ទំព័រដើម » ទេសចរណ៍ » តំបន់អទិភាពក្នុងការអភិវឌ្ឍ ទេសចរណ៍កម្ពុជា

តំបន់អទិភាពក្នុងការអភិវឌ្ឍ ទេសចរណ៍កម្ពុជា

តំបន់អទិភាពក្នុងការអភិវឌ្ឍ ទេសចរណ៍កម្ពុជា

តំបន់អទិភាពក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា

Priority areas for Cambodia tourism development

ដោយលោក ហេង សុភី
(បេក្ខជនបណ្ឌិតផ្នែកទេសចរណ៍)
មន្រ្តីស្រាវជ្រាវផ្នែកពាណិជ្ជកម្មនិងគ្រប់គ្រង
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

១-សេចក្តីផ្តើម

វិស័យទេសចរណ៍ដែលមានលក្ខណៈជាប្រព័ន្ធ គឺជាវិស័យអាទិភាព មួយ ត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិស័យទេសចរណ៍ រួមចំណែកកសាងសេដ្ឋកិច្ច សង្គម ផ្តល់ឱកាសការងារ​ ប្រាក់​ចំណូល លើកកម្ពស់ជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្រ។ ទេសចរណ៍​ត្រូវបានទទួលស្គាល់ថាជា «មាសបៃតង» ជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចបៃតង ដែលចំណូលនៃវិស័យនេះ ត្រូវបានចាក់បញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ រួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) និង ធ្វើឲ្យមាន​លំនឹង​ផ្នែកជញ្ជីងពាណិជ្ជកម្ម។ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព​និង ការទទួលខុសត្រូវរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍថែរក្សា​​​ការពារ​និង អភិរក្សសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និង ធនធានធម្មជាតិ។ ម្យ៉ាងទៀត ការរីក​លូតលាស់នៃទេសចរណ៍ ជួយលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ការពង្រឹងនិងពង្រីកមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង ការធ្វើសមា​ហរណកម្មកម្ពុជាទៅក្នុងតំបន់ និង អន្តរជាតិ។

ជាការពិត «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» មានសក្តានុពលយ៉ាង​ខ្លាំង​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធាន «វប្បធម៌ និង ធម្មជាតិ» ការឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខ និង​សុវត្ថិភាព​ល្អ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តជំរុញយ៉ាងសកម្ម សន្ទុះ​រីកចម្រើននៃវិស័យទេសចរណ៍ សំដៅរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ទេស​ចរណ៍២០១២-២០២០បានដាក់ចេញ ដើម្បីបង្ហាញថែមទៀតនូវឆន្ទៈ​នយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ​និរន្តភាព និង យកវិស័យនេះជាវិស័យអាទិភាពមួយ ក្នុងការរួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម។

២-ការអភិវឌ្ឍទេសចរណ៍តាមតំបន់អាទិភាព

ការអភិវឌ្ឍផលិតផលទេសចរណ៍ ត្រូវបានកំណត់តាមប្រភេទផលិត​ផល និង តាមតំបន់ ឬ ច្រករបៀងសំខាន់ៗ ដោយមានការសិក្សាវិភាគ​ច្បាស់​លាស់​ទៅលើប្រភពធនធានសក្តានុពលភាពទាក់ទាញផ្នែកពាក់ព័ន្ធ និង ផល​ប៉ះពាល់សេដ្ឋកិច្ចសង្គម។ តំបន់ទេសចរណ៍អាទិភាព ត្រូវបានកំណត់ ដូចខាង​ក្រោម៖

១.តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ តភ្ជាប់ទៅតំបន់បឹងមាលា​ប្រាសាទព្រះវិហារ និង ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង បឹងទន្លេសាប​ និង តំបន់ជុំវិញ។

២.ភ្នំពេញ (និងតំបន់ជុំវិញ) ដែលជារាជធានីដ៏ល្បីល្បាញមួយ នៅ​អាស៊ីអាគ្នេយ៍ និង ជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេស ទីតាំងប្រសព្វនៃទន្លេមេគង្គបែកជាមុខបួន និង សក្តានុពល​ទេសចរណ៍។

៣.ច្រករបៀងទេសចរណ៍ភាគខាងត្បូង (តំបន់ឆ្នេរ) ជាតំបន់មាន​សក្តា​នុពលអេកូ​ទេសចរណ៍ និង មានភាពទាក់ទាញខ្លាំង ជាពិសេស ការតភ្ជាប់​ជាមួយ​តំបន់អង្គរ ភ្នំពេញ ប្រទេសវៀតណាម និង ប្រទេសថៃ។ តំបន់​នេះ​បញ្ចូលផងដែរនូវតំបន់ភ្នំក្រវាញដ៏មានឥទ្ធិពលនៃជីវៈចម្រុះ ដែលជាមូលដ្ឋាន​សម្រាប់អេកូ​ទេសចរណ៍។

៤.ភូមិភាគឦសាន ជាតំបន់អេកូទេសចរណ៍ ដែលរំលេចដោយភាព​ទោល ពិសេសសត្វផ្សោតទន្លេមេគង្គ ទេសភាពធម្មជាតិជីវៈចម្រុះ និង វប្បធម៌​ប្រពៃណីរបស់ជនជាតិដើមភាគតិច។

៥.តំបន់ជុំវិញបឹងទន្លេសាប ដែលមានសក្តានុពលអេកូទេសចរណ៍​ភ្ជាប់​ដោយវប្បធម៌ប្រពៃណីនៃការរស់នៅរបស់ប្រជាជន ជាពិសេស ការងារកសិកម្ម ការនេសាទ និងសិប្បកម្មប្រពៃណី។

៦.​ តំបន់តាមដងទន្លេមេគង្គភ្ជាប់បឹងទន្លេសាប ទន្លេបាសាក់  ដែលមាន​សក្តានុពលអេកូទេសចរណ៍ និង វប្បធម៌ ជាពិសេស ភាពទាក់ទាញនៃការ​ទស្សនាតាមផ្លូវទឹក។

តំបន់ទាំងនេះ មានសក្តានុពលទេសចរណ៍ច្រើនប្រភេទចម្រុះគ្នា រួម​មាន វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ការកម្សាន្តតាមបែបផ្សងព្រេង និង ផលិត​ផល​ថ្មីៗ​ដែលបានបង្កើតឡើង ដែលទាំងអស់នេះ មានភាពទាក់ទាញយ៉ាងខ្លាំង​សម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និង អន្តរជាតិ។

ជាយុទ្ធសាស្ត្រ ការអភិវឌ្ឍផលិតផលទេសចរណ៍ មិនអាចកាត់ផ្តាច់ពី​ការសិក្សាទីផ្សារ និង សភាពការណ៍និន្នាការទេសចរណ៍តំបន់​ និង អន្តរជាតិ​បានទេ។ ការអភិវឌ្ឍផលិតផលត្រវឲ្យស្របតាមនិន្នាការទីផ្សារ ប៉ុន្តែ មិនត្រូវបត់ ឬ រត់តាមតម្រូវការទីផ្សារទាំងស្រុងទេ ព្រោះថា តម្រូវការទីផ្សារខ្លះ អាចប៉ះ​ពាល់​ជាអវិជ្ជមានដល់សេដ្ឋកិច្ចសង្គមកម្ពុជា។

កម្ពុជាមានសក្តានុពលធំធេងណាស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌ និង ធម្មជាតិ»។ បើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជាជាប្រទេស​តែមួយគត់ក្នុងអាស៊ី ដែលមានប្រាង្គប្រាសាទបុរាណជាង១០០០​ ដែលមាន​អាយុ​កាលរាប់ពាន់ឆ្នាំ មិនទាន់គិតអំពីទីតាំង (ទីទួល) និង គ្រឹះប្រាសាទ​រាប់​ពាន់​​កន្លែងផ្សេងទៀត ដែលសក្តិសមនឹងកិត្តិនាម «ព្រះរាជាណាចក្រនៃវប្បធម៌ »។ កេរដំណែល​ប្រវត្តិសាស្ត្រជាទីគោរពសក្ការៈទាំងនេះ ​ប្រមាណតែជិត១០% ប៉ុណ្ណោះ ដែលត្រូវបានប្រែក្លាយជា​គោលដៅទេសចរណ៍។ រីឯ៩០%ទៀតនៃ​តំបន់ប្រាសាទបុរាណជាច្រើន នៅកប់បាត់ឆ្ងាយពីការអភិវឌ្ឍនៅឡើយ ហើយ​ភាគច្រើននៃតំបន់ប្រាង្គប្រាសាទទាំងនេះ មានប្រជាជនរស់នៅដែលភាគ​ច្រើន​ជាអ្នកក្រីក្រ។ ដូច្នេះ ការអភិវឌ្ឍតំបន់ប្រាសាទទាំងនេះឲ្យទៅជា​គោលដៅ​ទេសចរណ៍ គឺរួមចំណែកអភិរក្សប្រាសាទផង ការអនុញ្ញាតប្រជាជនចូលរួម​អភិវឌ្ឍ អភិរក្ស និង ការកាត់បន្ថយភាពក្រីក្រផងដែរ។ ម្យ៉ាងវិញទៀតតំបន់​អេកូ​ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា គឺជាកំណប់ទ្រព្យដ៏មហាសាល  ដែល​សម្បូរទៅដោយធនធានធម្មជាតិ និង ជីវចម្រុះដ៏សម្បូរបែប ជាពិសេស​ប្រមូលផ្តុំនៅតាមតំបន់ការពារធម្មជាតិចំនួន៥៧កន្លែង ស្មើនឹងផ្ទៃដី៧​៤៣៩៦​៥៩ហិកតា (ឧទ្យានជាតិចំនួន១២កន្លែង ដែនជម្រកសត្វព្រៃ១៨កន្លែង តំបន់​បេតិកភណ្ឌធម្មជាតិចំនួន០២កន្លែង និង របៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិចំនួន០៣កន្លែង) តំបន់ការពារព្រៃឈើចំនួន០៩កន្លែង ព្រៃកោងកាង ដែលផ្សារភ្ជាប់ជាមួយនឹងការតភ្ជាប់ទៅនឹងអ័ក្សអេកូឡីស៊ី​ដ៏ធំ​នៅលើពិភពលោក គឺព្រៃត្រូពិចជួរភ្នំក្រវ៉ាញដែលមានវិសាលភាពដ៏ធំធេង និង សម្បូរទៅដោយពពួកសត្វកម្រចុងក្រោយនៅតំបន់អាស៊ី ហើយបច្ចុប្បន្ននេះ​ត្រូវបានដាក់បញ្ចូលទៅ ក្នុងតំបន់អេកូទេសចរណ៍ល្បីៗទាំង១០ ក្នុងពិភព​លោក។ រីឯតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលលាតសន្ធឹងប្រវែង៤៤០គីឡូម៉ែត្រ បានក្លាយជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក តាំងពីឆ្នាំ២០១១មក ហើយសម្បូរទៅដោយរុក្ខជាតិសត្វសមុទ្រ និង ជីវចម្រុះ​ជាច្រើនដែលមានប្រមាណ៣០ប្រភេទ ជាពិសេស ព្រៃកោងកាងធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ គ្របដណ្តប់លើផ្ទៃដី៥០០០០ហិកតា និង ផ្កាថ្ម៧០ប្រភេទ​ស្ថិត​ក្នុង៣៣ពួក និង ១១អម្បូរ។ លើសពីនេះទៅទៀត តំបន់ភូមិភាគឦសាន​ក៏​មានសក្តានុពលដ៏ធំធេង ជាមួយតំបន់ខ្ពង់រាប ឧទ្យានជាតិ ទេសភាពទន្លេមេគង្គ សមុទ្រឈើ ទឹកជ្រោះ សត្វផ្សោត ទន្លេមេគង្គ ពពួកសត្វកម្រ និង ជីវៈចម្រុះ​ផ្សេងៗទៀត ជាពិសេស សហគមន៍ជនជាតិភាគតិចច្រើនអម្បូរ។ ទាំងអស់នេះ គឺជា ធនធានអេកូទេសចរណ៍ដែល យើងមិនទាន់ទាញយកមកប្រើប្រាស់ដើម្បី​បម្រើក្នុងវិស័យទេសចរណ៍ឱ្យអស់ពីលទ្ធភាព ហើយប្រជាពលរដ្ឋនៅតាមតំបន់​អេកូទេសចរណ៍ទាំងនោះ នៅមានកម្រិតជីវភាពខ្សត់ខ្សោយនៅឡើយ ហើយ​ការថែរក្សាអភិរក្សធនធានធម្មជាតិទាំងនោះ ក៏មិន​ទាន់បានគ្រប់ជ្រុងជ្រោយ​ផងដែរ។

ការបង្កើតផលិតផលថ្មីគឺជាកត្តាចាំបាច់ ដើម្បីគាំទ្រផង និង ដោះស្រាយ​ផង​ជាមួយនឹងផលិតផលដែលមានស្រាប់ ព្រមទាំងបំពេញយុទ្ធសាស្ត្រ ស្តីពី ការផ្តល់ជម្រើសឱកាសទស្សនារបស់ភ្ញៀវឲ្យបានច្រើន និង ការពន្យារពេល​ស្នាក់នៅ ការចំណាយរបស់ភ្ញៀវ ដើម្បីជំរុញកំណើនការងារ និង សេដ្ឋកិច្ច​កម្ពុជា។ ការពឹងផ្អែកតែភាពល្បីល្បាញនៃតំបន់អង្គរ ឬ រាជធានីភ្នំពេញមួយមុខ គឺមិនគ្រប់គ្រាន់ឡើយដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២០ ​ក្នុងបរិមាណ​ភ្ញៀវ៧លាននាក់។ តំបន់អង្គរដែលមានទេសចរប្រមាណ ជាង២លាននាក់​ទស្សនាក្នុងមួយឆ្នាំៗ កាន់តែមានសម្ពាធខ្លាំងឡើងៗទាំងផ្នែកបរិស្ថាន និង វប្បធម៌ ហើយរយៈពេលស្នាក់នៅរបស់ភ្ញៀវ ក៏មិនបានយូរប៉ុន្មានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក៏អង្គរនៅតែជាប៉ូលទាក់ទាញ ឬ មេដែកឆក់​ដែលមានកម្លាំងខ្លាំង មិនគ្រាន់តែសម្រាប់កម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់​ទាំងមូល ដែលបាន និង កំពុងទទួលផលប្រយោជន៍ពីសក្តានុពលអង្គរនេះ។

២.១-អង្គរ និង តំបន់ជុំវិញ

ការអភិវឌ្ឍផលិតផលទេសចរណ៍គោលដៅទេសចរណ៍ថ្មីៗ នៅជុំវិញ​អង្គរ ឬ តភ្ជាប់ជាមួយអង្គរ គឺផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គមយូរអង្វែង និង ជាការសម្រាលបន្ទុកកាន់តែធ្ងន់នៅតំបន់​បេតិកភណ្ឌ​អង្គរ។ ជាក់ស្តែងការ​អភិវឌ្ឍគោលដៅទេសចរណ៍ «ចុងឃ្នាស» និង ផ្នែកខ្លះនៃបឹងទន្លេសាប បច្ចុប្បន្ន បានផ្តល់ផ្លែផ្កាយ៉ាងសំខាន់ដល់គ្រប់ផ្នែកពាក់ព័ន្ធ រួមមាន ប្រជាជន ជាពិសេស សហគមន៍ទូក កាណូត ដឹកភ្ញៀវទេសចរកម្សាន្ត និង សេវាកម្មនានា​នៅទីនោះ។ តាមការសិក្សាប្រមាណជា៤០%នៃភ្ញៀវមកសៀមរាបអង្គរ បានទៅ​ទស្សនា​បឹងទន្លេសាប។ ក្រៅពីចុងឃ្នាស ក៏នៅមានតំបន់ជាច្រើននៅជុំវិញ​បឹង​ទន្លេសាបបាន និង កំពុងរៀបចំជាសហគមន៍ទេសចរណ៍គោលដៅទេសចរណ៍ ដើម្បីទាក់ទាញការទស្សនារបស់ភ្ញៀវ ដូចជា នៅកំពង់ភ្លុក កំពង់ឃ្លាំង ព្រែក​ទាល់ មេជ្រៃ ជាដើម។

ការតភ្ជាប់អង្គរជាមួយតំបន់ផ្សេងៗ ត្រូវធ្វើឡើងទាំងប្រាំទិស (ដូច​កំពូល​ប្រាសាទអង្គរជាតំណាង) ហើយត្រូវ​ភ្ជាប់ដោយគ្រប់មធ្យោបាយ​ដឹក​ជញ្ជូន​ទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធសមស្រប។ ទិសនៃការ​តភ្ជាប់​សំខាន់ៗ​រួមមានភាគខាងត្បូងអង្គរ ភ្ជាប់ជាមួយបឹងទន្លេសាប និង តំបន់ជុំវិញ រហូតដល់ តំបន់សំខាន់ៗនៃខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង តភ្ជាប់​តាមផ្លូវអាកាសជាមួយខេត្តព្រះសីហនុ និង តំបន់ឆ្នេរទាំងមូល។ ភាគខាងជើង​តភ្ជាប់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង ជួរភ្នំដងរែក ជាពិសេស ប្រាសាទព្រះវិហារ​(បេតិកភណ្ឌពិភពលោក) ជាទីសក្ការៈដ៏មានឥទ្ធិពល ភូមិតេជោ ហើយបន្ត​ភ្ជាប់​ជាមួយប្រាសាទវត្តភូ តាមផ្លូវបុរាណកាត់ខេត្តព្រះវិហារ និង មួយផ្នែក​តភ្ជាប់ជាមួយខេត្តស្ទឹងត្រែង និង ភូមិភាគឦសានទាំងមូល ដែលសម្បូរទៅ​ដោយធនធានធម្មជាតិ និង វប្បធម៌ រួមមានជនជាតិដើមភាគ​តិច​តំបន់ភ្នំ។​ ឆ្ពោះ​មកទិសខាងកើតតាមផ្លូវជាតិលេខ៦ ភ្ជាប់មកខេត្តកំពង់ធំ ដែលជាខេត្តភាគ​កណ្តាល​​ដ៏ធំ និង មានសក្តានុពលទាំងវប្បធម៌ និង ធម្មជាតិ ក្នុងនោះ ប្រាសាទសំបូរព្រៃគុក ដែលទើបតែចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក កាលពី​ថ្ងែ​ទី០៨ ខែកក្កដា ឆ្នាំ២០១៧ កំពុងទាក់ទាញទេសចរយ៉ាងខ្លាំងក្លា។

តាម​ទិសនេះ អ​ង្គរក៏តភ្ជាប់ជាមួយខេត្តកំពង់ចាម ខេត្តកណ្តាល និង ជាពិសេស រាជធានីភ្នំពេញដែលជាបេះដូងនៃកម្ពុជា។ ភាគខាងលិចតំបន់អង្គរ​ក៏មានសក្តានុពលខ្លាំងផងដែរ គឺនៅក្នុងខេត្តឧត្តមានជ័យ និង ខេត្ត បន្ទាយ​មាន​ជ័យ ដែលមានសក្តានុពលសម្បត្តិធម្មជាតិ និង ធនធានវប្បធម៌ ដូចជា អាង​ត្រពាំង​ថ្ម និង ប្រាសាទបុរាណ ស្ពានបុរាណ ជាពិសេស នៅតាមផ្លូវជ័យវរ្ម័នទី៧ តភ្ជាប់អង្គរទៅកាន់ប្រាសាទបុរាណខ្មែរ នៅក្នុងទឹកដីថៃបច្ចុប្បន្ន។ អង្គរបាន និង កំពុងតភ្ជាប់យ៉ាងសកម្មជាមួយតំបន់ និង ពិភពលោក តាមគ្រប់មធ្យោបាយ ផ្លូវទឹកផ្លូវគោក និង ផ្លូវអាកាស ក្រោមគោលនយោបាយ «បើកចំហជើងមេឃ» របស់រាជរដ្ឋាភិបាល។ ប្រទេសជាច្រើនក្នុងតំបន់ កំពុងទទួលផលពីសក្តានុពល «ទោល» របស់អង្គរ ដោយភ្ជាប់អង្គរដោយត្រង់ជាមួយប្រទេសទាំងនោះ ក្នុង​នោះ​ មួយផ្នែកភ្ជាប់ជាមួយតំបន់ឆ្នេរ ដែលមានសក្តានុពលធម្មជាតិ ដូចជា ការ​ហោះហើរត្រង់ ភ្ជាប់អង្គរជាមួយកោះសាមុយ (ថៃ) សិង្ហបុរី និង តំបន់ឆ្នេររបស់​វៀតណាមជាដើម។

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញ និង បន្តអនុវត្ត​នូវ​គោលនយោបាយ បើកចំហជើងមេឃ ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និង យុទ្ធសាស្ត្រ «អង្គរជាប៉ូលអាទិភាព» ដើម្បីជួយ គាំទ្រការអភិវឌ្ឍទេសចរណ៍​កម្ពុជា។ ជាងនេះទៀត រាជរដ្ឋាភិបាលបន្តយ៉ាងសកម្ម ដោយសហការជាមួយ ដៃគូអភិវឌ្ឍ និង ផ្នែកឯកជន និង ការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍ​គោល​ដៅទេសចរណ៍ ផលិតផលទេសចរណ៍នៅជុំវិញ ឬ តភ្ជាប់ជាមួយអង្គរ​ដើម្បីគោលដៅចម្បង គឺការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលមាន ប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍទេសចរណ៍ រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ គ្រប់ទីកន្លែង​ដែលមានសក្តានុពលទេសចរណ៍ ទាំងវប្បធម៌ និង ធម្មជាតិ ត្រូវបានយកចិត្ត​ទុក​ដាក់ រៀបចំប្រែក្លាយជាគោលដៅទេសចរណ៍ និង ផ្សព្វផ្សាយ ទាក់ទាញ​ទេសចរទៅទស្សនា និង រៀបចំយន្តការគ្រប់គ្រង អភិវឌ្ឍនៅនឹងកន្លែង ក្នុងនោះ​ការប្រមូលផ្តុំ ចងក្រង​ជាសហគមន៍ទេសចរណ៍ ដោយផ្តល់លទ្ធភាព សមត្ថភាព ចំណេះដឹង និង ផលប្រយោជន៍​ជូនប្រជាជនមូលដ្ឋានគឺជាអាទិភាព។

ការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលជូនប្រជាជន ដោយជំរុញ​លើកទឹកចិត្ត បណ្តុះគំនិត ផ្តួចផ្តើម បង្កើត ឬ ច្នៃប្រឌិត​បង្កើតឲ្យចេញ​ជា​ផលិតផលទេសចរណ៍ថ្មីៗ ឈរលើមូលដ្ឋានធនធានដែលមានស្រាប់ ដូចជា៖

ផលិត និង ចលនាលក់វត្ថុសិប្បកម្ម ជាលក្ខណៈវត្ថុអនុស្សាវរីយ៍​ទេសចរណ៍ ដែលបង្ហាញនូវ វប្បធម៌ និង ប្រពៃណីរស់នៅរបស់ប្រជាជន​តាម​តំបន់ផ្សេងៗគ្នា។ ការបង្ហាញសិល្បៈ របាំ ចម្រៀងប្រពៃណី ម្ហូបអាហារ ផ្លែឈើ ជាដើម ជូនទេសចរនៅតាមសហគមន៍នានា។ ការបង្ហាញ ឬ ការអនុញ្ញាតឲ្យ​ទេសចរចូលរួមសកម្មភាពសមស្រប អំពីជីវភាពរស់នៅពិតៗរបស់ប្រជាជន​តាម​សហគមន៍ រួមមាន៖ ការបង្កបង្កើនផល ការនេសាទត្រី ការប្រារព្ធពិធីបុណ្យ​ទាន ​ជំនឿ សាសនា។ល។ ដើម្បីឲ្យទេសចរបានស្គាល់ និង រីករាយចូលរួម។ ករណីនេះ ផ្សារភ្ជាប់ជាមួយ «ទេសចរណ៍ជនបទ» ដែលកំពុងទទួលជោគជ័យ នៅស្រុកបារាយ ខេត្តកំពង់ធំ។ ទេសចរណ៍រួមវិភាគទានដល់ការអភិវឌ្ឍ ដូចជា ការលើកទឹកចិត្តឲ្យទេសចរចូលរួមដាំដើមឈើ «ទេសចរម្នាក់ ដើមឈើ​មួយ​ដើម» ឬ «ដើមឈើមួយដើម ផ្តើមចេញពីអ្នក» ជីកអណ្តូងទឹក សាងសង់ផ្ទះ សាលារៀន មន្ទីរព្យាបាល ឬ ការចូលរួមជួយផ្ដល់អំណោយមនុស្សធម៌នានា។ បំផុសចលនាប្រជាជន ឲ្យផលិតផលិតផលនានា ដើម្បីលក់បម្រើឲ្យ​ទីផ្សារ​ទេស​ចរណ៍ ដូចជា បន្លែ ផ្លែឈើ ផ្កា ត្រី សាច់ គ្រឿងសង្ហារឹម ដែលតម្រូវការ​នេះ​កើនឡើងជាប្រចាំតាមកំណើនទេសចរ ហើយបច្ចុប្បន្ន មួយផ្នែកត្រូវបាននាំ​ចូល​ពីបរទេស។ ការបង្កើនការផ្គត់ផ្គង់ក្នុងស្រុក គឺកាត់បន្ថយការនាំចូល និង ទប់ស្កាត់ ការឆ្លុះធ្លាយសេដ្ឋកិច្ច និង ជំរុញសកម្មភាពសហគ្រាស ធុនតូច និង មធ្យម (SME)។

សកម្មភាព និង លទ្ធផលខាងលើនេះ គឺសំខាន់ជំរុញការអភិវឌ្ឍ​ទេស​ចរណ៍ផង និង ការជួយ កាត់បន្ថយភាព ក្រីក្រតាមរយៈទេសចរណ៍ផង ដែល​នេះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាលដោយស្របតាម យុទ្ធសាស្ត្រ​​​ចតុ​កោណដំណាក់កាលទី៣ និង គោលដៅអភិវឌ្ឍសហស្សវត្សរបស់កម្ពុជា។

តំបន់អង្គរ និងជុំវិញ

(រូបភាពៈអង្គរ និង តំបន់ជុំវិញ)

២.២-ភ្នំពេញ និង តំបន់ជុំវិញ

រាជធានីភ្នំពេញ គឺជាបេះដូង និង ជាមជ្ឈមណ្ឌលនយោបាយ​ពាណិជ្ជ​កម្ម វប្បធម៌ និង ទេសចរណ៍នៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ភ្នំពេញ​ជារាជធានីដ៏ចំណាស់មួយនៅអាស៊ី និង មានទីតាំងជាយុទ្ធសាស្ត្រនៅចំណុច​ប្រសព្វបួនមុខនៃទន្លេមេគង្គ។ រាជធានីភ្នំពេញ ដែលទទួលបានមេដៃ ពិភព​លោក​ បានប្រែក្លាយពីទីក្រុង «សូន្យ» ខ្ទេចខ្ទាំដោយសារសង្គ្រាម និង របប​ប្រល័យ​ពូជសាសន៍ ទៅជា រាជធានីកំពុងអភិវឌ្ឍលើគ្រប់វិស័យ។ ភ្នំពេញតភ្ជាប់​ជាមួយពិភពលោក តាមគ្រប់មធ្យោបាយដឹកជញ្ជូនទេសចរ​ ទាំងផ្លូវគោក ផ្លូវ ទឹក និង ផ្លូវអាកាស ក្នុងនោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កំពុងបំពេញ តួនាទីជាស្នូលយ៉ាងសកម្ម ដោយមានសមត្ថភាពទទួលអ្នកដំណើរបានជាង​មួយលាននាក់ ក្នុងមួយឆ្នាំៗ។

រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវរតនសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ជាច្រើន ដែលជាប្រភពធនធានដ៏សំខាន់ សម្រាប់ការទាក់ទាញទេសចរ ដូចជា សារមន្ទីរជាតិ ព្រះបរមរាជវាំង ទីតាំង ប្រវត្តិសាស្ត្រ វត្តភ្នំ និង សំណង់​ស្ថា​បត្យកម្មសម័យអាណានិគម។ល។ ជាងនេះទៅទៀត រាជធានីភ្នំពេញ សម័យ​តេជោ មានការអភិវឌ្ឍបានរំលេចនូវសំណង់អគារថ្មីខ្ពស់ៗ សណ្ឋាគារ ល្អ​ប្រណីតលំដាប់អន្តរជាតិ និង សេវាកម្មទេសចរណ៍ច្រើនប្រភេទ អមដោយ​ភាពស្រស់ស្អាតនៃការតុបតែងលម្អនានា នាំឲ្យទីក្រុងនេះ ក្លាយជាគោលដៅ​ទេសចរណ៍ជាទីពេញនិយម។ នៅជុំវិញរាជធានី ក៏មានសក្តានុពល​ទាក់ទាញ​ទេសចរ វប្បធម៌ និង ធម្មជាតិ ដោយភ្ជាប់ពីលក្ខណៈទេសចរណ៍ «ទីក្រង» ទៅទេសចរណ៍ «ជនបទ» និង កសិ​ទេសចរណ៍ ជាពិសេស សម្រាប់អ្នក​រស់​នៅក្នុងទីក្រុង និង ភ្ញៀវបរទេស។ គោលដៅទេសចរណ៍តំបន់ជុំវិញ បាន​ និង កំពុងអភិវឌ្ឍ រួមមាន ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តង្គ) ភ្នំប្រសិទ្ធិ កោះដាច់ តំបន់ភាគ​ខាងកើតរាជធានីភ្នំពេញ និង ការតភ្ជាប់ជាមួយតំបន់ផ្សេងៗទៀតនៃខេត្ត​កណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ ដូចជា ទន្លេបាទី។ល។ តំបន់កប់ស្រូវ​គួរត្រូវរៀបចំអភិវឌ្ឍទៅជាតំបន់សម្រាកកម្សាន្ត នៅក្នុងរាជធានីភ្នំពេញតែ​ម្តង។

រាជធានីភ្នំពេញកាន់តែមានកំណើនប្រជាជន និង មធ្យោបាយដឹក​ជញ្ជូន​ច្រើនឡើង ដែល រួមមានប្រជាជនប្រមាណ២លាននាក់ ទេសចរជាតិ និង អន្តរជាតិជាង២លាននាក់ក្នុងមួយឆ្នាំ និង មធ្យោបាយដឹកជញ្ជូនជាងមួយ​លាន​គ្រឿង។ កត្តានេះ បង្កជាចលករ «រុញ» នៃចរន្តទេសចរណ៍ផ្ទៃក្នុងកាន់តែខ្លាំង​ឡើងៗ។ ដោយសារនិន្នាការនេះ ការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍​នៅ​ក្នុង និង តំបន់ជុំវិញរាជធានីភ្នំពេញ គឺជាការចាំបាច់ និង បន្ទាន់ដើម្បីការ​ផ្គត់ផ្គង់តម្រូវការទេសចរផង និង ស្របយកផលទេសចរណ៍សម្រាប់​ប្រជាជន​ផង។

រាជធានីភ្នំពេញ និង តំបន់ជុំវិញ នៅមានសក្តានុពលច្រើនសម្រាប់ការ​អភិវឌ្ឍទេសចរណ៍ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវបានយូរ ដូចជា ការ​ទស្សនា​កម្សាន្តតាមនាវា តាមដងទន្លេមេគង្គ (ទន្លេសាប) ការទស្សនា​សហ​គមន៍​ ប្រជាជននៅតាមដងទន្លេ ភូមិសិប្បកម្មតម្បាញ ចម្លាក់ប្រាក់ តំបន់កសិ​ទេសចរណ៍ និង តំបន់បេតិកភណ្ឌវប្បធម៌ ការកម្សាន្តនៅពេលរាត្រី​តាមដង​ទន្លេចតុមុខ ផ្សាររាត្រី ការរៀបចំតំបន់ទេសចរណ៍ពេលរាត្រី​ប្រកបដោយ​សុវត្ថិ​ភាព និង ការទស្សនាមណ្ឌលពាណិជ្ជកម្ម និង ផ្សារលក់ដូរជាដើម។

រាជធានីភ្នំពេញបច្ចុប្បន្នត្រូវបានពង្រីកវិសាលភាពយ៉ាងធំធេង ដែល​សក្តិសមជារាជធានីសម័យតេជោ ដោយរួមមាន ទីក្រុងរណប​លំដាប់ពិភព​លោក​ជាច្រើន កំពុងត្រូវបានស្ថាបនាឡើង តភ្ជាប់ដោយប្រព័ន្ធសមស្រប។ ទីក្រុង​រណបទាំងនេះ ក្លាយជាលំនៅឋានផង និង ជាផលិតផលទេសចរណ៍ សម្រាប់រាជធានីផង។ ក្រៅពីនេះ តំបន់ជាយរាជធានីភ្នំពេញ ដូចជា តំបន់កប់​ស្រូវ និង តាមដងទន្លេ មានសក្តានុពលទាក់ទាញបែបអេកូទេសចរណ៍ អាច​រៀបចំជាតំបន់សម្រាកលំហែកម្សាន្ត សម្រាប់ទាំង ភ្ញៀវ និង អ្នករស់នៅ​ក្នុង​រាជធានី ដែលកាន់តែច្រើនឡើងៗ។​  ម្យ៉ាងទៀត ផលិតផលផ្នែកសេវាកម្សាន្ត​ទេសចរណ៍ ត្រូវយកចិត្តទុកដាក់ពង្រឹង និង ពង្រីកឲ្យបានកាន់តែ​ប្រសើរ​ និង សមស្រប ដើម្បីលើកកម្ពស់ រាជធានីភ្នំពេញឲ្យក្លាយជារាជធានីមានសកម្មភាព​រស់រវើក ស្របតាមស្តង់ដាទីក្រុងស្អាត សំដៅទាក់ទាញ ទេសចរណ៍ផង និង បង្កើនការងារទេសចរណ៍ផង។

ទោះជាយ៉ាងណាក៏ដោយ ក៏ភ្នំពេញត្រូវអភិវឌ្ឍស្របតាមប្លង់មេនៃការ​អភិវឌ្ឍទីក្រុងយ៉ាងពិតប្រាកដ ដោយប្រែក្លាយទៅជា «គុជ» មួយនៅអាស៊ី ទាំង​ភាពស្អាត ទាំងភាពបៃតង និង ទាំងសណ្តាប់ធ្នាប់ របៀបរៀបរយ។ ភ្នំពេញ​ត្រៀមលក្ខណសម្បត្តិគ្រប់យ៉ាង ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកា និង សន្និសីទកម្រិតអន្តរជាតិជាច្រើន ហើយនិងត្រៀមទទួលភ្ញៀវទេសចរអន្តរ​ជាតិ​ប្រមាណបីលាននាក់ក្នុងមួយឆ្នាំៗ ចាប់ពី២០១៣ ដោយមិនទាន់គិតភ្ញៀវ​ទេសចរ​ក្នុង​ស្រុកជាច្រើនលាននាក់ ចូលមករាជធានីជារៀងរាល់ឆ្នាំ។ ភ្នំពេញ​ទាមទារនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង សម្បទាទេសចរណ៍ជាច្រើន​ទៀត ដើម្បីស្រូបយកកំណើននេះ ជាពិសេស ផ្លូវ ព្រលានយន្តហោះ ការផ្គត់​ផ្គង់ទឹកស្អាត និង ថាមពលអគ្គិសនី។ រាជធានីភ្នំពេញចាំបាច់ត្រូវមាន​ព្រលាន​យន្តហោះខ្នាតធំ កម្រិតអន្តរជាតិ ដើម្បីធ្វើជាស្នូលក្នុងការតភ្ជាប់ពិភពលោក។ ព្រលានយន្តហោះខ្នាតធំ ដែលមានសមត្ថភាពផ្ទុកប្រមាណ១០លាននាក់ក្នុង​មួយឆ្នាំ នឹងដើរតួនាទីជាគន្លឹះក្នុងការរំដោះកម្ពុជាចេញពីភាពជា «គោលដៅ​ទេសចរណ៍រណប» ដូចដែលធ្លាប់បាន និង កំពុងជួបប្រទះកន្លងមក និង ពេលបច្ចុប្បន្ន ទៅជាគោលដៅទេសចរណ៍ទី១ សម្រាប់ពិភពលោក។ ដូច្នេះ ការរៀបចំផែនការ សិក្សាអំពីព្រលានយន្តហោះនេះ គួរត្រូវបានចាប់ផ្តើមពី​ពេល​នេះ​​ឱ្យហើយទៅ បើខកខាននោះ កម្ពុជានឹងបាត់បង់ឱកាសបន្តទៀត។

រាជធានីភ្នំពេញ

(រូបថតៈរាជធានីភ្នំពេញ)

២.៣-ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ

តំបន់ឆ្នេរដែលស្ថិតក្នុងច្រករបៀងទេសចរណ៍ភាគខាងត្បូង ជាតារារះ​នាទិសនិរតីរួមបញ្ចូល ខេត្ត៤ គឺ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និង ខេត្តកោះកុង ដែលបាន និង កំពុងក្លាយជាប៉ូល ដ៏សំខាន់សម្រាប់ស្រូប​ទាញ​ទេសចរជាតិ និង អន្តរជាតិ។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានក្លាយជាសមាជិកនៃក្លឹប ឆ្នេរសមុទ្រដ៏ស្អាតបំផុតលើសកលលោក ហើយកិត្តិនាមនេះ​ កំពុងលើកតម្កើង​កិត្យានុភាពឆ្នេរកម្ពុជាលើឆាកអន្តរជាតិ។ តំបន់ឆ្នេរកម្ពុជា មានធនធានចម្រុះ សម្បូរ និង ច្រើនប្រភេទសម្រាប់ការអភិវឌ្ឍទេសចរណ៍ ហើយធនធាន​ទាំងនេះ​នៅថ្មី និង មានភាពទាក់ទាញយ៉ាងខ្លាំង។ តំបន់ឆ្នេរស្ថិតក្នុងក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលភ្ជាប់ប្រទេស​វៀតណាម និង ប្រទេសថៃ ដោយគមនាគមន៍ផ្លូវគោក (ផ្លូវលេខ៣៣ ផ្លូវ​លេខ៣ និង ផ្លូវលេខ៤៨) និង ផ្លូវទឹកយ៉ាងល្អប្រសើរក្នុងពេលបច្ចុប្បន្ន ហើយ​អនាគតនឹងមានការតភ្ជាប់តាមផ្លូវអាកាសជាលក្ខណៈអន្តរជាតិ។ តំបន់នេះ​ស្ថិត​នៅមិនឆ្ងាយពីប៉ូលអង្គរដ៏ខ្លាំង ដែលមានទេសចរប្រមាណជាង២លាន​នាក់​ក្នុងមួយឆ្នាំ និង នៅជិតរាជធានីភ្នំពេញ ដែលមានទាំងទេសចរ ទាំងប្រជាជន ដែលរស់នៅប្រមាណជិតបីលាននាក់ រួមទាំងធុរជន និង បុគ្គលិកបម្រើ​តាម​ស្ថាប័នអង្គការអន្តរជាតិនានា។ តំបន់ឆ្នេរក៏ភ្ជាប់ជាមួយរាជធានីភ្នំពេញ​ដោយ​បណ្តាញផ្លូវដែក ដែលនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនទេសចរដ៏សំខាន់​មួយ​ក្នុងថ្ងៃអនាគត។ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍទេសចរណ៍តំបន់​ឆ្នេរប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើត និង អភិវឌ្ឍ ផលិតផល​ទេសចរណ៍ ផ្តល់ជម្រើសថ្មីៗជូនទេសចរ និង គាំទ្រការតភ្ជាប់ តំបន់ឆ្នេរជាមួយ​ទេសចរណ៍ វប្បធម៌អង្គរ និង តំបន់នានាដើម្បីផ្តល់ផលប្រយោជន៍​ទេសចរណ៍​ប្រកបដោយសមធម៌នៅតំបន់ឆ្នេរផង និង ទូទាំងប្រទេសផង។ តំបន់ឆ្នេរ ជាពិសេស ខេត្តព្រះសីហនុ គឺជាក្បាលនាគ រីឯខ្លួន និង កន្ទុយ គឺរាជធានី ភ្នំពេញ និង ភូមិភាគឦសាន។

ការតភ្ជាប់ជាមួយប្រទេសវៀតណាមភាគខាងត្បូង គឺជាយុទ្ធសាស្ត្រគន្លឹះ​សំខាន់មួយទៀត ក្នុងការជំរុញគាំទ្រការលេចត្រដែតឡើងនៃតំបន់ឆ្នេរកម្ពុជា ជាពិសេស ការភ្ជាប់ខេត្តកែប ខេត្តកំពត (មានភ្នំបូកគោ ដែលបានក្លាយ​ជា​គោលដៅទេសចរណ៍ដ៏ល្បីល្បាញ) ជាមួយដែនដីសណ្ដទន្លេមេគង្គ និង ប្រជុំ​កោះ​នានា ជាគោលដៅអាទិភាព។ ប្រទេសវៀតណាមបានកំណត់យុទ្ធសាស្ត្រ ដោយចាប់យកប្រជុំកោះភាគខាងត្បូងជាប៉ូលទេសចរណ៍ ដែលមានកម្លាំង​ស្រូប​រហូតដល់ប្រមាណពីរលាននាក់ក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១៣។ តំបន់​នេះ​ ត្រូវបានបើកទូលាយក្នុងការមកទស្សនាដោយអនុវត្តគោលនយោបាយ «គ្មានទិដ្ឋាការ» និង បង្កើតតំបន់កម្សាន្តលំដាប់អន្តរជាតិធំៗ។ ពីតំបន់នេះ មក​ឆ្នេរខេត្តកំពត មានរយៈពេលតែប្រមាណ៤៥នាទីប៉ុណ្ណោះ តាមនាវាទេស​ចរណ៍​លឿន ហើយទំនាញនៃប៉ូលទាំងពីរ «បូកគោ» និង «តំបន់កោះ» និង ផ្ទុះ​ចេញជាចរន្តទេសចរណ៍តភ្ជាប់យ៉ាងខ្លាំងនៅពេលខាងមុខ។ បន្ថែមពីនេះ ដែន​ដី​សណ្ដទន្លេមេគង្គ រួមទាំងទីក្រុងហូជីមិញដែលមានប្រជាជនសរុបជាង៣០​លាន​នាក់ និង ភ្ញៀវមកពីប្រភពនានា ទស្សនាភាគខាងត្បូងប្រទេសវៀតណាម គឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់ភាគនិរតីកម្ពុជា និង កម្ពុជាទាំងមូល។

កត្តាគន្លឹះនៃការអភិវឌ្ឍតំបន់ឆ្នេរនេះ គឺហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ ផ្លូវជាតិលេខ៣ លេខ៤ និង ផ្លូវ​ដែក តភ្ជាប់ជាមួយរាជធានីភ្នំពេញ​បាន និង កំពុងធ្វើឲ្យប្រសើរឡើង។ ការផ្គត់ផ្គង់ថាមពល និង ទឹកស្អាត នឹងមិនចោទជា​បញ្ហាឡើយ ដោយសារដំណោះស្រាយដ៏ល្អនៃវារីអគ្គិសនី «ភ្នំកំចាយ» និង ប្រភព​ថាមពលផ្សេងៗទៀត ដែលត្រូវបង្កើត និង ផ្គត់ផ្គង់។ កំពង់ផែ​ និង ព្រលាន​យន្តហោះខេត្តព្រះសីហនុ មានសមត្ថភាពគ្រប់គ្រាន់ កម្រិត​អន្តរជាតិ​នៅថ្ងៃអនាគត។ កត្តាចាំបាច់ដើម្បីបង្កើនល្បឿនអភិវឌ្ឍតំបន់នេះបន្ថែម គឺការ​អភិវឌ្ឍផលិតផលទេសចរណ៍ អេកូទេសចរណ៍ និង ទេសចរណ៍បែបកម្សាន្ត ផ្សារភ្ជាប់សក្តានុពលវប្បធម៌ធម្មជាតិ និង ប្រវត្តិសាស្ត្រនៃតំបន់នេះ ជាពិសេស ភ្នំបូកគោនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទេសចរណ៍កម្សាន្ត​កម្រិតពិភពលោក។

ខេត្តព្រះសីហនុ គឺជាស្នូលនៃតំបន់ឆ្នេរជាច្រកអន្តរជាតិ ជាមជ្ឈមណ្ឌល​ឧស្សាហកម្ម និង ជាគោលដៅ​ទេសចរណ៍លំដាប់អន្តរជាតិ កំពុងរះឡើង​តាមរយៈនៃភាពស្អាតជាលក្ខណៈធម្មជាតិ និង កា​ររៀបចំ ព្រមទាំង​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធកាន់តែប្រសើរឡើង ជាពិសេស ផ្លូវគមនាគមន៍ ព្រលាន​យន្តហោះ និង កំពង់ផែអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការតភ្ជាប់ខេត្ត​ព្រះសីហនុ និង តំបន់ឆ្នេរទាំងមូល ជាមួយតំបន់នានាក្នុង និង ក្រៅប្រទេស។

ខេត្តកោះកុង គឺជាគោលដៅអេកូទេសចរណ៍ខ្នាតពិភពលោក ដោយ​សារ​សក្តានុពលនៃទីតាំងភូមិសាស្ត្រ ធនធានសមុទ្រ ព្រៃឈើ ព្រៃកោងកាង រួម​នឹង​ការតភ្ជាប់ទៅនឹងអ័ក្សអេកូឡូស៊ីដ៏ធំនៅលើសកលលោក គឺតំបន់ព្រៃត្រពិច ភ្នំក្រវាញដែលមានវិសាលភាពដ៏ធំធេង និង សម្បូរទៅដោយពពួកសត្វកម្រ និងជាតំបន់ចុងក្រោយនៅតំបន់អាស៊ី ហើយបច្ចុប្បន្នតំបន់នេះ ត្រូវបានកត់​បញ្ចូលទៅក្នុងតំបន់អេកូទេសចរណ៍ល្បីៗទាំង១០នៅក្នុងសកលលោក។ សក្តា​នុពល​អេកូទេសចរណ៍ តំបន់ភ្នំ ទេសភាព តាមដងស្ទឹង ការទស្សនាសត្វព្រៃ លាយឡំប្រវត្តិសាស្ត្រ ប្រពៃណី ជីវិតរស់នៅរបស់ប្រជាជន និង ធនធាន ធម្មជាតិ សម្រស់ស្ទឹងធម្មជាតិ ឆ្នេរសមុទ្រ និង កោះនានា បាន និង កំពុង​លើក​កម្ពស់កិត្តិនាមខេត្តកោះកុង ជាខេត្តអេកូទេសចរណ៍តំបន់ឆ្នេរភាគ​និរតីនៃ​កម្ពុជា។ ម្យ៉ាងទៀត ខេត្តកោះកុង គឺជាស្ពានតភ្ជាប់តំបន់ឆ្នេរ និង កម្ពុជាទាំង​មូល ជាមួយភាគអាគ្នេយ៍ប្រទេសថៃ ដែលប្រមូលផ្ដុំដោយប្រជាជនច្រើន និង មាន​ទេសចរអន្តរជាតិប្រមាណជា៤លាននាក់ទស្សនាក្នុងតំបន់នេះ ហើយក៏ត​ភ្ជាប់​ជាមួយទីក្រុងបាងកក ដែលជាច្រកចេញចូលនៃទេសចរអន្តរជាតិប្រមាណ​ជាង១០លាននាក់ក្នុងមួយឆ្នាំៗ ជាពិសេស ព្រលានយន្តហោះអន្តរជាតិ​ដែល​ជាស្នូល​ភ្ជាប់ជាមួយពិភពលោក។

ភាពចាំបាច់នៃខេត្តកោះកុង គឺការស្តារ និង ការអភិវឌ្ឍព្រលាន​យន្ត​ហោះដែលមានស្រាប់ឡើងវិញ និង ការអភិវឌ្ឍបន្ថែម ឆ្នេរសម្រាកលម្អែកម្សាន្ត និង ការទាក់ទាញការទស្សនាតាមនាវា តាមប្រជុំកោះ និង នៅតាមសហគមន៍​អេកូទេសចរណ៍នានា ជាពិសេស តំបន់ព្រៃកោងកាង។ ព្រលានយន្តហោះ​ខេត្ត​កោះកុង នឹងក្លាយជាស្ពានតភ្ជាប់ខេត្តសៀមរាប រាជធានីភ្នំពេញ និង តំបន់ផ្សេៗ​ទៀត ឬ អាចតភ្ជាប់ជាលក្ខណៈអន្តរជាតិផងដែរនាពេលអនាគត។

ខេត្តកំពត ជាមជ្ឈមណ្ឌលកសិកម្ម និង កែច្នៃផលិតផលកសិកម្មដែល​មានបច្ចេកវិទ្យាខ្ពស់ ជាមណ្ឌលពាណិជ្ជកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ និង អន្តរជាតិ និង ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិល្អឯក ដោយសក្តានុពលនៃទីតាំងភូមិសាស្ត្រ ធនធានសមុទ្រ បេតិកភណ្ឌ វប្បធម៌ រមណីយដ្ឋានភ្នំបូកគោ ផ្ទៃដីកសិកម្ម និង លក្ខណៈពិសេសនៃផលដំណាំ​កសិកម្ម មានទុរេន ម្រេច ស្រែអំបិល និង ផលនេសាទសមុទ្រ។

ខេត្តកែប ជាគោលដៅទេសចរណ៍ សម្រាកលម្អែសម្រាប់សុខភាព និង ជាមជ្ឈមណ្ឌល ទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ។ លក្ខណៈ​ពិសេស​ទាំងនេះ បានធ្វើឲ្យខេត្តទាំងបួននេះ ត្រូវបានធ្វើសមាហរណកម្មទៅជា​តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអ័ក្សនៃតំបន់ឆ្នេរតភ្ជាប់ពីខេត្តកោះកុង មកខេត្ត​ព្រះសីហនុ ខេត្តកំពត និង ខេត្តកែប ជាមួយផ្លូវអាស៊ានហាយវេលេខ១២៣ និង ភ្ជាប់មករាជធានី ភ្នំពេញតាមរយៈអ័ក្សភ្នំពេញ ព្រះសីហនុជាមួយផ្លូវហាយ​វេលេខ១១។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញនូវការរីកចម្រើន​លូត​លាស់​យ៉ាងឆាប់រហ័ស ខាងផ្នែកនគរូបនីយកម្ម និង សំណង់ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកម្សាន្ត រមណីយដ្ឋានជាដើម ដែលបាន រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅ​តាម​តំបន់​ឆ្នេរ និង បានគាំទ្រដល់ការរីកលូតលាស់នៃអន្តរវិស័យដទៃទៀត។ ជារួមការ វិនិយោគឯកជនទាំងអស់នេះ កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង នៅខេត្ត តំបន់​ឆ្នេរនេះ។ ការវិនិយោគត្រូវបានអនុម័តចំនួន១១៧គម្រោង ស្មើនឹង​១០៧​០១លានដុល្លារ ស្មើនឹង ៤១,៦%នៃគម្រោងវិនិយោគសរុប​ទូទាំង​ប្រទេស។

ជាយុទ្ធសាស្ត្រ កំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិមួយចាំបាច់​ត្រូវកសាង​ឡើងនៅខេត្តកំពត ដើម្បីជាច្រកចូលបន្ថែមក្នុងតំបន់ ជាពិសេស ភ្ជាប់​តំបន់​កោះនានា និង ភាគខាងត្បូងវៀតណាម ជាមួយ «បូកគោ» នៅពេលដែលតំបន់​ទាំងនេះភ្ជាប់គ្នា។ ក្រៅពីនេះ ត្រូវលើកទឹកចិត្តជំរុញការវិនិយោគ ទេសចរណ៍​កម្សាន្តតាមនាវាតាមប្រជុំកោះ និង តាមបណ្តោយឆ្នេរ ដោយរួមមានការកសាង រមណីយដ្ឋាន ទេសចរណ៍ សកម្មភាពកីឡាទេសចរណ៍ (ពិសេសកីឡាកូន​ហ្គោល) និង ប្រភេទទេសចរណ៍កម្សាន្ត សមស្របផ្សេងៗទៀត។ តំបន់នេះ​ក៏មានសក្តានុពលទាក់ទាញប្រភេទទេសចរណ៍សុខភាព ជាលក្ខណៈ សម្រាក​លម្អែកម្សាន្ត ស្ប៉ាសុខភាព ឬ ការរៀបចំមណ្ឌលទេសចរណ៍សម្រាប់​ភ្ញៀវវ័យ​ចំណាស់ស្នាក់នៅរយៈពេលមធ្យម និង វែង ដោយភ្ជាប់ជាមួយប្រព័ន្ធថែរក្សា​សុខភាព និង ប្រភេទទេសចរណ៍ «ផ្ទះទី២»។ ទីផ្សារបែបនេះ កំពុងមាននិន្នាការ​កើន​ឡើងនៅអាស៊ី ដោយសារកត្តាអាកាសធាតុ និង លក្ខណៈធម្មជាតិ ផ្សេង​ទៀតល្អប្រសើរ សន្តិសុខ សុវត្ថិភាពល្អ និង ការចំណាយមានកម្រិតសមរម្យ។

ទោះបីបច្ចុប្បន្ន ចំនួនទេសចរអន្តរជាតិទៅកាន់តំបន់ឆ្នេរមានប្រមាណ​ជា១០%នៃភ្ញៀវសរុប មកកម្ពុជាក៏ដោយ ក៏ប៉ុន្តែនិន្នាការទេសចរណ៍បានបង្ហាញ​ការ​ស្ទុះ​ឡើង​ឆាប់រហ័ស ស្របតាមការ រីកចម្រើន នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ តាមពិតទៅ នៅក្នុងពិភពលោក តម្រូវការអេកូទេសចរណ៍មានសមាមាត្រ ប្រហាក់​ប្រហែលនឹងតម្រូវការផ្នែកទេសចរណ៍វប្បធម៌ ជាពិសេស ក្នុង​សភាព​ការណ៍​បច្ចុប្បន្ន ដែលមាន ចរន្តទប់ទល់ការកើនកំដៅជាសកល។ ចំពោះកម្ពុជា និន្នាការនេះ នឹងមើលឃើញកាន់តែច្បាស់នៅពេលខាងមុខ។ តំបន់ឆ្នេរទទួល តម្រូវការទេសចរណ៍ក្នុងស្រុកច្រើនជាងភ្ញៀវអន្តរជាតិ ដោយហេតុថាតម្រូវការ សម្រាកលម្អែកម្សាន្តនៃភ្ញៀវក្នុងស្រុកច្រើន ជាពិសេស ពេលបុណ្យ ឬ ថ្ងៃឈប់​សម្រាក ហើយការផ្សព្វផ្សាយ និង ការតភ្ជាប់ជាលក្ខណៈអន្តរជាតិ នៅមាន​កម្រិត​នៅ​ឡើយសម្រាប់ភ្ញៀវបរទេស។ ថ្ងៃអនាគត និន្នាការនេះនឹងប្រែប្រួល​នៅ​ពេលដែលព្រលានយន្តហោះខេត្តព្រះសីហនុ ខេត្តកោះកុង និង រមណីយដ្ឋាន ភ្នំបូកគោ បើកដំណើរការពេញលេញ ហើយឆ្នេរសមុទ្រកម្ពុជាដែលជាសមាជិកក្លឹបឆ្នេរដ៏ស្អាតបំផុត ក្នុងពិភពលោកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

តំបន់ឆ្នេរ

(រូបថតៈ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង)

យ៉ាងណាក៏ដោយតំបន់ឆ្នេររបស់កម្ពុជា ត្រូវអភិវឌ្ឍដោយប្រុងប្រយ័ត្ន ត្រូវមានផែនការច្បាស់លាស់ និង យន្តការអនុវត្តត្រឹមត្រូវ ជៀសវាងការ​ប៉ះពាល់​អវិជ្ជមាននានាកើតឡើង ដូចប្រទេស មួយចំនួនដែលបាន និង កំពុងជួបប្រទះ។ សន្តិសុខ សុវត្ថិភាព និង ផាសុខភាពត្រូវពង្រឹង និង លើកកម្ពស់ជាប្រចាំដើម្បី​ធ្វើឲ្យតំបន់ឆ្នេរ ក្លាយជាប៉ូលទេសចរណ៍លំដាប់អន្តរជាតិ ហើយសក្តិសមជា​សមាជិកនៃក្លឹប ​ឆ្នេ​រស្អាតបំផុតក្នុងលោក និង ជាតារាកំពុងរះ​នាទិសនិរតី​ពិត​ប្រាកដ។

២.៤-ភូមិភាគឦសាន

ភូមិភាគឦសានភ្ជាប់គ្នាដោយខេត្ត៤ គឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង ខេត្តមណ្ឌលគិរី។ តំបន់នេះមានសក្តានុពលទាក់ទាញផ្នែកអេកូទេសចរណ៍ ដោយផ្អែកលើមូលដ្ឋាន «សម្បត្តិវប្បធម៌ និង ធនធានធម្មជាតិ» ជាពិសេស វប្បធម៌ ប្រពៃណីរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច និង ភាពទោលនៃ​សត្វផ្សោតមេគង្គដ៏កម្រមានក្នុងលោក។ ក្រៅពីនេះ ភូមិភាគឦសានជាតំបន់​សម្បូរជីវៈចម្រុះ តំបន់ការពារ ឧទ្យានជាតិ ដូចជា ឧទ្យានជាតិវីរជ័យ តំបន់​រ៉ាមសារទេសភាព និង អាកាសធាតុល្អពិសេស នៅខេត្តមណ្ឌលគិរី និង ភាព​សម្បូរបែបនៃសត្វព្រៃ ដែលជាប្រភពទាក់ទាញទេសចរណ៍យ៉ាងសំខាន់ដូច​ដែល​បាន និង កំពុងអភិវឌ្ឍនៅទ្វីបអាហ្វ្រិក។ ឦសានត្រូវបានលើកកម្ពស់​តាមរយៈនៃការ​អភិវឌ្ឍទេសចរណ៍ ក្រោមគោលនយោបាយរបស់រាជរដ្ឋា​ភិបាល​​ដើម្បី «កំណើនប្រសិទ្ធភាពការងារ និង សមធម៌» ជាពិសេស ការឆ្ពោះទៅកាន់ ទេសចរណ៍សហគមន៍ (ដើម្បីគោលដៅនៃការជួយប្រជាជនសហគមន៍ផង និង ការថែរក្សា ការពារសម្បត្តិវប្បធម៌ និង ធនធានធម្មជាតិផង)។

រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ អំពីសារៈសំខាន់នៃទេសចរណ៍​សហ​គមន៍ ដើម្បីការកាត់បន្ថយភាពក្រីក្រ ដោយមកដល់ពេលនេះឦសានមាន​សហ​គមន៍ទេសចរណ៍គំរូចំនួន៦ ត្រូវបានបង្កើត និង ដំណើរការ ដែលគ្រប់គ្រង​ដោយ​​សហគមន៍ផ្ទាល់ និង ដោយមានការជួយជ្រោមជ្រែងពី ក្រសួងទេសចរណ៍។ ក្រៅពីនេះនៅមានសហគមន៍ជាច្រើន ជាលក្ខណៈសហគមន៍ព្រៃឈើ សហ គមន៍នេសាទ ក៏បាន និង កំពុងបញ្ចូលសកម្មភាពទេសចរណ៍​ដើម្បីចំណូល​បន្ថែម។ ការអនុវត្តប្រកបដោយជោគជ័យ ក្នុងសហគមន៍ទេសចរណ៍ទាំង​អស់​នេះ បានប្រែក្លាយភូមិភាគឦសានពីតំបន់ឆ្ងាយដាច់ស្រយាល ទៅជាតំបន់​មាន​ការអភិវឌ្ឍ និង ប្រែក្លាយធនធាននៅទីនោះ ទៅជាផលិតផលទេសចរណ៍។ ប្រជាជនសហគមន៍ដែលមានទម្លាប់កាប់ព្រៃ ឬ បរបាញ់សត្វ បានប្រែក្លាយទៅ​ជាមគ្គុទ្ទេសក៍ទេសចរណ៍ ឬ ជាអ្នកឧទ្ទេស នាំភ្ញៀវទស្សនាព្រៃ ឬ សត្វជំនួសវិញ​ហើយទទួលផលច្រើនជាងទម្លាប់ចាស់។ ករណីនេះ បានឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​អំពីនិន្នាការផែនការយកទេសចរណ៍ ជាឧបករណ៍ក្នុងការរួមចំណែកកាត់​បន្ថយ​ភាពក្រីក្រ និង ជំរុញលើកទឹកចិត្តការចូលរួមរបស់ប្រជាជនក្នុងការ​ថែ​រក្សា​ការពារធនធានធម្មជាតិ។

ឦសាន ជាប៉ូលអាទិភាពនៃការអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយ​បានផ្តល់មេរៀនល្អៗជាច្រើន ដល់តំបន់ផ្សេងៗទូទាំងប្រទេស។ ជាងនេះទៀត ឦសានស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលជាតំបន់អាទិភាពមួយ ក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋា​ភិបាលនៃប្រទេសទាំងបី។ តំបន់នេះ ត្រូវបានលើកទឹកចិត្ត ជំរុញការទស្សនា​របស់ប្រជាជនទៅវិញទៅមក ដោយសម្រាលយ៉ាងច្រើន ដូចជា ការអនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់ត្រឹមបណ្ណព្រំដែនក្នុងការឆ្លងកាត់ និង ទស្សនាក្នុងតំបន់។ ក្រៅពី​នេះ គម្រោងវិនិយោគសាធារណៈជាច្រើនរួមមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបានដាក់ចេញ និង អនុវត្តក្នុងតំបន់ត្រីកោណនេះ ដែលរុញឲ្យឦសាន​កម្ពុជាកាន់តែត្រូវបានអភិវឌ្ឍ។ ថ្វីបើចំនួនភ្ញៀវទៅទស្សនាឦសាននៅ​មាន​កម្រិត តែអត្រាកំណើនខ្ពស់រហូតដល់ប្រមាណជាង ៣០% ក្នុងឆ្នាំ២០១១។ តម្រូវ​ការក្នុងស្រុកកើនឡើងខ្លាំង ជាពិសេស ក្រោយការស្ថាបនាផ្លូវជាតិលេខ៧ និង ផ្លូវទៅកាន់ខេត្តមណ្ឌលគិរី ស្ពានឆ្លងទន្លេសេកុង (ខេត្តស្ទឹងត្រែង) ផ្លូវ​តភ្ជាប់​ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី។ កំណើននេះ ពេលខ្លះបង្កការលំបាក និង ចោទជាបញ្ហាស្តីពីការខ្វះសេវាកម្មស្នាក់នៅក្នុងខេត្ត ភូមិភាគឦសាន។

កត្តាអាទិភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍នៅភូមិភាគនេះ គឺ​ការ​បន្តសកម្មឡើងនៃទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការរីករាយ​កម្សាន្ត​ប្រកបដោយការទទួលខុសត្រូវជាមួយធម្មជាតិ និង ការប្រើប្រាស់​ប្រកប​ដោយមនសិការនូវសម្បត្តិវប្បធម៌ និង ធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍ ទេសចរណ៍។ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច តភ្ជាប់គោលដៅទាក់ទាញទេសចរណ៍ ត្រូវបន្តពង្រឹង និង ពង្រីក ដើម្បីតភ្ជាប់ទីជនបទទាំងនេះ ឲ្យទៅជាគោលដៅ​ទេសចរណ៍។ សម្បទាទេសចរណ៍នានា ក្នុងនោះ សេវាកម្មស្នាក់នៅ ដូចជា​សណ្ឋាគារ​ ផ្ទះសំណាក់ ផ្ទះស្នាក់របស់ប្រជាជន ត្រូវរៀបចំ និង បង្កលក្ខណៈ ជូនប្រជាជន ជាពិសេស អ្នករស់នៅក្នុងស្រុក​ដែលទទួលផលពីការរីក​ចម្រើន​នេះ។ ការវិនិយោគទ្រង់ទ្រាយធំត្រូវស្វាគមន៍ ប៉ុន្តែ បើកម្រិតវិនិយោគមធ្យម ឬ តូចគួរត្រូវបានពិចារណា ទុកជូនប្រជាជនសហគមន៍មូលដ្ឋានគ្រប់គ្រង​ និង ប្រតិបត្តិវិញ។

ភូមិភាគឦសានមានប្រព័ន្ធផ្លូវតភ្ជាប់ល្អប្រសើរ ក្នុងនោះ ផ្លូវលេខ៧ លេខ៨ និង លេខ៧៦ និង មានតម្រូវការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីឲ្យតំបន់នេះ មានសមត្ថភាពពេញលេញ ក្នុងការទាក់ទាញទេសចរ​ ទាំង​ជាតិ និង អន្តរជាតិ ជាពិសេស ការប្រែក្លាយជាប៉ូល (មេដែកថ្មីមួយទៀត) មិន គ្រាន់តែកម្ពុជាប៉ុណ្ណោះទេ គឺតំបន់ត្រីកោណទាំងមូល។ ព្រលានយន្តហោះខ្នាត​អន្តរជាតិកម្រិតមធ្យមមួយ ចាំបាច់ត្រូវស្ថាបនាឡើងនៅភូមិភាគឦសាន ជា ពិសេស ក្នុងខេត្តរតនគិរី ដើម្បីបម្រើទាំងការដឹកជញ្ជូន ទេសចរ និង ទាំងការ​ដឹកទំនិញកសិកម្ម និង ផលិតផលរ៉ែ។ ព្រលានយន្តហោះនេះនឹង​ដើរតួនាទី​ជាស្នូលនៃតំបន់ត្រីកោណ ព្រោះថា ខេត្តតំបន់នោះជាច្រើន ទាំងកម្ពុជា ឡាវ និង វៀតណាម ពុំទាន់មានព្រលានយន្តហោះ ជាលក្ខណៈអន្តរជាតិនៅឡើយ។

ភុមិភាគតិច

(រូបថតៈ ភូមិភាគឦសាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី)

វាលយន្តហោះ (លក្ខណៈក្នុងស្រុក) គួរត្រូវពិចារណាសិក្សាក្នុងការ​ស្តារ​ឡើង​វិញ​នៅលើទីតាំងដែលមានស្រាប់ ឬ ទីតាំងថ្មីនៅខេត្តក្រចេះ ខេត្ត​ស្ទឹងត្រែង ឬ ខេត្តមណ្ឌលគិរី ក្នុងនោះ ខេត្តក្រចេះមានអាទិភាពជាង ដោយ​សារភាពទាក់ទាញនៃសត្វផ្សោត និង ការឃ្លាតឆ្ងាយពីខេត្តរតនគិរី ធៀបនឹង ខេត្តពីរទៀត។ វាលយន្តហោះនេះ នឹងប្រើជាលក្ខណៈក្នុងស្រុក​តភ្ជាប់ជាមួយ​រាជធានីភ្នំពេញ ​ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ឬ វាលយន្តហោះខេត្តព្រះវិហារក្នុងថ្ងៃអនាគត។

២.៥-តំបន់ជុំវិញបឹងទន្លេសាប

បឹងទន្លេសាប មិនគ្រាន់តែជាជម្រកត្រីដ៏សម្បូរបែបប៉ុណ្ណោះទេ តែថែម​ទាំងជាតំបន់ដែលផ្តល់នូវផលិតផលទេសចរណ៍ច្រើនយ៉ាងទាំង «វប្បធម៌​ និង ធម្មជាតិ» ជាពិសេស ការតភ្ជាប់ជាមួយតំបន់ទេសចរណ៍អង្គរ និង ភាពសម្បូរ​នៃជីវៈចម្រុះ នៅក្នុងជីវមណ្ឌលនៃបឹងទន្លេសាប។ ទេសចរណ៍ និង ជីវៈចម្រុះ​ផ្សារភ្ជាប់គ្នា និង គាំទ្រគ្នាទៅវិញទៅមក មានន័យថា ការអភិវឌ្ឍទេសចរណ៍ គឺរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង ការស្រឡាញ់ និង ការការពារ​ថែរក្សជីវៈចម្រុះ និង ប្រភពធនធានធម្មជាតិ និង វប្បធម៌។

តំបន់បឹងទន្លេសាប ភ្ជាប់ដោយខេត្តនៅជុំវិញ ដែលមានសក្តានុពល​ទេស​ចរណ៍។ ក្រៅពីតំបន់អង្គរដ៏ល្បីល្បាញ តំបន់នេះ គឺជាតំបន់អេកូទេស​ចរណ៍​ដ៏ធំបំផុត និងជា តំបន់ដែលមានលទ្ធភាពក្នុងការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស ឲ្យទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ។ លទ្ធភាពចម្បង៥ ដែលតំបន់​នេះមាននោះគឺ (១) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរទាំងផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ជាពិសេស ផ្លូវជាតិលេខ៥ និង លេខ៦ ភ្ជាប់រាជធានីភ្នំពេញ​ទៅព្រំដែនប្រទេសថៃ។ (២) ការធ្វើនាវាចរណ៍​និង ការទស្សនាកម្សាន្តតាម​ផ្លូវទឹក ទស្សនាតាមភូមិអ្នកនេសាទ ភូមិបណ្តែតទឹក ព្រៃលិចទឹក តំបន់ជម្រក​សត្វ តំបន់នេសាទ។ល។ ការអភិវឌ្ឍជាប្រភេទនាវា​ទេសចរណ៍កម្រិត​អន្តរជាតិ​សម្រាប់ការ លំហែកម្សាន្តនៅលើផ្ទៃបឹងទន្លេសាប ដែលមានទេសភាពដ៏​ស្រស់​ស្អាត នឹងផ្តល់ជម្រើសថ្មីដល់ទេសចរបន្ថែមទៀត។ (៣) ការរៀបចំសហគមន៍​ទេសចរណ៍ថ្មី ឬ បញ្ចូលសកម្មភាពទេសចរណ៍ទៅក្នុង សហគមន៍នានាដែល​មាន​ស្រាប់ ដើម្បីបង្កើតផលិតផលផង និង ជួយផ្តល់ប្រយោជន៍ជូនប្រជាជន សហគមន៍ផង ដែលផលទេសចរណ៍នេះ នឹងជួយបន្ថែមលើចំណូលដែល​ប្រជាជនធ្លាប់មាន។ (៤) ក្រៅពីខេត្តសៀមរាបដែលបាន និង កំពុងអភិវឌ្ឍ​ទេសចរណ៍យ៉ាងសកម្ម ខេត្តផ្សេងៗទៀត មានសក្តានុពលច្រើន តែការអភិវឌ្ឍ​នៅមានកម្រិតនៅឡើយ ដែលទាមទារការជំរុញអភិវឌ្ឍផលិតផលទេស​ចរណ៍​ថ្មីៗ ឬ មេដែកឆក់ «រណប» របស់តំបន់អង្គរ ក្នុងនោះ រួមមានខេត្តទាំងឡាយ​នៅតាមដងផ្លូវជាតិលេខ៥ ដែលជាផ្នែកដ៏សំខាន់មួយនៃផ្លូវ «អាស៊ាន» តភ្ជាប់​រាជ​ធានីភ្នំពេញ បាងកក និង ក្រុងហូជីមិញ។ ខេត្តបាត់ដំបងជាមេ​ដែកមួយ​នៃតំបន់នេះ ដែលមានសក្តានុពលទាក់ទាញទេសចរណ៍ខ្លាំងណាស់ ដូចជា ប្រាង្គប្រាសាទបុរាណនៅឯកភ្នំ ស្រុកបាណន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ តំបន់ទេសភាពធម្មជាតិ និង ការរៀបចំដូចជានៅបឹងកំពីងពួយ រមណីយដ្ឋានជ្រលងបព្វតា ព្រែកទ័ល។ល។ ខេត្តបាត់ដំបងគឺជាស្នូលនៃ​តំបន់​ក្នុងការតភ្ជាប់ទៅខេត្តផ្សេងៗ ក្នុងនោះ មានខេត្តប៉ៃលិន និង ខេត្តបន្ទាយ​មាន​ជ័យ ដែលជាខេត្តជាប់ព្រំដែនដ៏សំខាន់។ ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នគ្រាន់តែជាខេត្តឆ្លងកាត់របស់ទេសចរ រវាងរាជធានីភ្នំពេញ និង ខេត្ត​បាត់ដំបងប៉ុណ្ណោះ មិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ។ ការពិត ខេត្ត​ទាំងនេះ មានធនធានច្រើនដែលមិនទាន់កែច្នៃឲ្យ ទៅជាផលិតផល​ទេស​ចរណ៍ ក្នុងនោះ រួមមានតំបន់កេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីរបស់​ប្រជាជន ដូចជា ការផលិតក្អម ឆ្នាំង សិប្បកម្មកែច្នៃ វត្ថុអនុស្សាវរីយ៍ធ្វើអំពីថ្ម ឬ វត្ថុធាតុផ្សេងៗ ព្រៃលិចទឹក តំបន់នេសាទ និង សហគមន៍ ប្រជាជននៅតាម​ដងទន្លេ និង បឹងទន្លេសាប និង តំបន់ទេសភាពធម្មជាតិជាច្រើនទៀត ជា​ពិសេស តំបន់ភ្នំក្រវាញ ក្នុងនោះវារីអគ្គិសនីអាតៃនៅខេត្តពោធិ៍សាត់ នឹងក្លាយ​ជាតំបន់អេកូទេសចរណ៍ដ៏មានភាពទាក់ទាញ។ តំបន់ជុំវិញបឹងទន្លេសាបគឺជា​ជង្រុកនៃផលិតផលក្នុងស្រុក ដូចជា អង្ករ បន្លែ ត្រី សាច់ផ្លែឈើ។ល។ ដើម្បី​ផ្គត់ផ្គង់ទេសចរណ៍ ជំនួសការនាំចូលពីបរទេស។ ភាពល្បី និង ពេញនិយម​នៃអង្ករឆ្ងាញ់ (មិនប្រើជីគីមី) នៃខេត្តបាត់ដំបង ក្រូចពោធិ៍សាត់ និង ត្រីស្រស់ៗ​មកពីបឹងទន្លេសាប និង ផលិតផលផ្សេងៗជាច្រើនទៀត បាន និង កំពុង​ស្រូប​ទាញទេសចររាប់លាននាក់មកកាន់តំបន់នេះ ជាពិសេស ទេសចរក្នុងស្រុក រួម​ទាំងជនបរទេសបម្រើការងារនៅកម្ពុជា។

យ៉ាងណាក៏ដោយ ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០២០ និង ទៅ​មុខទៀត តំបន់ជុំវិញបឹងទន្លេសាប ត្រូវបានយកចិត្តទុកដាក់ជំរុញការ​អភិវឌ្ឍ​ទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវគ្រប់ភាគីពាក់ព័ន្ធ​រួមទាំងប្រជាជន។ ការអភិវឌ្ឍត្រូវមានផែនការច្បាស់លាស់ និង អនុវត្តត្រឹមត្រូវ​ជៀស​វាងបច្ច័យអវិជ្ជមាននាថ្ងៃអនាគត។ ក្រសួងទេសចរណ៍សហការជាមួយ​ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និង អន្តរជាតិ ជាពិសេស UNESCO និង ដោយមាន​ការគាំទ្រពីប្រទេសអូស្ត្រាលី បាន និង កំពុងរៀបចំសិក្សាដើម្បីឈានទៅ​កសាង​ផែនការមេ ផែនការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព​ ជុំវិញបឹង​ទន្លេសាប។

ជាយុទ្ធសាស្ត្រតំបន់នេះ ត្រូវបន្ថែមហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន​ទៀត ដើម្បីត្រៀម លក្ខណៈស្របយក និង ទទួលតម្រូវការទេសចរណ៍ដ៏ខ្លាំង​នាពេលដ៏ខ្លីខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមមាន (១) កំពង់ផែទេស​ចរណ៍​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ និង កំពង់ឆ្នាំង (២)ស្ថានីយចំណត ទេសចរណ៍តាមដងផ្លូវជាតិលេខ៥ និង លេខ៦ បន្ថែមលើគម្រោងដែល​កំពុង​សាងសង់នៅខេត្ត​ពោធិ៍សាត់។ ជំហានដំបូងមានការអភិវឌ្ឍស្ថានីយចំណត​តាមដងផ្លូវដែលមានស្រាប់របស់ប្រជាជនឲ្យបានប្រសើរឡើង ទាំងសោភ័ណ​ភាព​ គុណភាព និង អនាម័យ ដើម្បីទទួលទេសចរ។ (៣) ស្តារព្រលានយន្ត​ហោះខេត្តបាត់ដំបងឡើងវិញ និង ឈានទៅដំណើរការជាលក្ខណៈក្នុងស្រុក ដោយភ្ជាប់ការហោះហើរជាមួយរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀម​រាប ខេត្តព្រះវិហារ និង ភូមិភាគឦសាន។ (៤) ការរៀបចំធ្វើឲ្យប្រសើរឡើង​ផ្នែកបរិស្ថានទេសចរណ៍នៅតាមទីក្រុង និង ទីប្រជុំជនក្នុងតំបន់ ជាពិសេស ការរៀបចំប្រព័ន្ធសម្អាតកាកសំណល់រឹង និង រាវក្នុងនោះ ប្រព័ន្ធសម្អាតទឹក​ប្រើប្រាស់រួច ទីក្រុងបាត់ដំបងគួរត្រូវផ្តល់អាទិភាព។

 

បឹងទន្លេសាប

(រូបថតៈ តំបន់ជុំវិញបឹងទន្លេសាប)

២.៦-តំបន់តាមដងទន្លេមេគង្គ និង ទន្លេបាសាក់

តំបន់នេះ ភ្ជាប់ភូមិភាគឦសានត្រង់ខេត្តក្រចេះ មកដល់ព្រំដែនជាមួយ​ប្រទេសវៀតណាម នៃទឹកដីខេត្តស្វាយរៀង និង ខេត្តតាកែវ។ តំបន់នេះ មាន​កម្រិតដង់ស៊ីតេប្រជាជនខ្ពស់ជីវភាពរស់នៅល្អប្រសើរ និង មានប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធរីកចម្រើន។ ការអភិវឌ្ឍទេសចរណ៍ក៏បាន និង កំពុងបោះជំហាន ទៅមុខយ៉ាងសកម្ម ដោយសារតំបន់នេះនៅជាប់ជាមួយរាជធានីភ្នំពេញ ដែល ជាប៉ូលដ៏សំខាន់ ដូចតំបន់ឯទៀតដែរ តំបន់មេគង្គនេះមានសក្តានុពល​ទេស​ចរណ៍ «វប្បធម៌ និង ធម្មជាតិ» ជាច្រើន ដែលមិនទាន់ ត្រូវបានអភិវឌ្ឍ​ដើម្បី​ស្រូបយកផលពីទេសចរណ៍ឲ្យបានពេញលេញនៅឡើយ ដូចជា ប្រាសាទ​បុរាណ និង តំបន់ប្រវត្តិសាស្ត្រនៅខេត្តកំពង់ចាម រួមមាន ប្រាសាទវត្តនគរ ភ្នំហាន់ជ័យ ភ្នំប្រុសភ្នំស្រី តំបន់ ហ្លួងព្រះស្ដេចកន។ល។ ខេត្តតាកែវនៅអង្គរបុរី អតីតរាជធានីទី១នៃអាណាចក្រខ្មែរ ភ្នំជីសូរ ទន្លេបាទី ភ្នំបាយ៉ង់កោ នៅស្រុកគីរី​វង្ស​ ដែលមានប្រវត្តិដ៏យូរលង់ និង ភាពទាក់ទាញផ្នែកអេកូទេសចរណ៍​ផង​ដែរ។ ក្រៅពីនេះ តំបន់នេះនៅមានភាពទាក់ទាញពីវប្បធម៌ប្រពៃណី ប្រវត្តិ​សាស្ត្រ​នៃប្រជាជនដែលភាគច្រើនជាកសិករ និង សហគមន៍ប្រជាជនរស់នៅ​តាមដងទន្លេ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និង ខេត្តតាកែវ ដែលតំបន់នេះ អាចផ្តល់ជូនទេសចរនូវផលិតផលកសិទេសចរណ៍ និង វប្បធម៌នៃការរស់នៅរបស់ប្រជាជន និង តំបន់ប្រវត្តិសាស្រ្តជាច្រើន។

ដងទន្លេមេគង្គ

(រូបភាពៈ តាមដងទន្លេមេគង្គ និងទន្លេសាប)

៣-សន្និដ្ឋាន

ជារូម តំបន់អទិភាពទាំង៦នេះត្រូវបានរៀបចំឡើងដោយ ក្រសួងទេស​ចរណ៍ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ ដែល​បាន​ទទួលឯកភាពពីគណរដ្ឋមន្រ្តី នាសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២។ រយៈពេល៦ឆ្នាំកន្លងមកនេះ តំបន់អទិភាពមួយចំនួនមាន ការប្រែប្រួលតិចតួច និង តំបន់អទិភាពមួយចំនួនមានការប្រែប្រួលខ្លាំង​ដែល​ទាមទារនូវការសិក្សាស្រាវជ្រាវមួយដ៏ច្បាស់លាស់ ដើម្បីស្វែងរកធាតុចូល​ដាក់​ជូនរាជរដ្ឋាភិបាល សម្រាប់ចូលរួមក្នុងការចងក្រងនូវផែនការយុទ្ធសាស្រ្ត​ថ្មី​មួយ ដែលសមស្របទៅតាមលក្ខខណ្ឌសង្គមបច្ចុប្បន្ន។​ តំបន់សៀមរាបអង្គរ និង តំបន់ជុំវិញ ភាពកកកុញនៃកំណើនភ្ញៀវទេសចរទៅទស្សនាតំបន់អង្គរនៅបន្ត​កើន​ឡើងជាលំដាប់ ដែលជាកង្វល់មួយនៃភាពរិចរិលតំបន់បេតិកភណ្ឌពិភព​លោក​មួយ​នេះ។ ការបង្កើតផលិតផលថ្មីៗនៃតំបន់ជុំវិញអង្គរ បន្តអនុវត្តយ៉ាង​សកម្ម ដូចជា ការបង្កើតសហគមន៍ទេសចរណ៍កំពង់ភ្លុក កំពង់ឃ្លាំង ព្រែកទ័ល មេជ្រៃ និង សហគមន៍ទេសចរណ៍បន្ទាយស្រីជាដើម ដែលបានជួយ​សម្រួល​និង ពន្យាពេលនៃការស្នាក់នៅរបស់ទេសចរបានមួយកម្រិតបន្ថែមទៀត។  រាជធានី​ភ្នំពេញ នៅតែជាកង្វល់សម្រាប់ប្រជាពលរដ្ឋ និង ទេសចរអន្តរជាតិ​ទាក់ទង​នឹងបញ្ហាចរាចរណ៍​ និង សម្រាម។ តំបន់ឆ្នេរ ជាពិសេស ខេត្តព្រះសីហនុ ទោះបី​ជាសន្ទុះនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍​ដ៏សម្បូរ​បែប ប៉ុន្តែ បញ្ហាប្រឈមចំពោះមុខជាច្រើន ទាក់ទងនឹងបញ្ហាសេវាស្នាក់នៅ បរិស្ថាន ស្ថាបត្យកម្ម និង កំណើននៃទេសចរជនជាតិចិន គឺជាបញ្ហាដែលត្រូវ​ដោះស្រាយចំពោះមុខ។ ភូមិភាគឦសាន គឺជាតំបន់ដែលសម្បូរទៅ​ដោយ​សម្បត្តិធនធានដ៏សម្បូរបែបលើវិស័យអេកូទេសចរណ៍ ផលិតផលទេសចរណ៍​ថ្មីៗ​ជាច្រើន ត្រូវបានបង្កើតឡើង។​   ដើម្បីគាំទ្រលើវិស័យអេកូទេសចរណ៍នេះ​រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ អេកូទេសចរណ៍​ ឆ្នាំ ២០១៩-២០៣០ អនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ​ នាថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទោះបីជាក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និង វិធានផ្សេងៗទាក់ទងនឹង​ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបភាពប្រកួតប្រជែង និង បរិយាប័ន្នយ៉ាងណាក្តី ក៏របាយការណ៍ដែលចេញដោយធនាគារពិភព​លោកកាលពីឆ្នាំ២០១៧​ បានឱ្យដឹងថា ការប្រកួតប្រជែងផ្នែកការធ្វើដំណើរ និង ទេសចរណ៍របស់ប្រទេសកម្ពុជា នៅមានកម្រិតទាបនៅឡើយ។ ថ្វីបើប្រទេស​កម្ពុជាបានឈានឡើង៤លេខ ក្នុងឆ្នាំ២០១៧ក្តី ប៉ុន្តែ កម្ពុជានៅតែជាប់ចំណាត់​ថ្នាក់ទី១០១ ក្នុងចំណោមប្រទេស១៣៦ នៅទូទាំងសាកលលោក។ កត្តាជំរុញ​ចម្បង ដែលជាមូលដ្ឋាននៃភាពប្រកួតប្រជែងវិស័យការធ្វើដំណើរ និង ទេស​ចរណ៍របស់កម្ពុជា គឺគោលនយោបាយ និង យុទ្ធសាស្រ្តជាទូទៅរបស់អាជ្ញាធរ។ គោលនយោបាយ និង យុទ្ធសាស្រ្តទាំងអស់នោះ រួមមានដូចជា ចាត់​អទិភាព​វិស័យទេសចរណ៍ និង ធ្វើដំណើរ (ចំណាត់ថ្នាក់ទី២៩) តម្លៃមានលក្ខណៈ​ប្រកួតប្រជែង (ទី៥១) ភាពបើកចំហជាអន្តរជាតិ (ទី៥៨) ធនធានធម្មជាតិ (ទី៦២) និង ធនធានវប្បធម៌ ​(ទី៧៦)។ ទោះបីយ៉ាងណាក្តី លទ្ធផលរបស់​កម្ពុជានៅមានភាពយឺតយ៉ាវ ផ្នែកនិរន្តភាពបរិស្ថាន (ទី១៣០) បរិស្ថានអជីវកម្ម (ទី១២៥) ធនធានមនុស្ស និង ទីផ្សារការងារ (ទី១១០) សុខភាព និង អនាម័យ (ទី១០៩) ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក (ទី១០៨) និង ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ (ទី១០២)។ ការប្រៀបធៀបភាពប្រកួតប្រជែងការធ្វើដំណើរ និង ទេស​ចរណ៍​នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់ ចង្អុលបង្ហាញឱ្យឃើញថា ប្រទេស​កម្ពុជា​ដើរក្រោយប្រទេសជាមិត្តរបស់ខ្លួន ថ្វីបើកម្ពុជាមានធនធាន​ធម្មជាតិ និង វប្បធម៌ទុនក្តី។ ថ្វីបើទាក់ទងជាមួយធនធានធម្មជាតិ និង វប្បធម៌ ប្រទេស​កម្ពុជាគឺជាប្រទេសទីពីរប៉ុណ្ណោះ បន្ទាប់ពីប្រទេសវៀតណាមក្តី ប៉ុន្តែ ភាព​ប្រកួត​ប្រជែងផ្នែកទេសចរណ៍ជាទូទៅរបស់ប្រទេសកម្ពុជា ជាប់លំដាប់លេខ១០១ នៅ​ពីក្រោយសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ដែលជាប់ចំណាត់ថ្នាក់លេខ៩៤ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៦៧ និង ប្រទេសថៃជាប់ចំណាត់​ថ្នាក់​លេខ៣៤។

គន្ថនិទ្ទេស

១-     រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍២០១២-២០២០

២-     រាជរដ្ឋាភិបាល គោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០

៣-    ធនាគារពិភពលលោក បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា «កម្ពុជា​បោះជំហាន​ឈាន​​ឡើង​តាម​សង្វាក់តម្លៃនៃ

          កម្មន្តសាល» (ខែតុលា ឆ្នាំ២០១៧)

Leave a Reply

Your email address will not be published.