ទំព័រដើម » រចនាសម្ពន្ធគ្រប់គ្រង » ផ្នែកវិទ្យាសាស្រ្តអប់រំ » គុណភាពឧត្តមសិក្សាក្នុងពេល​អនាគត

គុណភាពឧត្តមសិក្សាក្នុងពេល​អនាគត

គុណភាពឧត្តមសិក្សាក្នុងពេល​អនាគត

គុណភាពឧត្តមសិក្សាក្នុងពេលអនាគត

(QUALITY OF HIGHER EDUCATION IN THE FUTURE)

 

ដោយឯកឧត្តម អ៊ុំ ប៉ុម
(បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ)
ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា

 

១-សេចក្តីផ្ដើម

តាមទ្រឹស្ដីនៃការអនុវត្តក្នុងវិស័យអប់រំនៅឧត្តមសិក្សា គេបានចាត់ទុក​គុណភាពថាជាមូលដ្ឋានគ្រឹះមួយ ក្នុងចំណោមមូលដ្ឋានគ្រឹះទាំង១០ នៃចក្ខុ វិស័យជាសកលរបស់ឧត្តមសិក្សានៅក្នុងសតវត្សរ៍ទី២១[1] ហើយកំពុង​ក្លាយទៅ ជា​តម្រូវការចាំបាច់ និង ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់​បំផុត​ពីស្ថាប័ន នេះថែមទៀត។

ទាក់ទងទៅនឹងបញ្ហាគុណភាព មានសំណួរមួយបានចោទសួរថា តើ​សកលវិទ្យាល័យត្រូវរៀបចំខ្លួនបែបណា ដើម្បីទទួលបានគុណភាព? ចម្លើយ​អាចឆ្លើយបានថា ដើម្បីទទួលបានគុណភាពត្រូវមានប្រព័ន្ធមួយ ដើម្បីធានា​នូវ​គុណភាព។ ប្រព័ន្ធនោះជាមធ្យោបាយរបស់ស្ថាប័ន ដើម្បីធានាអះអាងចំពោះ​ខ្លួនឯងផ្ទាល់ ក៏ដូចជាចំពោះស្ថាប័នដទៃទៀត ឬក៏ ចំពោះនិស្សិតដែលចូល​មក​សិក្សា ឲ្យទទួលបាននូវស្តង់ដារមួយ ដែលសកលវិទ្យាល័យនោះបានកំណត់។ ម្យ៉ាងទៀត គុណភាពក៏ត្រូវផ្សារភ្ជាប់ផងដែរជាមួយនឹងអ្វីដែលជាភាពត្រឹម ត្រូវរបស់សង្គម។ ភាពត្រឹមត្រូវរបស់សង្គមស្ដែងឡើងនៅត្រង់ចំណុចដែលថា សង្គមនោះបានរកឃើញនូវដំណោះស្រាយចំពោះតម្រូវការ ក៏ដូចជា បញ្ហា​ទាំងឡាយដែលកើតមានឡើងនៅក្នុងសង្គមនោះ តួយ៉ាងដូចជា បញ្ហាដែល​ទាក់ទងទៅនឹងវប្បធម៌សន្តិភាព[2] (Culture of Peace) និង បញ្ហានៃការអភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាព (Sustainable Development) ជាដើម។ ជាចុងក្រោយ គេគប្បីយល់ថា គុណភាពមិនមែនប្រមូលផ្ដុំគិតគូរ ទៅលើគុណភាពនៃ​ផលិត​ផលតែម្យ៉ាងនោះទេ ប៉ុន្តែ ត្រូវប្រមូលផ្ដុំគិតគូរបន្ថែមទៀតទៅលើគុណភាព​នៃ​ដំណើរប្រព្រឹត្តទៅរបស់ប្រព័ន្ធមួយ ដែលបំពេញសកម្មភាពដើម្បីនាំទៅដល់​ភាព​ត្រឹមត្រូវសម្រាប់សង្គម។

គុណភាពរបស់ឧត្តមសិក្សា ត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌ​ទាំងឡាយ​រួមមាន៖ គុណភាពបុគ្គលិក គុណភាពកម្មវិធីសិក្សា គុណភាព​និស្សិត ហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន ក៏ដូចជាគុណភាពនៃការវាយតម្លៃ​ និង ការធ្វើនិយ័តកម្មមានលក្ខណៈជាប្រព័ន្ធរបស់សកលវិទ្យាល័យ។

២-កត្តាទាំងឡាយដែលញ៉ាំងឲ្យឧត្តមសិក្សាទទូលបាននូវគុណភាព

ដើម្បីទទួលបាននូវគុណភាព ឧត្តមសិក្សាត្រូវប្រមូលផ្ដុំគិតគូរទៅ​លើ​កត្តា​មួយ​ចំនួន​ដូចជា៖

២.១- គុណភាពរបស់បុគ្គលិក (Quality of Staff)

ក្នុងពិភពការងារ គេតែងតែនិយាយពីគុណភាព ដោយផ្សារភ្ជាប់​ជា​សំខាន់ទៅនឹងមូលធនមនុស្ស។ មូលធនមនុស្សដ៏ប្រសើរ ញ៉ាំងឲ្យឧត្តមសិក្សា​ក្លាយ​ទៅជាអង្គភាពដ៏ពិតប្រាកដ​មួយ ទាំងក្នុងការបង្ហាត់បង្រៀន ស្រាវជ្រាវ ក៏ដូចជាសេវាកម្ម។ លើសពី​នេះ​ទៅទៀត ចំពោះមូលធនមនុស្សដែល​ជាអ្នក​ស្រាវជ្រាវ និង បង្ហាត់បង្រៀន ចាំបាច់ត្រូវមានទាំងសមត្ថភាព ឆន្ទៈ និង សីលធម៌ (Ethic) ស្របទៅតាម​តម្រូវការដែលចង់បានគុណភាព ដើម្បីឈាន​ទៅ​សម្រេចនូវភាពត្រឹមត្រូវ​មួយ​ចំពោះសង្គម។ ដោយឡែក គុណភាពរបស់​ឧត្តម​សិក្សាក៏ត្រូវ មានគោល​នយោ​បាយមួយសមស្រប ដើម្បីធានាខុសត្រូវ ដូចជា នយោបាយជ្រើសរើសបុគ្គលិក ដោយផ្អែកលើគោលការណ៍ «ស័ក្តិសមនឹង​ទទួល» នយោបាយបណ្ដុះបណ្ដាល​បន្ត ​និង ពង្រឹងបន្ថែមជាប់​ជាប្រចាំលើ​ផ្នែក​គរុកោសល្យ និង បច្ចេកវិជ្ជាទំនើប នយោបាយលុបបំបាត់ចោលនូវវិសមតា (Imbalance) រវាងការបង្ហាត់បង្រៀន និង ការស្រាវជ្រាវ នយោបាយមិន​រើស​អើងភេទ ក៏ដូចជា នយោបាយ​លើក​ទឹកចិត្ត​ចំពោះស្ត្រីភេទ។ ប៉ុន្តែ ទោះជាយ៉ាង​ណាក៏ដោយ គេក៏នៅតែសង្កេត​ឃើញ​មានបញ្ហាប្រឈមមួយចំនួន នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍ ទៅលើការងារ​ស្រាវជ្រាវ និង ការបង្ហាត់បង្រៀន​ដែរ។ ជាក់ស្ដែងបន្ទុកនៃការបង្ហាត់បង្រៀន និង ការស្រាវជ្រាវ មិនអាចប្រព្រឹត្ត​ទៅ​ប្រកបដោយគុណភាពបាននៅឡើយទេ អាស្រ័យដោយការផ្ដល់ធនធានរបស់​រដ្ឋនៅមានកម្រិត។ រីឯលក្ខន្តិកៈនៃអ្នក​ស្រាវជ្រាវ ពិសោធន៍ក៏នៅខ្វះចន្លោះ​ច្រើន លើកលែងតែអ្នកស្រាវជ្រាវ ដែល​មានទំនាក់ទំនងជាមួយខាងក្រៅប៉ុណ្ណោះ។ ផ្ទុយទៅវិញ ចំពោះប្រទេសអភិវឌ្ឍ (Developed country) ការងារស្រាវជ្រាវត្រូវ​បានគេចាត់ទុកថាជាមុខរបរ​មួយ​ ដែលផ្ដល់ផលប្រយោជន៍ច្រើនជាងការ​បង្ហាត់​បង្រៀនទៅទៀត ម្ល៉ោះហើយ​ ក៏​មានការប្រមូលផ្ដុំវិនិយោគទុន​ដ៏ច្រើនសន្ធឹក​សន្ធាប់​ចំពោះវិស័យនេះ ជាហេតុ​ញ៉ាំងឲ្យសកលវិទ្យាល័យល្បីៗមួយចំនួន អាច​បំពេញបាននូវតួនាទីជាស្ថាប័នស្រាវជ្រាវពិតប្រាកដ ដើម្បីជួយរដ្ឋាភិបាលក្នុង​ការអភិវឌ្ឍប្រទេស។

២.២-គុណភាពរបស់កម្មវិធី

អាស្រ័យដោយឥទ្ធិពលកៀបសង្កត់ពីកត្តាជាច្រើន ដូចជា តម្រូវការ​ចាំបាច់នៃចំណេះដឹងទៅលើផ្នែកណាមួយរបស់សង្គម ការកើតឡើង​នូវមុខវិជ្ជា​ថ្មី ភាពចាំបាច់ដែលតម្រូវឲ្យទទួលយកការប្រើប្រាស់នូវមុខវិជ្ជាជាច្រើន​ដើម្បី ស្វែងយល់ទៅលើធម្មជាតិ និង សង្គម ការធ្វើឲ្យទៅជាលក្ខណៈតំបន់​នូវការ​បង្ហាត់បង្រៀន ឆន្ទៈទទួលខុសត្រូវដ៏ធំរបស់សង្គម ក្នុងពិភពដែលប្រកប​ដោយ​ការប្រែប្រួល បានទាមទារឲ្យឧត្តមសិក្សាផ្លាស់ប្តូរនូវដំណើរប្រព្រឹត្តទៅនៃកម្ម​វិធី​សិក្សារបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវជំហានបីជាមូលដ្ឋាន នោះគឺ គោលដៅ, វិធីសាស្ត្រ, និង អន្តររចនាសម្ព័ន្ធ។

ក- គោលដៅនៃកម្មវិធីសិក្សា

គោលដៅនៃកម្មវិធីសិក្សាប្រកបដោយគុណភាព មានន័យថា ជាកម្មវិធី​ទាក់ទងដល់ការរៀបចំកម្មវិធីសិក្សាមួយ ដែលមានទិសដៅច្បាស់លាស់ ឆ្ពោះ​ទៅ​រកការអប់រំបណ្ដុះបណ្ដាលជាមូលដ្ឋាន បានន័យថា ជាការអប់រំ បណ្ដុះ​បណ្តាលមួយ ដែលធ្វើឲ្យនិស្សិតមានសមត្ថភាពប្រមូលផ្ដុំនូវចំណេះដឹង​របស់​ខ្លួន ប្រកបដោយភាពប៉ិនប្រសប់ដើម្បី ៖

            -វិភាគចំពោះស្ថានការណ៍ដ៏ស្មុគស្មាញទាំងឡាយ

            -ដោះស្រាយនូវបញ្ហាដែលកើតឡើង

            -ចាប់យកនូវកិច្ចសហការ

            -មានលទ្ធភាពផ្ទៀងផ្ទាត់បានត្រឹមត្រូវ

            -មានលទ្ធភាពអាចគិតប្រមាណទុកជាមុន

            -បង្កើននូវការទទួលខុសត្រូវដ៏ម៉ឺងម៉ាត់ចំពោះកិច្ចអភិវឌ្ឍន៍យូរអង្វែង​ក៏ដូចជាចំពោះវប្បធម៌សន្តិភាព។ ទន្ទឹមនឹងនេះ ការបណ្ដុះបណ្ដាលនោះគប្បី​ចាក់ឫសចូលជ្រៅទៅក្នុងបរិបទពិតនៃជីវិត ពោលគឺ ពុំមែនគ្រាន់តែជាលំហាត់​ធម្មតាមួយដែលលើកឡើងដោយគ្មានន័យ និង មិនអាចផ្ទេរចេញបាន​នោះ​ឡើយ។

ខ-គុណភាពខាងវិធីសាស្ត្រ

កម្មវិធីសិក្សាមួយដែលចាត់ទុកថាមានគុណភាពខាងវិធីសាស្ត្រ គឺជា កម្មវិធីសិក្សាមួយ ដែលបានឆ្លងកាត់លក្ខខណ្ឌនៃគុណភាពផ្នែកគរុកោសល្យ។ ដូច្នេះ ត្រូវប្រមូលផ្ដុំធនធានដ៏ច្រើនដើម្បីមានលទ្ធភាពប្រើប្រាស់នូវបច្ចេកវិជ្ជា​ថ្មីៗ ដើម្បីឲ្យនិស្សិតមានទម្លាប់ចូលជ្រៅទៅក្នុងការគ្រប់គ្រង ការរៀនសូត្រ​ដោយ​​ខ្លួនឯង ក៏ដូចជា មានលទ្ធភាពដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ជាមួយ​និស្សិត​ស្ថិតនៅឆ្ងាយពីប្រទេសដែលពួកគេកំពុងរស់នៅ។

គ- អន្តររចនាសម្ព័នកម្មវិធី

កម្មវិធីសិក្សាមួយមានលក្ខណៈជាអន្តររចនាសម្ព័ន្ធ ជាកម្មវិធីសិក្សា​ដែល​មានទំនាក់ទំនងប្រទាក់ក្រឡាគ្នាដូចសំណាញ់ បង្កើតបានជា​បណ្ដាញ​ទំនាក់ទំនង។ គេអាចហៅម្យ៉ាងទៀតថា ជាបណ្ដាញទំនាក់ទំនងនៃកម្មវិធី​សិក្សា​ក្នុង​ក្របខណ្ឌ «អន្តរជាតិនីយកម្ម» ដ៏ទូលំទូលាយ ដោយពុំមែនជាកម្មវិធី​សិក្សា​មួយបិទជិត ដាច់តែឯង ប៉ុន្តែ ជាកម្មវិធីសិក្សាដែលបានផ្សារភ្ជាប់ទៅនឹង​កម្មវិធី​សិក្សារបស់សកលវិទ្យាល័យដទៃទៀត ក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ ដើម្បី​ធានានូវការបើកទូលាយកាន់តែធំធេងថែមទៀតទៅលើការអប់រំ បណ្ដុះ​បណ្ដាល​គ្រប់ដំណាក់កាលនៃជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងនេះ ក៏គប្បីខិតខំ​បង្កើតផងដែរនូវបណ្ដាញផ្លាស់ប្តូរនិស្សិត និង សាស្ត្រាចារ្យ ដើម្បីមានលទ្ធភាព​ទទួលយកនូវបទពិសោធន៍ថ្មីៗ ទាក់ទងដល់ការរៀបចំកម្មវិធីសិក្សាមួយបាន​ច្បាស់លាស់ និង មានលក្ខណៈជាសាកលសម្រាប់និស្សិត។

២.៣- គុណភាពនិស្សិត

អាស្រ័យដោយនិស្សិតជាវត្ថុធាតុដើម ហើយក៏ជាលក្ខខណ្ឌទីមួយនៃ​គុណភាពរបស់ឧត្តមសិក្សា ដូច្នេះ គុណភាពនិស្សិត ត្រូវអនុវត្តទៅតាម​គោល​ការណ៍ «សក្តិសមនឹងទទួល» ដោយប្រមូលផ្ដុំគិតគូរទៅរកជ្រុងមួយនៃសមត្ថ​ភាព​របស់និស្សិតជាចម្បង សម្រាប់ធ្វើជាលក្ខខណ្ឌនៃការចូលទៅសិក្សារៀន​សូត្រ​នៅឧត្តមសិក្សា។ មួយវិញទៀត ដើម្បីធានាបាននូវគុណភាពនិស្សិត កិច្ច​សហប្រតិបត្តិការរវាងឧត្តមសិក្សា និង មធ្យមសិក្សា គឺជាការចាំបាច់​ដើម្បី​ធ្វើឲ្យ​សមត្ថភាពនិស្សិតកាន់តែបានល្អប្រសើរឡើង ហើយអាចមានលទ្ធភាព​បន្តការ​សិក្សារបស់ខ្លួននៅឧត្តមសិក្សា។

គុណភាពនិស្សិត ក៏ទាមទារផងដែរឲ្យមានការចូលរួមដោយផ្ទាល់​របស់​និស្សិត ទៅក្នុងជីវភាពរស់នៅរបស់សង្គម និង ការគ្រប់គ្រងស្ថាប័ន ដើម្បីខ្លួនគេ​ម្នាក់ៗមានលទ្ធភាពពង្រីកនូវស្មារតីសហគ្រាស, ការទទួលខុសត្រូវ ក៏ដូចជា ស្មារតីសាមគ្គីភាព។

២.៤-គុណភាពហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន

គុណភាពបង្ហាត់បង្រៀន និង គុណភាពស្រាវជ្រាវ ទាមទារនូវ​ហេដ្ឋា​រចនាសម្ព័ន្ធ សម្ភារៈគ្រប់គ្រាន់ និង សមស្របទៅតាមតម្រូវការ។ ប៉ុន្តែ ទន្ទឹម នឹងនេះ ក៏ទាមទារផងដែរនូវការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់ គ្រងកម្រិតខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ ត្រូវផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ​បណ្ដាញ​​ផ្នែក​បច្ចេកវិជ្ជាព័ត៌មាន និង ទូរគមនាគមន៍ ពីព្រោះការអភិវឌ្ឍផ្នែកនេះ​ អាច​ធ្វើឲ្យមានការប្រែប្រួលក្នុងវិធីសាស្ត្ររៀនសូត្រ ក៏ដូចជា ទំនាក់ ទំនងរវាង​សាស្ត្រា​ចារ្យ និង និស្សិត ឬ រវាងនិស្សិត និង និស្សិត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី​ក៏គេមិនអាចកាត់ផ្ដាច់បាន នូវការជួបប្រាស្រ័យទាក់ទង​គ្នាដោយផ្ទាល់នោះ​បាន​ដែរ។ គួរកត់សម្គាល់តទៅទៀតថា សកលវិទ្យាល័យពុំមែន ជាដែនកោះមួយ​បិទជិត ពឹងផ្អែកទៅលើខ្លួនឯងតែម្យ៉ាងនោះទេ ប៉ុន្តែ ក៏ត្រូវការដូចគ្នានូវអន្តរកម្ម​រវាងបរិស្ថានខាងក្នុង និង បរិស្ថានខាងក្រៅ។ ដូច្នេះ ការស្វែងរកដៃគូ​នៅ​ខាងក្រៅ ត្រូវតែតម្រង់ទិសឆ្ពោះទៅរកការសិក្សាស្រាវជ្រាវទៅវិញទៅមកលើ​ផ្នែក​គុណភាព ដើម្បីធ្វើដំណើរឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មួយ ក្នុងកម្រិតដ៏ល្អ​ប្រសើរ រវាងសកលវិទ្យាល័យ និង សកលវិទ្យាល័យ។

២.៥-គុណភាពនៃការវាយតម្លៃ និង ការធ្វើនិយ័តកម្ម

ក- ការវាយតម្លៃ (Evaluation)

ការវាយតម្លៃត្រូវបានចាត់ទុកថា ជាវប្បធម៌មួយរបស់ឧត្តមសិក្សា។ វប្បធម៌នេះ បានផ្សារភ្ជាប់ទៅនឹងគំនិតជាច្រើនរួមមាន គំនិតស្ដីពីគុណភាព ការ​ធានាបាននូវគុណភាព ក៏ដូចជា គំនិតស្ដីពីការត្រួតពិនិត្យគុណភាព។ តើការ​វាយតម្លៃខុសគ្នាពីការត្រួតពិនិត្យដែរឬទេ ហើយខុសគ្នាយ៉ាងដូចម្តេច?

  • ការវាយតម្លៃមានលក្ខណៈខុសគ្នាពីការត្រួតពិនិត្យ។ ភាពខុសគ្នានោះ ស្ថិតនៅត្រង់ថា ការត្រួតពិនិត្យជាទិដ្ឋភាពមួយនៅនឹងថ្កល់ បិទជិត និង មាន លក្ខណៈជាការដាក់ទណ្ឌកម្ម ហើយក៏ជាការវិនិច្ឆ័យទៅលើមនុស្សម្នាក់ៗ​ផង​ដែរ។
  • ការវាយតម្លៃមិនមែនជាការត្រួតពិនិត្យទេ។ ការវាយតម្លៃផ្អែកទៅលើ​សកម្មភាព និង លទ្ធផលអនុវត្ត ហើយឆ្លងតាមសកម្មភាព និង លទ្ធផល​ទាំង​នោះ គេអាចរិះរកវិធានការដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង និង មានភាព​ត្រឹម​ត្រូវ​ជាងមុន។
  • ការវាយតម្លៃត្រូវបានរៀបចំឡើង និង ពង្រឹងនៅគ្រប់កម្រិតនៃស្ថាប័ន តាំងពីកម្រិតនិស្សិត រហូតដល់អាជ្ញាធរគ្រប់គ្រង ឆ្លងតាមរយៈគ្រូបង្ហាត់បង្រៀន និង អ្នកស្រាវជ្រាវ។

ខ-និយ័តកម្ម (Regulation)

និយ័តកម្មគឺជាវប្បធម៌មួយទៀតរប​ស់ឧត្តមសិក្សា។ និយ័តកម្មជាការ​​ស្រាវជ្រាវដោយចូលរួមផ្ទាល់ ប្រកបដោយសាមគ្គីភាពរឹងមាំ ឈរលើមូលដ្ឋាន​នៃការទទួលព័ត៌មានបានត្រឹមត្រូវ ពីយុទ្ធសាស្ត្រដែលបានដាក់ចុះ ដើម្បីធ្វើការ​កែលម្អនូវសកម្មភាពអនុវត្តឲ្យមានប្រសិទ្ធភាព ឬ កែតម្រូវឡើងវិញចំពោះ​អ្វី​ដែលជាគោលដៅអភិវឌ្ឍ។ វប្បធម៌និយ័តកម្ម ទាមទារឲ្យមានការបង្កើត​នូវ​លំហ​ទំនាក់ទំនងផ្នែកទូរគមនាគមន៍របស់ស្ថាប័ននីមួយៗ​ ដោយមានការចូល​រួមពីតួសម្ដែងដែលជាប់ពាក់ព័ន្ធទាំងអស់។ គេអាចហៅការវាយតម្លៃ និង ការធ្វើ និយ័តកម្មបានម្យ៉ាងទៀតថា «តុល្យការ» ហើយជាទូទៅគេចាត់ទុកការបង្រួម​ចូលគ្នា​នូវការអនុវត្តរវាងតុល្យការ និង វប្បធម៌ស្វ័យភាព ប្រកបដោយការ​ទទួល​ខុសត្រូវ ថាជាគោលការណ៍ចម្បងមួយរបស់ស្ថាប័នឧត្តមសិក្សា នា សតវត្សរ៍ទី២១យើងនេះ។

៣-សេចក្ដីសន្និដ្ឋាន

សរុបសេចក្ដីមក គុណភាពត្រូវបានគេចាត់ទុកថា ជាតម្រូវការរួម ជាការ​យកចិត្តទុកដាក់ដ៏សំខាន់ ចាំបាច់ ហើយក៏ជាមូលដ្ឋានគ្រឹះមួយ​ ក្នុងចំណោម​មូលដ្ឋានគ្រឹះទាំង១០ នៃចក្ខុវិស័យជាសកលរបស់ឧត្តមសិក្សា ក្នុងសតវត្សរ៍ទី​២១​យើងនេះ។ ព្រមជាមួយនេះ ភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា ដើម្បី​បានជាគុណភាពពិតប្រាកដ គុណភាពនោះ គប្បីផ្សារភ្ជាប់ទៅនឹងកត្តា​ជា​លក្ខខណ្ឌទាំងឡាយរួមមាន បុគ្គលិក, កម្មវិធីសិក្សា, និស្សិត, ​ហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន ព្រមទាំងការវាយតម្លៃ និង ការធ្វើនិយ័តកម្ម ដែលមានលក្ខណៈ​ជាប្រព័ន្ធរបស់ឧត្តមសិក្សា។ ដោយឡែក នៅក្នុងប្រទេសកំពុងអភិវឌ្ឍ (Developing Country) បញ្ហាគុណភាព ហាក់ដូចជាស្ថិតឆ្ងាយពីបំណងប្រាថ្នារបស់​ឧត្តម​សិក្សា​នៅឡើយ អាស្រ័យដោយភាពខ្សត់ខ្សោយនៃទុនវិនិយោគរបស់​រដ្ឋាភិបាល ទៅលើមូលដ្ឋានគ្រឹះដ៏សំខាន់មួយនេះ។ ម្យ៉ាងទៀត កត្តាជាលក្ខខណ្ឌគុណភាព​របស់ឧត្តមសិក្សានៃប្រទេសមួយ គប្បីផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌ​គុណ​ភាព​របស់ឧត្តមសិក្សានៃប្រទេសមួយផ្សេងទៀត ទាំងក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ។ ម្ល៉ោះហើយ ការស្វែងរកដៃគូដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទៅវិញទៅមកអំពីគុណភាព គឺជាប្រការមិនអាចខ្វះបាន​របស់សកល​វិទ្យាល័យ​នីមួយៗ ដើម្បីអភិវឌ្ឍខ្លួន ឈានឆ្ពោះទៅរកគោលដៅច្បាស់លាស់ និង ពិត​ប្រាកដ​មួយសម្រាប់បម្រើចំពោះភាពត្រឹមត្រូវរបស់សង្គម។

គន្ថនិទ្ទេស

១-   L’ enseignement Supérieur au XXIe siècle Visons et action, UNESCO Paris 1998.

២-  Promouvoir une culture de la paix, UNESCO Paris 1998.

ប្រវត្តិរូបសង្ខេប

IMG_20181218_0001

១-ប្រវត្តិផ្ទាល់ខ្លួន

ឯកឧត្តម អ៊ុំប៉ុម (OUM Pom) កើតថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៥១ នៅ​ភូមិ​ព្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នលោកជាទីប្រឹក្សា​រាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ មានអាសយដ្ឋាន​ លេខ ៩០២ ភូមិត្នោតជ្រុង សង្កាត់បឹងទំពុះ២ ខ័ណ្ឌ​មានជ័យ ​រាជធានីភ្នំពេញ ទូរសព្ទ័ ទំនាក់ទំនងលេខ៖ ០៩៧-៩៤០-០០០០

​​​​​​​​​២-ប្រវត្តិការសិក្សា៖

ឆ្នាំ១៩៧០ សិក្សានៅវិទ្យាល័យទេពប្រណម្យ និង វិទ្យាល័យតាខ្មៅ។ ឆ្នាំ ១៩៧១-១៩៧៥ សិក្សានៅមហាវិទ្យាល័យពេទ្យ។ ឆ្នាំ ១៩៩២-៩៣ និស្សិត​ថ្នាក់​ឧត្តមផ្នែកទស្សនវិជ្ជា។​ ឆ្នាំ២០០០-២០០១ និស្សិតថ្នាក់បរិញ្ញាបត្រ័ជាន់ខ្ពស់​ជំនាន់​​ទី១ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ឆ្នាំ២០០៨-២០១១ សិក្សាថ្នាក់បណ្ឌិត​វត្តទី២​ ផ្នែកគ្រប់គ្រងសាធារណៈនៅរាជបណ្ឌិត្យសភាកម្ពុជា។ សញ្ញាបត្រដែល​ទទួលបានរួមមាន៖

            -សញ្ញាបត្រ័មធ្យមសិក្សាភាគទី២ (Bac.II)

            -សញ្ញាបត្រ័គ្រូមធ្យមសិក្សាកំរិតII

            -សញ្ញាបត្រ័ឌីប្លូមបញ្ចប់ការសិក្សាភាសាបារាំង

            -វិញ្ញាបនបត្រ័( Carlificalia)សង្គមវិជ្ជា

            -បរិញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ

            -សញ្ញាបត្រ័បណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ

៣-ប្រវត្តិការងារ៖

ឆ្នាំ១៩៧៩-១៩៩២ ជាប្រធានផ្នែកអប់រំសិក្សា នាយករងអចិន្ត្រៃយ៍​នៃ​សាលានយោបាយមជ្ឈឹម។ ឆ្នាំ១៩៩២-២០០០ ប្រធានគណៈគ្រប់គ្រង​សកល​វិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌលII។ ឆ្នាំ២០០១-២០១៦ សាស្រ្តចារ្យផ្នែកវិទ្យា​សាស្រ្ត​​នយោបាយ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ២០០៤-២០០៧ ប្រធាន​ផ្នែកទស្សនវិជ្ជា និង សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រ​សង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាមានឋានៈស្មើប្រធាននាយកដ្ឋាន។ ឆ្នាំ២០០៧-២០១០ ជាអគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជាមានឋានៈស្មើអគ្គនាយក។ ឆ្នាំ២០១០-២០១៤ ជាអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាមានឋានៈស្មើរ​ដ្ឋ​លេខាធិការ។ ឆ្នាំ២០១៤-បច្ចុប្បន្ន ជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា មានឋានៈ​ស្មើ​រដ្ឋលេខាធិការ ជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជា អនុប្រធាន​គណៈ​កម្មការ​វិទ្យាសាស្រ្តនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។

[1] មូលដ្ឋានគ្រឹះទាំង១០រួមមាន៖ ការចូលឧត្តមសិក្សា, រូបភាព និង តម្រូវការអប់រំ, ការអប់រំ និង បណ្ដុះ​បណ្តាល, មុខងារភ្ញាក់រលឹក, សីលធម៌តម្រង់ទិស, ការអភិវឌ្ឍវប្បធម៌សន្តិភាព, ការកសាងបណ្ដាញ​ទាក់ទង​គ្នា, ស្វ័យភាព និង តម្លាភាព, ស្តង់ដារគុណភាព, ការប្រមូលផ្ដុំស្នាដៃ។

[2] កម្មវិធីអប់រំស្ដីពីវប្បធម៌សន្តិភាពរបស់អង្គការយូណេស្កូ រួមមាន៖ ការអប់រំពីសិទ្ធិមនុស្ស, លទ្ធិប្រជាធិប​តេយ្យ, អភិបាលកិច្ចល្អ, ការយោគយល់គ្នាជាអន្តរជាតិ, ទំនាក់ទំនងអន្តរវប្បធម៌, សេរីភាព សាមគ្គីភាព និង ការអត់ឱន, សន្តិភាព សន្តិសុខ និង ការកាត់បន្ថយសព្វាវុធ, ការអភិវឌ្ឍ និង ការលុបបំបាត់ភាពក្រីក្រ។

Comments (1)

  1. Like!! Thank you for publishing this awesome article.

Leave a Reply

Your email address will not be published.