ទំព័រដើម » ប្រវត្តិសាស្ត្រ » ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេសកម្ពុជា ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៣

ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេសកម្ពុជា ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៣

ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេសកម្ពុជា ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៣

ការផ្តល់ជំនួយសហរដ្ឋអាម៉េរិកមកឱ្យប្រទេសកម្ពុជា ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៦៣

ដោយលោក សួ ប៉ុណ្ណារ៉ាត់
(បេក្ខជនបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ),
លោក សុង ស៊ីណា
(បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ),
លោក អាត ទៀង
(បេក្ខជនបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ)
ស្នាដៃរួមរបស់អ្នកស្រាវជ្រាវផ្នែកប្រវត្តិវិទ្យា និង វិទ្យាសាស្រ្តនយោបាយ

សេចក្តីផ្តើម

ប្រទេសកម្ពុជាជាអតីតប្រទេសមួយ ដែលធ្លាប់ស្ថិតនៅក្រោមរបប​អាណា​ព្យាបាលបារាំងពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ១៩៥៣។ សម្តេចព្រះនរោត្តម សីហនុ បានធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជូនជាតិមាតុភូមិពីបារាំង ប្រកប ដោយជោគជ័យនៅឆ្នាំ១៩៥៣។ ចំណែកនៅប្រទេសវៀតណាមឯណោះ​វិញ​លោក ហូ ជីមិញ ក៏បានបង្កើតចលនាតស៊ូកុម្មុយនីស្តវៀតណាម​ដើម្បីទាមទារ​ឯករាជ្យពី ប្រទេសបារាំងផងដែរ។ ចលនាតស៊ូកុម្មុយនីស្តវៀតណាម​បានធ្វើឱ្យ​បារាំងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅសមូរភូមិឌៀនបៀនភូនាឆ្នាំ១៩៥៤។

ដោយមើលឃើញថា ប្រទេសបារាំងមិនអាចទប់ទល់នឹងការរីករាល​ដាលនៃចលនាតស៊ូកុម្មុយនីស្តវៀតណាម សហរដ្ឋអាម៉េរិកបានពង្រីក​នយោ​បាយ​ការទូតជាអន្តរជាតិរបស់ខ្លួន ចូលមកក្នុងតំបន់ឥណ្ឌូចិន។ នៅឆ្នាំ១៩៥៤ សហរដ្ឋអាម៉េរិក បានបង្កើតអង្គការសន្ធិសញ្ញាការពារការរីករាលដាលចលនា​កុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា អង្គការសេអាតូ (SEATO)។

សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំង នៅ​ឆ្នាំ១៩៥៣មក យើងសង្កេតឃើញថា កម្ពុជាត្រូវប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស វិស័យសេដ្ឋកិច្ច។ សេដ្ឋកិច្ចកម្ពុជានាពេលនោះ​ នៅទន់ខ្សោយមិន​មាន​លទ្ធភាពធ្វើការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន បានដោយខ្លួនឯង​ទាំងស្រុង​នោះឡើយ។ អាស្រ័យហេតុនេះ កម្ពុជាត្រូវស្វែងរកជំនួយពីបរទេស​ដើម្បីយក​មក​អភិវឌ្ឍន៍សង្គមជាតិរបស់ខ្លួនឡើងវិញ។

ស្របគ្នានោះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានប្រកាសទទួល​ស្គាល់​ប្រទេសកម្ពុជានៅឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ឯកអគ្គ​រដ្ឋទូតដំបូងរបស់សហរដ្ឋអាម៉េរិក គឺលោក ដូណល ហ៊ែធ (Donald Heath) បាន​មកថ្វាយសារតាំងដល់ព្រះមហាក្សត្រខែ្មរ សម្តេច ព្រះនរោត្តម សីហនុ។

ចាប់ពីពេលនោះ មកសហរដ្ឋអាម៉េរិកបានចាប់ផ្តើមផ្តល់ជំនួយមកឱ្យ​ប្រទេស​កម្ពុជា ដែលនៅក្នុងបរិបទនោះ​ ប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិសាស្រ្ត​នយោបាយមួយដ៏សំខាន់ សម្រាប់នយោបាយការបរទេស នៃប្រទេស​មហា​អំណាច ជាពិសេស គឺសហរដ្ឋអាម៉េរិកដែលមានបំណងទប់ទល់នឹងការរីករាល ដាលនៃលទ្ធិកុម្មុយនីស្តនៅឥណ្ឌូចិន។

នៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក តើសហរដ្ឋអាម៉េរិកបានផ្តល់​ជំនួយ​មកឱ្យប្រទេសកម្ពុជាពីឆ្នាំ១៩៥០-១៩៦៣ តាមរូបភាពយ៉ាងដូចម្តេច? ហើយជំនួយទាំងនោះ ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍​លើវិស័យ​សំខាន់ៗអ្វីខ្លះ?

ផ្នែកទី១

ស្ថានភាពនយោបាយកម្ពុជា និង ពិភពលោក​ក្រោយសង្រ្គាមលោកលើកទី២

ដោយសារពិភពលោកស្ថិតក្នុងស្ថានភាពនៃសង្រ្គាមត្រជាក់ ដែលជា​ដំណាក់កាលនៃការប្រឈមរវាងមនោគមវិជ្ជាសេរី និង កុម្មុយនីស្ត ពិភពលោក​ត្រូវជួបប្រទះនូវការប្រយុទ្ធដណ្តើមឥទ្ធិពលគ្នា រវាងប្រទេសមហាអំណាច​លោក​សេរី (សហរដ្ឋអាម៉េរិក) និង ប្រទេសមហាអំណាចកុម្មុយនីស្ត (សហ​ភាព​សូវៀត)។ នៅពេលនោះ ប្រទេសនានាក្នុងសកលលោក ជាពិសេស ប្រទេស​អតីតក្រោមអាណានិគម ក្រោយទទួលបានឯករាជ្យ ប្រទេសទាំងនោះ​តែង​ស្វែង​រកជំនួយពីបរទេស ដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។

ការស្វែងរកជំនួយនេះ យើងសង្កេតឃើញថា ប្រទេសទាំងនោះភាគ​ច្រើន​តែងទទួលរងនូវការប្រទាញប្រទង់ឥទ្ធិពល ពីសំណាក់ប្រទេស​មហា​អំណាចធំៗទាំងពីរ។ ស្ថានភាពបែបនេះ ជួនកាលធ្វើឱ្យប្រទេសដែល​ទទួល​ជំនួយទាំងនោះ ធ្លាក់ចូលទៅក្នុងសង្រ្គាមថែមទៀតផង។

I-ការប្រែប្រួលស្ថានភាពនយោបាយនៅឥណ្ឌូចិនក្រោយ​សង្គ្រាម​លោក​លើកទី២

១-ប្រទេសកម្ពុជាក្រោយសង្គ្រាមលោកលើកទី២

ក-ការកកើតចលនាតស៊ូទាមទារឯករាជ្យកម្ពុជា

ចំណែកស្ថានការណ៍នយោបាយនៅឥណ្ឌូចិននាក្រោយសង្រ្គាមលោកលើកទី២ យើងសង្កេតឃើញថា បន្ទាប់ពីប្រទេសជប៉ុនបានចាញ់​សង្រ្គាមនាឆ្នាំ១៩៤៥ មហាអំណាចអាណានិគមបារាំង បានចូលមក​កាន់​កាប់​តំបន់ឥណ្ឌូចិនឡើងវិញ។ ក្នុងដំណាក់កាលថ្មីនេះ ស្ថានភាព​ទូទៅ​នៅតំបន់នេះ មានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការប្រែប្រួល​នោះ​ គឺនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ សុទ្ធតែមានចលនាតស៊ូ​ទាមទារឯករាជ្យពីបារាំង។

នៅកម្ពុជា បារាំងមិនអាចមកត្រួតត្រាដូចពេលមុនសង្រ្គាម​លោក​បានតទៅទៀតឡើយ ហេតុនេះ​ បារាំងបានកែប្រែយុទ្ធសាស្រ្ត​គ្រប់គ្រង​គឺនៅឆ្នាំ១៩៤0 ប្រទេសបារាំង បានយល់ព្រមទទួលយកកិច្ចព្រមព្រៀង​បណ្ដោះអាសន្ន (Modus Vivendi) ដែលសម្ដេច ស៊ីសុវត្ថិ មុនីរ៉េត ជា​នាយក​រដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះ​មហាក្សត្រ បានចុះហត្ថលេខាជាមួយនឹងតំណាងរបស់ រដ្ឋាភិបាល​បារាំង។ ដោយមើលឃើញនូវវិសមភាពនៃកម្លាំងសេដ្ឋកិច្ច ​ក៏ដូចជា​កម្លាំងយោធារវាង ប្រទេសបារាំង និង កម្ពុជា ហើយដើម្បីចៀសវាង​នូវ​ការបង្ហូរឈាមផងនោះ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានជ្រើសរើសរកដំណោះស្រាយតាមរយៈ​កិច្ច​ព្រម​ព្រៀងសម្របសម្រួលជាមួយនឹងបារាំង។

នៅពេលនោះ បារាំងបានអនុញ្ញាតឱ្យកម្ពុជាបង្កើតគណបក្ស​នយោ​បាយដើម្បីរៀបចម្ការបោះឆ្នោត បង្កើតជារដ្ឋសភាជាតិ។ រដ្ឋធម្ម​នុញ្ញ​ កម្ពុជាលើកដំបូង ត្រូវបានប្រកាសឧ្យប្រើជាផ្លូវការនៅថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ១៩៤៧។

រយៈពេលបីឆ្នាំក្រោយមក គឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ដែល​មាន សម្ដេច ស៊ីសុវត្ថិ មុនីពង្ស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះ​មហាក្សត្រ បានចុះហត្ថលេខាជាមួយនឹងតំណាងរបស់រដ្ឋាភិបាល​បារាំង​​នៅក្រុងប៉ារីស។ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ​របស់​ប្រទេសកម្ពុជា។ ឯករាជ្យនេះ គឺមានតែនៅក្នុងច្បាប់ប៉ុណ្ណោះ ប៉ុន្ដែ ក្នុងការអនុវត្ដជាក់ស្ដែងនោះ ប្រទេសបារាំងនៅបន្ដកាន់កាប់ក្រសួង សំខាន់ៗរបស់កម្ពុជាដដែល ដូចជា វិស័យតុលាការ នគរបាល យោធា កិច្ចការ បរទេស សេដ្ឋកិច្ច ជាដើម។ ហេតុដូច្នេះហើយ ទើបសម្ដេច​ព្រះនរោត្ដម សីហនុ ព្រះអង្គទ្រង់បានសន្យានៅក្នុងព្រះរាជសាសន៍​របស់​ព្រះអង្គ ទៅកាន់ជនរួមជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ថា ព្រះអង្គនឹងទាមទារឯករាជ្យបរិបូរណ៍ឱ្យបាន ក្នុងរយៈពេលបីឆ្នាំយ៉ាង​យូរ។ នៅឆ្នាំ១៩៥២ ព្រះមហាក្សត្រកម្ពុជាចាប់ផ្ដើមធ្វើការទាមទារ​ឯករាជ្យ​ឱ្យ​បាន​មួយរយភាគរយ ដែលកិច្ចការនេះហៅថា ព្រះរាជ​បូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជា។

ក្រៅពីការតស៊ូនៅក្នុងប្រទេស សម្ដេច ព្រះនរោត្ដម សីហនុ បាន​យាងចេញទៅធ្វើការតស៊ូ ទាមទារឯករាជ្យតាមផ្លូវការទូត គឺនៅលើឆាក​អន្ដរជាតិ ក្នុងទិសដៅដើម្បីឱ្យពិភពលោកបានដឹងនូវ គោលបំណងពិត​ប្រាកដរបស់ប្រជាជនកម្ពុជា។ ជាដំបូង ព្រះអង្គបានយាងចេញ​ពី​ប្រទេស​ កម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​១៩៥៣។ ជា បន្ដបន្ទាប់ ព្រះអង្គបានផ្ញើព្រះសារលិខិតមួយច្បាប់ ចុះថ្ងៃ​ទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីក្រុងឡាណាពូល (La Napoule) ជូនទៅ​លោកប្រធានា ធិបតីបារាំង វាំងសង់ អូរីយ៉ូល (Vincent Auriol)។ នៅក្នុង​ព្រះសារ​លិខិត​នោះ គឺភាគីកម្ពុជាបានទាមទារឱ្យបារាំង ប្រគល់​ឯករាជ្យ​ឱ្យ​បានទូលំ​ទូលាយថែមទៀត។ នៅក្នុងសារលិខិតនោះដែរ​ ក៏បានភ្ជាប់​ទៅជាមួយ​នូវសេចក្ដីរាយការណ៍មួយច្បាប់ ដែលបញ្ជាក់ជូនពីសម្អាង​ផ្សេងៗ ដែល​នាំឱ្យមានការទាមទារឯករាជ្យ និង ជូននូវគ្រោងការ​នៃ​ពិធីផ្ទេរ​អំណាច​នានាមកឱ្យកម្ពុជា។

ក្រោយមកទៀត សម្ដេច ព្រះនរោត្ដម សីហនុ បាន​ផ្ញើ​ព្រះសារ​លិខិតចំនួនពីរច្បាប់ទៀត គឺមួយច្បាប់ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៥៣ និង មួយច្បាប់ទៀតចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ជូនទៅ​លោក​ប្រធានាធិបតីបារាំង វាំងសង់ អូរីយ៉ូល។ នៅក្នុងខ្លឹមសារ​នៃ​ព្រះសារ​លិខិត​នោះ ព្រះអង្គបានសុំឱ្យភាគីបារាំងសម្រេចអំពីការ​ប្រគល់​ឯករាជ្យ​កម្ពុជាឱ្យបានឆាប់រហ័ស។ ដោយការតស៊ូតាមរយៈការទូត​នៅ​ប្រទេស​បារាំង​មិនទទួលបានលទ្ធផលជាវិជ្ជមាននោះ សម្ដេច ​ព្រះ​នរោត្ដម សីហនុ បានសម្រេចយាងចាកចេញពីប្រទេសបារាំង ឆ្ពោះទៅកាន់​ប្រទេស​កាណាដា និង សហរដ្ឋអាម៉េរិក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ​១៩៥៣។

អ្នកដែលបានអមព្រះរាជដំណើរ យាងទៅកាន់សហរដ្ឋអាម៉េរិក និង ប្រទេសកាណាដារបស់សម្ដេច ព្រះនរោត្ដម សីហនុ មាន ៖

            ១-ឯកឧត្ដម ឡេង ង៉ែត ទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ

            ២-ឯកឧត្ដម ទី គឹមសួរ អគ្គលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី។

មូលហេតុដែលនាំឱ្យព្រះអង្គយាងទៅកាន់ក្រុង ម៉ុងរ៉េអាល់ (Monréal) ប្រទេសកាណាដា ព្រោះ ​ប្រទេសកាណាដា​ស្ថិតនៅជាប់​នឹងសហរដ្ឋអាម៉េរិក ហើយប្រជាជន ក្រុងកេបិច (Québec) មានគំនិត​ប្រហាក់ប្រហែលនឹងជនជាតិបារាំង ហេតុនេះ គេមិនអាចព្រងើយ​កន្ដើយ​ មិនយកចិត្ដទុកដាក់ពី ការគម្រាមកំហែងរបស់កុម្មុយនីស្ដ​នៅ​ឥណ្ឌូចិននោះឡើយ។ នៅសហរដ្ឋអាម៉េរិក ព្រះរាជសាសន៍ដែលបាន​ចុះផ្សាយក្នុងកាសែតញូវយ៉កថែម (New York Times) នាថ្ងៃទី១៩ ខែ​មេសា ឆ្នាំ១៩៥៣ បានធ្វើឱ្យសាធារណមតិអាម៉េរិក និង សកល​លោក​មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្ដេចព្រះ នរោត្ដម សីហនុ បាន​មាន​ព្រះបន្ទូលថា បើប្រទេសបារាំង មិនព្រមប្រគល់ឯករាជ្យមកឱ្យ​កម្ពុជា ​គ្រោះថ្នាក់មួយដ៏ពិតប្រាកដ ដោយប្រជារាស្ដ្រកម្ពុជា​ក្រោកឈរ​ប្រឆាំងនឹងរបបព្រះអង្គ ហើយពួកគេនឹងទៅចុះចូលជាមួយនឹងចលនា​វៀតមិញ ដឹកនាំដោយពួកកុម្មុយនីស្ដ។ កត្ដាទាំងនេះ ជាហេតុនាំឱ្យ​រដ្ឋាភិបាលបារាំង បង្ខំចិត្ដយល់ព្រមចរចាជាមួយនឹងភាគីកម្ពុជា។ មុន​នឹងវិលត្រឡប់ពីសហរដ្ឋអាម៉េរិក ឆ្ពោះមកប្រទេសកម្ពុជា សម្ដេច ព្រះ​នរោត្ដម សីហនុ បានយាងទៅកាន់ប្រទេសជប៉ុន។ នៅទីនោះ ព្រះអង្គ​មិនបានធ្វើសកម្មភាពអ្វីជាធំដុំឡើយ។ ដើម្បីព្រះអង្គបានជួបប្រាស្រ័យ​ជាមួយនឹងសហការីរបស់ព្រះអង្គ សម្ដេច ព្រះនរោត្ដម សីហនុ បាន​យាង​ចាកចេញពីប្រទេសជប៉ុន មកកាន់ក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ១៩៥៣។

បន្ទាប់មកទៀត ព្រះអង្គបានយាងទៅកាន់ប្រទេសថៃ នៅថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ១៩៥៣។ នៅក្រុងបាងកក ស្ដេចភូមីបុល មិនបានមក​ទទួលព្រះអង្គឡើយ។ រដ្ឋមន្ដ្រីការបរទេសថៃ បានធ្វើឱ្យព្រះអង្គដឹងថា​ប្រទេសថៃ មិនផ្ដល់នូវសមានចិត្ដចំពោះព្រះអង្គឡើយ ព្រោះសំខាន់​បំផុត គេមិនចង់ឱ្យមានការលំបាកក្នុងផ្នែកនយោបាយ និង ការទូត​ជាមួយនឹងប្រទេសបារាំង។ រដ្ឋាភិបាលថៃ បានប្រកាន់ឥរិយាបថ​ហាម​ឃាត់ សម្ដេច ព្រះនរោត្ដម សីហនុ មិនឱ្យធ្វើនយោបាយ ហើយ​គេ​មិនអនុញ្ញាតឱ្យព្រះអង្គ ស្នាក់នៅគេហដ្ឋានរបស់ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅក្រុងបាងកកទៀតផង ដោយគេបានយកលេសថា ព្រះអង្គ​គ្រាន់តែជាជននិរទេសម្នាក់ប៉ុណ្ណោះ។

ក្រោយពីទទួលបានការយកចិត្ដទុកដាក់ ពីបណ្ដារដ្ឋនានាមក សម្ដេច ព្រះនរោត្ដម សីហនុ បានយាងត្រឡប់មកកាន់កម្ពុជាវិញ ប៉ុន្ដែ ព្រះអង្គបានទៅតាំងទីបញ្ជាការនៅក្នុងតំបន់ស្វយ័ត ដែលមានខេត្ដ​សៀមរាប បាត់ដំបង និង កំពង់ធំ។ គួររំលឹកផងដែរថា ប្រទេស​កម្ពុជា​បានទទួលស្វ័យភាពផ្នែកសឹកនៅក្នុងខេត្ដសៀមរាប និង កំពង់ធំ ឆ្នាំ​១៩៤៩ ហើយខេត្ដបាត់ដំបងបានទទួលស្វយ័តភាពផ្នែក សឹកនៅឆ្នាំ​១៩៥២ នេះជាមធ្យោបាយមួយទៀត សម្រាប់ជាយុទ្ធសាស្ដ្រក្នុង​ការ​ទាមទារឯករាជ្យរបស់កម្ពុជា។ ចាប់ពីឆ្នាំ១៩៥៣មក​ ប្រទេសបារាំងបាន​ចាប់ផ្ដើមប្រគល់នូវស្ថាប័នសំខាន់ៗមកឱ្យកម្ពុជា ដែលមានលំដាប់លំ​ដោយ​ដូចខាងក្រោម ៖

           -បារាំងបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ ស្ដីពី​ការផ្ទេរអំណាចតុលាការ និង ប៉ូលីសមកឱ្យកម្ពុជា។

          -ចំពោះអធិបតេយ្យភាពការទូត ក៏ទទួលបានពេញលក្ខណៈ​ផង​ដែរ តាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំង និង រាជរដ្ឋាភិបាល​កម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ជូន តាមរយៈ​លោកឧត្ដមស្នងការ នៃសាធារណរដ្ឋបារាំងលេខ៣៩៣ R ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ១៩៥៣។

  -ចុងក្រោយបង្អស់ បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្ដីពី ការប្រគល់អំណាចយោធាក្នុងប្រទេសកម្ពុជាទាំងមូលមកឱ្យ​កម្ពុជា​វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣។ ដោយទទួលបាននូវជ័យជម្នះ​ទាំងស្រុងនេះហើយ ទើបសម្ដេច ព្រះនរោត្ដម សីហនុ បាន​យាង​ចេញ​ពីតំបន់ស្វយ័ត ឆ្ពោះមកកាន់ក្រុងភ្នំពេញវិញ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅមុខព្រះបរមរាជវាំងនាថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ មានប្រារឰពិធីនៃការផ្ទេរអំណាចទាំងស្រុងរបស់ប្រទេសបារាំង មកឱ្យ​ប្រទេសកម្ពុជា។ នៅពេលនោះ លោកឧត្ដមសេនីយ៍បារាំង ដឺឡង់ ក្លាដ (de Langlade) បានថ្វាយនូវបញ្ជាការរបស់លោក ចំពោះសម្ដេច​ព្រះនរោត្ដម សីហនុ។

២-ការប្រកាន់យកនយោបាយអព្យាក្រឹតរបស់កម្ពុជា

បន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យបរិបូរណ៍ នាឆ្នាំ១៩៥៣មក កម្ពុជា​ត្រូវជ្រើសរើសយកមាគ៌ាមួយ ក្នុងចំណោមផ្លូវបំបែកបី ទីមួយ ការប្រកាន់​យករបបសេរី ទី២ ការប្រកាន់យករបបសង្គមនិយម និង ទី៣ ការប្រកាន់​យក​នយោបាយអព្យាក្រឹត។ ការដែលនាំឧ្យមានការជ្រើសរើសផ្លូវច្រើនបែបនេះ ព្រោះថា ស្ថានភាពសកលលោកនាបរិបទនោះ គឺត្រូវបានទទួលរងនូវឥទ្ធិពល​មនោគមវិជ្ជាពីរធំៗ គឺមនោគមវិជ្ជាសេរី ដែលមានសហរដ្ឋអាម៉េរិកជាតំណាង និង មនោគមវិជ្ជាកុម្មុយនីស្ត ដែលមានសហភាពសូវៀតជាតំណាង។ នៅក្នុង​សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីការបញ្ឈប់សង្រ្គាមនៅឥណ្ឌូចិន​ តំណាង​គណៈប្រតិភូកម្ពុជា ដែលបានទៅចូលរួមក្នុងសន្និសីទនោះ បានបង្ហាញជំហរ​របស់ខ្លួនថា កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រឹត។ នៅឆ្នាំ១៩៥៥ សម្តេច ព្រះនរោត្តម សីហនុ ក៏បានប្រកាសជាផ្លូវការ​ក្នុងសន្និសីទ​នាក្រុង​ បាន​ឌុង ប្រទេសឥណ្ឌូណេស៊ី ស្តីពី ប្រជាជាតិអាស៊ី-អាហ្រ្វិកថា កម្ពុជាបាន​ប្រកាន់​យកនយោបាយអព្យាក្រឹត សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃនយោបាយការបរទេស​របស់ខ្លួន នៅក្នុងឆាកអន្តរជាតិ។ ការដែលប្រកាន់យកនយោបាយអព្យាក្រឹត​ គឺ​កម្ពុជាមានលទ្ធភាព អាចធ្វើទំនាក់ទំនងជាមួយនឹងប្រទេសមហាអំណាចសេរី និង ប្រទេសមហាអំណាចកុម្មុយនីស្ត​ ក៏ដូចជា ប្រទេសនានានៅទូទាំង​សកល​លោក។

ការប្រកាន់យកនយោបាយនេះ នៅគ្រាដំបូងកម្ពុជាគ្រាន់តែបាន​បង្ហាញ​​ឱ្យប្រជាជនកម្ពុជា និង ពិភពលោកបានដឹងតែតាមរយៈសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និង សន្និសីទបានឌុង ឆ្នាំ១៩៥៥ជាដើម។ លុះមកដល់ឆ្នាំ១៩៥៧ ទើបនយោបាយអព្យាក្រឹតកម្ពុជាបានប្រកាសជាផ្លូវច្បាប់ តាមព្រះរាជក្រម​លេខ​២៣២ ន.ស. ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៥៧។ នៅក្នុងមាត្រាទី១ នៃច្បាប់​នេះ​បានចែងថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេសអព្យាក្រឹត។ តាមខ្លឹមសារនៃ​ច្បាប់​នេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ព្រះរាជាណាចក្រកម្ពុជាពុំត្រូវការ​ចង​សម្ព័ន្ធ​មិត្រ​យោធា ឬ ទាក់ទងខាងផ្លូវគំនិតជាមួយនឹងបរទេសទេ ព្រះរាជា​ណាចក្រកម្ពុជា ពុំបង្កសង្គ្រាមប្រឆាំងនឹងបរទេសណាមួយឡើយ។ នៅក្នុង​មាត្រាទី២ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីដែលបរទេសណាមួយមក​បង្ក​សង្គ្រាមប្រឆាំងមកលើព្រះរាជាណាចក្រកម្ពុជា ៗ មានសិទ្ធិនឹង ៖

           -ការពារខ្លួនដោយអាវុធ

           -អំពាវនាវដល់អង្គការសហប្រជាជាតិ

           -អំពាវនាវដល់ប្រទេសមហាអំណាចណាដែលជាមិត្ដ[1]

ដូច្នេះ ចាប់ពីពេលនោះមកយើងឃើញថា នយោបាយអព្យាក្រឹតបាន​ក្លាយជាមូលដ្ឋានគ្រឹះ នៃនយោបាយការបរទេសរបស់កម្ពុជា នាសម័យ​សង្គម​រាស្ដ្រ​និយម។

៣-ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក

នៅសម័យក្រោយសង្រ្គាមលោកលើកទី២ ទំនាក់ទំនងរវាងប្រទេស​

កម្ពុជា និង សហរដ្ឋអាម៉េរិក​ចាប់ផ្តើមមានការប្រែប្រួល​ស្របពេលដែល​កងទ័ព​របស់លោក ម៉ៅ សេទុង ជិតទទួលបានជ័យជម្នះទាំងស្រុងនៅប្រទេសចិន ហើយកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគមបារាំង កាន់តែមានប្រៀបខ្លាំង​ឡើងៗនៅវៀតណាមខាងជើង។ ក្នុងពេលដែលគោលនយោបាយការបរទេស​របស់សហរដ្ឋ អាម៉េរិកបានផ្តោតទៅលើការរីករាលដាលចលនាកុម្មុយ​នីស្ត​នៅ​ភូមិភាគអាស៊ីអាគ្នេយ៍ ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ​ក៏ចាប់ផ្តើម​មានសារៈសំខាន់។

ប្រទេសកម្ពុជា វៀតណាម និង ឡាវបង្កីតបាននូវអ្វីដែលបារាំងហៅថា ឥណ្ឌូចិនតាំងពីចុងស.វ.ទី១៩។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ ទឹកដីអាស៊ី​អាគ្នេយ៍ភាគច្រើន ត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន។ បារាំងបានបន្ត​កាន់​កាប់ឥណ្ឌូចិនឡើងវិញ នៅក្រោយសង្រ្គាមលោកលើកទី២ ប៉ុន្តែ នៅពេលនោះ​ប្រជាជនកម្ពុជាចាប់ផ្តើមមានគំនិតចង់បានឯករាជ្យ។ បន្ទាប់មកសហរដ្ឋ​អាម៉េរិក​​បានទទួលស្គាល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥០។ សហរដ្ឋអាម៉េរិក បានបង្កើត​ទំនាក់​ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូង ជាមួយនឹងប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក ដូណល អ. ហ៊ែធ (Donald R. Heath) ឱ្យធ្វើតំណាងវិសាមញ្ញ និង ពេញសមត្ថភាព។ លោក Donald R. Heath បានថ្វាយសារតាំង ព្រះបាទ នរោត្តម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាម៉េរិក បានបើកឡើងនៅ​ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៥០។ នៅពេលនោះ សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតសហរដ្ឋអាម៉េរិក។ ការិយាល័យតំណាង​ទូត​ត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២។ នៅពេលនោះលោក Donald R. Heath បានក្លាយជាឯកអគ្គរដ្ឋទូតដំបូងគេបង្អស់​របស់សហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសកម្ពុជា។ លោក នង គឹមនី ជាទូត​តំណាងដំបូងគេរបស់កម្ពុជា ប្រចាំនៅសហរដ្ឋអាម៉េរិកបានសម្តែងនូវការដឹង​គុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយរបស់សហរដ្ឋអាម៉េរិក។

បន្ទាប់ពីសន្និសីទក្រុងហ្សឺណែវ ស្តីពី ការបញ្ចប់សង្រ្គាមនៅឥណ្ឌូចិន លោក រ៉ូប៊ើត ម៉ែក ឃ្លីនតុក (Robert McClintock) បានក្លាយជាឯកអគ្គរដ្ឋទូត​សហ​រដ្ឋអាម៉េរិក ប្រចាំនៅប្រទេសកម្ពុជា ដោយលោកបានថ្វាយសារតាំង​ដល់​ព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ នាថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៥៤។    សម្តេច ព្រះនរោត្តម សីហនុ បានបណ្តុះឱ្យមានទំនាក់ទំនងជាមិត្តភាព​របស់​កម្ពុជាជាមួយប្រទេសលោកខាងលិច និង ប្រទេសកុម្មុយនីស្ត។ សហរដ្ឋ​អាម៉េ​រិក​មានការភ័យខ្លាចថា កងទ័ពកម្ពុជាមិនមានសមត្ថភាពពេញលេញក្នុងការ​ទប់ទល់នឹងកងទ័ពកុម្មុយនីស្តនោះ ដូច្នេះ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមធ្វើការ​ជាមួយនឹងកម្ពុជា ដើម្បីបង្កើនជំនួយយោធារបស់ខ្លួនមកកម្ពុជា។

៤-ការទទួលយកជំនួយសហរដ្ឋអាម៉េរិកពីសំណាក់ប្រទេសកម្ពុជា

បន្ទាប់ពីបានទទួលស្គាល់ប្រទេសកម្ពុជានៅ ឆ្នាំ១៩៥០មក សហរដ្ឋ​អាម៉េ​រិក​បានចាប់ផ្តើមរៀបចំគម្រោងផ្តល់ជំនួយមកឱ្យប្រទេសកម្ពុជា។ ជំនួយ​ទំាងនោះ ត្រូវបានផ្តោតទៅលើវិស័យសំខាន់ពីរ គឺ ជំនួយផ្នែកស៊ីវិល និង យោធា។ ជំនួយទាំងនេះ បានទទួលរហូតមកដល់ឆ្នាំ១៩៦៣ ទើបកម្ពុជា បដិសេធ​លែងទទួលយក។

ក-ជំនួយផ្នែកស៊ីវិល

នៅឆ្នាំ១៩៥៥ គេបានបង្កើតកម្មវិធីជំនួយដែលមានទឹកប្រាក់​ចំនួន៥០ លានដុល្លារក្នុងមួយឆ្នាំ។ ជំនួយនេះ គេផ្តោតទៅលើការ​ជំរុញ​​ដំណើរជឿន​លឿន​វិស័យសេដ្ឋកិច្ច និង សង្គមប្រយោជន៍ កែលម្អ និង ពង្រីកការអប់រំ​សាធារណៈ បង្កើនគុណភាព និង បរិមាណផលិតផល​កសិកម្ម លើកកម្ពស់ ផ្នែក​សុខភាពសាធារណៈ។ ជំនួយសហរដ្ឋអាម៉េរិក​បានជួយបណ្តុះបណ្តាល​គ្រូបង្រៀន និង ជួយកសាង បំពាក់គ្រឿង​បរិក្ខារ​ដល់សាលាឯកទេស សាលា​មបឋមសិក្សា សាលាមធ្យមសិក្សា។ ជាដំបូង សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយ​សម្រាប់សាងសង់មជ្ឈមណ្ឌល​គរុកោសល្យបឋម លើកដំបូងរបស់កម្ពុជា​នៅ​កំពង់កន្ទួត ព្រមទាំងបាន​សាងសង់​សាលាបឋមសិក្សាចំនួន១៤ និង សាលា​មធ្យម​សិក្សាចំនួន៥​ផ្សេងទៀត។

នៅពេលនោះ សហរដ្ឋអាម៉េរិកក៏បានផ្តល់អាហារូបករណ៍ដល់​និស្សិត​កម្ពុជាមួយចំនួន ឱ្យទៅសិក្សានៅសហរដ្ឋអាម៉េរិកលើ​មុខវិជ្ជា​កសិកម្ម សុខភាព​សាធារណៈ បច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ គ្រឿងម៉ាស៊ីន និង វិស្វកម្ម។ គម្រោងមួយទៀត គឺការកសាង​មណ្ឌល​សុខភាព មន្ទីរពេទ្យកុមារ ទន្ទឹមនឹងនេះ ក៏មានការស្តារហេដ្ឋារចនា​សម័្ពន្ធ​គមនាគមន៍ សហរដ្ឋអាម៉េរិក ​បានជួយស្ថាបនាផ្លូវជាតិលេខ៤ (ផ្លូវមិត្តភាពកម្ពុជា-សហរដ្ឋអាម៉េរិក) ផ្លូវ​ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​ជាផ្លូវដ៏សំខាន់ មួយសម្រាប់ភ្ជាប់ទៅឆ្នេរសមុទ្រ​របស់​កម្ពុជា។ ការ​ស្ថាបនា​ផ្លូវនេះ បានចំណាយថវិកាអស់ចំនួន២៥លានដុល្លារ សហរដ្ឋ​អាម៉េរិក គឺជាគម្រោងជំនួយសហប្រតិបត្តិការទោលធំជាងគេ ដោយ​មាន​កម្មករអាម៉េរិក និង ខ្មែរធ្វើការរួមគ្នា។

ជំនួយផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលបានផ្តល់មកឱ្យ​ប្រទេស​កម្ពុជា ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦០ មានដូចតទៅ ៖

     -ឆ្នាំ១៩៥៥ ជំនួយផ្នែកសេដ្ឋកិច្ច មានទឹកប្រាក់ចំនួន ២៤៦០០​០០០ដុល្លារ

-ឆ្នាំ១៩៥៦ ទឹកប្រាក់ជំនួយផ្នែកសេដ្ឋកិច្ច មានចំនួន ២៣៨០០០០០ដុល្លារ

-ឆ្នាំ១៩៥៧ ជំនួយផ្នែកសេដ្ឋកិច្ច មានទឹកប្រាក់ចំនួន ១៩១០០០០០ដុល្លារ

-ឆ្នាំ១៩៥៨ ជំនួយផ្នែកសេដ្ឋកិច្ច មានទឹកប្រាក់ចំនួន ១៣២០០០០០ដុល្លារ

-ឆ្នាំ១៩៥៩ ទឹកប្រាក់ជំនួយផ្នែកសេដ្ឋកិច្ច មានចំនួន ១២៥០០០០០ដុល្លារ

-ឆ្នាំ១៩៦០ ជំនួយផ្នែកសេដ្ឋកិច្ច មានចំនួនទឹកប្រាក់​ ១០៧០០០០០ដុល្លារ។

ជំនួយរបស់សហរដ្ឋអាម៉េរិក ដែលបានផ្ដល់មកឱ្យកម្ពុជា​បាន​បែងចែក​ទៅតាមផ្នែកផ្សេងៗ គិតជាភាគរយ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ​១៩៦០ គឺ​ចំណាយ​លើការងារសាធារណៈ ៤៧.២% វិស័យកសិកម្ម ១៧.៥% វិស័យអប់រំ ១៣.៨% សុខភាពសាធារណៈ ៨.៧% ផ្នែកនគរ​បាលស៊ីវិល ៤.៥% ផ្នែកសហគ្រាស ៣.៥% មធ្យោបាយនៃការធ្វើ​ទំនាក់​ទំនង ២.២% ផ្នែករដ្ឋបាលសាធារណៈ ០.៩% និង ចំណាយផ្សេងៗ ១.៧%។

ខ-ជំនួយផ្នែកយោធា

ចំពោះជំនួយផ្នែកយោធា គឺពង្រឹងសន្តិសុខ និង ហេដ្ឋារចនា​សម្ព័ន្ធ ធ្វើ​ទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។ ជំនួយផ្នែក​យោធា​របស់​សហ​រដ្ឋអាម៉េរិក ដែលបានផ្តល់មកឱ្យប្រទេសកម្ពុជា ពីឆ្នាំ​១៩៥៥ ដល់ឆ្នាំ១៩៦៣ មានដូចតទៅ ៖

-ឆ្នាំ១៩៥៥ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន២១៣០០០០០ ដុល្លារ

-ឆ្នាំ១៩៥៧ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន​១៥៥០០០០០​ ដុល្លារ

-ឆ្នាំ១៩៥៨ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន១៥៤០០០០០​ ដុល្លារ

-ឆ្នាំ១៩៥៩ជំនួយផ្នែកយោធាមានចំនួនទឹកប្រាក់១៣១០០០០០​ ដុល្លារ

-ឆ្នាំ១៩៦០ទឹកប្រាក់ជំនួយផ្នែកយោធាមានចំនួន១២០០០០០០​ ដុល្លារ

-ឆ្នាំ១៩៦១ទឹកប្រាក់ជំនួយសរុបមានចំនួន២៦៦៦៤៧៥៨ ដុល្លារ

-ក្រៅពីនេះ សហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយដែលមិនមាននៅក្នុង​គម្រោង​​គឺមានចំនួនទឹកប្រាក់សរុប១៥៨២៩៩ ដុល្លារ[2]

-ឆ្នាំ១៩៦២ទឹកប្រាក់ជំនួយសរុបមានចំនួន២៣៩០០០០០ ដុល្លារ

-ឆ្នាំ១៩៦៣ទឹកប្រាក់ជំនួយលើផ្នែកយោធា និង សន្ដិសុខផ្ទៃក្នុង​សរុប​មានចំនួន១៩៣០០០០០ ដុល្លារ។

សូមបញ្ជាក់ថា នៅមុនឆ្នាំ១៩៥៦ ជំនួយរបស់សហរដ្ឋអាម៉េរិក​ភាគច្រើន​មិនបានយកមក ប្រើប្រាស់ដើម្បីធ្វើឱ្យជីវភាពប្រជាជនកម្ពុជា​ មានលក្ខណៈ​ប្រសើរឡើងនោះឡើយ ជំនួយភាគច្រើនគឺ ត្រូវបានធ្លាក់​ទៅក្នុងកណ្ដាប់ដៃ​បុគ្គល ហើយគេយកប្រាក់ដុល្លារទាំងនោះ ទៅ​ទិញ​សម្ភារៈ ដូចជា រថយន្ដ​សម្រាប់​ជិះកំសាន្ដជាដើម។

នៅក្នុងរយៈពេល៩ឆ្នាំ គឺ ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៣ ប្រទេស​កម្ពុជា​បាន​ទទួលជំនួយសេដ្ឋកិច្ច និង យោធាពី សហរដ្ឋអាម៉េរិក​រាប់រយ​លានដុល្លារ ដែលជំនួយទាំងនេះ វាជាការចូលរួមចំណែកមួយយ៉ាង​សំខាន់ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។ ជំនួយផ្នែកសេដ្ឋកិច្ច យោធា និង បច្ចេកទេស​របស់សហរដ្ឋ​អាម៉េរិក បានផ្ដល់មកឱ្យកម្ពុជាចាប់តាំងពី​ដំបូង​រហូតមកដល់ឆ្នាំ១៩៦៣ ហើយជំនួយនោះចាប់ផ្ដើមពីចំនួន​ច្រើន​មកចំនួនតិច[3]។ នៅរាល់ការផ្ដល់ជំនួយរបស់​សហរដ្ឋអាម៉េរិក គឺមាន​ភ្ជាប់មកជាមួយនូវលក្ខខណ្ឌ។ បើសិនណាជាប្រទេស​កម្ពុជាយល់ព្រម​ចូលរួមក្នុងបក្សសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក ជំនួយនេះនឹង​អាច​មានទំហំ​ប្រហាក់ប្រហែលនឹងជំនួយដែលសហរដ្ឋអាម៉េរិក ផ្ដល់ឱ្យទៅ​ប្រទេស​ជិតខាងកម្ពុជា។ ដោយសារប្រទេសកម្ពុជាឈរលើមូលដ្ឋាននៃ​នយោ​បាយអព្យាក្រឹត និង មិន​ចូលបក្សសម្ព័ន្ធនោះ កម្ពុជាមិនអាច​នឹងទៅ​ចូលរួមជាមួយប្លុកនៃមនោគមវិជ្ជា​ណា​មួយបានឡើយ។

ហេតុនេះ កម្ពុជានឹងមិនបានទទួលផលផ្នែកជំនួយទេ ទុកណា​ជា​នៅ​លើ​ផែន​ការសេដ្ឋកិច្ចក៏ដោយ ​បើប្រៀបប្រដូចទៅនឹងប្រទេស​ដែល​​ចូលក្នុង​បក្ស​សម្ព័ន្ធណាមួយនោះ[4]

ណែកឯសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅឥណ្ឌូចិន ដូចជា វៀតណាមខាងត្បូង និង ឡាវសេរី បានទទួលជំនួយកាន់តែច្រើនឡើង។

ទោះជាយ៉ាងនេះក្ដី ការធ្វើឱ្យបានសម្រេចផែនការពីរឆ្នាំរបស់​សង្គម​រាស្ដ្រ​និយម ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៨ គឺអាស្រ័យដោយជំនួយ​បរទេស​រហូតដល់​ទៅ៩២ ភាគរយ ដូចនេះ ថវិកាជាតិមានតែ៨​ភាគរយ​តែប៉ុណ្ណោះ។ ប៉ុន្ដែ ការ​ដាក់ផែនការប្រាំឆ្នាំលើកទី១ បន្ដមកទៀតគេ សង្កេតឃើញថា ចំនួនថវិកាជាតិ​បានឡើងរហូតដល់ទៅ៦៨ភាគរយ ឯជំនួយបរទេសធ្លាក់មកនៅត្រឹមតែ៣២ ភាគរយ។ ផែនការប្រាំឆ្នាំ​លើកទី​២ កម្ពុជានឹងគ្រោងថវិកាជាតិចំនួន​៩០​ភាគរយ[5]។ ដោយប្រទេស​កម្ពុជាចង់រក្សាឱ្យបាននូវនយោបាយ​អព្យាក្រឹត​របស់​ខ្លួននោះ កម្ពុជា​តែង​តែបដិសេធមិនចូល រួមជាមួយនឹងអង្គការសេអាតូ ដែល​មាន​ចរិត​ជាអង្គការសម្ព័ន្ធភាពយោធា។ ត្រង់ចំណុចនេះ បានបង្ហាញឱ្យឃើញ​យ៉ាងច្បាស់ នៅក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចរបស់ សម្ដេច ព្រះ​នរោត្ដម សីហនុ ទៅ កាន់ប្រទេសហ្វ៊ីលីពីន នាឆ្នាំ១៩៥៦ ដោយ ព្រះអង្គ​បាន​ថ្លែងការពារយ៉ាងដាច់ខាត ចំពោះជំហរអព្យាក្រឹតរបស់​ព្រះអង្គ[6]

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ លោក​រដ្ឋមន្ដ្រី​ការ​បរទេសសហរដ្ឋអាម៉េរិក ចន ហ្វស្ទ័រ ឌុលេស (John Foster Dulles) បាន​មកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ ដើម្បីទទួលនូវ​ការ​ដាក់បញ្ចូលប្រទេស​កម្ពុជាទៅក្នុងអង្គការសេអាតូ ប៉ុន្ដែ ត្រូវបានបដិសេធ​ដោយ សម្ដេច ព្រះនរោត្ដម សីហនុ[7]។ ការបដិសេធបែបនេះ​គឺព្រះអង្គបាន​សម្អាងទៅលើការសន្យា​របស់កម្ពុជា​ នៅឯសន្និសីទក្រុងហ្សឺណែវ ដែល​កម្ពុជា​បានប្រកាន់យកជំហរ​អព្យា​ក្រឹត។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៦៣ សម្ដេច ព្រះនរោត្ដម សីហនុ បាន​​ប្រកាសឈប់ទទួលយកជំនួយរបស់សហរដ្ឋអាម៉េរិក។

ន្ទាប់មកទៀត​នៅថ្ងៃ​ទី២៩-៣១ ខែធ្នូ ឆ្នាំ១៩៦៣ ដដែល ក្នុង​ឱកាសសមាជជាតិលើកទី១៦ បាន​ឯកភាព​ទាំងស្រុងលើការបដិសេធ​នូវជំនួយយោធា និង ស៊ីវិលទាំងអស់ របស់​សហរដ្ឋអាម៉េរិក[8]។ ការ​ប្រកាស​បដិសេធមិនទទួលយកជំនួយសហ​រដ្ឋអាម៉េរិក ​នាឆ្នាំ១៩៦៣ ពីសំណាក់ប្រទេសកម្ពុជា បានធ្វើឱ្យសហរដ្ឋអាម៉េរិកបង្កើនការ​គាប​សង្កត់មកលើប្រទេសកម្ពុជា តាមរយៈការផ្ដល់អាវុធឱ្យកម្លាំង​ចលនា​ខ្មែរសេរី និង ការរំលោភមកលើដែនអាកាសកម្ពុជា ពីសំណាក់​យន្ដ​ហោះ​យោធាថៃ និង វៀតណាមខាងត្បូង។ ការប្រកាន់យកនយោបាយ​អព្យាក្រឹត ​បានធ្វើឱ្យកម្ពុជាទទួលរងសម្ពាធពីមហាអំណាច​មូលធន​និយម ពិសេស គឺ​សហរដ្ឋអាម៉េរិក។ ទង្វើនេះ បានបង្ហាញឱ្យឃើញពី​ការ​គាំទ្រ​រ​​បស់សហរដ្ឋ​អាម៉េរិក​ចំពោះប្រទេសថៃ និង វៀតណាម​ខាង​ត្បូង ដើម្បីដាក់គម្នាប​មកលើ​ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៥៩ លោក សឺន សាន រដ្ឋមន្ដ្រីក្រសួងការបរទេស កម្ពុជាបានថ្លែងជម្រាបទៅ​កាន់​អ្នក​តំណាងរបស់សហរដ្ឋអាម៉េរិក ដែលបាន​ចោទ​ប្រកាន់ថា មានកងទ័ព​វៀតមិញឆ្លងកាត់ទឹកដីកម្ពុជា ដើម្បីចូលទៅ​វៀត​ណាម​ខាងត្បូង លោក សឺន សាន បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជា​សព្វថ្ងៃ (សម័យ​សង្គមរាស្ដ្រនិយម) ជាព្រះរាជាណាចក្រអព្យាក្រឹត បើដូច្នេះ យើងមិន​អាចទៅកាន់របបកុម្មុយនីស្ដបានទេ នយោបាយអព្យាក្រឹតរបស់​យើង​គឺត្រូវបានប្រកាន់យក តាំងពីសន្និសីទក្រុងហ្សឺណែវមកម្ល៉េះ ហើយមិន​មែន​បរទេសណាមួយ មកបង្ខំឱ្យកម្ពុជាដើរតាមមាគ៌ានេះដែរ។ ចំពោះ​ការចោទ​ប្រកាន់​ពីសំណាក់លោកសេរីថា កម្ពុជាប្រកាន់យក​នយោបាយ​អព្យាក្រឹតដែល​លម្អៀងទៅរកកុម្មុយនីស្ដ លោក សឺន សាន ក៏បានឆ្លើយ​តបដោយ​លោក​បាន​ប្រៀបធៀបថា ប្រទេសកម្ពុជាប្រៀបបានដូចជាទូកមួយ ដែលយើងធ្វើដំណើរនៅចំកណ្ដាលស្ទឹង ឬ កណ្ដាលទន្លេ។ ប៉ុន្ដែ តាំងពីឆ្នាំ១៩៥៤មក នៅត្រើយខាងឆ្វេងមិនដែលបានដោលទូកយើងទេ បើយើងត្រូវរងគ្រោះច្រើនតែត្រូវបាញ់ពីខាងស្ដាំទៅវិញ ហេតុដូច្នេះហើយ បើកាលណាគេបាញ់ពីត្រើយខាងស្ដាំទូក នោះរត់ចៀសបន្ដិច ហើយប្រឆាំងទៅវិញ។ បើគ្មានការប្រឆាំងឆ្វេងទេ យើងនៅកាន់អព្យាក្រឹតពិត អញ្ចឹងសុំតែត្រើយខាងស្ដាំនោះកុំបាញ់យើងទៀត [9]

ចាប់ពីការបដិសេធនូវជំនួយនេះមក ស្ថានភាពនៃទំនាក់ទំនង​រវាង​​កម្ពុជា និង សហរដ្ឋអាម៉េរិកកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ នៅ​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ១៩៦៤ បាតុកម្មប្រឆាំងនឹងស្ថានទូតសហរដ្ឋអាម៉េរិក និង អង់គ្លេស​បានកើតឡើងនៅក្រុងភ្នំពេញ[10]។ នៅចុងបញ្ចប់ ប្រទេស​កម្ពុជាបានកាត់ផ្ដាច់​ចំណង​ការទូតជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ១៩៦៥។

ផ្នែកទី២

កម្ពុជាបដិសេធជំនួយសហរដ្ឋអាម៉េរិក

II-ការប្រែប្រួលស្ថានភាពនយោបាយនៅឥណ្ឌូចិននាទសវត្សរ៍ឆ្នាំ១៩៦០

១-ស្ថានភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកពីឆ្នាំ១៩៦០-១៩៧០

នៅទសវត្សរ៍ឆ្នាំ១៩៦០ ជារយៈពេលប្រកបទៅដោយភាពរំជើបរំជួល នៅឥណ្ឌូចិន គឺសហរដ្ឋអាម៉េរិកបានចូលពាក់ព័ន្ធកាន់តែជ្រៅក្នុងសង្រ្គាម​វៀត​ណាម ហើយសង្រ្គាមស៊ីវិលនៅប្រទេសឡាវ កាន់តែរីករាលដាលធំឡើងៗ។ គោលជំហរនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក គឺការទប់ទល់នឹង​ឥទ្ធិពលរបស់ប្រទេសចិន និង ការធានាឱ្យបានជ័យជម្នះលើវៀតណាមខាង​ជើង​គឺជាអាទិភាពសំខាន់។

សហរដ្ឋអាម៉េរិកបានចងសម័្ពន្ធជាមួយប្រទេសថៃ និង ប្រទេសវៀត​ណាម​ខាងត្បូង ហើយសង្ឃឹមថានឹងដើរតួនាទីក្នុងការកែលម្អ​ទំនាក់ទំនងរវាង​សហរដ្ឋអាម៉េរិក-កម្ពុជា និង ជាមួយប្រទេសជិតខាង។ សម្តេច ព្រះនរោត្តម សីហនុ ដែលពេលនោះជាព្រះប្រមុខរដ្ឋ បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រកាន់​នយោបាយអព្យាក្រឹត គឺព្រះអង្គមានគោលបំណងបញ្ចៀសប្រទេសកម្ពុជា​មិន​ឱ្យពាក់ព័ន្ធទៅនឹងសង្រ្គាមវៀតណាម។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏មានការព្រួយ​បារម្ភនៅពេលប្រទេសវៀតណាមខាងជើង និង វៀតណាមខាងត្បូង​រួមគ្នាតែ​មួយ។

ក្នុងការគិតគូថា ត្រូវរក្សានូវអធិបតេយ្យភាពទឹកដីនៃប្រទេសកម្ពុជា និង មានការសង្ស័យទៅ លើចេតនារបស់ប្រទេសថៃ និង វៀតណាមខាងត្បូង សម្តេច ព្រះនរោត្តម សីហនុ បានបន្តការធ្វើទំនាក់ទំនងជាមួយមហាអំណាច​ទាំងពីរ​គឺសហរដ្ឋអាម៉េរិក និង សហភាពសូវៀត។ ព្រះអង្គតែងចាត់ទុកផល​ប្រយោជន៍ និង អត្តសញ្ញាណរបស់ប្រទេសកម្ពុជាធំជាងអ្វីទាំងអស់។

សម្រាប់សហរដ្ឋអាម៉េរិកគិតថា ខ្លួនអាចទទួលយកបាននយោបាយ​អព្យាក្រឹតកម្ពុជា លុះណាតែរដ្ឋាភិបាលកម្ពុជាពិតជានៅអព្យាក្រឹត ហើយជាផ្លូវ​ការ​មិនលម្អៀងទៅរកប្រទេសកុម្មុយនីស្ត។ ចំណែកស្ថានការណ៍នៅប្រទេស​ឡាវ ដែលពួកកុម្មុយនីស្ត Pathet Lao កំពុងតែមានប្រៀប ហើយវៀតណាម​ខាងជើងកំពុងតែបញ្ជូនទាហាន និង គ្រឿងផ្គត់ផ្គង់មកភាគខាងត្បូង ហេតុនេះ​សម្តេចព្រះ នរោត្តម សីហនុ បានអំពាវនាវឱ្យមានការកោះប្រជុំសន្និសីទ​ក្រុង​ហ្សឺណែវ ហើយព្រះអង្គសង្ឃឹមថា សន្និសីទនោះនឹងអាចដោះស្រាយស្ថានភាព​ទាំងនោះបាន។ នៅឆ្នាំ១៩៦១ សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត អង់គ្លេស បារាំង រួមទាំងប្រទេសចំនួន១៤ផ្សេងទៀត បាន​ចូលរួមពិភាក្សា។ មួយឆ្នាំក្រោយមកការចរចាបានឈានដល់ការព្រមព្រៀងគ្នា​ដែលអំពាវនាវឱ្យប្រទេសឡាវក្លាយជាប្រទេសមានសន្តិភាព អព្យាក្រឹតភាព ឯករាជ្យ និង អធិបតេយ្យ។

មកដល់ឆ្នាំ១៩៦២ ជំហររបស់សហរដ្ឋអាម៉េរិកចំពោះប្រទេសកម្ពុជាត្រូវ​បាន​បែងចែកទៅជាពីរក្រុម។ ក្រុមមួយមានជំនឿថា សម្តេច ព្រះនរោត្តម សីហនុ នឹងភ្ជាប់ព្រះអង្គទៅនឹងពួកកុម្មុយនីស្ត។ មួយក្រុមទៀតយល់ថា ដើម្បី​ផល​ប្រយោជន៍សហរដ្ឋអាម៉េរិក គេមិនត្រូវធ្វើឱ្យប្រទេសកម្ពុជានៅឯកោនោះ​ទេ។ អ្នកដែលគាំទ្រខ្លាំងរបស់ក្រុមទី២ គឺលោកព្រឹទ្ធសមាជិកសភាអាម៉េរិក Mike Mansfield ដែលបានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅចុងឆ្នាំ១៩៦២។ លោក​ព្រឹទ្ធសមាជិករូបនេះជាអ្នក ជំនាញផ្នែកអាស៊ី ហើយក្រោយមកលោកបាន​ក្លាយ​ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកយូរជាងគេប្រចាំនៅប្រទេសជប៉ុន។ លោក Mike Mansfield បានពិភាក្សាផ្តល់យោបល់ដោយផ្ទាល់ជាមួយលោក ប្រធានា​ធិបតី Kennedy, Johnson និង លោកប្រធានាធិបតី Nixon ក្នុងអំឡុងទសវត្សរ៍ឆ្នាំ​១៩៦០ និង ឆ្នាំ១៩៧០ ដែលគាត់បានប្រឆាំងទៅនឹងការជាប់ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាម៉េរិកនៅក្នុងសង្រ្គាមវៀតណាម។

បើទោះជាមានការធានាអះអាងដោយផ្ទាល់ ពីលោកប្រធានាធិបតី Kennedy ថា សហរដ្ឋអាម៉េរិកគាំទ្រអព្យាក្រឹតនៃប្រទេសកម្ពុជា ហើយមិន​គាំទ្រ​ពួកប្រឆាំងក្តី ប៉ុន្តែ សម្តេច ព្រះនរោត្តម សីហនុ នៅតែអំពាវនាវឱ្យមាន​ការ​បញ្ឈប់​ជាបន្ទាន់នូវជំនួយរបស់សហរដ្ឋអាម៉រិក ដែលមានតម្លៃប្រហែល១៥ ភាគរយ នៃថវិកាជាតិកម្ពុជា។ នៅខែមករា ឆ្នាំ១៩៦៤ សហរដ្ឋអាម៉េរិក​បាន​ចាប់ផ្តើម កាត់បន្ថយបុគ្គលិករបស់ខ្លួនចេញពីក្រុងភ្នំពេញ ហើយលោក នង គឹមនី ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកត្រូវបានហៅ​ត្រឡប់​មកប្រទេសកម្ពុជាវិញ។ ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកលោក Philip D. Sprouse ក៏បានវិលត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញដែរ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៦៤ លោក Randolph A. Kidder ត្រូវបាន​តែង​តាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា ប៉ុន្តែ សម្តេច ព្រះនរោត្តម សីហនុ បដិសេធមិនទទួលសារតាំងរបស់លោក[11]។ នៅដំណាច់ឆ្នាំ១៩៦៤ មានតំណាងសហរដ្ឋអាម៉េរិកតែចំនួន១២ នាក់ប៉ុណ្ណោះនៅ កម្ពុជាដែលកាលពី​មួយ​ឆ្នាំមុនមានចំនួន៣០០នាក់។ នៅខែឧសភា ឆ្នាំ១៩៦៥ ទំនាក់ទំនងកម្ពុជា និង សហរដ្ឋអាម៉េរិកត្រូវបានកាត់ផ្តាច់។ ភាពតានតឹងនៅតែកើតមានជា​បន្ត​មកទៀត ដោយសហរដ្ឋអាម៉េរិកបានចោទប្រកាន់ថា ពួកកុម្មុយនីស្តវៀតណាម​កំពុងដឹកជញ្ជូនផ្គត់ផ្គង់តាមកំពង់ផែក្រុងព្រះសីហនុ។

២-កម្ពុជាក្នុងដំណាក់កាលនៃសង្រ្គាមវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកជំទាវ Jacqueline Kennedy មកប្រទេស​កម្ពុជានៅ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ហាក់មានការប្រែប្រួលនៃទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ។ នៅពេលនោះ សម្តេច ព្រះនរោត្តម សីហនុ បានរៀបចំទ​ទួល​ស្វាគមន៍លោកជំទាវ Jacqueline Kennedy ជាភ្ញៀវពិសេស ដោយលោកជំទាវ គឺជាជនជាតិអាម៉េរិកដំបូងគេដោយទទួលបានកិត្តិយសថ្នាក់រដ្ឋខ្ពស់តាំងតែពីមាន ការកាត់ផ្តាច់ចំណងការទូតនៃប្រទេសទាំងពីរ។

បន្ទាប់មក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៨ លោក Chester A. Bowles ជាបេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកក្រុង​ភ្នំពេញ​ដើម្បីពិភាក្សា ស្តីពីការកម្រិតវត្តមានកងទ័ពវៀតកុងនៅលើទឹកដីកម្ពុជា និង កង្វល់របស់ សម្តេច ព្រះនរោត្តម សីហនុ លើបូរណភាពទឹកដីនៃ​ប្រទេស​កម្ពុជា។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Nexon បានចូលកាន់តំណែងនៅ ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៦៩ សហរដ្ឋ​អាម៉េរិក​បាន​ចេញសេចក្តីប្រកាសទទួលស្គាល់អធិបតេយ្យភាព ឯករាជ្យ អព្យា​ត្រឹតភាព និង បូរណភាពទឹកដីនៃប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋ​អាម៉េរិកនាពេលនោះ នៅតែមិនមានភាពរលូន។ ភាពរកាំរកូសនេះបានបន្ត​រហូតដល់លោក លន់ នល់ បានទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ពី​ប្រមុខ​រដ្ឋនៃប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ នៅពេលនោះប្រទេស​កម្ពុជាបានក្លាយជាសាធារណរដ្ឋ ដែលស្និទ្ធទៅនឹងសហរដ្ឋអាម៉េរិក ហើយ​កម្ពុជា​បានប្រឈមយ៉ាងពេញទំហឹងទៅនឹងចលនាកុម្មុយនីស្តខ្មែរ និង វៀត​ណាម។ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាមវៀតណាម ហើយ​សង្រ្គាម​នៅកម្ពុជាបានក្លាយជាសង្រ្គាមស៊ីវិលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។

សរុបមក ទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក​នា​សម័យក្រោយ កម្ពុជាទទួលបានឯករាជ្យពីរបបអាណាព្យាបាលបារាំង​នៅថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយជាពិសេសនៅក្នុង សម័យសង្គមរាស្ដ្រនិយមពី​ឆ្នាំ​១៩៥៥ ដល់ឆ្នាំ១៩៧០ មិនសូវមានភាពរលូនឡើយ។ ចាប់តាំងពីកម្ពុជា​បាន​បដិសេធមិនទទួលយកជំនួយសហរដ្ឋអាម៉េរិក នៅឆ្នាំ១៩៦៣មក ទំនាក់​ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកតែងតែមានភាពរកាំរកូសជាបន្ដបន្ទាប់ ជាក់ស្ដែង​នៅឆ្នាំ១៩៦៥ ទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកបានឈាន​ទៅដល់​កម្រិតមួយធ្ងន់ធ្ងរ រហូតមានការផ្ដាច់ចំណងការទូតនៃប្រទេសទាំង​ពីរ​ទៀតផង។ លុះមកដល់ឆ្នាំ១៩៦៩ ទើបស្ថានភាពនៃទំនាក់ទំនងការទូតរបស់​ប្រទេសទាំងពីរត្រូវបានស្ដារឡើងវិញ។ ហេតុការណ៍ដែលធ្វើឱ្យមានភាពមិន​រលូននៅក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា និង សហរដ្ឋអាម៉េរិកនៅពេលនោះ គឺសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយយោធាជាច្រើនមកឱ្យប្រទេសកម្ពុជា ដែល​ជំនួយនោះ សហរដ្ឋអាម៉េរិកមានគោលបំណងចង់ឱ្យប្រទេសកម្ពុជាក្លាយ​ទៅ​ជាប្រទេសមួយដែលគាំទ្រលោកសេរី ដើម្បីប្រឆាំងនឹងការរីករាលដាលនៃ​លទ្ធិ​កុ​ម្មុយនីស្ដនៅភូមិភាគអាស៊ីអាគ្នេយ៍។ ជាពិសេស សហរដ្ឋអាម៉េរិកចង់ឱ្យ​ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ឬ គេហៅថា សេអាតូ។ ដោយសារនៅសម័យសង្គមរាស្ដ្រនិយម កម្ពុជា​បានប្រកាន់យក​នយោបាយអព្យាក្រឹត ហេតុនេះ កម្ពុជាបានប្រកាន់យកបន្ទាត់នយោបាយ​អន្ដរជាតិកណ្ដាលមួយ មានន័យថា កម្ពុជាអាចធ្វើទំនាក់ទំនងការទូត​ជាមួយ​ប្រទេសទាំងឡាយនៅក្នុងសកលលោក មិន បែងចែកថា ប្រទេសនោះជា​ប្រទេស​ប្រកាន់លទ្ធិសេរី ឬ កុម្មុយនីស្ដនោះឡើយ។ ការប្រកាន់ជំហររបស់​កម្ពុជាបែបនេះ បានធ្វើឱ្យមេដឹកនាំលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក​មិន​ព្រមផ្តល់ការគាំទ្រពេញលេញដល់ប្រទេសកម្ពុជា។

សន្និដ្ឋាន

បន្ទាប់ពីទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេស​កម្ពុជា​ត្រូវប្រឈមទៅនឹងបញ្ហាជាច្រើន ជាពិសេស ប្រឈមនឹងបញ្ហាការ​ពង្រឹង​ឯកភាពជាតិ សេដ្ឋកិច្ច និង ការការពារជាតិ។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនា​ពេលនោះ កម្ពុជាត្រូវពឹងផ្អែកទៅលើជំនួយពីបរទេសមួយភាគធំ។ ការស្វែង រកជំនួយនេះទៀតសោត កម្ពុជាក៏ត្រូវទទួលរងនូវសម្ពាធនៃមនោគមវិជ្ជាធំពីរ​នៅក្នុង​សកលលោកនាពេលនោះ គឺមនោគមវិជ្ជាសេរី ដែលតំណាងដោយ​សហរដ្ឋអាម៉េរិក និង មនោគមវិជ្ជាកុម្មុយនីស្ត តំណាងដោយសហភាពសូវៀត។ អាស្រ័យដោយសកលលោកមានការដណ្តើមឥទ្ធិពលគ្នាបែបនេះ កម្ពុជាបាន ជ្រើសរើសយកនយោបាយអព្យាក្រឹតមកធ្វើជាមូលដ្ឋានគ្រឹះ នៃនយោបាយ​ការ​បរទេសរបស់ខ្លួន។ នយោបាយនេះ ជាផ្លូវមួយសម្រាប់ឱ្យកម្ពុជាមានលទ្ធភាព​អាចទៅធ្វើទំនាក់ទំនងជាមួយប្រទេសដែលប្រកាន់លទ្ធិសង្គមនិយមផង និង ទំនាក់ទំនងជាមួយប្រទេសដែលប្រកាន់លទ្ធិសេរីផងដែរ។

ទំនាក់ទំនងជាផ្លូវការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក គឺត្រូវបានធ្វើឡើងនៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ បន្ទាប់មកសហរដ្ឋអាម៉េរិកបានចាប់ផ្តើមផ្តល់​ជំនួយមកឱ្យកម្ពុជាទាំងជំនួយផ្នែកសេដ្ឋកិច្ច និង ជំនួយផ្នែកយោធា។ ជំនួយ​សេដ្ឋកិច្ច​របស់សហរដ្ឋអាម៉េរិកបានផ្តោតទៅលើវិស័យអប់រំ ដូចជា ការកសាង​សាលារៀនជាដើម។ ជំនួយផ្នែកអភិវឌ្ឍន៍ជនបទ និង ស្តារហេដ្ឋារចនាសម័្ពន្ធ ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយសម្រាប់វិស័យកសិកម្ម។ ចំណែកជំនួយយោធា​របស់​សហរដ្ឋអាម៉េរិក បានផ្តល់ជាប្រាក់បៀវត្សរ៍ដល់យោធាកម្ពុជា និង ផ្តល់សម្ភារៈ​យោធាមានគ្រឿងសព្វាវុធ ដូចជា កាំភ្លើង រថយន្តយោធា រថគ្រោះ សាឡាង ជាដើម។ ដោយផ្អែកទៅលើនយោបាយអព្យាក្រឹត កម្ពុជាបានទៅធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសកុម្មុយនីស្ត មានសហភាពសូវៀត សាធារណរដ្ឋ​ប្រជា​មានិត​ចិនជាដើម។ ទន្ទឹមនឹងសហរដ្ឋអាម៉េរិកមក​បង្កើតទំនាក់ទំនង​ការទូត​ជាមួយ​​កម្ពុជា សហរដ្ឋអាម៉េរិកបានស្នើឱ្យកម្ពុជាចូលជាសមាជិករបស់អង្គការសេអាតូ (អង្គការសន្ធិសញ្ញា ប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនីស្តនៅអាស៊ី​អាគ្នេយ៍) ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៤។ នៅពេលនោះ កម្ពុជាបាន​បដិសេធ​មិន​ព្រមចូល​ជាសមាជិករបស់អង្គការមួយនេះ ដោយកម្ពុជាបាន​អះអាងថា ខ្លួនជាប្រទេសអព្យាក្រឹត។

នៅពេលដែលកម្ពុជាបដិសេធ មិនព្រមចូលជាសមាជិកអង្គការសេអាតូ ហើយកម្ពុជា ទៅបង្កើតទំនាក់ទំនងការទូតជាមួយសហភាពសូវៀត សាធារណ​រដ្ឋប្រជាមានិតចិន បានធ្វើឱ្យទំនាក់ទំនងរវាង កម្ពុជា-សហរដ្ឋអាម៉េរិក​ ចាប់​ផ្តើមរកាំរកូស ហើយសហរដ្ឋអាម៉េរិកមិនបានគាំកម្ពុជាឱ្យបានពេញលេញ ឡើយ។ ក្នុងបរិបទនៃសង្រ្គមត្រជាក់ និង ការប្រកាន់យកនយោបាយ​ការ​បរទេស​មិននឹងន នៅពេលនោះ កម្ពុជាហាក់ឃ្លាតចេញពីប្រទេសក្នុងប្លុកសេរី ហើយបានបាត់បង់ឱកាសក្នុងការទទួលយកជំនួយ មកអភិវឌ្ឍន៍ប្រទេសជាតិ។

គន្ថនិទ្ទេស

ឯកសារជាភាសាខ្មែរ

១-     ព្រះរាជដំណើរព្រះបាទនរោត្ដម សីហនុ ឧបយុវរាជ ស្ដេចយាងទៅកាន់ប្រទេសចិនសាធារណរដ្ឋប្រជាមានិត

         ខែកុម្ភៈ ឆ្នាំ១៩៥៦។

២-     វិភាគបទនៃសន្និសីទរបស់ សម្ដេច ព្រះនរោត្ដម សីហនុ នៅកំពតថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៥៦។

៣-    ទស្សនាការជាមិត្ដភាពរបស់ ព្រះបាទ នរោត្ដម សីហនុ ទៅកាន់ សហភាពសូវៀត ខែកក្កដា ឆ្នាំ១៩៥៦។

៤-     រាជកិច្ច លេខ២១ ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៧។

៥-     កំណត់ហេតុប្រជុំសភា នៅក្នុងរាជកិច្ចលេខ២៨ ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៩។

៦-     ប្រទេសកម្ពុជាជួយដោយខ្លួនឯង ភ្នំពេញ ឆ្នាំ១៩៦៣។

៧-    ព្រះសុន្ទរកថានៃសម្ដេចព្រះប្រមុខរដ្ឋ ទ្រង់ថ្លែងក្នុងឱកាសសម្ពោធ

       ពិពរណ៍អចិន្ដ្រៃយ៍ថ្មីនៃសមិទ្ធិសង្គម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៤។

៨-     នរោត្ដម សីហនុ អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់ (បកប្រែដោយន.រណរង្គ) ឆ្នាំ១៩៩៣។

៩-     ខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាអាម៉េរិក (១៩៥០២០១០) បោះពុម្ពដោយស្ថានទូតសហរដ្ឋ

         អាម៉េរិកប្រចាំក្រុងភ្នំពេញ ឆ្នាំ២០១០។

ឯកសារជាភាសាបរទេស

១0-   Le Programme de l’aide économique américaine au Cambodge 1955-1959, 1960

២-     M. Raoul Jennar, Les clés du Cambodge, Faits et chiffres, repères historiques, profiles cambodgiens,

          cartes, Maisonneuve et Larose, 1995.

៣-    Norodom Sihanouk. La c.i.a contre le Cambodge, François Maspéro pour l’édition française, Paris, 1973.

[1] រាជកិច្ចលេខ២១ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៧ ទំព័រ៦៣៣៧-៦៣៣៨

[2] Le Programme de l’aide économique américaine au Cambodge 1955-1959, 1960. P. 21

[3] Ibid.,

[4] ប្រទេសកម្ពុជាជួយដោយខ្លួនឯង ភ្នំពេញ ឆ្នាំ១៩៦៣ ទំព័រ២-៦

[5] ព្រះសុន្ទរកថានៃសម្ដេចព្រះប្រមុខរដ្ឋទ្រង់ថ្លែងក្នុងឱកាសសម្ពោធពិពរណ៍អចិន្ដ្រៃយ៍ថ្មីនៃសមិទ្ធិសង្គម ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ១៩៦៤ ទំព័រ៤

[6] Norodom Sihanouk, La c.i.a. contre le Cambodge, François Maspéro pour l’édition française, Paris, p. 63-64

[7] Raoul M. Jennar, Les clés du Cambodge, Faits et chiffres, repères historiques, profiles cambodgiens, cartes, Maisonneuve et Larose, 1995, p. 58

[8] Ibid., p. 63

[9] កំណត់ហេតុប្រជុំសភា នៅក្នុងរាជកិច្ចលេខ២៨ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៩ ទំព័រ៤៩០៥

[10] Raoul M. jennar, Les clés du Cambodge, op. cit., p. 64

[11] ខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាអាម៉េរិក (១៩៥០២០១០) បោះពុម្ពដោយស្ថានទូត​សហ​រដ្ឋ​អាម៉េរិកប្រចាំក្រុងភ្នំពេញ ឆ្នាំ២០១០ ទំព័រ៤៧

Leave a Reply

Your email address will not be published.