អក្សរសិល្ប៍វិទ្យា

អក្សរសិល្ប៍វិទ្យា

អក្សរសិល្ប៍វិទ្យា

LITEROLOGY

 

ដោយលោក ហាក់ វ៉ាន់ដារា
(បណ្ឌិតផ្នែកអក្សរសិល្ប៍)
ប្រធានផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា
វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យសាស្ត្រសង្គម

 

អ្វីជាអក្សរសិល្ប៍វិទ្យា?

«អក្សរសិល្ប៍វិទ្យា » ជាវិទ្យាសាស្រ្តសិក្សាពីសៀវភៅ, គំនូរ និង អ្វីៗ​ទាំងឡាយ​ដែល​ទាក់ទងនឹងអក្សរសិល្ប៍។

អ្វីជាអក្សរសិល្ប៍?

និយមន័យតាមបែបអ្នកអក្សរសិល្ប៍ខ្មែរកន្លងមកថា «អក្សរសិល្ប៍ » មកពីបន្សំនៃ​ពាក្យ «អក្សរ + សិល្ប៍ »។

«អក្សរ» មកពីពាក្យ «អក្ខរ» ដែលមានន័យថា ជាស្នាមគំនូស មានតួរាង​ផ្សេងៗ ​សម្រាប់​ប្រើ​សរសេរ កត់ពាក្យសម្តី និង សេចក្តីទាំងពួង[1]។​ «សិល្ប៍» គឺជា សំណៅលក្ខណៈច្នៃ​ប្រឌិដ្ឋឲ្យមានសោភ័ណរស់រវើក គួរជាទី​ចាប់ចិត្ត ដិត​អារម្មណ៍ បង្កើតឡើងនូវភាពរំភើប។

ចំពោះនិយមន័យស្តីពី «អក្សរសិល្ប៍​ » នេះ ​មាន​ពេល​ខ្លះត្រូវបានគេ​ឲ្យន័យទាក់ទងទៅនឹងវប្បធម៌ ពេល​ខ្លះឲ្យ​ន័យ​ទាក់ទង​នឹង​សាសនា រីឯចំណែក​អ្នកមានចិត្តចង្អៀតវិញ ​ក៏បាន​កំណត់ន័យ «អក្សរសិល្ប៍» ថា​ត្រឹមតែជា​ប្រភេទ​

ស្នាដៃ​ដែលមានរូបារម្មណ៍ប៉ុណ្ណោះក៏មាន។

អ្នកទម្រង់និយមបានធ្វើកំណត់ថា មុខ​សញ្ញាដ៏​ពិត​​ប្រាកដ​របស់ «អក្សរ-​សិល្ប៍» នោះគឺ «កំណាព្យ» ជាស្នាដៃរបស់ «អ្នកនិពន្ធ» ឬ «កវី» ឬ ប្រភេទ​ដទៃទៀតនៃសំណេរ ដែល​ប្លែក​ពីសុន្ទរកថា​ធម្មតា។

ដូច្នេះ បើតាមនិយមន័យសាម័ញ្ញធម្មតា «អក្សរ​សិល្ប៍» គឺជា​វិទ្យាសាស្រ្ត​ដែល​ចោទ និង ដោះស្រាយបញ្ហា​មនុស្ស​ដោយ​សិល្ប៍វិធី[2]

ប៉ុន្តែតាមនិយមន័យរបស់អ្នកអក្សរសិល្ប៍បរទេសវិញ ថា «អក្សរសិល្ប៍» ជាវិទ្យា​សាស្រ្ត​​ប្រើប្រាស់​អក្សរ​ប្រកបដោយរូបារម្មណ៍សិល្បៈ ឆ្លុះ​បញ្ចាំងបញ្ហា​មនុស្ស​នៅ​គ្រប់សម័យ​កាល​ដោយ​សិល្ប៍វិធី។ «អក្សរសិល្ប៍» ជាកម្រងឯកសារ​ស្តី​ពីជីវិត។ អ្នកអានរមែងមានការយល់ដឹង​ច្រើន ក្រោយពេលដែលគេបាន​អាន​សៀវ​ភៅ​រឿង​ទាំងឡាយ ពួកគេអាចយល់ដឹងបានតាំងពីពិពិធភាពនៃទេសភាព​​ធម្មជាតិ ទំនៀម​ទម្លាប់ ប្រពៃណី ជីវភាព​ និង របៀបរបបរស់នៅប្រចាំថ្ងៃ​របស់​ប្រជាជន ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​ យល់ដឹងពីសង្គម​ជាដើម។ ក្រៅពីនេះ មានអក្សរសិល្ប៍-​សិល្បៈ​ខ្លះ​ពុំបាន​ផ្តល់ប្រយោជន៍​ឲ្យ​អ្នកអាន ឬ អ្នកទស្សនា​ឃើញភ្លាមៗទេ ប៉ុន្តែ វាបានបំពេញ​តួនាទី​​យល់ដឹង​អំពី​តថភាព​សង្គម ពោល «អក្សរ​សិល្ប៍» គឺជាស្នាដៃដែលអ្នកនិពន្ធបាន​តាក់តែង​ឡើង​មក​ប្រកបដោយ​គុណ​​តម្លៃ​ដ៏ឧត្តុង្គឧត្តម​ខាងផ្នែកសិល្បៈ គុណ​តម្លៃ​បញ្ញាញាណ និងជា ប្រភេទ​នៃ​ស្នាដៃ​ដែលបាន​ប្រើប្រាស់​នូវ​ភាសា​មួយ​បែប ខុសប្លែកពី​ភាសាសាម័ញ្ញ​ធម្មតា។

ការវាយតម្លៃប្រកបដោយគុណតម្លៃពីនិយមន័យនៃ «អក្សរសិល្ប៍» នោះ គឺការ​កំណត់​​ថា «អក្សរសិល្ប៍​» សំដៅឆ្ពោះទៅដល់សំណេរទាំងឡាយដែល​ប្រកប​ដោយគុណ​តម្លៃ​ខ្ពស់ ឬ​ក៏ ត្រឹមតែមួយ​ផ្នែក​នៃវិចិត្រសំណេរ ក្នុងទំនៀមទម្លាប់​ប្រពៃណីប៉ុណ្ណោះ។ ប្រភេទនៃ​និយមន័យ​ដែលបាន​ប្រើប្រាស់ក្នុង​សព្វវចនាធិប្បាយ គេបានកំណត់ន័យថា «អក្សរសិល្ប៍» គឺ​ជា «ការ​សម្តែងនូវមនោសញ្ចេតនានៃ​គំនិត​ដែលបង្ហូរចេញមកតាមរយៈសំណេរ»។ បញ្ហា​ដែល​ចោទ​​ឡើង​ចំពោះ​ទស្សនៈ​​នេះ គឺថា គ្មានកម្មវត្ថុនៃនិយមន័យណាមួយ ដែលអាចធ្វើ​កំណត់​ដោយ​អត្តនោម័តិ​ថា អ្វីៗ​ទាំង​អស់សុទ្ធ​តែ​ជា «អក្សរសិល្ប៍» នោះទេ ហើយក៏គ្មាននិយមន័យ​អ្វី​ ដែល​មាន​សក្តា​នុពល​សកល​​​ស្តីអំពី «អក្សរសិល្ប៍» នោះ​ដែរ ការវាយតម្លៃ «អក្សរ-​សិល្ប៍» រមែង​មាន​​​សភាព​ប្រែប្រួល ​និង ​ផ្លាស់​ប្តូរទៅតាមពេលវេលាជាដរាប ន័យនេះ សមសួនទៅនឹង​ទ្រឹស្តី​ដែល​ចែង​អំពី​តួនាទី​​នៃ «​អក្សរសិល្ប៍​» ដែលថា «អក្សរ​​សិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម សង្គម​បែបណាអក្សរសិល្ប៍​បែបនោះ» យ៉ាងប្រាកដ។

ប្រភេទនៃអក្សរសិល្ប៍

ប្រភេទ «អក្សរសិល្ប៍» គឺជាបំណែកមួយនៅក្នុង​សមាសភាព​អក្សរសិល្ប៍ ដែលកំណត់ដោយបច្ចេកទេសខាងអក្សរសិល្ប៍ សម្តី មាតិកា ឬ ប្រវែង (ដូចក្នុង​ករណីប្រឌិតកថាជាដើម)។ ត្រង់នេះ គួរកុំច្រឡំប្រភេទ​អក្សរ​សិល្ប៍​​ ជាមួយនឹង​ប្រភេទនៃអាយុកាល​របស់អក្សរសិល្ប៍ ដែលគេបានធ្វើ​ចំណាត់​ថ្នាក់ នៅ​ក្នុង​អក្សរសិល្ប៍នោះឲ្យសោះ ឧទាហរណ៍​ដូចជា ប្រភេទអក្សរសិល្ប៍​សម្រាប់​មនុស្ស​ពេញ​វ័យ ឬ អក្សរសិល្ប៍សម្រាប់កុមារនោះជាដើម ហើយ​ក៏មិន​ត្រូវច្រឡំជាមួយ​ទ្រង់ទ្រាយរបស់ប្រលោមលោក ឬ ប្រលោមលោករូបភាពនោះ​ដែរ។ ជាធម្មតា គេអាចធ្វើចំណាត់ប្រភេទស្នាដៃ «អក្សរសិល្ប៍» ទាំងឡាយ​ ថា ជាពាក្យ​កាព្យ ​ឬ ពាក្យរាយ (ជាប្រលោម​ប្រភេទ ឬ ​មិន​មែន​ជា​​ប្រលោម​ប្រភេទ) ទៅតាមការ​តាក់​តែង​ស្នាដៃនោះ ​ហើយនៅតាមប្រភេទធំៗទាំងនោះ គេ​ក៏​អាច​បែង​ចែក​វាឲ្យ​ល្អិតជាង​នេះទៅទៀត តួយ៉ាងដូចជានៅក្នុងប្រភេទអក្សរសិល្ប៍ «ពាក្យរាយ» ដែល​យើងសំដៅទៅលើ​ប្រលោមលោកនោះ ក៏យើងអាចបែងចែកវាជាផ្នែក​តូចៗ​ទៅ​ទៀត ដូចជា «ប្រលោម​កថា» (ឬប្រលោមលោក​ខ្នាតវែង) «នវកថា» (ឬ​ប្រលោមលោកខ្នាតខ្លី) ឬ «រឿងខ្លី» ជាដើមបាន ​ដោយការពិនិត្យលើ​ទម្រង់​របស់​វា។ ឯការធ្វើចំណាត់​ថ្នាក់ស្នាដៃ​ទាំងអស់ គឺដោយការពិនិត្យមើល​តាមលក្ខណៈ​សិល្ប៍សោភ័ណ​របស់វា។​ ភាព​ខុសគ្នារវាងលើទម្រង់ និង ប្រភេទ គឺរមែងមាន​ភាពបត់បែន​ និង ការ​កំណត់​ជានិច្ចកាលហើយ​យ៉ាង​រៀបរយ​តាមរយៈ​ក្រុម​រណប​របស់វា។ ជាទូទៅ អ្នកអក្សរសិល្ប៍បានចែក «អក្សរសិល្ប៍» ចេញជាប្រភេទ​ធំៗ៣គឺ ៖

          -ពាក្យកាព្យ​ ឬ កំណាព្យ

          -ពាក្យរាយ

          -រឿងល្ខោន

១-ពាក្យកាព្យ ឬ កំណាព្យ

«ពាក្យកាព្យកំណាព្យ» គឺជាទម្រង់មួយប្រភេទនៃអក្សរសិល្ប៍-សិល្បៈ ដែល​ប្រើប្រាស់​នូវ​សិល្ប៍​សោភ័ណលក្ខណៈ និង ចង្វាក់នៃភាសា ដើម្បីលើក​កម្ពស់​អត្ថន័យ​បន្ថែម​ ឬ ក្នុងន័យឆ្លុះ​បញ្ចាំងពីអត្ថន័យខុសប្លែកពីធម្មតា។ ពាក្យ​កាព្យ ឬ កំណាព្យ ត្រូវបានគេ​ស្គាល់​ជាទូទៅថា​ខុស​ពីពាក្យរាយ​ត្រង់របៀប​នៃ​ការសរសេររបស់វាជាទម្រង់កាព្យ សរសេរជាជួរ ជាបន្ទាត់ ហើយ​មាន​ភ្ជាប់​ទៅ​ដោយ​ធាតុ ចួន ផ្ទួន និង ​រណ្តំ​ ជាដើម ឯពាក្យរាយវិញ គេ​សរសេរ​ជាទម្រង់រាយ ជាឃ្លា​ប្រយោគធម្មតា ប្រើភាសាបែបសាមញ្ញធម្មតាសុទ្ធសាធ។

អ្នកអក្សរសិល្ប៍បានធ្វើបំណែងចែកពាក្យកាព្យ ឬ កំណាព្យចេញជា​ប្រភេទ​ផ្សេងៗ មាន​ជាអាទិ៍ បទ​កាព្យ​ខ្លីៗ ឬ នវកថា (ដែលគេយកទៅ​តាក់តែង​ជាបទចម្រៀង ឬ ដើម្បីបង្ហាញពី​អារម្មណ៍​ផ្ទាល់ខ្លួន) វីរកថា (ជាកាព្យនិទាន​វែង ពណ៌នាពីវីរភាព ឬ ព្រឹត្តិការណ៍​ដ៏ក្លៀវក្លា​ណាមួយជាដើម)។ ពាក្យកាព្យ ឬ កំណាព្យ មានកំណើតឡើងតាំងពី​យូរ​លង់ណាស់មក​ហើយ វាកើតឡើងក្នុង​តំណ​រយៈកាល​នៃ​ផលិតកម្មរបស់មនុស្ស​ ហើយ​វា​មាន​លក្ខណៈ​ប្រជាប្រិយ​យ៉ាង​ជ្រាលជ្រៅ ដែលត្រូវបាន​មហាជននិយមចូលចិត្ត។ ពាក្យកាព្យ ឬ កំណាព្យ ​​មាន​មុខងារ​ឆ្លុះបញ្ចាំងពីភាពសប្បាយរីករាយ ទុក្ខព្រួយ​កង្វល់ ការស្រមើស្រមៃ និង បំណង​ស្វែង​រក​សុភមង្គលនៃមនុស្ស ក្នុងការតស៊ូដ៏ខ្លាំងក្លា​ដើម្បីយកឈ្នះលើ​ធម្មជាតិ ប្រឆាំងនឹង​រាល់​អំពើគាបសង្កត់ កេងប្រវ័ញ្ចនៅក្នុងសង្គមមាន​វណ្ណៈ។ ជាងនេះទៅទៀត ពាក្យកាព្យ ឬ កំណាព្យ ហាក់មានលក្ខណៈជាប់ស្អិត​ជាមួយ​វប្បធម៌ អរិយធម៌នៃជាតិសាសន៍​នីមួយៗ​ខ្លាំងណាស់ ហើយវាមានវិសេសភាព​ផ្ទាល់ខ្លួនថែម​ទៀតផង ដូច្នេះហើយ ទើបគេពុំអាចធ្វើ​ការ​​ប្រៀបធៀបថា ពាក្យ​កាព្យ ឬ កំណាព្យនៃជាតិសាសន៍ណាមួយ ល្អ​ជាង​ពាក្យកាព្យ ឬ កំណាព្យ​នៃ​ជាតិសាសន៍ណាមួយ​ទៀតបានឡើយ[3]។ ជាឧទាហរណ៍ វិសេសភាពនៃ​ពាក្យ​កាព្យ ឬ កំណាព្យខ្មែរ ស្ថិតនៅត្រង់កវីខ្មែរ​បាន​ប្រើប្រាស់នូវក្បួនខ្នាតជាច្រើន ហើយ​ក្បួន​ខ្នាត​ទាំង​នោះ​ ប្រែប្រួលផ្លាស់ប្តូរទៅតាមលក្ខណៈ​នៃបទនីមួយៗ តាំង​ពី​ចំណាប់ចុងចួន រង្វាស់ ចង្វាក់ និង បរិយាកាសជាដើម។ មេកាព្យ​សំខាន់ៗ​ដែលកវីខ្មែរបានប្រើប្រាស់នៅក្នុង​ពាក្យ​កាព្យ ឬ កំណាព្យ​ខ្មែរ មានជាអាទិ៍ «បទកាកគតិ» (ដែល​គេច្រើនប្រើសម្រាប់​រៀបរាប់​ដំណើររឿង និង សម្រាប់ការ​ទូន្មានជាដើម) «បទពំនោល» (ដែលគេច្រើនប្រើសម្រាប់​រៀប​រាប់ពីការឈ្លោះ​ទាស់ទែងគ្នា ពីការច្បាំងគ្នា ពោលគឺពី​អ្វីៗ​ដែលហាក់មានសភាពក្ឌុងក្ឌាំង​ជាដើម) «បទភុជង្គលីលា» (ដែលគេ​ច្រើន​ប្រើសម្រាប់ពណ៌នាអំពី​ទេសភាពធម្មជាតិ និង ការ​ធ្វើដំណើរកាត់ដងព្រៃព្រឹក្សា​ជាដើម) «បទព្រហ្មគីតិ» (ដែលគេ​ច្រើនប្រើ​សម្រាប់​​​រៀបរាប់អំពី​ក្តី​ទុក្ខសោក ក្តីស្តាយ​ស្រណោះអាឡោះ​អាល័យ​ ពោលគឺអ្វីៗ​ដែល​ហាក់មានជាសភាពតម្អូញ) «បទបន្ទោលកាក» (ដែលគេ​ច្រើន​ប្រើ​សម្រាប់​រៀប​រាប់​អំពី​ជម្លោះទាស់ទែងគ្នា ការប្រមាថ​កាតទានគ្នា ពោលគឺ អ្វីៗដែល​ហាក់​មាន​ជាសភាពម៉ាំង​ទៅ​ម៉ាំង​មកជាដើម) «បទពាក្យ៧ និង ​បទពាក្យ៨» (ដែលគេ​ច្រើន​ប្រើ​សម្រាប់​រៀបរាប់គ្រប់​បញ្ហា​ទាំងអស់) ជាដើម គឺសុទ្ធតែ​មានរបៀប​ប្រើ​ខុសៗគ្នា និង មានវិសេសភាពរៀងៗខ្លួន។

តាំងពីបរមបុរាណមក កវីខ្មែរយើងបានយកពាក្យកាព្យ ឬ កំណាព្យ​ទៅ​ប្រើប្រាស់​ជាបទចម្រៀង សម្រាប់ច្រៀងលេងកំសាន្តតាមភូមិ​ដ្ឋាននីមួយៗ ក្នុង​ពេល​បំពេញការងារ​ស្រែ​ចម្ការ ឬ ក្នុង​ពីធីបុណ្យទានផ្សេងៗ ដើម្បីបង្កបង្កើត​ឡើងនូវ​បរិយាកាសសប្បាយ​រីករាយ។ ក្នុងសម័យ​ព្រាហ្មណ៍និយម កវីខ្មែរបាន​យកពាក្យកាព្យ ឬ កំណាព្យ ទៅប្រើប្រាស់នៅក្នុងពិធីសាសនា​ផ្សេងៗ ដូចជា សូត្រស្លុតីទៅដល់ព្រះអាទិទេព ដើម្បីបួងសួង សរសើរ អង្វរករដល់​អាទិទេព​ ឲ្យ​ប្រទានពរជ័យជាដើម និង ​យកទៅប្រើដើម្បីតាក់តែងជារឿងរ៉ាវផ្សេងៗ ជាអាទិ៍​ រឿងរាមកេរ្តិ៍ជាដើម។ នៅក្នុង​សម័យពុទ្ធនិយម ក៏កវីយើងបានយកពាក្យកាព្យ ឬ​ កំណាព្យ​នេះ ទៅ​តាក់តែងជារឿងរ៉ាវផ្សេងទាក់ទង​នឹង​ពុទ្ធ​សាសនា ជាអាទិ៍​ដូចជារឿង «ហង្សយន្ត» របស់កវីចៅយមបុណ្យភក្តីព្រះស្នេហ៍អនុជិត ឧក រឿង «ភោគ​កុលកុមារ» របស់កវីឧកញ៉ា​ព្រះឃ្លាំង នង រឿង «​សព្វសិទ្ធ» របស់កវី​ហ្មឺនភក្តី​អក្សរ តន់ រឿង «ចៅស្រទបចេក» របស់កវី យស ងិន រឿង «កាកី» របស់​រាជកវី ព្រះបាទ អង្គឌួង និង ចុងក្រោយ​គឺរឿង «​ទុំទាវ» របស់​ភិក្ខុកវី​ព្រះបទុមត្ថេរ សោម ជាដើម។ លុះមក​ដល់​សម័យទំនើប គេពុំសូវឃើញ​កវីខ្មែរ​យក​​ពាក្យ​កាព្យ ឬ កំណាព្យ ទៅតាក់តែងជា​រឿង​រ៉ាវ​ដូចសម័យ​ព្រហ្មណ៍និយម និង ពុទ្ធនិយមទៀត​ទេ ប៉ុន្តែ​គេយកទៅប្រើជា​កាព្យ​លែបខាយ​មនោសញ្ចេតនា ស្នេហា ដូចជា «កំណាព្យ​​​ផ្ញើទៅព្រះម៉ែយួវតី, កន្លង់មាសមង្គលថ្លៃ និងព្រលឹង​មាសអើយ…» របស់រាជកវី ព្រះ​រាជ​សម្ភារ «គុក​កាមកិលេស, ចិត្តក្រមុំ» របស់​កវី កេង វ៉ាន់សាក់ ឬ ជាអត្ថបទ​ចំអករិះគន់ ដូចជា​ស្នាដៃ​កំណាព្យ «បុប្ផាខ្មៅ, កើតជាមនុស្សនេះ​… » របស់កវី គយ សារុន ជាដើម។ 

២-ពាក្យរាយ​

«ពាក្យរាយ» គឺជាទម្រង់នៃភាសា ដែលមានវាក្យសម្ពន្ធធម្មតា និង សម្តី​ដែល​មាន​​លក្ខណៈ​ធម្មជាតិ​ ជាងរចនាសម្ពន្ធចង្វាក់ ក្នុងន័យ ជាការវាស់វែង​ក្នុង​ប្រយោគវែងៗ ជាងជាបន្ទាត់​ដែល​​​ខុស​គ្នា​ពីកំណាព្យ។ ពាក្យរាយមានបែងចែក​ចេញជាប្រភេទ​រណបច្រើន ជាអាទិ៍ កំណត់ត្រា, សុន្ទរកថា, ដំណឹង និង ប្រលោម​លោកជាដើម។ ទោះបីជាប្រភេទ​រណប​​នៅ​ក្នុង «ពាក្យរាយ» មានច្រើន​យ៉ាង​ណា​ក៏ដោយ អ្វីដែលយើងអាចនឹងលើកយកមក​សិក្សា​នៅ​ពេលនេះបាន គឺមាន​មួយ​គត់​ នោះគឺប្រភេទ «ប្រលោមលោក (Roman)» ព្រោះប្រលោម​លោកគឺជា​ផ្នែក​មួយនៃអក្សរសិល្ប៍ ហើយនៅក្នុង «ប្រលោមលោក» នេះតៀតសោត ក៏​មាន​ចែកចេញ​ជាប្រភេទតូចៗបន្តទៀត នោះគឺ ប្រលោមលោកខ្នាតវែង (Novel), ប្រលោមលោកខ្នាតខ្លី (Novella) និង រឿងខ្លីៗ (Short Story) ជាដើម​ ឯ​ប្រលោម​លោកនៃប្រភេទទាំងអស់នេះ ក៏​ត្រូវ​គេ​បែង​ចែក​បន្តទៅទៀត ទៅតាមបែបនៃការ​និពន្ធ​របស់ស្នាដៃប្រលោមលោកទាំងនោះ តួយ៉ាងដូចជា ប្រលោមលោក​បែប​មនោសញ្ចេតនា, ប្រលោមលោកបែបគុណនិយម,​ ប្រលោមលោក​បែប​​ផ្សង​ព្រេង,​ ប្រលោមលោកបែបប្រវត្តិសាស្រ្ត, ប្រលោមលោកបែប​វិទ្យាសាស្រ្តអច្ឆរិយ, ប្រលោមលោកបែបស៊ើបអង្កេត និង ប្រលោមលោកបែបវីរភាព​ជាដើម។

-ប្រលោមលោកខ្នាតវែង (Novel)

«ប្រលោមលោកខ្នាតវែង (Novel)» គឺជាប្រភេទមួយនៃប្រលោម​លោក​ទំនើប ជា​ប្រឌិតកថាពាក្យរាយដ៏វែងមួយបែប ដែលទម្រង់របស់វាខិត​ទៅ​ជិត​នឹង​តថភាពនៃជីវិត​។ «ប្រលោមលោកខ្នាតវែង» បានអភិវឌ្ឍចេញមកពី​ប្រលោម​លោកបែបទូលាយ​នាសម័យ​បុរាណ តួយ៉ាងដូចជា តន្តីក្រិក ឬ រ៉ូម៉ាំង​បុរាណ និង ប្រលោមលោកពាក្យកាព្យ។ ពាក្យ «ប្រលោមលោក» ក្នុង​ភាសាអឺរ៉ុបកាលពីអំឡុងសតវត្សរ៍​ទី១៥ គឺប្រើសំដៅជា «ដំណឹង»​ គេបង្កើត​ពាក្យនេះឡើងមក ដោយមិន​បាន​បែងចែក​ថាពិត ឬ ប្រឌិតទេ ហេតុការណ៍​បែបនេះ ទើបមានអ្នកធ្វើកំណត់ប្រវត្តិខ្លះ បានកំណត់ឈ្មោះឲ្យថា «ប្រលោមលោកមុនប្រលោមលោក» និង «ប្រលោមលោកទំនើប» ជាដើម។ ដូច្នេះ​ ទម្រង់​ប្រលោម​លោកទំនើបនៅ​អឺរ៉ុប ​ទើបលេចចេញជារូបរាងឡើង​នាអំឡុង​​សតវត្សរ៍ទី១៨ប៉ុណ្ណោះ។

ដោយឡែកនៅប្រទេសកម្ពុជាយើង រហូតមកទល់សម័យកណ្តាល ពោល​គឺអំឡុង​សតវត្សរ៍​ទី១៥ ដល់ ១៨ ទៅហើយ ក៏​គេនៅពុំទាន់ឃើញមាន វត្តមាននៃ​ប្រលោមលោក​ក្នុង​ប្រទេស​នេះនៅឡើយដែរ អ្វីដែលយើងឃើញ​មាន​នោះ ​គឺត្រឹមតែជារឿងដែលកវី​និម្មិត​ចេញ​ពីគម្ពីរ​សុត្តនបិតក សរសេរជា​ពាក្យកាព្យ ពណ៌នាអំពីដំណើរ​កសាងបារមីរបស់​ព្រះ​ពុទ្ធ​អង្គពី​នានា​ជាតិ កាល​ទ្រង់ពុំទាន់បានត្រាសដឹងជាព្រះសម្ពុញ្ញុពុទ្ធ​ ដែលអ្នកអក្សរសិល្ប៍​កំណត់​ហៅថា​ជាសាស្រ្តាល្បែងនោះប៉ុណ្ណោះ​ ហើយក្នុងបណ្តាស្នាដៃនៃ​សាស្រ្តាល្បែង​ទាំងនោះ សុទ្ធតែ​តាក់​តែងឡើងដោយលក្ខណៈឯកភាពគ្នា​ទាំងអស់ ទាំងលើប្រធានរឿង សេចក្តី​ផ្តើម ដំណើររឿង និង បញ្ចប់​រឿង។ ការ​ឯកភាពគ្នាជាលក្ខណៈ​ក្បួន​ខ្នាតនេះ​ នាំឱ្យអ្នកសិក្សាអក្សរសិល្ប៍​កំណត់​ថាជាដំណាក់កាលនោះជាសម័យកាលតន្តីមួយ ក្នុងដំណើរវិវត្តនៃអក្សរ-​សិល្ប៍​ខ្មែរតែម្តង។ លុះក្រោយមក ទើបគេឃើញមាន​ស្នាដៃពីរ ទី១គឺស្នាដៃ «កាកី» របស់រាជកវី ព្រះបាទ អង្គឌួង ហាក់ដូចជាមានរចនាបថ​និពន្ធឃ្លាត​ចាក​ពីលក្ខណៈ​តន្តី​ដូចដែលតន្តិកវីទូទៅនាសម័យកណ្តាលបានអនុវត្តបន្តិច​ព្រោះ​ប្រធាន​​​រឿង លែងពុទ្ធនិយមសុទ្ធសាធ​​​ដូចបណ្តារឿងពុទ្ធនិយមមុនៗ​ទៀត​ហើយៗ ក្នុងដំណើររឿង​ រាជកវី​បានលើកយក​បញ្ហាជីវិត និង​ ស្នេហា​របស់មនុស្ស​ពិតៗ និង ជីវភាព​ប្រចាំ​ថ្ងៃរបស់មនុស្សធម្មតាៗមកបង្ហាញ​ ប៉ុន្តែ នៅរក្សា​ការសជាតិជាព្រះពុទ្ធអង្គ និង ព្រះញាតិ​របស់ទ្រង់នៅចុង​បញ្ចប់នៃ​រឿង តែហាក់មិនសូវជា​សម​ទំនងដូចបណ្តារឿងមុនៗទេ។ ក្រោយ​មកក៏មាន​លេច​ចេញនូវស្នាដៃមួយទៀតឈ្មោះ «ទុំទាវ» របស់ភិក្ខុកវីព្រះបទុមត្ថេរ សោម ទោះបីជាស្នាដៃនេះ នៅរក្សាទម្រង់សំណេរជាពាក្យក្តី ​ក៏អ្នកអក្សរ-​សិល្ប៍​​បានចាត់​ទុកថា ស្នាដៃនេះ ជារបកគំហើញថ្មីក្នុងវិស័យអក្សរសិល្ប៍ខ្មែរ​ដែរ ហើយស្នាដៃនេះ ក៏គឺជា​​បដិវត្តនៃនិម្មិតកម្ម​ក្នុងស្នាដៃ​ប្រលោមលោកខ្មែរ​នា​សម័យកណ្តាល ពី​ពុទ្ធ​និយម​ទៅតថភាព​និយម ព្រោះស្នាដៃនេះ លែង​និយាយ​ពីការកសាងបារមីរបស់ព្រះ​ពោធិសត្វ លែងនិយាយ​ពី​ការ​សជាតិ​អ្វី​ទៀតហើយ គឺនិយាយតែពីជីវភាពរស់នៅជាក់ស្តែង​របស់​មនុស្សសាមញ្ញ ពី ដំណើរនៃសេចក្តីស្នេហា និង ការនិរាសព្រាត់ប្រាសស្នេហ៍​ព្រោះ​តែការពង្រាត់​ជាដើម។​​ ចេញពីស្នាដៃ​ដ៏គួរឲ្យកត់សម្គាល់ទាំងពីរនេះ យើងក៏ឃើញបណ្តា​ស្នាដៃ​របស់​អ្នកនិពន្ធសម័យ​ក្រោយៗមក បាន​ផ្លាស់ប្តូររចនាបថនិពន្ធ​ទាំង​ស្រុង ស្នាដៃស្ទើរតែទាំងអស់សរសេរជាពាក្យរាយ លែង​សរសេរជាកំណាព្យ ហើយលែងបង្ហាញពីការកសាងបុណ្យបារមីទៀតហើយ ដោយឆ្លុះ​បញ្ចាំង​តែ​ពីតថភាព ប្រធានរឿងច្រើនតែអំពីមនោសញ្ចេតនាស្នេហា ឧទាហរណ៍​ដូចជា​ រឿង «ផ្កាស្រពាន» របស់អ្នកនិពន្ធ នូ ហាច​ដែលលើកយកដំណើរ​ស្នេហារបស់កញ្ញា វិធាវី និង ​កម្លោះ ប៊ុនធឿន, ចម្បាំងកាប់ចាក់គ្នាបែប​អ្នក​គុណនិយម ដូចជា រឿង «ចោរខ្លែងមាស» របស់អ្នក​និពន្ធ មិត្ត សាខុន​ ដែល​និយាយអំពីដំណើរជីវិតរបស់ យុទ្ធការ មេកង​ការពារ​វិមាន​​សម​សួន ក្នុង​ត្រកូលដាវកំបុត ច្បាំងប្រយុទ្ធជាមួយបច្ចាមិត្ត,​ លើកយក​ព្រឹត្តិការណ៍​​ប្រវត្តិ​សាស្រ្ត​មករ៉ាយរ៉ាប់ ដូចជារឿង «បន្ទាយលង្វែក» របស់អ្នក​និពន្ធ រ. គោវិទ ដែល​​​លើក​​យកប្រវត្តិសាស្រ្តសម័យលង្វែក មកតាក់តែងជាដំណើររឿង​ និង របៀប​ស៊ើប​អង្កេត​ ដូចជា​​រឿង «ទេវរូបត្បូងខ្មៅ» របស់អ្នកនិពន្ធ វង់ ផឿង ដែល​និយាយ​អំពី​ដំណើរ​​បេសកម្ម​របស់ អច្ឆរិយា០០៥ តាមរកទេវរូបត្បូង​ខ្មៅ ជារតនវត្ថុរបស់ខ្មែរ ត្រូវ​ពួក​ជនទុច្ចរិតសៀម​លួច​យក​ទៅ​ជាដើម។

-ប្រលោមលោកខ្នាតខ្លី (Novella)

នៅក្នុងន័យជាក់លាក់ «ប្រលោមលោកខ្នាតខ្លី (Novella)» គឺស្ថិតនៅ​ចន្លោះរវាង​ប្រលោមលោក និង រឿងខ្លី អ្នកសិក្សាអក្សរសិល្ប៍បាន​បញ្ចេញ​យោ​​បល់ស្របគ្នាថា ប្រលោម​លោក​​ខ្នាតខ្លី (Novella) នេះ បើនឹងចាត់ទុកថា​ជាប្រលោមលោកខ្នាត​វែងគឺវាខ្លី​ពេក តែបើនឹងចាត់ទុកថាជារឿងខ្លី​នោះគឺ​វាវែងពេក ហើយបើទោះជាយ៉ាងនេះក្តី អ្នក​សិក្សា ក៏ដូចជាអ្នក​ទ្រឹស្តី នៅតែ​មិនបាន​ឲ្យនិយមជាក់លាក់ ដើម្បីកំណត់ចំនួនទំព័រ​ប្រលោម​លោក​​ខ្នាតខ្លី (Novella) នេះដែរ។ ដោយសារតែអ្នកសិក្សា ហើយនឹងអ្នកទ្រឹស្តីមិនបាន​កំណត់ចំនួនទំព័រ ប្រភេទ «ប្រលោមលោកខ្នាតខ្លី (Novella)» ដូច្នេះហើយ បើ​យើង​ពិនិត្យ​​ជាទូទៅ ប្រភេទ «ប្រលោមលោកខ្នាតខ្លី (Novella)» នេះ នៅ​ប្រទេសកម្ពុជា​យើង​ហាក់ពុំសូវមានសម្បូរស្នាដៃប្រភេទនេះទេ។

-រឿងខ្លី (Short Story)

«រឿងខ្លី (Short Story)»​ ជា​ប្រលោមប្រភេទដែលជាសំណុំមួយ​នៃ​អក្សរ-​សិល្ប៍ ហើយ​នៅក្នុងបណ្តុំនៃរឿងខ្លី (Short Story) វាក៏មានរាប់បញ្ចូលផង​ដែរនូវនិទានកថា​ខ្លីៗនានា​ទាំងឡាយ​ថែមទៀត​ផងដែរ។ ក្នុងករណីនេះ អ្នក​ដែលយល់ពីនិយម​ន័យ​អក្សរសិល្ប៍​មិនសូវច្បាស់ អាចកើត​មាន​ទស្សនៈ​ជំទាស់ខ្លះៗទាក់ទងទៅនឹងប្រភពកំណើតនៃរឿង​ខ្លី (Short Story) ព្រោះថា​រឿងខ្លះមានកំណើតជាតក ឬ ព្រះគម្ពីរ ឯនិទានកថាទៀត​សោត​​ភាគ​ច្រើន​ក៏មាន​កំណើត​មក​ពី​​មហាជន​ដែរ។ ជាចម្លើយងាយៗ គឺថា ឲ្យតែពាក្យ​ថា «រឿង» (រឿងក្នុងភាសា​អក្សរសិល្ប៍) ​ទោះខ្លីក្តី វែងក្តី នវកថាក្តី និទានកថាក្តី គឺសុទ្ធ​សឹង​ជាអក្សរសិល្ប៍ទាំងអស់ ព្រោះ​ទាំងនោះសុទ្ធតែបានឆ្លងកាត់​ការ​និពន្ធ ការនិទាន ការ​​តំណាល (ទោះបីដោយផ្ទាល់ក្តី ដោយតៗគ្នាពីមាត់​មួយទៅមាត់មួយក្តី) ដែលទាំង​នោះ សុទ្ធតែឆ្លង​កាត់នូវផលិតកម្មមនុស្ស ដូច្នេះ តិច ឬ ច្រើន ផលិតករ (មនុស្សអ្នក​ផលិត) រមែងបញ្ចេញបញ្ចូល លែបខាយ កែខៃ រចនាទៅតាមទំនោរចិត្ត ទំនោរ​អារម្មណ៍​​របស់ខ្លួនជាក់ជា​មិន​ខាន ដែល​នេះ​គឺជាខ្សែសង្វាក់នៃផលិតកម្មអក្សរសិល្ប៍យ៉ាង​ពិតប្រាកដ។

៣-រឿងល្ខោន

«រឿងល្ខោន (Drama)»​ គឺជាប្រភេទអក្សរសិល្ប៍ដែលត្រូវបានគេរៀបចំ​ឡើង​សម្រាប់​ការ​សម្តែង។ ទម្រង់អក្សរសិល្ប៍ប្រភេទនេះ ជាញឹកញាប់ត្រូវបានគេរួម​បញ្ចូលវាជាមួយនឹង​តន្ត្រី​ និង របាំ ដូចជា នៅក្នុងល្ខោនអូប៉េរ៉ា និង ល្ខោនតន្ត្រី​ជាដើម។ ការសម្តែង គឺជាទម្រង់រណប​មួយក្នុងទម្រង់ល្ខោននេះ ហើយទម្រង់​បែបនេះ សំដៅទៅដល់ការងារ​ដែលអ្នកនិពន្ធបាន​សរសេរច្រើនសម្រាប់សម្តែង​នៅតាមរោងល្ខោន ដោយរួមបញ្ចូលទាំង​ការសន្ទនា​សំខាន់​រវាងតួសម្តែង ដែល​ជាទូទៅ ផ្តោតទៅលើការសម្តែងជាងការអាន។ ផ្ទុយទៅវិញ បើកាល​ណា​និយាយពីល្ខោននិយាយវិញ គឺរមែងសំដៅទៅលើរឿងល្ខោនដែលបានសរសេរ​សម្រាប់​អាន​ជាងសម្រាប់​​សម្តែង។

ពួកបស្ចិមប្រទេស បានលើកយករឿងកំប្លែងក្រិកមកធ្វើជាឧទាហរណ៍ស្តីពី​ទម្រង់ដំបូង​បំផុត​ និង ជាមូលដ្ឋាននៃពុទ្ធិខាងរឿងល្ខោន។ ទារុណកថា គឺជា ប្រភេទរឿង​ល្ខោន​មួយ​ ដែល​បានវិវត្តទៅជាការសម្តែងក្នុងពិធីបុណ្យប្រពៃណី បុណ្យសាសនា​នានា​ ក៏ដូចជា​ពិធីបុណ្យ​ទូទៅ ហើយវាបានអភិវឌ្ឍទៅសម្តែង​ជា​បែបប្រវត្តិសាស្ត្រ ឬ ទេវកថា​ជាដើម​ថែម​ទៀតផង។ ក្រោយមក ទារុណកថា​ក៏​ត្រូវបានទុកសម្រាប់សម្តែងតែក្នុង​ទម្រង់ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។

នៅប្រទេសកម្ពុជាវិញ អ្នកសិក្សាបានចាត់ទុកថា «រឿងល្ខោន» គឺជាប្រភេទ​សិល្បៈ​​ប្រជាប្រិយមួយ ដែលពេញនិយមពីស្រទាប់មហាជន។ សិល្បៈប្រភេទ​នេះ គឺធ្វើការបង្ហាញ​ឲ្យ​អ្នក​អាន អ្នកទស្សនាបានឃើញតាមរយៈការសម្តែង។ ក្នុងសម្តែង គេមានរៀបចំឡើងជា​ឆាក ហើយប្រជុំគ្នាសម្តែងជាវង់ នៅក្នុងវង់​មាន​ចែកគ្នាជាក្រុមៗ មានជាអាទិ៍ ក្រុមតួ​សម្តែង ក្រុមភ្លេង ក្រុមអ្នកចម្រៀង និង​ក្រុមអ្នករៀបចំឆាកជាដើម។ ក្រុមតួសម្តែង​ជាក្រុម​ដែល​ប្រមូលផ្តុំដោយ​ទេព្យ​កោសល្យខាងសម្តែង ជាអ្នកប្រសប់ខាងល្បែងនាដ្យកម្ម។ តួ​សម្តែង​នេះ​ចែកជា​ពីរប្រភេទគឺ តួឯក និង តួរង ហើយតួទាំងពីរប្រភេទសុទ្ធតែចេះ​របៀប​តុប​តែង​​ខ្លួនប្រាណទៅតាមមុខនាទីសម្តែងរបស់ខ្លួនរៀងៗខ្លួន។ នៅប្រទេសកម្ពុជា​ សិល្បៈ​ដែលស្ថិត​នៅក្នុងទម្រង់នេះ​រួមមាន ល្ខោនស្បែក (រួមមានស្បែកធំ ស្បែកតូច អាយ៉ង និង ស្បែក​ពណ៌​ជាដើម) ល្ខោនតុក្កតា ល្ខោនខោលឬភាណី ល្ខោន​យីកេ ល្ខោនបាសាក់ ល្ខោនមហោរី ល្ខោនកំណាព្យ ល្ខោនពោលស្រី ល្ខោន​គែន ល្ខោនបើកបទ ល្ខោនបាមោជ្ជទ័យ ល្ខោន​អាយ៉ៃ ល្ខោនអាប៉េ​ល្ខោនភ្លេងការ ល្ខោននិយាយ និង ចម្រុះជាដើម[4]

គន្ថនិទ្ទេស

ក-ឯកសារជាភាសាខ្មែរ៖

១-       កេង វ៉ាន់សាក់ «គុក​កាមកិលេស », ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៥៥។

–    -ដ-          «ចិត្តក្រមុំ » , ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៥៤។

៣-    គណៈកម្មការស្រាវជ្រាវវប្បធម៌, «ទស្សនីយភាពសិល្បៈខ្មែរ » ការផ្សាយ​របស់​គណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌,

          ភ្នំពេញ, ឆ្នាំ២០០៣

៤-     គយ សារុន «បុប្ផាខ្មៅ », និពន្ធក្នុងអំឡុងឆ្នាំ១៩៥៨, បោះពុម្ពផ្សាយដោយ​អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៧០។

៥-       -ដ-              «កើតជាមនុស្សនេះ​ », ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៧២។

៦-     ឃីង ហុកឌី, «ទិដ្ឋភាពទូទៅនៃអក្សរសាស្រ្តខ្មែរ », ការផ្សាយ L’Harmattan, រដ្ឋធានី​ប៉ារីស,

          សាធារណរដ្ឋបារាំង, ឆ្នាំ១៩៩៧។

៧-    -ដ-          «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០», បោះពុម្ពផ្សាយដោយ​បណ្ណាគារអង្គរ, ភ្នំពេញ, ឆ្នាំ២០០៤។

៨-     ជួន ណាត, «វចនានុក្រមខ្មែរ ភាគទី១-២ », ការផ្សាយរបស់ពុទ្ធសាសន​បណ្ឌិត្យ, បោះពុម្ព​គ្រាទី៥, ភ្នំពេញ

          ឆ្នាំ១៩៦៨។

៩-     ហ្មឺនភក្តី​អក្សរ តន់ «​សព្វសិទ្ធ », និពន្ធក្នុងអំឡុងឆ្នាំ១៨៩៩, បោះពុម្ព​ផ្សាយ​ដោយ​បណ្ណាគារ គីម សេង, ភ្នំពេញ,

          ឆ្នាំ១៩៦០

១០-  ឧកញ៉ាព្រះឃ្លាំង នង «ភោគ​កុលកុមារ », និពន្ធក្នុងអំឡុងឆ្នាំ១៨០៤, បោះ​ពុម្ព​ផ្សាយ​ដោយពុទ្ធសាសន

         បណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩?។

១១-  ពៅ សាមី «ទ្រឹស្តីអក្សរសិល្ប៍ ភាគទី១-៣ », បោះពុម្ពផ្សាយដោយ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ឆ្នាំ១៩៩៤។

១២-  ព្រះ​រាជ​សម្ភារ «កំណាព្យកន្លង់មាសមង្គលថ្លៃ », និពន្ធក្នុងអំឡុង​ឆ្នាំ​១៩៣០?, បោះ​ពុម្ព​​ផ្សាយដោយពុទ្ធ​សាសន

         បណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជ​សូរិយា, ភ្នំពេញ, ឆ្នាំ១៩?។

១៣- -ដ-          «កំណាព្យសរសើរហេមន្តមាស », និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះ​ពុម្ព​ផ្សាយដោយពុទ្ធ​សាសន

          បណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជសូរិយា, ភ្នំពេញ, ឆ្នាំ១៩?។

១៤-  -ដ-          «កំណាព្យកន្លង់មាសមង្គលថ្លៃ », និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះ​ពុម្ព​ផ្សាយដោយពុទ្ធ​សាសន

         បណ្ឌិត្យ ក្នុងទស្សនាវដ្ដីកម្ពុជសូរិយា,  ភ្នំពេញ, ឆ្នាំ១៩?។

១៥-  -ដ-          «កំណាព្យព្រលឹងមាសអើយ », និពន្ធក្នុងអំឡុងឆ្នាំ១៩៣០?, បោះ​ពុម្ព​ផ្សាយដោយពុទ្ធ​សាសន

        បណ្ឌិត្យ,  ភ្នំពេញ, ឆ្នាំ១៩?។

១៦-   សម្តេច មាលិកា, «ប្រជុំពាក្យកាព្យ », ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ឆ្នាំ១៩៦៨។

១៧- ម៉ុញ សារី «វចនាធិប្បាយអក្សរសិល្ប៍ខ្មែរ », បោះពុម្ពផ្សាយដោយមជ្ឈ​មណ្ឌលស្រាវ​ជ្រាវអាស៊ី នៃរាជបណ្ឌិត្យ

         សភាកម្ពុជា, ភ្នំពេញ, ឆ្នាំ២០១១។

១៨-  យស ងិន «ចៅស្រទបចេក », និពន្ធក្នុងអំឡុងឆ្នាំ១៨៨៩ បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសន​បណ្ឌិត្យ, ភ្នំពេញ,

          ឆ្នាំ១៩៦៧។

១៩-  លាង ហាប់អាន «រាមកេរ្តិ៍ », សៀវភៅសិក្សាអត្ថបទ, ការផ្សាយរបស់​អ្នក​និពន្ធ, ភ្នំពេញ, ឆ្នាំ១៩?។

២០-  លី ធាមតេង, «អក្សរសាស្រ្តខ្មែរ », ការផ្សាយរបស់បណ្ណាគារ សេង ងួនហួត, ភ្នំពេញ, ឆ្នាំ១៩៦០។

២១-  លី សុមុនី, «កំណាព្យខ្មែរ », ការផ្សាយរបស់គ្រឹះស្ថានបោះ​ពុម្ព​ និង ​ចែក​ផ្សាយនៃក្រសួង​អប់រំ យុវជន និង

          កីឡា,  ភ្នំពេញ, ឆ្នាំ២០០២។

២២-  អ្នកអង្គម្ចាស់ វ័ឌ្ឍឆាយាវង្ស «រាមកេរ្តិ៍ ខ្សែទី១-១០ និង ៧៥-៨០ », ការ​ផ្សាយរបស់​វិជ្ជាឋាន​ពុទ្ធ​សាសន​បណ្ឌិត្យ,

          ភ្នំពេញ, ឆ្នាំ១៩៣៧។

២៣- ព្រះបទុមត្ថេរ សោម «​ទុំទាវ », និពន្ធក្នុងអំឡុងឆ្នាំ១៩១៥, បោះពុម្ពផ្សាយ​ដោយពុទ្ធ​សាសនបណ្ឌិត្យ, ភ្នំពេញ,

          បោះពុម្ពលើកទី៥,​ ឆ្នាំ១៩៦៤។

២៤-  សោម​ សុមុនី «វិវត្តន៍អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ », ការផ្សាយរបស់​វិទ្យាស្ថាន​មនុស្សសាស្រ្ត និង វិទ្យាសាស្រ្ត

         សង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា,  ភ្នំពេញ, ឆ្នាំ២០១១។

២៥-  ហាក់ វ៉ាន់ដារា «អក្សរសិល្ប៍ឆ្នាំ១៩៧០៧៥ », បោះពុម្ពផ្សាយ​ដោយ​បណ្ណា​គារអង្គរធំ,​ ភ្នំពេញ, ឆ្នាំ២០០៤។

២៦-   -ដ-              «អក្សរសិល្ប៍ខ្មែរ », សៀវភៅសិក្សាសម្រាប់ថ្នាក់ឆ្នាំមូលដ្ឋាន, ការ​ផ្សាយ​របស់អ្នកនិពន្ធ,​ ភ្នំពេញ,

         ឆ្នាំ២០០៧។

២៧- -ដ-          «និន្នាការប្រលោមលោកសម័យសាធារណរដ្ឋខ្មែរ », បោះពុម្ព​ផ្សាយ​​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា,​

           ភ្នំពេញ, ឆ្នាំ២០១១។

២៨-  ព្រះបាទ អង្គឌួង «កាកី », និពន្ធក្នុងអំឡុងឆ្នាំ១៨១៥, បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសន​​បណ្ឌិត្យ, ភ្នំពេញ,

           ឆ្នាំ១៩៧៤។

២៩-  អ៊ឹង យ៉េង, «កាព្យសាស្រ្តខ្មែរ », ការផ្សាយរបស់បណ្ណាគារខ្មែរមន, ភ្នំពេញ, ឆ្នាំ១៩៧២។

៣០- អៀង សាយ, «មេកាព្យ » ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ឆ្នាំ១៩៦៦។

៣១- ចៅយមបុណ្យភក្តីព្រះស្នេហ៍អនុជិត ឧក «ហង្សយន្ត », ការផ្សាយរបស់ពុទ្ធសាសន​បណ្ឌិត្យ, ភ្នំពេញ,

         ឆ្នាំ១៩៦៨។

ខ-ឯកសារជាភាសាបរទេស៖

៣២- BROWN Mary Ellen & ROSENBERG Bruce A., “Encyclopedia of Folklore and Literature ”,

          Edition of Peter Harle & Kathy Sitarski, Santa Barbara, California, USA, 1998

៣៣-   CARROLL Joseph, “Evolution and Literary Theory ”, Edition of University of Missouri

            Press,  Missouri, USA, 1995

៣៤- GRAY Martin, “A Dictionary of Literary Terms ”, Second Edition, Edition of Longman York

         Press, England, 1992

៣៥- HAK Vandara, “History of Literature ”, Compilation Edition, Edition of Department of

         Anthropology and Ethnology, Institute of Humanities and Social Sciences, Royal Academy

        of Cambodia, Phnom Penh, CAMBODIA, 2014

៣៦- HAK Vandara, “Movement of Modern Literature ”, Compilation Edition, Edition of

         Department of Anthropology and Ethnology, Institute of Humanities and Social Sciences,

         Royal  Academy of Cambodia, Phnom Penh, CAMBODIA, 2015

៣៧- HARMON William & HOLMAN C. Hugh, “A Handbook to Literature ”, Seventh Edition,

         Edition of Prentice Hall, New Jersey, USA, 1996

៣៨- MCKEON Michael, “Theory of the Novel: A Historical Approach ”, Edition of Johns

         Hopkins University Press, University of New Jersey, USA, 2000

៣៩- MONAHAN Sean, “Literature With Style: Prose ”, Edition of Longman Cheshire,

         Melbourne Australia, 1986

៤០-  SCOTT A. F., “Current Literary Terms ”, Edition of Macmillan of Cambridge University

         Press, Great Britain, 1965

៤១-  TRACE Arther, “Literature: Its Opponents and Its Power ”, Edition of University Press of

          America, Inc., Lanham of Maryland, USA, 1997

៤២-  MCKEON Michael, “Theory of the Novel: A Historical Approach ”, Edition of Johns

         Hopkins University Press, University of New Jersey, USA, 2000

ប្រវត្ដិរូបសង្ខេប

hak vandara photo

១-ប្រវត្តិផ្ទាល់ខ្លួន៖

លោក ហាក់ វ៉ាន់ដារា (HAK Vandara)កើតថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៧៤ នៅភូមិ​ខ្ពបក្រោម, ឃុំស្ដៅ, ស្រុកកងមាស, ខេត្ដកំពង់ចាម (មានឪពុកនាម បោង ហាក់ ម្ដាយនាម ហេង ម៉េងលាង។ រៀបការនៅឆ្នាំ២០០៤ មាន ភរិយា​នាម កាក់ សុវណ្ណា មុខរបរជាគិលានុប្បដ្ឋាយិការ មានកូនប្រុសចំនួន០៣នាក់)។ លោកជាប្រធានផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា វិទ្យាស្ថានមនុស្ស​សាស្ដ្រ និង វិទ្យា​សាស្ដ្រ​​សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើប្រធាន​នាយកដ្ឋាន អាសយ​​ដ្ឋាន​បច្ចុប្បន្នផ្ទះលេខ៣០៨I ផ្លូវលេខ​៥០៩, ភូមិទួលគោក, សង្កាត់​ទួ​លសង្កែ, ខ័ណ្ឌឬស្សីកែវ, រាជធានី​ភ្នំពេញ ទូរស័ព្ទទាក់ទងលេខ ០១២-៩៣៩-៥០៩ ឬ ០៩៦-៨៨៤-៨៨៨៨ E-mail & Facebook: vandara_hak@yahoo.com

២-ប្រវត្ដិការសិក្សា​

ឆ្នាំ១៩៨០-១៩៨៧សិក្សានៅបឋមសិក្សា នៅសាលាបឋមសិក្សាស្ដៅលើ, និង​ ​មធ្យមសិក្សាកម្រិត២ស្ដៅ, ឃុំស្ដៅ, ស្រុកកងមាស, ខេត្ដកំពង់ចាម។ ឆ្នាំ​១៩៨៧-១៩៩១ សិក្សានៅមធ្យមសិក្សាកម្រិត៣ នៅសាលាសន្ធរម៉ុក, ភ្នំពេញ។ ឆ្នាំ១៩៩៣-១៩៩៧ សិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរសាស្ដ្រខ្មែរ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ។ ឆ្នាំ១៩៩៧-១៩៩៨ សិក្សានៅមហាវិទ្យាគរុកោលស្យរាជធានី​ភ្នំពេញ។ ឆ្នាំ២០០១-២០០៣ សិក្សាថ្នាក់រិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកអក្សរសិល្ប៍ នៅរាជបណ្ឌិត្យ​សភា​កម្ពុជា។ ឆ្នាំ២០០៦-២០១១ សិក្សាថ្នាក់បណ្ឌិតផ្នែកអក្សរសិល្ប៍ នៅរាជ​បណ្ឌិត្យ​សភាកម្ពុជា។

៣-ប្រវត្ដិការងារ

ឆ្នាំ១៩៩៨-២០០១ ជាសាស្ដ្រាចារ្យអក្សរសាស្ដ្រខ្មែរ នៅសាលាគរុ​កោលស្យ និង វិក្រិតការខេត្ដ​សៀមរាប។ ឆ្នាំ២០០៣-២០០៨ ជាមន្ដ្រីគ្រប់គ្រង​រដ្ឋបាល នៅ​វិទ្យាស្ថានមនុស្សសាស្ដ្រ និង វិទ្យាសាស្ដ្រ​សង្គម​រាជបណ្ឌិត្យសភា​កម្ពុជា។ ឆ្នាំ​២០០៨-បច្ចុប្បន្ន ជាប្រធានផ្នែកនរវិទ្យា និង ជាតិពន្ធុវិទ្យា មានឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ និងជា សមាជិកគណៈកម្មការបច្ចេកស័ព្ទ​អក្សរសិល្ប៍ នៃក្រុមប្រឹក្សា​ជាតិ​​ភាសាខ្មែរ។

៤-ស្នាដៃវិទ្យាសាស្ដ្រដែលបានបោះពុម្ពផ្សាយ ៖

ឆ្នាំ២០០៣ «ការបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា » ស្នាដៃ​ស្រាវ​ជ្រាវ​រួមគ្នា ក្នុង​គម្រោងស្រាវជ្រាវ ស្ដីពី ការបោះពុម្ពផ្សាយនៅក្នុងប្រទេសកម្ពុជា ជា​ភាសាខ្មែរ និង ភាសាអង់គ្លេស។ «អក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-៧៥ » ជាស្នាដៃ​ស្រាវជ្រាវផ្ទាល់ខ្លួន កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ឆ្នាំ២០០៤ «វិវត្ដន៍អក្សរសិល្ប៍​ខ្មែរ​នាសតវត្សរ៍ទី២០» ស្នាដៃស្រាវជ្រាវរួមគ្នា ក្នុងគម្រោងស្រាវជ្រាវ ស្ដីពី អក្សរសិល្ប៍ខ្មែរនាសតវត្សរ៍ទី២០។ ឆ្នាំ២០០៦ «ការប្រៀបធៀបរឿងព្រេងខ្មែរ និង កូរ៉េ » ជាស្នាដៃស្រាវជ្រាវ​ផ្ទាល់ខ្លួន ខាងផ្នែកអក្សរសិល្ប៍ជាអង់គ្លេស)។ ឆ្នាំ​២០០៧ «រឿងនិទាន និង ចំណេះដឹងដើមរបស់ជនជាតិ​ភាគតិច​នៅកម្ពុជា » ស្នាដៃ​ស្រាវជ្រាវរួមគ្នា ក្នុងគម្រោងស្រាវជ្រាវ ដែលរៀបចំឡើង​ដោយ​វិទ្យាស្ថាន​មនុស្សសាស្ដ្រ និង វិទ្យាសាស្ដ្រសង្គម​នៃរាជបណ្ឌិត្យ​សភា​កម្ពុជា សហការ​ជាមួយ​​អង្គការ UNESCO។ ឆ្នាំ២០១១ «និន្នាការប្រលោមលោកសម័យ​សាធារណៈ​រដ្ឋខ្មែរ » ជាស្នាដៃ​ស្រាវជ្រាវ​ផ្ទាល់ខ្លួន កម្រិតថ្នាក់បណ្ឌិត។ ឆ្នាំ២០០៧ «អក្សរ​-សិល្ប៍​ខ្មែរ » ជាស្នាដៃប្រមូលចងក្រង និងជា ប្រភេទ​សៀវភៅសិក្សា។ ឆ្នាំ២០០៨ «អក្សរសិល្ប៍ខ្មែរសម័យអង្គរ » ជាស្នាដៃប្រមូលចងក្រង និងជាប្រភេទសៀវ​ភៅ​សិក្សា។ បណ្តាស្នាដៃជា​សៀវភៅ​កម្រង ដែលស្រាវជ្រាវ​ចេញពីបណ្ដាញ​អ៊ីនធឺ​ណេត សម្រាប់ធ្វើ​ជា​ឯកសារជំនួយរួមមាន ២០១២ «Introdution to Anthropology Ethnology and Sociology » ឆ្នាំ២០១៤ «History of Literature » ឆ្នាំ២០១៥ «Movement of Literature » និង «Variety of Philosophy » ឆ្នាំ២០១៦ «The World’s Greatest Religion »​ ២០១៨ «Anthropology of Religion » និង «Hunduism »។

៥-សញ្ញាប័ត្រដែលបានទទួល

ឆ្នាំ១៩៨៧ បានទទួលសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ ឆ្នាំ១៩៩១ បានទទួល សញ្ញាប័ត្រមធ្យមសិក្សាកម្រិត៣ ឆ្នាំ១៩៩៧ បានទទួលសញ្ញាបត្របរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ដ្រខ្មែរ ឆ្នាំ១៩៩៨ បានទទួលសញ្ញាបត្រគ្រូមធ្យមសិក្សា​ទុតិយភូមិ​បរិញ្ញា + ១ ឆ្នាំ២០០៣ បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអក្សរសិល្ប៍ និង ឆ្នាំ២០១១ បានទទួលសញ្ញាបត្របណ្ឌិតផ្នែកអក្សរសិល្ប៍។

៦-កិត្ដិយសដែលទទួលបាន

ខែមេសា ២០០៧ បានទទួលមេដាយការងារ ថ្នាក់ «សំរិទ្ធ » ខែមេសា ២០០៩ បានទទួលការតែងតាំងជាប្រធានផ្នែកនរវិទ្យា និង ជាតិពន្ធុវិទ្យា មាន​ឋានៈស្មើប្រធាន នាយកដ្ឋាន ខែមេសា ២០១១ បានទទួលមេដាយការងារ ថ្នាក់ « ប្រាក់ » ខែមករា ២០១៨ បានទទួលមេដាយការងារ ថ្នាក់ « មាស » ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា។ ឯ​ឥស្សរិយ​យស​ដែល​បានទទួលវិញ គឺ ខែធ្នូ ឆ្នាំ២០១៤ បានទទួលនូវឥស្សរិយយស ព្រះរាជា​ណាចក្រកម្ពុជា​ ថ្នាក់ «មហាសេរីវឌ្ឍន៍» ពីព្រះករុណាព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សម្តេចធម្មពោធិសាល ជា​ ស៊ីម ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ​កម្ពុជា។

[1] សូមមើល៖ ជួន ណាត, «វចនានុក្រមខ្មែរ ភាគទី១-២ » ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ព​គ្រាទី៥, ភ្នំពេញ ឆ្នាំ១៩៦៨ ទំព័រទី១៥៥៩ និង ១៥៦២។

[2] សូមមើល៖ កេង វ៉ាន់សាក់, «ទិដ្ឋភាពខ្លះៗចំពោះអក្សរសិល្ប៍ខ្មែរ » ក្នុងសៀវភៅ «ទ្រឹស្តីអក្សរសិល្ប៍ ភាគទី១» របស់លោកសាស្រ្តាចារ្យ ពៅ សាមី បោះពុម្ពផ្សាយដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ១៩៩៤ ទំព័រទី៥។

[3] សូមមើល៖ លី សុមុនី, «កំណាព្យខ្មែរ » ការផ្សាយរបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយនៃក្រសួង​អប់រំ យុវជន និងកីឡា, ភ្នំពេញ, ឆ្នាំ២០០២, ទំព័រទី១

[4] សូមមើល៖ គណៈកម្មការស្រាវជ្រាវវប្បធម៌ «ទស្សនីយភាពសិល្បៈខ្មែរ» ការផ្សាយរបស់គណៈកម្មការ​ស្រាវ​ជ្រាវ​​សិល្បៈ​វប្បធម៌, ភ្នំពេញ, ឆ្នាំ២០០៣

Comments (2)

  1. Josephsox says:

    csfs bp fedex

  2. Delta Airlines says:

    Fly with Delta Airlines
    fl

Leave a Reply

Your email address will not be published.