណែងចែកពលកម្ម (កាយពលកម្ម​និង​បញ្ញា​ពលកម្ម)។

បំណែងចែកវណ្ណៈ និង បំណែងចែកពលកម្មកើតឡើងនៅក្នុង របបទាស​ភាព។ គឺរបបនេះហើយដែលបានបង្ក លក្ខខណ្ឌបរានុម័តសម្រាប់កំណ​កំណើត​ទស្សនវិជ្ជា។ ទស្សនវិជ្ជាលេចធ្លោឡើងនៅក្នុង សតវត្សរ៍ទី៦មុនគ.ស.

បំណែងចែករវាង បញ្ញាពលកម្ម និង កាយពលកម្ម នាំឲ្យមាន បញ្ញាជន មួយចំនួនធ្វើការ ស្រាវជ្រាវ ខាង មុខវិជ្ជាឯកទេស ទស្សនវិជ្ជា និង វិទ្យាសាស្ដ្រ។ ខឿនសេដ្ឋកិច្ច របស់ម្ចាស់ទាសករ មានតម្រូវការប្រតិបត្ដិដ៏ចាំបាច់មួយ គឺ ការ​ពង្រីកពាណិជ្ជកម្ម ដែលតម្រូវឲ្យមាន ការពង្រីកនាវចរតាមផ្លូវសមុទ្រ។ ការ​ពង្រីក​វិស័យនេះនាំឲ្យមានអភិវឌ្ឍន៍ខាង តារាវិទ្យា (astronomy), បាតុភូតវិទ្យា (phenomenology), គណិតវិទ្យា (mathematics), រូបវិទ្យា (physics)។ ចំណេះ​ដឹងទាំងនេះ ស្ថិតនៅក្នុងបឋមវ័យនៅឡើយ និង ត្រូវបានអធិប្បាយនៅក្នុង​ប្រព័ន្ធទស្សនវិជ្ជាធម្មជាតិ (natural philosophy) របស់ទស្សនវិទូបុរាណ​សម័យ។ គ្រានោះ ទស្សនវិទូទាំងឡាយក៏ជាអ្នកវិទ្យាសាស្ដ្រធម្មជាតិផងដែរ។ វិទ្យាសាស្ដ្រមិនទាន់ត្រូវបានបែងចែកជាផ្នែកៗទេ។ រីឯអ្នកវិទ្យាសាស្ដ្រក៏ពុំទាន់​មាន​ឯកទេសកម្មដែរ។ ទស្សនវិទូម្នាក់អាចជាគណិតវិទូផង, រូបវិទូ និង តារាវិទូ​ផងដែរ។ ហេតុនេះ ទស្សនវិជ្ជាបុរាណសម័យបានផ្សារភ្ជាប់ទៅនឹងវិទ្យាសាស្ដ្រ​ចាប់តាំងពីពេលចាប់កំណើតមកម្ល៉េះ។

ប្រទេសដែលមានទស្សនវិជ្ជាមុនគេមានប្រទេសនៅបូព៌ាទិស ដូចជា បាប៊ី​ឡោនបុរាណសម័យ (Babylone) អេហ្ស៊ីប (Egypt) និង ក្រិចបុរាណសម័យ (ទស្សនវិជ្ជាក្រិចបុរាណសម័យទទួលឥទ្ធិពលមកពីទស្សនវិជ្ជាបូព៌ាទិស គឺយើង អាចនិយាយថា ទស្សនវិជ្ជាបូព៌ាទិសជាបុព្វទ្រឹស្ដីមួយ ក្នុងចំណោមបុព្វទ្រឹស្ដី​នានា​នៃទស្សនវិជ្ជាក្រិចបុរាណសម័យ)។

សង្គមទាសភាពនៅអេហ្ស៊ីបបូរាណសម័យ បានចាប់កំណើតក្នុងកំឡុងឆ្នាំ​៣.០០០មុនគ.ស.។ អេហ្ស៊ីបមានខឿនវប្បធម៌ចម្រើនរុងរឿងមុនគេ។ ខឿន​សេដ្ឋ​កិច្ច​អេហ្ស៊ីបបូរាណសម័យ ទាមទារឲ្យប្រទេសនេះពង្រីកវិទ្យាសាស្ដ្រ។ ការ​ចាំបាច់ដែលត្រូវទប់ទល់នឹងទឹកជំនន់ទន្លេនីល (Nil) បណ្ដាលឲ្យតារាវិទ្យា​កើត​ឡើង។ ចាប់តាំងពីបូរាណសម័យមកម្ល៉េះ ជនជាតិអេហ្ស៊ីបបានរកឃើញ​ប្រក្រតី​ទិន ដែលអះអាងថា ក្នុង១ឆ្នាំមាន១២ខែ ក្នុង១ខែមាន៣០ថ្ងៃ​ រួមផ្សំនឹង៥​ថ្ងៃ​បន្ទាប់បន្សំទៀត ពោលគឺក្នុងមួយឆ្នាំមាន៣៦៥ថ្ងៃ។ នៅពេលដែលដីល្បាប់​ទន្លេ​នីលហូរចាក់លប់បំបាត់ភ្លឺស្រែ មុខវិជ្ជារេខាគណិត (geometry) ក៏បានកើត​ឡើង​ដែរ។ ឯពុទ្ធិវិទ្យាសាស្ដ្រនៅពេលនោះ បានជះឥទ្ធិពលយ៉ាងសកម្មដល់​ខឿន​វប្បធម៌ក្រិចបូរាណសម័យ។

ចំណែកឯនៅបាប៊ីឡោនបូរាណសម័យវិញ ក៏ដូចជា នៅអេហ្ស៊ីបដែរ គឺថា​សង្គមទាសភាពបានចាប់កំណើតក្នុង កំឡុងឆ្នាំ៣.០០០មុនគ.ស.។ តារាវិទ្យា និង គណិតវិទ្យាបានទទួលសមិទ្ធផលគួរជាទីពេញចិត្ដ ដោយបានផ្សារភ្ជាប់ទៅ នឹងការរីកចម្រើននៃផលិតកម្ម។ ប្រព័ន្ធតួលេខរបស់បាប៊ីឡោនជាអតីតជីវិត​នៃ​ប្រព័ន្ធតួលេខអារ៉ាប់។ ពិភពលោក បានប្រើប្រាស់ប្រព័ន្ធតួលេខនោះជាសកល​រហូតមកដល់សព្វថ្ងៃនេះ។ ដោយសារតែមានប្រព័ន្ធតួលេខងាយ​ស្រួលបែប​នេះ លេខគណិត (arithmetic) និង ពេជគណិត (algebra) នៅបាប៊ីឡោនបាន​រីកចម្រើនយ៉ាងខ្លាំងក្លា ដែលនៅក្នុងនោះ មានគោលការណ៍បង្ហាញពីឬសការេ និងឬសគូប។

ពន្លកទស្សនវិជ្ជារូបធាតុនិយម (materialist philosophy) និង អទេវនិយម (atheism) នៃ ទស្សនវិទូអេ ហ្ស៊ីប និង បាប៊ីឡោន បូរាណសម័យមានអនុភាព​យ៉ាងសកម្មចំពោះការរីកចម្រើននៃ ទស្សនវិជ្ជា និង វិទ្យាសាស្ដ្រក្រិច បូរាណ​សម័យ។ មានទស្សនវិទូក្រិចជាច្រើនរូបដែលបានទៅសិក្សានៅក្នុង​ប្រទេស​ទាំង​ពីរនេះ។

ដំណើរកកើត និង​ រីកចម្រើននៃទស្សនវិជ្ជា ផ្សារភ្ជាប់ការតស៊ូយ៉ាង​ស្មុគស្មាញ​រវាង លទ្ធិរូបធាតុនិយម និង លទ្ធិមនោនិយម[6]

៣- ទស្សនវិជ្ជានិងវិទ្យាសាស្ដ្រ (Philosophy and Science)

គេបានចាត់ទុកថា ទស្សនវិជ្ជាជាវិទ្យាសាស្ដ្រមួយ។ ប្រការនេះ​ នាំឲ្យចោទ​ជា​សំណួរថាតើ ទស្សនវិជ្ជាមានគុណសម្បត្ដិអ្វីខ្លះ ដែលគេចាត់ទុកថាជា​វិទ្យា​សាស្ដ្រនោះ? ទស្សនវិជ្ជាដូច ឬ ខុសពីវិទ្យាសាស្ដ្រនានាដូចជា គីមី, រូបវិទ្យា និង កាយវិភាគសាស្ដ្រដូចម្ដេច?

គេនិយមឲ្យនិយមន័យ វិទ្យាសាស្ដ្រ ថាជាអង្គពុទ្ធិមួយដែលមានការ​ផ្ទៀង​ផ្ទាត់ និង រៀបចំជាប្រព័ន្ធ ក៏ដូចជា វិធីក្នុងការទទួលបានពុទ្ធិនោះដែរ។ ការយក​ចិត្ដទុកដាក់ជាសំខាន់របស់វិទ្យាសាស្ដ្រ គឺការរកឃើញនូវ សច្ចភាព ក្នុងគោល បំណងយល់ដឹងពីវាជាមុន ដើម្បីធ្វើអ្វីមួយអំពីវានោះ។ ទស្សនិជ្ជា ជាវិទ្យាសាស្ដ្រ​មួយ ពីព្រោះ ដូចយើងបានវែកញែកកាលពីដំបូងរួចមកហើយថា គឺវាពឹងផ្អែក​ទៅលើ ពុទ្ធិ មិនត្រឹមតែទៅលើ មតិយោបល់ទ្រឹស្ដី នោះប៉ុណ្ណោះទេ។ ម្យ៉ាង វិញទៀតវាប្រើ វិធីប្រព័ន្ធ និង សមហេតុផល ដើម្បីឈានទៅដល់ពុទ្ធិដែល​ឆ្លើយ​តប​ទៅនឹងតម្រូវការពិសេសនៃ ពុទ្ធិវិទ្យាសាស្ដ្រ។ «បើតាមឥរិយាបថទស្សនវិជ្ជាគឺវាមានលក្ខណៈប្រហែលនឹងវិទ្យសាស្ដ្រដែរ ក្នុងនោះ វាបង្ហាញឲ្យឃើញពី ទំនោរ​រិះគន់ និង បើកចំហ (critical-and-open-mindedness), ឆន្ទៈ (persis-tence) គោរពទៅតាមបទពិសោធន៍ និង វិចារណញ្ញាណ និង ទំនាក់ទំនងមិន​លំអៀង​ចំពោះសច្ចភាព។ ទាំងទស្សនវិជ្ជា និង វិទ្យាសាស្ដ្រសំដៅសម្រេចឲ្យបាន នូវអង្គពុទ្ធិមួយដែលមានការរៀបចំ និង មានលក្ខណៈជាប្រព័ន្ធ។ »

ភាពខុសគ្នារវាងវិស័យទាំងពីរនេះ គឺស្ថិតនៅលើ វិសាលភាព និង ធម្មជាតិ​នៃទំនាក់ទំនង របស់វា និង ក្នុងការខិតចូលទៅជិតរបស់វា។ ពេលវិទ្យា​សាស្ដ្រ​នីមួយៗ និយាយពី វិស័យកំណត់ព្រំដែន ទស្សនវិជ្ជានិយាយពី គ្រប់​ទិដ្ឋភាព ទាំងអស់នៃ បទពិសោធន៍ របស់មនុស្ស។ កាលណាក្ដីបារម្មណ៍កន្លងមក​ត្រូវបានគេកំណត់ព្រំដែនចំពោះពិភពរូបសាស្ដ្រ (physical world) ក្ដីបារម្មណ៍​ក្រោយមានរួមបញ្ចូលទាំងបញ្ហា ដូចជា មនសិការ, យុត្ដិធម, ព្រលឹង និង អាទិទេព។ នៅពេលវិទ្យាសាស្ដ្រពណ៌នាពី កម្មវត្ថុសិក្សា របស់វាជាផ្នែកៗ ទស្សនវិជ្ជាប៉ុនប៉ងធ្វើឲ្យ កម្មវត្ថុសិក្សា នេះកាន់តែ ទូលំទូលាយ។ ពេលវិទ្យា​សាស្ដ្រ​មានទំនោរទៅរកលុបបំបាត់ កត្ដាផ្ទាល់ខ្លួន និង មិនយកចិត្ដទុកដាក់​ចំពោះ តម្លៃ ក្នុងការខិតខំរបស់វាចំពោះ វត្ថុវិស័យភាព (objectivity) ទស្សនវិជ្ជា​យកចិត្ដទុកដាក់ទៅលើ បុគ្គលិកលក្ខណៈ, តម្លៃ និង គ្រប់ទិដ្ឋភាព បទ​ពិសោធន៍ ទាំងអស់របស់មនុស្ស។ វិទ្យាសាស្ដ្រយកចិត្ដទុកដាក់លើ ធម្មជាតិនៃ​វត្ថុ (the nature of things) នានាដែលវាមាន ឯទស្សនវិជ្ជាយកចិត្ដទុកដាក់​មិនត្រឹមតែទៅលើទិដ្ឋភាពជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងបានយកចិត្ដ​ទុក​ដាក់លើ លទ្ធភាពនៃវត្ថុ (the possibilities of things) នានា, ទៅលើតម្លៃ និង​ទៅលើអត្ថន័យរបស់វត្ថុទាំងនោះទៀត។ ដើម្បីពិនិត្យអង្កេតពីធម្មជាតិ និង ដំណើរ​ប្រព្រឹត្ដទៅនានារបស់វា គឺជាគោលបំណងវិទ្យាសាស្ដ្រ ឯគោលបំណង​ទស្សនវិជ្ជាគឺខិតខំធ្វើការរិះគន់, វាយតម្លៃ និង រួមបញ្ចូលវិសាលភាព​ជីវិត​ជាមួយ​គ្នា។

គួរកត់សម្គាល់ត្រង់ចំណុចនេះថា ភាពខុសគ្នារវាងទស្សនវិជ្ជា និង វិទ្យា-​សាស្ដ្រ គឺខុសគ្នាយ៉ាងខ្លាំងទៅលើភាពខុសគ្នានៃ កម្លាំងជំរុញទំនោរ (tenden-cies emphasis)។ អ្នកវិទ្យាសាស្ដ្រជាច្រើនៗជាទស្សនវិទូ ពីព្រោះពួកគេបាន ទទួលការបណ្ដុះបណ្ដាលវិធីវិទ្យាសាស្ដ្រ ហើយតែងតែស្វែងរកអត្ថប្រយោជន៍​ពិសេសក្នុងវិទ្យាសាស្ដ្រមួយចំនួន។ ទាំងទស្សនវិទូ និង អ្នកវិទ្យាសាស្ដ្រមាន​ទស្សនវិស័យរួមមួយ គឺ យល់ដឹង និង វាយតម្លៃ លើ វិស័យដទៃទៀត

៤- មុខងារទស្សនវិជ្ជាជាវិទ្យាសាស្ដ្រ (Functions of Philosophy as a Science)

ក្នុងឋានៈជាវិទ្យាសាស្ដ្រទូលំទូលាយ ទស្សនវិជ្ជាមានមុខងារ៣ខុសៗគ្នាគឺៈ

មុខងារទី១– ត្រួតពិនិត្យ និងរិះគន់ដោយប្រុងប្រយ័ត្នទៅលើ មូលបដិញ្ញា (premises)[7] និង ការសន្និដ្ឋាន (conclusions) នៃគ្រប់វិទ្យាសាស្ដ្រទាំងអស់​ដូចជា ៖ ជីវវិទ្យា, រូបវិទ្យា, សង្គមវិទ្យា, និង កាយវិភាគវិទ្យាជាដើម។ វិទ្យាសាស្ដ្រ​អាចបង្កើតឲ្យមាន ការសន្មត់ទុកជាមុននានា (Presuppositions) បាន ប៉ុន្ដែ វា​មិន​មានលទ្ធភាពនឹងរកឲ្យឃើញដើម្បីសម្រេច ឬ បង្ហាញភស្ដុតាង​ដោយខ្លួន​វា​បាន នៅពេលនោះ ទស្សនវិជ្ជាបានធ្វើការពិនិត្យពិច័យដោយប្រុងប្រយ័ត្ន​បំផុត។ វាក៏ជាកិច្ចការរបស់ទស្សនវិជ្ជាផងដែរ ដែលត្រូវប្រៀបធៀបការ ប៉ាន់​ប្រមាណ  (assumptions) និង ការសន្និដ្ឋាន របស់វិទ្យាសាស្ដ្រខុសៗគ្នា កាល​ណា លទ្ធផល (results) របស់វាកើតឡើងផ្ទុយគ្នា។

មុខងារទី២សំយោគលទ្ធផល (synthesize findings) នៃគ្រប់វិទ្យាសាស្រ្ត​ទាំងអស់។ ចាប់ពីពេលវិទ្យាសាស្ដ្រនីមួយៗ បែកចេញពីទស្សនវិជ្ជា និង មាន​ឯកទេសនៅក្នុងទិដ្ឋភាពដោយឡែកៗ ឬ នៅក្នុងដំណាក់កាលនៃបទពិសោធន៍ មួយៗមក វាបង្ហាញឲ្យឃើញពី ភាពមិនពេញលេញ (incomplete) និង ទិដ្ឋភាព​តថភាព (view of reality) មិនប្រក្រតី។ ក្នុងឋានៈជាវិទ្យាសាស្ដ្រ​ទូលំ​ទូលាយមួយ ទស្សនវិជ្ជាតែងតែខិតខំស្វែងយល់ និង បង្ហាញវត្ថុនានាជា ចំនួន​រួ(totality) ដោយធ្វើការកត់សម្គាល់យ៉ាងយកចិត្ដទុកដាក់នូវរាល់ ផ្នែក​នីមួយៗ (each of the parts), តួនាទីឯកត្ដភូត (individual roles) និង អន្ដរ​ទំនាក់ទំនង (interrelationships) ដែលបង្កើត អង្គមូល (the whole)។ លោក ប្រូដ (Broad) ពោលថា «កម្មវត្ថុទស្សនវិជ្ជាគឺត្រូវពិនិត្យមើលពីលទ្ធផល​វិទ្យាសាស្ដ្រ, ដោយបន្ថែមទៅលើលទ្ធផលនោះ នូវលទ្ធផលនៃបទពិសោធន៍​សាសនា និង សីលធម៌របស់មនុស្សជាតិ ហើយបន្ទាប់មកឆ្លុះបញ្ចាំងលើ​លទ្ធផល​រួមទាំងមូល ដោយសង្ឃឹមថា មានលទ្ធភាពអាចឈានដល់សេចក្តី​សន្និដ្ឋាន​ទូទៅមួយចំនួនចំពោះធម្មជាតិនៃសកលលោក និង ចំពោះទីតាំង​យើង និង ក្ដីសង្ឃឹមទៅលើវា (The object of philosophy is to take over the results of the various sciences, add to them the results of the religious and ethical experiences of mankind, and then reflect upon the whole, hoping to be able to reach some general conclusions as to the nature of the universe and as to our position and prospect in it)» [8].

…………(បន្តនៅលេខក្រោយ)……….

[1] Venancio B. Ardales, Introductory Text to Philosophy, 2nd Ed., New York, 1987 p 2

[2] Ibit., p 2

[3] ជាគំនិត ឬសំណើរដែលពឹងផ្អែកលើការពិតនានាដែលគេបានស្គាល់ ហើយដែលគេយកមកប្រើប្រាស់​ធ្វើជា​មូលដ្ឋានសម្រាប់ពិចារណា ឬពិនិត្យសង្កេតបន្ថែម។

[4] Venancio B. Ardales, op. cit. p 3

[5] គឺជាពាក្យដែលជានាម ដូចជា ដើមឈើ, គោ, មនុស្ស, ជួន ណាត…ជាដើម។

[6] ឆយ យីហ៊ាង, ប្រវត្ដិទស្សនវិជ្ជាបស្ចឹមប្រទេស (ប្រវត្ដិទស្សនវិជ្ជាក្រិចបុរាណ) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, ១៩៩៤, ទំព័រ ៤-៥

[7] អំណះអំណាង ឬគំនិតដែលគេលើកយកមកធ្វើជា បង្អែកសម្រាប់ធ្វើវិចារ

ឧទាហរណ៍             – មនុស្សគ្រប់រូបសុទ្ធតែស្លាប់ (មូលបដិញ្ញាធំ)

– សូក្រាតគឺជាមនុស្សម្នាក់ (មូលបដិញ្ញាតូច)

– ហេតុនេះសូក្រាតត្រូវតែស្លាប់ (សន្និដ្ឋាន)

[8] Venancio B. Ardales, op. cit. p 5

Comments (13)

  1. Lloyd says:

    Your web site has excellent content. I bookmarked the website

  2. Gisele says:

    I discovered your blog through my social media– it’s now in my bookmark
    list!

  3. Frances says:

    Hi there, I discovered your truthfully in this post rejuvenating.

    Looking forward to finding out more from you.

  4. Marsha says:

    Loved how you made this subject so available. Keep up the great work!

  5. Thanks in support of sharing such a pleasant thinking, paragraph is nice,
    thats why i have read it completely

  6. bit.do says:

    Excellent blog you have here.. It’s difficult
    to find high-quality writing like yours nowadays.
    I honestly appreciate people like you! Take care!!

  7. Belen says:

    This post is genuinely a fastidious one it
    assists new internet visitors, who are wishing in favor of blogging.

  8. seksiseuraa says:

    Hi there colleagues, fastidious piece of writing and fastidious
    arguments commented here, I am really enjoying by these.

  9. Whitney says:

    I am not sure where you’re getting your info, but great topic.
    I needs to spend some time learning much more or understanding more.

    Thanks for fantastic information I was looking for
    this information for my mission.

  10. Betsey says:

    I’m really enjoying the design and layout of your website.
    It’s a very easy on the eyes which makes it much more
    pleasant for me to come here and visit more often. Did you hire out a
    developer to create your theme? Exceptional work!

  11. ប្រកាសល្អ។
    Good post 🙂

  12. Like!! I blog frequently and I really thank you for your content. The article has truly peaked my interest.

  13. Hi my family member! I wish to say that this article is awesome, great written and include approximately
    all important infos. I’d like to look extra posts like this .

Leave a Reply

Your email address will not be published.